km:tipitaka:sut:kn:apd:sut.kn.apd.58.07

មហាបជាបតិគោតមីថេរិយាបទាន ទី៧

សង្ខេប

(?)

sut kn apd 58 07 បាលី cs-km: sut.kn.apd.58.07 អដ្ឋកថា: sut.kn.apd.58.07_att PTS: ?

មហាបជាបតិគោតមីថេរិយាបទាន ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៧. មហាបជាបតិគោតមីថេរីអបទានំ)

[១៧] ក្នុងសម័យមួយ ព្រះសម្ពុទ្ធជាប្រទីបនៃលោក ព្រះអង្គជាសារថី ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់គង់នៅក្នុងកូដាគារសាសា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ កាលនោះ ភិក្ខុនីឈ្មោះមហាបជាបតិគោតមី ជាព្រះមាតុច្ឆានៃព្រះជិនស្រី នៅក្នុងសំណាក់ភិក្ខុនី ជិតបុរីជាទីរីករាយនោះឯង។ ព្រះនាងមហាបជាបតិគោតមីភិក្ខុនី នៅក្នុងទីស្ងាត់ជាមួយនឹងពួកភិក្ខុនី ដែលមានចិត្តរួចស្រឡះ ចាកកិលេសចំនួន ៥០០ រូប ព្រះនាងមានចិត្តត្រិះរិះយ៉ាងនេះថា អញ (បើរស់នៅ) មិនបានទាន់ការបរិនិព្វាននៃព្រះសម្ពុទ្ធ នៃគូសាវ័ក នៃរាហុល អានន្ទ និងនន្ទទេ នឹងសុំអនុញ្ញាតព្រះលោកនាថជាមហេសី លះបង់នូវអាយុសង្ខារ ទៅកាន់ព្រះនិព្វានភ្លាមៗ។ សេចក្តីត្រិះរិះរបស់នាងភិក្ខុនី ៥០០ រូបក្តី សេចក្តីត្រិះរិះរបស់នាងភិក្ខុនីទាំងឡាយ មាននាងភិក្ខុនីឈ្មោះខេមាជាដើមនេះក្តី ក៏ដូចព្រះនាងគោតមីដែរ។ គ្រានោះ មានការកក្រើកផែនដី ទាំងផ្គរក៏លាន់ឮឡើង ទេវតាទាំងឡាយ ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ក៏ត្រូវសេចក្តីសោកបៀតបៀន។ (ទេវតាទាំងនោះ) យំទួញ ញ៉ាំងទឹកភែ្នកនិងសេចក្តីករុណា ឲ្យប្រព្រឹត្តទៅក្នុងទីនោះ ភិក្ខុនីទាំងអស់ ចូលទៅជិតនាងគោតមីភិក្ខុនី ជាមួយនឹងទេវតាទាំងនោះ ហើយក្រាបចុះដោយសិរ្សៈទៀបបាទា ពោលនូវពាក្យនេះថា បពិត្រព្រះនាងជាម្ចាស់ យើងទាំងឡាយនៅក្នុងទីស្ងាត់ ត្រូវដំណក់ទឹកស្រោចស្រប់ហើយ ក្នុងទីនោះ។ បពិត្រព្រះនាងគោតមីជាម្ចាស់ ផែនដីនោះ កក្រើកញាប់ញ័រ ទាំងផ្គរក៏លាន់ឮឡើង ទាំងសេចក្តីខ្សឹកខ្សួល ពួកយើងក៏បានឮដែរ តើមានហេតុដូចម្តេច។ គ្រានោះ ព្រះនាងក៏ប្រាប់នូវហេតុទាំងអស់ ដែលនាងត្រិះរិះ។ លំដាប់នោះ ភិក្ខុនីទាំងអស់ បានប្រាប់នូវហេតុដែលខ្លួនត្រិះរិះហើយដែរថា បពិត្រព្រះនាងជាម្ចាស់ ព្រះនិព្វានជាទីក្សេមយ៉ាងក្រៃលែង បើព្រះនាងពេញចិត្តហើយ បពិត្រព្រះនាង ដែលបានព្រះពុទ្ធអនុញ្ញាតហើយ យើងទាំងអស់គ្នានឹងនិព្វានដែរ។ យើងទាំងឡាយនឹងចេញចាកផ្ទះ ចាកភព ជាមួយនឹងព្រះនាងដែរ យើងនឹងទៅកាន់ព្រះនិព្វានជាបុរីដ៏ឧត្តម ជាមួយនឹងព្រះនាងទៀត។ កាលភិក្ខុនីទាំងឡាយ ពោលដើម្បីនិព្វាន គ្រានោះ ព្រះនាងក៏ពោលថា ខ្ញុំនឹងថាអ្វី ហើយក៏ចេញទៅចាកលំនៅភិក្ខុនី ជាមួយនឹងភិក្ខុនីទាំងអស់ រួចពោលថា ទេវតាណា ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ទេវតាទាំងនោះ សូមអត់ទោសដល់ខ្ញុំ ការឃើញលំនៅនាងភិក្ខុនីនេះ ជាការឃើញទីបំផុតរបស់ខ្ញុំ។ ជរាក្តី មច្ចុក្តី មិនមានក្នុងទីណា ការជួបប្រទះដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្តី ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ក្តី មិនមានក្នុងទីណា ទីនោះ ហៅថា អសង្ខតៈ។ ពួកភិក្ខុនីជាឱរសរបស់ព្រះសុគត ដែលមិនទាន់ប្រាសចាករាគៈ បានស្តាប់នូវពាក្យនោះហើយ ត្រូវសេចក្តីសោកគ្របសង្កត់ ក៏ខ្សឹកខ្សួលថា ឱហ្ន៎! យើងទាំងឡាយ ជាបុគ្គលឥតបុណ្យ។ ទីលំនៅភិក្ខុនីនេះ បើវៀរចាកពួកភិក្ខុនីទាំងនោះហើយ ក៏នឹងសូន្យឈឹង ពួកនាងភិក្ខុនី ជាឱរសរបស់ព្រះជិនស្រី ក៏លែងប្រាកដ ដូចជាផ្កាយដែលមិនប្រាកដក្នុងពេលភ្លឺច្បាស់។ ព្រះនាងគោតមី នឹងទៅកាន់និព្វានជាមួយភិក្ខុនី ៥០០ រូប ដូចទន្លេគង្គាហូរទៅកាន់សាគរជាមួយស្ទឹង ៥០០ ដូច្នោះ។ ពួកឧបាសិកាដែលមានសទ្ធាចេញអំពីផ្ទះ ដើរទៅតាមច្រក បានឃើញព្រះនាងគោតមីនោះ ក៏ក្រាបទៀបបាទា ហើយពោលនូវពាក្យនេះថា ព្រះនាងម្ចាស់ ចូរជ្រះថ្លាក្នុងភោគៈដ៏ច្រើនចុះ ព្រះនាងមិនគួរលះបង់នូវយើងខ្ញុំទាំងឡាយ ឲ្យនៅឥតទីពឹងហើយនិព្វានទេ ឧបាសិកាទាំងនោះ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ក៏យំរៀបរាប់ (យ៉ាងនេះ)។ ព្រះនាងគោតមីបានពោលវាចាដ៏ពីរោះ ដើម្បីបន្ទោបង់នូវសេចក្តីសោករបស់ស្រីទាំងនោះថា ម្នាលកូនទាំងឡាយ នាងទាំងឡាយ មិនគួរយំស្រែកទេ ថ្ងៃនេះជាកាលគួរនាងទាំងឡាយសើចសប្បាយទេតើ។ ព្រោះសេចក្តីទុក្ខ ខ្ញុំបានកំណត់ដឹងហើយ ហេតុនាំឲ្យកើតទុក្ខ ខ្ញុំវៀរស្រឡះហើយ ព្រះនិព្វានជាទីរលត់ទុក្ខ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងមគ្គទៀត ខ្ញុំក៏បានអប់រំល្អហើយ។

ចប់ ភាណវរៈ ទី១។

ព្រះសាស្តា ខ្ញុំបំរើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាធម្មជាតិនាំសត្វទៅក្នុងភព ខ្ញុំក៏បានដកចោលហើយ។ ស្រីទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាទីអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំក៏បានដល់ហើយ។ ព្រះពុទ្ធក្តី ព្រះសទ្ធម្មរបស់ព្រះពុទ្ធនោះក្តី ឋិតនៅមិនខ្វះខាត ដរាបណា កាលនេះ ជាកាលគួរដើម្បីខ្ញុំនឹងនិព្វានដរាបនោះ ម្នាលកូនស្រីទាំងឡាយ នាងទាំងឡាយ កុំសោកស្តាយខ្ញុំឡើយ។ ព្រះកោណ្ឌញ្ញៈ ព្រះអានន្ទ ព្រះនន្ទ ព្រះរាហុល ព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ចូរឋិតនៅជាសុខចុះ ទាំងពួកតិរិ្ថយដែលមានសេចក្តីល្ងង់ខ្លៅសាបសូន្យហើយ ក៏ឋិតនៅជាសុខចុះ។ យសនៃវង្សរបស់ស្តេចឱក្កាកៈ ចម្រើនឡើងហើយ ញំាញីនូវមារ ម្នាលកូនស្រីទាំងឡាយ ក្រែង (កាលនេះ) ជាសម្បត្តិកាល ដើម្បីឲ្យខ្ញុំនិព្វានហើយឬ។ ចាប់តាំងអំពីយូរយារមកហើយ សេចក្តីប្រាថ្នាណា ដែលខ្ញុំតម្កល់ទុក (សេចក្តីប្រាថ្នានោះ) នឹងសម្រេចក្នុងថ្ងៃនេះ កាលនេះ ជាកាលគួរទូងភេរី គឺសេចក្តីត្រេកអរក្នុងធម៌ ម្នាលកូនស្រីទាំងឡាយ នាងទាំងឡាយ មានប្រយោជន៍អ្វីនឹងសម្រក់ទឹកភ្នែក។ បើនាងទាំងឡាយមានសេចក្តីអាណិតខ្ញុំ ឬក៏ជាអ្នកកតញ្ញូនឹងខ្ញុំ នាងទាំងអស់គ្នា ចូរធ្វើព្យាយាមឲ្យមាំ ដើម្បីញ៉ាំងព្រះសទ្ធម្មឲ្យតាំងនៅមាំចុះ។ ព្រះសម្ពុទ្ធដែលខ្ញុំអង្វរសុំហើយ ព្រះអង្គក៏ទ្រង់ប្រទាននូវផ្នួសដល់ស្រីទាំងឡាយ ព្រោះហេតុនោះ ខ្ញុំនឹងត្រេកអរយ៉ាងណា នាងទាំងឡាយ ចូរប្រព្រឹត្តតាមដំណើរនោះ យ៉ាងនោះចុះ។ ព្រះនាងគោតមី បានប្រៀនប្រដៅនូវពួកឧបាសិកាទាំងនោះយ៉ាងនេះហើយ ពួកភិក្ខុនីក៏ហែហម ហើយចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធ បានពោលនូវពាក្យនេះថា បពិត្រព្រះសុគត ខ្ញុំព្រះអង្គ ជាព្រះមាតារបស់ព្រះអង្គ បពិត្រព្រះអង្គទ្រង់មានប្រាជ្ញា តែព្រះអង្គជាព្រះបិតានៃខ្ញុំព្រះអង្គ បពិត្រព្រះលោកនាថ ព្រោះព្រះអង្គទ្រង់ប្រទាននូវព្រះសទ្ធម្ម និងសេចក្តីសុខ បពិត្រព្រះគោតម ខ្ញុំព្រះអង្គឈ្មោះថា កើតអំពីព្រះអង្គ។ បពិត្រព្រះសុគត រូបកាយនៃព្រះអង្គនេះ ខ្ញុំឲ្យចម្រើនហើយ ធម្មកាយជាទីត្រេកអររបស់ខ្ញុំ ព្រះអង្គឲ្យចម្រើនហើយ។ ខ្ញុំម្ចាស់ឲ្យព្រះអង្គបៅទឹកក្សីរ ដែលរម្ងាប់នូវសេចក្តីស្រេកឃ្លានមួយរំពេច ព្រះអង្គឲ្យខ្ញុំបៅទឹកក្សីរគឺធម៌ មានសេចក្តីស្ងប់រម្ងាប់ជាទីបំផុត បព្រិតព្រះមហាមុនី ព្រះអង្គមិនមានបំណុលដល់ខ្ញុំ ក្នុងការរក្សានូវចំណងទេ ស្រីទាំងឡាយចង់បានកូន កាលបន់ស្រន់ រមែងបានកូនប្រាកដដូចព្រះអង្គ។ បពិត្រព្រះអង្គជាឱរស មាតាណា របស់ស្តេចជាធំជាងនរៈ មានស្តេចមន្ធាតុជាដើម មាតានោះ គឺខ្ញុំព្រះអង្គ ដែលលិចចុះក្នុងសមុទ្ទគឺភព បានព្រះអង្គចម្លងហើយ ចាកសមុទ្ទគឺភព។ ព្រះនាមជាព្រះមាតា ជាព្រះមហេសីរបស់ស្តេច គឺស្រីទាំងឡាយ តែងបានដោយងាយទេ ឯព្រះនាមថាព្រះពុទ្ធមាតានេះ គឺស្រីទាំងឡាយ សឹងបានដោយកម្រក្រៃពេក។ បពិត្រព្រះមហាវីរៈ ឯសេចក្តីប្រាថ្នាជាដំបូងនោះ ខ្ញុំព្រះអង្គបានហើយ ដោយសារព្រះអង្គ សេចក្តីប្រាថ្នាទាំងអស់នោះ ទោះតូចក្តីធំក្តី ព្រះអង្គបានបំពេញឲ្យហើយ។ ខ្ញុំម្ចាស់ សូមលះបង់នូវសាកសពនេះ ប្រាថ្នានឹងបរិនិព្វាន បពិត្រព្រះអង្គមានព្យាយាម ជានាយក ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ សូមព្រះអង្គអនុញ្ញាតដល់ខ្ញុំព្រះអង្គ។ សូមព្រះអង្គសណ្តូកនូវព្រះបាទទាំងគូដ៏ទន់ល្វន់ដូចផ្កាឈូក ដេរដាសដោយស្នាមចក្រ កង្វេរ និងទង់ ខ្ញុំព្រះអង្គមានសេចក្តីស្រឡាញ់ចំពោះព្រះឱរស នឹងថ្វាយបង្គំព្រះបាទទាំងគូនោះ។ សរីរៈរបស់ព្រះអង្គ ប្រាកដស្មើដោយគំនរមាស ដែលប្រាកដក្នុងដែនកុរុ សូមព្រះអង្គធ្វើឲ្យជារាងកាយ គឺខ្ញុំព្រះអង្គឃើញបានដោយងាយ បពិត្រព្រះនាយក ខ្ញុំព្រះអង្គនឹងទៅកាន់ព្រះនិព្វាន ជាទីស្ងប់រម្ងាប់។ ព្រះជិនស្រី ទ្រង់សម្តែងនូវរាងកាយ ប្រកបដោយលក្ខណៈ ៣២ ប្រដាប់ដោយពន្លឺដ៏ល្អ ដូចព្រះអាទិត្យដ៏ស្រទន់នាអាកាស ក្នុងវេលាល្ងាច។ លំដាប់នោះ ព្រះនាងគោតមីនោះ ក្រាបចុះដោយសិរ្សៈទៀបព្រះបាទា ប្រាកដស្មើដោយផ្កាឈូករីក មានរស្មីដូចព្រះអាទិត្យទើបនឹងរះ ប្រដាប់ដោយចក្រ ហើយទូលថា ខ្ញុំសូមថ្វាយបង្គំព្រះអង្គជាព្រះអាទិត្យរបស់នរជន ជាទង់ក្នុងអាទិច្ចត្រកូល ព្រះអង្គជាទីពឹងរបស់ខ្ញុំ ក្នុងកាលជាទីបំផុត ខ្ញុំមិនបានឃើញព្រះអង្គទៀតទេ។ បពិត្រព្រះអង្គជាកំពូលនៃលោក ធម្មតាស្រ្តីទាំងឡាយ ធ្វើនូវទោសទាំងពួង ហើយស្លាប់ទៅ បើទោសរបស់ខ្ញុំមានបន្តិចបន្តួច បពិត្រព្រះអង្គទ្រង់ធ្វើសេចក្តីករុណា សូមព្រះអង្គអត់ទោសនោះដល់ខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំសូមផ្នួសរឿយៗ ដើម្បីស្រីទាំងឡាយ បើខ្ញុំមានទោស ក្នុងហេតុនោះ បពិត្រព្រះអង្គដ៏ប្រសើរជាងនរជន សូមព្រះអង្គអត់នូវទោសនោះ។ បពិត្រព្រះអង្គមានព្យាយាម ភិក្ខុនីទាំងឡាយ ដែលខ្ញុំប្រៀនប្រដៅហើយ តាមសេចក្តីអនុញ្ញាតរបស់ព្រះអង្គ បើខ្ញុំទូន្មានមិនល្អក្នុងរឿងនោះទេ បពិត្រព្រះអង្គទ្រង់មានសេចក្តីអត់ធន់ និងមានព្យាយាម សូមព្រះអង្គអត់នូវទោសនោះដល់ខ្ញុំ។

