km:tipitaka:sut:kn:buv:sut.kn.buv.02

ទីបង្ករពុទ្ធវង្ស ទី១ (២)

សង្ខេប

(?)

sut kn buv 02 បាលី cs-km: sut.kn.buv.02 អដ្ឋកថា: sut.kn.buv.02_att PTS: ?

ទីបង្ករពុទ្ធវង្ស ទី១ (២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(២. សុមេធបត្ថនាកថា)

[២] ក្នុង ៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរឈ្មោះអមរវតី ជានគរគួរពិតពិលរមិលមើល ជាទីរីករាយនៃចិត្ត ជានគរបរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ ដោយមានសំឡេង ១០ យ៉ាង គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេងរថជាដើម។ ទាំងជានគរគឹកកងដោយសំឡេង ដែលប្រកបដោយបាយ និងទឹកថា ចូរស៊ី ចូរផឹក ជានគរសម្បូណ៌ដោយសត្វ និងគ្រឿងឧបករណ៍ទាំងពួង បរិបូណ៌ដោយការងារគ្រប់យ៉ាង។ បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិផ្សេងៗ សម្រេច (ដោយគ្រឿងបរិភោគ និងឧបភោគទាំងពួង) ដូចជានគរនៃទេវតា ជាទីនៅនៃជនអ្នកមានបុណ្យទាំងឡាយ។ វេលានោះ មានសុមេធព្រាហ្មណ៍ នៅក្នុងនគរអមរវតី ជាអ្នកសន្សំនូវទ្រព្យដ៏ច្រើនកោដិ មានទ្រព្យ និងស្រូវច្រើន។ ជាអ្នករៀនមន្ត ចងចាំនូវមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ដល់នូវបារមីក្នុងលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងធម៌របស់ព្រាហ្មណ៍ផង។ កាលនោះ តថាគតនៅក្នុងទីស្ងាត់ ក៏គិតយ៉ាងនេះថា ធម្មតាភពថ្មីទៀត តែងនាំមកនូវសេចក្តីទុក្ខ ការបែកធ្លាយសរីរៈ ក៏នាំមកនូវសេចក្តីទុក្ខដូចគ្នា (សេចក្តីស្លាប់ប្រកបដោយមោហៈ នាំមកនូវទុក្ខ រូបដែលជរាញាំញីហើយ ក៏នាំមកនូវទុក្ខ) អាត្មាអញ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា អាត្មាអញនឹងស្វែងរកព្រះនិព្វាន ដែលមិនចាស់ មិនស្លាប់ ជាទីក្សេមក្សាន្ត។ បើដូច្នោះ អាត្មាអញគួរតែលះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ហើយនឹងចេញទៅ។ ផ្លូវនោះនឹងមានពិត ផ្លូវនោះមិនមែនជាមិនមានហេតុទេ បុគ្គលអាចទៅបាន អាត្មាអញនឹងស្វែងរកផ្លូវនោះ ដើម្បីដោះខ្លួនចាកភព។ កាលបើទុក្ខមាន សុខក៏មាន យ៉ាងណា កាលបើភពមាន ការប្រាសចាកភព បុគ្គលគួរតែប្រាថ្នារក ក៏យ៉ាងនោះដែរ។ កាលបើក្តៅមាន ត្រជាក់ដទៃក៏មានយ៉ាងណា កាលបើភ្លើង ៣ ប្រការមាន ព្រះនិព្វានដែលបុគ្គលគួរប្រាថ្នា ក៏មានយ៉ាងនោះដែរ។ កាលបើបាបមាន បុណ្យក៏មាន យ៉ាងណា កាលបើជាតិមាន ព្រះនិព្វានមិនមានជាតិ ដែលបុគ្គលគប្បីប្រាថ្នា ក៏មានយ៉ាងនោះដែរ។ បុរសដែលប្រឡាក់លាមក ឃើញស្រះពេញដោយទឹក ហើយមិនស្វែងរកស្រះ ទោសនោះ មិនមែនជាទោសនៃស្រះទេ យ៉ាងណាមិញ កាលបើស្រះ គឺព្រះនិព្វានមានហើយ បុគ្គលមិនស្វែងរកស្រះ សម្រាប់លាងនូវកិលេសជាមន្ទិលចេញទេ ទោសនោះ មិនមែនជាទោសនៃស្រះ គឺព្រះនិព្វានទេ គឺជាទោសរបស់បុរស ក៏យ៉ាងនោះដែរ។ បុរសដែលត្រូវសត្រូវទាំងឡាយចោមព័ទ្ធហើយ កាលបើផ្លូវសម្រាប់រត់ទៅ មាន តែបុរសនោះ មិនរត់ទៅ ទោសនោះមិនមែនជាទោសនៃផ្លូវទេ យ៉ាងណា បុគ្គលត្រូវកិលេសរួបរឹតហើយ កាលបើផ្លូវព្រះនិព្វានមាន តែមិនស្វែងរកផ្លូវនោះ ទោសនោះមិនមែនជាទោសនៃផ្លូវនិព្វានទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ។ បុរសដែលមានជំងឺ កាលបើពេទ្យមាន តែមិនឲ្យពេទ្យនោះព្យាបាលជំងឺនោះទេ ទោសនោះ មិនមែនជាទោសនៃពេទ្យទេ យ៉ាងណា បុគ្គលត្រូវជំងឺ គឺកិលេសទាំងឡាយបៀតបៀនហើយ ដល់នូវសេចក្តីទុក្ខ មិនស្វះស្វែងរកអាចារ្យ ទោសនោះ មិនមែនជាទោសនៃអាចារ្យទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ។ (បើដូច្នោះ) គួរតែអាត្មាអញ លះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ចេញ គប្បីជាអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានសេចក្តីត្រូវការរូប ហើយចេញទៅ។ បុរសបានស្រាយសាកសព ដ៏គួរខ្ពើមរអើម ដែលជាប់ឰដ៏ក គប្បីជាអ្នកមានសេចក្តីសុខ នៅតាមទំនើងខ្លួន មានអំណាចខ្លួនឯង យ៉ាងណាមិញ។ អាត្មាអញ គួរតែលះបង់កាយស្អុយនេះ ដែលជាទីប្រមូលមកនូវសាកសពផ្សេងៗ ចេញ ហើយគប្បីជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ចេញទៅ យ៉ាងនោះដែរ។ បុរសស្ត្រីទាំងឡាយ ទៅបន្ទោបង់នូវករីសៈ ក្នុងបង្គន់ហើយ ឥតមានអាឡោះអាល័យ ឥតមានសេចក្តីត្រូវការ ដើរចេញទៅ យ៉ាងណាមិញ ឯអាត្មាអញ នឹងលះបង់នូវកាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ចេញទៅ ដូចបុរសស្ត្រីទាំងឡាយ ដែលបន្ទោបង់វច្ចៈក្នុងបង្គន់ ដូច្នោះឯង។ ម្ចាស់ទូកទាំងឡាយ តែងលះបង់ទូកចាស់ ដែលពុកផុយ លេចចូលទឹក ឥតមានអាឡោះអាល័យ ឥតត្រូវការវិញ យ៉ាងណាមិញ អាត្មាអញនឹងលះបង់នូវកាយនេះ ដែលមានរន្ធ ៩ ហូរជានិច្ច ហើយចេញទៅ ដូចជាម្ចាស់ទូក លះចោលទូកចាស់ ដូច្នោះឯង។ បុរសកាលដើរទៅជាមួយនឹងពួកចោរ យកទ្រព្យជាប់ទៅផង ឃើញភ័យអំពីការខូចខាតទ្រព្យ ក៏លះបង់ហើយដើរទៅ យ៉ាងណា កាយនេះ ក៏មានឧបមាស្មើដោយមហាចោរ អាត្មាអញនឹងលះបង់កាយនេះចេញ ព្រោះខ្លាចខូចខាតកុសលធម៌ យ៉ាងនោះដែរ។ លុះតថាគតគិតឃើញយ៉ាងនេះហើយ ក៏ឲ្យទ្រព្យជាច្រើនរយកោដិ ដល់ពួកជនដែលមានទីពឹង និងពួកជនដែលឥតទីពឹង ហើយចូលទៅកាន់ព្រៃហិមពាន្ត។ មានភ្នំមួយឈ្មោះធម្មិក នៅជិតព្រៃហិមពាន្ត តថាគតធ្វើអាស្រម សាងបណ្ណសាលាក្បែរភ្នំនោះ។ តថាគតនិម្មិតនូវទីចង្ក្រម ដែលប្រាសចាកទោស ៥ ប្រការ នៅក្បែរអាស្រមបទនោះ នាំមកនូវអភិញ្ញាពលៈ ដែលប្រកបដោយគុណ ៨ ប្រការ។ លះបង់សំពត់សាដក ដែលប្រកបដោយទោស ៩ ប្រការ ក្នុងអាស្រមបទនោះ ស្លៀកសំពត់សម្បកឈើ ដែលប្រកបដោយគុណ ១២ ប្រការវិញ។ លះបង់បណ្ណសាលា ដែលប្រកបដោយទោស ៨ ប្រការ ចូលទៅកាន់គល់ឈើ ដែលប្រកបដោយគុណ ១០ យ៉ាង។ លះបង់ស្រូវដែលគេព្រោះ គេដាំ ដោយមិនសេសសល់ កាន់យកផ្លែឈើដែលជ្រុះឯង បរិបូណ៌ដោយគុណច្រើនប្រការ។ តថាគតផ្គងព្យាយាម ក្នុងអាស្រមបទនោះ (ញ៉ាំងយប់ និងថ្ងៃឲ្យកន្លងទៅ) ក្នុងទីអង្គុយ ទីឈរ និងទីចង្ក្រម បានលុះអភិញ្ញាពលៈ ក្នុងរវាង ៧ ថ្ងៃ។ កាលតថាគតសម្រេចអភិញ្ញាហើយ ជាអ្នកមានវសី ក្នុងសាសនានៃតាបស កាលនោះ ព្រះជិនស្រី ព្រះនាមទីបង្ករ ជានាយកនៃលោក ទ្រង់កើតឡើង។ កាលព្រះពុទ្ធចាប់បដិសន្ធិផង ប្រសូតផង កាលត្រាស់ដឹងផង សម្តែងធម្មចក្រផង តថាគតជាអ្នកឆ្អែតស្កប់ស្កល់ ដោយសេចក្តីត្រេកអរក្នុងឈាន ប៉ុន្តែមិនបានឃើញនូវនិមិត្តទាំង ៤ ឡើយ។ ពួកមហាជនក្នុងបច្ចន្តប្រទេស មានចិត្តត្រេកអរ និមន្តព្រះតថាគត បាននាំគ្នាជម្រះផ្លូវជាទីមក នៃព្រះតថាគតនោះ។ សម័យនោះឯង តថាគតចេញអំពីអាស្រមរបស់ខ្លួន កាលរលាស់ចីវរសម្បកឈើ ហោះទៅឯអាកាស តថាគតឃើញជនកំពុងតែពេញចិត្ត ត្រេកអរ ស្រស់ស្រាយ រីករាយ ក៏ចុះអំពីអាកាស ហើយសួរមនុស្សទាំងឡាយក្នុងខណៈនោះថា មហាជនត្រេកអរ ស្រស់ស្រាយ រីករាយ ពេញចិត្ត ជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីអ្នកណា។ ពួកជនទាំងនោះ ដែលតថាគតសួរហើយ ក៏ឆ្លើយប្រាប់ថា ព្រះពុទ្ធដ៏ប្រសើរក្នុងលោក ជាព្រះជិនស្រី ព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើងហើយ ពួកយើងខ្ញុំជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីព្រះពុទ្ធទីបង្ករនោះ។ បីតិកើតឡើងដល់តថាគត ក្នុងខណៈនោះ ព្រោះតែឮពាក្យថា ព្រះពុទ្ធ តថាគតទន្ទេញថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះហើយ ក៏បាននូវសោមនស្ស។ តថាគតឋិតនៅក្នុងប្រទេសនោះ ត្រេកអរ មានចិត្តតក់ស្លុត គិតថា អាត្មាអញនឹងបណ្តុះពូជកុសល ក្នុងបុញ្ញក្ខេត្តនេះ កុំឲ្យខណៈកន្លងទៅទទេឡើយ។ (លុះគិតដូច្នេះហើយ ក៏និយាយទៅរកមហាជនថា) បើអ្នកទាំងឡាយ ជម្រះផ្លូវថ្វាយព្រះពុទ្ធ ចូរឲ្យឱកាសមួយដល់អាត្មាផង អាត្មានឹងជម្រះផ្លូវប្រឡាយដែរ។ កាលនោះ ពួកជនទាំងនោះ ក៏ឲ្យឱកាសមួយដល់តថាគតដើម្បីជម្រះផ្លូវ តថាគតគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះ ជម្រះផ្លូវបណ្តើរ ក្នុងឱកាសនោះ។ កាលដែលឱកាស (ផ្លូវ) របស់តថាគត ធ្វើមិនទាន់សម្រេចនៅឡើយ ស្រាប់តែព្រះជិនស្រី ជាអ្នកប្រាជ្ញធំ ព្រះនាមទីបង្ករ ស្តេចយាងមកតាមផ្លូវ ជាមួយនឹងព្រះខីណាស្រព ៤ សែនរូប សុទ្ធតែជាអ្នកបានអភិញ្ញា ៦ ជាតាទិបុគ្គល ប្រាសចាកមន្ទិល។ ការក្រោកទទួល(ព្រះសាស្តា) ក៏ប្រព្រឹត្តទៅ ស្គរទាំងឡាយជាច្រើន ក៏លាន់ឮឡើងគគ្រឹកគគ្រេង ពួកមនុស្ស និងទេវតា ក៏ត្រេកអរ ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅ។ ពួកទេវតាឃើញពួកមនុស្ស ឯពួកមនុស្សក៏ឃើញពួកទេវតា ទេវតា និងមនុស្សទាំងពីរពួកនេះ បានផ្គងអញ្ជលី ដើរដង្ហែព្រះតថាគត។ ពួកទេវតាប្រគំតូរ្យតន្ត្រីទិព្វទាំងឡាយ ពួកមនុស្ស ក៏ប្រគំតូរ្យតន្ត្រី ជារបស់មនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងពីរក្រុមនេះ ប្រគំភ្លេងដង្ហែព្រះតថាគត។ ពួកទេវតាដែលឋិតនៅឰដ៏អាកាស ក៏រោយរាយផ្កាមន្ទារវៈ ផ្កាឈូក ផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ឰដ៏អាកាស អំពីទិសតូចទិសធំ។ ពួកទេវតាដែលឋិតនៅឰដ៏អាកាស ក៏រោយរាយលំអិតខ្លឹមចន្ទន៍ទិព្វផង គ្រឿងក្រអូបដ៏ប្រសើរទាំងអស់ផង អំពីទិសតូចទិសធំ ឰដ៏អាកាស។ ពួកមនុស្សដែលឋិតនៅលើផែនដី ក៏រោយរាយផ្កាចម្ប៉ា ផ្កាស្រល់ ផ្កាក្ទម្ព ផ្កាខ្ទឹង ផ្កាបុសនាគ និងផ្កាកាកេស អំពីទិសតូចទិសធំ។ តថាគតរំសាយសក់ត្រង់ប្រទេសនោះ ហើយក្រាលចីវរសម្បកឈើ និងកំណាត់ស្បែកលើភក់ ហើយដេកផ្កាប់មុខ(អធិដ្ឋានថា) សូមព្រះពុទ្ធ ព្រមទាំងពួកសិស្ស ជាន់អាត្មាអញយាងទៅចុះ សូមកុំជាន់ភក់ឡើយ ការមិនជាន់លើភក់នោះ នឹងជាប្រយោជន៍ដល់អាត្មាអញ។ កាលតថាគតដេកលើផែនដី ក៏មានសេចក្តីត្រិះរិះដោយចិត្តយ៉ាងនេះថា បើអាត្មាអញប្រាថ្នាដុតកិលេសទាំងឡាយ របស់អញ ក្នុងថ្ងៃនេះក៏បាន។ តែថាប្រយោជន៍អ្វី អាត្មាអញធ្វើឲ្យជាក់ច្បាស់នូវធម៌ ដោយភេទដែលគេមិនស្គាល់ ក្នុងទីនេះ អាត្មាអញគប្បីដល់នូវសព្វញ្ញុតញ្ញាណ ជាអ្នករួចស្រឡះចាកកិលេស ញ៉ាំងលោក ព្រមទាំងទេវលោក ឲ្យរួចរដោះ (ចាកសង្សារ)។ ប្រយោជន៍អ្វី អាត្មាអញជាបុរស សម្តែងកម្លាំងឆ្លងទៅម្នាក់ឯង អាត្មាអញគួរដល់នូវសព្វញ្ញុតញ្ញាណ ចម្លងមនុស្សលោក ព្រមទាំងទេវលោក។ អាត្មាអញនឹងបានដល់នូវសព្វញ្ញុតញ្ញាណ ចម្លងប្រជុំជនច្រើន ដោយអធិការនេះ ដែលអាត្មាអញធ្វើចំពោះព្រះពុទ្ធ ជាបុរសខ្ពង់ខ្ពស់។ តថាគតនឹងកាត់ខ្សែសង្សារ កម្ចាត់បង់ភពទាំង ៣ ឡើងជិះលើនាវាគឺធម៌ នឹងចម្លងមនុស្សលោក ព្រមទាំងទេវលោក។ ព្រះពុទ្ធ ព្រះនាមទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជាទាំងឡាយ ទ្រង់ឈរក្បែរសីសៈរបស់តថាគត ត្រាស់ពាក្យនេះថា (ម្នាលភិក្ខុទាំងឡាយ) អ្នកទាំងឡាយ ចូរមើលតាបសនេះ ជាជដិលមានតបៈដ៏ខ្ពង់ខ្ពស់ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធក្នុងលោក ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ។ សត្វនេះ នឹងចេញចាកក្រុងឈ្មោះកបិលវត្ថុ ជាទីរីករាយ តម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ អង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសដែលនាងសុជាតាថ្វាយក្នុងទីនោះ នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីនោះ បានទទួលបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់មកតាមផ្លូវដែលគេតាក់តែងយ៉ាងប្រសើរ (អង្គុយ) ទៀបគល់ពោធិព្រឹក្ស លំដាប់នោះ តាបសមានយសធំនេះ ធ្វើប្រទក្សិណពោធិមណ្ឌល នឹងបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជនិកាមាតារបស់តាបសនេះ នឹងមាននាមថា ព្រះនាងមាយាទេវី ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯតាបសនេះ នឹងមានឈ្មោះថា ព្រះគោតម អគ្គសាវ័កទាំងពីររូប គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីនេះ។ អគ្គសាវិកាពីររូប គឺនាងខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឯឧបាសកជាឧបដ្ឋាកដ៏ប្រសើរពីររូប គឺចិត្តៈ ១ ហត្ថាឡវកៈ ១។ នាងនន្ទមាតា និងនាងឧត្តរា ជាឧបដ្ឋាយិកាដ៏ប្រសើរ ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ វស្សា។ ពួកមនុស្ស និងទេវតា លុះឮពាក្យព្យាករណ៍របស់ព្រះពុទ្ធទីបង្ករ ទ្រង់ស្វែងរកគុណដ៏ធំ ឥតមានបុគ្គលស្មើនេះហើយ ក៏រីករាយ ដោយគិតថា សុមេធតាបសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោទាំងឡាយ ក៏ប្រព្រឹត្តទៅ ពួកលោក ព្រមទាំងទេវលោក ទាំងមួយម៉ឺនលោកធាតុ ទះដៃផង សើចផង ផ្គងអញ្ជលីនមស្ការផង ពោលថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ តែងកាន់យកកំពង់ខាងក្រោម ក៏ឈ្មោះថាឆ្លងស្ទឹងធំដែរ យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះហើយ ក្នុងកាលជាអនាគត គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់សរសើរអំពើរបស់តថាគតហើយ ទ្រង់លើកព្រះបាទខាងស្តាំ។ សាវ័កទាំងឡាយណា ជាបុត្រនៃព្រះជិនស្រីក្នុងទីនោះ ពួកសាវ័កទាំងនោះ ក៏ធ្វើប្រទក្សិណតថាគត ពួកទេវតា ពួកមនុស្ស ពួកអសុរ ពួកយក្ស ក៏ក្រាបថ្វាយបង្គំតថាគត ហើយចៀសចេញទៅ។ កាលព្រះលោកនាយក ព្រមទាំងព្រះសង្ឃ កន្លងនូវការឃើញរបស់តថាគតទៅ តថាគតក៏ក្រោកចាកទីដេក ហើយពែនភ្នែនក្នុងកាលនោះ។ តថាគត ជាអ្នកមានសេចក្តីសុខ ដោយសេចក្តីសុខ រីករាយដោយបាមោជ្ជៈ ផ្សព្វផ្សាយដោយបីតិ អង្គុយពែនភ្នែនក្នុងកាលនោះ។ តថាគតអង្គុយពែនភ្នែន គិតយ៉ាងនេះ ក្នុងកាលនោះថា អាត្មាអញជាអ្នកស្ទាត់ក្នុងឈាន ដល់នូវត្រើយនៃអភិញ្ញា។ ក្នុងលោកធាតុទាំងមួយពាន់ មិនមានពួកឥសី ស្មើដោយអាត្មាអញឡើយ អាត្មាអញឥតមានបុគ្គលស្មើក្នុងឥទ្ធិធម៌ទាំងឡាយ អញបាននូវសេចក្តីសុខបែបនេះ។ ក្នុងកាលដែលតថាគតអង្គុយពែនភ្នែន គិតយ៉ាងនេះ ពួកមហាព្រហ្មដែលនៅអាស្រ័យក្នុងលោកធាតុមួយម៉ឺន ក៏ញ៉ាំងសំឡេងខ្លាំងឲ្យលាន់ឮថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ និមិត្តទាំងឡាយណា ក្នុងកាលជាទីពត់ភ្នែននៃពោធិសត្វទាំងឡាយ ប្រាកដក្នុងកាលមុន និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ។ ត្រជាក់ក៏ស្ងាត់បាត់ទៅ ទាំងក្តៅក៏ស្ងប់រម្ងាប់ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ លោកធាតុទាំងមួយម៉ឺន ក៏ឥតមានសំឡេង ឥតវឹកវរ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ខ្យល់ធំទាំងឡាយក៏ឈប់បក់ ស្ទឹងទាំងឡាយក៏ឈប់ហូរ និមិត្តទាំងនោះក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ផ្កាទាំងពួងដែលកើតលើគោក កើតក្នុងទឹក ក៏រីកក្នុងខណៈនោះ ផ្កាទាំងអស់នោះ ក៏បញ្ចេញផ្កាក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ វល្លិទាំងឡាយក្តី ឈើទាំងឡាយក្តី ទ្រទ្រង់នូវផ្លែ ក្នុងខណៈនោះ វល្លិ និងឈើទាំងអស់នោះ ក៏បញ្ចេញផ្លែក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ កែវទាំងឡាយ ដែលឋិតនៅឰដ៏អាកាសក្តី ឋិតនៅលើផែនដីក្តី ដែលរុងរឿងក្នុងខណៈនោះ កែវទាំងនោះ ក៏រុងរឿងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ គ្រឿងតូរ្យតន្ត្រីទាំងឡាយ ជារបស់មនុស្ស និងជាទិព្វ ដែលប្រគំក្នុងខណៈនោះ តូរ្យតន្ត្រីទាំងពីរនោះ ក៏លាន់ឮឡើងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ផ្កាដ៏វិចិត្រទាំងឡាយ រុះរោយចុះអំពីអាកាស ក្នុងខណៈនោះ ផ្កាដ៏វិចិត្រទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ មហាសមុទ្រក៏ស្រកចុះ លោកធាតុទាំងមួយម៉ឺនក៏ញាប់ញ័រ ក្នុងខណៈនោះ មហាសមុទ្រ និងលោកធាតុទាំងពីរនោះ ក៏លាន់ឮកងរំពងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ភ្លើងក្នុងនរកទាំងមួយម៉ឺនក៏រលត់ក្នុងខណៈនោះ ភ្លើងទាំងនោះ ក៏រលត់ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ព្រះអាទិត្យប្រាសចាកមន្ទិល ផ្កាយទាំងពួងក៏ប្រាកដ ព្រះអាទិត្យ និងផ្កាយទាំងនោះ ក៏បានប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្នុងកាលគ្មានភ្លៀង ទឹកក៏ផុសផុលឡើងលើផែនដី ក្នុងខណៈនោះ ទឹកក៏ផុសឡើងលើផែនដី ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកផ្កាយទាំងឡាយក៏រុងរឿង ផ្កាយនក្ខត្តឫក្សទាំងឡាយ ប្រកបដោយព្រះចន្ទ្រខែវិសាខ (ក៏រុងរឿង) ក្នុងមណ្ឌលនៃអាកាស លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ចំណែកឯពួកសត្វនៅក្នុងរន្ធ ពួកសត្វដេកក្នុងជ្រោះ ក៏ចេញចាកលំនៅរបស់ខ្លួន ពួកសត្វទាំងអស់នោះ ក៏បោះបង់លំនៅចោលក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ សេចក្តីអផ្សុកមិនមានដល់សត្វទាំងឡាយ សត្វទាំងឡាយជាអ្នកត្រេកអរក្នុងខណៈនោះ ពួកសត្វទាំងអស់នោះ ជាអ្នកត្រេកអរក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគទាំងឡាយដ៏ស្រាលៗ ក៏ស្ងប់រម្ងាប់ទៅ ទាំងសេចក្តីស្រេកឃ្លានក៏វិនាសទៅ ការស្ងប់រោគ និងការវិនាសសេចក្តីស្រេកឃ្លានទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគក៏ស្រាកស្រាន្តទៅ ទោសៈ មោហៈ ក៏បាត់បង់ទៅក្នុងកាលនោះ រោគ និងកិលេសទាំងអស់នោះ ក៏ប្រាសចេញទៅក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ឯភ័យមិនមានក្នុងកាលនោះ ការមិនមានភ័យនុ៎ះ ក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ធូលីក៏ខ្ចាត់ខ្ចាយទៅខាងលើ ការខ្ចាត់ខ្ចាយធូលីក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបពួកយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្លិនស្អុយក៏ផាត់ចេញ ក្លិនទិព្វក៏ផ្សាយទៅ ក្លិនទិព្វនោះ ក៏ផ្សាយចេញក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកទេវតាទាំងពួង វៀរលែងតែអរូបព្រហ្មចេញ ដែលប្រាកដ ពួកទេវតាទាំងអស់នោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកសត្វនរកទាំងអម្បាលម៉ាន ដែលប្រាកដក្នុងខណៈនោះ ពួកសត្វនរកទាំងអស់នោះឯង ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្នុងកាលនោះ ជញ្ជាំងទាំងឡាយក្តី សន្ទះទ្វារទាំងឡាយក្តី ភ្នំទាំងឡាយក្តី ជាគ្រឿងរារាំង មិនមានឡើយ កំពែង សន្ទះទ្វារ និងភ្នំទាំងឡាយនោះ ក៏ក្លាយទៅជាអាកាស (ប្រាកដ) ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ចុតិ និងឧបបត្តិ មិនមានក្នុងខណៈនោះ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ (និមិត្តទាំងនេះ ក៏ប្រាកដដល់សត្វទាំងឡាយ ដើម្បីត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ) ពួកសត្វពោលថា (បពិត្រសុមេធតាបស) សូមលោកផ្គងព្យាយាមឲ្យមាំមួនឡើង កុំត្រឡប់ កុំថយក្រោយឡើយ ពួកយើងដឹងច្បាស់នូវហេតុនុ៎ះថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ តថាគតលុះឮពាក្យរបស់ជនទាំងពីរពួក គឺព្រះពុទ្ធ និងទេវតាទាំងមួយម៉ឺនចក្រវាឡហើយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ គិតក្នុងកាលនោះយ៉ាងនេះថា ធម្មតាព្រះពុទ្ធទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាបែកជាពីរទេ ព្រះជិនស្រីទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាឥតអំពើទេ ព្រះពុទ្ធដីការបស់ព្រះពុទ្ធទាំងឡាយ មិនដែលឃ្លៀងឃ្លាតទេ អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ដុំដីដែលគេចោលទៅឰដ៏អាកាស ទៀងតែធ្លាក់មកលើផែនដីវិញយ៉ាងណា ពាក្យរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ ព្រះបន្ទូលរបស់ព្រះពុទ្ធទាំងឡាយ មិនចេះឃ្លៀងឃ្លាត អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ សេចក្តីស្លាប់របស់សព្វសត្វទៀងទាត់ប្រាកដយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធប្រសើរទាំងឡាយ ទៀងទាត់ប្រាកដដូច្នោះដែរ។ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យទៀងតែងរះឡើងយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ សីហៈ ដែលចេញអំពីដំណេក តែងបន្លឺសំឡេងយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ ការសម្រាលគភ៌នៃស្រីដែលមានគភ៌ធ្ងន់ ជារបស់ទៀងទាត់យ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ បើដូច្នោះ អាត្មាអញ នឹងជ្រើសរើសរកពុទ្ធការកធម៌ទាំងឡាយ ពីខាងនេះ ពីខាងនោះ គឺខាងលើ ខាងក្រោម ទិសទាំង ១០ ដរាបដល់ធម្មធាតុ។ កាលនោះ តថាគតកំពុងជ្រើសរើស ក៏បានឃើញទានបារមីជាដំបូង ជាគន្លងធំ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សន្សំមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវទានបារមីជាដំបូងនេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវទានបារមីចុះ។ ក្អមដែលមានទឹកពេញ បុគ្គលណាមួយផ្កាប់ចុះ ចាក់មិនឲ្យសល់ទឹក ទឹកមិនដក់នៅក្នុងក្អមនោះយ៉ាងណា អ្នកបើឃើញពួកស្មូមមក ទោះថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម ចូរឲ្យទានកុំឲ្យសេសសល់ ឲ្យដូចជាក្អមដែលគេផ្កាប់ដូច្នោះ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏ឃើញសីលបារមីទី ២ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកឯងចូរសមាទាន ធ្វើសីលបារមីទី ២ នេះ ឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវសីលបារមីចុះ។ សត្វចាមរី (កាលឃើញ) រោមកន្ទុយចំពាក់នឹងរបស់អ្វីមួយ ស៊ូស្លាប់ក្នុងទីនោះ មិនព្រមផ្តាច់កន្ទុយចោលឡើយ យ៉ាងណាមិញ អ្នកចូរបំពេញនូវសីលទាំងឡាយ ក្នុងភូមិទាំង ៤ ចូររក្សាសីលសព្វកាល ឲ្យដូចជាសត្វចាមរីរក្សាកន្ទុយ យ៉ាងនោះចុះ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញនេក្ខម្មបារមីទី ៣ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនេក្ខម្មបារមីទី ៣ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវនេក្ខម្មបារមីចុះ។ បុរសដែលជាប់នៅក្នុងគុកអស់កាលយូរ ត្រូវសេចក្តីទុក្ខបៀតបៀនហើយ រមែងមិនញ៉ាំងសេចក្តីត្រេកអរ ឲ្យកើតឡើងក្នុងគុកនោះទេ រមែងស្វែងរកការរួច (ចាកគុកនោះ) យ៉ាងណា អ្នកចូរឃើញនូវភពទាំងអស់ ដូចជាគុកចុះ ចូរបែរមុខទៅរកនេក្ខម្មៈ ដើម្បីរួចចាកភព យ៉ាងនោះដែរ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញបញ្ញាបារមីទី ៤ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើបញ្ញាបារមីទី ៤ នេះ ឲ្យមាំមួន បើអ្នកចង់ដល់នូវពោធិញ្ញាណ ចូរបំពេញនូវបញ្ញាបារមីចុះ។ ភិក្ខុកាលប្រព្រឹត្តបិណ្ឌបាត មិនរំលងនូវត្រកូលទាំងឡាយ ទោះថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម រមែងបានចង្ហាន់ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅយ៉ាងណា អ្នកបើសាកសួរជនជាអ្នកប្រាជ្ញសព្វកាល នឹងដល់នូវបញ្ញាបារមីហើយ នឹងបានលុះនូវពោធិញ្ញាណមិនខាន ក៏យ៉ាងនោះដែរ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញវីរិយបារមីទី ៥ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើវីរិយបារមីទី ៥ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវវីរិយបារមីចុះ។ សត្វសីហៈ ជាស្តេចនៃម្រឹគ មានព្យាយាមមិនរួញរា មានចិត្តផ្គូផ្គងសព្វកាល ក្នុងការអង្គុយ ឈរ ដើរ យ៉ាងណា អ្នកគួរផ្គូផ្គងព្យាយាមឲ្យមាំមួន ក្នុងភពទាំងពួងយ៉ាងនោះចុះ លុះដល់នូវវីរិយបារមីហើយ នឹងបានសម្រេចពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញខន្តិបារមីទី ៦ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវខន្តិបារមីទី ៦ នេះ ឲ្យមាំមួន អ្នកកុំមានចិត្តបែកជាពីរ ក្នុងខន្តិបារមីនោះ នឹងបានដល់នូវពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី រមែងអត់ទ្រាំចំពោះវត្ថុទាំងពួង ទោះស្អាតក្តី មិនស្អាតក្តី ដែលគេដាក់ចុះហើយ រមែងមិនធ្វើនូវសេចក្តីថ្នាំងថ្នាក់ និងសេចក្តីត្រេកអរឡើយ យ៉ាងណា។ អ្នកក៏គួរអត់ទ្រាំនូវការរាប់អាន និងការមើលងាយ របស់ពួកជនទាំងពួង យ៉ាងនោះដែរ លុះដល់នូវខន្តិបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញសច្ចបារមីទី ៧ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើសច្ចបារមីទី ៧ នេះឲ្យមាំមួន កុំមានពាក្យបែកជាពីរ ក្នុងសច្ចបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ធម្មតាផ្កាយព្រឹក ជាជញ្ជីងរបស់លោក ព្រមទាំងទេវលោក រមែងមិនឃ្លាតចាកវិថី ក្នុងរដូវភ្លៀង ឬហេមន្តរដូវឡើយយ៉ាងណា។ អ្នកកុំឃ្លាតចាកវិថី ក្នុងសច្ចៈទាំងឡាយ យ៉ាងនោះដែរ លុះដល់នូវសច្ចបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញអធិដ្ឋានបារមីទី ៨ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើអធិដ្ឋានបារមីទី ៨ នេះ ឲ្យមាំមួន អ្នកកុំញាប់ញ័រក្នុងអធិដ្ឋានបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ភ្នំថ្មឥតកម្រើក តាំងនៅស៊ប់ មិនរញ្ជួយដោយខ្យល់ដ៏ខ្លាំងក្លា រមែងតាំងនៅក្នុងទីរបស់ខ្លួនដដែលយ៉ាងណា អ្នកចូរកុំកម្រើក ក្នុងអធិដ្ឋានបារមីសព្វកាល យ៉ាងនោះដែរ លុះដល់នូវអធិដ្ឋានបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏ឃើញមេត្តាបារមីទី ៩ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើមេត្តាបារមីទី ៩ នេះ ឲ្យមាំមួន អ្នកចូរកុំឲ្យមានបុគ្គលដទៃស្មើដោយមេត្តា បើអ្នកចង់លុះនូវពោធិញ្ញាណ។ ធម្មតាទឹក រមែងផ្សព្វផ្សាយត្រជាក់ស្មើ ចំពោះជនទាំងល្អទាំងអាក្រក់ រមែងកម្ចាត់បង់នូវធូលី និងមន្ទិលយ៉ាងណា។ អ្នកចូរចម្រើនមេត្តាឲ្យស្មើ ចំពោះមិត្ត និងសត្រូវ យ៉ាងនោះដែរ លុះដល់នូវមេត្តាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញឧបេក្ខាបារមីទី ១០ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើឧបេក្ខាបារមីទី ១០ នេះ ឲ្យមាំមួន អ្នកគួរជាបុគ្គលដូចជាជញ្ជីងដ៏មាំមួន នឹងបានសម្រេចពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី តែងព្រងើយកន្តើយ ចំពោះវត្ថុមិនស្អាតក្តី ស្អាតក្តី ដែលគេដាក់ចុះហើយ តែងវៀរចាកសេចក្តីក្រោធ និងសេចក្តីត្រេកអរ ចំពោះវត្ថុទាំងពីរនោះ យ៉ាងណា អ្នកចូរធ្វើខ្លួនឲ្យដូចជាជញ្ជីង ចំពោះសុខ និងទុក្ខ សព្វកាល យ៉ាងនោះដែរ អ្នកលុះដល់នូវឧបេក្ខាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណពុំខាន។ ធម៌ទាំងឡាយណា ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ធម៌ទាំងនោះ មានក្នុងលោកត្រឹមតែប៉ុណ្ណេះ ពុទ្ធការកធម៌ដទៃ ក្រៅអំពីបារមី ១០ នោះ មិនមានទេ អ្នកចូរតាំងនៅក្នុងបារមីធម៌ទាំង ១០ នោះ ឲ្យមាំមួនចុះ។ កាលតថាគតពិចារណានូវបារមីធម៌ទាំងនេះ ដោយសភាវសរសលក្ខណៈ ផែនដីទាំងមួយម៉ឺនលោកធាតុ ក៏ញាប់ញ័រ ដោយតេជះនៃធម៌។ ផែនដីកម្រើក បន្លឺឡើង ដូចជាឃ្នាបអំពៅ ដែលត្រូវគេគាប ឬចក្កយន្តប្រេង ត្រូវគេគាបហើយ (រមែងវិលញ័រ) យ៉ាងណា ផែនដីក៏ញាប់ញ័រ យ៉ាងនោះដែរ។ បរិស័ទរបស់ព្រះពុទ្ធ មានចំនួនប៉ុន្មាន ក្នុងទីដែលអង្គាសបរិស័ទនោះ ក៏ញាប់ញ័រ ដេកជ្រប់លើផែនដី ក្នុងទីអង្គាសនោះ។ ឆ្នាំងជាច្រើនពាន់ និងក្អមជាច្រើនរយ ក៏ទង្គិចគ្នាបែកខ្ទេចខ្ទីអស់ ក្នុងទីនោះ។ ពួកមហាជន មានចិត្តរន្ធត់តក់ស្លុត ភិតភ័យ ភ្ញាក់ផ្អើល មានចិត្តញ័រចំប្រប់ មកប្រជុំគ្នាហើយ ចូលទៅគាល់ព្រះពុទ្ធទីបង្ករ (ហើយទូលសួរថា) បពិត្រព្រះអង្គ មានចក្ខុ ហេតុល្អ ឬហេតុអាក្រក់ ដូចម្តេច នឹងមានដល់មនុស្សលោក លោកទាំងមូល ត្រូវសេចក្តីអន្តរាយបៀតបៀនហើយ សូមព្រះអង្គទ្រង់មេត្តាប្រោស បន្ទោបង់សេចក្តីអន្តរាយនោះចេញ។ គ្រានោះ ព្រះមហាមុនីទីបង្ករ ទ្រង់ញ៉ាំងមហាជនទាំងនោះ ឲ្យយល់ច្បាស់ថា អ្នកទាំងឡាយ ចូរកុំមានសេចក្តីរង្កៀស កុំខ្លាចចំពោះការញាប់ញ័រ ផែនដីនេះឡើយ។ ដ្បិតតថាគតបានព្យាករក្នុងថ្ងៃនេះថា សុមេធបណ្ឌិតនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងលោក (ក្នុងកាលជាអនាគត) សុមេធបណ្ឌិតនុ៎ះ កំពុងពិចារណាធម៌ ដែលព្រះជិនស្រីអំពីបូរាណ ធ្លាប់សេពមក។ កាលសុមេធបណ្ឌិតពិចារណាធម៌ គឺពុទ្ធភូមិ ដោយឥតសេសសល់ ព្រោះហេតុនោះ បានជាផែនដីទាំងមួយម៉ឺនលោកធាតុក្នុងលោក ព្រមទាំងទេវលោកញាប់ញ័រ។ (ចិត្តនៃមហាជន) ក៏រលត់ស្ងប់ក្នុងខណៈនោះភ្លាម ព្រោះបានស្តាប់ព្រះបន្ទូលរបស់ព្រះពុទ្ធ ពួកមហាជនទាំងអស់គ្នា ក៏ចូលមករកតថាគត ហើយក្រាបថ្វាយបង្គំម្តងទៀត។ គ្រានោះ តថាគតសមាទាននូវពុទ្ធគុណ ធ្វើចិត្តឲ្យមាំមួន ក្រាបថ្វាយបង្គំព្រះពុទ្ធទីបង្ករ ហើយក្រោកចាកអាសនៈ។ ពួកទេវតា ពួកមនុស្ស ទាំងពីរពួក ក៏រោយរាយផ្កាទិព្វ និងផ្កាជារបស់មនុស្ស ចំពោះសុមេធបណ្ឌិត ដែលក្រោកចាកអាសនៈ។ ពួកទេវតា និងពួកមនុស្ស ទាំងពីរពួកនោះ បាននូវសួស្តី (ពោលថា) តំណែងដ៏ធំ ដែលលោកប្រាថ្នាហើយ សូមលោកបាននូវតំណែងនោះសមគួរតាមប្រាថ្នាចុះ។ ចង្រៃទាំងពួង ចូរបរវៀសចៀសចេញទៅ សេចក្តីសោក និងរោគ ក៏ចូរចៀសវាងចេញទៅ សេចក្តីអន្តរាយ កុំបីមានដល់លោកឡើយ សូមលោកបានលុះនូវសព្វញ្ញុតញ្ញាណ ដ៏ខ្ពង់ខ្ពស់ឆាប់ៗ ចុះ។ កាលដល់រដូវផ្កា ពួកឈើមានផ្ការមែងបញ្ចេញផ្កាយ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបញ្ចេញផ្កា ដោយពុទ្ធញ្ញាណ យ៉ាងនោះដែរ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់បំពេញហើយ នូវបារមីទាំង ១០ យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបំពេញបារមីទាំង ១០ យ៉ាងនោះ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ត្រាស់ដឹងទៀបគល់ពោធិមណ្ឌល យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរត្រាស់ដឹងទៀបគល់ពោធិមណ្ឌលនៃព្រះជិនស្រី យ៉ាងនោះ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅយ៉ាងណា បពិត្រតាបសមានព្យាយាមធំ សូមលោកញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ យ៉ាងនោះចុះ។ ព្រះចន្ទ្រពេញវង់ រមែងរុងរឿងក្នុងថ្ងៃពេញបូណ៌មី យ៉ាងណា លោកក៏មានចិត្តពេញ ចូររុងរឿងក្នុងលោកធាតុទាំងមួយម៉ឺន យ៉ាងនោះ។ ព្រះអាទិត្យដែលរួចផុតអំពីរាហុ រមែងរុងរឿងដោយកម្តៅ យ៉ាងណា លោកចូររួចចាកលោកធម៌ ចូររុងរឿងដោយពុទ្ធសិរី យ៉ាងនោះដែរ។ ស្ទឹងទាំងឡាយណាមួយ រមែងហូរទៅប្រជុំក្នុងមហាសមុទ្រ យ៉ាងណា ពួកលោក ព្រមទាំងទេវលោក ក៏រមែងប្រជុំក្នុងសំណាក់របស់លោក យ៉ាងនោះដែរ។ គ្រានោះ សុមេធបណ្ឌិតនុ៎ះ ដែលពួកទេវតា និងមនុស្សទាំងនោះ ស្ងើចសរសើរហើយ ក៏សមាទាននូវបារមីធម៌ទាំង ១០ បំពេញបារមីធម៌ទាំងនោះ ចូលទៅកាន់ព្រៃធំ។

ចប់ សុមេធកថា។

 

លេខយោង

km/tipitaka/sut/kn/buv/sut.kn.buv.02.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann