km:tipitaka:sut:kn:buv:sut.kn.buv.19

តិស្សពុទ្ធវង្ស ទី១៧ (១៩)

សង្ខេប

(?)

sut kn buv 19 បាលី cs-km: sut.kn.buv.19 អដ្ឋកថា: sut.kn.buv.19_att PTS: ?

តិស្សពុទ្ធវង្ស ទី១៧ (១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

(១៩. តិស្សពុទ្ធវំសោ)

[១៨] ក្រោយពីព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈមក មានព្រះពុទ្ធ ព្រះនាមតិស្សៈ ជានាយកដ៏ប្រសើរក្នុងលោក ទ្រង់មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន មានសីលរកទីបំផុតគ្មាន មានយសរាប់ពុំបាន ទ្រង់មានសេចក្តីអាណិតអាសូរ មានព្យាយាមធំ មានចក្ខុ ទ្រង់កើតឡើងក្នុងលោក កំចាត់បង់ងងឹតអន្ធការ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក ឲ្យភ្លឺស្វាងហើយ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានឫទ្ធិថ្លឹងពុំបាន មានសីលសមាធិថ្លឹងពុំបាន ព្រះអង្គសម្រេចនូវបារមីក្នុងធម៌ទាំងពួង ហើយទ្រង់ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ ទ្រង់បញ្ចេញព្រះសូរសៀងដ៏ជ្រះស្អាតល្អ ក្នុងលោកធាតុមួយហ្មឺន ពួកសត្វទាំងមួយរយកោដិ សឹងបានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធនោះ ទ្រង់ដោះមនុស្ស និងទេវតា ដែលមកដល់ ឲ្យរួចចាកចំណងគឺមារ។ ព្រះតិស្សមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធសឹងតែជាពួកព្រះខីណាស្រព មិនមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយសែនអង្គ សន្និបាតលើកទី ២ មានព្រះខីណាស្រព ៩០ សែនអង្គ។ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ សុទ្ធតែជាអ្នកអស់អាសវៈ ឥតមានមន្ទិលគឺកិលេស រីកហើយដោយវិមុត្តិ។ គ្រានោះ តថាគតជាក្សត្រនាមសុជាតៈ លះចោលភោគៈដ៏ច្រើន ហើយទៅបួសជាឥសី។ កាលដែលតថាគតបួសស្រេចហើយ ព្រះលោកនាយកទ្រង់កើតឡើង តថាគតកើតមានបីតិ ព្រោះបានស្តាប់សំឡេងថា ព្រះពុទ្ធ។ តថាគតបានកាន់យកផ្កាមន្ទារវព្រឹក្ស ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ដោយដៃទាំងពីរ ជជុះរលាស់ ហើយចូលទៅគាល់។ តថាគតកាន់ផ្កានោះ បំាងលើព្រះសិរ្សៈ នៃព្រះជិនស្រី ព្រះនាមតិស្សៈ ជាលោកគ្គនាយក ដែលមានបរិស័ទ ៤1) ចោមរោម។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់កណ្តាលប្រជុំជន ហើយព្យាករតថាគតកាលនោះថា ក្នុងកប្បទី ៩២ អំពីមណ្ឌកប្បនេះទៅ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបូរីឈ្មោះកបិលពស្តុ ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសត្រង់ទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធេនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមាថេរី ១ នាងឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ នន្ទមាតាឧបាសិកា ១ ឧត្តរាឧបាសិកា ១ ជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់នូវព្រះពុទ្ធដីកានេះ នៃព្រះមហេសី ទ្រង់ឥតមានបុគ្គលស្មើ ហើយរីករាយថា តាបសនេះជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃ អបអរសាទរ ធ្វើអញ្ជលីនមស្ការថា បើយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថអង្គនេះ គង់យើងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគត យ៉ាងនោះដែរ។ តថាគត លុះបានស្តាប់នូវព្រះពុទ្ធដីកានៃព្រះជិនស្រីអង្គនោះហើយ ធ្វើចិត្តឲ្យរឹតតែជ្រះថ្លាថែមទៀត ខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០។ ព្រះមហេសី ព្រះនាមតិស្សៈ មានទីក្រុងឈ្មោះខេមកៈ មានព្រះមហាក្សត្រ ព្រះនាមជនសន្ទៈ ជាព្រះបិតា មានព្រះជននី ព្រះនាមបទុមា។ ព្រះតិស្សៈនោះ ទ្រង់គ្រប់គ្រងព្រះរាជគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះ គុណសេលៈ ១ ប្រាសាទឈ្មោះអនាទិយៈ ១ ប្រាសាទឈ្មោះនិសភៈ ១។ ពួកនារីចំនួន ៣ ហ្មឺននាក់ សុទ្ធសឹងតែតាក់តែងខ្លួនល្អ ឯនាងនារីជាអគ្គមហេសីនោះ ព្រះនាមសុភទ្រា ព្រះរាជបុត្រ ព្រះនាមអានន្ទ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្តទាំង ៤ ក៏យាងចេញទៅដោយយានសេះ ទៅតម្កល់ព្យាយាម អស់កាលកន្លះខែគត់។ ព្រះលោកនាយក ព្រះនាមតិស្សៈ ប្រសើរក្នុងលោក មានព្យាយាមធំ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម្មឲ្យប្រព្រឹត្តទៅ ក្នុងយសវតីទាយវ័នដ៏ឧត្តម។ ព្រះព្រហ្មទេវត្ថេរ ១ ព្រះឧទយត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសមគៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមតិស្សៈ។ នាងផុស្សាថេរី ១ នាងសុទត្តាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគអង្គនោះ ហៅថាអសនព្រឹក្ស (ដើមធ្នង់)។ សម្ពលគហបតី ១ សិរិគហបតី ១ ជាអគ្គឧបដ្ឋាក កីសាគោតមីឧបាសិកា ១ ឧបសេនាឧបាសិកា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះជិនស្រីសម្ពុទ្ធនោះឯង ទ្រង់មានកំពស់ ៦០ ហត្ថ ឥតមានបុគ្គលប្រៀបផ្ទឹមបាន ឥតមានបុគ្គលស្មើបាន ប្រាកដដូចភ្នំហិមពាន្ត។ ព្រះជិនស្រីអង្គនោះ ទ្រង់មានតេជះថ្លឹងពុំបាន ទ្រង់មានព្រះជន្មមួយសែនឆ្នាំ ព្រះអង្គមិនមានបុគ្គលក្រៃលែងជាង ទ្រង់មានចក្ខុឋិតនៅក្នុងលោក។ ព្រះជិនស្រីអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សោយនូវយសធំ ដ៏ឧត្តម ប្រសើររុងរឿងដូចគំនរភ្លើង ហើយបរិនិព្វាន។ ព្រះជិនស្រីអង្គនោះ ព្រមទាំងសាវ័ក ទ្រង់បរិនិព្វានហើយ ដូចជាភ្លៀង (ដែលបាត់ទៅ) ព្រោះខ្យល់ ឬដូចទឹកសន្សើម (អស់ទៅ) ព្រោះព្រះអាទិត្យ ឬដូចងងឹត (បាត់ទៅ) ព្រោះប្រទីប។ ព្រះពុទ្ធ ព្រះនាមតិស្សៈ ជាព្រះជិនស្រីដ៏ប្រសើរ បរិនិព្វានក្នុងនន្ទារាម ព្រះស្តូបព្រះជិនស្រីអង្គនោះ ពួកមហាជនសាងទុក កំពស់ ៣ យោជន៍ ក្នុងនន្ទារាមនោះ។

ចប់ តិស្សពុទ្ធវង្ស ទី១៧។

 

លេខយោង

1)
បានដល់ខត្តិយបរិស័ទ ១ ព្រាហ្មណបរិស័ទ ១ គហបតិបរិស័ទ ១ សមណបរិស័ទ ១។ អដ្ឋកថា។
km/tipitaka/sut/kn/buv/sut.kn.buv.19.txt · ពេលកែចុងក្រោយ: 2023/03/15 12:47 និពន្ឋដោយ Johann