(ព្រះសម្ពុទ្ធត្រាស់តបថា) តថាគតអត់ទោស ក្នុងហេតុដែលតថាគតមិនទាន់អត់ ប្រយោជន៍អ្វីក្នុងភព ដែលប្រដាប់ដោយគុណ តថាគតនឹងពោលនូវអ្វីដ៏លើសលុបជាងនាង ដែលពោលដើម្បីនិព្វាន។ កាលភិក្ខុសង្ឃរបស់តថាគត ស្អាតគ្រប់គ្រាន់ ភិក្ខុសង្ឃក៏គួរដើម្បីរើខ្លួនចេញចាកលោកនេះ ដូចកាលព្រះចន្ទ្រ និងផ្កាយទាំងឡាយ ដល់នូវសេចក្តីវិនាស ក្នុងកាលព្រះអាទិត្យរះឡើង ស្នាមព្រះចន្ទ្រដែលគេឃើញច្បាស់ ក៏រលុបបាត់ទៅ។

ភិក្ខុនីដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ធ្វើប្រទក្សិណព្រះជិនស្រីដ៏ប្រសើរ ដូចជាផ្កាយប្រព្រឹត្តទៅតាមព្រះចន្ទ្រ ដើរប្រទក្សិណភ្នំសិនេរុ ហើយក្រាបចុះទៀបព្រះបាទា រួចឈររមិលមើលនូវព្រះភក្រ្តនៃព្រះសាស្តានោះ។ ព្រះនាងបជាបតិគោតមីក្រាបទូលថា ភ្នែករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយការឃើញនូវព្រះអង្គ ត្រចៀករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយភាសិតរបស់ព្រះអង្គ។ ចិត្តរបស់ខ្ញុំតែមួយប៉ុណ្ណោះ ដល់នូវសេចក្តីឆ្អែត ដោយរសនៃធម៌ដ៏ពេញលេញ។

កាលព្រះមានព្រះភាគទ្រង់បន្លឺឡើង ក្នុងកណ្តាលបរិស័ទ ទ្រង់ប្រហារនូវសេចក្តីរឹងត្អឹងរបស់ជនអ្នកមានវាទៈ ពួកជនណាបានឃើញព្រះឱស្ឋ បពិត្រព្រះអង្គជាធំជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ថ្វាយបង្គំនូវព្រះបាទា មានព្រះអង្គុលីវែង មានព្រះនខាក្រហម មានព្រះបណ្ហិវែងល្អ បពិត្រព្រះអង្គទ្រង់ដល់នូវទីបំផុតនៃសេចក្តីសៅហ្មង ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ស្តាប់នូវពាក្យទាំងឡាយដ៏ពីរោះ ជាទីរីករាយចិត្ត ជាគ្រឿងដុតចោលនូវទោស ជាទីនាំមកនូវប្រយោជន៍ បពិត្រព្រះអង្គប្រសើរជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ បពិត្រព្រះមហាវីរៈ ខ្ញុំជាស្រីមានបុណ្យ ជាអ្នកយកចិត្តទុកដាក់ ក្នុងការបូជានូវព្រះបាទារបស់ព្រះអង្គ ជាស្រីឆ្លងចាកផ្លូវលំបាកគឺសង្សារ តាមព្រះពុទ្ធដីការបស់ព្រះអង្គមានសិរី។ លំដាប់នោះ ព្រះនាងគោតមី បានក្រាបទូលព្រះមានព្រះភាគ ជាស្រីមានវត្តល្អចំពោះភិក្ខុសង្ឃ រួចថ្វាយបង្គំព្រះរាហុល ព្រះអានន្ទ និងព្រះនន្ទ ហើយពោលនូវពាក្យនេះថា ខ្ញុំមានសេចក្តីនឿយណាយក្នុងសាកសព ជាលំនៅរបស់រោគ ស្មើដោយលំនៅនៃសត្វមានពិស ជាគ្រឿងកំណត់នៃទុក្ខ ជាទីគោចរនៃជរា និងមរណៈ។ ជារូបដេរដាសដោយមន្ទិល គឺសាកសពផ្សេងៗ ជាអាយត្ត1) នៃបុគ្គលដទៃ ជារូបប្រាសចាកអំណាច ព្រោះហេតុនោះ ខ្ញុំប្រាថ្នាដើម្បីព្រះនិព្វាន បពិត្រកូនទាំងឡាយ លោកទាំងឡាយ ចូរសំគាល់ចុះ។

ព្រះនន្ទ និងព្រះរាហុលដ៏ចម្រើន ជាអ្នកមិនមានសេចក្តីសោក មិនមានអាសវៈ មានចិត្តនឹងធឹង មិនមានកម្រើក មានប្រាជ្ញា មានព្យាយាម គិតរំពឹងនូវធម៌ថា ថ្វើយ! សង្ខតធម៌ ជារបស់វិនាស ជារបស់មិនមានខ្លឹម មានឧបមាដូចដើមចេក ប្រាកដស្មើដោយកល់មាយា និងថ្ងៃបណ្តើរកូនជារបស់តិចតួច មិនបានតាំងនៅយឺនយូរឡើយ។ ព្រះនាងគោតមីនេះ ជាព្រះមាតុច្ឆានៃព្រះជិនស្រី បានចិញ្ចឹមព្រះសម្ពុទ្ធ ដើរទៅកាន់សេចក្តីស្លាប់ក្នុងទីណា (ទីនោះ) មិនទៀង ត្រូវមានបច្ច័យតាក់តែងទាំងអស់។ ចំណែកឯព្រះអានន្ទ នៅជាសេក្ខបុគ្គល ជាប្អូនជាទីស្រលាញ់នៃព្រះជិនស្រី ព្រះអានន្ទនោះ បង្ហូរទឹកភ្នែកក្នុងទីនោះ ធ្វើនូវសេចក្តីករុណា ទួញយំខ្សឹកខ្សួលថា ព្រះនាងគោតមី ពោលលាទៅកាន់ព្រះនិព្វានហើយ មិនយូរប៉ុន្មានទេ ព្រះសម្ពុទ្ធក៏គង់ទៅកាន់ព្រះនិព្វានពុំខានដែរ ដូចភ្លើងមិនមានកំញម។ ព្រះនាងគោតមី បានមានព្រះសវនីយ៍ទៅកាន់ព្រះអានន្ទ ដែលកំពុងតែយំរៀបរាប់យ៉ាងនេះ ជាអ្នកមានវេទដ៏ជ្រៅដូចសាគរ ជាអ្នកយកចិត្តទុកដាក់ក្នុងការបម្រើព្រះសម្ពុទ្ធថា បពិត្រលោកកូន កាលបើកាលជាទីរីករាយ ប្រាកដហើយ លោកកូនមិនគួរសោយសោកទេ បពិត្រលោកកូន សេចក្តីស្លាប់របស់ខ្ញុំនោះ ជាកិច្ចចូលទៅកាន់ព្រះនិព្វាន ជាទីបំផុតវិញតើ។ បពិត្រលោកកូន ព្រះសាស្តាដែលលោកកូនបានទូលសុំហើយ ទ្រង់ក៏អនុញ្ញាតនូវផ្នួសដល់យើង បពិត្រលោកកូន ចូរលោកកូនកុំតូចចិត្តឡើយ ព្រោះសេចក្តីខ្វល់ខ្វាយរបស់លោកកូន ជាការមួយប្រកបដោយផល។ បទណាដែលពួកកតិ្ថកាចារ្យជាន់ចាស់ មិនបានយល់ បទនោះ សូម្បីពួកកុមារីដែលមានអាយុ ៧ ឆ្នាំ ក៏យល់ច្បាស់ហើយ។ លោកកូនចូររក្សាព្រះពុទ្ធសាសនាចុះ ការឃើញលោកកូន (គ្រានេះ) ជាកិច្ចទីបំផុត (របស់ខ្ញុំ) បពិត្រលោកកូន បុគ្គលទៅហើយមិនប្រាកដក្នុងទីណា ខ្ញុំនឹងទៅក្នុងទីនោះ។ ព្រះនាយក ជាកំពូលនៃលោក ទ្រង់សម្តែងធម៌ផ្សាយទៅក្នុងកាលណា កាលនោះ ខ្ញុំជាស្រ្តីអនុគ្រោះ ខ្ញុំបានពោលនូវាចាឲ្យពរថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គគង់ព្រះជន្មនៅអស់កាលយូរ បពិត្រព្រះមហាមុនី សូមព្រះអង្គគង់នៅអស់មួយកប្បចុះ សូមព្រះអង្គកុំមានជរា និងមរណៈ ដើម្បីជាប្រយោជន៍ដល់សត្វលោកទាំងអស់។ ព្រះពុទ្ធនោះ ទ្រង់ត្រាស់នឹងខ្ញុំ ដែលជាអ្នកក្រាបទូលដូច្នោះ នូវពាក្យនេះថា បពិត្រព្រះនាងគោតមី ព្រះនាងថ្វាយបង្គំយ៉ាងណា ព្រះពុទ្ធទាំងឡាយ គេមិនដែលថ្វាយបង្គំ យ៉ាងនោះទេ។

ព្រះតថាគតទាំងឡាយ ជាសព្វញ្ញូ បុគ្គលគប្បីថ្វាយបង្គំដោយប្រការដូចម្តេច ព្រះពុទ្ធទាំងឡាយ បុគ្គលមិនគប្បីថ្វាយបង្គំ តើដោយប្រការដូចម្តេច ព្រះអង្គដែលខ្ញុំសួរហើយ សូមប្រាប់នូវហេតុនោះឲ្យទាន។

នាងចូរមើលនូវសាវ័កទាំងឡាយ ដែលមានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែងដ៏មាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះឈ្មោះថា ការថ្វាយបង្គំនូវព្រះពុទ្ធទាំងឡាយ។

លំដាប់នោះ ខ្ញុំទៅកាន់លំនៅភិក្ខុនីតែម្នាក់ឯង ក៏គិតយ៉ាងនេះថា ព្រះលោកនាថ ទ្រង់ដល់នូវទីបំផុតនៃត្រៃភព ទ្រង់ពេញព្រះហឫទ័យនឹងបរិស័ទដែលព្រមព្រៀងគ្នា។ ណ្ហើយចុះ ខ្ញុំនឹងបរិនិព្វាន កុំឲ្យឃើញនូវវិបត្តិនោះ ខ្ញុំគិតយ៉ាងនេះហើយ ក៏ឃើញនូវព្រះពុទ្ធ ជាឥសីទី ៧។ ខ្ញុំក្រាបទួលនូវកាលបរិនិព្វានរបស់ខ្ញុំ ចំពោះព្រះនាយក លំដាប់នោះ ព្រះអង្គទ្រង់អនុញ្ញាតថា បពិត្រព្រះនាងគោតមី ព្រះនាងចូរដឹងនូវកាលជាទីបរិនិព្វានចុះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

ពួកជនពាលណា ដល់នូវសេចក្តីសង្ស័យក្នុងការត្រាស់ដឹងនូវធម៌ នៃស្រ្តីទាំងឡាយ បពិត្រព្រះនាងគោតមី ព្រះនាងចូរសម្តែងនូវឫទ្ធិ ដើម្បីកំចាត់បង់នូវទិដ្ឋិនៃពួកជនពាលនោះ។

គ្រានោះ ព្រះនាងគោតមី ក្រាបថ្វាយបង្គំព្រះសម្ពុទ្ធ ហើយហោះឡើងទៅឯអាកាស សម្តែងនូវឫទ្ធិដ៏ច្រើនជាអនេក តាមពុទ្ធានុញ្ញាត គឺស្រ្តីតែម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកក៏បាន ស្រ្តីច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ទៅកាន់ទីវាល ជាទីខាងក្រៅ ខាងក្រៅជញ្ជាំង ខាងក្រៅភ្នំក៏បាន ដើរទៅមិនទើសទាក់ មុជចុះក្នុងផែនដីក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន។ ទៅទាំងភ្នែនលើអាកាស ដូចជាសត្វស្លាបក៏បាន ញ៉ាំងអំណាចកាយឲ្យអណ្តែតទៅ ដរាបដល់លំនៅនៃព្រហ្មក៏បាន។ យកភ្នំសិនេរុធ្វើជាដងឆ័ត្រ យកផែនដីធំធ្វើជាឆ័ត្រ បង្វិលដងឆ័ត្រ បាំងដើរលើផ្ទៃអាកាស។ ធ្វើនូវលោកឲ្យរុងរឿង ដូចជាព្រះអាទិត្យ ៦ រះឡើងផង ធ្វើនូវលោកនោះ ឲ្យជាកម្រងសំណាញ់ ដូចជានៅលើភ្នំយុគន្ធរផង។ កាន់យកនូវវត្ថុទាំងពួងគឺ ដើមមុច្ចលិន្ទ ថ្មធំ ភ្នំសិនេរុ ដើមមន្ទារ និងដើមទទ្ទរៈទាំងឡាយ ដោយក្តាប់ដៃមួយ ដូចជាកាន់គ្រាប់ស្ពៃ។ បិទបាំងព្រះអាទិត្យ ព្រះចន្រ្ទ ដោយចុងម្រាម ទ្រនូវព្រះចន្ទ្រ ព្រះអាទិត្យមួយពាន់ ដូចជាទ្រនូវគ្រឿងប្រដាប់ក្បាល ទ្រនូវទឹកក្នុងសមុទ្រទាំង ៤ ដោយដៃម្ខាង ញ៉ាំងភ្លៀងធំមានអាការដូចជាទឹក ហូរអំពីភ្នំយុគន្ធរឲ្យបង្អុរចុះ។ ព្រះនាងគោតមីនោះ បាននិម្មិតជាស្តេចចក្រពត្តិ ព្រមទាំងបរិស័ទ សម្តែងនូវអត្តភាពជាគ្រុឌផង ដំរីផង សីហៈផង បន្លឺនូវសម្រែកលើផ្ទៃនៃអាកាស។ ព្រះនាងតែម្នាក់ឯង និម្មិតនូវពួកភិក្ខុនីដ៏ច្រើនប្រមាណមិនបាន ហើយឲ្យបាត់ទៅវិញ នៅតែម្នាក់ឯង ទើបពោលនឹងព្រះមុនីថា បពិត្រព្រះមហាវីរៈ ខ្ញុំជាមាតុច្ឆារបស់ព្រះអង្គ ជាស្រ្តីអ្នកធ្វើតាមនូវសាសនារបស់ព្រះអង្គ បានសម្រេចប្រយោជន៍របស់ខ្លួនហើយ បពិត្រព្រះអង្គមានចក្ខុ ខ្ញុំសូមថ្វាយបង្គំព្រះបាទាទាំងគូ។ ព្រះនាងគោតមីនោះ លុះសម្តែងឫទ្ធិផ្សេងៗហើយ ក៏ចុះចាកផ្ទៃនៃអាកាស មកថ្វាយបង្គំព្រះសម្ពុទ្ធ ជាពន្លឺនៃលោក ហើយអង្គុយក្នុងទីដ៏សមគួរ រួចក្រាបទូលថា បពិត្រព្រះមហាមុនី ខ្ញុំកើតមកបានអាយុ ១២០ ហើយ បពិត្រព្រះមហាវីរៈ ខ្ញុំល្មមប៉ុណ្ណេះហើយ បពិត្រព្រះនាយក ខ្ញុំនឹងបរិនិព្វាន។ គ្រានោះ បរិស័ទទាំងពួងនោះ មានសេចក្តីអស្ចារ្យក្រៃពេក ផ្គងអញ្ជលី ហើយពោលថា បពិត្រព្រះនាងមានឫទ្ធិថ្លឹងពុំបាន មានព្យាយាម កិច្ចទាំងពួង ព្រះនាងបានធ្វើហើយ។

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ជានាយក ទ្រង់ត្រាស់ឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ក្នុងកាលនោះ ខ្ញុំកើតក្នុងត្រកូលនៃអាមាត្យ ក្នុងនគរហង្សវតី ជាត្រកូលបរិបូណ៌ដោយឧបការៈទាំងពួង ដ៏ស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន។ ក្នុងកាលមួយ ខ្ញុំទៅជាមួយនឹងបិតា មានពពួកខ្ញុំស្រីចោមរោម មានបរិវារច្រើន ចូលទៅគាល់ព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រសើរជាងនរៈ។ ខ្ញុំបានឃើញព្រះជិនស្រី មិនមានអាសវៈ ប្រាកដស្មើដោយព្រះអាទិត្យ ក្នុងសរទកាល ដ៏ដេរដាសដោយកម្រងគឺរស្មី ទ្រង់បង្អុរចុះនូវភ្លៀងគឺធម៌ ដូចជាព្រះឥន្រ្ទ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា បានស្តាប់សុភាសិតនៃព្រះពុទ្ធនោះ ព្រះអង្គជានាយកនៃនរៈ ទ្រង់តាំង នូវនាងភិក្ខុនី ជាព្រះមាតុច្ឆាក្នុងទីដ៏ប្រសើរលើស។ លុះខ្ញុំស្តាប់ហើយ ក៏បានថ្វាយនូវមហាទានផង នូវបច្ច័យដ៏ច្រើនផង ដល់ព្រះសម្ពុទ្ធ ដ៏ប្រសើរជាងនរជនអង្គនោះ ទ្រង់ជាតាទិបុគ្គល ព្រមទាំងព្រះសង្ឃ អស់ ៧ ថ្ងៃ រួចខ្ញុំក្រាបចុះទៀបព្រះបាទា ហើយប្រាថ្នានូវតំណែងនោះ។

លំដាប់នោះ ព្រះពុទ្ធជាឥសីទី ៧ បានពោលក្នុងបរិស័ទច្រើនថា ស្រ្តីណាបានញុំាងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ តថាគតនឹងសរសើរនូវស្រ្តីនោះ អ្នកទាំងឡាយចូរស្តាប់នូវពាក្យដែលតថាគតនឹងសម្តែងដូចតទៅនេះ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ ស្រ្តីនោះ នឹងបានជាឱរស ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះពុទ្ធនោះ ជាធម្មនិមិ្មតិ ឈ្មោះនាង គោតមី នឹងបានជាសាវិកានៃព្រះសាស្តាអង្គនោះ។ នាងគោតមីនេះ ជាព្រះមាតុច្ឆា ជាអ្នករក្សានូវជីវិតនៃព្រះពុទ្ធនោះ នឹងបាននូវទីដ៏ប្រសើរ លើសជាងភិក្ខុនីទាំងឡាយ ជាអ្នកដឹងនូវរាត្រីដ៏វែង (មានអាយុវែង)។ គ្រានោះ ខ្ញុំស្តាប់នូវព្រះពុទ្ធដីកានោះ ក៏មានចិត្តរីករាយ បានបម្រើនូវព្រះជិនស្រី ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត តមក ខ្ញុំក៏ធ្វើមរណកាល។ ខ្ញុំបានទៅកើតក្នុងពួកទេវតាជាន់តាវត្តឹង្ស សម្រេចនូវសេចក្តីប្រាថ្នាទាំងពួង បានគ្របសង្កត់នូវទេវតាទាំងឡាយ ដទៃដោយអង្គ ១០ យ៉ាង គឺដោយរូប សំឡេង ក្លិន រស សម្ផ័ស្ស អាយុ វណ្ណៈ សុខៈ យស។ មួយទៀត ខ្ញុំឈ្នះឈ្នាន រុងរឿង ដោយអធិបតេយ្យ (ជាគម្រប់ ១០) ខ្ញុំបានជាមហេសីរបស់ព្រះឥន្រ្ទ ក្នុងឋាននោះ។ ខ្ញុំត្រូវខ្យល់ គឺកម្មបក់ផាត់ទៅ អន្ទោលទៅក្នុងសង្សារ បានទៅកើតក្នុងស្រុកទាសគ្រាម ក្នុងដែននៃស្តេចឈ្មោះកាសិកៈ។ គ្រានោះ ខ្ញុំប្រុស ៥០០ នាក់ ឥតខ្វះខាត នៅក្នុងស្រុកនោះ ជនណាជាធំជាងជនទាំងពួង ក្នុងស្រុកនោះ ខ្ញុំបានជាប្រពន្ធរបស់ជននោះ។ ភិក្ខុប្រាំរយអង្គរបស់ព្រះសយម្ភូ បានចូលទៅកាន់ស្រុកនោះ ដើម្បីបិណ្ឌបាត ខ្ញុំ ព្រមទាំងញាតិទាំងអស់ ឃើញភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ ខ្ញុំព្រមទាំងប្តី មានចិត្តជ្រះថ្លា បានធ្វើកុដិប្រាំរយខ្នង (ប្រគេន) ចូលទៅបម្រើអស់ ៤ ខែ ហើយប្រគេននូវត្រៃចីវរ។ ខ្ញុំព្រមទាំងប្តី លុះច្យុតចាកអត្តភាពនោះ បានទៅកើតក្នុងឋានតាវត្តឹង្ស ឥឡូវនេះ ខ្ញុំកើតក្នុងបូរីឈ្មោះទេវទហៈ ក្នុងភពជាទីបំផុត។ ព្រះបិតារបស់ខ្ញុំជាសាក្យៈ ព្រះនាមអញ្ជនៈ ព្រះមាតារបស់ខ្ញុំ ព្រះនាមសុលក្ខណា លំដាប់នោះ ខ្ញុំបានទៅកាន់ដំណាក់ (អគ្គទេពី) នៃព្រះរាជាព្រះនាមសុទ្ធោទនៈ ក្នុងក្រុងកបិលពស្តុ។ ស្រ្តីទាំងអស់ កើតក្នុងសាក្យត្រកូល បានទៅកាន់ដំណាក់ (ស្រំស្នំ) របស់ព្រះបាទសុទ្ធោទនៈនោះ ខ្ញុំប្រសើរជាងស្រ្តីទាំងអស់ បានជាអ្នករក្សានូវព្រះជិនស្រី។ ព្រះសម្ពុទ្ធនោះ ជានាយក ជាបុត្តរបស់ខ្ញុំ ទ្រង់ចេញទៅបព្វជ្ជា លុះកាលជាខាងក្រោយ ខ្ញុំក៏ចេញទៅបួសជាមួយ នឹងស្រ្តីប្រាំរយនាក់។ ខ្ញុំបានពាល់ត្រូវនូវសន្តិសុខ ជាមួយនឹងពួកនាងសាកិយានីទាំងឡាយ ជាស្រ្តីមានព្យាយាម ក្នុងកាលនោះ ជន ទាំងឡាយណា ជាស្វាមីរបស់យើងក្នុងជាតិមុន។ ជនទាំងនោះ ជាអ្នកធ្វើបុណ្យ អ្នកធ្វើលទ្ធិដ៏ធំ ដែលព្រះសុគតអនុគ្រោះហើយ ក៏បាននូវព្រះអរហត្ត។

ភិក្ខុនីទាំងឡាយដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ហោះទៅកាន់ផ្ទៃអាកាស មានឫទ្ធិច្រើន រុងរឿងដូចជាផ្កាយប្រជុំគា្ន សម្តែងឫទ្ធិជាអនេក ជាស្រ្តីសិក្សាក្នុងបុញ្ញកម្មទាំងឡាយ ដូចជាជាងមាសធ្វើនូវគ្រឿងប្រដាប់ដ៏ប្លែកៗ។ គ្រានោះ ភិក្ខុនីទាំងឡាយ សម្តែងនូវបាដិហារ្យផ្សេងៗ ជាច្រើន ញុំាងព្រះមុនីដ៏ប្រសើរដូចជាព្រះអាទិត្យ ព្រមទាំងបរិស័ទឲ្យត្រេកអរ។ ចុះអំពីផ្ទៃអាកាស មកថ្វាយបង្គំព្រះពុទ្ធ ជាឥសីទី ៧ លុះព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់អនុញ្ញាតហើយ ក៏គង់ក្នុងទីដដែលវិញ រួចទូលថា បពិត្រព្រះមហាវីរៈ ព្រះនាងគោតមី បានអនុគ្រោះខ្ញុំព្រះអង្គទាំងអស់គ្នា ពួកខ្ញុំព្រះអង្គបានព្រះនាងគោតមីនោះ អប់រំដោយបុណ្យទាំងឡាយ ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ កិលេសទាំងឡាយ ពួកខ្ញុំម្ចាស់ដុតបំផ្លាញហើយ ភពទាំងពួង ពួកខ្ញុំម្ចាស់ដកចោលហើយ ពួកខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ពួកខ្ញុំម្ចាស់មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ពួកខ្ញុំ ម្ចាស់បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ពួកខ្ញុំម្ចាស់បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ពួកខ្ញុំម្ចាស់បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ពួកខ្ញុំព្រះអង្គក៏បាន ប្រតិបត្តិហើយ។ បពិត្រព្រះមហាមុនី ពួកខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោតធាតុ និងចេតោបរិយញ្ញាណផង។ ពួកខ្ញុំម្ចាស់ ដឹងនូវបុព្វនិវាសៈ ជម្រះនូវទិព្វចក្ខុ អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ បពិត្រព្រះមហាវីរៈ ញាណរបស់ខ្ញុំម្ចាស់ កើតឡើងក្នុងសំណាក់នៃព្រះអង្គ រមែងមានក្នុងអត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង។ បពិត្រព្រះនាយក ពួកខ្ញុំព្រះអង្គមានមេត្តាចិត្ត បានបម្រើព្រះអង្គហើយ បពិត្រព្រះមហាមុនី សូមព្រះអង្គអនុញ្ញាតពួកខ្ញុំព្រះអង្គទាំងអស់ដើម្បីបរិនិព្វាន។ ព្រះជិនស្រីទ្រង់ត្រាស់ថា តថាគតនឹងពោលដូចម្តេច ចំពោះនាងទាំងឡាយ ដែលចេះតែទទូចនិយាយយ៉ាងនេះថា យើងទាំងឡាយ សុំបរិនិព្វានឥឡូវនេះ (កាលបើយ៉ាងនេះ) នាងទាំងឡាយ ចូរសំគាល់នូវកាលគួរដើម្បីនិព្វានចុះ។ កាលនោះ ភិក្ខុនីទាំងឡាយនោះ មានព្រះនាងគោតមីជាដើម ថ្វាយបង្គំព្រះជិនស្រី ក្រោកចាកអាសនៈ ហើយដើរទៅ។ ព្រះលោកនាយក ជាកំពូលនៃលោក ជាអ្នកប្រាថ្នា មួយអន្លើដោយពួកជនដ៏ច្រើន បានស្តេចទៅតាមព្រះមាតុច្ឆា ដរាបដល់បន្ទប់។ គ្រានោះឯង ព្រះនាងគោតមី ក្រាបចុះទៀបព្រះបាទាទាំងគូនៃព្រះលោកពន្ធុ ជាមួយនឹងពួកភិក្ខុនីទាំងអស់នុ៎ះ នេះឈ្មោះថាការថ្វាយបង្គំនូវព្រះបាទជាទីបំផុត។

ការឃើញព្រះលោកនាថនៃខ្ញុំនេះ ជាការឃើញទីបំផុត ខ្ញុំនឹងមិនបានឃើញនូវព្រះភក្រ្តរបស់ព្រះអង្គ ដែលមានអាការមិនស្លាប់ ទៀតឡើយ។ បពិត្រព្រះអង្គមានព្យាយាម ការថ្វាយបង្គំរបស់ខ្ញុំ ចំពោះព្រះបាទារបស់ព្រះអង្គដ៏ទន់ល្វន់ នឹងមិនមានទៀតឡើយ បពិត្រព្រះអង្គជាកំពូលនៃលោក ខ្ញុំនឹងទៅកាន់ព្រះនិព្វានក្នុងថ្ងៃនេះ។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា) ព្រះនាងនឹងមានប្រយោជន៍អ្វី ដោយរូបក្នុងបច្ចុប្បន្ននេះ ព្រោះរូបទាំងអស់នុ៎ះ សុទ្ធតែមានបច្ច័យតាកតែង ជារបស់មិនមាំមួន ជារបស់ស្តួចស្តើង។ ព្រះនាងគោតមីនោះ ទៅកាន់សំណាក់ភិក្ខុនី មួយអន្លើដោយភិក្ខុនីទាំនោះ អង្គុយបត់ជើងលើអាសនៈប្រសើរ។ គ្រានោះ ឧបាសិកាទាំងឡាយក្នុងទីនោះ ជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា បានឮដំណឹងព្រះនាងគោតមី ក៏ទៅថ្វាយបង្គំព្រះបាទា។ យកដៃគក់ទ្រូង យំស្រែក គួរអាណិត សោយសោក ផ្តួលខ្លួនលើផែនដី ដូចជាវល្លិដែលគេកាត់ឰដ៏គល់ ពោលដូច្នេះថា បពិត្រព្រះនាងជាទីពឹងទីរលឹក ព្រះនាងកុំលះបង់នូវយើងទាំងឡាយ ទៅកាន់ព្រះនិព្វានឡើយ យើងទាំងអស់គ្នា ក្រាបចុះដោយសិរ្សៈ សូមអង្វរឃាត់។ ឧបាសិកាណា មានសទ្ធា មានបញ្ញា ជាប្រធាននៃស្រីទាំងនោះ ព្រះនាងគោតមី បានពោលនូវពាក្យនេះ នឹងឧបាសិកានោះ ដែលកំពុងច្របាច់ព្រះសិររបស់ព្រះនាងថា នែកូនស្រី កុំពិលាបឡើយ ព្រោះការយំសោក ជាហេតុនាំឲ្យប្រព្រឹត្តទៅតាមនូវអន្ទាក់នៃមារទេ រូបទាំងអស់ ដែលមានបច្ច័យប្រជុំតាក់តែងហើយ សុទ្ធតែមិនទៀង មានការព្រាត់ប្រាសជាទីបំផុត ជារបស់នាំឲ្យចលាចល។ លំដាប់នោះ ព្រះនាងលះបង់នូវពួកឧបាសិកាទាំងនោះ ចូលកាន់បឋមជ្ឈានដ៏ឧត្តម ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចាយតនជ្ឈាន អាកិញ្ចញ្ញាយតនជ្ឈាន នេវសញ្ញានាសញ្ញាយតនជ្ឈាន តាមលំដាប់។ ព្រះនាងគោតមី ចូលកាន់ឈានទាំងឡាយ ជាបដិលោមតាំងពីចតុត្ថជ្ឈាន មកដល់បឋមជ្ឈាន។ ព្រះនាងគោតមីមិនមានអាសវៈ ចេញពីចតុត្ថជ្ឈាននោះហើយ ក៏និព្វាន ដូចជាប្រទីបអស់ប្រឆេះ ការកម្រើកផែនដីដ៏ធំ ក៏កើតមានឡើង ផ្លេកបន្ទោរ ក៏ឆ្វៀលឆ្វាត់ធ្លាក់ចុះពីអាកាស។ ទាំងផ្គរក៏លាន់ឮគគ្រឹកគគ្រេង ទេវតាទាំងឡាយក៏យំខ្សឹកខ្សួល ភ្លៀងផ្កាក៏ធ្លាក់ចុះអំពីអាកាស មកកាន់ផែនដី។ ស្តេចភ្នំ ឈ្មោះសិនេរុ ក៏កក្រើកញាប់ញ័រ ដូចអ្នករបាំក្នុងកណ្តាលរឿណរង្គ ទាំងសាគរក៏ស្រែក ហាក់ដូចជាមានសេចក្តីសោកគ្របសង្កត់។ ទេវតា នាគ អសុរ ព្រហ្ម មានសេចក្តីសង្វេគ បានពោលក្នុងខណៈនោះថា ឱហ៎្ន សង្ខារទាំងឡាយមិនទៀងទេ ដូចយ៉ាងព្រះនាងគោតមីនេះ គង់ដល់នូវការរលាយបាត់ទៅ។ ស្រីទាំងឡាយណា ជាអ្នកធ្វើតាមសាសនានៃព្រះសាស្តា ចោមរោមព្រះនាងគោតមីនេះ ស្រីទាំងនោះ មិនមានឧបាទាន និព្វានហើយ ដូចជាអណ្តាតប្រទីបដែលរលត់។ ហឺ! ការប្រកប មានសេចក្តីព្រាត់ប្រាស់ជាទីបំផុត ហឺ! រូបទាំងពួងដែលបច្ច័យតាក់តែងហើយ សុទ្ធតែមិនទៀង ហឺ! ជីវិត មានសេចក្តីវិនាសជាទីបំផុត មានសេចក្តីខ្សឹកខ្សួលដូច្នេះឯង។ លំដាប់នោះ ទេវតា ព្រហ្ម ចូលទៅគាល់ព្រះពុទ្ធជាឥសីទី ៧ ធ្វើនូវការប្រព្រឹត្តិ ទៅតាមធម្មតាលោក ដ៏សមគួរតាមកាល។ គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ហៅព្រះអានន្ទ ដែលមានវេទដ៏ជ្រៅដូចសាគរថា ម្នាលអានន្ទ អ្នកចូរទៅប្រាប់នូវបរិនិព្វានរបស់ព្រះមាតា ដល់ភិក្ខុទាំងឡាយចុះ។ គ្រានោះ ព្រះអានន្ទមានសេចក្តីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានសំឡេងរអាក់រអួល ពោលថា ភិក្ខុទាំងឡាយណា នៅក្នុងទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ភិក្ខុទាំងឡាយនោះ ចូរប្រជុំគ្នា ម្នាលភិក្ខុទាំងឡាយ នាងភិក្ខុនីនោះ ជាព្រះមាតារបស់ខ្ញុំ ជាឱរសរបស់ព្រះសុគត។ ព្រះនាងគោតមីណា ថ្វាយបង្គំព្រះសរីរៈរបស់ព្រះមុនី ជាទីបំផុតដោយការផ្ចិតផ្ចង់ ព្រះនាងគោតមីនោះ ទៅហើយ កាន់ទីស្ងប់រម្ងាប់គឺព្រះនិព្វាន ដូចជាផ្កាយបាត់ទៅ ក្នុងកាលជាទីរះឡើងនៃព្រះអាទិត្យ។ ព្រះលោកនាយកសូម្បីមានព្រះនេត្រ ៥ មិនឃើញ (នូវគតិរបស់ព្រះនាងបជាបតិគោតមី) ទីស្ងប់រម្ងាប់ណា ព្រះនាងបជាបតិគោតមីភិក្ខុនី តម្កល់ទុកនូវឈ្មោះថាពុទ្ធមាតា ទៅហើយ កាន់ទីស្ងប់រម្ងាប់នោះ។ បុគ្គលណា មានជំនឿចំពោះព្រះសុគត ម្យ៉ាងទៀត សិស្សណា របស់ព្រះមហាមុនី សិស្សនោះ ជាឱរសរបស់ព្រះសុគត ចូរធ្វើសក្ការៈដល់ព្រះពុទ្ធមាតាចុះ។ ភិក្ខុទាំងឡាយ សូម្បីនៅក្នុងទីឆ្ងាយក្រៃពេក លុះឮដំណឹងនោះ ក៏មកដោយរហ័ស ភិក្ខុពួកខ្លះ មកដោយពុទ្ធានុភាព ភិក្ខុពួកខ្លះ ជាអ្នកឈ្លាសក្នុងឫទ្ធិទាំងឡាយ ក៏មកដោយឫទ្ធិ។ ព្រះនាងគោតមី ផ្ទំលើគ្រែណា ជនទាំងឡាយ លើកនូវគ្រែនោះ ដាក់ក្នុងផ្ទះកំពូលដ៏ប្រសើរ ជាទីរីករាយដ៏ស្អាត ជាវិការៈនៃមាសទាំងអស់។ លោកបាលទាំង ៤ ក៏សែងដោយស្មាទាំងឡាយ ទេវតាដ៏សេស មានព្រះឥន្រ្ទជាដើម ក៏បានចាប់កាន់ផ្ទះកំពូល។ ផ្ទះកំពូលទាំងអស់ មានចំនួន ៥០០ ខ្នង ដែលព្រះវិស្សុកម្មទេវបុត្រនិមិ្មតហើយ មានពណ៌ដូចជាព្រះអាទិត្យ ក្នុងសរទកាល។ ភិក្ខុនីទាំងអស់ សិងនៅលើគ្រែក្នុងទីនោះ ទេវតាទាំងឡាយ សែងគ្រែលើស្មា នាំចេញទៅតាមលំដាប់។ ផ្ទៃអាកាសបិទបាំងដោយពិតានទាំងអស់ ព្រះចន្រ្ទ ព្រះអាទិត្យ និងផ្កាយ សឹងមានស្នាមសុទ្ធតែមាសទាំងអស់។ ទង់ទាំងឡាយ ជាអនេកដ៏វិចិត្រ ដូចជាអាវផ្កា ដែលគេលើកឡើងហើយ មានផ្កាឈូកធ្លាក់ចុះអំពីអាកាស ផ្កាផុសឡើងអំពីផែនដី។ ព្រះចន្រ្ទ និងព្រះអាទិត្យក៏ប្រាកដ ទាំងផ្កាយក៏រុងរឿង ព្រះអាទិត្យត្រង់ជាក់ តែមិនក្តៅដូចព្រះចន្រ្ទ។ ទេវតាទាំងឡាយ ក៏បូជាដោយគ្រឿងក្រអូប កម្រងផ្កាជាទិព្វ មានក្លិនឈ្ងុយឈ្ងប់ផង ដោយគ្រឿងប្រគំផង ដោយការរាំ ច្រៀងផង។ នាគ អសុរ ព្រហ្ម ក៏បូជាសមគួរតាមសេចក្តីអង់អាច សមគួរតាមកម្លាំង នាំចេញទៅនូវពុទ្ធមាតាដែលនិព្វានហើយ។ ភិក្ខុនីទាំងអស់ ជាឱរសព្រះសុគតដែលនិព្វានហើយ ជនទាំងឡាយ នាំទៅខាងមុខ ឯព្រះនាងគោតមី ដែលចិញ្ចឹមព្រះពុទ្ធ ទេវតាធ្វើនូវសក្ការៈ ហើយនាំចេញទៅខាងក្រោយ។ ទេវតា មនុស្ស ព្រមទាំងនាគ អសុរ ព្រហ្ម ដើរខាងមុខ ឯព្រះពុទ្ធ ព្រមទាំងសាវ័ក យាងទៅខាងក្រោយ ដើម្បីបូជាព្រះមាតា។ បរិនិព្វានរបស់ព្រះនាងគោតមី ជាការណ៍អស្ចារ្យក្រៃពេក យ៉ាងណា បរិនិព្វានរបស់ព្រះពុទ្ធមិនដូច្នោះទេ។ (ព្រោះថា) ក្នុងពុទ្ធបរិនិព្វាន មិនមានព្រះពុទ្ធ និងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតីទេ) ក្នុងគោតមីបរិនិព្វាន មានព្រះពុទ្ធ និងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតី) ទេវតាទាំងឡាយ ធ្វើជើងថ្ករទាំងឡាយ ជាវិការនៃគ្រឿងក្រអូបទាំងអស់ ដេរដាសដោយលំអិតមានក្លិនក្រអូប ហើយបូជាសពភិក្ខុនីទាំងឡាយក្នុងទីនោះ។ ចំណែកនៃសរីរាវយវៈសេសសល់ និងឆ្អឹងដែលសេសសល់ ក៏ឆេះសុសអស់ គ្រានោះ ព្រះអានន្ទបានពោលនូវវាចា ដែលញុំាងសេចក្តីសង្វេគឲ្យកើតថា ព្រះនាងគោតមី ទៅកាន់សេចក្តីស្លាប់ ទាំងសរីរៈរបស់ព្រះនាង ក៏ឆេះសុសអស់ មិនយូរប៉ុន្មាន ព្រះពុទ្ធនឹងបរិនិព្វានជាប្រាកដដែរ។ លំដាប់នោះ ព្រះអានន្ទនោះ ដែលព្រះពុទ្ធទ្រង់ដាស់តឿន ក៏បង្អោននូវព្រះធាតុរបស់ព្រះនាងគោតមី ដែលតម្កល់ទុកក្នុងបាត្ររបស់ព្រះនាង មកថ្វាយព្រះលោកនាថ។ ព្រះពុទ្ធជាឥសីទី៧ ទ្រង់ទទួលនូវព្រះធាតុទាំងឡាយនោះដោយព្រះហស្ត ហើយទ្រង់ត្រាស់ដូច្នេះថា ដើមឈើធំមានខ្លឹម កាលនៅរស់ ទាំងទំហំដើមក៏ធំ គប្បីបាក់ទៅ ព្រោះសភាវៈមិនទៀង យ៉ាងណា ព្រះនាងគោតមី ជាប្រធាននៃភិក្ខុនីសង្ឃ បរិនិព្វានហើយ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ អ្នកចូរមើលចុះ ព្រះពុទ្ធមាតា ដែលបរិនិព្វានហើយ សល់តែសរីរៈទេ អ្នកកុំសោកខ្សឹកខ្សួលឡើយ។ ព្រះនាងគោតមីនោះ ឆ្លងចាកសាគរ គឺសង្សារហើយ វៀរចាកសេចក្តីក្តៅក្រហាយ មានសេចក្តីត្រជាក់ មានទុក្ខរលត់ហើយ មិនមែនព្រោះតែសេចក្តីសោករបស់ពួកជនដទៃឡើយ។ ព្រះនាងគោតមីភិក្ខុនីនោះ ជាបណ្ឌិត មានបញ្ញាច្រើន មានប្រាជ្ញាក្រាស់ មួយទៀត ព្រះនាងជាអ្នកដឹងនូវរាត្រីវែង គឺអាយុវែងជាងភិក្ខុនីទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរដឹងយ៉ាងនេះចុះ។ ព្រះនាងគោតមី ស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោតធាតុ និងចេតោបរិយញ្ញាណផង ដឹងបុព្វេនិវាសៈ ជម្រះទិព្វចក្ខុ មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ញាណក្នុងអត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង ដ៏បរិសុទ្ធ ព្រោះហេតុនោះ អ្នកមិនគួរសោកស្តាយព្រះនាងគោតមីនោះឡើយ។ គតិរបស់បុគ្គលដែលមានចិត្តស្ងប់រម្ងាប់ តាមលំដាប់ រមែងមិនប្រាកដ ដូចដុំដែកដែលបុគ្គលដំហើយ ក៏ភ្លឺរុងរឿងដោយសារភ្លើងយ៉ាងណា។

គតិរបស់បុគ្គល មានចិត្តផុតចាកកិលេសហើយ ដោយប្រពៃ ឆ្លងចាកបំណងគឺកាម និងឱឃៈ ដល់នូវអចលបទ គឺព្រះនិព្វានហើយ ក៏មិនប្រាកដយ៉ាងនោះដែរ។ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹងចុះ មានសតិប្បដ្ឋានជាអារម្មណ៍ចុះ ចូរចម្រើននូវសត្តពោជ្ឈង្គចុះ ចូរធ្វើនូវទីបំផុតនៃកងទុក្ខចុះ។

បានឮថា ព្រះមហាបជាបតិគោតមីភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មហាបជាបតិគោតមីថេរិយាបទាន។

 

លេខយោង

1)
ដែលពឹងផ្អែកអ្នកដទៃ ដែលឥតអំណាចលើខ្លួនឯង។
km/tipitaka/sut/kn/apd/sut.kn.apd.58.07.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann