km:tipitaka:sut:kn:apd:sut.kn.apd.59

កុណ្ឌលកេសវគ្គ ទី៣ (៥៩)

សង្ខេប

(?)

sut kn apd 59 បាលី cs-km: sut.kn.apd.59 អដ្ឋកថា: sut.kn.apd.59_att PTS: ?

កុណ្ឌលកេសវគ្គ ទី៣ (៥៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(៣. កុណ្ឌលកេសីវគ្គោ)

កុណ្ឌលកេសីថេរិយាបទាន ទី១

(១. កុណ្ឌលកេសាថេរីអបទានំ)

[២១] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ក្នុងក្រុងហង្សវតី ជាត្រកូលរុងរឿងដោយរតនវត្ថុផ្សេងៗ ខ្ញុំជាស្រីស្កប់ស្កល់ដោយសេចក្ដីសុខច្រើនប្រការ។ ខ្ញុំចូលទៅរកព្រះពុទ្ធ ជាមហាវីរបុរសអង្គនោះ ហើយបានស្ដាប់ធម៌ដ៏ឧត្ដម លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើងហើយ បានដល់ព្រះជិនស្រីជាទីពឹង។ ក្នុងកាលនោះឯង ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ប្រកបដោយមហាករុណា ទ្រង់តាំងសុភាភិក្ខុនី ថាជាភិក្ខុនីប្រសើរជាងពួកភិក្ខុនីដែលត្រាស់ដឹងឆាប់រហ័ស។ លុះខ្ញុំបានស្ដាប់ព្រះពុទ្ធវាចានោះហើយ ខ្ញុំមានសេចក្ដីរីករាយ បានថ្វាយទានដល់ព្រះពុទ្ធជាមហេសី ហើយក្រាបចុះទៀបព្រះបាទាដោយត្បូង ប្រាថ្នានូវតំណែងនោះ។

ព្រះពុទ្ធជាមហាវីរបុរស ទ្រង់អនុមោទនាថា ម្នាលនាងដ៏ចម្រើន តំណែងណា ដែលនាងប្រាថ្នាហើយ តំណែងទាំងអស់នោះ នឹងសម្រេចពុំខាន ចូរនាងបានសេចក្ដីសុខ រំលត់ទុក្ខចុះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឈ្មោះឱក្កាកៈ នឹងកើតឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌របស់ព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា ឈ្មោះនាងកុណ្ឌលកេសីដ៏ចម្រើន។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្សនោះ ទៅកើតក្នុងឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកើតក្នុងឋានតុសិត ច្យុតចាកឋានតុសិតនោះ ក៏បានទៅកើតក្នុងឋាននិម្មានរតី រួចទៅកើតក្នុងបរនិម្មិតវសវត្តីបូរី។ ខ្ញុំកើតក្នុងទីណាៗ ខ្ញុំបាននូវភាពជាមហេសីរបស់ស្ដេចទាំងឡាយក្នុងទីនោះៗ ព្រោះអានិសង្សនៃបុញ្ញកម្មនោះឯង។ ខ្ញុំច្យុតចាកអត្តភាពនោះ ហើយបានមកកើតក្នុងមនុស្សលោក បាននូវភាពជាមហេសី របស់ស្ដេចចក្រពត្តិទាំងឡាយផង របស់ស្ដេចក្នុងមណ្ឌលទាំងឡាយផង។ ខ្ញុំបាននូវសម្បត្តិក្នុងទេវលោកផង ក្នុងមនុស្សលោកផង ហើយជាស្រីដល់នូវសេចក្ដីសុខក្នុងទីទាំងពួង អន្ទោលទៅក្នុងកប្បដ៏ច្រើន។ ព្រះពុទ្ធព្រះនាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ គ្រានោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ក្នុងពារាណសីបូរីដ៏ឧត្ដម ជាឥស្សរៈលើប្រជាជន បានជាឧបដ្ឋាកនៃព្រះពុទ្ធជាមហេសី។ ខ្ញុំជាធីតាទី ៤ របស់ព្រះរាជាអង្គនោះ ដែលប្រាកដថា ភិក្ខុទាសី បានស្ដាប់ធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយក៏ពេញចិត្តចំពោះបព្វជ្ជា។ ព្រះបិតាយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយសម្រាប់កុមារី អស់ពីរម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញាឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ ក្នុងការបម្រើព្រះពុទ្ធ គឺនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ នាងសង្ឃទាសិកា ជាគំរប់ប្រាំពីរ។ កាលនោះ (ព្រះរាជធីតាទាំង ៧ នាក់នោះ ចេរវិលវឹងមក) បានជានាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ ខ្ញុំ ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពី។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះ ផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុង ឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុកស្ដម្ភក្នុងបូរីដ៏ឧត្ដម ឈ្មោះគិរិព្វជៈ ឋិតនៅក្នុងវ័យដ៏ចម្រើន។ ខ្ញុំឃើញនូវចោរដែលគេកំពុងបណ្ដើរយកទៅដើម្បីសម្លាប់ ហើយស្រឡាញ់ចំពោះចោរនោះ លំដាប់នោះ បិតារបស់ខ្ញុំដោះចោរនោះ ចេញអំពីទោសដែលត្រូវសម្លាប់ ដោយកហាបណៈមួយពាន់។ បិតាបានឲ្យខ្ញុំទៅចោរនោះ ព្រោះដឹងច្បាស់នូវចិត្តខ្ញុំ ខ្លួនខ្ញុំជាស្រីឥតរង្កៀស ជាអ្នកអាណិតអនុគ្រោះក្រៃពេក ចំពោះចោរនោះ។ ឯចោរនោះ នាំមកនូវគ្រឿងបូជា ហើយនាំខ្ញុំទៅកាន់ជ្រោះសម្រាប់ទំលាក់ចោរ ហើយគិតសម្លាប់ខ្ញុំលើភ្នំ ដោយសេចក្ដីចង់បាននូវគ្រឿងប្រដាប់របស់ខ្ញុំ។ គ្រានោះ ខ្ញុំធ្វើអញ្ជលីដ៏ល្អ ប្រណម្យចំពោះចោរឈ្មោះសត្តុកៈ រក្សានូវជីវិតរបស់ខ្លួនទុកសិន ហើយពោលពាក្យនេះថា បពិត្រអ្នកដ៏ចម្រើន អ្នកចូរនាំយកនូវសង្វាជាវិការនៃមាស ព្រមទាំងកែវមុក្តា កែវពៃទូរ្យដ៏ច្រើនទាំងអស់នេះទៅចុះ រួចសូមឲ្យអ្នកប្រាប់គេឲ្យដឹងថា ខ្ញុំជាទាសីចុះ។ ម្នាលនាងកល្យាណី នាងចូរដាក់នូវគ្រឿងប្រដាប់មកឲ្យអញចុះ នាងកុំខ្សឹកខ្សួលខ្លាំងឡើយ អញមិនដែលថា មិនសម្លាប់នូវមនុស្សដែលមកក្នុងព្រៃសោះទេ។ អញនឹករកមើលខ្លួនអញ ចាប់តាំងពីអញដល់នូវភាពជាអ្នកដឹងក្ដីមក អញមិនដែលស្គាល់អ្នកដទៃឲ្យជាទីស្រឡាញ់ជាងនាងឡើយ។ អ្នកចូរមកនេះ ខ្ញុំនឹងបានកៀកកើយអ្នកសិន ហើយសូមធ្វើប្រទក្សិណអ្នក ថ្វាយបង្គំអ្នក ព្រោះថា ការរួបរួមគ្នារវាងខ្ញុំនឹងអ្នក មិនមានទៀតទេ។ (ទេវតាពោលថា) ប្រុសមិនមែនឈ្មោះថាបណ្ឌិតក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកមានឧបាយវាងវៃ ក្នុងហេតុនោះៗ ក៏ឈ្មោះថាបណ្ឌិតបាន។ ប្រុសមិនមែនឈ្មោះថាបណ្ឌិត ក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកគិតឃើញនូវប្រយោជន៍រហ័ស ក៏ឈ្មោះថាបណ្ឌិតដែរ។ បុគ្គលណា ត្រិះរិះឃើញនូវប្រយោជន៍ច្រើនដ៏រហ័សផង ឆាប់ផង ដូចជាបុគ្គលកាលឃើញតាមហេតុនៃសំបុត្រ ឬតម្រាដ៏វិចិត្រ បុគ្គលនោះឈ្មោះថាបណ្ឌិត គ្រានោះ ខ្ញុំបានសម្លាប់នូវចោរឈ្មោះសត្តុកៈ។ បុគ្គលណា មិនយល់ឆាប់នូវប្រយោជន៍ ដែលកើតឡើងហើយ បុគ្គលនោះឈ្មោះថា មានគំនិតទន់ រមែងទុក្ខព្រួយដូចជាចោរដែលធ្លាក់ចុះទៅក្នុងជ្រោះភ្នំ។ បុគ្គលណា យល់ច្បាស់ឆាប់នូវប្រយោជន៍ ដែលកើតឡើងហើយ បុគ្គលនោះ រមែងរួចអំពីការចង្អៀតដោយសត្រូវ ដូចជាខ្លួនខ្ញុំរួចចាកបុរសឈ្មោះសត្តុកៈ ក្នុងកាលនោះឯង។ ខ្ញុំច្រានបុរសឈ្មោះសត្តុកៈ ទៅក្នុងជ្រោះភ្នំ រួចហើយចូលទៅកាន់សំណាក់ពួកតាបស អ្នកស្លៀកពាក់សំពត់ស ហើយបួស។ ក្នុងកាលនោះ ខ្ញុំទុកសក់របស់ខ្ញុំ ដោយចន្ទាស ដោយប្រការទាំងពួង ហើយទើបបួស ពួកតាបសក៏ប្រាប់នូវលទ្ធិឥតមានចន្លោះឡើយ។ លំដាប់នោះ ខ្ញុំរៀននូវលទ្ធិនោះ ហើយអង្គុយតែម្នាក់ឯង គិតនូវលទ្ធិនោះ (គាប់ចួន) ឆ្កែក៏ពាំយកដៃរបស់មនុស្ស។ ឆ្កែពាំដៃរបស់មនុស្សដែលដាច់ មកទំលាក់ចោលក្នុងទីជិតខ្ញុំ ហើយចៀសចេញទៅ ខ្ញុំបានឃើញហើយ ក៏បាននូវនិមិត្តចំពោះត្រកូលនៃដង្កូវ ដែលឋិតនៅ (ក្នុងសាកសពនោះ)។ លំដាប់នោះ ខ្ញុំតក់ស្លុត ហើយក្រោកទៅសួរពួកសហធម្មិក ឯពួកសហធម្មិកទាំងនោះប្រាប់ថា ពួកភិក្ខុជាសក្យបុត្រ ទើបដឹងច្បាស់នូវសេចក្ដីនោះបាន។ ខ្ញុំនោះ បានចូលទៅរកពួកសាវ័ករបស់ព្រះពុទ្ធ ហើយសួរសេចក្ដីនោះ ពួកសាវ័កទាំងនោះ ក៏នាំខ្ញុំទៅក្នុងសំណាក់នៃព្រះពុទ្ធ ជាបុគ្គលប្រសើរ។ ព្រះពុទ្ធជានាយកនោះ ទ្រង់សម្ដែងនូវព្រះធម៌ ចំពោះខ្ញុំថា ខន្ធ អាយតនៈ ធាតុ ជាធម្មជាតិមិនស្អាតផង មិនទៀងផង ជាទុក្ខផង ជាអនត្តាផង។ លុះខ្ញុំបានស្ដាប់នូវធម៌របស់ព្រះអង្គហើយ បានជម្រះធម្មចក្ខុ គឺសោតាបត្តិផល លំដាប់នោះ ខ្ញុំបានដឹងច្បាស់នូវព្រះសទ្ធម្មហើយ ក៏សូមនូវបព្វជ្ជា និងឧប្បសម្បទា។ កាលនោះ ព្រះពុទ្ធជានាយក ដែលខ្ញុំសូមហើយ ទើបទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរមកចុះ កាលនោះ ខ្ញុំក៏បានឧប្បសម្បទា ហើយបានឃើញទឹកបន្តិច។ ខ្ញុំដឹងនូវរូបប្រកបដោយការកើតឡើង និងការសូន្យទៅ ដោយគ្រាន់តែលាងជើង ហើយគិតក្នុងកាលនោះថា សង្ខាទាំងឡាយទាំងពួង មានសភាពដូចគ្នា។ លំដាប់នោះ ចិត្តរបស់ខ្ញុំ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់ដោយប្រការទាំងពួង គ្រានោះ ព្រះជិនស្រី ទ្រង់តាំងខ្ញុំថា ប្រសើរលើសជាងភិក្ខុនី ដែលត្រាស់ដឹងឆាប់រហ័ស ខ្ញុំជាស្រីស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបានជំរះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធ មិនមានមន្ទិល ព្រោះញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំដកចេញហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភពថ្មី ខ្ញុំគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍ គឺគុណធម៌នោះរបស់ខ្ញុំ ជាទីអស់ទៅនៃសញ្ញោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ញាណរបស់ខ្ញុំដ៏ទូលាយស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក៏ដូចគ្នា ព្រោះហេតុនៃព្រះពុទ្ធជាបុគ្គលប្រសើរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកុណ្ឌលកេសីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុណ្ឌលកេសីថេរិយាបទាន។

កិសាគោតមីថេរិយាបទាន ទី២

(២. កិសាគោតមីថេរីអបទានំ)

[២២] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន គិតអំពីភទ្ទកប្បនេះទៅ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ នៅក្នុងក្រុងហង្សវតី បានចូលទៅគាល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ប្រសើរជាងនរជននោះ ហើយយកព្រះអង្គជាទីពឹង។ ខ្ញុំបានស្ដាប់ធម៌ដ៏ពីរោះរបស់ព្រះអង្គ ជាធម៌ប្រកបដោយសច្ចៈ ៤ មានអានិសង្សដ៏ក្រៃលែង នាំមកនូវសេចក្ដីស្ងប់ និងសេចក្ដីសុខក្នុងចិត្ត។ កាលនោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់សរសើរតាំងភិក្ខុនី អ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ក្នុងទីជាឯតទគ្គៈ។ ខ្ញុំញ៉ាំងបីតិមានប្រមាណច្រើនឲ្យកើត ស្ដាប់នូវគុណនៃភិក្ខុនី ខ្ញុំធ្វើនូវគ្រឿងសក្ការៈដល់ព្រះពុទ្ធ តាមគួរដល់សេចក្ដីអង់អាច តាមគួរដល់កម្លាំង។ ខ្ញុំបានក្រាបចុះជិតព្រះអង្គ ជាអ្នកប្រាជ្ញ មានប្រាជ្ញាខ្ជាប់ខ្ជួននោះ ហើយប្រាថ្នានូវតំណែងនោះ កាលនោះ ព្រះសម្ពុទ្ធ ជានាយក ទ្រង់អនុមោទនាចំពោះការបាននូវតំណែងនោះថា ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកៈត្រកូល នឹងត្រាស់ឡើងក្នុងលោក។ នាងនេះនឹងបានជាព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា កិសាគោតមី។ កាលនោះ ខ្ញុំស្ដាប់នូវពុទ្ធព្យាករណ៍នោះ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើព្រះជិនស្រីជានាយក ដោយបច្ច័យទាំងឡាយដរាបដល់អស់ជីវិត។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ទ្រង់ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ ក្នុងភទ្ទកប្បនេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ទ្រង់ព្រះនាមកិកី ព្រះអង្គជាធំជាងនរជន ក្នុងក្រុងពារាណសីដ៏ឧត្ដម ទ្រង់ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ខ្ញុំជាធីតាទី ៥ នៃព្រះរាជានោះ មានឈ្មោះប្រាកដថា ធម្មា បានស្ដាប់ធម៌ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។ ព្រះបិតានៃយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញានៃស្ដេច ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអរ រីករាយក្នុងការបម្រើព្រះពុទ្ធ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ ៧។ (ព្រះរាជធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ ខ្ញុំ ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ ៧។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដែលជាអ្នកធ្លាក់ខ្លួនកំសត់ឥតទ្រព្យ ជាត្រកូលទន់ទាបវិញ តែខ្ញុំបានមានប្ដីត្រកូលសម្បូណ៌ដោយទ្រព្យសម្បត្តិ។ ជនទាំងឡាយដ៏សេស វៀរលែងតែប្ដីរបស់ខ្ញុំចេញ សុទ្ធតែជាអ្នកឥតទ្រព្យ ខ្ញុំប្រសូតកូនក្នុងកាលណា ជនទាំងពួងក៏អាណិតខ្ញុំក្នុងកាលនោះ។ កាលណា កូនខ្ចីរបស់ខ្ញុំនោះ ជាកុមារតូច ឋិតនៅក្នុងសេចក្ដីសុខ ជាទីស្រឡាញ់របស់ខ្ញុំ ដូចជាជីវិតរបស់ខ្លួន កាលនោះ កូននោះ ក៏លុះអំណាចនៃសេចក្ដីស្លាប់ទៅ។ ខ្ញុំមានសេចក្ដីសោកគ្របសង្កត់ មានមុខប្រកបដោយសេចក្ដីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានមាត់យំ ពសាកសពដែលស្លាប់នោះ ដើរយំត្អូញត្អែរ។ កាលនោះ ខ្ញុំបានជួបបុរសម្នាក់ ក៏ចូលទៅរកព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរ ហើយពោលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គឲ្យថ្នាំប្រោះកូនឲ្យរស់។ ព្រះជិនស្រី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងឧបាយនៃការទូន្មាន ទ្រង់ត្រាស់ថា ជនទាំងឡាយដែលស្លាប់ហើយ មិនមានក្នុងផ្ទះណា ចូរនាងយកគ្រាប់ស្ពៃអំពីផ្ទះនោះមក (ឲ្យតថាគត)។ កាលនោះ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី រកមិនបានផ្ទះប្រាកដដូច្នោះ ព្រោះហេតុនោះ នឹងរកគ្រាប់ស្ពៃអំពីផ្ទះណាបាន លំដាប់នោះ ខ្ញុំក៏បាននូវស្មារតីឡើង។ ខ្ញុំចោលនូវសាកសព ហើយចូលទៅគាល់ព្រះពុទ្ធ ជាលោកនាយក ចំណែកខាងព្រះអង្គ មានសម្លេងពីរោះ ទ្រង់ទតឃើញខ្ញុំអំពីចម្ងាយ ហើយត្រាស់ថា បុគ្គលណា កាលមិនបានឃើញនូវការកើត និងការសូន្យទៅ (នៃបញ្ចក្ខន្ធ) ទេ ហើយរស់នៅមួយរយឆ្នាំក៏ដោយ ជីវិតរបស់បុគ្គល អ្នកឃើញនូវការកើតឡើង និងការសូន្យទៅ (នៃបញ្ចក្ខន្ធ) សូម្បីរស់នៅតែមួយថ្ងៃ ក៏ប្រសើរជាង។

អនិច្ចតាធម៌នេះ នឹងថាជាធម៌សម្រាប់ស្រុកមួយក៏ទេ ជាធម៌សម្រាប់និគមមួយក៏ទេ ជាធម៌សម្រាប់ត្រកូលមួយក៏ទេ ធម៌នុ៎ះឯង សម្រាប់លោក ព្រមទាំងទេវលោកទាំងអស់។

ខ្ញុំនោះ បានស្ដាប់នូវគាថាទាំងឡាយនេះ ហើយជម្រះនូវធម្មចក្ខុ គឺសោតាបត្តិមគ្គ លំដាប់នោះ ខ្ញុំក៏ដឹងច្បាស់នូវព្រះសទ្ធម្ម ហើយចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសរួចហើយ ក៏មានចិត្តស្ងប់ ប្រកបក្នុងសាសនាព្រះជិនស្រី អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចនូវព្រះអរហត្ត។ ខ្ញុំជាអ្នកធ្វើនូវសាសនានៃព្រះសាស្ដា ស្ទាត់ក្នុងឫទ្ធិទាំងឡាយ ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលសោះឡើយ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាដែលជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំគាស់រំលើងចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺកិរិយាអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានសម្រេចហើយ។ ញាណរបស់ខ្ញុំដ៏ធំទូលាយស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ព្រោះអំណាចនៃព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំនាំសំពត់អំពីគំនរសម្រាមផង អំពីព្រៃស្មសានផង អំពីច្រកផង ហើយធ្វើជាសង្ឃាដី ទ្រទ្រង់នូវចីវរដ៏សៅហ្មង។ ព្រះជិនស្រីជានាយក ទ្រង់ត្រេកអរក្នុងគុណរបស់ខ្ញុំ គឺការទ្រទ្រង់នូវចីវរដ៏សៅហ្មងនោះ បានតាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងពួកបរិស័ទ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកិសាគោតមីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កិសាគោតមីថេរិយាបទាន។

ធម្មទិន្នាថេរិយាបទាន ទី៣

(៣. ធម្មទិន្នាថេរីអបទានំ)

[២៣] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាអ្នកដឹកនាំសត្វលោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតី ជាអ្នកធ្វើនូវការងារនៃជនដទៃ ខ្ញុំមានប្រាជ្ញាចាស់ សង្រួមក្នុងសីល។ ព្រះថេរៈឈ្មោះសុជាត ជាអគ្គសាវ័កនៃព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ចេញអំពីវត្តទៅដើម្បីបិណ្ឌបាត។ កាលនោះ ខ្ញុំចេញទៅដងទឹក កាន់ក្អមដើរទៅ បានឃើញព្រះថេរៈនោះ ក៏មានសេចក្ដីជ្រះថ្លា បានប្រគេននំដោយដៃរបស់ខ្លួន។ ព្រះថេរៈនោះ ទទួលនំហើយ ក៏គង់ឆាន់ក្នុងទីនោះ លំដាប់នោះ ម្ចាស់របស់ខ្ញុំ មានចិត្តត្រេកអរនឹងខ្ញុំ បានយកខ្ញុំធ្វើជាកូនប្រសារបស់ខ្លួន ខ្ញុំទៅជាមួយនឹងម្ដាយក្មេក ថ្វាយបង្គំព្រះសម្ពុទ្ធ។ គ្រានោះ ព្រះអង្គទ្រង់តាំងភិក្ខុនីមួយរូប ជាធម្មកថិកា អ្នកសម្ដែងធម៌ដល់បរិស័ទ ក្នុងទីជាឯតទគ្គៈ ខ្ញុំបានស្ដាប់ពុទ្ធតម្រាស់នោះហើយ ក៏មានចិត្តរីករាយខ្លាំង។ ខ្ញុំនិមន្តព្រះសុគត ជាលោកនាយក ព្រមទាំងភិក្ខុសង្ឃ ថ្វាយមហាទាន ហើយប្រាថ្នានូវតំណែងនោះ។ លំដាប់នោះ ព្រះសុគត ព្រះអង្គមានសម្លេងណែនរំពងពីរោះ ត្រាស់នឹងខ្ញុំថា នាងជាស្រីត្រេកអរក្នុងការបម្រើតថាគត ជាអ្នកអង្គាសតថាគត ព្រមទាំងភិក្ខុសង្ឃ។ នាងជាអ្នកប្រកបក្នុងការស្ដាប់នូវព្រះសទ្ធម្ម មានចិត្តចម្រើនដោយគុណ ម្នាលនាងដ៏ចម្រើន នាងចូររីករាយចុះ នាងនឹងបានផលដែលនាងតាំងប្រាថ្នានុ៎ះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌នៃព្រះពុទ្ធអង្គនោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា ធម្មទិន្នា។ ខ្ញុំបានស្ដាប់ព្យាករណ៍នោះ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះមហាមុនី ជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ មានផៅពង្សដ៏ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ព្រះនាមកស្សបៈ កើតឡើងហើយក្នុងភទ្ទកប្បនេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឥស្សរៈនៃនរៈ ក្នុងក្រុងពារាណសីដ៏ឧត្ដម ជាឧបដ្ឋាកនៃព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ ខ្ញុំជាធីតាទី ៦ នៃព្រះរាជាអង្គនោះ មានឈ្មោះប្រាកដថា នាងសុធម្មា បានស្ដាប់ធម៌នៃព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។ ព្រះបិតារបស់យើង ទ្រង់មិនអនុញ្ញាត កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំ ក្នុងផ្ទះ។

ចប់ ភាណវារៈ ទី៣។

ធីតា ៧ អង្គ ជាកញ្ញានៃស្ដេច តាំងនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ គឺនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ ៧។ (ធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ គោតមី ១ ខ្លួនខ្ញុំ ១ វិសាខា ជាគម្រប់ ៧។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុកស្ដម្ភ ក្នុងក្រុងគិរិព្វជៈដ៏ឧត្ដម អាចសម្រេចសេចក្ដីប្រាថ្នាទាំងពួងបាន។ កាលណា ខ្ញុំប្រកបដោយគុណ គឺរូបសម្បត្តិ តាំងនៅក្នុងបឋមវ័យហើយ កាលនោះឯង ខ្ញុំបានទៅកាន់ត្រកូលនៃបុរសដទៃ (មានប្ដី) ហើយនៅស្កប់ស្កល់ដោយសេចក្ដីសុខ។ ឯស្វាមីរបស់ខ្ញុំនោះ មានប្រាជ្ញាល្អ បានចូលទៅគាល់ព្រះពុទ្ធ ជាទីពឹងនៃសត្វលោក ស្ដាប់ធម៌ទេសនាហើយ ក៏បានដល់នូវអនាគាមិផល។ កាលនោះ ខ្ញុំបានញ៉ាំងស្វាមីនោះ ឲ្យអនុញ្ញាតហើយ ចូលទៅកាន់ផ្នួស អស់កាលមិនយូរប៉ន្មាន ក៏បានដល់ព្រះអរហត្ត។ កាលនោះ ឧបាសកនោះ ចូលមករកខ្ញុំ ហើយសួរនូវប្រស្នាទាំងឡាយដ៏ជ្រាលជ្រៅ ខ្ញុំក៏បានព្យាករប្រស្នាទាំងអស់នោះ។ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះហើយ បានតាំងខ្ញុំក្នុងទីជាឯតទគ្គៈថា តថាគតមិនឃើញភិក្ខុនីជាធម្មកថិកាដទៃ ប្រាកដដូចភិក្ខុនីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះថា នាងធម្មទិន្នាជាអ្នកប្រាជ្ញ។

ខ្ញុំឈ្មោះថាជាស្រីបណ្ឌិត ដែលព្រះលោកនាយកអនុគ្រោះ ដោយប្រការយ៉ាងនេះឯង។ ព្រះសាស្ដា ខ្ញុំបានបម្រើដោយគោរពហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានរំលើងចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិទាំងឡាយ ជាអ្នកធ្វើតាមពុទ្ធសាសនា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលសោះឡើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មទិន្នាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មទិន្នាថេរិយាបទាន។

សកុលាថេរិយាបទាន ទី៤

(៤. សកុលាថេរីអបទានំ)

[២៤] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះអង្គប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ជាបុរសអាជានេយ្យ ប្រតិបត្តិដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដើម្បីសេចក្ដីចម្រើន ដល់សព្វសត្វ ក្នុងមនុស្សលោក ព្រមទាំងទេវលោក។ ព្រះជិនស្រី ទ្រង់ដល់នូវយសដ៏ប្រសើរ មានសិរី ពេញពោរដោយកេរ្តិ៍ឈ្មោះ និងសេចក្ដីសរសើរ ដែលលោកទាំងពួងបូជាហើយ ប្រាកដក្នុងទិសទាំងពួង។ ព្រះអង្គមានសេចក្ដីសង្ស័យឆ្លងហើយ មានសេចក្ដីងឿងឆ្ងល់កន្លងបង់ហើយ មានសេចក្ដីត្រិះរិះក្នុងព្រះទ័យបរិបូណ៌ហើយ ទ្រង់ដល់នូវសម្ពោធិញ្ញាណដ៏ឧត្ដម។ ព្រះសម្ពុទ្ធប្រសើរជាងនរជន ទ្រង់ញ៉ាំងមគ្គដែលមិនទាន់កើត ឲ្យកើតឡើងផង សម្ដែងនូវមគ្គដែលមិនទាន់សម្ដែងផង បណ្ដុះនូវមគ្គដែលមិនទាន់បណ្ដុះផង។ ព្រះសម្ពុទ្ធជាអ្នកអង់អាចជាងនរជន ព្រះអង្គជ្រាបនូវមគ្គ ត្រាស់ដឹងនូវមគ្គ ប្រាប់នូវមគ្គ ជាគ្រូប្រៀនប្រដៅដ៏ឧត្ដម ប្រសើរជាងសារថីទាំងឡាយ។ ព្រះសម្ពុទ្ធ ព្រះអង្គប្រកបដោយព្រះទ័យករុណាដ៏ធំ ជាទីពឹងនៃសត្វលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់សម្ដែងធម៌ស្រោចស្រង់នូវសត្វទាំងឡាយ ដែលមុជចុះក្នុងភក់គឺកាម។ កាលនោះ ខ្ញុំកើតក្នុងក្រុងហង្សវតី ឈ្មោះខត្តិយនន្ទា ជាស្រីមានរូបល្អ ប្រកបដោយទ្រព្យ មានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ជាស្រីមានសិរី។ ខ្ញុំជាធីតានៃមហារាជ ព្រះនាមអានន្ទ ជាស្រីមានលំអដ៏ប្រសើរ ជាប្អូនស្រីមានមាតាផ្សេងគ្នា នៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ខ្ញុំស្អិតស្អាងដោយគ្រឿងអាភរណៈទាំងពួង ជាមួយនឹងព្រះរាជកញ្ញាទាំងឡាយ ហើយចូលទៅគាល់ព្រះពុទ្ធ ទ្រង់មានព្យាយាមធំ ហើយស្ដាប់ធម៌ទេសនា។ គ្រានោះ ព្រះអង្គជ្រាបច្បាស់នូវលោក ទ្រង់តាំងភិក្ខុនីនោះ ដែលមានចក្ខុដូចជាទិព្វ ក្នុងឋានៈដ៏ប្រសើរក្នុងកណ្ដាលនៃបរិស័ទ ៤។ ខ្ញុំបានស្ដាប់ព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ ថ្វាយទានដល់ព្រះសាស្ដា បូជាព្រះសម្ពុទ្ធ ហើយប្រាថ្នានូវទិព្វចក្ខុ។ លំដាប់នោះ ព្រះសាស្ដា បានត្រាស់នឹងខ្ញុំថា ម្នាលនាងនន្ទា នាងនឹងបានតំណែងដែលនាងប្រាថ្នា ឋានៈដែលនាងប្រាថ្នា ដោយប្រពៃនុ៎ះ ជាផលនៃធម្មទានដូចជាប្រទីប។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក។ នាងនឹងបានជាព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកាព្រះសាស្ដា មានឈ្មោះថា សកុលា។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ព្រះនាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ កាលនោះ ខ្ញុំបួសជានាងបរិព្វាជិកា ប្រព្រឹត្តិម្នាក់ឯង ត្រាច់ទៅដើម្បីភិក្ខា ហើយបាននូវវត្ថុត្រឹមតែប្រេងប៉ុណ្ណោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានអុជប្រទីបដោយប្រេងនោះ បម្រើព្រះចេតិយ ប្រសើរសមរម្យជាងចេតិយទាំងពួងនៃព្រះពុទ្ធប្រសើរជាងសត្វមានជើងពីរ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ដោយផលនៃកម្មនោះ ខ្ញុំកើតក្នុងទីណាៗ ប្រទីបដ៏ធំទាំងឡាយ បំភ្លឺដល់ខ្ញុំដែលនៅក្នុងទីនោះៗ។ ខ្ញុំប្រាថ្នារបស់ណា ខ្ញុំឃើញ (របស់នោះ) ឆ្លុះរហូតខាងក្រៅជញ្ជាំង ឆ្លុះរហូតខាងក្រៅនៃភ្នំថ្ម នេះជាផលនៃការឲ្យប្រទីប។ ខ្ញុំជាអ្នកមានភ្នែកស្អាត រុងរឿងដោយយស មានសទ្ធា មានប្រាជ្ញា នេះជាផលនៃការឲ្យប្រទីប។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ មានទ្រព្យ និងស្រូវច្រើន ជាត្រកូលរីករាយ ដែលស្ដេចរាប់អានបូជាហើយ។ ខ្ញុំបរិបូណ៌ដោយអវយវៈគ្រប់យ៉ាង ស្អិតស្អាងដោយអាភរណៈទាំងពួង ខ្ញុំឈរនៅត្រង់បង្អួច ឃើញព្រះសុគត ត្រង់ប្រទេសជាទីចូលទៅកាន់បូរី។ ខ្ញុំឃើញព្រះពុទ្ធរុងរឿងដោយយស ដែលទេវតា និងមនុស្ស ធ្វើសក្ការៈហើយ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ស្អិតស្អាងដោយលក្ខណៈទាំងឡាយ។ ខ្ញុំមានចិត្តអណ្ដែតឡើង មានចិត្តល្អ ពេញចិត្តនឹងផ្នួស អស់កាលមិនយូរប៉ន្មាន ក៏បានដល់ព្រះអរហត្ត។ ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយ ជាអ្នកធ្វើតាមសាសនានៃព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលឡើយ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ លំដាប់នោះ ព្រះពុទ្ធប្រសើរជាងនរជន ព្រះអង្គប្រកបដោយមហាករុណា ទ្រង់តាំងខ្ញុំជាឯតទគ្គៈ ដោយព្រះពុទ្ធដីកាថា នាងសកុលាថេរី ជាភិក្ខុនីប្រសើរផុតជាងថេរីទាំងឡាយ ដែលមានទិព្វចក្ខុ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសកុលាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សកុលាថេរិយាបទាន។

នន្ទាថេរិយាបទាន ទី៥

(៥. នន្ទាថេរីអបទានំ)

[២៥] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធទ្រង់ទូន្មានសត្វលោក ញ៉ាំងសត្វលោកឲ្យដឹងច្បាស់ ចម្លងសត្វទាំងពួង ឈ្លាសវៃក្នុងទេសនា ទ្រង់ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លងហើយ។ ព្រះអង្គជាអ្នកអនុគ្រោះ ប្រកបដោយករុណា ស្វែងរកនូវប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងពួងដែលមកដល់ហើយ ឲ្យតាំងនៅក្នុងសីល ៥។ សីល ៥ ជារបស់មិនវឹកវរយ៉ាងនេះ ជារបស់សូន្យពួកតិរ្ថិយ ជារបស់ដែលព្រះអរហន្ដទាំងឡាយ អ្នកមានសេចក្ដីស្ទាត់ជំនាញ ប្រកបដោយតាទិគុណវិចិត្រហើយ។ ព្រះពុទ្ធព្រះនាមបទុមុត្តរៈនោះ ជាអ្នកប្រាជ្ញធំ មានកំពស់ ៥៨ហត្ថ មានទ្រង់ទ្រាយដូចចេតិយមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ។ ព្រះអង្គមានព្រះជន្មមួយសែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លងហើយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ជាត្រកូលរុងរឿងដោយកែវផ្សេងៗ ជាអ្នកស្កប់ស្កល់ដោយសេចក្ដីសុខដ៏ធំ នៅក្នុងក្រុងហង្សវតី។ ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ព្រះអង្គមានព្យាយាមធំ ខ្ញុំបានស្ដាប់នូវធម៌ទេសនា គឺអមតនិព្វាន ជាធម៌មានអានិសង្សក្រៃលែង មានប្រយោជន៍យ៉ាងល្អិតល្អន់ ជាធម៌ដែលព្រះអង្គសំដែងហើយ។ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លាខ្លាំង បាននិមន្តព្រះលោកនាយក ព្រមទាំងភិក្ខុសង្ឃ ហើយថ្វាយមហាទានដល់ព្រះអង្គ ដោយដៃរបស់ខ្លួន។ ខ្ញុំក្រាបជិតព្រះលោកនាយក ព្រះអង្គមានព្យាយាម ព្រមទាំងព្រះសង្ឃដោយត្បូង ហើយប្រាថ្នានូវតំណែងដ៏ប្រសើរ ជាងពួកភិក្ខុនីដែលមានឈាន។ កាលនោះ ព្រះអង្គទូន្មានសត្វដែលមិនទាន់ទូន្មានហើយ ជាទីពឹងនៃលោកទាំង ៣ មានរស្មី ព្រះអង្គជានាយសារថីរបស់ពួកនរជន ទ្រង់ព្យាករថា នាងនឹងបាននូវតំណែងដែលនាងប្រាថ្នាហើយដោយប្រពៃនុ៎ះ។ ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌ទាំងឡាយ របស់ព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា នាងនន្ទា។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្សនោះ បានទៅកើតឯឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកាន់ឋានតុសិត ច្យុតចាកឋានតុសិតនោះ បានទៅកាន់និម្មានរតី ច្យុតចាកនិម្មានរតីនោះហើយ បានទៅកាន់បរនិម្មិតវសវត្តីបុរី។ ដោយផលនៃកុសលកម្មនោះ ខ្ញុំកើតក្នុងទីណាៗ តែងបានជាមហេសីនៃស្ដេចទាំងឡាយ ក្នុងទីនោះៗ។ ខ្ញុំច្យុតចាកទីនោះហើយ កើតជាមនុស្ស បានជាមហេសីនៃស្ដេចចក្រពត្តិទាំងឡាយផង នៃស្ដេចមានមណ្ឌលទាំងឡាយផង។ ខ្ញុំសោយនូវសម្បត្តិក្នុងទេវតា និងមនុស្ស ហើយដល់នូវសេចក្ដីសុខ ក្នុងទីទាំងពួង អន្ទោលទៅ អស់កប្បច្រើន។ លុះដល់មកក្នុងបច្ឆិមភព ខ្ញុំកើតជាធីតានៃព្រះបាទសុទ្ធោទនៈ មិនមានអ្នកណាមួយតិះដៀលបាន ក្នុងបុរីឈ្មោះ កបិលពស្ដុ។ ត្រកូលនោះ ក៏ដល់នូវសេចក្ដីត្រេកអរ ព្រោះបានឃើញខ្ញុំ ជាស្រីមានរស្មី ព្រោះហេតុនោះ ឈ្មោះរបស់ខ្ញុំថា នាងនន្ទា ខ្ញុំជាស្រីល្អប្រសើរ។ មួយទៀត ខ្ញុំប្រាកដជាស្រីមានលំអ ជាងស្រីក្រមុំទាំងអស់ វៀរលែងតែព្រះនាងយសោធរា ក្នុងនគរជាទីរីករាយនោះចេញ។ បងប្រុសច្បង (របស់ខ្ញុំ) បានជាកំពូលនៃលោកទាំង ៣ បងប្រុសបន្ទាប់ខាងក្រោយ ជាព្រះអរហន្ដដូចគ្នា ខ្ញុំនៅជាគ្រហស្ថតែម្នាក់ឯង ដែលមានមាតាតែងដាស់តឿនថា នាងជាព្រះអនុជានៃព្រះពុទ្ធ កើតក្នុងត្រកូលសក្យបុត្រ នាងបើវៀរចាកសេចក្ដីត្រេកអរក្នុងធម៌ហើយ តើនឹងបាននូវអ្វីក្នុងផ្ទះ។ សេចក្ដីចម្រើន មានជរាជាទីបំផុត រូបជារបស់ដែលសន្មតថាមិនស្អាត ការមិនមានរោគ មានរោគជាទីបំផុត ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត។ រូបរបស់នាងនេះល្អ គួររមិលមើល គួររីករាយ ជាគ្រឿងប្រដាប់របស់អ្នកស្អិតស្អាងទាំងឡាយ ដូចជាទីលំនៅដែលមានសិរី។ (រូបរបស់នាង) ដែលគេបូជាហើយ ដូចជាវត្ថុមានខ្លឹមក្នុងលោក ជាទីនាំមកនូវរសដល់ភ្នែកទាំងឡាយ ជាទីញ៉ាំងកិត្តិស័ព្ទឲ្យកើតដល់ជនអ្នកមានបុណ្យទាំងឡាយ ជាទីញ៉ាំងឱក្កាកត្រកូលឲ្យត្រេកអរ។ អស់កាលមិនយូរប៉ុន្មាន ជរានឹងគ្របសង្កត់ (នូវរូបរបស់នាង) មិនខាន នាងគួរលះបង់ផ្ទះ ដែលអ្នកប្រាជ្ញគប្បីតិះដៀល ហើយប្រព្រឹត្តធម៌ ដែលអ្នកប្រាជ្ញមិនតិះដៀលវិញ។ ខ្ញុំបានស្ដាប់ពាក្យរបស់មាតា ជាអ្នកមានចិត្តមិនរលោរលាំដោយរាងកាយ និងរូប និងវ័យ ហើយចូលទៅកាន់ផ្នួស។ មាតារបស់ខ្ញុំ ពោលដើម្បីធ្វើនូវសេចក្ដីរំឭក ដោយការរៀនឈានដ៏ធំ ជាធម្មជាតស្អាត តែខ្ញុំមិនបានខ្វល់ខ្វាយ ក្នុងការរៀនឈាននោះទេ។ លំដាប់នោះ ព្រះជិនស្រី ប្រកបដោយមហាករុណា ឃើញខ្ញុំមានមុខដូចផ្កាឈូក ទ្រង់និម្មិតស្រីល្អគួររមិលមើល រុងរឿងក្រៃពេក មានរូបល្អជាងខ្ញុំ ក្នុងរង្វង់ចក្ខុរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំនឿយណាយក្នុងរូប ដោយអានុភាពនៃព្រះអង្គ។ ខ្ញុំឃើញស្រីនោះ មានរាងកាយអស្ចារ្យក្រៃពេក ក៏ស្ងើចគិតថា ភ្នែករបស់អញ ប្រកបដោយផល ព្រោះរូបជារបស់មនុស្សនេះ ជាលាភនៃភ្នែក។ ខ្ញុំនិយាយនឹងស្រីនោះថា ម្នាលស្រីល្អល្អះ នាងចូរមក នាងមានសេចក្ដីត្រូវការដោយវត្ថុណា នាងចូរប្រាប់វត្ថុនោះដល់ខ្ញុំ បើ (ពាក្យរបស់ខ្ញុំ) ជាទីស្រឡាញ់នៃនាង។ ចូរនាងប្រាប់ខ្ញុំនូវត្រកូលនាម និងគោត្ររបស់នាង។ ម្នាលស្រីល្អ (កាលនេះ) មិនមែនជាកាលគួរដោះស្រាយប្រស្នាទេ នាងចូរឲ្យខ្ញុំឋិតនៅលើភ្លៅ អវយវៈទាំងឡាយរបស់ខ្ញុំស្រុតចុះ នាងចូរឲ្យខ្ញុំដេកមួយរំពេច។ លំដាប់នោះ ស្រីដែលព្រះពុទ្ធនិមិត្តដ៏ល្អនោះ ដេកកើយក្បាលលើភ្លៅនៃខ្ញុំ ខ្ញុំជាស្រីអាក្រក់យ៉ាងក្រៃលែង ក៏ដួលទៅលើថ្ងាសស្រីនោះ។ ពកក៏កើតឡើងដល់ស្រីនោះ ដំណាលគ្នានឹងការដួលចុះ ខ្ទុះ និងឈាមទាំងឡាយ ហូរចេញចាកសាកសព ដែលបែកធ្លាយហើយផង មាត់មានក្លិនស្អុយ ដូចសាកសពបែកធ្លាយហើយផង សរីរៈទាំងមូល ហើមប៉ោងឡើង មានសម្បុរខៀវផង។ ស្រីនោះ មានអវយវៈទាំងពួងញ័ររន្ធត់ ដកដង្ហើមចេញម្ហបៗ ទទួលរងទុក្ខរបស់ខ្លួន ខ្សឹកខ្សួល (ព្រោះអាស្រ័យ) នូវសេចក្ដីករុណាថា អាត្មាអញលំបាកដោយសេចក្ដីទុក្ខ ប៉ះពាល់នូវវេទនា ជ្រមុជចុះក្នុងទុក្ខធំ អាត្មាអញ មានសំឡាញ់ជាទីពឹងនៃអាត្មាអញ។ ឱ! លំអមុខរបស់នាង បាត់ទៅឯណាទៅ ច្រមុះកោងរបស់នាង បាត់ទៅឯណាទៅ បបូរមាត់ដ៏ប្រសើរដូចជាផ្លែបាសទុំរបស់នាង បាត់ទៅឯណាទៅ មាត់របស់នាងបាត់ទៅឯណាទៅ។ សម្បុររបស់នាងប្រហែលដោយព្រះចន្ទ្រ បាត់ទៅឯណាទៅ កដ៏ប្រដាប់ដោយមាសរបស់នាង បាត់ទៅឯណាទៅ ចង្កោមផ្កា និងកម្រងផ្កា និងត្រចៀករបស់នាង ប្រកបដោយសម្បុរខុសគ្នា។ ដោះរបស់នាងក្បំ មានអាការដូចផ្កាឈូកក្ដោប សាកសពមានក្លិនស្អុយបែកធ្លាយហើយ មានក្លិនអាក្រក់ក្រៃពេក។ នាងមានចង្កេះរល មានទ្រគាកធំ មានខ្លួនអាក្រក់ក្រៃលែងដូចជ្រញ់ ពេញដោយវត្ថុមិនស្អាត ឱហ្ន៎! រូបមិនទៀងទេតើ។ ពួកពាលតែងត្រេកអរក្នុងរូបណា រូបទាំងអស់នោះ ដែលកើតហើយ ជាសរីរៈមានក្លិនស្អុយ គួរខ្លាច ជាទីខ្ពើមរអើមដូចជាព្រៃស្មសាន។ កាលនោះ ព្រះសាស្ដាជាបងរបស់ខ្ញុំ ប្រកបដោយមហាករុណា ជានាយកនៃសត្វលោក ទ្រង់ឃើញខ្ញុំមានចិត្តតក់ស្លុត ទ្រង់បានត្រាស់នូវគាថាទាំងនេះថា ម្នាលនាងនន្ទា នាងចូរមើលនូវសាកសព ដែលឈឺជានិច្ច មានក្លិនស្អុយ មានឆ្អឹង ៣០០ កំណាត់លើកឡើងហើយ នាងចូរចម្រើនចិត្តដោយអសុភកម្មដ្ឋាន ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំដោយប្រពៃចុះ។ រូបរបស់នាងនេះយ៉ាងណា រូបរបស់ស្រីនុ៎ះ ក៏យ៉ាងនោះដែរ រូបរបស់ស្រីនុ៎ះយ៉ាងណា រូបរបស់នាងនេះ ក៏យ៉ាងនោះដែរ រូបនេះមានក្លិនអាក្រក់ស្អុយផ្សាយទៅ តែពួកពាលប្រាថ្នាក្រៃពេក។ ជនទាំងឡាយ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃ រមែងពិចារណាឃើញរូបនុ៎ះ យ៉ាងនេះឯង នាងនឿយណាយចាករូបនោះ ហើយឃើញដោយប្រាជ្ញារបស់ខ្លួនចុះ។ លំដាប់នោះ ខ្ញុំបានស្ដាប់នូវគាថាជាសុភាសិត ក៏មានចិត្តតក់ស្លុត ខ្ញុំឋិតនៅក្នុងទីនោះ មានចិត្តស្ងប់ បានដល់នូវព្រះអរហត្ត។ កាលនោះ ខ្ញុំអង្គុយក្នុងទីណាៗ ក៏មានឈានជាទីប្រព្រឹត្តទៅខាងមុខ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទាភិក្ខុនីជនបទកល្យាណីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទាថេរិយាបទាន។

សោណាថេរិយាបទាន ទី៦

(៦. សោណាថេរីអបទានំ)

[២៦] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដល់នូវសេចក្ដីសុខ ជាស្រីមានគេជាប់ចិត្ត ជាទីស្រឡាញ់ (នៃជនដទៃ) ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ជាអ្នកប្រាជ្ញដ៏ប្រសើរ បានស្ដាប់តម្រាស់ដ៏ពីរោះ។ ព្រះជិនស្រី ទ្រង់សរសើរភិក្ខុនី អ្នកមានព្យាយាមលើសលុប ជាងភិក្ខុនីទាំងឡាយ អ្នកមានព្យាយាមប្រារព្ធ ខ្ញុំបានស្ដាប់ព្រះពុទ្ធតម្រាស់នោះ ក៏មានចិត្តរីករាយ ហើយធ្វើនូវសក្ការៈចំពោះព្រះសាស្ដា។ កាលនោះ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ហើយប្រាថ្នានូវតំណែងនោះ ព្រះមហាវីរបុរស ទ្រង់អនុមោទនាថា សេចក្ដីប្រាថ្នានៃនាងនឹងសម្រេច។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក។ នាងនឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា សោណា។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ជាត្រកូលស្ដុកស្ដម្ភធំទូលាយ មានទ្រព្យច្រើន ក្នុងក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ។ កាលណា ខ្ញុំដល់នូវវ័យទៅត្រកូលប្ដី បានបង្កើតកូន ១០ នាក់ មានរូបល្អប្លែកៗ គ្នា។ កូនទាំងអស់នោះ ឋិតនៅក្នុងសេចក្ដីសុខ ជាទីគាប់ភ្នែក និងចិត្តនៃជន សូម្បីសត្រូវទាំងឡាយ ក៏គង់គាប់ចិត្តដែរ នឹងបាច់និយាយទៅថ្វីដល់កូនទាំងនោះ ដែលជាទីស្រឡាញ់នៃខ្ញុំ។ លំដាប់នោះ ប្ដីរបស់ខ្ញុំនោះ មានកូន ១០ នាក់ចោមរោម ទៅបួសក្នុងសាសនាព្រះពុទ្ធ ជាទេវតាកន្លងទេវតា ដោយខុសបំណងរបស់ខ្ញុំ។ គ្រានោះ ខ្ញុំតែម្នាក់ឯង បានគិតថា ជីវិតមិនគួរដល់អញ ដែលជាស្រីចាស់ កំព្រាព្រាត់ប្រាសចាកប្ដី និងកូនទាំងឡាយឡើយ ដូច្នេះ ប្ដីរបស់អញនៅក្នុងទីណា អញនឹងទៅក្នុងទីនោះ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ចូលទៅកាន់ផ្នួស។ លំដាប់នោះ ភិក្ខុនីទាំងឡាយ លះបង់ខ្ញុំម្នាក់ឯង ក្នុងលំនៅនៃភិក្ខុនី ហើយក៏ទៅឲ្យឱវាទថា នាងចូរដាំទឹក។ គ្រានោះ ខ្ញុំនាំទឹកមក ហើយចាក់អំពីក្អម តម្កល់ទុកក្នុងភាជន៍តូច ហើយអង្គុយ តម្កល់ចិត្តមាំ ក្នុងខណៈនោះ។ ខ្ញុំឃើញនូវខន្ធទាំងឡាយ ថាមិនទៀងផង ជាទុក្ខផង ជាអនត្តាផង បានញ៉ាំងអាសវៈទាំងពួងឲ្យអស់ ហើយដល់ព្រះអរហត្ត។ គ្រានោះ មានភិក្ខុនីទាំងឡាយ មកសួររកទឹកក្ដៅ ខ្ញុំក៏បានអធិដ្ឋានតេជោធាតុ ហើយញ៉ាំងទឹកឲ្យក្ដៅយ៉ាងរហ័ស។ ភិក្ខុនីទាំងនោះស្ងើច ហើយក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះជិនស្រីដ៏ប្រសើរ ព្រះពុទ្ធជាទីពឹងនៃសត្វលោក ទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ក៏រីករាយ ត្រាស់គាថានេះថា បុគ្គលណាមួយ ជាអ្នកខ្ជិលច្រអូស មានព្យាយាមថោកថយ គប្បីរស់នៅអស់មួយរយឆ្នាំ ជីវិតរបស់បុគ្គលដែលមានព្យាយាមប្រារព្ធមាំ រស់នៅតែមួយថ្ងៃ ប្រសើរជាង។ ព្រះមហាមុនី មានព្យាយាមធំ ខ្ញុំបានធ្វើឲ្យរីករាយហើយ ដោយសេចក្ដីប្រតិបត្តិដ៏ប្រពៃ ហើយទ្រង់ត្រាស់ថា ខ្ញុំជាស្រីប្រសើរផុត ជាងភិក្ខុនីទាំងឡាយ អ្នកមានព្យាយាមប្រារព្ធហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោណាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោណាថេរិយាបទាន។

ភទ្ទកាបិលានីថេរិយាបទាន ទី៧

(៧. ភទ្ទកាបិលានីថេរីអបទានំ)

[២៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ សេដ្ឋីឈ្មោះ វិទេហៈ មានកែវដ៏ច្រើន នៅក្នុងក្រុងហង្សវតី ខ្ញុំជាប្រពន្ធនៃសេដ្ឋីនោះ។ ក្នុងកាលមួយ សេដ្ឋីនោះ ព្រមទាំងជនជាបរិស័ទ ចូលទៅគាល់ព្រះពុទ្ធ ជាព្រះអាទិត្យរបស់នរជន ហើយស្ដាប់ធម៌របស់ព្រះពុទ្ធ ជាទីនាំមកនូវការអស់ទៅនៃទុក្ខទាំងពួង។ ព្រះពុទ្ធជានាយក ទ្រង់សរសើរនូវសាវ័ក ថាជាអ្នកប្រសើរជាងភិក្ខុទាំងឡាយ អ្នកពោលពាក្យជាគ្រឿងកម្ចាត់បង់នូវកិលេស។ ខ្ញុំបានស្ដាប់ហើយ ថ្វាយទានដល់ព្រះពុទ្ធជាតាទិបុគ្គល អស់ ៧ ថ្ងៃ។ ខ្ញុំក្រាបទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នាតំណែងនោះ គ្រានោះ ព្រះអង្គជាអ្នកឆ្នើមជាងនរៈ ទ្រង់ញ៉ាំងបរិស័ទឲ្យរីករាយ ហើយទ្រង់ត្រាស់គាថាទាំងនេះ ដើម្បីអនុគ្រោះសេដ្ឋីថា ម្នាលកូន អ្នកនឹងបានតំណែងដែលអ្នកប្រាថ្នាហើយ អ្នកចូរបានរំលត់ទុក្ខចុះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ សេដ្ឋីនោះ នឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្ដា មានឈ្មោះថា កស្សប។ កាលនោះ ខ្ញុំបានស្ដាប់ព្យាករណ៍នោះហើយ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ព្រះពុទ្ធអង្គនោះ ញ៉ាំងសាសនាឲ្យរុងរឿង ញាំញីនូវតិរ្ថិយអាក្រក់ទាំងឡាយ ទូន្មាននូវវេនេយ្យសត្វ ព្រះអង្គ ព្រមទាំងសាវ័ក បរិនិព្វានហើយ។ កាលព្រះមានព្រះភាគ ជាកំពូលនៃសត្វលោកនោះ និព្វានហើយ មហាជនបានប្រជុំញាតិ និងមិត្ត មួយអន្លើដោយសាវ័កទាំងឡាយនោះ បានញ៉ាំងជនឲ្យធ្វើព្រះស្ដូប ជាវិការៈនៃកែវ កម្ពស់ ៧ យោជន៍ ដ៏រុងរឿងដូចព្រះអាទិត្យ ឬដូចស្ដេចឈើមានផ្ការីក ដើម្បីបូជាព្រះសាស្ដា។ ខ្ញុំបានឲ្យគេសាងភាជន៍ ៧ អស់ទ្រព្យ ៧ សែន ភាជន៍ទាំងនោះ រុងរឿងដោយកែវ ៧ ដូចភ្លើងឆេះបបុស។ ខ្ញុំញ៉ាំងប្រទីបទាំងនោះ ឲ្យពេញដោយប្រេងក្រអូប ហើយអុជបំភ្លឺក្នុងទីនោះ ដើម្បីបូជាព្រះពុទ្ធ ទ្រង់ស្វែងរកគុណធំ ទ្រង់អនុគ្រោះដល់សត្វទាំងពួង។ ខ្ញុំសាងក្អមដ៏ពេញចំនួន ៧ សែន ដ៏ពេញដោយកែវ ៧ ដើម្បីបូជាដល់ព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ គ្រឿងបូជាជាវិការៈនៃមាស ដែលបុគ្គលលើកឡើងហើយ ក្នុងកណ្ដាលនៃក្អមប្រាំបីៗ ដ៏រុងរឿងដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងសរទសម័យ។ ក្លោងទ្វារជាវិការៈនៃកែវល្អ ក្នុងទ្វារទាំង ៤ ផែនក្ដារ ជាវិការៈនៃកែវ ជាទីរីករាយ ដែលបុគ្គលលើកឡើងហើយក៏ល្អ។ របងទាំងឡាយ មានកំពូល ដែលបុគ្គលតាក់តែងល្អរុងរឿង ទង់ទាំងឡាយ ជាវិការៈនៃកែវ ដែលបុគ្គលលើកឡើងហើយ ក៏រុងរឿង។ ចេតិយនេះ ជាវិការៈនៃកែវមានសម្បុរក្រហមល្អ ដែលបុគ្គលធ្វើហើយដោយប្រពៃ រុងរឿងដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃល្ងាច។ ខ្ញុំបានញ៉ាំងទិសទាំង ៣ នៃព្រះស្ដូបរបស់ខ្ញុំឲ្យពេញ គឺទិសមួយ ពេញដោយថ្មហរិតាល ទិសមួយ ពេញដោយថ្មមនោសិលា ទិសមួយ ពេញដោយថ្មមានពណ៌ខៀវ។ ខ្ញុំបានញ៉ាំងជនឲ្យធ្វើនូវការបូជា ជាទីរីករាយ ប្រាកដដូចនុ៎ះ ដល់ព្រះពុទ្ធមានវាទៈដ៏ប្រសើរ ហើយឲ្យទានដល់ព្រះសង្ឃ តាមសមគួរដល់កម្លាំង ដរាបដល់អស់ជីវិត។ ខ្ញុំធ្វើបុណ្យទាំងនោះ ដោយសព្វគ្រប់ ជាមួយនឹងសេដ្ឋីនោះ ដរាបដល់អស់ជីវិត ហើយក៏បានទៅកាន់សុគតិជាមួយគ្នា។ ខ្ញុំបានសោយសម្បត្តិទាំងឡាយ ក្នុងអត្តភាពជាទេវតា និងមនុស្ស អន្ទោលទៅជាមួយនឹងសេដ្ឋីនោះ ដូចជាស្រមោលអន្ទោលទៅតាមសរីរៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ទ្រង់ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញច្បាស់នូវធម៌ទាំងពួង ទ្រង់កើតឡើង។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ក្នុងក្រុងពន្ធុមតី គេសន្មតថាជាសប្បុរស ជាអ្នកមាំមួន ស្ងប់ស្ងាត់ដោយគុណ តែជាអ្នកខ្សត់ទ្រព្យក្រៃពេក។ កាលនោះ ខ្ញុំជាព្រាហ្មណីរបស់ព្រាហ្មណ៍នោះ មានចិត្តស្មើគ្នា ជួនកាល ព្រាហ្មណ៍ប្រសើរនោះ បានគប់រកព្រះមហាមុនី ដែលគង់សម្ដែងអមតនិព្វានក្នុងពួកជន គាត់បានស្ដាប់ធម៌ ក៏មានចិត្តរីករាយ បានថ្វាយសំពត់សាដកមួយ ហើយទៅកាន់ផ្ទះដោយសំពត់មួយ ហើយពោលពាក្យនេះនឹងខ្ញុំថា ម្នាលនាងមានបុណ្យធំ នាងចូររីករាយចំពោះសំពត់សាដក ដែលបងបានថ្វាយដល់ព្រះពុទ្ធចុះ។ កាលនោះ ខ្ញុំដឹងច្បាស់ បានធ្វើអញ្ជលីអនុមោទនាថា បពិត្រស្វាមី ខ្ញុំសូមអនុមោទនាសាដកដែលអ្នកថ្វាយហើយ ដោយប្រពៃដល់ព្រះពុទ្ធដ៏ប្រសើរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ប្ដីនៃខ្ញុំនោះ ដល់ហើយនូវសេចក្ដីសុខ ត្រូវបុញ្ញកម្មចាត់ចែង កាលអន្ទោលទៅក្នុងភពតូច និងភពធំ បានកើតជាស្ដេចម្ចាស់ផែនដីក្នុងក្រុងពារាណសី ជាទីរីករាយ។ កាលនោះ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកខ្ពង់ខ្ពស់ជាងពួកស្រី ហើយជាអគ្គមហេសីដ៏ប្រសើរក្រៃលែង ជាងសេចក្ដីស្រឡាញ់នៃស្ដេចនោះ ដែលមានក្នុងភពមុន។ ស្ដេចនោះ ឃើញព្រះបច្ចេកពុទ្ធ ៨ អង្គ និមន្តទៅដើម្បីបិណ្ឌបាត ក៏មានចិត្តរីករាយ ប្រគេនចង្ហាន់បិណ្ឌបាតមានថ្លៃច្រើន។ ស្ដេចនោះ និមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ហើយធ្វើបារាំកែវជាវិការៈនៃមាស មានប្រមាណ ១០០ ហត្ថ មានសណ្ឋានរលីង ដែលពួកជាងធ្វើហើយ។ ព្រះរាជានោះ ទ្រង់រាប់អានព្រះបច្ចេកពុទ្ធទាំងអស់នោះ មានសេចក្ដីជ្រះថ្លា ហើយបានថ្វាយទានដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដែលចូលទៅកាន់ទីសេនាសនៈ ដោយព្រះហស្ដនៃព្រះអង្គ។ កាលនោះ ខ្ញុំបានឲ្យទាននោះជាមួយនឹងស្ដេចក្នុងដែនកាសី ខ្ញុំកើតក្នុងកាសិកគ្រាម ជិតក្រុងពារាណសីម្ដងទៀត។ ស្ដេចនោះ កើតក្នុងត្រកូលកុដុម្ពិកៈដ៏ធំទូលាយ ដល់នូវសេចក្ដីសុខ ព្រមទាំងបងប្អូន ខ្ញុំជាប្រពន្ធនៃបងច្បង ជាស្រីមានវត្តដល់ប្ដីដោយប្រពៃ។ ប្អូនរបស់ប្ដីខ្ញុំបានឃើញព្រះបច្ចេកពុទ្ធហើយ ប្រគេនភត្តរបស់បងដល់ព្រះបច្ចេកពុទ្ធនោះ កាលបើបងនោះត្រឡប់មក ខ្ញុំបាននិយាយប្រាប់សព្វគ្រប់។ បងនោះ មិនត្រេកអរចំពោះទាន លំដាប់នោះ ខ្ញុំបានឲ្យភត្តដល់ប្ដីនោះ ប្ដីនោះ នាំបាយនោះ ហើយថ្វាយដល់ព្រះពុទ្ធនោះទៀត។ កាលនោះ ខ្ញុំចោលនូវទាននោះ ហើយប្រទុស្ដចំពោះព្រះពុទ្ធ ខ្ញុំបានឲ្យបាត្រដ៏ពេញដោយភក់ ដល់ព្រះពុទ្ធនោះ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ កាលនោះ ខ្ញុំឃើញព្រះពុទ្ធមានព្រះទ័យស្មើ ក្នុងការឲ្យទានផង ក្នុងការទទួលផង ក្នុងសេចក្ដីកោតក្រែងផង ក្នុងសេចក្ដីប្រទូស្ដផង ហើយសង្វេគក្រៃលែង។ ខ្ញុំកាន់យកបាត្រម្ដងទៀត ជម្រះដោយគឿងក្រអូប មានចិត្តជ្រះថ្លា ញ៉ាំងបាត្រឲ្យពេញ ហើយឲ្យស្ករ ព្រមទាំងទឹកដោះថ្លា។ ខ្ញុំកើតក្នុងទីណាៗ ជាស្រីមានរូបល្អព្រោះទាននោះ ខ្ញុំជាស្រីមានក្លិនអាក្រក់ ព្រោះប្រទូស្ដចំពោះព្រះពុទ្ធផង ព្រោះសេចក្ដីស្រវឹងផង។ កាលចេតិយនៃព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកប្រាជ្ញ គេឲ្យសម្រេចហើយ ខ្ញុំមានចិត្តរីករាយ បានឲ្យឥដ្ឋជាវិការៈនៃមាសដ៏ប្រសើរទៀត។ ខ្ញុំជ្រលក់ឥដ្ឋនោះឲ្យទទឹកដោយគ្រឿងក្រអូប មានជាតិ ៤ យ៉ាង ក៏បានរួចស្រឡះ ចាកទោសមានក្លិនអាក្រក់ ប្រកបដោយអវយវៈទាំងពួងដ៏ល្អ។ ខ្ញុំឲ្យធ្វើភាជន៍ ៧ ពាន់ ដោយកែវ ៧ ប្រការផង ប្រឆេះមួយពាន់ដ៏ពេញដោយខ្លាញ់ផង។ ខ្ញុំមានចិត្តជ្រះថ្លា បានចាក់ប្រេង អុជបំភ្លឺតម្កល់ទុក ៧ ជួរ ដើម្បីបូជាព្រះលោកនាថ។ គ្រានោះ ខ្ញុំជាស្រីមានចំណែក្នុងបុណ្យនោះ ដោយវិសេស (បុរសនោះ) កើតក្នុងដែនកាសីទៀត ប្រាកដដោយឈ្មោះថា សមិត្តបុរស។ កាលនោះ ខ្ញុំជាភរិយាបុរសនោះ ជាអ្នកដល់នូវសេចក្ដីសុខ មានគេជាប់ចិត្ត ជាទីស្រឡាញ់នៃជន ឯប្ដីខ្ញុំបានប្រគេនឈ្នួតមានសាច់ក្រាស់ ដល់ព្រះបច្ចេកមុនី។ ម្យ៉ាងទៀត ខ្ញុំជាស្រីមានចំណែកដោយបុណ្យ ត្រេកអរនូវទានដ៏ឧត្ដមរបស់ប្ដីនោះ ឯបុរសនោះ កើតក្នុងជាតិកោលិយជន ក្នុងដែនកាសីទៀត។ កាលនោះ សមិត្តបុរសនោះ បម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ មួយអន្លើដោយកោលិយបុត្រ ៥០០ នាក់។ រួចហើយនិមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ឲ្យគង់នៅអស់ ៣ ខែ ហើយប្រគេនត្រៃចីវរ កាលនោះ ខ្ញុំជាប្រពន្ធនៃសមិត្តបុរសនោះ ជាអ្នកប្រព្រឹត្តទៅតាមគន្លងនៃបុញ្ញកម្ម។ សមិត្តបុរសនោះ ច្យុតចាកអត្តភាពនោះ បានកើតជាស្ដេចព្រះនាមនន្ទៈ មានយសធំ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកសម្រេចនូវសេចក្ដីប្រាថ្នាទាំងពួង។ លុះច្យុតអំពីអត្តភាពនោះហើយ បានកើតជាស្ដេចព្រហ្មទត្ត ជាម្ចាស់ផែនដី កាលនោះ ខ្ញុំបម្រើព្រះបច្ចេកមុនី ជាបុត្រនៃនាងបទុមាវតី។ ខ្ញុំបម្រើព្រះបច្ចេកមុនី ៥០០ អង្គ ដរាបដល់អស់ជីវិត ហើយនិមន្តព្រះបច្ចេកមុនីទាំងឡាយ ឲ្យនៅក្នុងឧទ្យាននៃស្ដេច ហើយបូជានូវព្រះបច្ចេកមុនីទាំងឡាយ ដែលនិព្វានហើយ។ យើងទាំងពីរនាក់ បានឲ្យជាងធ្វើចេតិយទាំងឡាយ ហើយបួស ចម្រើនអប្បមញ្ញាទាំងឡាយ ក៏បានទៅកើតក្នុងព្រហ្មលោក។ លុះច្យុតចាកព្រហ្មលោក ប្ដីកើតក្នុងមហាតិត្ថៈ ជាកូនចៅនៃបិប្ផលគោត្រ ឯមាតាឈ្មោះសុមនទេវី បិតាជាព្រាហ្មណ៍កោសិគោត្រ។ ខ្ញុំ (កើត) ក្នុងក្រុងសាកលា ជាបុរីដ៏ឧត្ដម ក្នុងជនបទឈ្មោះមទ្ទៈ។ ខ្ញុំជាធីតានៃកបិលព្រាហ្មណ៍ មាតាឈ្មោះសុចិមតី បិតាស្អិតស្អាងខ្ញុំ ដោយរូបភាពជាវិការៈនៃមាសតាន់ បានឲ្យខ្ញុំដល់កស្សបបណ្ឌិត ជាអ្នកវៀរចាកកាមទាំងឡាយ កាលដែលកស្សបបណ្ឌិតនោះនៅក្មេង បានទៅមើលការងារ ឃើញសត្វតូចៗ ត្រូវពួកសត្វមានក្អែកជាដើម ទំពាស៊ី ក៏សង្វេគ។ ខ្ញុំឃើញគ្រាប់ល្ងទាំងឡាយ ដែលគេហាលក្នុងកំដៅថ្ងៃជិតផ្ទះ ត្រូវពួកដង្កូវ និងក្អែកទំពាស៊ី បាននូវសេចក្ដីសង្វេគ ក្នុងកាលនោះ។ កាលនោះ កស្សបបណ្ឌិត នោះបួសហើយ ខ្ញុំក៏បួសតាមកស្សបបណ្ឌិតនោះដែរ ខ្ញុំនៅអាស្រ័យក្នុងគន្លងនៃបរិព្វាជកវត្ត អស់ ៥ វស្សា។ កាលណា នាងគោតមីជាអ្នកចិញ្ចឹមព្រះជិនស្រីបួសហើយ កាលនោះ ខ្ញុំក៏ចូលទៅរកនាងគោតមីនោះ ដែលព្រះពុទ្ធប្រៀនប្រដៅហើយ។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានដល់ព្រះអរហត្ត ឱហ្ន៎! ព្រះកស្សបមានសិរីជាមិត្តល្អ។ ព្រះកស្សបជាកូន ជាញាតិនៃព្រះពុទ្ធ មានចិត្តតម្កល់ខ្ជាប់ហើយដោយប្រពៃ លោកដឹងនូវបុព្វេនិវាសផង ឃើញនូវឋានសួគ៌ និងអបាយផង។ ម្យ៉ាងទៀត ព្រះកស្សបនោះជាអ្នកប្រាជ្ញ មានអភិញ្ញានៅរួចហើយ បានដល់នូវការអស់ទៅនៃជាតិ ជាខីណាសវព្រាហ្មណ៍ មានវិជ្ជា ៣ ដោយវិជ្ជាទាំង ៣ នេះ។ ភទ្ទកាបិលានី មានវិជ្ជា ៣ លះបង់មច្ចុ ទ្រទ្រង់រាងកាយមានក្នុងទីបំផុត ឈ្នះមារ ព្រមទាំងវាហនៈ ដូចគ្នាដែរ។ យើងទាំងពីរនាក់ ឃើញទោសក្នុងលោក ហើយបួស យើងទាំងពីរនាក់នោះ មានអាសវៈអស់ហើយ មានខ្លួនទូន្មានហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរំលត់ហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្ត្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភទ្ទកាបិលានីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភទ្ទកាបិលានីថេរិយាបទាន។

យសោធរាថេរិយាបទាន ទី៨

(៨. យសោធរាថេរីអបទានំ)

[២៨] ខ្ញុំជាអ្នកមានឫទ្ធច្រើន មានប្រាជ្ញាច្រើន មាននាងភិក្ខុនីទាំងឡាយ មួយសែនអង្គ ចោមរោមហើយ ចូលទៅគាល់ព្រះសម្ពុទ្ធ។ ថ្វាយបង្គំព្រះសម្ពុទ្ធ និងលក្ខណៈ គឺចក្រនៃព្រះសាស្ដា អង្គុយក្នុងទីសមគួរ ហើយពោលពាក្យនេះថា ខ្ញុំមានវស្សា ៧៨ កន្លងបច្ឆិមវ័យ ខ្ញុំមកដល់ញកហើយ ក្រាបទូលព្រះមហាមុនីថា វ័យរបស់ខ្ញុំចាស់ណាស់ហើយ ជីវិតរបស់ខ្ញុំតិចណាស់ ខ្ញុំនឹងលះបង់ព្រះអង្គហើយទៅ ទីពឹងរបស់ខ្លួន ខ្ញុំបានធ្វើហើយ។ ក្នុងកាលជាបច្ឆិមវ័យ សេចក្ដីស្លាប់កាន់តែរំកិលចូលមកជិត បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំម្ចាស់នឹងដល់នូវនិព្វានក្នុងវេលាយប់ថ្ងៃនេះ។ បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ មិនមាន ខ្ញុំនឹងដល់នូវបុរីដែលជាទីឥតមានជរា ឥតមានមរណៈ ឥតមានភ័យ មិនមានបច្ច័យតាក់តែងឡើយ។ បពិត្រព្រះមហាមុនី ធម្មតា បរិស័ទទាំងឡាយ តែងចូលទៅអង្គុយជិតព្រះសាស្ដា ដឹងច្បាស់នូវកំហុស និងសេចក្ដីគួរក្នុងទីចំពោះព្រះភក្រ្ត។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គអន្ទោលទៅក្នុងសំសារ សូមក្រាបទូលនូវការភ្លាំងភ្លាត់របស់ខ្ញុំ ចំពោះព្រះអង្គ សូមព្រះអង្គអត់នូវកំហុសនោះដល់ខ្ញុំព្រះអង្គ។ នាងជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅនៃតថាគត ចូរនាងសម្ដែងនូវឫទ្ធិ ចូរកាត់នូវសេចក្ដីសង្ស័យនៃបរិស័ទទាំងពួងក្នុងសាសនា។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំឈ្មោះយសោធរា ជាភរិយានៃព្រះអង្គ (កាលនៅ) ក្នុងផ្ទះ កើតក្នុងត្រកូលសក្យៈ តាំងនៅក្នុងអង្គជាស្រ្ដី។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំជាប្រធាននៃស្រ្ដីទាំងឡាយមួយសែន ៩៦ ជាធំជាងស្រ្ដីទាំងពួងក្នុងផ្ទះនៃព្រះអង្គ។ ស្រ្ដីទាំងពួងប្រកបដោយគុណ គឺរូប និងមារយាទ តាំងនៅក្នុងបឋមវ័យសព្វៗ កាល គោរពកោតក្រែងខ្ញុំ ដូចជាមនុស្សទាំងឡាយ គោរពកោតក្រែងទេវតា។ ស្រ្ដីទាំងនោះ មានពួកនាងកញ្ញាមួយពាន់ជាប្រធាន មានសុខ និងទុក្ខស្មើគ្នា ក្នុងដំណាក់នៃសក្យបុត្រ ដូចជាពួកទេវតា ក្នុងនន្ទនវន័។ បណ្ឌិតទាំងឡាយ កន្លងនូវកាមធាតុ ប្រាកដស្មើដោយរូបក្នុងរូបធាតុ វៀរលែងតែព្រះលោកនាយកចេញ មិនមានទេ។ យសោធរាថេរី ថ្វាយបង្គំព្រះសម្ពុទ្ធហើយ សំដែងឫទ្ធិចំពោះព្រះសាស្ដា ទាំងសម្ដែងឫទ្ធិច្រើន មានអាការៈផ្សេងៗច្រើនយ៉ាង។ គឺធ្វើកាយជាភ្នំចក្រវាឡ ក្បាលជាឧត្ដរកុរុទ្វីប ទ្វីបទាំងពីរជាស្លាបទាំងពីរ ជម្ពូទ្វីបជាសរីរៈ។ សមុទ្រខាងត្បូងជាសំណុំកន្ទុយ ស្ទឹងជាលំពង់ស្លាប ព្រះចន្រ្ទ និងព្រះអាទិត្យជាភ្នែក ភ្នំមេរុជាកំប៉ោយ។ ភ្នំចក្រវាឡជាចំពុះ ដើមព្រីងជាទីប្រជុំ ហើយចូលទៅជិតថ្វាយបង្គំ អង្គុយបក់ព្រះលោកនាយក។ សម្ដែងនូវភេទនៃដំរី សេះ ភ្នំ ជលជាត ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ ភេទនៃព្រះឥន្រ្ទក៏ដូចគ្នា។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គឈ្មោះ យសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា គ្របនូវលោកធាតុមួយពាន់ដោយផ្ការីក។ ខ្ញុំនិម្មិតភេទជាព្រហ្ម ហើយសម្ដែងធម៌ដ៏សូន្យ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គ ឈ្មោះយសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយ ទាំងស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណ ដោយសោតធាតុជាទិព្វ។ ខ្ញុំព្រះអង្គដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំព្រះអង្គបានជម្រះហើយ អាសវៈទាំងពួង អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើងហើយដល់ខ្ញុំ ក្នុងសំណាក់នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ការគប់រកព្រះលោកនាថទាំងឡាយ ព្រះអង្គបានសម្ដែងហើយដោយប្រពៃ សេចក្ដីកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមុនី សូមព្រះអង្គរលឹកកុសលកម្មរបស់ខ្ញុំ ដែលមានក្នុងកាលមុន បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យ ខ្ញុំបានសន្សំហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំបានលះបង់នូវអភព្វដ្ឋាន ហាមឃាត់នូវអនាចារៈ ហើយលះបង់ជីវិត ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់ប្រទានខ្ញុំម្ចាស់ អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីជាភរិយា (នៃជនដទៃវិញ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គបានប្រទានខ្ញុំម្ចាស់ អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីជាឧបការៈ (នៃជនដទៃ) ខ្ញុំក៏មិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គបានប្រទានខ្ញុំម្ចាស់អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីការប្រើប្រាស់ (នៃជនដទៃ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ ខ្ញុំបានលះបង់ជីវិត មានពាន់នៃកោដិដ៏ច្រើន ជនទាំងឡាយ នឹងធ្វើការរួចចាកភ័យ ខ្ញុំឲ្យនូវជីវិតរបស់ខ្ញុំ។ បពិត្រព្រះមហាមុនី ខ្ញុំមិនលាក់ទុកនូវគ្រឿងប្រដាប់សម្រាប់អវយវៈ គ្រឿងអលង្ការ សំពត់ដ៏ច្រើន មានប្រការផ្សេងៗ និងភណ្ឌៈរបស់ស្រីប្រុស ដើម្បីជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ការបរិច្ចាគទ្រព្យធន និងស្រូវ ទាំងស្រុក និគម ស្រែ បុត្រ និងធីតា ខ្ញុំក៏បានលះបង់ហើយ។ បពិត្រព្រះអង្គមានព្យាយាមធំ ដំរី សេះ គោ និងខ្ញុំស្រី អ្នកបម្រើមានចំនួនរាប់មិនបាន ខ្ញុំក៏បានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ ព្រះអង្គប្រឹក្សានូវទានណានឹងខ្ញុំ ខ្ញុំឲ្យនូវទាននោះ ដល់ស្មូមទាំងឡាយ កាលព្រះអង្គឲ្យទានដ៏ឧត្ដម ខ្ញុំមិនឃើញសេចក្ដីតូចចិត្តរបស់ខ្ញុំទេ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំរងទុក្ខដ៏ច្រើន មានប្រការផ្សេងៗ មានចំនួនរាប់មិនបាន ក្នុងសំសារដ៏ច្រើន ដើម្បីប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កាលព្រះអង្គដល់នូវសេចក្ដីសុខ ខ្ញុំក៏ត្រេកអរ មួយទៀត ខ្ញុំមិនតូចចិត្ត ព្រោះទុក្ខទាំងឡាយរបស់ខ្ញុំ ខ្ញុំជាអ្នកត្រេកអរក្នុងទីទាំងពួង ដើម្បីជាប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គសោយសុខ និងទុក្ខ ត្រាស់ដឹងតាមលំដាប់មគ្គ ហើយដល់នូវពោធិញ្ញាណ រួចនាំមកនូវធម៌។ ខ្ញុំមានការគប់រកព្រះលោកនាថដទៃច្រើនអង្គ (ព្រោះអាស្រ័យ) នូវព្រះសម្ពុទ្ធ ជាព្រះលោកនាយក ព្រះនាមគោតម ជាទេវតាប្រសើរ។ បពិត្រព្រះមហាមុនី ការកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍នៃព្រះអង្គ ខ្ញុំជាអ្នកបំរើព្រះអង្គ ដែលស្វែងរកនូវពុទ្ធធម៌។ ព្រះពុទ្ធ ព្រះនាមទីបង្ករ មានព្យាយាមធំ ជានាយកនៃសត្វលោកកើតហើយ ក្នុងកប្បទីបួនអសង្ខេយ្យ និងមួយសែន។ ជនទាំងឡាយនៅក្នុងបច្ចន្តប្រទេស មានចិត្តត្រេកអរ និមន្ដព្រះតថាគត ហើយជម្រះផ្លូវជាទីស្ដេចមកនៃព្រះទីបង្ករនោះ។ កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែងផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញាកើតក្នុងត្រកូលព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ។ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យប្រកបដោយករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល។ កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសីនោះ ទាំងចិត្តរបស់ខ្ញុំក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្មមានក្នុងកាលមុន។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែងក្នុងឥសី មានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំមិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក។ បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើគ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណរបស់ព្រះអង្គ។

ចប់ ភាណវារៈ ទី៤។

ឥសីយកផ្កាទាំងឡាយ បូជាព្រះពុទ្ធជាមហាឥសី មានយសធំ ដែលមកក្នុងកណ្ដាលនៃពួកជន ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណ។ ព្រះមហាមុនី ព្រះនាមទីបង្ករ មានព្យាយាមធំ ឃើញឥសីមានចិត្តខ្ពង់ខ្ពស់ ទ្រង់ព្យាករក្នុងកណ្ដាលនៃជន។

ព្រះមហាមុនី ព្រះនាមទីបង្ករ ជាអ្នកប្រាជ្ញ ទ្រង់ព្យាករនូវអំពើរបស់ខ្ញុំ ដែលជាស្រីមានភាពត្រង់ ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះថា ម្នាលមហាឥសី ស្រីនេះនឹងជាអ្នកមានចិត្តស្មើគ្នា មានការងារស្មើគ្នា ជាអ្នកធ្វើការស្មើគ្នា ជាទីស្រឡាញ់ដោយការងារ ស្មើគ្នានឹងអ្នក ដើម្បីប្រយោជន៍នៃអ្នក។ មួយទៀត ស្រីនេះនឹងជាអ្នកមានរូបគួរឲ្យរមិលមើលក្រៃលែង គួរឲ្យស្រឡាញ់ ពេញចិត្តក្រៃលែង ពោលពាក្យជាទីស្រឡាញ់ ជាអ្នកមានឫទ្ធិ នឹងបានជាញាតិក្នុងធម៌នៃព្រះពុទ្ធនោះ។ ប្រៀបដូចជនជាម្ចាស់ទ្រព្យ រមែងរក្សាស្មុគ្រសម្រាប់ដាក់នូវភណ្ឌៈ យ៉ាងណា ស្រីនេះ នឹងរក្សាធម៌ជាកុសលទាំងឡាយ ក៏យ៉ាងនោះដែរ។ ស្រីនេះ កាលអនុគ្រោះនូវកុសលធម៌នោះ របស់ព្រះពុទ្ធនោះ នឹងញ៉ាំងបារមីទាំងឡាយឲ្យពេញ នឹងដល់នូវពោធិញ្ញាណ ដូចសត្វសីហៈលះបង់ទ្រុងដូច្នោះ។

ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ព្យាករខ្ញុំដោយវាចាណា ខ្ញុំត្រេកអរចំពោះវាចានោះ ជាអ្នកធ្វើយ៉ាងនោះ កាលកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងកុសលនោះ ហើយបានកំណើតជារបស់នៃទេវតា និងមនុស្សរាប់មិនអស់។ លុះទទួលនូវសេចក្ដីសុខ និងទុក្ខ ក្នុងទេវតា និងមនុស្សហើយ ដល់មកក្នុងបច្ឆិមភព បានកើតក្នុងត្រកូលសក្យៈ។ លំដាប់នោះ ខ្ញុំជាអ្នកមានរូបល្អ មានភោគៈ មានយស និងសីល បរិបូណ៌ដោយអវយវៈទាំងពួង ជាអ្នកគោរពចំពោះប្ដី ក្នុងត្រកូលទាំងឡាយ។ ឯចិត្តរបស់ខ្ញុំដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងសក្ការៈជាដើម ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើខ្ញុំនឹងមានភ័យអំពីណា។ សមដូចជាព្រះមានព្រះភាគបានត្រាស់ចំពោះព្រះរាជាខាងក្នុងបូរីដូច្នេះថា បពិត្រព្រះអង្គមានព្យាយាម ព្រះអង្គសម្ដែងឧបការគុណរបស់នារីនៃពួកក្សត្រិយ៍ក្នុងបូរីនោះ គឺនារីធ្វើសេចក្ដីទំនុកបំរុង នារីដឹងសុខ និងទុក្ខ នារីប្រាប់ប្រយោជន៍ និងនារីជាអ្នកអនុគ្រោះ។ (ដោយសារនារីនោះ) តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធប្រាំរយកោដិ និងប្រាំបួនរយកោដិ ជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយជានាយក ជាកំពូលនៃលោក ដប់មួយរយកោដិ។ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយពីរពាន់កោដិផង បីពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ បួនពាន់កោដិផង ប្រាំរយកោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងឡាយនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយ ប្រាំមួយពាន់កោដិផង ប្រាំពីរពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ ប្រាំបីពាន់កោដិផង ប្រាំបួនពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតា ក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយ ជានាយកដ៏ប្រសើរក្នុងលោក មួយសែនកោដិ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ ជានាយកនៃសត្វលោកដទៃទៀត ប្រាំបួនពាន់កោដិ។ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធជាមហេសី ៨៥ សែនកោដិផង ១ សែនកោដិផង ៨៥ កោដិផង ២៧ កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលប្រាសចាករាគៈ ចំនួនប្រាំបីៗកោដិ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត (ចំពោះព្រះបច្ចេកពុទ្ធទាំងនុ៎ះ) សូមព្រះអង្គស្ដាប់តថាគត។ ព្រះខីណាស្រពទាំងឡាយ ជាសាវ័កនៃព្រះពុទ្ធ មានប្រមាណរាប់មិនបាន មានមន្ទិលអស់ហើយ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត (ចំពោះព្រះខីណាស្រពទាំងនុ៎ះ) សូមព្រះអង្គស្ដាប់តថាគត។ កាលបុគ្គលអ្នកសន្សំក្នុងធម៌ទាំងឡាយ កាលបុគ្គលអ្នកប្រព្រឹត្តនូវព្រះសទ្ធម្មទាំងឡាយសព្វៗកាល បុគ្គលអ្នកប្រព្រឹត្តធម៌យ៉ាងនេះ តែងដេកជាសុខក្នុងលោកនេះ និងលោកខាងមុខ។ បុគ្គលគប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ តែងដេកជាសុខក្នុងលោកនេះ និងលោកខាងមុខ។ ខ្ញុំនឿយណាយក្នុងសង្សារ ហើយចូលទៅកាន់ផ្នួស ដោយបរិវារមួយពាន់ លុះបួសហើយ មិនមានសេចក្ដីក្រវល់ក្រវាយ។ ខ្ញុំលះបង់ផ្ទះហើយ ចូលទៅកាន់ផ្នួស មិនទាន់ដល់កន្លះខែផង ក៏បានដល់សច្ចៈ ៤។ ជនទាំងឡាយជាច្រើន នាំចីវរ បិណ្ឌបាត និងទីដេក ទីអង្គុយចូលមក ដូចជារលកក្នុងសាគរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ ខ្ញុំដល់នូវសេចក្ដីទុក្ខច្រើនប្រការផង នូវសម្បត្តិច្រើនប្រការផង នូវភាវនាស្អាតផង ហើយបាននូវសម្បទាទាំងពួង។ បុគ្គលណា ឲ្យខ្លួនរបស់ខ្លួន ដល់ព្រះពុទ្ធមហេសី ដើម្បីប្រយោជន៍ដល់បុណ្យ សហាយសម្បទា និងចំណែកនៃព្រះនិព្វាន មិនមានបច្ច័យតាក់តែង រមែងមានដល់បុគ្គលនោះ។ កិលេសជាត ជាអតីតក្ដី ជាបច្ចុប្បន្នក្ដី ជាអនាគតក្ដី អស់រលីងហើយ កម្មទាំងពួងរបស់ខ្ញុំអស់ហើយ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះបាទា។

បានឮថា ព្រះយសោធរាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្ដនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ យសោធរាថេរិយាបទាន។

ទសសហស្សថេរីនមបទាន ទី៩

(៩. យសោធរាបមុខទសភិក្ខុនីសហស្សអបទានំ)

[២៩] ក្នុងកប្បទី ៤ អសង្ខេយ្យ និងមួយសែន ព្រះជិនស្រី ព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើង។ ព្រះពុទ្ធព្រះនាមទីបង្ករ ជាមហាវីរបុរស ទ្រង់ព្យាករនូវសុមេធតាបសផង នាងសុមិត្តាផង ដែលរួមសុខទុក្ខជាមួយគ្នា។ ព្រះមហាមុនី ព្រះអង្គឃើញមនុស្សលោក ព្រមទាំងទេវលោក ទាំងទ្រង់ស្ដេចទៅកាន់មនុស្សលោក ព្រមទាំងទេវលោក ហើយចូលមកកាន់ទីប្រជុំនៃយើងខ្ញុំ ដែលកំពុងសរសើរជនទាំងនោះ។ ប្ដីទាំងអស់របស់យើងខ្ញុំ មានក្នុងទីសមាគមជាអនាគត ប្រពន្ធទាំងអស់របស់ព្រះអង្គ ជាទីពេញព្រះទ័យនៃព្រះអង្គ ជាអ្នកពោលពាក្យជាទីស្រឡាញ់។ ទាន សីល ភាវនាទាំងអស់ យើងខ្ញុំបានអប់រំដោយល្អហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់នេះ ខ្ញុំបានលះបង់ចោល អស់កាលជាយូរអង្វែងហើយ ។ វត្ថុណាមួយ គឺគ្រឿងក្រអូប កម្រងផ្កា គ្រឿងលាប និងប្រទីបជាវិការៈនៃកែវ ដែលយើងខ្ញុំបានតម្កល់ទុកហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់ (នោះ) យើងខ្ញុំបានលះបង់ចោលហើយ។ ន័យមួយទៀត អំពើដទៃ និងគ្រឿងបរិភោគ ជារបស់មនុស្សដែលយើងបានធ្វើហើយ បពិត្រព្រះមហាមុនី របស់ទាំងអស់នុ៎ះ យើងខ្ញុំបានលះបង់ចោលអស់កាលយូរអង្វែងហើយ។ បុណ្យមានប្រមាណច្រើន ដែលយើងបានធ្វើហើយ បានសោយនូវភាពជាឥស្សរៈ ត្រាច់រង្គាត់ក្នុងភពតូចភពធំ អស់សំសារវដ្ដមានជាតិច្រើន។ លុះដល់មកក្នុងបច្ឆិមភព យើងខ្ញុំបានកើតក្នុងត្រកូលផ្សេងៗគ្នា ក្នុងលំនៅនៃព្រះសក្យបុត្រ ជាស្រីមានពណ៌សម្បុរជាទីប្រាថ្នា បីដូចជាស្រីទេពអប្សរ។ បានដល់នូវយស ដែលជនទាំងពួង ធ្វើសក្ការបូជាហើយ ដោយលាភដ៏ប្រសើរ បាននូវបាយ និងទឹក ដែលពួកជនរាប់អានសព្វៗកាល។ យើងខ្ញុំលះបង់នូវផ្ទះ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ក៏បានដល់សេចក្ដីរំលត់ទុក្ខទាំងអស់គ្នា។ យើងខ្ញុំជាអ្នកបាននូវបាយ និងទឹកផង នូវសំពត់ និងសេនាសនៈផង បច្ច័យទាំងពួង រមែងមានគ្រប់គ្រាន់ យើងខ្ញុំត្រូវគេធ្វើសក្ការបូជាសព្វកាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំគាស់រំលើងហើយ យើងខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិក្ខុនីមួយម៉ឺនរូប មានព្រះនាងយសោធរាភិក្ខុនីជាប្រធានមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភ័ក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ទសសហស្សថេរីនមបទាន។

អដ្ឋារសថេរីសហស្សានមបទាន ទី១០

(១០. យសោធរាបមុខអដ្ឋារសភិក្ខុនីសហស្សអបទានំ)

[៣០] ភិក្ខុនី ១៨ ពាន់ មាននាងយសោធរាជាប្រធាន ដែលកើតក្នុងត្រកូលសាក្យៈ បាននាំគ្នាចូលទៅគាល់ព្រះសម្ពុទ្ធ។ ភិក្ខុនីទាំង ១៨ ពាន់នោះ សឹងមានឫទ្ធិច្រើន នាំគ្នាចូលទៅថ្វាយបង្គំព្រះបាទាព្រះមុនី ក្រាបទូលតាមសមគួរដល់កម្លាំងថា បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ (នៃយើងខ្ញុំ) អស់ហើយ បពិត្រព្រះអង្គជានាយក យើងខ្ញុំទាំងឡាយ នឹងទៅកាន់ព្រះនិព្វានឈ្មោះអមតៈ ដែលមិនមានអាសវៈ ជាផ្លូវដ៏ស្ងប់រម្ងាប់។ បពិត្រព្រះមហាមុនី កាលពីដើម ពួកភិក្ខុនីទាំងអស់ មានសេចក្ដីភ្លាំងភ្លាត់ ពួកភិក្ខុនីដឹងច្បាស់នូវកំហុស បពិត្រព្រះអង្គជានាយក សូមព្រះអង្គអត់ទោសដល់យើងខ្ញុំ។

នាងទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់តថាគត ចូរសម្ដែងនូវឫទ្ធិ ឲ្យទាល់តែកាត់សេចក្ដីសង្ស័យរបស់ពួកបរិស័ទទាំងអស់។

បពិត្រព្រះមហាវីរៈ ខ្ញុំម្ចាស់យសោធរា ជាទីពេញព្រះហឫទ័យ ជាទីស្រឡាញ់ គួររមិលមើល បពិត្រមហាវីរៈ ស្រ្ដីទាំងពួងជាព្រះជាយា ក្នុងដំណាក់របស់ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាម បណ្ដាពួកស្រីមួយសែន ៩៦ រូប ខ្ញុំម្ចាស់ជាប្រធាន ជាឥស្សរៈលើស្រីទាំងពួង ក្នុងព្រះរាជដំណាក់របស់ព្រះអង្គ។ ពួកស្រីទាំងអស់ ជាអ្នកបរិបូណ៌ដោយគុណ គឺរូប និងអាចារៈ ឋិតនៅក្នុងបឋមវ័យ ពោលពាក្យជាទីស្រឡាញ់ តែងគោរពកោតក្រែងខ្ញុំម្ចាស់ ដូចពួកមនុស្សគោរពកោតក្រែងពួកទេវតា។ ពួកស្រីទាំង ១៨ ពាន់ កើតក្នុងត្រកូលសាក្យៈ ក្នុងកាលនោះ ស្រីមួយពាន់ ទ្រទ្រង់យស ជាប្រធាន ជាធំ។ បពិត្រព្រះមហាមុនី ស្រីទាំងឡាយ កន្លងនូវកាមធាតុ ឋិតនៅក្នុងរូបធាតុ ប្រាកដស្មើដោយរូបនៃស្រីទាំងមួយពាន់ គ្មានទេ។ ថេរីទាំងឡាយ មានឫទ្ធិច្រើន លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ សម្ដែងឫទ្ធិថ្វាយព្រះសាស្ដា សម្ដែងនូវមហិទ្ធិឫទ្ធិ មានអាការផ្សេងៗដ៏ច្រើន។ គឺសម្ដែងកាយស្មើនឹងចក្កវាឡ ឧត្តរកុរុទ្វីបជាក្បាល ទ្វីបទាំងពីរជាស្លាបទាំងពីរខាង ជម្ពូទ្វីបជាសរីរៈ។ ស្រះខាងត្បូង ជាសំណុំកន្ទុយស្ទឹងផ្សេងៗ ជាបំពង់ស្លាប ព្រះចន្រ្ទ និងព្រះអាទិត្យ ជាភ្នែក ភ្នំមេរុជាសិរ។ ភ្នំចក្កវាឡ និងដើមព្រីង ព្រមទាំងឫស ជាចំពុះ កាលបក់ហើយ ចូលមកថ្វាយបង្គំព្រះលោកនាយក ។ កាលនោះ បានសម្ដែងភេទនៃដំរី សេះ ភ្នំ ជលជាតិ ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ និងភេទព្រះឥន្ទ។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ យើងខ្ញុំ និងនាងយសោធរា សូមថ្វាយបង្គំព្រះបាទា បពិត្រព្រះអង្គជានាយកនៃជន យើងខ្ញុំសម្រេចហើយ ដោយអានុភាពរបស់ព្រះអង្គ អស់កាលដ៏យូរ។ បពិត្រព្រះមហាមុនី យើងខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ យើងខ្ញុំដឹងបុព្វេនិវាសៈ ទិព្វចក្ខុ យើងខ្ញុំជម្រះស្អាតហើយ យើងខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃយើងខ្ញុំ កើតឡើងហើយក្នុងសំណាក់របស់ព្រះអង្គ។ ការគប់រកនូវព្រះពុទ្ធទាំងឡាយ ដែលជាទីពឹងរបស់សត្វលោក យើងខ្ញុំបានសម្ដែងហើយ បពិត្រព្រះមហាមុនី ការកសាងជាច្រើន យើងខ្ញុំបានធ្វើហើយ ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមុនី កុសលកម្មណា ដែលជាកម្មចាស់របស់ខ្ញុំ សូមព្រះអង្គនឹកនូវកុសលកម្មនោះ បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យទាំងឡាយ យើងខ្ញុំសន្សំហើយ ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំបានវៀរក្នុងទីមិនគួរហើយ ហាមឃាត់នូវអនាចារ សូម្បីជីវិត យើងខ្ញុំក៏បានលះបង់ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គទ្រង់ប្រទានយើងខ្ញុំ ដើម្បីប្រយោជន៍ជាភរិយា នៃបុគ្គលដទៃវិញ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គបានប្រទាននូវយើងខ្ញុំ ដើម្បីទំនុកបម្រុង (ជនដទៃ) អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គទ្រង់ព្រះរាជទាននូវយើងខ្ញុំ ដើម្បីប្រយោជន៍ដល់ការប្រើប្រាស់នៃជនដទៃ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំទាំងឡាយ ឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ យើងខ្ញុំបានលះបង់ជីវិតទាំងឡាយ មានពាន់នៃកោដិដ៏ច្រើន គឺធ្វើឲ្យគេរួចចាកទុក្ខភ័យ ស៊ូលះបង់ជីវិតនៃខ្លួន។ បពិត្រព្រះមហាមុនី យើងខ្ញុំមិនដែលលាក់ទុកនូវគ្រឿងប្រដាប់ដែលជាប់នឹងអង្គ ដូចយ៉ាងសំពត់ផ្សេងៗជាច្រើន ភណ្ឌៈរបស់ស្រី ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី យើងខ្ញុំបានបរិច្ចាគទ្រព្យ និងស្រូវ បានបរិច្ចាគស្រុក និគម ស្រែ កូនប្រុស កូនស្រី។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំបានបរិច្ចាគដំរី សេះ គោ ខ្ញុំស្រី អ្នកបម្រើរាប់មិនអស់ ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គបានប្រឹក្សានឹងយើងខ្ញុំ ដោយទានណា យើងខ្ញុំក៏បានឲ្យទាននោះ ដល់ស្មូមទាំងឡាយ យើងខ្ញុំមិនបានឃើញនូវសេចក្ដីតូចចិត្តចំពោះព្រះអង្គ កាលដែលឲ្យទានដ៏ឧត្ដមនោះសោះឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំទាំងឡាយ បានទទួលនូវសេចក្ដីទុក្ខ មានចំណែកច្រើនចំពូកណាស់ រាប់មិនអស់ក្នុងសំសារ មានចំណែកច្រើន ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី យើងខ្ញុំបានរីករាយ តាមចំណែកបុណ្យដែលនាំមកនូវសេចក្ដីសុខ ទាំងមិនតូចចិត្តចំពោះទុក្ខទាំងឡាយ ជាអ្នកត្រេកអរក្នុងទីទាំងពួង ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះសម្ពុទ្ធទ្រង់សោយនូវសុខទុក្ខ ហើយដល់នូវការត្រាស់ដឹង នាំមកនូវធម៌ដោយលំដាប់មគ្គ។ ការគប់រកព្រះសម្ពុទ្ធ ព្រះនាមគោតម ជាលោកនាយក ដែលជាទេវតាប្រសើរផង ព្រះលោកនាថទាំងឡាយដទៃផង យើងខ្ញុំ (បានជួបហើយ) ជាច្រើនដង។ សេចក្ដីកសាងដ៏ច្រើននៃយើងខ្ញុំ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ព្រះអង្គ បពិត្រព្រះមហាមុនី យើងខ្ញុំជាស្រីបម្រើរបស់ព្រះអង្គ កាលដែលទ្រង់ស្វែងរកនូវពុទ្ធធម៌។ ក្នុងកប្បទី ៤ អសង្ខេយ្យ និង ១ សែន ព្រះសម្ពុទ្ធព្រះនាមទីបង្ករ ជាមហាវីរបុរស ជាលោកនាយក ទ្រង់កើតឡើង។ ជនទាំងឡាយនៅបច្ចន្តប្រទេស និមន្តព្រះតថាគត មានចិត្តត្រេកអរ នាំគ្នាជម្រះផ្លូវសម្រាប់យាងមកនៃព្រះតថាគតនោះ។ ក្នុងកាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ បានចាត់ចែងរៀងចំផ្លូវ ដើម្បីព្រះសម្ពុទ្ធទីបង្ករ ទ្រង់ឃើញហេតុទាំងពួង ទ្រង់យាងមក។ ក្នុងកាលនោះ យើងខ្ញុំទាំងអស់គ្នា កើតក្នុងត្រកូលព្រាហ្មណ៍ បានទៅនាំយកផ្កា ផលុកជាតិមកកាន់ទីប្រជុំ។ ក្នុងសម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមទីបង្ករ មានយសធំ មានព្យាយាមធំនោះ ទ្រង់បានព្យាករនូវសុមេធតាបស ជាឥសីមានចិត្តរីករាយ។ កាលព្រះពុទ្ធទីបង្ករ ទ្រង់ប្រកាសកម្មរបស់សុមេធតាបសនោះថា ជាឥសីមានចិត្តរីករាយផែនដីក៏កក្រើក រំភើបញាប់ញ័រ ក្នុងមនុស្សលោក ព្រមទាំងទេវលោក។ ពួកទេវកញ្ញា ពួកមនុស្ស ទាំងយើងខ្ញុំ ព្រមទាំងទេវតា សឹងនាំគ្នាបូជាគ្រឿងប្រដាប់ដែលគួរបូជាផ្សេងៗ ហើយតាំងប្រាថ្នា។ ព្រះពុទ្ធជាម្ចាស់ មានព្រះនាមទីបង្ករ ទ្រង់បានព្យាករដល់ពួកជនទាំងនោះថា ជនទាំងឡាយណា មានសេចក្ដីប្រាថ្នាក្នុងថ្ងៃនេះ ជនទាំងនោះ ឈ្មោះថា មានក្នុងទីចំពោះមុខ (នៃព្រះពុទ្ធ)។ ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ ព្រះពុទ្ធព្យាករនូវយើងខ្ញុំ ដោយព្រះពុទ្ធដីកាណា យើងខ្ញុំរមែងរីករាយ តាមព្រះពុទ្ធដីកានោះ ជាអ្នកធ្វើតាមយ៉ាងនោះ។ ជនទាំងឡាយ បានចាប់កំណើតជារបស់ទេវតា និងមនុស្ស រាប់មិនអស់ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធនោះ ដោយអំណាចនៃកម្មនោះ ដែលខ្លួនធ្វើល្អហើយ។ យើងខ្ញុំបានសោយសុខទុក្ខក្នុងទេវតាផង មនុស្សផង ដល់មកក្នុងបច្ឆិមភពនេះ បានមកកើតក្នុងត្រកូលសក្យៈ។ យើងខ្ញុំជាអ្នកមានរូបល្អ មានភោគសម្បត្តិច្រើន មានយស និងសីលដ៏ល្អ បរិបូណ៌ដោយអវយវៈសព្វគ្រប់ ជាអ្នកអង់អាចលើសក្នុងត្រកូលទាំងឡាយ។ ចិត្តនៃយើងខ្ញុំ ដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងគ្រឿងសក្ការៈ ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើយើងខ្ញុំនឹងមានភ័យអំពីណា។ សមដូចជាព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះតម្រាស់នេះ ចំពោះស្ដេចខាងក្នុងបុរី ក្នុងកាលនោះដូច្នេះថា មហារាជបានសម្ដែងនូវឧបការគុណរបស់នារីនៃពួកក្សត្រក្នុងបុរីនោះ គឺនារីអ្នកមានឧបការៈ នារីរួមសុខទុក្ខ នារីដែលប្រាប់នូវប្រយោជន៍ និងនារីជាអ្នកមានសេចក្ដីអនុគ្រោះ។ បុគ្គលគប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត កុំគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។ យើងខ្ញុំបានលះបង់ផ្ទះហើយ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ស្រាប់តែយើងខ្ញុំបាននូវសច្ចៈ ៤។ ពួកជនដ៏ច្រើន តែងបង្អោនមកនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យចំពោះយើងខ្ញុំ បីដូចរលកនៃសាគរ។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដកចោលចេញហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។ យើងខ្ញុំដល់នូវភាពបរិសុទ្ធ បរិបូណ៌ដោយគុណទាំងពួង តែងបាននូវទុក្ខមានប្រការច្រើន និងសម្បត្តិ មានប្រការច្រើនយ៉ាងនេះឯង។ ស្រីទាំងឡាយណា ឲ្យនូវខ្លួនជារបស់ខ្លួន ដល់បុគ្គលស្វែងរកនូវគុណដ៏ធំ ដើម្បីប្រយោជន៍ដល់បុណ្យ ស្រីទាំងឡាយនោះ ឈ្មោះថាអ្នកបរិបូណ៌ដោយសំឡាញ់ តែងបាននូវព្រះនិព្វាន មានចំណែក មិនមានបច្ច័យប្រជុំតាក់តែង។ កម្មជាអតីត ជាបច្ចុប្បន្ន ជាអនាគតនៃយើងខ្ញុំអស់ហើយ កម្មទាំងពួងរបស់យើងខ្ញុំ អស់រលីងហើយ បពិត្រព្រះអង្គមានចក្ខុ យើងខ្ញុំសូមថ្វាយបង្គំនូវព្រះបាទា។ បុគ្គលណា មានទោស គឺបច្ច័យប្រជុំតាក់តែងស្ងប់រម្ងាប់ហើយ ដល់នូវចំណែកព្រះនិព្វាន ឈ្មោះអមតៈ យើងខ្ញុំនឹងក្រាបទូលដល់ព្រះអង្គ នូវបុគ្គលនោះ ឲ្យក្រៃលែងជាងពួកស្រី ដែលពោលពីព្រះនិព្វានដូចម្ដេចកើត។

បានឮថា ព្រះភិក្ខុនី ១៨.០០០ រូប មានព្រះនាងយសោធរាភិក្ខុនីជាប្រមុខ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អដ្ឋារសថេរីសហស្សានមបទាន។

ឧទ្ទាន

កុណ្ឌលកេសីថេរិយាបទាន ១ កិសាគោតមីថេរិយាបទាន ១ ធម្មទិន្នាថេរិយាបទាន ១ សកុលាថេរិយាបទាន ១ នន្ទាថេរិយាបទាន ១ សោណាថេរិយាបទាន ១ ភទ្ទកាបិលានីថេរិយាបទាន ១ យសោធរាថេរិយាបទាន ១ ទសសហស្សថេរីនមបទាន ១ អដ្ឋារសថេរីសហស្សានមបទាន ១ មានគាថាចំនួន ៤៧៨។

ចប់ កុណ្ឌលកេសវគ្គ ទី៣។

 

លេខយោង

km/tipitaka/sut/kn/apd/sut.kn.apd.59.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann