km:tipitaka:sut:kn:cun:sut.kn.cun.2

មាតិកា

បារាយនវគ្គនិទ្ទេស

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn cun 2 បាលី cs-km: sut.kn.cun.2 អដ្ឋកថា: sut.kn.cun.2_att PTS: ?

(បារាយនវគ្គនិទ្ទេស)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(បារាយនវគ្គនិទ្ទេសោ)

អជិតមាណវកប្បញ្ហានិទ្ទេស ទី១

(១. អជិតមាណវបុច្ឆា)

[៥៣] (អជិតមាណពមានអាយុ សួរដូច្នេះថា) លោកត្រូវអី្វបិទបាំង លោកមិនភ្លឺស្វាងញ្រេះហេតុអ្វី សូមព្រះអង្គត្រាស់ប្រាប់នូវធម៌អី្វ ថាជាគ្រឿងលាបលោកនោះ អី្វជាភ័យធំរបស់លោកនោះ។

[៥៤] ពាក្យថា លោកត្រូវអី្វបិទបាំង សេចកី្តថា និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកខាងមុខ ព្រហ្មលោក ព្រមទាំងទេវលោក នេះហៅថា លោក។ លោកនេះត្រូវអ្វីបិទបាំង បិទទាំងខាងក្រោម បិទទាំងខាងលើ បិទភ្ជិត គ្រប ហេតុនោះ (លោកសួរថា) លោក ត្រូវអ្វីបិទបាំង។

[៥៥] ពាក្យថា ដូច្នេះ នៃពាក្យថា អជិតៈមានអាយុសួរដូច្នេះ គឺជាពាក្យតបទ ជាពាក្យភ្ជាប់បទ ជាពាក្យបំពេញបទ ជាទីប្រជុំនៃអក្ខរៈ ជាសេចក្តីពីរោះដោយព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់នៃបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា អជិតៈ គឺជានាម ជាសង្ខា ជាឈ្មោះ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមធេយ្យ ជាភាសា ជាព្យញ្ជនៈ ជាពាក្យហៅរបស់ព្រាហ្មណ៍នោះ ហេតុនោះ មានពាក្យថា អជិតមាណពមានអាយុសួរដូច្នេះ។

[៥៦] ពាក្យថា លោកមិនភ្លឺស្វាងញ្រេះហេតុអ្វី គឺលោកមិនភ្លឺស្វាង មិនមានរស្មី មិនមានពន្លឺ មិនរុងរឿង មិនយល់ច្បាស់ មិនប្រាកដ ញ្រេះហេតុអ្វី ហេតុនោះ លោកសួរថា លោកមិនភ្លឺស្វាងញ្រេះហេតុអ្វី។

[៥៧] ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់នូវធម៌អ្វីជាគ្រឿងលាបលោកនោះ គឺអ្វីជាគ្រឿងលាប ជាគ្រឿងចំពាក់ ជាគ្រឿងចង ជាឧបក្កិលេសរបស់លោកនោះ លោកត្រូវអ្វីលាបស្រឡាបធើ្វឲ្យសៅហ្មង ឲ្យសៅហ្មងព្រម ឲ្យប្រឡាក់ ឲ្យច្រឡំព្រម ឲ្យជាប់ ឲ្យចំពាក់ ឲ្យជាប់ស្អិត សូមព្រះអង្គត្រាស់ប្រាប់ សំដែង បញ្ញាត្ត តាំងទុក បើក ចែក រំលែក ធើ្វឲ្យងាយ ប្រកាស ហេតុនោះ សូមព្រះអង្គត្រាស់ប្រាប់នូវអ្វីជាគ្រឿងលាបលោកនោះ។

[៥៨] ពាក្យថា អ្វីជាភ័យធំរបស់លោកនោះ គឺអ្វីជាភ័យធំ ជាគ្រឿងបៀតបៀន ជាគ្រឿងគាប ជាឧបទ្រព ជាឧបស័គ្គរបស់លោកនោះ ហេតុនោះ លោកសួរថា អ្វីជាភ័យធំរបស់លោកនោះ។ ហេតុនោះ ព្រាហ្មណ៍នោះពោលហើយថា

លោក ត្រូវអ្វីបិទបាំង លោកមិនភ្លឺស្វាង ព្រោះហេតុអ្វី សូមព្រះអង្គត្រាស់ប្រាប់នូវធម៌អ្វីជាគ្រឿងលាបលោកនោះ អ្វីជាភ័យធំរបស់លោកនោះ។

[៥៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអជិតៈ) លោកត្រូវអវិជ្ជាបិទបាំង លោកមិនភ្លឺស្វាងញ្រេះសេចក្តីប្រាថ្នាផ្សេងៗ (និងសេចក្តីប្រហែស) តថាគតពោលនូវសេចក្តីប្រាថ្នា ថាជាគ្រឿងលាប ទុក្ខជាភ័យធំរបស់លោកនោះ។

[៦០] អធិប្បាយពាក្យថា លោក ត្រូវអវិជ្ជាបិទបាំង ត្រង់ពាក្យថា អវិជ្ជា បានន័យថា សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិនដឹងក្នុងតណ្ហាជាហេតុឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងកិរិយារលត់ទុក្ខ សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ដែលកើតឡើងហើយ អាស្រ័យធម៌នេះជាបច្ច័យ កិរិយាមិនដឹង ការមិនឃើញ ការមិនត្រាស់ដឹង ការមិនត្រាស់ដឹងតាម ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនចុះចិត្ត ការមិនចុះចិត្តស៊ប់ ការមិនមានការរំពៃ ការមិនមានការពិចារណា ការមិនមានការយល់ច្បាស់ ការយល់បានដោយក្រ ភាពជាពាល ភាពមិនមានសម្បជញ្ញៈ សេចក្តីវងេ្វងទួទៅ សេចក្តីវងេ្វងព្រម ឱឃៈគឺអវិជ្ជា យោគៈគឺអវិជ្ជា អនុស័យគឺអវិជ្ជា ការស្ទាក់ដំណើរគឺអវិជ្ជា បណ្តាញគឺអវិជ្ជា មោហៈ អកុសលមូលណា មានសភាពយ៉ាងនេះ នេះហៅថា អវិជ្ជា។ ពាក្យថា លោក គឺនិរយលោក តិរច្ឆានលោក បិត្តិវិស័យលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកខាងមុខ ព្រហ្មលោក ព្រមទាំងទេវលោក នេះហៅថា លោក។ លោក ត្រូវអវិជ្ជានេះបិទបាំង បិទ បិទខាងក្រោម បិទខាងលើ បិទភ្ជិត គ្រប ហេតុនោះ (ទ្រង់ត្រាស់ថា) លោកត្រូវអវិជ្ជាបិទបាំង។

[៦១] ពាក្យថា អជិតៈ គឺព្រះមានព្រះភាគទ្រង់ត្រាស់ហៅនូវព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់រាគៈ។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់ទោសៈ។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់មោហៈ។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់មានះ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់ទិដ្ឋិ។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់បន្លា គឺកាម។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់បំបាក់បង់កិលេស។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់ចែក បែង រំលែកនូវធម្មរតនៈ។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់ធ្វើនូវទីបំផុតភព។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់មានកាយចំរើន។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះទ្រង់មានសីលចំរើន ញ្រេះទ្រង់មានចិត្តចំរើន ញ្រេះទ្រង់មានបញ្ញាចំរើន។ ព្រះនាមថា ព្រះមានព្រះភាគ ញ្រេះព្រះមានបុណ្យ ទ្រង់គប់រកសេនាសនៈដ៏ស្ងាត់ ដែលតាំងនៅក្នុងព្រៃតូច ព្រៃធំ មិនមានសូរសព្ទ មិនមានគឹកកង ជាទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃមនុស្ស គួរជាទីកំបាំងនៃមនុស្ស គួរដល់កិរិយាសម្ងំនៅ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសេនៈ និងគ្រឿងបរិក្ខារ គឺថ្នាំកែរោគ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ មានភាគនៃឈាន ៤ អប្បមញ្ញា ៤ និងអរូបសមាបត្តិ ៤ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ និងអនុបុព្វវិហារសមាបត្តិ ៩។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ និងអសុភសមាបត្តិ។ ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងពុទ្ធធម៌ ៦។ ពាក្យថា ព្រះមានព្រះភាគនេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនមិត្ត និងអាមាត្យថ្វាយ មិនមែនញាតិសាលោហិតថ្វាយ មិនមែនសមណៈ និងព្រាហ្មណ៍ថ្វាយ មិនមែនទេវតាទាំងឡាយថ្វាយទេ ពាក្យថា ព្រះមានព្រះភាគនុ៎ះ កើតក្នុងទីបំផុតវិមោក្ខ របស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានភាគ។ បញ្ញាត្តិថា ព្រះមានព្រះភាគនេះ (កើតហើយ) ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ ទើបមានពាក្យថា ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ។

[៦២] ពាក្យថា លោកមិនភ្លឺស្វាង ព្រោះសេចក្តីបា្រថ្នាផ្សេងៗ (និងសេចក្តីប្រហែស) អធិប្បាយថា សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស កំណាញ់ត្រកូល កំណាញ់លាភ កំណាញ់វណ្ណៈ កំណាញ់ធម៌ ហៅថាសេចក្តីបា្រថ្នាផេ្សងៗ។ សេចកី្តកំណាញ់ អាការនៃសេចកី្តកំណាញ់ ភាពនៃសេចកី្តកំណាញ់ សេចកី្តកំណាញ់ផ្សេងៗ សេចក្តីកំណាញ់រឹង ភាពនៃសេចកី្តកំណាញ់ក្តៅ ភាពនៃចិត្តហួងហែងមាំណា មានសភាពយ៉ាងនេះ នេះហៅថា សេចកី្តកំណាញ់។ មួយទៀត សេចកី្តកំណាញ់ខន្ធ ហៅថាកំណាញ់ សេចកី្តកំណាញ់ធាតុ ហៅថាកំណាញ់ សេចក្តីកំណាញ់អាយតនៈ ហៅថាកំណាញ់ សេចកី្តកាន់ (ក្តាប់ទុក) ហៅថា កំណាញ់។ សេចកី្តប្រហែល ខ្ញុំគប្បីពោលដូចតទៅនេះ ការបណែ្តតបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណែ្តតបណ្តោយចិត្ត ទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតកី្ត ក្នុងកាមគុណបំា្រកី្ត ឬភាពនៃការធើ្វមិនគោរព ភាពនៃកិរិយាមិនធើ្វព្យាយាមរឿយៗ ភាពនៃចិត្តមិនតាំងនៅមាំ ភាពនៃចិត្តប្រព្រឹត្តរួញរា ភាពនៃសេចកី្តបា្រថ្នាដាក់ចុះ ភាពនៃធុរៈដាក់ចុះ ការមិនសេព ការមិនចំរើន អំពើមិនសន្សំរឿយៗ ការមិនតាំងចិត្ត ការមិនប្រកបព្យាយាមរឿយៗ សេចកី្តប្រហែសក្នុងការចំរើននូវកុសលធម៌ទាំងឡាយ សេចក្តីប្រហែស អាការនៃសេចកី្តប្រហែស ភាពនៃសេចកី្តប្រហែសណា មានសភាពយ៉ាងនេះ នេះហៅថា សេចកី្តប្រហែស។ ពាក្យថា លោកមិនភ្លឺស្វាង ព្រោះសេចកី្តបា្រថ្នាផ្សេងៗ (និងសេចកី្តប្រហែស) បានសេចកី្តថា លោកមិនភ្លឺស្វាង មិនមានរស្មី មិនមានពន្លឺ មិនរុងរឿង មិនយល់ច្បាស់ មិនបា្រកដ ព្រោះសេចកី្តកំណាញ់នេះ ព្រោះសេចកី្តប្រហែសនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកមិនភ្លឺស្វាង ព្រោះសេចកី្តបា្រថ្នាផ្សេងៗ (និងសេចកី្តប្រហែស)។

[៦៣] ពាក្យថា តថាគត ពោលនូវសេចកី្តបា្រថ្នាថាជាគ្រឿងលាប អធិប្បាយថា តណា្ហ លោកហៅថា សេចកី្តប្រាថ្នា បានដល់តម្រេក តម្រេកខ្លាំង សេចក្តីតេ្រកអរ សេចក្តីត្រេកអរខ្លាំង សេចក្តីត្រេកត្រអាល សេចក្តីត្រេកត្រអាលខ្លាំង គឺតម្រេក ចិត្តត្រេកខ្លាំង សេចក្តីប្រាថ្នា សេក្តីជ្រប់ចុះ កិរិយាលង់ចុះ ចំណង់ ចំណង់ខ្លាំង ការជាប់ភក់ ញាប់ញ័រ ការលាក់ពុត ធម្មជាតញុំាងសត្វឲ្យកើត គ្រឿងញុំាងទុក្ខឲ្យកើត គ្រឿងចាក់ស្រេះបណ្តាញ គ្រឿងហូរទៅ ធម្មជាតដូចពិស ខែ្សតណ្ហា គ្រឿងផ្សព្វផ្សាយ គ្រឿងញុំាងអាយុឲ្យវិនាស សំឡាញ់ ប្រណិធាន គ្រឿងនាំសត្វទៅកាន់ភព ព្រៃធំ ព្រៃតូច សន្ថវៈ ស្នេហា អាល័យ សេចក្តីជាប់ចំពាក់ បំណង សេចកី្តប៉ុនប៉ង ភាពនៃសេចក្តីប៉ុនប៉ង បំណងរូប បំណងសម្លេង បំណងក្លិន បំណងរស បំណងផ្សព្វ បំណងលាភ បំណងទ្រព្យ បំណងបុត្រ បំណងជីវិត ការជាប់ចិត្ត ការជាប់ចិត្តខ្លាំង ការជាប់ចិត្តក្រៃងលែង អាការជាប់ចិត្ត ភាពនៃការជាប់ចិត្ត សេចក្តីលោភលន់ អាការលោភលន់ ភាពនៃសេចក្តីលោភលន់ សេចក្តីប្រាថ្នាអន្ទះអន្ទែង សេចក្តីប្រាថ្នាក្នុងអារម្មណ៍ស្រួល តម្រេកខុសធម៌ លោភខុសទំនង អាល័យ អាការអាល័យ ការប្រាថ្នា សេចក្តីស្រឡាញ់ ការប្រាថ្នាខ្លាំង ចំណង់កាម ចំណង់ភព ចំណង់វិភវភព ចំណង់រូប ចំណង់អរូប ចំណង់និរោធ ចំណង់រូប ចំណង់សម្លេង ចំណង់ក្លិន ចំណង់រស ចំណងផ្សព្វ ចំណង់ធម្មារម្មណ៍ អន្លង់ គ្រឿងប្រកប គ្រឿងសាំញុំា គ្រឿងប្រកាន់ គ្រឿងរារាំង គ្រឿងហាម គ្រឿងប្រក់ គ្រឿងចង គ្រឿងចូលទៅឲ្យសៅហ្មង គ្រឿងដេកត្រាំ គ្រឿងស្ទាក់ដំណើរ វល្លិ៍ សេចក្តីប្រាថ្នាផ្សេងៗ ឫសនៃទុក្ខ ហេតុនៃទុក្ខ កំណើតទុក្ខ អន្ទាក់មារ សន្ទូចមារ វិស័យមារ គោចរមារ ចំណងមារ ស្ទឹង គឺតណ្ហា បណ្តាញគឺតណ្ហា ទន្លីងគឺតណ្ហា សមុទ្ទគឺតណ្ហា សេចក្តីសំឡឹង លោភ អកុសលមូលណា នេះហៅថា សេចក្តីប្រាថ្នា។ គ្រឿងលាប គ្រឿងជាប់ គ្រឿងចង គ្រឿងចូលទៅឲ្យសៅហ្មងរបស់លោក លោកលាប លាបប្រឡាប សៅហ្មង សៅហ្មងព្រម ប្រឡាក់ ច្រឡំព្រម ជាប់ចំពាក់ ជាប់ស្អិតហើយ ដោយសេចក្តីប្រាថ្នានេះ។ តថាគតពោល ប្រាប់ សំដែង បញ្ញាត្ត តាំងទុក បើក ចែក រំលែក ធើ្វឲ្យងាយ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ពោលនូវសេចក្តីប្រាថ្នា ថាជាគ្រឿងលាប។

[៦៤] អធិប្បាយពាក្យថា ទុក្ខជាភ័យធំរបស់លោកនោះ ត្រង់ពាក្យថា ទុក្ខ គឺទុក្ខព្រោះកំណើត ទុក្ខព្រោះសេចក្តីចាស់ ទុក្ខព្រោះជម្ងឺ ទុក្ខព្រោះសេចក្តីស្លាប់ ទុក្ខព្រោះសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំ ទុក្ខក្នុងកំណើតនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងកំណើតបិត្តិវិស័យ ទុក្ខក្នុងកំណើតមនុស្ស ទុក្ខមានការចុះកាន់គភ៌ជាមូល ទុក្ខមានការឋិតនៅក្នុងគភ៌ជាមូល ទុក្ខមានកិរិយាចេញចាកគភ៌ជាមូល ទុក្ខជាចំណងរបស់សត្វ1) ដែលកើតហើយ ទុក្ខទាក់ទងដោយបុគ្គលដទៃនៃសត្វដែលកើតហើយ ទុក្ខកើតព្រោះព្យាយាមរបស់ខ្លួន ទុក្ខកើតព្រោះព្យាយាមរបស់បុគ្គលដទៃ ទុក្ខ គឺទុក្ខវេទនា (ប្រព្រឹត្តទៅក្នុងកាយ និងចិត្ត) ទុក្ខញ្រេះសង្ខារ ទុក្ខញ្រេះការផ្លាស់ប្តូរ រោគភែ្នក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគក្នុងទីខ្វារដោយក្រចក កមរលាយ ប្រមាត់ក្រហម ទឹកនោមផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីសេ្លស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីការប្រជុំ (ខ្យល់ ប្រមាត់ សេ្លស្ម) អាពាធកើតអំពីការផ្លាស់ប្តូររដូវ អាពាធកើតអំពីការរក្សាឥរិយាបថមិនសើ្ម អាពាធកើតអំពីព្យាយាម (មានការសម្លាប់ និងចងជាដើម) អាពាធកើតអំពីផលកម្មត្រជាក់ ក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក ឧច្ចារៈ បស្សាវៈ ទុក្ខកើតអំពីសម្ជ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ការស្លាប់មាតា ជាទុក្ខ ការស្លាប់បិតា ជាទុក្ខ ការស្លាប់បងប្អូនប្រុស ជាទុក្ខ ការស្លាប់បងប្អូនស្រី ជាទុក្ខ ការស្លាប់កូនប្រុស ជាទុក្ខ ការស្លាប់កូនស្រី ជាទុក្ខ ការញ្រត់ប្រាសញាតិ ជាទុក្ខ ការវិនាសភោគៈ ជាទុក្ខ វិនាសគឺរោគ ជាទុក្ខ វិនាសសីល ជាទុក្ខ វិនាសទិដ្ឋិ ជាទុក្ខ ការកើតឡើងនៃធម៌ទាំងឡាយណា រមែងប្រាកដក្នុងខាងដើម ការរលត់ទៅ (នៃធម៌ទាំងឡាយនោះ) រមែងប្រាកដដោយការវិនាស វិបាកអាស្រ័យកម្ម កម្មអាស្រ័យវិបាក រូបអាស្រ័យនាម នាមអាស្រ័យរូប ត្រូវជាតិទៅតាមហើយ ត្រូវជរាផេ្តតផ្តិតហើយ ត្រូវព្យាធិគ្របសង្កត់ហើយ ត្រូវមរណៈកំចាត់ហើយ តាំងនៅស៊ប់ក្នុងសេចក្តីទុក្ខ ឥតមានទីពឹង ឥតមានទីជ្រក ឥតមានទីរលឹក ឥតមានទីសង្ឃឹម នេះហៅថាទុក្ខ។ ទុក្ខជាភ័យធំ ជាគ្រឿងបៀតបៀន ជាគឿងគាប ជាគ្រឿងឧបទ្រព ជាឧបស័គ្គរបស់លោកនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទុក្ខជាភ័យធំរបស់លោកនោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលអជិតៈ លោក ត្រូវអវិជា្ជបិទបាំង លោកមិនភ្លឺស្វាង ព្រោះសេចក្តីបា្រថ្នាផ្សេង ៗ (និងសេចកី្តប្រហែស) តថាគតពោលនូវសេចកី្តបា្រថ្នាថា ជាគ្រឿងលាប ទុក្ខជាភ័យធំរបស់លោកនោះ។

[៦៥] (អជិតមាណពមានអាយុ ក្រាបបងំ្គទូលសួរដូច្នេះថា)

ខែ្សទាំងឡាយ មែងហូរទៅក្នុងទីទាំងពួង អ្វីជាគ្រឿងរារាំងនូវខែ្សទាំងឡាយ សូមព្រះអង្គទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ បុគ្គលបិទខ្សែទាំងឡាយដោយអ្វី។

[៦៦] អធិប្បាយពាក្យថា ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង ត្រង់ពាក្យថា ខ្សែទាំងឡាយ បានដល់ខ្សែគឺតណា្ហ ខ្សែគឺទិដ្ឋិ ខ្សែគឺកិលេស ខ្សែគឺទុច្ចរិត ខ្សែគឺអវិជ្ជា។ ពាក្យថា ក្នុងទីទាំងពួង គឺក្នុងអាយតនៈទាំងពួង។ ពាក្យថា ហូរទៅ សេចកី្តថា ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ គឺហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅ អំពីភែ្នកទៅកាន់រូប ហូរអំពីត្រចៀកទៅកាន់សមេ្លង ហូរអំពីច្រមុះទៅកាន់ក្លិន ហូរអំពីអណា្តតទៅកាន់រស ហូរអំពីកាយទៅកាន់ផ្សព្វ ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីចិត្តទៅកាន់ធម្មារម្មណ៍ រូបតណា្ហ ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីភែ្នក សទ្ទតណ្ហាហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីត្រចៀក គន្ធតណា្ហ ហូរទៅអំពីច្រមុះ រសតណា្ហ ហូរទៅអំពីអណ្ដាត ផោដ្ឋព្វតណា្ហ ហូរទៅអំពីកាយ ធម្មតណ្ហា ហូរទៅ ហូរសំយុង ហូរមិនដាច់ ប្រព្រឹត្តទៅអំពីចិត្ត ហេតុនោះ លោកសួរថា ខែ្សទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង។

[៦៧] ពាក្យថា ដូច្នេះនៃបទថា អជិតៈមានអាយុ (ទូលសួរ) ដូច្នេះ គឺជាការតបទ ជាការជាប់ដោយបទ ជាការបំពេញបទ ជាការប្រជុំនៃអក្ខរៈ ជាសេចក្តីពីរោះ ដោយព្យញ្ជនៈ ពាក្យថា ដូចេ្នះនេះ ជាលំដាប់នៃបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រលាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនេះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា អជិតៈ គឺជានាម ជាសង្ខារ ជាឈ្មោះ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមធេយ្យ ជាភាសា ជាព្យពា្ជនៈ ជាពាក្យហៅរបស់ព្រាហ្មណ៍នោះ ហេតុនោះ មានពាក្យថា អជិតៈមានអាយុ (ទូលសួរ) ដូច្នេះ។

[៦៨] ពាក្យថា អ្វីជាគ្រឿងរារាំងនូវខ្សែទាំងឡាយ គឺអ្វីជាគ្រឿងឃាត់ខាំង ជាគ្រឿងរារាំង ជាគ្រឿងបិទ ជាគ្រឿងរក្សា ជាគ្រឿងគ្រប់គ្រងនូវខ្សែទាំងឡាយ ហេតុនោះ លោកសួរថា អ្វីជាគ្រឿងរារាំងនូវខ្សែទាំងឡាយ។

[៦៩] ពាក្យថា សូមព្រះអង្គទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ គឺសូមព្រះអង្គពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធើ្វឲ្យងាយ ប្រកាសនូវធម៌ ជាគ្រឿងឃាត់ខាំង គ្រឿងរារាំង គ្រឿងបិទ គ្រឿងរក្សា គ្រឿងគ្រប់គ្រងខ្សែទាំងឡាយ ហេតុនោះ លោកសួរថា សូមព្រះអង្គ ទ្រង់សំដែងធម៌ជាគ្រឿងបិទខ្សែទាំងឡាយ។

[៧០] ពាក្យថា បុគ្គលបិទខ្សែទាំងឡាយដោយអ្វី គឺខ្សែទាំងឡាយ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយអ្វី ហេតុនោះ លោកសួរថា បុគ្គលបិទខ្សែទាំងឡាយដោយអ្វី។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

ខ្សែទាំងឡាយ រមែងហូរទៅក្នុងទីទាំងពួង អ្វីជាគ្រឿងរារាំងនូវខ្សែទាំងឡាយ សូមព្រះអង្គទ្រង់សំដែងធម៌ ជាគ្រឿងបិទខ្សែទាំងឡាយ បុគ្គលបិទខ្សែទាំងឡាយដោយអ្វី។

[៧១] (ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ)

ខ្សែទាំងឡាយណា ក្នុងលោក សតិ ជាគ្រឿងបិទខ្សែទាំងនោះ តថាគត ពោលនូវការបិទខ្សែទាំងឡាយ ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ញា។

[៧២] ពាក្យថា ខ្សែទាំងឡាយណា ក្នុងលោក សេចកី្តថា ខ្សែទាំងឡាយណា ដែលតថាគតពោល បា្រប់ សំដែង បញ្ញត្ត តាំងទុក ញែក ចែក ធើ្វឲ្យងាយ ប្រកាសហើយថា ខ្សែគឺតណា្ហ ខ្សែគឺទិដ្ឋិ ខ្សែគឺកិលេស ខ្សែគឺទុច្ចរិត ខ្សែគឺអវិជ្ជា។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនៈលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ខ្សែទាំងឡាយណា ក្នុងលោក។ ពាក្យថា អជិតៈ គឺព្រះមានព្រះភាគទ្រង់ត្រាស់ហៅព្រាហ្មណ៍នោះចំឈោ្មះ។

[៧៣] ពាក្យថា សតិជាគ្រឿងបិទទាំងនោះ ត្រង់ពាក្យថា សតិ បានដល់សេចកី្តរឭក សេចកី្តរឭករឿយៗ សេចកី្តរឭកចំពោះ សេចកី្តរឭក អាការនៃសេចកី្តរឭក សេចកី្តចាំ សេចកី្តជ្រួតជ្រាប សេចកី្តមិនវងេ្វង សេចក្តីរឭក ឥន្រ្ទិយគឺសតិ អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសតិ ផ្លូវជាទីទៅនៃបុគ្គលតែមួយ នេះហៅថា សតិ។ ពាក្យថា ជាគ្រឿងបិទ គឺជាគ្រឿងរារាំង ជាគ្រឿងបិទ ជាគ្រឿងឃាត់ខាំង ជាគ្រឿងរក្សា ជាគ្រឿងគ្រប់គ្រង ហេតុនោះ ទ្រង់ត្រាស់ថា សតិ ជាគ្រឿងបិទខ្សែទាំងនោះ។

[៧៤] ពាក្យថា តថាគតពោលនូវការបិទខ្សែទាំងឡាយ គឺតថាគតពោល បា្រប់ សំដែង បញ្ញត តាំងទុក ញែក ចែក ធើ្វឲ្យងាយ ប្រកាសនូវការរារាំង ឃាត់ខាំង បិទ រក្សា គ្រប់គ្រងនូវខ្សែទាំងឡាយ ហេតុនោះ ទ្រង់ត្រាស់ថា តថាគតពោលនូវការបិទខ្សែទាំងឡាយ។

[៧៥] អធិប្បាយពាក្យថា ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ញា ត្រង់ពាក្យថា បញ្ញា បានដល់ ប្រាជ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ។ ពាក្យថា ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ហា គឺខែ្សទាំងនោះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញា។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រពឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា សង្ខារទាំងពួងមិនទៀង។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា សង្ខារទាំងពួងជាទុក្ខ។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រពឹ្រត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា ធម៌ទាំងពួងជាអនត្តា។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ថានាម និងរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ថាអាយតនៈប្រាំមួយ (កើតមាន) ព្រោះនាម និងរូបជាបច្ច័យ ថាផស្សៈ (កើតមាន) ព្រោះអាយតនៈប្រាំមួយជាបច្ច័យ ថាវេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ថាតណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ថាឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ថាភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ថាជាតិ(កើតមាន) ព្រោះភពជាបច្ច័យ ថាជរា និងមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា សេចក្តីរលត់សង្ខារ ព្រោះការរលត់អវិជ្ជា ថាសេចក្តីរលត់វិញ្ញាណ ព្រោះការរលត់សង្ខារ ថាសេចក្តីរលត់នាម និងរូប ព្រោះការរលត់វិញ្ញាណ ថាសេចក្តីរលត់អាយតនៈប្រាំមួយ ព្រោះការរលត់នាម និងរូប ថាសេចក្តីរលត់ផស្សៈ ព្រោះការរលត់អាយតនៈប្រាំមួយ ថាសេចក្តីរលត់វេទនា ព្រោះការរលត់ផស្សៈ ថាសេចក្តីរលត់តណ្ហា ព្រោះការរលត់វេទនា ថាសេចក្តីរលត់ឧបាទាន ព្រោះការរលត់តណ្ហា ថាសេចក្តីរលត់ភព ព្រោះការរលត់ឧបាទាន ថាសេចក្តីរលត់ជាតិ ព្រោះការរលត់ភព ថាសេចក្តីរលត់ជរា និងមរណៈ ព្រោះការរលត់ជាតិ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា នេះទុក្ខ ថានេះហេតុឲ្យកើតទុក្ខ ថានេះសេចក្តីរលត់ទុក្ខ ថានេះបដិបទាដំណើរទៅកាន់ទីរលត់ទុក្ខ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា នេះពួកអាសវៈ ថានេះហេតុឲ្យកើតអាសវៈ ថានេះសេចក្តីរលត់អាសវៈ ថានេះបដិបទាដំណើរទៅកាន់ទីរលត់អាសវៈ។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា ធម៌ទាំងនេះ គប្បីត្រាស់ដឹង ថាធម៌ទាំងនេះ គប្បីកំណត់ដឹង ថាធម៌ទាំងនេះ គប្បីលះ ថាធម៌ទាំងឡាយនេះ គប្បីចំរើន ថាធម៌ទាំងឡាយនេះ គប្បីធ្វើឲ្យជាក់ច្បាស់។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញសេចក្តីកើតឡើង វិនាសទៅ អានិសង្ស ទោស និងកិរិយារលាស់ចេញនូវផស្សាយតនៈទាំងប្រាំមួយ។ ខ្សែទាំងនោះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញ សេចក្តីកើតឡើង វិនាសទៅ អានិសង្ស ទោស និងកិរិយារលាស់ចេញនូវផស្សាយតនៈទាំងប្រាំមួយ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញ សេចក្តីកើតឡើង វិនាសទៅ អានិសង្ស ទោស និងកិរិយារលាស់ចេញនូវឧបាទានក្ខន្ធ ៥ អ្នកដឹង អ្នកឃើញ នូវការកើតឡើង វិនាសទៅ អានិសង្ស ទោស និងកិរិយារលាស់ចេញនូវមហាភូតទាំង ៤ អ្នកដឹង អ្នកឃើញថា ធម៌ណាមួយមានសភាពកើតឡើងហើយ ធម៌ទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា (ហេតុនោះ ទ្រង់ត្រាស់ថា) ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ញា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ម្នាលអជិតៈ ខ្សែទាំងឡាយណា ក្នុងលោក សតិជាគ្រឿងបិទខ្សែទាំងនោះ តថាគតពោលនូវការបិទខ្សែទាំងឡាយ ខ្សែទាំងនុ៎ះ បុគ្គលបិទបានដោយបញ្ញា។

[៧៦] (អជិតៈមានអាយុ ក្រាបបង្គំទូលថា)

បពិត្រព្រះអង្គនិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ តើធម៌នុ៎ះ រលត់ទៅក្នុងទីណា។

[៧៧] ពាក្យថា បញ្ញា ១ សតិ ១ ត្រង់ពាក្យថា បញ្ញា បានខាងប្រាជ្ញា ការដឹងច្បាស់ ការពិចារណា ការពិចារណាឃើញ ការកំណត់ ការកំណត់ដឹង ការកំណត់ដឹងសព្វ ភាពនៃការឈ្លាសវៃ ភាពនៃការវាងវៃ ភាពនៃបញ្ញាដ៏ពេញលេញ សេចក្តីយល់ច្បាស់ ការគិត ការរំពឹង ប្រាជ្ញាក្រាស ប្រាជ្ញាសម្រាប់ទំលាយបង់នូវកិលេស ប្រាជ្ញាសម្រាប់ដឹកនាំ ប្រាជ្ញាសម្រាប់ឃើញច្បាស់ សេចក្តីដឹងច្បាស់ សភាពនៃការទំលុះបញ្ញា ឥន្រ្ទិយគឺបញ្ញា កំលាំងគឺបញ្ញា សស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ការរុងរឿងគឺបញ្ញា កែវគឺបញ្ញា សេចក្តីមិនវង្វេង ការពិចារណាធម៌ សេចក្តីយល់ត្រូវ។ ពាក្យថា សតិ បានដល់ សេចក្តីរឭក សេចក្តីរឭករឿយ ៗ។បេ។ សេចក្តីរឭកត្រូវ ហេតុនោះ (មានពាក្យថា) អជិតមាណពដ៏មានអាយុ ពោលថា បញ្ញា ១ សតិ ១។

[៧៨] ពាក្យថា បពិត្រព្រះអង្គជានិរទុក្ខ នាម និងរូប ១ ត្រង់ពាក្យថា នាម បានដល់ អរូបក្ខន្ធ ៤។ ពាក្យថា រូប គឺមហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង ៤។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គជានិរទុក្ខ ជាពាក្យពោលដោយគោរព កោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ នាម និងរូប ១។

[៧៩] ពាក្យថា ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា នូវសេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គ គឺខ្ញុំព្រះអង្គសួរសេចក្តីណា សូមសេចក្តីណា អារាធនាសេចក្តីណា ជ្រះថ្លាសេចក្តីណា។ ពាក្យថា ខ្ញុំព្រះអង្គសួរហើយ គឺខ្ញុំព្រះអង្គសួរ សូមអារាធនា ជ្រះថ្លាហើយ។ ពាក្យថា សូមទ្រង់សំដែងប្រាប់ គឺសូមទ្រង់ពោល ប្រាប់ សំដែង បញ្ញត តាំងទុក ញែក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ។

[៨០] ពាក្យថា តើធម៌នុ៎ះ រលត់ទៅក្នុងទីណា គឺធម៌នុ៎ះ រលត់ទៅ រម្ងាប់ទៅ ដល់នូវសេចក្តីវិនាស ស្ងប់រម្ងាប់ទៅក្នុងទីណា ហេតុនោះ (លោកសួរថា) ធម៌នុ៎ះរលត់ទៅក្នុងទីណា។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជានិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គ តើធម៌នុ៎ះ រលត់ទៅក្នុងទីណា។

[៨១] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលអជិតៈ អ្នកបានសួរហើយ នូវប្រស្នាណា តថាគតនឹងពោលនូវប្រស្នានោះដល់អ្នក នាម និងរូប រលត់មិនមានសេសសល់ក្នុងទីណា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ។

[៨២] ពាក្យថា អ្នកបានសួរហើយនូវប្រស្នាណា ត្រង់ពាក្យថា នូវប្រស្នាណា គឺនូវបញ្ញា សតិ និងនាមរូប។ ពាក្យថា បានសួរហើយ គឺសួរ សូមអារាធនា ជ្រះថ្លាហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបានសួរហើយនូវប្រស្នាណា។

[៨៣] ពាក្យថា អជិតៈ នៃបទថា ម្នាលអជិតៈ តថាគតនឹងពោលប្រស្នានោះដល់អ្នក គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះចំឈ្មោះ។ ពាក្យថា នូវប្រស្នានោះ គឺនូវបញ្ញាផង សតិផង នាម និងរូបផង។ ពាក្យថា នឹងពោល គឺនឹងពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក ញែក ចែក ធ្វើឲ្យងាយ ប្រកាស នូវប្រស្នានោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលអជិតៈ តថាគតនឹងពោលនូវប្រស្នានោះដល់អ្នក។

[៨៤] ពាក្យថា នាម និងរូប រលត់មិនមានសេសសល់ក្នុងទីណា ត្រង់ពាក្យថា នាម បានដល់ អរូបក្ខន្ធ ៤។ ពាក្យថា រូប គឺមហាភូតរូប ៤ និងរូបអាស្រ័យមហាភូតរូប ៤។ ពាក្យថា មិនមានសេសសល់ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសេសសល់ រកសេសសល់គ្មាន ពាក្យថា មិនមានសេសសល់នេះ ជាពាក្យរួមយក។ ពាក្យថា រលត់ គឺរលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) នាម និងរូបរលត់មិនមានសេសសល់ក្នុងទីណា។

[៨៥] ពាក្យថា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ អធិប្បាយថា ធម៌ទាំងឡាយណា គឺនាម និងរូប គប្បីកើតក្នុងសង្សារ មានទីបំផុតខាងដើម ដែលគេមិនអាចដឹងបាន វៀរលែងតែកំណើតប្រាំពីរចេញ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងសោតាបត្តិមគ្គនុ៎ះ ព្រោះកិរិយារលត់អភិសង្ខារវិញ្ញាណ2) ដោយសោតាបត្តិមគ្គញ្ញាណ។ ធម៌ទាំងឡាយណា គឺនាម និងរូប គប្បីកើតក្នុងកំណើតប្រាំ វៀរលែងតែកំណើតពីរ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងសកទាគាមិមគ្គនុ៎ះ ព្រោះកិរិយារលត់អភិសង្ខារវិញ្ញាណ ដោយសកទាគាមិមគ្គញ្ញាណ។ ធម៌ទាំងឡាយណា គឺនាម និងរូប គប្បីកើតក្នុងកាមធាតុកី្ត រូបធាតុកី្ត អរូបធាតុកី្ត វៀរលែងតែកំណើតមួយ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងអនាគាមិមគ្គនុ៎ះ ព្រោះកិរិយារលត់អភិសងា្ខរវិញ្ញាណ ដោយអនាគាមិមគ្គញ្ញាណ។ ធម៌ទាំងឡាយណា គឺនាម និងរូប គប្បីកើត ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងអរហត្តមគ្គនុ៎ះ ព្រោះកិរិយារលត់អភិសង្ខារវិញ្ញាណ ដោយអរហត្តមគ្គញ្ញាណ។ ព្រះអរហន្ត កាលបរិនិព្វានដោយអនុបាទិសេសបរិនិព្វានធាតុ បញ្ញាផង សតិផង នាម និងរូបផង ធម៌ទាំងនុ៎ះ តែងរលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងអរហត្តមគ្គនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណមុន ហេតុនោះ (ទ្រង់ត្រាស់ថា) នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលអជិតៈ អ្នកបានសួរហើយនូវប្រស្នាណា តថាគតនឹងពោលនូវប្រស្នានោះដល់អ្នក នាម និងរូប រលត់មិនមានសេសសល់ក្នុងទីណា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ។

[៨៦] (អជិតៈសួរថា)

បុគ្គលទាំងឡាយណា មានធម៌ពិចារណាឃើញហើយ និងបុគ្គលទាំងឡាយណា ជាសេក្ខៈ មានប្រមាណច្រើនក្នុងទីនេះ បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាបុគ្គលមានបញ្ញាចាស់ក្លា ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់ត្រាស់ប្រាប់នូវសេចក្តីប្រព្រឹត្តិរបស់បុគ្គលទាំងឡាយនោះ ដល់ខ្ញុំព្រះអង្គ។

[៨៧] ពាក្យថា បុគ្គលទាំងឡាយណា មានធម៌ពិចារណាឃើញហើយ អធិប្បាយថា អរហន្តខីណាស្រពទាំងឡាយ លោកហៅថា អ្នកមានធម៌ពិចារណាឃើញហើយ។ ព្រោះហេតុអ្វី អរហន្តខីណាស្រពទាំងឡាយ លោកហៅថា អ្នកមានធម៌ពិចារណាឃើញហើយ។ អរហន្តខីណាស្រពទាំងនោះ មានធម៌ពិចារណាឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិនិត្យហើយ មានធម៌ប្រាកដហើយ មានធម៌ចំរើនច្បាស់ហើយ គឺមានធម៌ពិចារណាឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិនិត្យហើយ មានធម៌ប្រាកដហើយ មានធម៌ចំរើនច្បាស់ហើយថា សង្ខារទាំងពួងមិនទៀង មានធម៌ពិចារណាឃើញហើយ។បេ។ ថា សង្ខារទាំងពួងជាទុក្ខ មានធម៌ពិចារណាឃើញហើយ។បេ។ ថា ធម៌ទាំងពួងជាអនត្តា មានធម៌ពិចារណាឃើញហើយ។បេ។ ថា សង្ខារទាំងឡាយកើតមាន ញ្រេះអវិជ្ជាជាបច្ច័យ មានធម៌ពិចារណាឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិនិត្យហើយ មានធម៌ប្រាកដហើយ មានធម៌ចំរើនច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ មួយទៀតថា ព្រះអរហន្តទាំងនោះ មានខន្ធពិចារណាឃើញហើយ មានធាតុពិចារណាឃើញហើយ មានអាយតនៈពិចារណាឃើញហើយ មានគតិពិចារណាឃើញហើយ មានឧបបត្តិពិចារណាឃើញហើយ មានបដិសន្ធិពិចារណាឃើញហើយ មានភពពិចារណាឃើញហើយ មានសង្សារពិចារណាឃើញហើយ មានវដ្តៈពិចារណាឃើញហើយ។ មួយទៀតថា ព្រះអរហន្តខីណាស្រពទាំងឡាយនោះ តាំងនៅក្នុងទីបំផុតខន្ធ តាំងនៅក្នុងទីបំផុតធាតុ តាំងនៅក្នុងទីបំផុតអាយតនៈ តាំងនៅក្នុងទីបំផុតគតិ តាំងនៅក្នុងទីបំផុតឧបបត្តិ តាំងនៅក្នុងទីបំផុតបដិសន្ធិ តាំងនៅក្នុងទីបំផុតភព តាំងនៅក្នុងទីបំផុតសង្សារ តាំងនៅក្នុងទីបំផុតវដ្ដៈ តាំងនៅក្នុងភពជាទីបំផុត តាំងនៅក្នុងសរីរៈជាទីបំផុត មានកិរិយាទ្រទ្រង់នូវរាងកាយជាទីបំផុត។

នេះ រាងកាយជាទីបំផុត នេះ រាងកាយខាងក្រោយរបស់ព្រះអរហន្តទាំងនោះ ការអន្ទោលទៅកាន់ជាតិ និងមរណៈ និងការកើតក្នុងភពថ្មីរបស់ព្រះអរហន្តទាំងនោះ មិនមានទេ។

ហេតុនោះ ព្រះអរហន្តខីណាស្រពទាំងឡាយ លោកហៅថា អ្នកមានធម៌ពិចារណាឃើញហើយ ហេតុនោះ លោកសួរថា បុគ្គលទាំងឡាយណា មានធម៌ពិចារណាឃើញហើយ។

[៨៨] អធិប្បាយពាក្យថា បុគ្គលទាំងឡាយណា ជាសេក្ខៈ មានប្រមាណច្រើនក្នុងទីនេះ បុច្ឆាត្រង់ពាក្យថា សេក្ខៈបុគ្គលទាំងឡាយ ដែលលោកហៅថា សេក្ខៈ ព្រោះហេតុអ្វី។ ឈ្មោះថា សេក្ខៈ ព្រោះនៅសិក្សា។ នៅសិក្សាអ្វី។ នៅសិក្សាអធិសីលខ្លះ សិក្សាអធិចិត្តខ្លះ សិក្សាអធិប្បញ្ញាខ្លះ។

អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអចារៈ និងគោចរៈ ឃើញភ័យក្នុងទោសបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូចក្តី សីលក្ខន្ធធំក្តី សីលជាទីពឹង ជាគ្រឿងរារាំង ជាការសង្រួម ជាការបិទ ជាប្រធាន ជាប្រមុខនៃការបាននូវកុសលធម៌ទាំងឡាយ នេះជាអធិសីលសិក្ខា។

អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងធម្មវិន័យនេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតអំពីវិវេក ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន នេះជាអធិចិត្តសិក្ខា។

អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ទៅក្នុងសេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាដ៏ប្រសើរ ចាក់ធ្លុះដល់នូវសេចក្តីអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុឲ្យកើតទុក្ខ នេះសេចក្តីរលត់ទុក្ខ នេះបដិបទាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះអាសវៈ នេះហេតុឲ្យកើតអាសវៈ នេះសេចក្តីរលត់អាសវៈ នេះបដិបទាដំណើទៅកាន់ទីរលត់អាសវៈ នេះជាអធិប្បញ្ញាសិក្ខា។

សេក្ខបុគ្គលទាំងឡាយ ពិចារណាសិក្សាសិក្ខាទាំង ៣ នេះ ដឹងសិក្សា តាំងចិត្តសិក្សា ចុះចិត្តស៊ប់ដោយសទ្ធាសិក្សា ផ្គងព្យាយាមសិក្សា តាំងសតិសិក្សា តាំងចិត្តដោយប្រពៃសិក្សា ដឹងច្បាស់ដោយបញ្ញាសិក្សា ដឹងប្រាកដនូវធម៌ដែលគួរដឹងប្រាកដសិក្សា កំណត់ដឹងធម៌ដែលគួរកំណត់ដឹងសិក្សា លះបង់ធម៌ដែលគួរលះបង់សិក្សា ចំរើនធម៌ដែលគួរចំរើនសិក្សា ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា ប្រព្រឹត្ត ប្រព្រឹត្តដោយគោរព ប្រព្រឹត្តដោយប្រពៃ សមាទាន ប្រព្រឹត្ត ហេតុនោះ ទើបលោកហៅថា សេក្ខៈ។ ពាក្យថា មានប្រមាណច្រើន សេក្ខបុគ្គលទាំងឡាយនុ៎ះ មានប្រមាណច្រើន គឺ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិ (ដើម្បីសោតៈ ១) សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ (ដើម្បីសកទាគាមិ ១) អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិ (ដើម្បីអនាគាមិ ១) អរហន្ត ១ បុគ្គលប្រតិបត្តិ (ដើម្បីព្រះអរហត្ត ១) ពាក្យថា ក្នុងទីនេះ គឺក្នុងទិដ្ឋិនេះ ក្នុងការគួរនេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុងសេចក្តីប្រកាន់នេះ ក្នុងវិន័យនេះ ក្នុងធម៌នេះ ក្នុងធម្មវិន័យនេះ ក្នុងសាសនានេះ ក្នុងព្រហ្មចរិយនេះ ក្នុងសត្ថុសាសនានេះ ក្នុងអត្ថភាពនេះ ក្នុងមនុស្សលោកនេះ ហេតុនោះ (លោកសួរថា) បុគ្គលទាំងឡាយណា ជាសេក្ខៈ មានប្រមាណច្រើន ក្នុងទីនេះ។

[៨៩] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាបុគ្គលមានបញ្ញាចាស់ក្លា ខ្ញុំព្រះអង្គសួរហើយ សូមព្រះអង្គត្រាស់សំដែងសេចក្តីប្រព្រឹត្តិរបស់បុគ្គលទាំងឡាយនោះ ដល់ខ្ញុំព្រះអង្គ សេចក្តីថា ព្រះអង្គជាបុគ្គលមានបញ្ញាចាស់ក្លា ជាបណ្ឌិតមានបញ្ញា មានបញ្ញាជាគ្រឿងត្រាស់ដឹង មានញាណ មានបញ្ញាជាគ្រឿងជ្រាបច្បាស់ មានបញ្ញាជាគ្រឿងទំលាយកិលេស (សូមទ្រង់ត្រាស់ប្រាប់) នូវសេចក្តីប្រព្រឹត្តិ ចរិយា ការប្រព្រឹត្តិ មារយាទ គោចរ ឥរិយាបថ បដិបទានៃអរហន្ត និងសេក្ខបុគ្គលទាំងឡាយនោះ ដល់ខ្ញុំព្រះអង្គ។ សួរហើយ គឺសួរ ដណ្ដឹង សូម អារាធនា ជ្រះថ្លាហើយ។ ពាក្យថា សូមទ្រង់ត្រាស់ប្រាប់ គឺសូមទ្រង់ពោល ត្រាស់បញ្ចេញ សំដែង បញ្ញត្ត តាំងទុក វែកញែក ចែក ធ្វើឲ្យងាយ ប្រកាស។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះជាពាក្យជាទីស្រលាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះជាពាក្យពោលដោយគោរព កោតក្រែង ហេតុនោះ (លោកសួថា) បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាបុគ្គលមានបញ្ញាចាស់ក្លា ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់ត្រាស់ប្រាប់សេចក្តីប្រព្រឹត្តិនៃបុគ្គលទាំងឡាយនោះ ដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បុគ្គលទាំងឡាយណា មានធម៌ពិចារណាឃើញហើយ និងបុគ្គលទាំងឡាយណា ជាសេក្ខៈ មានប្រមាណច្រើនក្នុងទីនេះ បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាបុគ្គលមានបញ្ញាចាស់ក្លា ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់ត្រាស់ប្រាប់សេចក្តីប្រព្រឹត្តិនៃបុគ្គលទាំងឡាយនោះ ដល់ខ្ញុំព្រះអង្គ។

[៩០] (ព្រះមានព្រះភាគត្រាស់ថា)

បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ មិនគប្បីធ្វើចិត្តឲ្យល្អក់ ជាបុគ្គលឈ្លាសវៃក្នុងធម៌ទាំងពួង គប្បីប្រព្រឹត្ត មានសតិជាភិក្ខុ។

[៩១] អធិប្បាយពាក្យថា បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។

វត្ថុកាម តើដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផ្សព្វជាទីគាប់ចិត្ត កម្រាល គ្រឿងស្លៀកពាក់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល ញី ស្រែ ចម្ការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ សេនានិករ ឃ្លាំង វត្ថុជាទីតាំងនៃសេចក្តីត្រេកអរណាមួយ ឈ្មោះថា វត្ថុកាម។ មួយទៀត កាមជាអតីត កាមជាអនាគត កាមជាបច្ចុប្បន្ន កាមខាងក្នុង កាមខាងក្រៅ កាមទាំងខាងក្នុងទាំងខាងក្រៅ កាមថោកទាប កាមយ៉ាងកណ្តាល កាមខ្ពង់ខ្ពស់ កាមប្រព្រឹត្តទៅក្នុងអបាយ កាមជារបស់មនុស្ស កាមជាទិព្វ កាមដែលតាំងឡើងឯង កាមដែលនិម្មិត កាមដែលបុគ្គលដទៃនិម្មិត កាមដែលហួងហែង កាមដែលមិនហួងហែង កាមដែលរាប់អាន កាមដែលមិនរាប់អាន ធម៌ជាកាមាវចរទាំងអស់ក្តី ធម៌ជារូបាវចរទាំងអស់ក្តី ធម៌ជាអរូបាវចរទាំងអស់ក្តី ជាវត្ថុនៃតណ្ហា ជាអារម្មណ៍នៃតណ្ហា ឈ្មោះថា កាម ដោយសេចក្តីថា គប្បីប្រាថ្នា ដោយសេចក្តីថា គប្បីត្រេកអរ ដោយសេចក្តីថា គប្បីស្រវឹង ទាំងនេះ លោកហៅថា វត្ថុកាម។

កិលេសកាម តើដូចម្តេច។ ចំណង់ ឈ្មោះថា កាម តម្រេកឈ្មោះថា កាម ចំណង់ និងតម្រេកឈ្មោះថា កាម តម្រិះ ឈ្មោះថា កាម តម្រេក ឈ្មោះថា កាម តម្រិះ និងតម្រេក ឈ្មោះថា កាម បានដល់ ចំណង់គឺកាមក្នុងកាមទាំងឡាយ តម្រេកគឺកាម សេចក្តីរីករាយគឺកាម តណ្ហាគឺកាម សេចក្តីស្នេហាគឺកាម សេចក្តីស្រេកឃ្លានគឺកាម សេចក្តីអន្ទះអន្ទែងគឺកាម សេចក្តីប្រាថ្នាគឺកាម សេចក្តីជ្រប់គឺកាម កិរិយាលង់ចុះគឺកាម អន្លង់គឺកាម គ្រឿងប្រកបគឺកាម សេចក្តីប្រកាន់គឺកាម នីវរណៈគឺកាមច្ឆន្ទៈ។

ម្នាលកាម តថាគតឃើញទីតាំងរបស់អ្នកហើយ ម្នាលកាម អ្នកកើតអំពីសេចក្តីត្រិះរិះ តថាគតនឹងលែងត្រិះរិះរកអ្នក ម្នាលកាម អ្នកនឹងមិនមានដោយប្រការយ៉ាងនេះ។

ពួកនេះ លោកហៅថា កិលេសកាម។ តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាង តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ បានសេចក្តីថា បុគ្គលមិនគប្បីប្រាថ្នា មិនគប្បីជាប់នៅ ក្នុងកិលេសកាម និងវត្ថុកាមទាំងឡាយ គឺជាអ្នកមិនប្រាថ្នា មិនលង់ចុះ មិនជ្រប់ មិនងប់ ប្រាសចាកប្រាថ្នា ចោលប្រាថ្នា ខ្ជាក់ប្រាថ្នា លែងប្រាថ្នា លះប្រាថ្នា លះចោលប្រាថ្នា ប្រាសចាករាគៈ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់ចោលរាគៈ ចេញចាកតណ្ហា មានសភាពរលត់ មានត្រជាក់កើតហើយ មានកិរិយាបានចំពោះនូវសុខ គប្បីនៅដោយខ្លួនដ៏ប្រសើរ ហេតុនោះ ទ្រង់ត្រាស់ថា បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ។

[៩២] អធិប្បាយពាក្យថា មិនគប្បីធ្វើចិត្តឲ្យល្អក់ ត្រង់ពាក្យថា ចិត្ត បានដល់ ធម្មជាតសម្រាប់ត្រិះរិះ សម្រាប់ដឹង សម្រាប់ប្រាថ្នា ហឫទ័យ ភវង្គចិត្ត មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ។ ចិត្ត ជាធម្មជាតល្អក់ វឹកវរ ញាប់ញ័រ ចង្អៀតចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិនស្ងប់ ដោយកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រាគៈ ទោសៈ មោហៈ ក្រោធ ការចងក្រោធទុក ការលុបលាងគុណ ការវាយឫកស្មើ សេចក្តីឈ្នានីស សេចក្តីកំណាញ់ ការលាក់ពុត ការអួតអាង ការចចេស ការប្រណាំងវាសនា មានះ ការមើលងាយ សេចក្តីស្រវឹង និងសេចក្តីប្រហែស ចិត្តនោះ ជាធម្មជាតល្អក់ វឹកវរ ញាប់ញ័រ ចង្អៀតចង្អល់ ឃ្លេងឃ្លោង ភ្ញាក់ផ្អើល មិនស្ងប់ ដោយកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង។ ពាក្យថា មិនគប្បីធ្វើចិត្តឲ្យល្អក់ បានន័យថា មិនគប្បីមានចិត្តល្អក់ មិនវឹកវរ មិនញាប់ញ័រ មិនចង្អៀតចង្អល់ មិនឃ្លេងឃ្លោង មិនភ្ញាក់ផ្អើល ស្ងប់ គប្បីលះបង់ លះបង់ផ្តាច់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវកិលេសទាំងឡាយជាគ្រឿងធ្វើឲ្យល្អក់ មួយទៀត ជាបុគ្គលឆ្ងាយ វៀរ វៀរស្រឡះ ចេញផុត ស្ងប់ រួចស្រឡះ ប្រកប ប្រាស ចាកកិលេសទាំងឡាយជាគ្រឿងធ្វើឲ្យល្អក់ គប្បីទៅដោយចិត្តប្រាសចាកសេចក្តីសល់វ៉ល់ (ហេតុនោះ ទ្រង់ត្រាស់ថា) មិនគប្បីធ្វើចិត្តឲ្យល្អក់។

[៩៣] ពាក្យថា ឈ្លាសវៃក្នុងធម៌ទាំងពួង អធិប្បាយថា ឈ្លាសវៃក្នុងធម៌ទាំងពួងថា សង្ខារទាំងពួងមិនទៀង ឈ្លាសវៃក្នុងធម៌ទាំងពួងថា សង្ខារទាំងពួងជាទុក្ខ ឈ្លាសវៃក្នុងធម៌ទាំងពួងថា ធម៌ទាំងពួងជាអនត្តា ឈ្លាសវៃក្នុងធម៌ទាំងពួងថា សង្ខារទាំងឡាយ (មាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ឈ្លាសវៃក្នុងធម៌ទាំងពួងថា ធម្មជាតណាមួយ មានសភាពកើតឡើង ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅជាធម្មតា បុគ្គលឈ្លាសវៃក្នុងធម៌ទាំងពួង យ៉ាងនេះឯង។ មួយទៀត ឈ្លាសវៃក្នុងធម៌ទាំងពួងថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាសរ ជាអន្តរាយ ជាជម្ងឺ ជារបស់ដទៃ ជារបស់វិនាស ជាចង្រៃ ជាឧបទ្រព ជារបស់មិនគួរប្រាថ្នា ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់ពុករលួយ ជារបស់មិនឋិតឋេរ ជារបស់ពឹងមិនបាន ជារបស់ពួនមិនបាន ជារបស់មិនមែនជាទីរឭក ជារបស់សង្ឃឹមមិនបាន ជារបស់ឥតអំពើ ជារបស់ទទេ ជារបស់សូន្យ ជារបស់មិនមែនខ្លួន ជាទោស ជារបស់តែងប្រែប្រួល ជារបស់ឥតខ្លឹម ជាទីតាំងនៃទុក្ខ ជាអ្នកសម្លាប់ ជារបស់ប្រាសចាកសេចក្តីចំរើន ជារបស់ប្រកបដោយអាសវៈ ជារបស់ដែលបច្ច័យតាក់តែង ជានុយរបស់មារ ជារបស់មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹងជាធម្មតា មានគ្រឿងសៅហ្មងជាធម្មតា មានការកើត មានការវិនាស មានសភាពមិនគួរជ្រះថ្លា ជាទោស មានការរើចេញមិនបាន បុគ្គលឈ្លាសវៃក្នុងធម៌ទាំងពួង យ៉ាងនេះឯង។ មួយទៀត ឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទ្ធិបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងនិព្វាន បុគ្គលជាអ្នកឈ្លាសវៃក្នុងធម៌ទាំងពួង យ៉ាងនេះឯង។ មួយទៀត អាយតនៈ ១២ គឺភែ្នក និងរូប ត្រចៀក និងសំឡេង ច្រមុះ និងក្លិន អណ្ដាត និងរស កាយ និងផ្សព្វ ចិត្ត និងធម៌ ហៅថា ធម៌ទាំងពួង។ តម្រេកក្នុងអាយតនៈជាខាងក្នុង ខាងក្រៅទាំងឡាយ ជាកិលេសដែលបុគ្គលនោះលះបង់ មានឫសផ្តាច់ចោលហើយ ធ្វើមិនឲ្យមានទីតាំង ដូចជាដើមត្នោត មិនឲ្យមានបែបភាព មិនឲ្យមានសភាពកើតឡើងតទៅ ដោយហេតុណា បុគ្គលនោះឈ្មោះថា ឈ្លាសវៃក្នុងធម៌ទាំងពួង ដោយហេតុប៉ុណ្ណេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឈ្លាសវៃក្នុងធម៌ទាំងពួង។

[៩៤] អធិប្បាយពាក្យថា គប្បីប្រព្រឹត្ត មានសតិជាភិក្ខុ ត្រង់ពាក្យថា មានសតិ គឺឈ្មោះថា មានសតិ ដោយហេតុ ៤ គឺ ចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថាមានសតិ ចំរើនវេទនានុបស្សនាសតិប្បដ្ឋានក្នុងវេទនាទាំងឡាយ ឈ្មោះថាមានសតិ ចំរើនចិត្តានុបស្សនាសតិប្បដ្ឋានក្នុងចិត្ត ឈ្មោះថាមានសតិ ចំរើនធម្មានុបស្សនាសតិប្បដ្ឋានក្នុងធម៌ទាំងឡាយ ឈ្មោះថាមានសតិ។ មានសតិដោយហេតុ ៤ ដទៃទៀតគឺ ឈ្មោះថា មានសតិ ព្រោះវៀរចាកការមិនមានសតិ មានសតិ ព្រោះបានធ្វើធម៌ដែលគប្បីធ្វើដោយសតិ មានសតិ ព្រោះកំចាត់ចោលធម៌ដែលជាសត្រូវដល់សតិ មានសតិ ព្រោះមិនភ្លេចធម៌ជានិមិត្តរបស់សតិ។ មានសតិ ដោយហេតុ ៤ ដទៃទៀតគឺ ឈ្មោះថា មានសតិ ព្រោះជាអ្នកបរិបូណ៌ដោយសតិ មានសតិព្រោះថ្នឹកដោយសតិ មានសតិ ព្រោះស្ទាត់ជំនាញដោយសតិ មានសតិ ព្រោះមិនងាកចោលសតិ។ មានសតិដោយហេតុ ៤ ដទៃទៀតគឺ ឈ្មោះថា មានសតិ ព្រោះជាអ្នកមានសតិ មានសតិ ព្រោះជាអ្នកស្ងប់ មានសតិ ព្រោះជាអ្នករម្ងាប់ មានសតិ ព្រោះបរិបូណ៌ដោយសប្បុរិសធម៌។ ឈ្មោះថា មានសតិ ព្រោះការរឭករឿយ ៗ នូវព្រះពុទ្ធ មានសតិ ព្រោះការរឭករឿយ ៗ នូវព្រះធម៌ មានសតិ ព្រោះការរឭករឿយ ៗ នូវព្រះសង្ឃ មានសតិ ព្រោះការរឭករឿយ ៗ នូវសីលមានសតិ ព្រោះការរឭករឿយ ៗ នូវចាគៈ មានសតិ ព្រោះការរឭករឿយ ៗ នូវធម៌ ដែលធ្វើឲ្យជាទេវតា មានសតិ ព្រោះការរឭករឿយ ៗ នូវខ្យល់ដង្ហើមចេញចូល មានសតិ ព្រោះការរឭករឿយ ៗ នូវសេចក្តីស្ងប់ មានសតិ ដោយការរឭក ប្រព្រឹត្តទៅក្នុងកាយ មានសតិ ព្រោះការរឭករឿយ ៗ នូវព្រះនិព្វាន។ ការរឭក។បេ។ ការរឭកត្រូវ ការរឭកជាអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹង ជាផ្លូវជាទីទៅនៃបុគ្គលម្នាក់ឯងណា នេះ លោកហៅថា សតិ។ ភិក្ខុប្រកប ប្រកបព្រម ចូលទៅ ចូលទៅជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រមហើយ ដោយសតិនោះ ភិក្ខុនោះ លោកហៅថា មានសតិ។ ពាក្យថា ភិក្ខុ គឺថាភិក្ខុ ព្រោះជាអ្នកទំលាយធម៌ប្រាំពីរគឺ ទំលាយសក្កាយទិដ្ឋិ ទំលាយវិចិកិច្ឆា ទំលាយសីលព្វតបរាមាស ទំលាយរាគៈ ទំលាយទោសៈ ទំលាយមោហៈ ទំលាយមានះ ទំលាយអកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយគ្រឿងសៅហ្មងព្រម ដែលឲ្យបដិសន្ធិក្នុងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល ជាបច្ច័យនៃជាតិ ជរា មរណៈ ក្នុងអនាគត។

ព្រះមានព្រះភាគត្រាស់ថា ម្នាលសភិយៈ បុគ្គលដល់នូវបរិនិព្វាន ដោយមគ្គដែលខ្លួនចំរើនហើយ មានសេចក្តីសង្ស័យឆ្លងហើយ លះបង់នូវសេចក្តីវិនាស និងសេចក្តីចំរើន មានមគ្គអប់រំហើយ មានភពថ្មីអស់ហើយ បុគ្គលនោះ ហៅថា ភិក្ខុ។

ពាក្យថា គប្បីប្រព្រឹត្តមានសតិជាភិក្ខុ បានន័យថា គប្បីប្រព្រឹត្តមានស្មារតីជាភិក្ខុ គឺគប្បីមានសតិដើរទៅ មានសតិឈរ មានសតិអង្គុយ មានសតិសម្រេចនូវសេយ្យាសន៍ មានសតិឈានទៅ មានសតិឈានថយ មានសតិក្រឡេកមើល មានសតិក្រឡេកមើលផ្សេង ៗ មានសតិបត់ចូល (នូវអវយវៈ) មានសតិលា (នូវអវយវៈ) មានសតិទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ មានសតិត្រាច់ទៅ គប្បីមានសតិសម្រាន្តនៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ទ្រង់ត្រាស់ថា គប្បីប្រព្រឹត្តមានសតិជាភិក្ខុ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលមិនគប្បីប្រាថ្នាក្នុងកាមទាំងឡាយ មិនគប្បីធ្វើចិត្តឲ្យល្អក់ ជាបុគ្គលឈ្លាសវៃក្នុងធម៌ទាំងពួង គប្បីប្រព្រឹត្តមានសតិជាភិក្ខុ។

[៩៥] ព្រាហ្មណ៍ទាំងឡាយ មានអធ្យាស្រ័យតែមួយ មានបយោគតែមួយ មានសេចក្តីប៉ុនប៉ងតែមួយ3) មានធម៌ជាគ្រឿងអប់រំតែមួយ អប់រំហើយ (ក្នុងពុទ្ធសាសនាជាអតីត) ជាមួយគ្នា មួយអន្លើដោយព្រាហ្មណ៍ (ឈ្មោះអជិតៈ) នោះ ធម្មចក្ខុ គឺសោតាបត្តិមគ្គ មានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ កើតឡើងដល់ពាន់នៃសត្វដ៏ច្រើនទាំងនោះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ឯ (អជិតៈ) ព្រាហ្មណ៍នោះ មានចិត្តផុតស្រឡះហើយ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដំណាលគ្នាដោយការចប់គាថា។ (លំដាប់នោះ) ស្បែកខ្លាជដា សំពត់សំបកឈើ ឈើច្រត់ កុណ្ឌីទឹក និងសក់ ពុកមាត់ ពុកចង្កា ក៏បាត់ទៅជាមួយនឹងពេលដែលដល់នូវភាពនៃខ្លួនជាព្រះអរហន្ត។ (អជិតព្រាហ្មណ៍) ជាឯហិភិក្ខុ ស្លៀកដណ្តប់នូវភណ្ឌ គឺសំពត់កាសាយៈ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ អង្គុយប្រណម្យអញ្ជលី នមស្ការព្រះមានព្រះភាគ ដោយប្រតិបត្តិសមគួរដល់ប្រយោជន៍ (ហើយប្រកាសថា) បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ អជិតមាណវកប្បញ្ហានិទ្ទេស ទី១។

តិស្សមេត្តេយ្យមាណវកប្បញ្ហានិទ្ទេស ទី២

(២. តិស្សមេត្តេយ្យមាណវបុច្ឆា)

[៩៦] (តិស្សមេតេ្តយ្យមានអាយុទូលសួរដូច្នេះថា)

បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ បុគ្គលណា មិនមានសេចក្តីញាប់ញ័រ បុគ្គលណាដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាលដោយប្រាជ្ញាហើយ ព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស បុគ្គលណា បានកន្លងនូវតណ្ហា ជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។

[៩៧] ពាក្យថា បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ គឺជាអ្នកត្រេកអរពេញហើយ មានចិត្តរីករាយ មានសេចក្តីត្រិះរិះពេញលេញ ហេតុនោះ (លោកសួរថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ។ ពាក្យថា ដូច្នេះ ក្នុងបទថា តិស្សមេត្តេយ្យមានអាយុ (ទូលសួរ) ដូច្នេះ គឺជាបទភ្ជាប់ ជាពាក្យភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ សម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា តិស្សៈ គឺជាឈ្មោះ ជាពាក្យសម្រាប់ហៅ សម្រាប់សំគាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាសនៃព្រាហ្មណ៍នោះ។ ពាក្យថា មេត្តេយ្យ គឺជាគោត្រ ជាពាក្យសម្រាប់ហៅ ជាពាក្យសម្រាប់សំគាល់ ជាបញ្ញត្តិ ជាវោហារនៃព្រាហ្មណ៍នោះ ហេតុនោះ (លោកពោលថា) តិស្សមេត្តេយ្យមានអាយុ (ទូលសួរ) ដច្នេះ។

[៩៨] ពាក្យថា បុគ្គលណា មិនមានសេចក្តីញាប់ញ័រ សេចក្តីថា ការញាប់ញ័រដោយតណ្ហា ញាប់ញ័រដោយទិដ្ឋិ ញាប់ញ័រដោយមានះ ញាប់ញ័រដោយកិលេស ញាប់ញ័រដោយកម្ម សេចក្តីញាប់ញ័រទាំងនេះ របស់បុគ្គលណា គ្មាន មិនមាន មិនមានព្រម មិនបាន គឺបុគ្គលណា លះបង់ ផ្តាច់បង់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺ ញាណហើយ ហេតុនោះ (លោកសួរថា) បុគ្គលណា មិនមានសេចក្តីញាប់ញ័រ។

[៩៩] ពាក្យថា បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ គឺបុគ្គលណា ដឹងច្បាស់ ដឹង ថ្លឹង ពិចារណា សំដែង ធ្វើឲ្យជាក់ច្បាស់នូវទីបំផុតទាំងពីរ ហេតុនោះ (លោកសួរថា) បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ។

[១០០] ពាក្យថា និងកណ្តាល ដោយប្រាជ្ញា ហើយមិនជាប់ គឺមិនជាប់ មិនចូលទៅជិតជាប់ ចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ នៅដោយចិត្តដែលប្រាសចាកទំនប់ គឺកិលេស ហេតុនោះ (លោកសួរថា) និងកណ្តាលដោយប្រាជ្ញា ហើយមិនជាប់។

[១០១] ពាក្យថា ព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស គឺព្រះអង្គ ទ្រង់ហៅបុគ្គលណា ទ្រង់សំដែងបុគ្គលណា ទ្រង់សំគាស់បុគ្គលណា ទ្រង់ត្រាស់បុគ្គលណា ទ្រង់ឃើញបុគ្គលណា ទ្រង់ប្រកាសបុគ្គលណាថា មហាបុរស បុរសលើស បុរសប្រសើរ បុរសវិសេសផុត បុរសចម្បង បុរសឧត្តម បុរសថ្លៃថ្លា ហេតុនោះ (លោកសួរថា) ព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស។

[១០២] ពាក្យថា បុគ្គលណាបានកន្លងនូវតណ្ហា ជាគ្រឿងចាក់ស្រេះ ក្នុងលោកនេះ គឺបុគ្គលណា បានកន្លង កន្លងបង់ ឈានកន្លង កន្លងព្រម ប្រព្រឹត្តកន្លង នូវតណ្ហា ជាគ្រឿងចាក់ស្រេះ ហេតុនោះ (លោកសួរថា) បុគ្គលណា បានកន្លងនូវតណ្ហា ជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលហើយថា

(តិស្សមេត្តេយ្យមានអាយុ ទូលសួរដូច្នេះថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ បុគ្គលណា មិនមានសេចក្តីញាប់ញ័រ បុគ្គលណា ដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាល ដោយប្រាជ្ញាហើយ មិនជាប់ ព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស បុគ្គលណា បានកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។

[១០៣] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យ)

ភិក្ខុណា មានព្រហ្មចរិយៈ សង្រួមក្នុងកាមទាំងឡាយ ប្រាសចាកតណ្ហា មានស្មារតីសព្វកាល ដឹងហើយ រលត់ហើយ ឯសេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមានទេ ភិក្ខុនោះ ដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ តថាគតហៅភិក្ខុនោះថា មហាបុរស ភិក្ខុនោះ បានកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។

[១០៤] អធិប្បាយពាក្យថា មានព្រហ្មចរិយៈក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាមទាំងឡាយ បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា មានព្រហ្មចរិយៈ សេចក្តីថា ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញបង់នូវពៀរ កិរិយាមិនធ្វើ ការមិនធ្វើ ការមិនត្រូវ ការមិនប្រព្រឹត្តកន្លងនូវដែន ចាកការដល់ព្រមនៃអស្សទ្ធម្ម លោកហៅថា ព្រហ្មចរិយៈ។ មួយទៀត ដោយនិប្បរិយាយ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺប្រាជ្ញាយល់ត្រូវ សេចក្តីត្រិះរិះត្រូវ វាចាត្រូវ ការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ ព្យាយាមត្រូវ សេចក្តីរឭកត្រូវ ការតាំងចិត្តនឹងត្រូវ លោកហៅថា ព្រហ្មចរិយៈ។ បុគ្គលណា ប្រកប ប្រកបព្រម ចូលមកជិត ចូលមកជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រម ដោយមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ បុគ្គលនោះ លោកហៅថា អ្នកមានព្រហ្មចរិយៈ។ ឧបមាដូចជាបុគ្គលដែលលោកហៅថា អ្នកមានទ្រព្យ ព្រោះទ្រព្យ ហៅថា អ្នកមានភោគៈ ព្រោះភោគៈ ហៅថាអ្នកមានយស ព្រោះយស ហៅថា អ្នកមានសិល្បៈ ព្រោះសិល្បៈ ហៅថាអ្នកមានសីល ព្រោះសីល ហៅថាអ្នកមានព្យាយាម ព្រោះព្យាយាម ហៅថាអ្នកមានប្រាជ្ញា ព្រោះប្រាជ្ញា ហៅថាអ្នកមានវិជ្ជា ព្រោះវិជ្ជា យ៉ាងណាមិញ បុគ្គលណា ប្រកប ប្រកបព្រម ចូលមកជិត ចូលមកជិតព្រម ចូលទៅដល់ ចូលទៅដល់ព្រម ប្រកបព្រម ដោយមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ បុគ្គលនោះ លោកហៅថា អ្នកមានព្រហ្មចរិយៈ យ៉ាងនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមានព្រហ្មចរិយៈ ក្នុងកាមទាំងឡាយ។ ពាក្យថា ម្នាលមេត្តេយ្យ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយគោត្រ ពាក្យថា ព្រះមានព្រះភាគ នេះគឺជាពាក្យសំរាប់ហៅដោយគោរព។បេ។ ការបញ្ញតិ្តថា មានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យ។

[១០៥] អធិប្បាយពាក្យថា ប្រាសចាកតណ្ហា មានស្មារតីសព្វកាល ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ តណ្ហានេះ បុគ្គលណាបានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះលោកហៅថា អ្នកប្រាសចាកតណ្ហា អ្នកលះបង់តណ្ហា មានតណ្ហាខ្ជាក់ចោល មានតណ្ហាលែងហើយ អ្នកលះតណ្ហា អ្នករលាស់ចោលតណ្ហា អ្នកប្រាសចាករាគៈ អ្នកលះរាគៈ អ្នកខ្ជាក់រាគៈ អ្នកលែងរាគៈ អ្នកលះបង់រាគៈ អ្នករលាស់ចោលរាគៈ មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់កើតហើយ អ្នកសោយសុខ មានខ្លួនដ៏ប្រសើរ។ ពាក្យថា សព្វកាល គឺក្នុងកាលទាំងពួង ក្នុងកាលទាំងអស់ អស់កាលទាំងស្រុង អស់កាលជានិច្ច អស់កាលដ៏ទៀងរឿយ ៗ ប្រព្រឹត្តទៅព្រម ច្រឡូកច្រឡំ មិនឃ្លាត គ្មានចន្លោះ ប្រកបដោយសេចក្តីព្រមព្រៀង ពាល់ត្រូវ កាលមុននៃភត្ត កាលជាខាងក្រោយនៃភត្ត យាមខាងដើម យាមកណ្តាល យាមខាងក្រោយ រនោច ខ្នើត រដូវភ្លៀង រដូវរងា រដូវក្តៅ ខន្ធអស់ទៅ ក្នុងខាងដើម ខន្ធអស់ទៅ ក្នុងកណ្តាល ខន្ធអស់ទៅ ក្នុងខាងក្រោយ។ ពាក្យថា មានស្មារតី គឺឈ្មោះថាអ្នកមានស្មារតី ដោយហេតុ ៤ គឺមានស្មារតី ព្រោះបានចំរើនសតិប្បដ្ឋាន គឺការពិចារណារឿយ ៗ នូវកាយក្នុងកាយ ១ មានស្មារតី ព្រោះបានចំរើនសតិប្បដ្ឋាន គឺការពិចារណារឿយ ៗ នូវវេទនាក្នុងវេទនាទាំងឡាយ ១ មានស្មារតី ព្រោះបានចំរើនសតិប្បដ្ឋាន គឺការពិចារណារឿយ ៗ នូវចិត្តក្នុងចិត្ត ១ មានស្មារតី ព្រោះបានចំរើនសតិប្បដ្ឋាន គឺការពិចារណារឿយ ៗ នូវធម៌ក្នុងធម៌ ១។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាសចាកតណ្ហា មានស្មារតីសព្វកាល។

[១០៦] ពាក្យថា ដឹងហើយ រលត់ហើយ ជាភិក្ខុ អធិប្បាយថា ញាណ ឈ្មោះថា ការដឹង បានដល់បញ្ញា ការដឹងច្បាស់ ការពិចារណា។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ពាក្យថា ដឹងហើយ គឺបានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់ច្បាស់ គឺថា ដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់ច្បាស់ថា សង្ខារទាំងពួងមិនទៀង បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់ច្បាស់ថា សង្ខារទាំងពួងជាទុក្ខ ថា ធម៌ទាំងពួងជាអនត្តា ថា សង្ខារ (កើត) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ជាធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅជាធម្មតា។ មួយទៀត បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់ច្បាស់ថាមិនទៀង បានដឹង យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យជាក់ច្បាស់ ថា ជាទុក្ខ ជារោគ ជាបូស ជាសរ។បេ។ ថាមិនមែនជាគ្រឿងរលាស់ខ្លួនចេញចាកទុក្ខ។ ពាក្យថា រលត់ហើយ គឺរលត់ហើយព្រោះលោភៈ ញុំាងរាគៈឲ្យរលត់ រលត់ហើយ ព្រោះញុំាងទោសៈឲ្យរលត់ រលត់ហើយ ព្រោះញុំាងមោហៈឲ្យរលត់ រលត់ហើយ ព្រោះញុំាងក្រោធ ការចងក្រោធទុក សេចក្តីលុបគុណ ការវាយឫកស្មើ សេចក្តីច្រណែន សេចក្តីកំណាញ់ ការបិទបាំងទោសរបស់ខ្លួន សេចក្តីអួតអាង សេចក្តីរឹងត្អឹង ការប្រណាំងប្រជែង មានះ សេចក្តីមើលងាយ សេចក្តីស្រវឹង សេចក្តីធ្វេស កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវ៉ាយទាំងពួង សេចក្តីរោលរាលទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារ ជាអកុសលទាំងពួងឲ្យរលត់។ ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះទំលាយបង់ធម៌ប្រាំពីរ។បេ។ មានមគ្គអប់រំ មានភពថ្មីអស់ បុគ្គលនោះ លោកហៅថាភិក្ខុ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងហើយ រលត់ហើយ ជាភិក្ខុ។

[១០៧] អធិប្បាយពាក្យថា សេចក្តីញាប់ញ័រ របស់ភិក្ខុនោះ មិនមាន ត្រង់ពាក្យថា របស់ភិក្ខុនោះ បានដល់ការញាប់ញ័រទាំងឡាយ គឺការញាប់ញ័រដោយតណ្ហា ញាប់ញ័រដោយទិដ្ឋិ ញាប់ញ័រដោយមានះ ញាប់ញ័រដោយកិលេស ញាប់ញ័រដោយកម្មរបស់ព្រះអរហន្តខីណាស្រព។ សេចក្តីញាប់ញ័រទាំងនេះ របស់ព្រះខីណាស្រពនោះ គ្មាន មិនមាន មិនមានព្រម មិនបាន (គឺលោក) បានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមាន។

[១០៨] អធិប្បាយពាក្យថា ភិក្ខុនោះ ដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈជាទីបំផុតមួយ ការកើតឡើងនៃផស្សៈ ជាទីបំផុតទីពីរ ការរលត់នៃផស្សៈ ទុកជាកណ្តាល អតីតជាទីបំផុតមួយ អនាគតជាទីបំផុតទីពីរ បច្ចុប្បន្នទុកជាកណ្តាល សុខវេទនាជាទីបំផុតមួយ ទុក្ខវេទនាជាទីបំផុតទីពីរ អទុក្ខមសុខវេទនា ទុកជាកណ្តាល នាមជាទីបំផុតមួយ រូបជាទីបំផុតទីពីរ វិញ្ញាណ ទុកជាកណ្តាល អាយតនៈ ខាងក្នុង ៦ ជាទីបំផុតមួយ អាយតនៈខាងក្រៅ ៦ ជាទីបំផុតទីពីរ វិញ្ញាណ ទុកជាកណ្តាល សក្កាយៈជាទីបំផុតមួយ ការកើតឡើងនៃសក្កាយៈ ជាទីបំផុតទីពីរ ការរលត់នៃសក្កាយៈ ទុកជាកណ្តាល។ បញ្ញា លោកហៅថា ការដឹង គឺបញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ពាក្យថា ការជាប់ បានដល់ការជាប់ជំពាក់ពីរគឺ ការជាប់ជំពាក់ដោយតណ្ហា ១ ការជាប់ជំពាក់ដោយទិដ្ឋិ ១។ ការជាប់ជំពាក់ដោយតណ្ហា តើដូចម្តេច។ សេចក្តីហួងហែង សេចក្តីប្រកាន់ដែលធ្វើឲ្យជាដែន ធ្វើឲ្យជាទំនប់ ធ្វើឲ្យជាចំណែក ធ្វើឲ្យជាទីបំផុតដោយចំណែកនៃតណ្ហាជាកំណត់ថា នេះរបស់អញ នុ៎ះរបស់អញ វត្ថុមានប្រមាណប៉ុណ្ណេះ របស់អញ ធម្មជាតិមានប្រមាណប៉ុណ្ណេះ របស់អញ រូប សំឡេង ក្លិន រស ផ្សព្វ កម្រាល សំពត់ដណ្តប់ ខ្ញុំស្រី ខ្ញុំប្រុស ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល ញី ស្រែ ចំការ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ឃ្លាំង ជង្រុក របស់អញ មួយវិញទៀត បុគ្គលប្រកាន់មហាប្រថពីទាំងមូល ដោយអំណាចនៃតណ្ហា តណ្ហាវិបរិត យ៉ាងពិស្តារ ១០៨ ជាកំណត់ នេះឈ្មោះថា ការជាប់ចំពាក់ដោយតណ្ហា។ ការជាប់ចំពាក់ដោយទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិ មានវត្ថុ ២០ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ អន្តគ្គាហិកាទិដ្ឋិ មានវត្ថុ ១០ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវលំបាកគឺទិដ្ឋិ ចំរូងគឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ សញ្ញោជនៈ គឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ចំពោះ ការផ្តេកផ្តិត ការស្ទាបអង្អែល ផ្លូវខុស ផ្លូវអាក្រក់ ភាពនៃសេចក្តីខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ដោយការស្វែងខុស សេចក្តីប្រកាន់វិបរិត សេចក្តីប្រកាន់វិបល្លាស សេចក្តីប្រកាន់ខុស សេចក្តីប្រកាន់ថា ជារបស់ពិត ក្នុងរបស់ដែលមិនពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មានឯណា មានសភាពយ៉ាងនេះ នេះឈ្មោះថា ការជាប់ចំពាក់ដោយទិដ្ឋិ។ ពាក្យថា ភិក្ខុនោះ ដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ បានន័យថា ភិក្ខុនោះដឹងច្បាស់ យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដ ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹងហើយ មិនចូលទៅជិតជាប់ គឺជាអ្នកមិនជាប់ចំពាក់ មិនចូលទៅជិតជាប់ ចេញ រលាស់ ចេញផុតស្រឡះ មិនប្រកបព្រម នៅដោយចិត្តដែលធ្វើកិលេសដូចជាទំនប់ទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹងហើយ។

[១០៩] ពាក្យថា តថាគតហៅបុគ្គលនោះថាមហាបុរស អធិប្បាយថា តថាគត ហៅបុគ្គលនោះ ប្រាប់បុគ្គលនោះ សំគាល់បុគ្គលនោះ ពោលបុគ្គលនោះ ឃើញបុគ្គលនោះ ហៅបុគ្គលនោះថាមហាបុរស បុរសដ៏លើស បុរសដ៏ប្រសើរ បុរសវិសេសបំផុត បុរសជាប្រធាន បុរសឧត្តម បុរសថ្លៃថ្លា។ ឧទាហរណ៍ដូចព្រះសារីបុត្តមានអាយុ ទូលសួរពាក្យនេះនឹងព្រះមានបុណ្យថា សូមទ្រង់ព្រះមេត្តាប្រោស បុគ្គលដែលគេហៅថាមហាបុរស សូមទ្រង់ព្រះមេត្តាប្រោស បុគ្គលដែលជាមហាបុរស តើដោយហេតុប៉ុន្មាន។ ម្នាលសារីបុត្ត តថាគត ហៅថាមហាបុរស ព្រោះបុគ្គលនោះ មានចិត្តរួចស្រឡះហើយ មិនហៅថា មហាបុរស ព្រោះបុគ្គលនោះ មានចិត្តគ្រាន់តែជឿទេ ម្នាលសារីបុត្ត បុគ្គលមានចិត្តរួចស្រឡះហើយ ដោយប្រការដូចម្តេច ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ នូវកាយក្នុងកាយជាខាងក្នុង ជាអ្នកមានព្យាយាមដុតកំដៅកិលេស ដឹងច្បាស់ មានស្មារតី បន្ទោបង់អភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុនោះ កាលពិចារណាឃើញរឿយ ៗ នូវកាយក្នុងកាយ ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ជាអ្នកពិចារណាឃើញរឿយ ៗ (នូវវេទនា) ក្នុងវេទនាទាំងឡាយ ពិចារណាឃើញរឿយ ៗ (នូវចិត្ត) ក្នុងចិត្ត ពិចារណាឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ដឹងច្បាស់ មានស្មារតី បន្ទោបង់អភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុនោះ កាលពិចារណាឃើញរឿយ ៗ នូវធម៌ក្នុងធម៌ទាំងឡាយ ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ញ្រេះមិនប្រកាន់មាំ ម្នាលសារីបុត្ត ភិក្ខុមានចិត្តរួចស្រឡះហើយ យ៉ាងនេះឯង ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ញ្រេះភិក្ខុនោះ មានចិត្តផុតស្រឡះហើយ មិនហៅថា មហាបុរស ញ្រេះភិក្ខុនោះមានចិត្តគ្រាន់តែជឿទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតហៅបុគ្គលនោះថាមហាបុរស។

[១១០] ពាក្យថា ភិក្ខុនោះបានកន្លងតណ្ហាជាគ្រឿងចាក់ស្រេះក្នុងលោកនេះ សេចក្តីថា តណ្ហា លោកហៅថា ធម្មជាតិជាគ្រឿងចាក់ស្រេះ បានខាងសេចក្តីត្រេកអរ សេចក្តីត្រេកអរខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហាជាគ្រឿងចាក់ស្រេះនេះ ដែលបុគ្គលណា លះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះបានកន្លង ចូលទៅកន្លង ឈានកន្លង ឈានកន្លងព្រម ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះបានកន្លងតណ្ហាជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យ) (ភិក្ខុណា) មានព្រហ្មចរិយៈ (សង្រួម) ក្នុងកាមទាំងឡាយ ប្រាសចាកតណ្ហា មានស្មារតីសព្វកាល ដឹងហើយ រលត់ហើយ សេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមានទេ ភិក្ខុនោះដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ តថាគតហៅភិក្ខុនោះថា មហាបុរស ភិក្ខុនោះ បានកន្លងតណ្ហាជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។

[១១១] ព្រាហ្មណ៍មាណពទាំងឡាយ មានអធ្យាស្រ័យតែមួយ មានប្រយោគតែមួយ មានសេចក្តីប៉ុនប៉ងតែមួយ មានធម៌ជាគ្រឿងអប់រំតែមួយ បានអប់រំហើយ (ក្នុងពុទ្ធសាសនាជាអតីត) ជាមួយគ្នាមួយអន្លើ ដោយព្រាហ្មណ៍ (ឈ្មោះតិស្សមេត្តេយ្យ) នោះ ធម្មចក្ខុ (សោតាបត្តិមគ្គ) មានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ កើតឡើងដល់ពាន់នៃសត្វដ៏ច្រើនទាំងនោះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ឯ (តិស្សមេត្តេយ្យព្រាហ្មណ៍នោះ) មានចិត្តផុតស្រឡះហើយ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ ដំណាលគ្នានឹងការចប់គាថា។ (លំដាប់នោះ) ស្បែកខ្លា ជដា សំពត់សម្បកឈើ ឈើច្រត់ កុណ្ឌីទឹក និងសក់ ពុកមាត់ ពុកចង្កា ក៏បាត់ទៅ ជាមួយនឹងពេលដែលដល់នូវភាពនៃខ្លួនជាព្រះអរហន្ត។ (តិស្សមេត្តយ្យព្រាហ្មណ៍ បានជាឯហិភិក្ខុ) ស្លៀកដណ្តប់នូវភណ្ឌៈ គឺសំពត់កាសាយៈ ទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ អង្គុយប្រណម្យអញ្ជលីនមស្សការព្រះមានព្រះភាគ ដោយប្រតិបត្តិសមគួរដល់ប្រយោជន៍ (ហើយប្រកាសថា) បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ តិស្សមេត្តេយ្យមាណវកប្បញ្ហានិទ្ទេស ទី២។

បុណ្ណកមាណវកប្បញ្ហានិទ្ទេស ទី៣

(៣. បុណ្ណកមាណវបុច្ឆា)

[១១២] (បុណ្ណកៈមានអាយុ ក្រាបទូលសួរថា) យើងខ្ញុំមកដោយត្រូវការសួរប្រស្នា ចំពោះព្រះអង្គ ជាបុគ្គលមិនមានការញាប់ញ័រ ទ្រង់ឃើញនូវមូល ចុះពួកមនុស្ស គឺឥសី ក្សត្រ និងព្រាហ្មណ៍ច្រើននាក់ ក្នុងលោកនេះ អាស្រ័យអ្វី ទើបបានសម្រេចយញ្ញៈ ដល់ទេវតាទាំងឡាយ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គ ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។

[១១៣] ពាក្យថា ជាបុគ្គលមិនមានការញាប់ញ័រ ទ្រង់ឃើញនូវមូល អធិប្បាយថា តណ្ហា លោកហៅថា ការញាប់ញ័រ បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ការញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធមានព្រះភាគ លះបង់ហើយ មានឫសផ្តាច់ផ្តិលហើយ ធើ្វមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធើ្វឲ្យដល់នូវការមិនមានបែបភាព មិនឲ្យមានការកើតឡើងតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា មិនមានការញាប់ញ័រ។ ព្រះពុទ្ធឈ្មោះថា មិនញាប់ញ័រ ព្រោះព្រះអង្គលះនូវការញាប់ញ័រ។ ទុកជាក្នុងលាភ ព្រះមានព្រះភាគ ក៏មិនញាប់ញ័រ ទុកជាក្នុងអលាភ ក៏មិនញាប់ញ័រ ទុកជាក្នុងយស ក៏មិនញាប់ញ័រ ទុកជាក្នុងអយស ក៏មិនញាប់ញ័រ ទុកជាក្នុងសេចក្តីសរសើក៏មិនញាប់ញ័រ ទុកជាក្នុងសេចក្តីតិះដៀល ក៏មិនញាប់ញ័រ ទុកជាក្នុងសុខក៏មិនញាប់ញ័រ ទុកជាក្នុងទុក្ខក៏មិនញាប់ញ័រ មិនកម្រើក មិនរំភើប មិនរន្ធត់ ហេតុនោះ (លោកសួរថា) ជាបុគ្គលមិនមានការញាប់ញ័រ។ ពាក្យថា ឃើញមូល គឺព្រះមានព្រះភាគទ្រង់ឃើញឫសគល់ ឃើញហេតុ ឃើញនិទាន ឃើញសម្ភវៈ ឃើញសមុដ្ឋាន ឃើញអាហារ ឃើញអារម្មណ៍ ឃើញបច្ច័យ ឃើញសមុទ័យ។ អកុសលមូល ៣ គឺ លោភៈ ជាអកុសលមូល ទោសៈ ជាអកុសលមូល មោហៈ ជាអកុសលមូល។ សមដូចព្រះមានព្រះភាគត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣ នេះ ជាហេតុ ឲ្យកើតកម្មទាំងឡាយ គឺលោភៈ ជាហេតុឲ្យកើតកម្ម ទោសៈជាហេតុឲ្យកើតកម្ម មោហៈជាហេតុឲ្យកើតកម្ម ម្នាលភិក្ខុទាំងឡាយ មិនមែនដោយកម្មកើតអំពីលោភៈ ដោយកម្មកើតអំពីទោសៈ ដោយកម្មកើតអំពីមោហៈទេ ដែល (ធ្វើឲ្យ) ពួកទេវតាប្រាកដ ពួកមនុស្សប្រាកដ ឬក៏ពួកសុគតិណានីមួយសូម្បីដទៃ (ប្រាកដ) ម្នាលភិក្ខុទាំងឡាយ តាមពិត ដោយកម្មកើតអំពីលោភៈ ដោយកម្មកើតអំពីទោសៈ ដោយកម្មកើតអំពីមោហៈ នរកទើបប្រាកដ កំណើតតិរច្ឆានប្រាកដ វិស័យនៃប្រេតប្រាកដ ឬក៏ពួកទុគ្គតិឯណានីមួយសូម្បីដទៃ ដើម្បីញុំាងអត្តភាពឲ្យកើតក្នុងនរក ក្នុងកំណើតតិរច្ឆាន ក្នុងវិស័យនៃប្រេត (ក៏ប្រាកដ) នេះអកុសលមូល ៣ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។ ព្រះមានព្រះភាគ ព្រះអង្គឃើញឫសគល់។បេ។ ឃើញសមុទ័យ យ៉ាងនេះឯង។ កុសលមូល មាន ៣ គឺអលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល។ ដូចព្រះមានព្រះភាគ ត្រាស់ព្រះតម្រាស់នេះថា កុសលមូលទាំង ៣ នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ មិនមែនដោយកម្មកើតអំពីអលោភៈ ដោយកម្មកើតអំពីអទោសៈ ដោយកម្មកើតអំពីអមោហៈទេ ដែលនរកប្រាកដ កំណើតតិរច្ឆានប្រាកដ វិស័យនៃប្រេតប្រាកដ ឬក៏ពួកទុគ្គតិឯណានីមួយសូម្បីដទៃ (ប្រាកដ) ម្នាលភិក្ខុទាំងឡាយ តាមពិតដោយកម្មកើតអំពីអលោភៈ ដោយកម្មកើតអំពីអទោសៈ ដោយកម្មកើតអំពីអមោហៈ ពួកទេវតាទើបប្រាកដ ពួកមនុស្សប្រាកដ ឬក៏ពួកសុគតិឯណានីមួយ សូម្បីដទៃដើម្បីញុំាងអត្តភាពឲ្យកើតក្នុងទេវតា និងមនុស្ស (ក៏ប្រាកដ) នេះ កុសលមូល ៣ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ឃើញឫសគល់។បេ។ ឃើញសមុទ័យយ៉ាងនេះឯង។ មួយទៀត ព្រះមានព្រះភាគត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាអកុសល ជាចំណែកអកុសល ប្រព្រឹត្តទៅក្នុងពួកអកុសល ធម៌ទាំងអស់នោះ មានអវិជ្ជាជាឫស ប្រជុំចុះក្នុងអវិជ្ជា ធម៌ទាំងអស់នោះ ដល់នូវការរបើកឡើង ព្រោះរបើកឡើងនៃអវិជ្ជា ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ឃើញឫសគល់។បេ។ ឃើញសមុទ័យយ៉ាងនេះឯង។ មួយវិញទៀត ព្រះមានព្រះភាគ ត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាកុសល ជាចំណែកកុសល ប្រព្រឹត្តទៅក្នុងពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រហែសជាឫស ប្រជុំចុះក្នុងសេចក្តីមិនប្រហែស សេចក្តីមិនប្រហែសប្រាកដជាកំពូលធម៌ទាំងនោះ ព្រះមានព្រះភាគទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ ព្រះមានព្រះភាគ ទ្រង់ឃើញឫសគល់។បេ។ ឃើញសមុទ័យ យ៉ាងនេះឯង។ ន័យមួយទៀត ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញថា អវិជ្ជាជាមូលនៃសង្ខារ សង្ខារជាមូលនៃវិញ្ញាណ វិញ្ញាណជាមូលនៃនាមរូប នាមរូបជាមូលនៃសឡាយតនៈ សឡាយតនៈជាមូលនៃផស្សៈ ផស្សៈជាមូលនៃវេទនា វេទនាជាមូលនៃតណ្ហា តណ្ហាជាមូលនៃឧបាទាន ឧបាទានជាមូលនៃភព ភពជាមូលនៃជាតិ ជាតិជាមូលនៃជរា មរណៈ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ឃើញឫសគល់។បេ។ ឃើញសមុទ័យយ៉ាងនេះឯង។ ហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ព្រះតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាអកុសល ជាចំណែកនៃអកុសល ប្រព្រឹត្តទៅក្នុងពួកនៃអកុសល ធម៌ទាំងអស់នោះ មានអវិជ្ជាជាឫស ប្រជុំចុះក្នុងអវិជ្ជា ធម៌ទាំងអស់នោះ ដល់នូវការរបើកឡើង ព្រោះរបើកឡើងនៃអវិជ្ជា ព្រះមានព្រះភាគទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ឃើញឫសគល់ ឃើញហេតុ ឃើញនិទាន ឃើញសម្ភវៈ ឃើញសមុដ្ឋាន ឃើញអាហារ ឃើញអារម្មណ៍ ឃើញបច្ច័យ ឃើញសមុទ័យ យ៉ាងនេះឯង ហេតុនោះ (លោកសួរថា) មិនមានការញាប់ញ័រ ទ្រង់ឃើញនូវមូល។ ពាក្យថា ដូច្នេះ ក្នុងបទថា ព្រះបុណ្ណកៈមានអាយុ (ក្រាបទូលសួរ) ដូច្នេះ គឺជាពាក្យតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រលាញ់។ ពាក្យថា បុណ្ណកៈ ជាឈ្មោះនៃព្រាហ្មណ៍នោះ។

[១១៤] ពាក្យថា យើងខ្ញុំមកដោយត្រូវការសួរប្រស្នា អធិប្បាយថា យើងខ្ញុំមក មានសេចក្តីត្រូវការដោយប្រស្នាមក មានប្រាថ្នាសួរប្រស្នាមក មានប្រាថ្នានឹងស្តាប់ប្រស្នា ហេតុនោះ (លោកសួរថា) យើងខ្ញុំមក ដោយត្រូវការសួរប្រស្នាយ៉ាងនេះឯង។ មួយទៀតការមក ការឈានមកចំពោះ ការចូលទៅរក ការចូលទៅអង្គុយជិត (នៃយើងខ្ញុំ) ជាអ្នកមានសេចក្តីត្រូវការដោយប្រស្នា ជាអ្នកប្រាថ្នានឹងសួរប្រស្នា ជាអ្នកប្រាថ្នានឹងស្តាប់ប្រស្នា ហេតុនោះ (លោកសួរថា) យើងខ្ញុំមក ដោយត្រូវការសួរប្រស្នា យ៉ាងនេះឯង។ មួយវិញទៀត ការមកដោយប្រស្នាមានចំពោះព្រះអង្គ ព្រះអង្គមានបញ្ញាច្រើន មានព្យាយាម អាចដើម្បីសំដែង ដោះស្រាយ ពន្យល់ ពោលប្រស្នា ដែលខ្ញុំព្រះអង្គសួរហើយ ហេតុនោះ (លោកសួរថា) យើងខ្ញុំមក ដោយត្រូវការសួរប្រស្នា យ៉ាងនេះឯង។

[១១៥] ពាក្យថា ចុះពួកមនុស្ស គឺឥសី អាស្រ័យអ្វី ត្រង់ពាក្យថា អាស្រ័យអ្វី គឺអាស្រ័យ ផ្តេកផ្តួល ភ្ជាប់ ចូលទៅជិតដល់ ស្របចុះ ជឿនូវអ្វី។ ពាក្យថា ឥសី គឺជនទាំងឡាយណានីមួយ ជាអាជីវក និគ្រន្ថ ជដិល តាបស ដែលបួសជាឥសី ជនទាំងនោះ ឈ្មោះថា ឥសី។ ពួកមនុស្ស លោកហៅថា មនុស្ស ហេតុនោះ (លោកសួរថា) ចុះពួកមនុស្ស គឺឥសី អាស្រ័យអ្វី។

[១១៦] អធិប្បាយពាក្យថា ក្សត្រ និងព្រាហ្មណ៍ ទើបបានសម្រេចយញ្ញៈដល់ទេវតា ទាំងឡាយ ត្រង់ពាក្យថា ក្សត្រ គឺជនទាំងឡាយណានីមួយ មានជាតិជាក្សត្រ។ ពាក្យថា ព្រាហ្មណ៍ គឺជនទាំងឡាយណានីមួយជាភោវាទី។ ពាក្យថា ដល់ទេវតាទាំងឡាយ គឺពួកអាជីវក ជាទេវតារបស់ពួកសាវ័កនៃអាជីវក ពួកនិគ្រន្ថ ជាទេវតា របស់ពួកសាវ័កនៃនិគ្រន្ថ ពួកជដិល ជាទេវតារបស់ពួកសាវ័កនៃជដិល ពួកបរិព្វាជក ជាទេវតារបស់ពួកសាវ័កនៃបរិព្វាជក ពួកអវរុទ្ធកៈ ជាទេវតារបស់ពួកសាវ័កនៃអវរុទ្ធកៈ ពួកដំរី ជាទេវតារបស់អ្នកប្រព្រឹត្តវត្តដំរី ពួកសេះ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តសេះ ពួកគោ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តគោ ពួកឆ្កែ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តឆ្កែ ពួកក្អែក ជាទេវតារបស់ពួកអ្នកប្រព្រឹត្តវត្តក្អែក វាសុទេព ជាទេវតារបស់អ្នកប្រព្រឹត្តវត្តវាសុទេព ពលទេព ជាទេវតារបស់អ្នកប្រព្រឹត្តវត្តពលទេព បុណ្ណភទ្ទៈ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តបុណ្ណភទ្ទៈ មណិភទ្ទៈ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តមណិភទ្ទៈ ភ្លើង ជាទេវតារបស់អ្នកប្រព្រឹត្តវត្តភ្លើង ពួកនាគ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តនាគ ពួកគ្រុឌ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តគ្រុឌ ពួកយក្យជាទេវតារបស់អ្នកប្រព្រឹត្តវត្តយក្យ ពួកអសុរ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តអសុរ ពួកគន្ធព្វ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តគន្ធព្វ មហារាជ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តមហារាជ ព្រះចន្រ្ទ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រះចន្រ្ទ ព្រះអាទិត្យ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រះអាទិត្យ ព្រះឥន្រ្ទ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រះឥន្រ្ទ ព្រហ្ម ជាទេវតារបស់អ្នកប្រព្រឹត្តវត្តព្រហ្ម ពួកទេវតា ជាទេវតារបស់អ្នកប្រព្រឹត្តវត្តទេវតា ទិសជាទេវតារបស់អ្នកប្រព្រឹត្តវត្តទិស ជនទាំងឡាយណា ជាទក្ខិណេយ្យបុគ្គលរបស់ពួកជនណា ជនទាំងនោះ ជាទេវតារបស់ពួកជននោះ ហេតុនោះ (លោកសួរថា) ក្សត្រ និងពា្រហ្មណ៍ ទើបបានសម្រេចយញ្ញៈដល់ទេវតាទាំងឡាយ។

[១១៧] ពាក្យថា ច្រើននាក់ ក្នុងលោកនេះ ទើបបានសម្រេចយញ្ញៈ សេចក្តីថា ទេយ្យធម៌ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប លោកហៅថា យញ្ញៈ។ ពាក្យថា ទើបបានសម្រេចយញ្ញៈ គឺពួកជនណា ស្វែងរក ស្វះស្វែងរក ដើររកនូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ពួកជនទាំងនោះ ឈ្មោះថា សម្រេចយញ្ញៈ។ សូម្បីពួកជនណា តាក់តែងនូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ពួកជនទាំងនោះ ក៏ឈ្មោះថា សម្រេចយញ្ញៈ។ ពួកជនណា ឲ្យបូជា លះបង់នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជនទាំងនោះ ក៏ឈ្មោះថា សម្រេចយញ្ញៈ។ ពាក្យថា ច្រើន គឺពួកយញ្ញៈនុ៎ះច្រើន ឬពួកអ្នកបូជាយញ្ញៈនុ៎ះច្រើន ឬក៏ពួកជនដែលគួរដល់ទក្ខិណានុ៎ះច្រើន។ ពួកយញ្ញៈនុ៎ះច្រើន តើដូចម្តេច។ ពួកយញ្ញៈនុ៎ះ មានច្រើន គឺ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ពួកយញ្ញៈនុ៎ះ មានច្រើន យ៉ាងនេះ។ ពួកអ្នកបូជាយញ្ញៈនុ៎ះ មានច្រើន តើដូចម្តេច។ ពួកអ្នកបូជាយញ្ញៈនុ៎ះ មានច្រើន គឺក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ អ្នកគ្រួ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ពួកអ្នកបូជាយញ្ញៈនុ៎ះ មានច្រើន យ៉ាងនេះ។ ពួកជនដែលគួរដល់ទក្ខិណានុ៎ះ មានច្រើន តើដូចម្តេច។ ពួកជនដែលគួរដល់ទក្ខិណានុ៎ះ មានច្រើន គឺសមណព្រាហ្មណ៍ ស្មូម ជនអ្នកពណ៌នាហើយសូម និងសាវ័ក ពួកជនដែលគួរដល់ទក្ខិណានុ៎ះ មានច្រើន យ៉ាងនេះ។ ពាក្យថា ក្នុងលោកនេះ គឺក្នុងមនុស្សលោក ហេតុនោះ លោកសួរថា ច្រើនគ្នា ក្នុងលោកនេះ សម្រេចយញ្ញៈ។

[១១៨] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ទួលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សួរ បានដល់ ការសួរ ៣ គឺការសួរ សម្រាប់បំភ្លឺសេចក្តីដែលមិនយល់ ១ ការសួរសម្រាប់ប្រៀបផ្ទឹមសេចក្តីដែលខ្លួនយល់ហើយ ១ ការសួរសម្រាប់កាត់សេចក្តីសង្ស័យ ១។

ការសួរសម្រាប់បំភ្លឺសេចក្តីដែលមិនយល់ តើដូចម្តេច។ លក្ខណៈជាធម្មជាត ដែលបុគ្គលមិនបានដឹង មិនបានឃើញ មិនបានថ្លឹង មិនបានពិចារណា មិនបានយល់ច្បាស់ មិនបានប្រាកដ ដោយប្រក្រតី បុគ្គលសួរប្រស្នាដើម្បីដឹង ឃើញ ថ្លឹង ពិចារណា ដើម្បីប្រយោជន៍ដល់ការយល់ច្បាស់ ដើម្បីប្រយោជន៍ឲ្យប្រាកដនូវលក្ខណៈនោះ នេះការសួរសម្រាប់បំភ្លឺសេចក្តីដែលមិនយល់។

ការសួរសម្រាប់ប្រៀបផ្ទឹមសេចក្តីដែលខ្លួនយល់ហើយ តើដូចម្តេច។ លក្ខណៈជាធម្មជាតដែលបុគ្គលបានដឹង បានឃើញ បានថ្លឹង បានពិចារណា បានយល់ច្បាស់ ប្រាកដដោយប្រក្រតី បុគ្គលសួរប្រស្នា ដើម្បីប្រយោជន៍ដល់ការប្រៀបផ្ទឹមជាមួយនឹងបណ្ឌិតទាំងឡាយឯទៀតនេះ ការសួរសម្រាប់ប្រៀបផ្ទឹមសេចក្តីដែលខ្លួនយល់ហើយ។

ការសួរសម្រាប់កាត់សេចក្តីសង្ស័យ តើដូចម្តេច។ បុគ្គលស្ទុះទៅកាន់សេចក្តីសង្ស័យដោយប្រក្រតី ស្ទុះទៅកាន់សេចក្តីងឿងឆ្ងល់ មានចិត្តបែកជាពីរថា យ៉ាងនេះទេឬ ឬមិនមែនទេ ហេតុដូចម្តេចហ្ន៎ ប្រការដូចម្តេចហ្ន៎ បុគ្គលនោះ សួរប្រស្នាដើម្បីកាត់សេចក្តីសង្ស័យ នេះការសួរសម្រាប់កាត់សេចក្តីសង្ស័យ។ នេះ ការសួរ ៣។

ការសួរ ៣ ដទៃទៀត គឺការសួររបស់មនុស្ស ១ ការសួររបស់អមនុស្ស ១ ការសួររបស់ពុទ្ធនិម្មិត ១។

ការសួររបស់មនុស្ស តើដូចម្តេច។ មនុស្សទាំងឡាយចូលទៅគាល់ព្រះពុទ្ធមានព្រះភាគសួរប្រស្នា គឺពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកាសួរ ពួកព្រះរាជាសួរ ពួកក្សត្រសួរ ពួកព្រាហ្មណ៍សួរ ពួកអ្នកជំនួញសួរ ពួកអ្នកគ្រួសួរ ពួកគ្រហស្ថសួរ ពួកបព្វជិតសួរ នេះ ការសួររបស់មនុស្ស។

ការសួររបស់អមនុស្ស តើដូចម្តេច។ អមនុស្សទាំងឡាយចូលទៅគាល់ព្រះពុទ្ធមានព្រះភាគ សួរប្រស្នា គឺពួកនាគសួរ ពួកគ្រុឌសួរ ពួកយក្សសួរ ពួកអសុរសួរ ពួកគន្ធព្វសួរ ពួកមហារាជសួរ ពួកព្រះឥន្រ្ទសួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ ការសួររបស់អមនុស្ស។

ការសួររបស់ពុទ្ធនិមិ្មត តើដូចម្តេច។ ព្រះមានព្រះភាគនិមិ្មតរូបណា ដ៏សម្រេចដោយព្រះទ័យ មានអវយវៈតូចធំគ្រប់សព្វ មានឥន្រ្ទិយមិនខ្វះខាត ពុទ្ធនិមិ្មតនោះចូលទៅគាល់ព្រះពុទ្ធមានព្រះភាគសួរប្រស្នា ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ នេះ ការសួររបស់ពុទ្ធនិម្មិត។ នេះ ការសួរ ៣។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍របស់ខ្លួន ១ ការសួរប្រយោជន៍របស់បុគ្គលដទៃ ១ ការសួរប្រយោជន៍ទាំងពីរ ១។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ការសួរប្រយោជន៍ក្នុងបរលោក ១ ការសួរប្រយោជន៍ដ៏ក្រៃលែង គឺព្រះនិព្វាន ១។

ការសួរ ៣ ដទៃទៀត គឺការសួរប្រយោជន៍មិនមានទោស ១ ការសួរប្រយោជន៍មិនមានសេចក្តីសៅហ្មង ១ ការសួរប្រយោជន៍ដ៏ផូរផង់ ១។

ការសួរ ៣ ដទៃទៀត គឺការសួរហេតុជាអតីត ១ ការសួរហេតុជាអនាគត ១ ការសួរហេតុជាបច្ចុប្បន្ន ១។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ខាងក្នុង ១ ការសួរធម៌ខាងក្រៅ ១ ការសួរធម៌ទាំងខាងក្នុង ទាំងខាងក្រៅ ១។

ការសួរ ៣ ដទៃទៀត គឺការសួរធម៌ជាកុសល ១ ការសួរធម៌ជាអកុសល ១ ការសួរធម៌ជាអព្យាកត ១។

ការសួរ ៣ ដទៃទៀត គឺការសួរខន្ធ ១ ការសួរធាតុ ១ ការសួរអាយតនៈ ១។

ការសួរ ៣ ដទៃទៀត គឺការសួរសតិប្បដ្ឋាន ១ ការសួរសម្មប្បធាន ១ ការសួរឥទ្ធិបាទ ១។

ការសួរ ៣ ដទៃទៀត គឺការសួរឥន្រ្ទិយ ១ ការសួរពលៈ ១ ការសួរពោជ្ឈង្គ ១។

ការសួរ ៣ ដទៃទៀត គឺការសួរមគ្គ ១ ការសួរផល ១ ការសួរនិព្វាន ១។

ពាក្យថា ខ្ញុំព្រះអង្គទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គទូលសួរព្រះអង្គ អង្វរព្រះអង្គ អារាធនាព្រះអង្គ ញុំាងព្រះអង្គឲ្យជ្រះថ្លា សូមព្រះអង្គប្រាប់ (សេចក្តីនោះ) ដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គទូលសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគ នេះ គឺ ពាក្យហៅដោយគោរព។បេ។ ការបញ្ញត្តិថា មានព្រះភាគ នេះ កើតហើយ ព្រោះការត្រាស់ដឹង។

ពាក្យថា សូមព្រះអង្គប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត ផ្តើម បើក ចែករលែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(ព្រះបុណ្ណកៈមានអាយុ ក្រាបទូលសួរថា) យើងខ្ញុំមកដោយត្រូវការសួរប្រស្នា ចំពោះព្រះអង្គ ជាបុគ្គលមិនមានការញាប់ញ័រ ឃើញនូវមូល ចុះពួកមនុស្ស គឺឥសី ក្សត្រ និងព្រាហ្មណ៍ជាច្រើននាក់ ក្នុងលោកនេះ អាស្រ័យអ្វី ទើបបានសម្រេចយញ្ញៈ ដល់ទេវតាទាំងឡាយ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។

[១១៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ)

ពួកមនុស្សណានីមួយ គឺឥសី ក្សត្រ និងព្រាហ្មណ៍ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈដល់ទេវតាទាំងឡាយ ម្នាលបុណ្ណកៈ ពួកសត្វទាំងនោះ ប្រាថ្នាភាពនេះ អាស្រ័យជរា ទើបបានសម្រេចយញ្ញៈឡើង។

[១២០] ពាក្យថា ពួកមនុស្សណានីមួយ គឺឥសី ត្រង់ពាក្យថា ណានីមួយ គឺសព្វគ្រប់ សព្វទាំងអស់ ឥតសេសសល់ គ្មានសេសសល់ ពាក្យថា ណានីមួយ នេះជាពាក្យរួបរួម។ ពាក្យថា ឥសី គឺជនទាំងឡាយណានីមួយ ជាអាជីវក និគ្រន្ថ ជដិល តាបសបួសជាឥសី(ជនទាំងនោះ) ឈ្មោះថា ឥសី។ ពួកមនុស្ស លោកហៅថា មនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកមនុស្សណានីមួយ គឺឥសី។ ពាក្យថា ម្នាលបុណ្ណកៈ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យហៅដោយគោរព។បេ។ ការបញ្ញត្តិថា មានព្រះភាគនេះ (កើតហើយ) ព្រោះការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ។

[១២១] ពាក្យថា ក្សត្រ និងព្រាហ្មណ៍ (សម្រេចយញ្ញៈ) ដល់ទេវតាទាំងឡាយ ត្រង់ពាក្យថា ក្សត្រ គឺជនទាំងឡាយណានីមួយ មានជាតិជាក្សត្រិយ៍។ ពាក្យថា ព្រាហ្មណ៍ គឺជនទាំងឡាយណានីមួយ ជាភោវាទី។ ពាក្យថា ដល់ទេវតាទាំងឡាយ គឺពួកអាជីវក ជាទេវតារបស់ពួកសាវ័កនៃអាជីវក។បេ។ ទិសទាំងឡាយ ជាទេវតារបស់អ្នកប្រព្រឹត្តវត្តទិស ពួកជនណា ជាទក្ខិណេយ្យបុគ្គលរបស់ពួកជនណា ជនទាំងនោះ ជាទេវតារបស់ពួកជននោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ក្សត្រ និងព្រាហ្មណ៍ (សម្រេចយញ្ញៈ) ដល់ទេវតាទាំងឡាយ។

[១២២] ពាក្យថា ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈ សេចកី្តថា ទេយ្យធម៌ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប លោកហៅថា យញ្ញៈ។ ពាក្យថា សម្រេចយញ្ញៈ សេចកី្តថា សូម្បីជនទាំងឡាយណា ប្រាថ្នារក ស្វែងរក ស្វះស្វែងរក នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជនទាំងនោះ ឈ្មោះថា សម្រេចយញ្ញៈ។ ពាក្យថា ជាច្រើននាក់ គឺយញ្ញៈទាំងនុ៎ះច្រើន ឬពួកអ្នកស្វែងរកយញ្ញៈនោះច្រើន ឬក៏ពួកជនដែលគួរដល់ទក្ខិណានុ៎ះ ច្រើន។ ពួកយញ្ញៈទាំងនុ៎ះច្រើន តើដោយប្រការដូចម្តេច។បេ។ ពួកជនដែលគួរដល់ទក្ខិណាទាំងនោះច្រើន យ៉ាងនេះ។ ពាក្យថា ក្នុងលោកនេះ គឺក្នុងមនុស្សលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជាច្រើននាក់ ក្នុងលោកនេះ សម្រេចយញ្ញៈ។

[១២៣] អធិប្បាយពាក្យថា ម្នាលបុណ្ណកៈ (ជនទាំងនោះ) បា្រថ្នានូវភាពនេះ ត្រង់ពាក្យថា បា្រថ្នា គឺបា្រថា្នការបានចំពោះរូប ប្រាថា្នការបានចំពោះសំឡេង ប្រាថ្នាការបានចំពោះក្លិន ប្រាថ្នាការបានចំពោះរស ប្រាថ្នាការបានចំពោះផ្សព្វ បា្រថ្នាការបានចំពោះកូន បា្រថ្នាការបានចំពោះប្រពន្ធ ប្រាថ្នាការបានចំពោះទ្រព្យ ប្រាថ្នាការបានចំពោះយស ប្រាថ្នាការបានចំពោះភាពជាឥស្សរៈ ប្រាថ្នាការបានចំពោះអត្តភាពក្នុងត្រកូលនៃខត្តិយមហាសាល ប្រាថ្នាការបានចំពោះអត្តភាពក្នុងត្រកូលនៃព្រាហ្មណមហាសាល ប្រាថ្នាការបានចំពោះអត្តភាពក្នុងត្រកូលនៃគហបតិមហាសាល ប្រាថ្នាការបានចំពោះអត្តភាពក្នុងពួកទេវតាជាន់ចាតុម្មហារាជិកៈ ប្រាថ្នាចង់បាន ត្រេកអរ បំណង ស្រឡាញ់ ជាប់ចិត្ត នូវការបានចំពោះអត្តភាព ក្នុងពួកទេវតាជាន់តាវតិ្តង្ស ក្នុងពួកទេវតាជាន់យាមៈ ក្នុងពួកទេវតាជាន់តុសិត ក្នុងពួកទេវតាជាន់និម្មារតី ក្នុងពួកទេវតាជាន់បរនិមិ្មតវសវត្តី ក្នុងពួកទេវតាដែលប្រព្រឹត្តទៅក្នុងពួកនៃព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា។ ពាក្យថា ម្នាលបុណ្ណកៈ (ជនទាំងនោះប្រាថ្នា) នូវភាពនេះ សេចក្តីថា ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលទាំងនេះ គឺ ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលខត្តិយមហាសាលនេះ ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលព្រាហ្មណមហាសាលនេះ ប្រាថ្នាការកើតអត្តភាពក្នុងត្រកូលគហបតិមហាសាលនេះ ប្រាថ្នាការកើតអត្តភាពក្នុងពួកទេវតាជាន់ចាតុម្មហារាជិកៈនេះ ប្រាថ្នាចង់បាន ត្រេកអរ បំណង ស្រឡាញ់ ជាប់ចិត្ត នូវការកើតអត្តភាពក្នុងពួកទេវតាជាន់តាវតិ្តង្សនេះ ក្នុងពួកទេវតាជាន់យាមៈនេះ ក្នុងពួកទេវតាជាន់តុសិតនេះ ក្នុងពួកទេវតាជាន់និម្មានរតីនេះ ក្នុងពួកទេវតាជាន់បរនិម្មិតវសវតី្តនេះ ក្នុងពួកទេវតាដែលប្រព្រឹត្តទៅក្នុងពួកព្រហ្មនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលបុណ្ណកៈ (ពួកជនទាំងនោះ) ប្រាថ្នាភាពនេះ។

[១២៤] អធិប្បាយពាក្យថា អាស្រ័យជរា ទើបបានសម្រេចយ័ញ្ញឡើង ត្រង់ពាក្យថា អាស្រ័យជរា គឺអាស្រ័យជរា អាស្រ័យព្យាធិ អាស្រ័យមរណៈ អាស្រ័យសោក សេចក្តីខ្សឹកខ្សួល ទុក្ខ សេចក្តីតូចចិត្ត និងសេចក្តីចង្អៀតចង្អល់ សត្វទាំងនោះ អាស្រ័យជាតិក្នុងកាលណា សត្វទាំងនោះ អាស្រ័យជរាក្នុងកាលនោះ សត្វទាំងនោះអាស្រ័យជរាក្នុងកាលណា សត្វទាំងនោះ អាស្រ័យព្យាធិក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យព្យាធិក្នុងកាលណា សត្វទាំងនោះអាស្រ័យមរណៈក្នុងកាលនោះ សត្វទាំងនោះអាស្រ័យមរណៈក្នុងកាលណា សត្វទាំងនោះអាស្រ័យសោក សេចក្តីខ្សឹកខ្សួល ទុក្ខ សេចក្តីតូចចិត្ត និងសេចក្តីចង្អៀតចង្អល់ក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យសោក សេចក្តីខ្សឹកខ្សួល ទុក្ខ សេចក្តីតូចចិត្ត និងសេចក្តីចង្អៀតចង្អល់ក្នុងកាលណា សត្វទាំងនោះ អាស្រ័យគតិ ក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យគតិក្នុងកាលណា សត្វទាំងនោះ អាស្រ័យឱបបត្តិក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យឱបបត្តិក្នុងកាលណា សត្វទាំងនោះ អាស្រ័យបដិសន្ធិក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យបដិសន្ធិក្នុងកាលណា សត្វទាំងនោះ អាស្រ័យភពក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យភពក្នុងកាលណា សត្វទាំងនោះ អាស្រ័យសង្សារក្នុងកាលនោះ សត្វទាំងនោះ អាស្រ័យសង្សារក្នុងកាលណា សត្វទាំងនោះ អាស្រ័យវដ្តៈ អាស្រ័យនៅ ជាប់នៅ ចូលទៅជិតដល់ លិចចុះ ចុះស៊ប់ ក្នុងកាលនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យជរា ទើបសម្រេចយញ្ញៈឡើង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) ពួកមនុស្សណានីមួយ គឺឥសី ក្សត្រ និងព្រាហ្មណ៍ជាច្រើននាក់ក្នុងលោកនេះ សម្រេចយញ្ញៈដល់ទេវតាទាំងឡាយ ម្នាលបុណ្ណកៈ ពួកសត្វទាំងនោះ ប្រាថ្នាភាពនេះ អាស្រ័យជរា ទើបសម្រេចយញ្ញៈឡើង។

[១២៥] (បុណ្ណកៈមានអាយុ ទូលសួរដូច្នេះថា)

ពួកមនុស្សណានីមួយ គឺឥសី ក្សត្រ និងព្រាហ្មណ៍ជាច្រើននាក់ក្នុងលោកនេះ សម្រេចយ័ញ្ញដល់ទេវតាទាំងឡាយ បពិត្រព្រះមានព្រះភាគ ពួកមនុស្សទាំងនោះ មិនធ្វេសក្នុងផ្លូវយ័ញ្ញ បពិត្រព្រះអង្គនិរទុក្ខ (មនុស្សទាំងនោះ) ឆ្លងជាតិ និងជរាបានដែរឬ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។

[១២៦] ពាក្យថា ណានីមួយ ក្នុងបទថា ពួកមនុស្សណានីមួយ គឺឥសី។បេ។ អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ពួកមនុស្សទាំងនោះ មិនធ្វេសក្នុងផ្លូវយ័ញ្ញ ឆ្លងជាតិ និងជរាបានដែរឬ ត្រង់ពាក្យថា ដែរឬ គឺការសួរដោយសង្ស័យ ការសួរដោយសេចក្តីងឿងឆ្ងល់ ការសួរដោយចិត្តបែកជាពីរ ការសួរដោយចំណែកច្រើនថា យ៉ាងនេះឬ មិនមែនទេឬ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) ដែរឬ។ ពាក្យថា មនុស្សទាំងនោះ បានដល់ពួកមនុស្សអ្នកបូជាយ័ញ្ញ។ ពាក្យថា មានព្រះភាគនុ៎ះ ជាពាក្យហៅដោយគោរព។បេ។ ការបញ្ញតិ្តថា មានព្រះភាគនេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ មនុស្សទាំងនោះ ដែរឬ។ ពាក្យថា មិនធ្វេសក្នុងផ្លូវយញ្ញៈ សេចក្តីថា យញ្ញៈហ្នឹងឯង លោកហៅថា ផ្លូវយញ្ញៈ។ មគ្គប្រសើរ ផ្លូវប្រសើរ ផ្លូវទេវតា មាគ៌ាព្រហ្ម ផ្លូវព្រហ្ម យ៉ាងណា យញ្ញៈហ្នឹងឯង លោកហៅថា ផ្លូវយញ្ញៈ យ៉ាងនោះឯង។ ពាក្យថា មិនធ្វេស គឺមិនធ្វេស ធ្វើដោយគោរព ធ្វើរឿយ ៗ មានកិរិយាធ្វើតាំងមាំ មានកិរិយាប្រព្រឹត្តមិនរួញរា មានឆន្ទៈមិនដាក់ចុះ មានធុរៈមិនដាក់ចុះ ប្រព្រឹត្តក្នុងផ្លូវយញ្ញៈនោះ ច្រើនក្នុងផ្លូវយញ្ញៈនោះ ធ្ងន់ក្នុងផ្លូវយញ្ញៈនោះ ឱនទៅក្នុងផ្លូវយញ្ញៈនោះ ទោរទៅក្នុងផ្លូវយញ្ញៈនោះ ញោចទៅក្នុងផ្លូវយញ្ញៈនោះ ចុះស៊ប់ក្នុងផ្លូវយញ្ញៈនោះ មានផ្លូវយញ្ញៈនោះ ជាអធិបតី ហេតុនោះ (លោកសួរថា) មិនធ្វេសក្នុងផ្លូវយញ្ញៈ។ សូម្បីពួកជនណា ស្វែង ស្វះស្វែង ស្វែងរកនូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជាអ្នកធ្វើដោយគោរព។បេ។ មានផ្លូវយញ្ញៈនោះជាអធិបតី ជនទាំងនោះ ឈ្មោះថា មិនធ្វេសក្នុងផ្លូវយញ្ញៈ។ សូម្បីពួកជនណា តាក់តែងយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជាអ្នកធ្វើដោយគោរព។បេ។ មានផ្លូវយ័ញ្ញនោះ ជាអធិបតី ជនទាំងនោះឈ្មោះថា មិនធ្វេសក្នុងផ្លូវយញ្ញៈ សូម្បីពួកជនណា ឲ្យបូជា លះបង់នូវយ័ញ្ញ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជាអ្នកធ្វើដោយគោរព។បេ។ មានផ្លូវយ័ញ្ញនោះ ជាអធិបតី ជនទាំងនោះ ឈ្មោះថា មិនធ្វេសក្នុងផ្លូវយ័ញ្ញ ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ មនុស្សទាំងនោះ មិនធ្វេសក្នុងផ្លូវយ័ញ្ញ (ឆ្លងជាតិ និងជរាបាន) ដែរឬ។

[១២៧] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ មនុស្សទាំងនោះឆ្លងជាតិ និងជរាបាន (ដែរឬ) គឺឆ្លង ឆ្លងឡើង ឆ្លងទួទៅ កន្លងព្រម ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈបាន (ដែរឬ)។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះគឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះជាពាក្យហៅដោយគោរពកោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ មនុស្សទាំងនោះ ឆ្លងជាតិ និងជរាបាន (ដែរឬ)។

[១២៨] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គ ទូលសួរព្រះអង្គ អង្វរព្រះអង្គ អារាធនាព្រះអង្គ ញុំាងព្រះអង្គឲ្យជ្រះថ្លា សូមព្រះអង្គប្រាប់ (សេចក្តីនោះ) ដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គទូលសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគ នុ៎ះជាពាក្យហៅដោយគោរព។បេ។ ការបញ្ញត្តិថា មានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គប្រាប់ បង្ហាញ សំដែង បញ្ញត្ត តាំងផ្តើម បើក ចែករំលែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(បុណ្ណកៈមានអាយុ ទូលសួរដូច្នេះថា) ពួកមនុស្សណាមួយ គឺឥសី ក្សត្រ និងព្រាហ្មណ៍ជាច្រើននាក់ក្នុងលោកនេះ សម្រេចយញ្ញៈដល់ទេវតាទាំងឡាយ បពិត្រព្រះមានព្រះភាគ ពួកមនុស្សទាំងនោះ មិនធ្វេសក្នុងផ្លូវយញ្ញៈ បពិត្រព្រះអង្គនិរទុក្ខ (មនុស្សទាំងនោះ) ឆ្លងជាតិ និងជរាបានដែរឬ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។

[១២៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ)

ជនទាំងឡាយណា ប្រាថ្នាសរសើរ (ជាប់ចិត្ត) បូជា ជាប់ចិត្តក្នុងកាម ព្រោះអាស្រ័យលាភ តថាគតពោលថា ជនទាំងនោះ ប្រកបក្នុងបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងជាតិ និងជរាមិនបានទេ។

[១៣០] អធិប្បាយពាក្យថា ប្រាថ្នា សរសើរ (ជាប់ចិត្ត) បូជា ត្រង់ពាក្យថា ប្រាថ្នា គឺប្រាថ្នាការបាននូវរូប ប្រាថ្នាការបាននូវសំឡេង ប្រាថ្នាការបាននូវក្លិន ប្រាថ្នាការបាននូវរស ប្រាថ្នាការបាននូវផ្សព្វ ប្រាថ្នាការបាននូវកូន ប្រាថ្នាការបាននូវប្រពន្ធ ប្រាថ្នាការបាននូវទ្រព្យ ប្រាថ្នាការបាននូវយស ប្រាថ្នាការបាននូវភាពជាឥស្សរ ប្រាថ្នាការបាននូវអត្តភាពក្នុងត្រកូលខត្តិយមហាសាល ប្រាថ្នា ត្រេកអរ បំណង ស្រលាញ់ នូវការបានចំពោះអត្តភាពក្នុងត្រកូលនៃព្រាហ្មណមហាសាល ក្នុងត្រកូលនៃគហបតិមហាសាល ក្នុងពួកទេវតាជាន់ចាតុម្មហារាជិកៈ។បេ។ ក្នុងពួកទេវតាប្រព្រឹត្តទៅក្នុងពួកព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា។

ពាក្យថា សរសើរ គឺសរសើរយញ្ញៈក្តី សរសើរផលក្តី សរសើរទក្ខិណេយ្យបុគ្គលក្តី។ សរសើរយញ្ញៈ តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា បុគ្គលឲ្យវត្ថុជាទីស្រឡាញ់ ឲ្យវត្ថុជាទីគាប់ចិត្ត ឲ្យវត្ថុដ៏ថ្លៃថ្លា ឲ្យវត្ថុដ៏គួរ ឲ្យវត្ថុដែលពិចារណារួចហើយ ឲ្យវត្ថុមិនមានទោស ឲ្យរឿយ ៗ កាលឲ្យ ក៏ញុំាងចិត្តឲ្យជ្រះថ្លា សរសើរយញ្ញៈយ៉ាងនេះ។ សរសើរផល តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា ព្រោះការឲ្យនេះជាហេតុ នឹងបានរូប នឹងបានសំឡេង នឹងបានក្លិន នឹងបានរស នឹងបានផ្សព្វ នឹងបានអត្តភាពក្នុងត្រកូលនៃខត្តិយមហាសាល ក្នុងត្រកូលនៃព្រាហ្មណមហាសាល។បេ។ ក្នុងពួកទេវតាដែលប្រពឹ្រត្តទៅក្នុងពួកព្រហ្ម សរសើរផល យ៉ាងនេះ។ សរសើរទក្ខិណេយ្យបុគ្គល តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា ទក្ខិណេយ្យបុគ្គលទាំងឡាយ ជាអ្នកបរិបូណ៌ដោយជាតិ បរិបូណ៌ដោយគោត្រ ជាអ្នកស្វាធ្យាយ ទ្រទ្រង់មន្ត ដល់នូវត្រើយនៃវេទ ៣ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ អក្ខរប្បភេទ មានគម្ពីរឥតិហាសៈជាគំរប់ ៥ ជាអ្នកចេះបទ ជាអ្នកចេះវេយ្យាករណ៍ មិនខ្វះខាត ក្នុងគម្ពីរលោកាយតៈ និងមហាបុរិសលក្ខណៈ ជាអ្នកមានរាគៈទៅប្រាសហើយ ឬប្រតិបត្តិដើម្បីបន្ទោបង់រាគៈ ជាអ្នកមានទោសៈទៅប្រាសហើយ ឬប្រតិបត្តិដើម្បីបន្ទោបង់ទោសៈ មានមោហៈទៅប្រាសហើយ ឬប្រតិបត្តិដើម្បីបន្ទោបង់មោហៈ ជាអ្នកបរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយប្រាជ្ញា បរិបូណ៌ដោយវិមុត្តិ បរិបូណ៌ដោយវិមុតិ្តញ្ញាណទស្សនៈ សរសើរទក្ខិណេយ្យបុគ្គល យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ។

ពាក្យថា ជាប់ចិត្ត គឺជាប់ចិត្តត្រង់ការបានរូប ជាប់ចិត្តត្រង់ការបានសំឡេង ជាប់ចិត្តត្រង់ការបានក្លិន ជាប់ចិត្តត្រង់ការបានរស ជាប់ចិត្តត្រង់ការបានផ្សព្វ ជាប់ចិត្តត្រង់ការបានអត្តភាពក្នុងត្រកូលនៃខត្តិយមហាសាល។បេ។ ជាប់ចិត្តត្រង់ការបានអត្តភាពក្នុងពួកទេវតាដែលប្រពឹ្រត្តទៅក្នុងពួកព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ ជាប់ចិត្ត។

ពាក្យថា បូជា គឺបូជា ឲ្យលះ បរិច្ចាគនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រាថ្នា សរសើរ ជាប់ចិត្ត បូជា។ ពាក្យថា ព្រះមានព្រះភាគ (ត្រាស់ថា) ម្នាលបុណ្ណកៈ ត្រង់ពាក្យថា ម្នាលបុណ្ណកៈ គឺព្រះមានព្រះភាគ ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា មានព្រះភាគនេះ ជាពាក្យហៅដោយគោរព។បេ។ ថា ព្រះមានព្រះភាគនេះ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ។

[១៣១] ពាក្យថា ជាប់ចិត្តក្នុងកាម ព្រោះអាស្រ័យលាភ គឺជាប់ចិត្តក្នុងកាម ព្រោះអាស្រ័យការបានរូប ជាប់ចិត្តក្នុងកាម ព្រោះអាស្រ័យការបានសំឡេង។បេ។ ជាប់ចិត្ត ជាប់ចិត្តស៊ប់ ជាប់ចំពាក់ក្នុងកាម ព្រោះអាស្រ័យការបានអត្តភាពក្នុងពួកទេវតាដែលប្រព្រឹត្តទៅក្នុងពួកព្រហ្ម ហេតុនោះ (ទ្រង់ត្រាស់ថា) ជាប់ចិត្តក្នុងកាមព្រោះអាស្រ័យលាភ។

[១៣២] អធិប្បាយពាក្យថា តថាគតពោលថា ជនទាំងនោះ ជាអ្នកប្រកបក្នុងបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងជាតិ និងជរាមិនបានទេ ត្រង់ពាក្យថា ជនទាំងនោះ គឺពួកជនអ្នកបូជាយញ្ញៈ។ ពាក្យថា ប្រកបក្នុងបូជា គឺជាអ្នកប្រកប ប្រកបទួទៅ ប្រកបព្រម ក្នុងបូជាទាំងឡាយ ជាអ្នកប្រព្រឹត្តក្នុងបូជានោះ ច្រើនក្នុងបូជានោះ ធ្ងន់ក្នុងបូជានោះ ឱនទៅក្នុងបូជានោះ ទោរទៅក្នុងបូជានោះ ញោចទៅក្នុងបូជានោះ ចុះស៊ប់ក្នុងបូជានោះ មានបូជានោះជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ជាអ្នកប្រកបក្នុងបូជា។ ពាក្យថា ត្រេកអរក្នុងភវរាគៈ សេចក្តីថា តណ្ហា ហៅថា ភវរាគៈ បានខាងសេចក្តីប៉ុនប៉ងក្នុងភព សេចក្តីត្រេកអរក្នុងភព សេចក្តីប្រាថ្នាក្នុងភព ការស្នេហាក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីក្តៅក្រហាយក្នុងភព សេចក្តីជ្រប់ក្នុងភព សេចក្តីចូលចិត្តមាំក្នុងភព ក្នុងភពទាំងឡាយ ជនទាំងឡាយ ត្រេកអរ ធ្លាក់ចុះ ជ្រុលជ្រប់ ងុលងប់ ជាប់ ចំពាក់ ព័ន្ធព័ទ្ធក្នុងភពទាំងឡាយ ដោយសេចក្តីរីករាយក្នុងភព ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ជាអ្នកប្រកបក្នុងការបូជា ត្រេកអរក្នុងភវរាគៈ។ ពាក្យថា តថាគតពោលថា ជនទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ គឺជនទាំងនោះ ជាអ្នកប្រកបក្នុងបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងទួទៅមិនបាន កន្លងព្រមមិនបាន ប្រព្រឹត្តកន្លងមិនបាន នូវជាតិ ជរា និងមរណៈ មិនចេញ មិនរលាស់ចេញ មិនឈានកន្លង មិនឈានកន្លងព្រម មិនប្រព្រឹត្តកន្លង ចាកជាតិ ជរា និងមរណៈ រមែងវិលវល់នៅតែខាងក្នុងនៃជាតិ ជរា និងមរណៈ វិលវល់ខាងក្នុងផ្លូវសង្សារ ប្រព្រឹត្តទៅតាមជាតិ ត្រូវជរាជាប់តាម ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ហើយ គ្មានទីពំនាក់ គ្មានទីជ្រកកោន គ្មានទីពឹង គ្មានទីផ្អែក តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើក ចែក រលែក ធ្វើឲ្យរាក់ ប្រកាសដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ជាអ្នកប្រកបក្នុងបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងជាតិ និងជរាមិនបានទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) ជនទាំងឡាយណា ប្រាថ្នា សរសើរ (ជាប់ចិត្ត) លះបង់ ប្រាថ្នាចំពោះនូវកាម ព្រោះអាស្រ័យលាភ តថាគតពោលថា ជនទាំងនោះ ជាអ្នកប្រកបក្នុងការបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងជាតិ និងជរាមិនបានទេ។

[១៣៣] (បុណ្ណកៈមានអាយុ ក្រាបទូលសួរដូច្នេះថា)

បពិត្រព្រះអង្គនិរទុក្ខ បើជនជាអ្នកប្រកបក្នុងការបូជាទាំងនោះ ឆ្លងជាតិ និងជរាដោយយ័ញ្ញមិនបានទេ បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក អាចឆ្លងជាតិ និងជរាបាន ក្នុងកាលឥឡូវនេះ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ។

[១៣៤] ពាក្យថា បើជនជាអ្នកប្រកបក្នុងការបូជាទាំងនោះ ឆ្លងមិនបានទេ សេចក្តីថា ជនជាអ្នកបូជាយ័ញ្ញ ប្រកបក្នុងការបូជា ត្រេកអរក្នុងភវរាគៈទាំងនោះ មិនឆ្លងចុះ មិនឆ្លងឡើង មិនឆ្លងទួទៅ មិនកន្លងព្រម មិនប្រព្រឹត្តកន្លងបាន នូវជាតិ ជរា និងមរណៈ ជនទាំងនោះ មិនចេញ មិនរលាស់ចេញ មិនឈានកន្លង មិនឈានកន្លងព្រម មិនប្រព្រឹត្តកន្លង ចាកជាតិ ជរា និងមរណៈ វិលវល់ខាងក្នុងនៃជាតិ ជរា និងមរណៈ វិលវល់ខាងក្នុងផ្លូវនៃសង្សារ ប្រព្រឹត្តទៅតាមជាតិ ត្រូវជរាជាប់តាម ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ហើយ គ្មានទីពំនាក់ គ្មានទីជ្រកកោន គ្មានទីពឹង គ្មានទីផ្អែក ហេតុនោះ (លោកសួរថា) បើជនជាអ្នកប្រកបក្នុងការបូជាទាំងនោះ ឆ្លងមិនបានទេ។ ពាក្យថា ដូច្នេះ ក្នុងបទថា បុណ្ណកៈមានអាយុ ក្រាបទូលសួរដូច្នេះ គឺជាបទតភ្ជាប់។បេ។ បុណ្ណកៈមានអាយុ។

[១៣៥] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ (បើជនទាំងឡាយឆ្លង) ជាតិ និងជរាដោយយ័ញ្ញមិនបានទេ សេចក្តីថា ដោយយ័ញ្ញទាំងឡាយដ៏ច្រើន ដោយយ័ញ្ញទាំងឡាយផ្សេង ៗ ដោយយ័ញ្ញដ៏ក្រាស់ក្រែល។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ គឺពាក្យជាទីស្រឡញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នុ៎ះជាពាក្យសំរាប់ហៅដោយគោរពកោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ (បើជនទាំងឡាយឆ្លង) ជាតិ និងជរាដោយយ័ញ្ញមិនបានទេ។

[១៣៦] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន ក្នុងកាលឥឡូវនេះ សេចក្តីថា តើអ្នកណា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឆ្លងចុះ ឆ្លងឡើង ឆ្លងទួទៅ កន្លងព្រម ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈបាន។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នុ៎ះជាពាក្យសំរាប់ហៅដោយគោរពកោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន ក្នុងកាលឥឡូវនេះ។

[១៣៧] ពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គទូលសួរព្រះអង្គ អង្វរព្រះអង្គ អារាធនាព្រះអង្គ ញុំាងព្រះអង្គឲ្យជ្រះថ្លា សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គទូលសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគ នុ៎ះជាពាក្យសម្រាប់ហៅដោយគោរព។បេ។ ការបញ្ញតិ្តថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង ពាក្យថា សូមព្រះអង្គសំដែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម វែកញែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(បុណ្ណកៈមានអាយុ ក្រាបទូលសួរដូច្នេះថា) បពិតព្រះអង្គនិរទុក្ខ បើជនជាអ្នកប្រកបក្នុងការបូជាទាំងនោះ ឆ្លងជាតិ និងជរាដោយយ័ញ្ញមិនបានទេ បពិត្រព្រះអង្គនិរទុក្ខ តើអ្នកណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន ក្នុងកាលឥឡូវនេះ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។

[១៣៨] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ)

សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោកនៃបុគ្គលណា មិនមានទេ ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានប្រាថ្នា អាចឆ្លងជាតិ និងជរាបាន។

[១៣៩] ពាក្យថា ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក សេចក្តីថា ញាណ លោកហៅថា ការដឹង បានខាងបញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ពាក្យថា ត្រើយនាយ និងត្រើយអាយ គឺមនុស្សលោក ហៅថា ត្រើយអាយ ទេវលោក ហៅថាត្រើយនាយ កាមធាតុ ហៅថា ត្រើយអាយ រូបធាតុ និងអរូបធាតុ ហៅថា ត្រើយនាយ កាមធាតុ និងរូបធាតុ ហៅថា ត្រើយអាយ អរូបធាតុ ហៅថា ត្រើយនាយ។ ពាក្យថា ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក គឺព្រោះដឹងនូវត្រើយនាយ និងត្រើយអាយថា មិនទៀង ព្រោះដឹង យល់ ថ្លឹង ពិចារណា សំដែង ធ្វើឲ្យប្រាកដ ថាជាទុក្ខ ជារោគ ជាបូស ជាសរ។បេ។ ថា រលាស់ចេញមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក។ ពាក្យថា ម្នាលបុណ្ណកៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះជាពាក្យហៅដោយគោរព។បេ។ (ការបញ្ញតិ្ត) ថា ព្រះមានព្រះភាគនេះ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ។

[១៤០] ពាក្យថា សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោក នៃបុគ្គលណា មិនមានទេ ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា សេចក្តីញាប់ញ័រ គឺការញាប់ញ័រដោយតណ្ហា ការញាប់ញ័រដោយទិដ្ឋិ ការញាប់ញ័រដោយកិលេស ការញាប់ញ័រដោយមានះ ការញាប់ញ័រដោយកម្ម។ ការញាប់ញ័រទាំងនេះ នៃបុគ្គលណាមិនមាន មិនមានព្រម (បុគ្គលនោះ) មិនបាន បានលះបង់ កាត់ផ្តាច់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ។ ពាក្យថា ក្នុងទីនីមួយ គឺក្នុងទីនីមួយតិចតួច ដូចម្តេចខ្លះ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោក នៃបុគ្គលណា មិនមានទេ។

[១៤១] អធិប្បាយពាក្យថា តថាគតពោលថា បុគ្គលនោះជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានប្រាថ្នា អាចឆ្លងជាតិ និងជរាបាន ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់រាគៈ ឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់ទោសៈ ឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់មោហៈ ឈ្មោះថា អ្នកស្ងប់ អ្នករម្ងាប់ អ្នករម្ងាប់ឈឹង អ្នករំលត់ អ្នករម្ងាប់ចំពោះ ព្រោះស្ងប់ រម្ងាប់ រម្ងាប់ឈឹង រលត់ រំលត់ ទៅប្រាស រម្ងាប់ចំពោះនូវក្រោធ ការចងក្រោធទុក សេចក្តីលុបគុណ ការវាយឫកស្មើ សេចក្តីច្រណែន កំណាញ់ កិច្ចកល សេចក្តីអួតអាង សេចក្តីរឹងត្អឹង ការប្រណាំងប្រជែង មានះ សេចក្តីមើលងាយ សេចក្តីស្រវឹង សេចក្តីប្រហែស កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា អ្នកកំចាត់បង់ គឺអ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវកាយទុច្ចរិត អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវវចីទុច្ចរិត នូវមនោទុច្ចរិត អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវរាគៈ អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវទោសៈ មោហៈ ក្រោធ ការចងក្រោធទុក សេចក្តីលុបគុណ ការវាយឫកស្មើ សេចក្តីច្រណែន សេចក្តីកំណាញ់ កិច្ចកល សេចក្តីអួតអាង សេចក្តីរឹងត្អឹង ការប្រណាំងប្រជែង មានះ សេចក្តីមើលងាយ សេចក្តីស្រវឹង និងសេចក្តីប្រហែស អ្នកកំចាត់បង់ ផ្លុំចេញ ធ្វើឲ្យរីងស្ងួត ធ្វើឲ្យវិនាសនូវកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវ៉ាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង។ មួយទៀត ក្រោធ លោកពោលថាផ្សែង

ម្នាលព្រាហ្មណ៍ សេចក្តីពិតថា មានះរបស់អ្នក ទុកជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ទុកជាផ្សែង ការពោលពាក្យកុហក ទុកជាផេះ អណ្តាត ទុកជាវែក ហឫទ័យរបស់អ្នកដែលយកចិត្តទុកដាក់ ទុកជាកន្លែងភ្លើង ខ្លួនដែលទូន្មានល្អហើយ ទុកជាជាតិរបស់បុរស។

មួយទៀត ការក្រោធ កើតដោយអាការ ១០ គឺក្រោធកើតដោយគិតថា គេបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១ ក្រោធកើតដោយគិតថា គេកំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១ ក្រោធកើតដោយគិតថា គេនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ ១ ក្រោធកើតដោយគិតថា គេបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ១ ថា កំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ១ ថា នឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីពេញចិត្តនៃអញ ១ ក្រោធកើតដោយគិតថា គេបានប្រព្រឹត្តប្រយោជន៍ ១ ថាកំពុងប្រព្រឹត្តប្រយោជន៍ ១ ថានឹងប្រព្រឹត្តប្រយោជន៍ដល់សត្វ និងសង្ខារមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃអញ ១ ឬសេចក្តីក្រោធកើតក្នុងទីមិនគួរ ១។ សេចក្តីគំនុំ ការគុំគួន ការថ្នាំងថ្នាក់ ការតានតឹងនៃចិត្ត សេចក្តីខឹង ការខឹងខ្លាំង ការខឹងក្រៃលែង ទោសៈ ទោសៈខ្លាំង ទោសៈក្រៃលែង ការព្យាបាទនៃចិត្ត ការប្រទូសរ៉ាយក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ សេចក្តីខឹង ការខឹងខ្លាំង សេចក្តីកាច ការញុំាងទឹកភ្នែកឲ្យហូរធ្លាក់ សេចក្តីមិនរីករាយនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះហៅថា ការក្រោធ។ មួយទៀត បណ្ឌិតគប្បីដឹងថា ក្រោធប្រមាណច្រើន និងតិច។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែធ្វើចិត្តឲ្យល្អក់ តែមិនទាន់ធ្វើមុខឲ្យក្រញូវនៅឡើយក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែធ្វើមុខឲ្យក្រញូវ តែមិនទាន់ញុំាងចង្កាឲ្យកំរើកនៅឡើយក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែញ៉ាំងចង្កាឲ្យកំរើក តែមិនទាន់បញ្ចេញវាចាអាក្រក់នៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែបញ្ចេញវាចាអាក្រក់ តែមិនទាន់ក្រឡេកមើលទិសតូច និងទិសធំនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែក្រឡេកមើលទិសតូច និងទិសធំ តែមិនទាន់ចាប់កាន់ដំបង និងកាំបិតនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែចាប់កាន់ដំបង និងកាំបិត តែមិនទាន់ងាឡើងនូវដំបង និងកាំបិតនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែងាឡើងនូវដំបង និងកាំបិត តែមិនទាន់សំពងកាប់ដោយដំបង និងកាំបិតនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែសំពងកាប់ដោយដំបង និងកាំបិត តែមិនទាន់ធ្វើឲ្យធ្លុះធ្លាយ ដាច់ដាចនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែធ្វើឲ្យធ្លុះធ្លាយដាច់ដាច តែមិនទាន់បំបាក់បំបែកនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែបំបាក់បំបែក តែមិនទាន់អូសទាញមកនូវអវយវៈតូច និងអវយវៈធំនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែទាញកន្រ្តាក់មកនូវអវយវៈតូច និងអវយវៈធំ តែមិនទាន់ញ៉ាំងជីវិតឲ្យវិនាសនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែញុំាងជីវិតឲ្យវិនាស តែមិនទាន់តាំងនៅក្នុងការលះ និងការបរិច្ចាគ (ជីវិត) ទាំងអស់គ្នានៅឡើយក៏មាន។ ក្នុងកាលណា បុគ្គលអ្នកក្រោធសម្លាប់បុគ្គលដទៃ ហើយសម្លាប់ខ្លួន ក្នុងកាលនោះ ក្រោធក៏ដល់នូវសភាពដ៏ចំរើនក្រៃលែង ដល់នូវសភាពដ៏ទូលំទូលាយដ៏ក្រៃលែង ដោយហេតុមានប្រមាណប៉ុណ្ណោះ។ ក្រោធនុ៎ះ ដែលបុគ្គលណា បានលះបង់ កាត់ផ្ដាច់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ ហៅថា អ្នកកំចាត់បង់។ បុគ្គលនោះ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះលះក្រោធហើយ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះកំណត់ដឹងនូវវត្ថុក្រោធហើយ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះកាត់ផ្តាច់នូវហេតុនៃក្រោធ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកកំចាត់បង់។ ពាក្យថា អ្នកមិនមានទុក្ខ សេចក្តីថា រាគៈជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ ក្រោធជាទុក្ខ ការចងក្រោធទុកជាទុក្ខ។បេ។ អភិសង្ខារ ជាអកុសលទាំងពួងជាទុក្ខ។ ទុក្ខទាំងនុ៎ះ បុគ្គលណាលះបង់ កាត់ផ្តាច់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានទុក្ខ។ ពាក្យថា អ្នកមិនមានសេចក្តីប្រាថ្នា សេចក្តីថា តណ្ហា ហៅថា សេចក្តីប្រាថ្នា បានដល់សេចក្តីរីករាយ សេចក្តីរីករាយខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា គឺការប្រាថ្នានុ៎ះ បុគ្គលណា លះបង់ កាត់ផ្តាច់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា ជាតិ បានដល់ការកើត ការកើតព្រម កិរិយាឈានចុះ ការកើត ការកើតចំពោះ ការកើតប្រាកដនៃខន្ធទាំងឡាយ ការបានចំពោះនូវអាយតនៈទាំងឡាយ នៃសត្វទាំងឡាយនោះ ៗ ក្នុងពួកនៃសត្វនោះ ៗ ពាក្យថា ជរា គឺការចាស់ ភាពនៃសេចក្តីគ្រាំគ្រា ភាពនៃធ្មេញបាក់ ភាពនៃសក់ស្កូវ ភាពនៃស្បែកជ្រួញជ្រីវ សេចក្តីសាបសូន្យនៃអាយុ សេចក្តីចាស់ជុំវិញនៃឥន្រ្ទិយ នៃសត្វទាំងឡាយនោះ ៗ ក្នុងពួកនៃសត្វនោះៗ។ ពាក្យថា តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានសេចក្តីប្រាថ្នា អាចឆ្លងជាតិ និងជរាបាន បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា បុគ្គលណាជាអ្នកស្ងប់ផង អ្នកកំចាត់បង់ផង អ្នកមិនមានទុក្ខផង អ្នកមិនមានសេចក្តីប្រាថ្នាផង បុគ្គលនោះបានឆ្លង ឆ្លងឡើង ឆ្លងរំលង ផ្លោះកន្លង លោតរំលង នូវជាតិ ជរា និងមរណៈបាន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានសេចក្តីប្រាថ្នា អាចឆ្លងជាតិ និងជរាបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបុណ្ណកៈ) សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោក នៃបុគ្គលណាមិនមានទេ ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានសេចក្តីប្រាថ្នា អាចឆ្លងជាតិ និងជរាបាន។

ក្នុងពេលដែលចប់ព្រះគាថា។បេ។ បុណ្ណកៈមានអាយុ អង្គុយប្រណម្យអញ្ជលីនមស្ការព្រះមានព្រះភាគ ពោលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តានៃខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ បុណ្ណកមាណវកប្បញ្ហានិទ្ទេស ទី៣។

មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី៤

(៤. មេត្តគូមាណវបុច្ឆា)

[១៤២] (មេត្តគូមាណពមានអាយុទូលសួរដូច្នេះថា)

បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុងលោក សេចក្តីទុក្ខទាំងនេះ កើតមកអំពីទីណាហ្ន៎។

[១៤៣] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សួរ បានដល់សំនួរ ៣ គឺ អទិដ្ឋជោតនាបុច្ឆា (សំនួរជាគ្រឿងបំភ្លឺហេតុដែលមិនទាន់បានឃើញ) ១ ទិដ្ឋសំសន្ទនាបុច្ឆា (សំនួរជាគ្រឿងប្រៀបផ្ទឹមហេតុដែលធ្លាប់ឃើញហើយ) ១ វិមតិច្ឆេទនាបុច្ឆា (សំនួរជាគ្រឿងកាត់សេចក្តីងឿងឆ្ងល់) ១។

អទិដ្ឋជោតនាបុច្ឆា តើដូចម្តេច។ លក្ខណៈដែលបុគ្គលមិនទាន់ដឹង មិនទាន់ឃើញ មិនទាន់ថ្លឹង មិនទាន់ពិចារណា មិនទាន់យល់ច្បាស់ មិនទាន់ប្រាកដ ដោយប្រក្រតី បុគ្គលសួរប្រស្នាដើម្បីការដឹង ការឃើញ ការថ្លឹង ការពិចារណា ដើម្បីប្រយោជន៍ដល់ការយល់ច្បាស់ ដើម្បីប្រយោជន៍ឲ្យប្រាកដនូវលក្ខណៈនោះ នេះ អទិដ្ឋជោតនាបុច្ឆា។

ទិដ្ឋសំសន្ទនាបុច្ឆា តើដូចម្តេច។ លក្ខណៈដែលបុគ្គលបានដឹង ឃើញ ថ្លឹង ពិចារណា យល់ច្បាស់ ប្រាកដដោយប្រក្រតីហើយ បុគ្គលសួរនូវប្រស្នា ដើម្បីប្រយោជន៍ប្រៀបផ្ទឹមជាមួយនឹងពួកអ្នកប្រាជ្ញដទៃ នេះ ទិដ្ឋសំសន្ទនាបុច្ឆា។

វិមតិច្ឆេទនាបុច្ឆា តើដូចម្តេច។ បុគ្គលស្ទុះទៅកាន់សេចក្តីសង្ស័យ ស្ទុះទៅកាន់សេចក្តីងឿងឆ្ងល់ មានគំនិតបែកជាពីរ ដោយប្រក្រតីថា យ៉ាងនេះទេឬ ឬមិនមែនទេ ដូចម្តេចហ្ន៎ ប្រការដូចម្តេចហ្ន៎ បុគ្គលនោះ សួរប្រស្នា ដើម្បីកាត់សេចក្តីងឿងឆ្ងល់ នេះ វិមតិច្ឆេទនាបុច្ឆា។ នេះបុច្ឆា ៣។ បុច្ឆា (សំនួរ) ៣ ដទៃទៀត គឺ មនុស្សបុច្ឆា អមនុស្សបុច្ឆា និម្មិតបុច្ឆា។

មនុស្សបុច្ឆា តើដូចម្តេច។ ពួកមនុស្សចូលទៅគាល់ព្រះពុទ្ធមានព្រះភាគ ហើយសួរប្រស្នាគឺ ពួកភិក្ខុសួរ ពួកភិក្ខុនីសួរ ពួកឧបាសកសួរ ពួកឧបាសិកាសួរ ពួកព្រះរាជាសួរ ពួកក្សត្រសួរ ពួកព្រាហ្មណ៍សួរ ពួកវេស្សៈសួរ ពួកសុទ្ទៈសួរ ពួកគ្រហស្ថសួរ ពួកបព្វជិតសួរ នេះមនុស្សបុច្ឆា។

អមនុស្សបុច្ឆា តើដូចម្តេច។ ពួកអមនុស្សចូលទៅគាល់ព្រះពុទ្ធមានព្រះភាគ ហើយសួរប្រស្នា គឺ ពួកនាគសួរ ពួកគ្រុឌសួរ ពួកយក្ខសួរ ពួកអសុរសួរ ពួកគន្ធព្វសួរ ពួកមហារាជសួរ ពួកព្រះឥន្ទសួរ ពួកព្រហ្មសួរ ពួកទេវតាសួរ នេះ អមនុស្សបុច្ឆា។

និម្មិតបុច្ឆា តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់និមិ្មតរូបណា មានអវយវៈសព្វគ្រប់ មានឥន្រ្ទិយមិនខ្វះខាត ដែលសម្រេចអំពីចិត្ត។ រូបនិម្មិតនោះ ចូលទៅគាល់ព្រះពុទ្ធមានព្រះភាគ ហើយសួរប្រស្នា ព្រះមានព្រះភាគក៏ទ្រង់ដោះស្រាយ នេះ និម្មិតបុច្ឆា។ នេះ បុច្ឆា ៣។

បុច្ឆា ៣ ដទៃទៀតគឺ បុច្ឆាចំពោះប្រយោជន៍នៃខ្លួន ១ បុច្ឆាចំពោះប្រយោជន៍បុគ្គលដទៃ ១ បុច្ឆាចំពោះប្រយោជន៍ទាំងពីរ ១។

បុច្ឆា ៣ ដទៃទៀតគឺ បុច្ឆាចំពោះប្រយោជន៍បច្ចុប្បន្ន ១ បុច្ឆាចំពោះប្រយោជន៍បរលោក ១ បុច្ឆាចំពោះប្រយោជន៍ដ៏ក្រៃលែង ១។

បុច្ឆា ៣ ដទៃទៀត គឺ បុច្ឆាចំពោះប្រយោជន៍មិនមានទោស ១ បុច្ឆាចំពោះប្រយោជន៍មិនមានកិលេស ១ បុច្ឆាចំពោះប្រយោជន៍ដ៏ផូរផង់ ១។

បុច្ឆា ៣ ដទៃទៀត គឺ អតីតបុច្ឆា ១ អនាគតបុច្ឆា ១ បច្ចុប្បន្នបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ បុច្ឆាធម៌ក្នុង ១ បុច្ឆាធម៌ក្រៅ ១ បុច្ឆាធម៌ទាំងក្នុងទាំងក្រៅ ១។

បុច្ឆា ៣ ដទៃទៀត គឺកុសលបុច្ឆា ១ អកុសលបុច្ឆា ១ អព្យាកតបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ ខន្ធបុច្ឆា ១ ធាតុបុច្ឆា ១ អាយតនៈបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀតគឺ សតិប្បដ្ឋានបុច្ឆា ១ សម្មប្បធានបុច្ឆា ១ ឥទ្ធិបាទបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ ឥន្រ្ទិយបុច្ឆា ១ ពលបុច្ឆា ១ ពោជ្ឈង្គបុច្ឆា ១។

បុច្ឆា ៣ ដទៃទៀត គឺ មគ្គបុច្ឆា ១ ផលបុច្ឆា ១ និព្វានបុច្ឆា ១។

ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមអង្វរព្រះអង្គ អារាធនាព្រះអង្គ ជ្រះថ្លាចំពោះព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គទូលសួរព្រះអង្គ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកពោលថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ពាក្យថា ដូច្នេះ របស់បទថា មេត្តគូមានអាយុ (ទូលសួរ) ដូច្នេះ គឺជាបទតភ្ជាប់។បេ។ មេត្តគូមានអាយុ (ទូលសួរ) ដូច្នេះ។

[១៤៤] ពាក្យថា ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ អធិប្បាយថា ខ្ញុំព្រះអង្គសំគាល់ព្រះអង្គថា ជាអ្នកដល់នូវវេទ សំគាល់ព្រះអង្គថា ជាអ្នកមានខ្លួនអប់រំហើយ ខ្ញុំព្រះអង្គសំគាល់យ៉ាងនេះ ដឹងយ៉ាងនេះ យល់យ៉ាងនេះ ដឹងច្បាស់យ៉ាងនេះ ដឹងចំពោះយ៉ាងនេះ ចាក់ធ្លុះយ៉ាងនេះថា ព្រះអង្គដល់នូវវេទ មានខ្លួនបានអប់រំហើយ។

ព្រះមានព្រះភាគឈ្មោះថា ទ្រង់ដល់នូវវេទ តើដូចម្តេច។ ញាណ ប្រាជ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គ វីមំសា វិបស្សនា សម្មាទិដ្ឋិ ក្នុងមគ្គ ៤ លោកហៅថា វេទ។ ព្រះមានព្រះភាគទៅកាន់ទីបំផុត ដល់នូវទីបំផុតនៃជាតិ ជរា និងមរណៈ ដោយវេទទាំងឡាយនោះ ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីចប់ ដល់ទីចប់ ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់អមតៈ ដល់អមតៈ ទៅកាន់ព្រះនិញ្វន ដល់ព្រះនិញ្វន។ មួយទៀត ព្រះអង្គឈ្មោះថា ទ្រង់ដល់នូវវេទ ព្រោះទ្រង់ដល់ទីបំផុតនៃវេទទាំងឡាយ។ មួយទៀត ព្រះអង្គឈ្មោះថា ទ្រង់ដល់នូវវេទ ព្រោះទ្រង់ដល់ទីបំផុតដោយវេទទាំងឡាយ មួយវិញទៀត ព្រះអង្គឈ្មោះថា ទ្រង់ដល់នូវវេទ ព្រោះដឹងច្បាស់នូវធម៌ទាំង ៧។ គឺព្រះអង្គទ្រង់ដឹងច្បាស់សក្កាយទិដ្ឋិ ដឹងច្បាស់វិចិកិច្ឆា ដឹងច្បាស់សីលព្វតបរាមាសៈ ដឹងច្បាស់រាគៈ ទោសៈ មោហៈ មានះ។ ធម៌ជាអកុសលដ៏លាមកជាគ្រឿងសៅហ្មង នាំឲ្យកើតក្នុងភពថី្មទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ មានជាតិ ជរា មរណៈ ប្រព្រឹត្តទៅខាងមុខ ជាធម៌ គឺព្រះអង្គទ្រង់ជ្រាបច្បាស់ហើយ។

(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណាពិនិត្យច្បាស់នូវវេទទាំងអស់ ដែលជារបស់សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកមានតម្រេកទៅប្រាស ក្នុងវេទនាទាំងពួង កន្លងផុតនូវវេទទាំងពួង បុគ្គលនោះ ឈ្មោះថា អ្នកដល់នូវវេទ។

ព្រះមានព្រះភាគ ឈ្មោះថា មានខ្លួនបានអប់រំហើយ តើដូចម្តេច។ ព្រះមានព្រះភាគ មានព្រះកាយអប់រំហើយ មានសីលអប់រំហើយ មានព្រះទ័យអប់រំហើយ មានប្រាជ្ញាអប់រំហើយ មានសតិប្បដ្ឋានអប់រំហើយ មានសម្មប្បធានអប់រំហើយ មានឥទ្ធិបាទអប់រំហើយ មានឥន្រ្ទិយអប់រំហើយ មានពលៈអប់រំហើយ មានពោជ្ឈង្គអប់រំហើយ មានមគ្គអប់រំហើយ មានកិលេសលះបង់ហើយ មានអកុប្បធម៌ត្រាស់ដឹងហើយ មាននិរោធធើ្វឲ្យជាក់ច្បាស់ហើយ។ ទុក្ខក៏ព្រះមានព្រះភាគនោះ កំណត់ដឹងហើយ សមុទយៈ ទ្រង់លះបង់ហើយ មគ្គ ព្រះអង្គចំរើនហើយ និរោធ ព្រះអង្គធើ្វឲ្យជាក់ច្បាស់ហើយ គុណជាតដែលគប្បីជ្រាបច្បាស់ ព្រះអង្គជា្របច្បាស់ហើយ ធម្មជាតដែលគួរកំណត់ដឹង ព្រះអង្គកំណត់ដឹងហើយ កិលេសជាតដែលត្រូវលះ ព្រះអង្គលះបង់ហើយ គុណជាតដែលត្រូវចំរើន ព្រះអង្គចំរើនហើយ គុណជាតដែលត្រូវធើ្វឲ្យជាក់ច្បាស់ ព្រះអង្គធើ្វឲ្យជាក់ច្បាស់ហើយ។ ព្រះមានព្រះភាគ មិនមែនជាបុគ្គលតូចតាចទេ ជាបុគ្គលធំ ជាបុគ្គលជ្រៅ មានប្រមាណមិនបាន ដែលអ្នកផងស្ទង់មើលបានដោយក្រ មានរតនៈច្រើន ប្រៀបដូចសាគរ ជាបុគ្គលប្រកបដោយឆឡង្គុបេក្ខា។ ព្រះអង្គទតឃើញរូបដោយចក្ខុហើយ មិនត្រេកអរ មិនអាក់អន់ ទ្រង់គង់ព្រងើយកន្តើយ មានស្មារតីជ្រាបច្បាស់ ព្រះអង្គឮសំឡេងដោយសោតៈ ធុំក្លិនដោយឃានៈ លិទ្ធរសដោយជិវ្ហា ពាល់ត្រូវផ្សព្វដោយកាយ ជ្រាបធម្មារម្មណ៍ដោយព្រះទ័យហើយ មិនត្រេកអរ មិនអាក់អន់ ទ្រង់គង់ព្រងើយកនើ្តយ មានស្មារតីជ្រាបច្បាស់។ ព្រះអង្គទតឃើញរូបដោយចក្ខុហើយ មិនជាប់ មិនស្រឡាញ់ចំពោះរូបជាទីពេញចិត្ត មិនញុំាងរាគៈឲ្យកើតឡើង។ ព្រះអង្គមានព្រះកាយខ្ជាប់ខ្ជួន មានព្រះទ័យខ្ជាប់ខ្ជួន ជាព្រះទ័យឋិតនៅដោយល្អខាងក្នុងសន្តាន រួចស្រឡះដោយប្រពៃ។ ព្រះអង្គទតឃើញរូបនុ៎ះ ដោយចក្ខុហើយ ក៏មិនស្អប់ចំពោះរូបមិនជាទីពេញចិត្ត ព្រះអង្គមានព្រះទ័យមិនអាក់អន់ មានព្រះទ័យមិនរួញរា មានព្រះទ័យមិនគុំគួន។ ព្រះអង្គមានព្រះកាយខ្ជាប់ខ្ជួន មានព្រះទ័យខ្ជាប់ខ្ជួន ជាព្រះទ័យឋិតនៅដោយល្អខាងក្នុងសន្តាន ជាព្រះទ័យរួចស្រឡះដោយប្រពៃ។ ព្រះអង្គឮសំឡេងដោយសោតៈ ធុំក្លិនដោយឃានៈ លិទ្ធរសដោយជិវ្ហាពាល់ត្រូវផ្សព្វដោយកាយ ជ្រាបច្បាស់ធម្មារម្មណ៍ដោយព្រះទ័យហើយ មិនជាប់ មិនស្រឡាញ់ចំពោះអារម្មណ៍ជាទីពេញចិត្ត មិនញុំាងរាគៈឲ្យកើតឡើង។ ព្រះអង្គមានព្រះកាយខ្ជាប់ខ្ជួន មានព្រះទ័យខ្ជាប់ខ្ជួន ជាព្រះទ័យឋិតនៅដោយល្អខាងក្នុងសន្តាន រួចស្រឡះដោយប្រពៃ។ ព្រះអង្គជ្រាបច្បាស់នូវធម្មារម្មណ៍នុ៎ះ ដោយព្រះទ័យហើយ មិនស្អប់ចំពោះអារម្មណ៍មិនជាទីពេញចិត្ត មានព្រះទ័យមិនថ្នាំងថ្នាក់ មានព្រះទ័យមិនរួញរា មានព្រះទ័យមិនគុំគួន។ ព្រះអង្គមានព្រះកាយខ្ជាប់ខ្ជួន មានព្រះទ័យខ្ជាប់ខ្ជួន ជាព្រះទ័យឋិតនៅដោយល្អខាងក្នុងសន្តាន រួចស្រឡះដោយប្រពៃ។ ព្រះអង្គទតឃើញរូបដោយចក្ខុហើយ មានព្រះកាយខ្ជាប់ខ្ជួនក្នុងរូបទាំងឡាយជាទីពេញចិត្ត និងមិនជាទីពេញចិត្ត ព្រះអង្គមានព្រះកាយខ្ជាប់ខ្ជួន មានព្រះទ័យខ្ជាប់ខ្ជួន ជាព្រះទ័យឋិតនៅដោយល្អខាងក្នុងសន្តាន រួចស្រឡះដោយប្រពៃ។ ព្រះអង្គឮសំឡេងដោយសោតៈ ធុំក្លិនដោយឃានៈ លិទ្ធរសដោយជិវ្ហា ពាល់ត្រូវផ្សព្វដោយព្រះកាយ ជ្រាបធម្មារម្មណ៍ដោយព្រះទ័យហើយ មានព្រះកាយខ្ជាប់ខ្ជួនក្នុងធម្មារម្មណ៍ទាំងឡាយជាទីពេញចិត្ត និងមិនជាទីពេញចិត្ត មានព្រះទ័យខ្ជាប់ខ្ជួន ជាព្រះទ័យឋិតនៅដោយល្អខាងក្នុងសន្តាន រួចស្រឡះដោយប្រពៃ។ ព្រះអង្គទតឃើញរូបដោយចក្ខុហើយ មិនត្រេកអរក្នុងអារម្មណ៍ដែលគួរត្រេកអរ មិនប្រទូស្តក្នុងអារម្មណ៍ដែលគួរប្រទូស្ត មិនវង្វេងក្នុងអារម្មណ៍ដែលគួរវង្វេង មិនកម្រើកក្នុងអារម្មណ៍ដែលគួរកម្រើក មិនស្រវឹងក្នុងអារម្មណ៍ដែលគួរស្រវឹង មិនសៅហ្មងក្នុងអារម្មណ៍ដែលគួរសៅហ្មង។ ព្រះអង្គឮសំឡេងដោយសោតៈ ធុំក្លិនដោយឃានៈ លិទ្ធរសដោយជិវ្ហា ពាល់ត្រូវផ្សព្វដោយកាយ ជ្រាបច្បាស់ធម្មារម្មណ៍ដោយព្រះទ័យហើយ មិនត្រេកអរក្នុងអារម្មណ៍ដែលគួរត្រេកអរ មិនប្រទូស្តក្នុងអារម្មណ៍ដែលគួរប្រទូស្ត មិនវង្វេងក្នុងអារម្មណ៍ដែលគួរវង្វេង មិនកម្រើកក្នុងអារម្មណ៍ដែលគួរកម្រើក មិនស្រវឹងក្នុងអារម្មណ៍ដែលគួរស្រវឹង មិនសៅហ្មងក្នុងអារម្មណ៍ដែលគួរសៅហ្មង។ ព្រះអង្គគ្រាន់តែទតឃើញចំពោះរូបដែលឃើញ គ្រាន់តែឮចំពោះសំឡេងដែលឮ គ្រាន់តែប៉ះពាល់ចំពោះអារម្មណ៍ដែលប៉ះពាល់ គ្រាន់តែជ្រាបចំពោះធម្មារម្មណ៍ដែលជ្រាប មិនប្រឡាក់ក្នុងរូបដែលឃើញ មិនប្រឡាក់ក្នុងសំឡេងដែលឮ មិនប្រឡាក់ក្នុងអារម្មណ៍ដែលប៉ះពាល់ មិនប្រឡាក់ក្នុងធម្មារម្មណ៍ដែលជ្រាបហើយ ព្រះអង្គមិនស្រើបស្រាល មិនអាស្រ័យ មិនជាប់ចំពាក់ក្នុងរូបដែលឃើញ ទ្រង់រួចស្រឡះ ប្រាសចេញ មានព្រះទ័យប្រាសចាកសេចក្តីសល់វល់ ព្រះអង្គមិនស្រើបស្រាល មិនអាស្រ័យ មិនជាប់ចំពាក់ក្នុងសំឡេងដែលឮ ក្នុងអារម្មណ៍ដែលប៉ះពាល់ ក្នុងធម្មារម្មណ៍ដែលជ្រាបច្បាស់ ព្រះអង្គរួចស្រឡះ ប្រាសចេញ មានព្រះទ័យប្រាសចាកសេចក្តីសល់វល់។ ចក្ខុរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទតឃើញរូបដោយចក្ខុ តែឆន្ទរាគ នៃព្រះមានព្រះភាគ មិនមានទេ (ញ្រេះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ សោតៈរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគទ្រង់ឮសំឡេងដោយសោតៈ តែឆន្ទរាគនៃព្រះមានព្រះភាគ មិនមានទេ (ញ្រេះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះហើយដោយប្រពៃ។ ឃានៈរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់ធុំក្លិនដោយឃានៈ តែឆន្ទរាគ នៃព្រះមានព្រះភាគ មិនមានទេ (ញ្រេះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ ជិវ្ហារបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់លិទ្ធរសដោយជិវ្ហា តែឆន្ទរាគនៃព្រះមានព្រះភាគ មិនមានទេ (ញ្រេះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ កាយរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់ប៉ះពាល់ផ្សព្វដោយកាយ តែឆន្ទរាគនៃព្រះមានព្រះភាគ មិនមានទេ (ញ្រេះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ ព្រះទ័យរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់ធម្មារម្មណ៍ដោយព្រះទ័យ តែឆន្ទរាគនៃព្រះមានព្រះភាគ មិនមានទេ (ញ្រេះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ ភ្នែកមានរូបជាទីត្រេកអរ ត្រេកអរហើយក្នុងរូប រីករាយព្រមចំពោះរូប ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រងរក្សា សង្រួមហើយ ទាំងទ្រង់សំដែងធម៌ ដើម្បីការសង្រួមភ្នែកនោះ។ ត្រចៀកមានសំឡេងជាទីត្រេកអរ ត្រេកអរហើយក្នុងសំឡេង ច្រមុះមានក្លិនជាទីត្រេកអរ ត្រេកអរហើយក្នុងក្លិន អណ្តាតមានរសជាទីត្រេកអរ ត្រេកអរហើយក្នុងរស រីករាយព្រមចំពោះរស ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រងរក្សា សង្រួមហើយ ទាំងទ្រង់សំដែងធម៌ ដើម្បីការសង្រួមអណ្តាតនោះ។ កាយមានផ្សព្វជាទីត្រេកអរ ចិត្តមានធម្មារម្មណ៍ជាទីត្រេកអរ ត្រេកអរហើយក្នុងធម្មារម្មណ៍ រីករាយព្រមចំពោះធម្មារម្មណ៍ ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងទ្រង់សំដែងធម៌ដើម្បីការសង្រួមកាយនោះ។ ពួកជនរមែងនាំនូវពាហនៈដែលហាត់ហើយ ទៅកាន់ទីប្រជុំ ព្រះរាជារមែងឡើងគង់ពាហនៈដែលហាត់ហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់ធន់នឹងពាក្យពោលទ្រគោះ មនុស្សនោះឈ្មោះថាជាអ្នកហាត់ហើយ ជាបុគ្គលប្រសើរផុត។ សេះអស្សតរក្តី សេះសិន្ធពអាជានេយ្យក្តី ដំរីដ៏ប្រសើរជាកុញ្ជរជាតិក្តី ដែលគេបង្ហាត់ហើយ ឈ្មោះថាជាសត្វប្រសើរ តែបុគ្គលអ្នកមានខ្លួនទូន្មានហើយ ប្រសើរជាងសត្វទាំងនោះ។ បុគ្គលមិនគប្បីទៅកាន់ទិសដែលមិនដែលទៅ គឺព្រះនិញ្វន ដោយយានទាំងឡាយនោះបានទេ លុះតែបុគ្គលអ្នកមានខ្លួនទូន្មានហើយ ទើបទៅ (កាន់ទិស គឺព្រះនិញ្វន) ដោយខ្លួនដែលទូន្មានហើយ ទូន្មានល្អហើយ។ ព្រះអរហន្តទាំងឡាយ រួចចាកភពថ្មី ដល់ហើយនូវទន្តភូមិ គឺអរហត្តផល រមែងមិនកម្រើកក្នុងតណ្ហា និងទិដ្ឋិផេ្សងៗ ព្រះអរហន្តទាំងនោះ ឈ្មោះថា ជាអ្នកមានជ័យជំនះក្នុងលោក។

ឥន្រ្ទិយទាំងឡាយ ដែលព្រះខីណាស្រពណា ចំរើនហើយ ព្រះខីណាស្រពនោះ ឈ្មោះថាមានធម៌ចំរើនហើយ មានខ្លួនទូន្មានល្អហើយ ដឹងច្បាស់នូវអារម្មណ៍ ទាំងខាងក្នុងខាងក្រៅ ក្នុងលោកទាំងពួងផង នូវលោកនេះផង នូវលោកខាងមុខផង រមែងរង់ចាំនូវកាលកិរិយាតែប៉ុណ្ណោះ។

ព្រះមានព្រះភាគ ទ្រង់មានខ្លួនបានអប់រំហើយ យ៉ាងនេះ ហេតុនោះ ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ។

[១៤៥] អធិប្បាយពាក្យថា សេចក្តីទុក្ខទាំងនេះ កើតអំពីទីណាហ្ន៎ ត្រង់ពាក្យថា អំពីទីណាហ្ន៎ គឺជាសំនួរចំពោះសេចក្តីសង្ស័យ សំនួរចំពោះសេចក្តីងឿងឆ្ងល់ សំនួរចំពោះហេតុដែលបែកជាចំពាមពីរ សំនួរចំពោះហេតុច្រើនយ៉ាងថា យ៉ាងនេះឬហ្ន៎ មិនមែនទេឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) អំពីណាហ្ន៎។ ពាក្យថា ទុក្ខ បានដល់ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ ទុក្ខក្នុងនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងបិត្តិវិស័យ ទុក្ខជារបស់មនុស្ស ទុក្ខមានការចុះកាន់គភ៌ជាមូល ទុក្ខ មានការតាំងនៅក្នុងគភ៌ជាមូល ទុក្ខមានការចេញចាកគភ៌ជាមូល ទុក្ខដែលជាប់ចំពាក់របស់សត្វកើតហើយ ទុក្ខទាក់ទងអំពីអ្នកដទៃ របស់សត្វដែលកើតហើយ ទុក្ខកើតអំពីការព្យាយាមរបស់ខ្លួន ទុក្ខកើតអំពីការព្យាយាមរបស់បុគ្គលដទៃ ទុក្ខទុក្ខ4) សង្ខារទុក្ខ5) បរិណាមទុក្ខ6) រោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគត្រចៀក រោគមាត់ រោគធេ្មញ ក្អក ហឺត រោគច្រមុះ រោគកៅ្តក្រហាយ រោគស្គាំងស្គម រោគផៃ្ទ រោគខ្យល់ចាប់ វិលមុខ រោគធ្លាក់ឈាម រោគចុកសៀត រោគចុះរាក ឃ្លង់ បូស ស្រែង រីងរៃ ឆ្កួតជ្រូក ដំនួចពិស រមាស់ កម រោគកើតក្នុងទីដែលខ្វារដោយក្រចក ឃ្លង់ដែក ប្រមាត់ក្រហម ប្រមេះទឹកបាយ ឫសដូងដុះ រលកកែវ ឫសដូងបាត អាពាធកើតអំពីប្រមាត់ អាពាធកើតអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីសន្និបាត (គឺការកម្រើកប្រមាត់ ស្លេស្ម និងខ្យល់ប្រជុំគ្នា) អាពាធកើតអំពីការប្រែប្រួលរដូវ អាពាធកើតអំពីការផ្លាស់ប្តូរឥរិយាបថមិនសើ្ម អាពាធកើតអំពីការព្យាយាមរបស់អ្នកឯទៀត អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ សម្រេក គម្លាន ឧច្ចារៈ បស្សាវៈ ទុក្ខញ្រេះសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់ ទុក្ខគឺមរណៈមាតា ទុក្ខគឺមរណៈបិតា ទុក្ខគឺមរណៈបងប្អូនប្រុស ទុក្ខគឺមរណៈបងប្អូនស្រី ទុក្ខគឺមរណៈបុត្ត ទុក្ខគឺមរណៈធីតា ទុក្ខគឺការវិនាសញាតិ ទុក្ខគឺការវិនាសភោគៈ ទុក្ខគឺការវិនាសសីល ទុក្ខគឺការវិនាសទិដ្ឋិ។ ការកើតឡើងអំពីខាងដើមនៃធម៌ទាំងឡាយណា ប្រាកដ ការរលត់ដោយការវិនាស (នៃធម៌ទាំងនោះ) ក៏ប្រាកដ។ ផលអាស្រ័យកម្ម កម្មអាស្រ័យផល រូបអាស្រ័យនាម នាមអាស្រ័យរូប ជារបស់ត្រូវជាតិជាប់តាម ត្រូវជរារួបរឹត ត្រូវព្យាធិញាំញី ត្រូវមរណៈគ្របសង្កត់ តាំងនៅក្នុងទុក្ខ ឥតមានទីពំនាក់ ឥតមានទីជ្រក ឥតមានទីពឹង ឥតមានទីពំនឹង ធម៌ទាំងនេះ លោកហៅថា ទុក្ខ។ ទុក្ខទាំងនេះផ្សំផ្គុំមកអំពីណា កើតមកអំពីណា កើតព្រមអំពីណា លូតលាស់អំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាទីប្រជុំកើត មានអ្វីជាដែនផើ្តមកើត (មេត្តគូមាណព) សួរឫសគល់ សួរហេតុ សួរនិទាន សួរកំណើត សួរហេតុជាដែនផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរ សូម អារាធនា ជ្រះថ្លា ចំពោះទីប្រជុំកើតនៃទុក្ខទាំងនេះ ហេតុនោះ (លោកសួរថា) សេចក្តីទុក្ខទាំងនេះ កើតអំពីទីណាហ្ន៎។

[១៤៦] ពាក្យថា សេចក្តីទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក ត្រង់ពាក្យថា ឯណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសល់ ពាក្យថា ឯណាមួយ នុ៎ះជាពាក្យរួម។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ជាច្រើនប្រការ គឺទុក្ខទាំងឡាយផ្សេង ៗ ជាច្រើន មានប្រការផ្សេង ៗ ហេតុនោះ (លោកសួរថា) ទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក។ ហេតុនោះ ព្រាហ្មណ៍នោះសួរថា

(មេត្តគូមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុងលោក សេចក្តីទុក្ខទាំងនេះ កើតមកអំពីទីណាហ្ន៎។

[១៤៧] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ)

អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនោះដល់អ្នកយ៉ាងនោះ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការ ក្នុងលោក សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ញ្រេះឧបធិជានិទាន។

[១៤៨] អធិប្បាយពាក្យថា អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត ត្រង់ពាក្យថា នៃសេចក្តីទុក្ខ គឺនៃជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) នៃសេចក្តីទុក្ខ។ ពាក្យថា អ្នកសួរហេតុជាដែនផ្តើមកើត (នៃសេចក្តីទុក្ខ) នឹងតថាគត គឺអ្នកសួរឫសគល់នៃទុក្ខនឹងតថាគត សួរហេតុ សួរនិទាន សួរកំណើត សួរការផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យនៃទុក្ខ សួរ សូម អារាធនា ជ្រះថ្លា ចំពោះហេតុជាទីប្រជុំកើត ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត។ ពាក្យថា មេត្តគូ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ញ្រេះការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ។

[១៤៩] អធិប្បាយពាក្យថា តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនោះដល់អ្នកយ៉ាងនោះ ត្រង់ពាក្យថា តថាគតនឹងប្រាប់ហេតុជាដែនផ្តើមកើតនុ៎ះ គឺតថាគតនឹងប្រាប់ឫសគល់នៃទុក្ខនោះដល់អ្នក នឹងប្រាប់ហេតុ នឹងប្រាប់និទាន នឹងប្រាប់កំណើត នឹងប្រាប់ហេតុជាដែនផ្តើមកើត នឹងប្រាប់សមុដ្ឋាន នឹងប្រាប់អាហារ នឹងប្រាប់អារម្មណ៍ នឹងប្រាប់បច្ច័យ គឺនឹងប្រាប់ នឹងបង្ហាញ នឹងសំដែង នឹងបញ្ញត្ត នឹងតាំងទុក នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសនូវហេតុជាទីប្រជុំកើត ហេតុនោះ (ទ្រង់ត្រាស់ថា) នឹងប្រាប់ហេតុជាដែនផ្តើមកើតនោះដល់អ្នក។ ពាក្យថា តថាគតដឹងយ៉ាងណា គឺតថាគតដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ ចាក់ធ្លុះដោយប្រការយ៉ាងណា គឺមិនមែនដោយអាងថាដូច្នេះ ៗ មិនមែនដោយឮថាដូច្នេះ មិនមែនដោយតៗគ្នា មិនមែនដោយការផ្សំតាមតម្រា មិនមែនដោយហេតុនៃសេចក្តីត្រិះរិះ មិនមែនដោយហេតុនៃការយល់ មិនមែនដោយសេចក្តីរិះគិតតាមអាការ មិនមែនតាមសេចក្តីយល់ឃើញ ការពិនិត្យ និងសេចក្តីចូលចិត្តទេ តថាគតសំដែងធម៌ដែលតថាគតត្រាស់ដឹងឯង ដោយខ្លួនឯង ជាធម៌ជាក់ច្បាស់ចំពោះខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតដឹងយ៉ាងណា។

[១៥០] ពាក្យថា សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ញ្រេះឧបធិជានិទាន ត្រង់ពាក្យថា ឧបធិ បានដល់ឧបធិ ១០ គឺតណ្ហូបធិ ទិដ្ឋូបធិ កិលេសូបធិ កម្មូបធិ ទុច្ចរិតូបធិ អាហារូបធិ បដិឃូបធិ ឧបាទិន្នធាតុ ៤ ជាឧបធិ អាយតនៈខាងក្នុង ៦ ជាឧបធិ វិញ្ញាណកាយ ៦ ជាឧបធិ សូម្បីទុក្ខទាំងអស់ ឈ្មោះថាឧបធិ ដោយសេចក្តីថា ជាទុក្ខ ទាំងនេះលោកហៅថា ឧបធិ ១០។ ពាក្យថា ទុក្ខ បានដល់ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ ការត្រូវព្យាធិគ្របសង្កត់ ការត្រូវមរណៈកំចាត់បង់ ការតាំងនៅក្នុងទុក្ខ ការឥតទីពំនាក់ ការឥតមានទីជ្រកកោន ការឥតទីពឹង ការឥតទីពំនឹង ទាំងនេះហៅថា ទុក្ខ។ ទុក្ខទាំងនេះ មាន កើតមាន ផ្តើមកើត កើតឡើង លូតលាស់ ដុះដាល ញ្រេះឧបធិជានិទាន ញ្រេះឧបធិជាហេតុ ញ្រេះឧបធិជាបច្ច័យ ញ្រេះឧបធិជាការណ៍ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តី្តទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ញ្រេះឧបធិជានិទាន។

[១៥១] ពាក្យថា សេចក្តីទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក ត្រង់ពាក្យថា ណាមួយ គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសល់ ពាក្យថា ណាមួយ នុ៎ះជាពាក្យប្រមូល។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ជាច្រើនប្រការ គឺទុក្ខទាំងឡាយផ្សេង ៗ ជាច្រើន មានប្រការផ្សេង ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនោះដល់អ្នកយ៉ាងនោះ សេចក្តីទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ញ្រេះឧបធិជានិទាន។

[១៥២]

បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យកើតឡើង បុគ្គលល្ងង់ខ្លៅនោះ រមែងបានទុក្ខរឿយ ៗ ញ្រេះហេតុនោះ បុគ្គលកាលដឹងច្បាស់ ជាអ្នកពិចារណាឃើញនូវជាតិជាដែនផ្តើមកើតនៃទុក្ខ មិនគប្បីធ្វើនូវឧបធិឡើយ។

[១៥៣] ពាក្យថា បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យកើតឡើង ត្រង់ពាក្យថា ណា គឺឯណា បែបណា ប្រកបយ៉ាងណា មានបែបផែនយ៉ាងណា មានប្រការយ៉ាងណា ដល់នូវឋានៈយ៉ាងណា ប្រកបដោយធម៌ណា ទោះជាក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា មិនចេះ គឺបុគ្គលជាអ្នកមិនចេះ តាំងនៅក្នុងអវិជ្ជា ជាអ្នកគ្មានញាណ មិនឈ្វេងយល់ អាប់ឥតប្រាជ្ញា។ ពាក្យថា ធ្វើឧបធិ គឺធ្វើតណ្ហូបធិ ធ្វើទិដ្ឋូបធិ ធ្វើកិលេសូបធិ ធ្វើកម្មូបធិ ធ្វើទុច្ចរិតូបធិ ធ្វើអាហារូបធិ ធ្វើបដិឃូបធិ ធ្វើឧបធិ គឺឧបាទិន្នធាតុ ៤ ធ្វើឧបធិ គឺអាយតនៈខាងក្នុង ៦ ធ្វើឲ្យកើត ឲ្យកើតព្រម បង្កើតនូវឧបធិ គឺពួកវិញ្ញាណ ៦ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យកើតឡើង។

[១៥៤] ពាក្យថា បុគ្គលល្ងង់ខ្លៅ (នោះ) រមែងបានទុក្ខរឿយ ៗ ត្រង់ពាក្យថា រមែងបានទុក្ខរឿយ ៗ គឺដល់ ចូលដល់ ចូលទៅដល់ កាន់យក ស្ទាបអងែ្អល ជាប់ចំពាក់ ចំពោះជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខរឿយ ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងបានទុក្ខរឿយ ៗ។ ពាក្យថា ល្ងង់ខ្លៅ គឺជាអ្នកល្ងង់ វងេ្វង មិនចេះ តាំងនៅក្នុងអវិជ្ជា ជាអ្នកគ្មានញាណ មិនឈ្វេងយល់ ឥតប្រាជ្ញា ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលល្ងង់ខ្លៅ (នោះ) រមែងបានទុក្ខរឿយៗ។

[១៥៥] អធិប្បាយពាក្យថា ញ្រេះហេតុនោះ បុគ្គលកាលដឹងច្បាស់ មិនគប្បីធ្វើនូវឧបធិឡើយ ត្រង់ពាក្យថា ញ្រេះហេតុនោះ គឺញ្រេះហេតុដូច្នោះ ញ្រេះដំណើរនោះ ញ្រេះហេតុនោះ ញ្រេះបច្ច័យនោះ ញ្រេះនិទាននោះ បុគ្គលកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងឧបធិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ញ្រេះហេតុនោះ។ ពាក្យថា កាលដឹងច្បាស់ គឺកាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា សង្ខារទាំងពួងមិនទៀង កាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា សង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួង ជាអនត្តា។បេ។ កាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មិនគប្បីធ្វើឧបធិឡើយ គឺមិនគប្បីធ្វើតណ្ហូបធិ មិនគប្បីធ្វើទិដ្ឋូបធិ មិនគប្បីធ្វើកិលេសូបធិ មិនគប្បីធ្វើកម្មូបធិ មិនគប្បីធ្វើទុច្ចរិតូបធិ មិនគប្បីធ្វើអាហារូបធិ មិនគប្បីធ្វើបដិឃូបធិ មិនគប្បីធ្វើឧបធិ គឺឧបាទិន្នធាតុ ៤ មិនគប្បីធ្វើ មិនគប្បីធ្វើឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើតនូវឧបធិ គឺអាយតនៈខាងក្នុង ៦ ហេតុនោះ (ទ្រង់ត្រាស់ថា) ញ្រេះហេតុនោះ បុគ្គលកាលដឹងច្បាស់ មិនគប្បីធ្វើឧបធិឡើយ។

[១៥៦] ពាក្យថា នៃទុក្ខ សេចក្តីថា បុគ្គលពិចារណាឃើញហេតុជាដែនផ្តើមកើត ពិចារណាឃើញឫសគល់ ពិចារណាឃើញហេតុ ពិចារណាឃើញនិទាន ពិចារណាឃើញកំណើត ពិចារណាឃើញសមុដ្ឋាន ពិចារណាឃើញអាហារ ពិចារណាឃើញអារម្មណ៍ ពិចារណាឃើញបច្ច័យ ពិចារណាឃើញទីប្រជុំកើតឡើងនៃជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ បញ្ញា លោកហៅថា ការពិចារណាឃើញ បានដល់ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ។ បុគ្គលជាអ្នកអែបនែប មូលមិត្រ ជិតដិត កៀកកើយ ផ្ដេកផ្ដួល កើតឡើងជាមួយ ប្រកបដោយការពិចារណាឃើញ គឺបញ្ញានេះ បុគ្គលនោះ លោកហៅថា អ្នកពិចារណាឃើញ ព្រោះហេតុនោះ ទើបទ្រង់ត្រាស់ថា ជាអ្នកពិចារណាឃើញនូវជាតិ ជាដែនផ្ដើមកើតនៃទុក្ខ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលមិនចេះ តែងធ្វើនូវឧបធិឲ្យកើតឡើង បុគ្គលល្ងង់ខ្លៅនោះ រមែងបានទុក្ខរឿយ ៗ ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ ជាអ្នកពិចារណាឃើញនូវជាតិ ជាដែនផ្ដើមកើតនៃទុក្ខ មិនគប្បីធ្វើនូវឧបធិឡើយ។

[១៥៧] (មេត្តគូទូលថា)

យើងខ្ញុំបានទូលសួរសេចក្តីណា ព្រះអង្គបានត្រាស់ប្រាប់សេចក្តីនោះដល់យើងខ្ញុំ យើងខ្ញុំសូមសួរសេចក្តីឯទៀតចំពោះព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ អ្នកប្រាជ្ញទាំងឡាយ ឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការដូចម្តេចហ្ន៎ សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ ដល់យើងខ្ញុំ ញ្រេះព្រះអង្គជ្រាបច្បាស់ធម៌នោះហើយ។

[១៥៨] ពាក្យថា យើងខ្ញុំបានទូលសួរនូវសេចក្តីណា ព្រះអង្គបានត្រាស់ប្រាប់សេចក្តីនោះ ដល់យើងខ្ញុំ គឺយើងខ្ញុំបានសួរ បានសូម បានអារាធនា បានជ្រះថ្លាចំពោះសេចក្តីណា។ ពាក្យថា ព្រះអង្គបានត្រាស់ប្រាប់សេចក្តីនោះ ដល់យើងខ្ញុំ គឺព្រះអង្គបានសំដែងប្រាប់សេចក្តីនោះ ពន្យល់សេចក្តីនោះ បញ្ញត្តសេចក្តីនោះ ផ្តួចផ្តើមនូវសេចក្តីនោះ បើកសេចក្តីនោះ ចែកសេចក្តីនោះ ធ្វើឲ្យរាក់សេចក្តីនោះ ប្រកាសសេចក្តីនោះ ដល់យើងខ្ញុំ ហេតុនោះ (លោកសួរថា) យើងខ្ញុំបានទូលសួរនូវសេចក្តីណា ព្រះអង្គបានត្រាស់ប្រាប់សេចក្តីនោះដល់យើងខ្ញុំ។

[១៥៩] អធិប្បាយពាក្យថា យើងខ្ញុំសូមសួរសេចក្តីឯទៀតចំពោះព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ អ្នកប្រាជ្ញទាំងឡាយ ឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការដូចម្តេចហ្ន៎ ត្រង់ពាក្យថា ដោយប្រការដូចម្តេចហ្ន៎ គឺជាសំនួរចំពោះសេចក្តីសង្ស័យ សំនួរចំពោះសេចក្តីងឿងឆ្ងល់ សំនួរចំពោះផ្លូវបែកជាចំពាមពីរ សំនួរចំពោះហេតុច្រើនយ៉ាងថា យ៉ានេះឬហ្ន៎ មិនមែនទេឬហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) ដោយប្រការដូចម្តេចហ្ន៎។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយ គឺអ្នកប្រាជ្ញ បណ្ឌិត អ្នកមានប្រាជ្ញា អ្នកមានយោបល់ អ្នកមានញាណ អ្នកមានការឈ្វេងយល់ អ្នកមានប្រាជ្ញាធ្លុះធ្លាយ។ ពាក្យថា ឱឃៈ បានដល់ ឱឃៈគឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈគឺអវិជ្ជា។ ពាក្យថា ជាតិ បានដល់កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្ដួចផ្ដើមឡើង ការកើតឡើងចំពោះ ការប្រាកដឡើងនៃខន្ធ ការបានចំពោះនូវអាយតនៈនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ការចាស់ ការគ្រាំគ្រា ការរង្គោះធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញថយអាយុ ការចាស់ទុំនៃឥន្រ្ទិយ របស់ពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា សោក គឺការសោកស្តាយ អាការជាទីសោកស្តាយ ភាពនៃការសោកស្តាយ ការស្ងួតខាងក្នុង ការស្រពោនខាងក្នុង ការក្តៅខាងក្នុង ការរោលរាលខាងក្នុង អាការជាទីសញ្ជប់សញ្ជឹងនៃចិត្ត ការអាក់អន់ចិត្ត សរគឺការសោករបស់បុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ ឬត្រូវសេចក្តីវិនាសនៃភោគៈប៉ះពាល់ ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ ឬត្រូវសេចក្តីវិនាសសីលប៉ះពាល់ ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់។ ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការខ្សឹកខ្សួល អាការយំ អាការខ្សឹកខ្សួល ភាពនៃការយំ ភាពនៃការខ្សឹកខ្សួល ការទួញរៀបរាប់ ការពោលរៀបរាប់ ការរៀបរាប់ដែល ៗ ការពោលរំលឹក អាការនៃការពោលរំលឹក ភាពនៃការពោលរំលឹក នៃបុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ ឬត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ ត្រូវសេចក្តីវិនាសរោគប៉ះពាល់ ឬត្រូវសេចក្តីវិនាសសីលប៉ះពាល់ ត្រូវសេចក្តីវិនាស គឺទិដ្ឋិប៉ះពាល់ ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការដូចម្តេចហ្ន៎ បានសេចក្តីថា អ្នកប្រាជ្ញទាំងឡាយ ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវឱឃៈផង នូវជាតិ ជរាផង នូវសោកៈ បរិទេវៈផង ដោយប្រការដូចម្តេច ហេតុនោះ (លោកសួរថា) អ្នកប្រាជ្ញទាំងឡាយ ឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការដូចម្តេចហ្ន៎។

[១៦០] អធិប្បាយពាក្យថា សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ ត្រង់ពាក្យថា នោះ គឺខ្ញុំព្រះអង្គទូលសួរសេចក្តីណា សូមសេចក្តីណា អារាធនាសេចក្តីណា ជ្រះថ្លាចំពោះសេចក្តីណា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវងេ្វង ការពិចារណាធម៌ ការឃើញត្រូវ។ ព្រះមានព្រះភាគប្រកបដោយញាណនោះ ទើបទ្រង់ព្រះនាមថា មុនិ ព្រះអង្គដល់នូវមោនៈ។ មោនេយ្យៈ ៣ គឺ កាយមោនេយ្យៈ វចីមោនេយ្យៈ មនោមោនេយ្យៈ។

កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់កាយទុច្ចរិត ៣ ឈ្មោះថា កាយមោនេយ្យៈ កាយសុចរិត ៣ ឈ្មោះថា កាយមោនេយ្យៈ ញាណ មានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ ការកំណត់ដឹងនូវកាយ ឈ្មោះថា កាយមោនេយ្យៈ មគ្គប្រកបដោយការកំណត់ដឹង ឈ្មោះថា កាយមោនេយ្យៈ ការលះបង់ឆន្ទរាគក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ ការរលត់កាយសង្ខារ គឺចតុត្ថជ្ឈានសមាបត្គិ ឈ្មោះថា កាយមោនេយ្យៈ នេះ កាយមោនេយ្យៈ។

វចីមោនេយ្យៈ តើដូចម្តេច។ ការលះបង់វចីទុច្ចរិត ៤ ឈ្មោះថា វចីមោនេយ្យៈ វចីសុចរិត ៤ ឈ្មោះថា វចីមោនេយ្យៈ ញាណ មានវាចាជាអារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ ការកំណត់ដឹងនូវវាចា ឈ្មោះថា វចីមោនេយ្យៈ មគ្គប្រកបដោយការកំណត់ដឹង ឈ្មោះថា វចីមោនេយ្យៈ ការលះបង់ឆន្ទរាគក្នុងវាចា ឈ្មោះថា វចីមោនេយ្យៈ ការរលត់វចីសង្ខារ និងទុតិយជ្ឈានសមាបត្តិ ឈ្មោះថា វចីមោនេយ្យៈ នេះវចីមោនេយ្យៈ។

មនោមោនេយ្យៈ តើដូចម្តេច។ ការលះបង់មនោទុច្ចរិត ៣ ឈ្មោះថា មនោមោនេយ្យៈ មនោសុចរិត ៣ ឈ្មោះថា មនោមោនេយ្យៈ ញាណ មានចិត្តជាអារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ ការកំណត់ដឹងចិត្ត ឈ្មោះថា មនោមោនេយ្យៈ មគ្គប្រកបដោយការកំណត់ដឹង ឈ្មោះថា មនោមោនេយ្យៈ ការលះបង់ឆន្ទរាគក្នុងចិត្ត ឈ្មោះថា មនោមោនេយ្យៈ ការរលត់ចិត្តសង្ខារ គឺសញ្ញាវេទយិតនិរោធសមាបត្តិ ឈ្មោះថា មនោមោនេយ្យៈ នេះ មនោមោនេយ្យៈ។

អ្នកប្រាជ្ញទាំងឡាយ បានពោលនូវបុគ្គល ជាកាយមុនិ ជាវាចាមុនិ ជាមនោមុនិ ជាអនាសវមុនិ ដែលបរិបូណ៌ដោយមោនេយ្យៈ ថាជាអ្នកលះបង់នូវកិលេសទាំងពួង អ្នកប្រាជ្ញទាំងឡាយ បានពោលនូវបុគ្គលជាកាយមុនិ ជាវាចាមុនិ ជាមនោមុនិ ជាអនាសវមុនិ ដែលបរិបូណ៌ដោយមោនេយ្យៈ ថាជាអ្នកលាងបាបហើយ។

មុនិ មាន ៦ ពួក ដែលប្រកបដោយមោនេយ្យធម៌ទាំងនេះ គឺអាគារមុនិ ១ អនាគារមុនិ ១ សេក្ខមុនិ ១ អសេក្ខមុនិ ១ បចេ្ចកមុនិ ១ មុនិមុនិ ១។ អាគារមុនិ តើដូចម្តេច។ ពួកជនណា ជាអ្នកគ្រប់គ្រងផ្ទះទេ តែមានព្រះនិញ្វនឃើញហើយ មានសាសនធម៌ដឹងច្បាស់ហើយ ពួកជននេះ ឈ្មោះថា អាគារមុនិ។ អនាគារមុនិ តើដូចម្តេច។ ពួកបុគ្គលណា ជាបព្វជិត មានព្រះនិញ្វនឃើញហើយ មានសាសនធម៌ដឹងច្បាស់ហើយ ពួកបុគ្គលនេះឈ្មោះថា អនាគារមុនិ។ សេក្ខបុគ្គលទាំងឡាយ ៧ ពួក ឈ្មោះថា សេក្ខមុនិ។ ព្រះបចេ្ចកពុទ្ធទាំងឡាយ ឈ្មោះថា បចេ្ចកមុនិ។ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ ឈ្មោះថា មុនិមុនិ។

បុគ្គលល្ងង់ខ្លៅ ជាអ្នកមិនចេះ មិនឈ្មោះថា មុនិដោយការស្ងៀមទេ លុះតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ វៀរនូវបាបទាំងឡាយ ដូចបុគ្គលអ្នកថ្លឹងនូវរបស់ដោយជញ្ជីង បុគ្គលនោះឈ្មោះថា មុនិ បុគ្គលនោះ ទើបឈ្មោះថា មុនិ ដោយហេតុនោះ បុគ្គលណា ដឹងនូវប្រយោជន៍ទាំង ២ ក្នុងលោក បុគ្គលនោះ លោកហៅថា មុនិ ដោយហេតុនោះ។

បុគ្គលណា ដឹងនូវធម៌របស់ពួកអសប្បុរសផង របស់ពួកសប្បុរសផង ដឹងនូវអាយតនៈខាងក្នុងផង ខាងក្រៅផង ក្នុងលោកទាំងពួង ជាបុគ្គលដែលទេវតា និងមនុស្សទាំងឡាយបូជាហើយ កន្លងផុតនូវបណ្តាញ គឺកិលេស ជាគ្រឿងជាប់ចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។

ពាក្យថា សូមព្រះអង្គដោះស្រាយ គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ។

[១៦១] ពាក្យថា ញ្រេះព្រះអង្គជ្រាបច្បាស់ធម៌នោះហើយ គឺញ្រេះព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដនូវធម៌នោះហើយ ហេតុនោះ (លោកសួរថា) ញ្រេះព្រះអង្គជ្រាបច្បាស់ធម៌នោះហើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

យើងខ្ញុំបានទូលសួរសេចក្តីណា ព្រះអង្គបានត្រាស់ប្រាប់សេចក្តីនោះ ដល់យើងខ្ញុំ យើងខ្ញុំសូមសួរសេចក្តីឯទៀតចំពោះព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ អ្នកប្រាជ្ញទាំងឡាយឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការ ដូចម្តេចហ្ន៎ សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ ដល់យើងខ្ញុំ ញ្រេះព្រះអង្គជ្រាបធម៌នោះហើយ។

[១៦២] (ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តគូ)

តថាគតនឹងសំដែងធម៌ដល់អ្នក ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ ជាធម៌ដែលបុគ្គលមានសតិ ដឹងហើយប្រព្រឹត្ត គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។

[១៦៣] ពាក្យថា តថាគតនឹងសំដែងធម៌ដល់អ្នក គឺតថាគតនឹងសំដែង នឹងពន្យល់ នឹងបញ្ញត្ត នឹងតាំងទុក នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធបរិបូណ៌ទាំងអស់ ព្រមទាំងអត្ថ និងព្យញ្ជនៈ មានលំអក្នុងខាងដើម មានលំអត្រង់កណ្តាល មានលំអក្នុងទីបំផុតផង នូវសតិប្បដ្ឋាន ៤ ផង នូវសម្មប្បធាន ៤ ផង នូវឥទ្ធិបាទ ៤ ផង នូវឥន្រ្ទិយ ៥ ផង នូវពលៈ ៥ ផង នូវពោជ្ឈង្គៈ ៧ ផង នូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ផង នូវព្រះនិញ្វនផង នូវបដិបទាជាដំណើរទៅកាន់ព្រះនិញ្វនផង ហេតុនោះទ្រង់ត្រាស់ថា តថាគតនឹងសំដែងធម៌ដល់អ្នក។ ពាក្យថា មេត្តគូ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។

[១៦៤] អធិប្បាយពាក្យថា ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនចំពោះធម៌ដែលឃើញហើយ ត្រង់ពាក្យថា ចំពោះធម៌ដែលឃើញហើយ គឺចំពោះធម៌ដែលឃើញ ធម៌ដែលដឹង ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា សង្ខារធម៌ទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ តថាគតនឹងសំដែងធម៌ ដែលឃើញហើយ យ៉ាងនេះខ្លះ។ មួយទៀត តថាគតនឹងសំដែងទុក្ខ ចំពោះទុក្ខដែលឃើញហើយ នឹងសំដែងសមុទ័យចំពោះសមុទ័យដែលឃើញហើយ នឹងសំដែងមគ្គ ចំពោះមគ្គដែលឃើញហើយ នឹងសំដែងនិរោធចំពោះនិរោធដែលឃើញហើយ ហេតុនោះ តថាគតនឹងសំដែងចំពោះធម៌ ដែលឃើញហើយយ៉ាងនេះខ្លះ។ មួយទៀត គុណជាតដែលបុគ្គលគប្បីឃើញជាក់ច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ជាគុណឲ្យផលមិនរង់ចាំកាល ជាធម៌ហាក់ដូចជានឹងហៅថា អ្នកចូរមកមើលចុះ ជាធម៌គួរបង្អោនមកទុកក្នុងខ្លួនបាន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងជាក់ច្បាស់ចំពោះខ្លួន ហេតុនោះ តថាគតនឹងសំដែងចំពោះធម៌ ដែលឃើញហើយ យ៉ាងនេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ។ ពាក្យថា ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន គឺតថាគតសំដែងធម៌ ដែលត្រាស់ដឹងឯងដោយខ្លួនឯង ជាក់ច្បាស់ចំពោះខ្លួន មិនមែនដោយអាងថាដូច្នេះ ៗ មិនមែនដោយឮថាដូច្នេះ ៗ មិនមែនដោយទំនៀម មិនមែនដោយការផ្សំតាមតម្រា មិនមែនដោយហេតុនៃសេចក្តីត្រិះរិះ មិនមែនដោយហេតុនៃការយល់ មិនមែនដោយសេចក្តីរិះគិតតាមអាការៈ មិនមែនតាមសេចក្តីឃើញការពិនិត្យ និងសេចក្តីចូលចិត្តទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ។

[១៦៥] ពាក្យថា ជាធម៌ដែលបុគ្គលមានសតិដឹងហើយប្រព្រឹត្ត សេចក្តីថា បុគ្គលធ្វើ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដនូវធម៌ណា ឲ្យច្បាស់ថា សង្ខារទាំងពួងមិនទៀង។បេ។ ធ្វើ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដនូវធម៌ឲ្យច្បាស់ថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មានសតិ គឺបុគ្គលមានសតិដោយហេតុ ៤ គឺបុគ្គលចំរើននូវកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា មានសតិ។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ។ ពាក្យថា ប្រព្រឹត្ត គឺបុគ្គលកាលត្រាច់រង្គាត់ សម្រេច ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាធម៌ដែលបុគ្គលមានសតិដឹងហើយប្រព្រឹត្ត។

[១៦៦] ពាក្យថា គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោក បានសេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ដែលឈ្មោះថា វិសត្តិកា តើដោយអត្ថដូចម្តេច។ ឈ្មោះវិសត្តិកា ញ្រេះជាធម្មជាតិផ្សាយទៅ។ ឈ្មោះវិសត្តិកា ញ្រេះទូលាយ។ ឈ្មោះវិសត្តិកា ញ្រេះលាទៅ។ ឈ្មោះវិសត្តិកា ញ្រេះរួញរា។ ឈ្មោះវិសត្តិកា ញ្រេះពោលខុស។ ឈ្មោះវិសត្តិកា ញ្រេះមានឫសគល់ជាពិស។ ឈ្មោះវិសត្តិកា ញ្រេះមានផ្លែជាពិស។ ឈ្មោះវិសត្តិកា ញ្រេះមានគ្រឿងបរិភោគជាពិស។ មួយទៀត ឈ្មោះវិសត្តិកា ញ្រេះតណ្ហានោះ ជាកិលេសជាតិដ៏ទូលាយ ផ្សាយទៅ ត្រដាងទៅ ក្នុងរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា គប្បីឆ្លង វិសត្តិកាតណ្ហាក្នុងលោកបាន បានសេចក្តីថា តណ្ហាណា ឈ្មោះវិសត្តិកាក្នុងលោក បុគ្គលមានសតិ គប្បីឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវតណ្ហា ឈ្មោះវិសត្តិកានោះ ក្នុងលោក ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) តថាគតនឹងសំដែងធម៌ដល់អ្នក ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ ជាធម៌ដែលបុគ្គលមានសតិដឹងហើយប្រព្រឹត្ត គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។

[១៦៧] (មេត្តគូទូលថា)

ព្រះមានព្រះភាគ ព្រះអង្គសែ្វងរកគុណដ៏ធំ មានសតិ ទ្រង់ជ្រាបនូវធម៌ណា ជាធម៌ដ៏ឧត្តមហើយប្រព្រឹត្ត គប្បីឆ្លងវិសត្តិកាតណ្ហា ក្នុងលោកបាន ចំណែកខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ។

[១៦៨] ពាក្យថា ខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ ត្រង់ពាក្យថា ចំពោះធម៌នោះគឺចំពោះពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិរបស់ព្រះអង្គ។ ពាក្យថា ខ្ញុំព្រះអង្គត្រេកអរ គឺខ្ញុំព្រះអង្គ ស្រស់ស្រាយ ត្រេកអរ រីករាយ រីករាយតាម បា្រថ្នា ចង់បាន សូម ត្រូវការ ស្រឡាញ់ ជាប់ចិត្ត ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ។

[១៦៩] អធិប្បាយពាក្យថា ព្រះអង្គសែ្វងរកគុណដ៏ធំ … ជាធម៌ដ៏ឧត្តម សំនួរត្រង់ពាក្យថា សែ្វងរកគុណដ៏ធំ ចុះឈ្មោះថាសែ្វងរកគុណដ៏ធំ តើដោយអត្ថដូចម្តេច។ ឈ្មោះថា សែ្វងរកគុណដ៏ធំ ព្រោះព្រះមានព្រះភាគ ទ្រង់រក ស្វែង ស្វះស្វែងនូវសីលក្ខន្ធដ៏ធំ ឈ្មោះថាស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវសមាធិក្ខន្ធដ៏ធំ បញ្ញាខន្ធដ៏ធំ វិមុត្តិក្ខន្ធដ៏ធំ វិមុត្តិញ្ញាណទស្សនក្ខន្ធដ៏ធំ។ មួយទៀត ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការទំលាយ នូវគំនរនៃងងឹតដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការបំបែកនូវវិប្បល្លាសដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការដកឡើង នូវសរ គឺតណ្ហាដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការទំលុះទំលាយ នូវឃ្នាបគឺទិដ្ឋិដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការទំលាក់ចុះនូវទង់គឺមានះដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការរម្ងាប់នូវអភិសង្ខារដ៏ធំ។ ឈ្មោះថាសែ្វងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការរើឡើងនូវឱឃៈដ៏ធំ។ ឈ្មោះថាស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការដាក់ចុះនូវភារៈដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការផ្ដាច់បង់នូវសំសារវដ្តដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការរំលត់នូវកំដៅដ៏ធំ។ ឈ្មោះថា ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវការរម្ងាប់សេចក្តីរោលរាលដ៏ធំ។ ឈ្មោះថា សែ្វងរកគុណដ៏ធំ ញ្រេះទ្រង់រក សែ្វង ស្វះសែ្វង នូវការលើកឡើងនូវទង់ គឺធម៌ដ៏ធំ។ ឈ្មោះថា សែ្វងរកគុណដ៏ធំ ញ្រេះទ្រង់រក ស្វែង ស្វះស្វែង នូវសតិប្បដ្ឋានដ៏ធំ សម្មប្បធានដ៏ធំ ឥទ្ធិបាទដ៏ធំ ឥន្ទ្រិយដ៏ធំ ពលៈដ៏ធំ ពោជ្ឈង្គៈធំ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ដ៏ធំ អមតនិញ្វនមានអត្ថដ៏ក្រៃលែងដ៏ធំ។ មួយទៀត ឈ្មោះថា ស្វែងរកគុណដ៏ធំ ញ្រេះពួកសត្វមានសក្តិដ៏ធំ រក ស្វែង ស្វះស្វែងថា ព្រះពុទ្ធគង់ក្នុងទីណា ព្រះមានព្រះភាគ គង់ក្នុងទីណា ព្រះអង្គជាទេវតាប្រសើរជាងទេវតា គង់ក្នុងទីណា ព្រះអង្គជានរៈដ៏ក្លៀវក្លា គង់ក្នុងទីណា។ ពាក្យថា ជាធម៌ដ៏ឧត្តម សេចក្តីថា អមតនិញ្វន លោកហៅថា ធម៌ដ៏ឧត្តម បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់និញ្វន។ ពាក្យថា ឧត្តម គឺធម៌ជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធាន ខ្ពង់ខ្ពស់ ថ្លៃថ្លា ហេតុនោះ (លោកពោលថា) ព្រះអង្គស្វែងរកគុណដ៏ធំ … ជាធម៌ដ៏ឧត្តម។

[១៧០] ពាក្យថា មានសតិ ជ្រាបច្បាស់នូវធម៌ណា ហើយប្រព្រឹត្ត គឺធ្វើឲ្យច្បាស់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង។បេ។ ធ្វើឲ្យច្បាស់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា ធម្មជាតឯណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មានសតិ សេចក្តីថា មានសតិដោយហេតុ ៤ គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានសតិ។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ។ ពាក្យថា ប្រព្រឹត្តគឺប្រព្រឹត្ត ត្រួតត្រា សម្រេច ទៅ រក្សា យាត្រា យាត្រាទៅ ហេតុនោះ (លោកពោលថា) មានសតិ ជា្របច្បាស់នូវធម៌ណាហើយប្រព្រឹត្ត។

[១៧១] ពាក្យថា គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះឈ្មោះវិសត្តិកា តើដោយអត្ថដូចម្តេច។បេ។ ឈ្មោះវិសត្តិកា ញ្រេះផ្សាយទៅ ត្រដាងទៅ។ ពាក្យថា ក្នុងលោកៈ គឺក្នុងអបាយលោក។បេ។ អាយតនលោក។ ពាក្យថា គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន សេចក្តីថា តណ្ហាណា ឈ្មោះវិសត្តិកាក្នុងលោក ព្រះមហេសីមានសតិ គប្បីឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លងនូវវិសត្តិកាតណ្ហានោះក្នុងលោក ហេតុនោះ (លោកពោលថា) គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

ព្រះមានព្រះភាគ ព្រះអង្គស្វែងរកនូវគុណដ៏ធំ មានសតិ ទ្រង់ជ្រាបច្បាស់នូវធម៌ណា ជាធម៌ដ៏ឧត្តមហើយប្រព្រឹត្ត គប្បីឆ្លងធម្មវិសត្តិកាតណ្ហាក្នុងលោកបានចំណែកខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ។

[១៧២] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ)

អ្នកបើដឹងច្បាស់នូវធម្មជាតិណាមួយ ទាំងខាងលើ ខាងក្រោម និងទទឹង គឺកណ្តាលហើយ អ្នកចូរបនោ្ទបង់នូវសេចក្តីត្រេកត្រអាលផង សេចក្តីប្រកាន់ផង វិញ្ញាណផងក្នុងធម៌ទាំងឡាយនុ៎ះចេញ ទើបមិនឋិតនៅក្នុងភព។

[១៧៣] ពាក្យថា អ្នកបើដឹងច្បាស់នូវធម្មជាតិណាមួយ គឺបើអ្នកដឹងច្បាស់ ដឹងទួទៅ ដឹងវិសេស ដឹងចំពោះ យល់ច្បាស់នូវធម្មជាតិណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកបើដឹងច្បាស់នូវធម្មជាតិណាមួយ។ ព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះ តាមឈ្មោះថា មេត្តគូ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ គឺជាពាក្យហៅដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ញ្រេះការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តគូ។

[១៧៤] ពាក្យថា ទាំងខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល អធិប្បាយថា អនាគត លោកហៅថា ខាងលើ។ អតីត លោកហៅថា ខាងក្រោម បច្ចុប្បន្ន លោកហៅថា ទទឹង គឺកណ្តាល។ ទេវលោក លោកហៅថា ខាងលើ។ និរយលោក លោកហៅថា ខាងក្រោម។ មនុស្សលោក លោកហៅថាទទឹង គឺកណ្តាល។ ពាក្យថា ខាងលើ បានដល់ កុសលធម៌។ ពាក្យថា ខាងក្រោម បានដល់ អកុសលធម៌។ ពាក្យថាទទឹង គឺកណ្តាល បានដល់ អព្យាកតធម៌។ ពាក្យថា ខាងលើ បានដល់អរូបធាតុ។ ពាក្យថា ខាងក្រោម បានដល់ កាមធាតុ។ ពាក្យថា ទទឹង គឺកណ្តាល បានដល់រូបធាតុ។ ពាក្យថា ខាងលើ បានដល់ សុខវេទនា។ ពាក្យថា ខាងក្រោម បានដល់ទុក្ខវេទនា។ ពាក្យថា ទទឹង គឺកណ្តាល បានដល់អទុក្ខមសុខវេទនា។ ពាក្យថា ខាងលើ គឺខាងលើអំពីបាតជើងឡើងទៅ។ ពាក្យថា ខាងក្រោម គឺខាងក្រោមតាំងពីចុងសក់ចុះមក។ ពាក្យថា ទទឹង គឺកណ្តាល បានដល់ ក្នុងទីពាក់កណ្តាលខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល។

[១៧៥] អធិប្បាយពាក្យថា អ្នកចូរបន្ទោបង់នូវសេចក្តីត្រេកត្រអាលផង សេចក្តីប្រកាន់ផង វិញ្ញាណផង ក្នុងធម៌ទាំងឡាយនុ៎ះចេញ ទើបមិនឋិតនៅក្នុងភព ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយនុ៎ះ គឺក្នុងធម៌ទាំងឡាយ ដែលតថាគតប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសហើយ។ តណ្ហា លោកហៅថា សេចក្តីត្រេកត្រអាល បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តីប្រកាន់ បានដល់ សេចក្តីប្រកាន់ ២ គឺការប្រកាន់គឺតណ្ហា ១ ការប្រកាន់គឺទិដ្ឋិ ១។ ការប្រកាន់គឺតណ្ហា តើដូចម្តេច។ ពោលគឺ តណ្ហាមានកំណត់ត្រឹមណា។បេ។ នេះ សេចក្តីប្រកាន់គឺតណ្ហា។ សេចក្តីប្រកាន់គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិមានវត្ថុ ២០។បេ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ។ ពាក្យថា ចូរបន្ទោបង់វិញ្ញាណ សេចក្តីថា វិញ្ញាណប្រកបដោយបុញ្ញាភិសង្ខារ វិញ្ញាណប្រកបដោយអបុញ្ញាភិសង្ខារ វិញ្ញាណប្រកបដោយអនេញ្ជាភិសង្ខារ។ អ្នកចូរខ្ជាក់ រលាស់ បន្សាត់ ផាត់ លះ ច្រាន បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាព នូវសេចក្តីត្រេកត្រអាលផង នូវសេចក្តីប្រកាន់ផង នូវវិញ្ញាណប្រកបដោយអភិសង្ខារផង ក្នុងធម៌ទាំងឡាយនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរបន្ទោបង់សេចក្តីត្រេកត្រអាលផង សេចក្តីប្រកាន់ផង វិញ្ញាណផង ក្នុងធម៌ទាំងឡាយនុ៎ះ។ ពាក្យថា ភពរបស់បទថា មិនឋិតនៅក្នុងភព បានដល់ភព ២ គឺ កម្មភព ១ បុនព្ភព គឺបដិសន្ធិ ១។ កម្មភព តើដូចម្តេច។ គឺបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ នេះកម្មភព។ បុនព្ភព គឺបដិសន្ធិ តើដូចម្តេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលប្រកបដោយបដិសន្ធិ នេះ បុនព្ភព គឺបដិសន្ធិ។ ពាក្យថា មិនឋិតនៅក្នុងភព គឺបុគ្គលកាលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមានបែបភាពនូវសេចក្តីត្រេកត្រអាលផង នូវសេចក្តីប្រកាន់ផង នូវវិញ្ញាណដែលប្រកបដោយអភិសង្ខារផង នូវកម្មភពផង នូវបុនព្ភពគឺបដិសន្ធិផង ទើបមិនគប្បីឋិតក្នុងកម្មភព មិនគប្បីឋិតនៅ មិនគប្បីតាំងនៅ ក្នុងបុនព្ភពគឺបដិសន្ធិ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរបន្ទោបង់វិញ្ញាណ ទើបមិនឋិតនៅក្នុងភព។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកបើដឹងច្បាស់នូវធម្មជាតិណាមួយ ទាំងខាងលើ ខាងក្រោម និងទទឹងគឺកណ្តាលហើយ អ្នកចូរបន្ទោបង់នូវសេចក្តីត្រេកត្រអាលផង សេចក្តីប្រកាន់ផង វិញ្ញាណផង ក្នុងធម៌ទាំងឡាយនុ៎ះចេញ ទើបមិនឋិតនៅក្នុងភព។

[១៧៦]

ភិក្ខុមានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស លះបង់សេចក្តីប្រកាន់ហើយប្រព្រឹត្ត ជាអ្នកចេះដឹង គប្បីលះបង់នូវទុក្ខ គឺជាតិ ជរា សោកៈ និងបរិវេទៈ ក្នុងលោកនេះបាន។

[១៧៧] អធិប្បាយពាក្យថា មានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស ត្រង់ពាក្យថា មានការនៅយ៉ាងនេះ គឺភិក្ខុកាលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវសេចក្តីត្រេកត្រអាលផង នូវសេចក្តីប្រកាន់ផង នូវវិញ្ញាណដែលប្រកបដោយអភិសង្ខារផង នូវកម្មភពផង នូវបុនព្ភពគឺបដិសន្ធិផង ហេតុនោះ (ទ្រង់ត្រាស់) ថា មានការនៅយ៉ាងនេះ។ ពាក្យថា មានសតិ គឺបុគ្គលមានសតិដោយហេតុ ៤ គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ។ ពាក្យថា អ្នកមិនប្រហែស គឺអ្នកធ្វើដោយគោរព អ្នកធ្វើមិនឈប់ អ្នកប្រព្រឹត្តមិនរួញរា មានបំណងមិនដាក់ចុះ មានធុរៈមិនដាក់ចុះ អ្នកមិនប្រហែសក្នុងកុសលធម៌ គឺបានខាងបំណង ការព្យាយាម សេចក្តីខ្មីឃ្មាត ការប្រឹងប្រែង ការមិនថយក្រោយ សតិ និងសម្បជញ្ញៈ ការខ្នះខ្នែង ការដំកល់ទុក ការអធិដ្ឋាន ការប្រកបរឿយ ៗ ការមិនធ្វេសប្រហែសក្នុងកុសលធម៌ទាំងនោះថា អង្កាល់ណា អាត្មាអញនឹងបំពេញសីលក្ខន្ធ ដែលមិនទាន់ពេញ ឬជ្រោមជ្រែងទុកនូវសីលក្ខន្ធដែលពេញហើយ ដោយប្រាជ្ញា ក្នុងធម៌នោះ (ឬ) បំណង ការព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង ការមិនថយក្រោយ សតិ និងសម្បជញ្ញៈ ការខ្នះខ្នែង ការតំកល់ទុក ការអធិដ្ឋាន ការប្រកបរឿយៗ ការមិនធ្វេសប្រហែសក្នុងកុសលធម៌ទាំងនោះថា អង្កាល់ណា អាត្មាអញនឹងបំពេញសមាធិក្ខន្ធ វិមុត្តិក្ខន្ធ វិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលមិនទាន់ពេញ និងជ្រោមជ្រែងទុក នូវវិមុត្តិញ្ញាណទស្សនក្ខន្ធ ដែលពេញហើយដោយបញ្ញាក្នុងធម៌ទាំងនោះ (ឬក៏) បំណង ការព្យាយាម សេចក្តីខ្មីឃ្មាត សេចក្តីប្រឹងប្រែង ការមិនថយក្រោយ សតិ និងសម្បជញ្ញៈ ការខ្នះខ្នែង ការតំកល់ទុក ការអធិដ្ឋាន ការប្រកបរឿយ ៗ ការមិនធ្វេសប្រហែស ក្នុងកុសលធម៌ទាំងនោះថា អង្កាល់ណា អាត្មាអញនឹងកំណត់ដឹងនូវទុក្ខ ដែលមិនទាន់បានកំណត់ដឹង ឬនឹងលះនូវកិលេសដែលមិនទាន់លះ នឹងចំរើនមគ្គ ដែលមិនទាន់ចំរើននឹងធ្វើឲ្យជាក់ច្បាស់នូវនិរោធ ដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) មានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស។

[១៧៨] ពាក្យថា ភិក្ខុ របស់បទថា ភិក្ខុលះបង់នូវសេចក្តីប្រកាន់ហើយប្រព្រឹត្ត បានដល់ ភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ត្រួតត្រាមើល សម្រេច ទៅ រក្សា យាត្រា ឲ្យយាត្រាទៅ។ ពាក្យថា សេចក្តីប្រកាន់ បានដល់សេចក្តីប្រកាន់ ២ គឺ សេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១។បេ។ នេះ សេចក្តីប្រកាន់គឺតណ្ហា។បេ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ។ ភិក្ខុលះបង់សេចក្តីប្រកាន់គឺតណ្ហា រលាស់ចោលសេចក្តីប្រកាន់គឺទិដ្ឋិ លះបង់ លះចោល បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវសេចក្តីប្រកាន់ ញ្រេះហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុលះបង់សេចក្តីប្រកាន់ហើយប្រព្រឹត្ត។

[១៧៩] អធិប្បាយពាក្យថា ជាអ្នកចេះដឹង គប្បីលះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈ ក្នុងលោកនេះបាន ត្រង់ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើមឡើង ការកើតឡើងចំពោះ ការប្រាកដឡើងនៃខន្ធ ការបានចំពោះអាយតនៈនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ ការចាស់ ការគ្រាំគ្រា ការរង្គោះធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញថយនៃអាយុ ការចាស់ទុំនៃឥន្ទ្រិយ របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ។ ពាក្យថា សោក គឺសោក អាការសោក ភាពនៃសោក ការស្ងួតស្ងប់ក្នុងសន្តាន ការស្រពោនក្នុងសន្តាន ការក្តៅក្នុងសន្តាន ការរោលរាលក្នុងសន្តាន អាការជាទីសញ្ជប់សញ្ជឹងចិត្ត ការអាក់អន់ចិត្ត សរគឺសោក របស់បុគ្គលដែលត្រូវវិនាសញាតិប៉ះពាល់ក្តី ត្រូវវិនាសភោគៈប៉ះពាល់ក្តី ត្រូវវិនាសគឺរោគប៉ះពាល់ក្តី ត្រូវវិនាសសីលប៉ះពាល់ក្តី ត្រូវវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយវិនាសណាមួយក្តី ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការយំ ការខ្សឹកខ្សួល អាការយំ អាការខ្សឹកខ្សួល ភាពនៃការយំ ភាពនៃការខ្សឹកខ្សួល ការទួញរៀបរាប់ ការពោលរៀបរាប់ ការរៀបរាប់ដដែល ៗ ការពោលរំលឹក អាការពោលរៀបរាប់ ភាពនៃការពោលរៀបរាប់របស់បុគ្គលដែលត្រូវវិនាសញាតិប៉ះពាល់ក្តី ត្រូវវិនាសភោគៈប៉ះពាល់ក្តី ត្រូវវិនាសគឺរោគប៉ះពាល់ក្តី ត្រូវវិនាសសីលប៉ះពាល់ក្តី ត្រូវវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ប្រកបដោយវិនាសណាមួយក្តី ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា ក្នុងលោកនេះ គឺក្នុងទិដ្ឋិនេះ។បេ។ ក្នុងមនុស្សលោកនេះ។ ពាក្យថា ជាអ្នកចេះដឹង បានដល់ អ្នកចេះ អ្នកតាំងនៅក្នុងវិជ្ជា មានញាណ មានការឈ្វេងយល់ មានប្រាជ្ញាធ្លុះធ្លាយ។ ពាក្យថា ទុក្ខ បានដល់ជាតិទុក្ខ។បេ។ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ ពាក្យថា អ្នកចេះដឹង គប្បីលះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈក្នុងលោកនេះ បានន័យថា បុគ្គលអ្នកចេះ អ្នកតាំងនៅក្នុងវិជ្ជា មានញាណ មានការឈ្វេងយល់ មានប្រាជ្ញាធ្លុះធ្លាយ គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមានបែបភាព នូវជាតិ និងជរាផង សោកៈ និងបរិទេវៈផង ក្នុងលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកចេះដឹង គប្បីលះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈក្នុងលោកនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ភិក្ខុមានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស លះបង់សេចក្តីប្រកាន់ហើយប្រព្រឹត្ត ជាអ្នកចេះដឹង គប្បីលះបង់នូវទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈក្នុងលោកនេះបាន។

[១៨០] (មេត្តគូមាណពទូលថា)

ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះ របស់ព្រះមហេសី បពិត្រព្រះគោតម ព្រះនិញ្វនជាគុណជាតិមិនមានឧបធិ ព្រះអង្គបានសំដែងហើយដោយប្រពៃ ព្រះមានព្រះភាគ លះទុក្ខបានដោយពិត ញ្រេះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។

[១៨១] ពាក្យថា ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះ របស់ព្រះមហេសី ត្រង់ពាក្យថា ចំពោះព្រះវាចានុ៎ះ គឺចំពោះពាក្យ គន្លងនៃពាក្យទេសនា អនុសន្ធិរបស់ព្រះអង្គ។ ពាក្យថា ត្រេកអរចំពោះ គឺខ្ញុំព្រះអង្គស្រស់ស្រាយ ត្រេកអរ រីករាយ រីករាយតាម ប្រាថ្នា ចង់បាន សូម ត្រូវការ ស្រឡាញ់ ជាប់ចិត្ត។ ពាក្យថា របស់ព្រះមហេសី គឺព្រះមានព្រះភាគ ទ្រង់ព្រះនាម មហេសី ញ្រេះទ្រង់សែ្វង សែ្វងរក ស្វះស្វែងនូវសីលក្ខន្ធដ៏ធំ។បេ។ ទ្រង់ព្រះនាមមហេសី ញ្រេះព្រះអង្គជានរៈដ៏អង់អាច តាមតែក្នុងទីណា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គ ត្រេកអរចំពោះព្រះវាចានុ៎ះរបស់ព្រះមហេសី។

[១៨២] អធិប្បាយពាក្យថា បពិត្រព្រះគោតម ព្រះនិញ្វនជាគុណជាតមិនមានឧបធិ ព្រះអង្គសំដែងហើយដោយប្រពៃ ត្រង់ពាក្យថា ព្រះអង្គសំដែងហើយដោយប្រពៃ គឺព្រះអង្គសំដែងដោយល្អ ប្រាប់ដោយល្អ ពន្យល់ដោយល្អ សំដែងដោយប្រពៃ បញ្ញត្តទុកដោយល្អ តាំងទុកដោយល្អ បើកដោយល្អ ចែកដោយល្អ ធ្វើឲ្យរាក់ដោយល្អ ប្រកាសទុកហើយដោយល្អ ហេតុនោះ (លោកពោលថា) ព្រះអង្គសំដែងហើយដោយប្រពៃ។ ពាក្យថា បពិត្រព្រះគោតម ព្រះនិញ្វនជាគុណជាតមិនមានឧបធិ សេចក្តីថា ពួកកិលេសខន្ធ និងអភិសង្ខារ លោកហៅថា ឧបធិ។ ការលះឧបធិ ការរម្ងាប់ឧបធិ ការរលាស់ចោលឧបធិ ការស្ងប់រម្ងាប់ឧបធិ ឈ្មោះថា អមតនិញ្វន ហេតុនោះ (លោកពោលថា) បពិត្រព្រះគោតម ព្រះនិញ្វនជាគុណជាតមិនមានឧបធិ ព្រះអង្គសំដែងហើយដោយប្រពៃ។

[១៨៣] អធិប្បាយពាក្យថា ព្រះមានព្រះភាគ ទ្រង់លះបង់ទុក្ខដោយពិត ត្រង់ពាក្យថា ដោយពិត គឺជាពាក្យដាច់ខាត ជាពាក្យឥតសង្ស័យ ជាពាក្យឥតងឿងឆ្ងល់ ជាពាក្យមិនបែកជាពីរ ជាពាក្យមិនមានចំពាមពីរ ជាពាក្យស្រោចស្រង់ ជាពាក្យមិនខុស ពាក្យថា ដោយពិត ជាពាក្យតាំងមាំ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ទ្រង់លះទុក្ខ គឺលះបង់ លះចេញ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមានបែបភាពនូវជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ ហេតុនោះ (លោកសួរថា) ព្រះមានព្រះភាគទ្រង់លះទុក្ខបានដោយពិត។

[១៨៤] ពាក្យថា ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ គឺព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ ដឹង ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដ ហេតុនោះ (លោកសួរថា) ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះរបស់ព្រះមហេសី បពិត្រព្រះគោតម ព្រះនិពា្វន ជាគុណជាតមិនមានឧបធិ ព្រះអង្គសំដែងហើយដោយប្រពៃ ព្រះមានព្រះភាគ លះទុក្ខបានដោយពិត ញ្រេះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។

[១៨៥]

បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណាដោយត្រឹមត្រូវ ពួកជនទាំងនោះ ក៏លះទុក្ខបានដោយពិត ញ្រេះហេតុនោះ ខ្ញុំព្រះអង្គចូលមកនមស្ការចំពោះព្រះអង្គ ជាព្រះពុទ្ធនាគ សូមព្រះមានព្រះភាគទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ។

[១៨៦] ពាក្យថា ពួកជនទាំងនោះរបស់បទថា ពួកជនទាំងនោះ ក៏លះទុក្ខបានដោយពិត បានដល់ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ក៏លះបង់ (ទុក្ខបាន)។ ពាក្យថា ទុក្ខ គឺគប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ ហេតុនោះ (លោកពោលថា) ពួកជនទាំងនោះក៏លះទុក្ខបានដោយពិត។

[១៨៧] ពាក្យថា ណា របស់បទថា បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណា ដោយត្រឹមត្រូវ បានដល់ ពួកជនជាក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ព្រះអង្គ គឺព្រាហ្មណ៍ពោលចំពោះព្រះមានព្រះភាគ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ ព្រះមុនិនោះកន្លងនូវបណ្តាញ គឺកិលេសជាគ្រឿងជាប់ចំពាក់។ ពាក្យថា ទូន្មានដោយត្រឹមត្រូវ គឺគប្បីទូន្មាន ទូន្មានដោយគោរព ទូន្មានរឿយ ៗ ទូន្មាន ប្រៀនប្រដៅញយ ៗ ដាស់តឿន ហេតុនោះ (លោកពោលថា) បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណាដោយត្រឹមត្រូវ។

[១៨៨] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គចូលមកនមស្ការចំពោះព្រះអង្គជាព្រះពុទ្ធនាគ ត្រង់ពាក្យថា ចំពោះព្រះអង្គ គឺព្រាហ្មណ៍ពោលចំពោះព្រះមានព្រះភាគ។ ពាក្យថា នមស្ការ គឺខ្ញុំព្រះអង្គសូមថ្វាយបង្គំដោយកាយក្តី ថ្វាយបង្គំដោយចិត្តក្តី ថ្វាយបង្គំដោយសេចក្តីប្រតិបត្តិដ៏សមគួរដល់អត្ថក្តី ថ្វាយបង្គំដោយសេចក្តីប្រតិបត្តិដ៏សមគួរដល់ធម៌ក្តី ធ្វើសក្ការៈគោរព រាប់អាន បូជា។ ពាក្យថា ចូលមក គឺខ្ញុំព្រះអង្គសំដៅមក សំដៅមកចំពោះ មកត្រង់ ឆ្ពោះមក នមស្ការព្រះអង្គចំពោះព្រះភក្ត្រ ពាក្យថា ព្រះពុទ្ធនាគ គឺព្រះមានព្រះភាគជាបុគ្គលដ៏ប្រសើរ។ ព្រះនាមថា នាគ ញ្រេះព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់។ ព្រះនាមថា នាគ ញ្រេះទ្រង់មិនលុះ។ ព្រះនាមថា នាគ ញ្រេះទ្រង់មិនមក។

ព្រះនាមថានាគ ញ្រេះព្រះមានព្រះភាគមិនធ្វើអំពើអាក្រក់ តើដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង នាំមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ គួរដល់ជាតិ ជរា មរណៈតទៅ លោកពោលថា អំពើអាក្រក់។

ព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់ណាមួយក្នុងលោក ទ្រង់ស្រាយចំណងគឺកិលេស ក្នុងការប្រកបទុកនូវសត្វទាំងពួង ព្រះអង្គរួចហើយ មិនជាប់ក្នុងអារម្មណ៍ទាំងពួង ព្រះអង្គជាបុគ្គលនឹងធឹង ទើបហៅថា នាគ ញ្រេះព្រះអង្គជាបុគ្គលទៀង។

ព្រះនាមថា នាគ ញ្រេះព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់យ៉ាងនេះឯង។

ព្រះនាមថា នាគ ញ្រេះទ្រង់មិនលុះ តើដូចម្តេច។ ព្រះមានព្រះភាគមិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺព្រះអង្គមិនទៅ មិនឃ្លាត មិនរសាត់ មិនដោយតាមធម៌ជាពួកទាំងឡាយ ព្រះនាមថា នាគ ញ្រេះព្រះមានព្រះភាគ មិនលុះ យ៉ាងនេះឯង។

ព្រះនាមថា នាគ ញ្រេះព្រះមានព្រះភាគ មិនមក តើដូចម្តេច។ កិលេសទាំងឡាយណា ដែលព្រះអង្គលះហើយ ដោយសោតាបត្តិមគ្គ ព្រះអង្គមិនមក មិនបែរមក មិនត្រឡប់មកកាន់កិលេសទាំងនោះវិញ កិលេសទាំងឡាយណា ដែលព្រះអង្គលះហើយ ដោយសកទាគាមិមគ្គ អនាគាមិមគ្គ ព្រះអង្គមិនមក មិនបែរមក មិនត្រឡប់មក កាន់កិលេសទាំងនោះវិញ កិលេសទាំងឡាយណា ដែលព្រះអង្គលះហើយ ដោយអរហត្តមគ្គ ព្រះអង្គមិនមក មិនបែរមក មិនត្រឡប់មកកាន់កិលេសទាំងនោះវិញទេ ព្រះនាមថា នាគ ញ្រេះព្រះមានព្រះភាគ មិនមក យ៉ាងនេះឯង ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គ ចូលមកនមស្ការព្រះអង្គជាព្រះពុទ្ធនាគ។

[១៨៩] ពាក្យថា សូមព្រះមានព្រះភាគទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ គឺសូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវ សូមទូន្មានដោយគោរព ទូន្មានរឿយ ៗ ទូន្មានប្រៀនប្រដៅញយ ៗ ហេតុនោះ (លោកពោលថា) សូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ។ ហេតុនោះ ព្រាហ្មណ៍ពោលថា

បពិត្រព្រះមុនិ ព្រះអង្គទូន្មានពួកជនណាដោយត្រឹមត្រូវ ពួកជនទាំងនោះ ក៏លះទុក្ខបានដោយពិត ញ្រេះហេតុនោះ ខ្ញុំព្រះអង្គចូលមកនមស្ការចំពោះព្រះអង្គជាព្រះពុទ្ធនាគ សូមព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គដោយត្រឹមត្រូវចុះ។

[១៩០] (ព្រះមានព្រះភាគត្រាស់តបថា)

បុគ្គលគប្បីដឹងច្បាស់នូវព្រាហ្មណ៍ណា ដែលជាអ្នកដល់នូវវេទ អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះដោយពិត ទាំងឆ្លងដល់ត្រើយ ជាអ្នកមិនមានបង្គោល មិនមានសេចក្តីងឿងឆ្ងល់។

[១៩១] អធិប្បាយពាក្យថា បុគ្គលគប្បីដឹងច្បាស់នូវពា្រហ្មណ៍ណា ដែលជាអ្នកដល់នូវវេទ ត្រង់ពាក្យថា ព្រាហ្មណ៍ សេចក្តីថា ដែលឈ្មោះថា ពា្រហ្មណ៍ ព្រោះបន្សាត់បង់ធម៌ ៧។ គឺ បន្សាត់បង់សក្កាយទិដិ្ឋ បន្សាត់បង់វិចិកិច្ឆា បន្សាត់បង់សីលព្វតបរាមាសៈ បន្សាត់បង់រាគៈ បន្សាត់បង់ទោសៈ បន្សាត់បង់មោហៈ បន្សាត់បង់មានះ។ លោកបានលះបង់នូវអកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង នាំមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ ជាទីតាំងនៃជាតិ ជរា មរណៈតទៅ។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលសភិយៈ) ព្រះមានព្រះភាគបន្សាត់បង់នូវបាបទាំងពួង ជាបុគ្គលប្រាសចាកមន្ទិល មានព្រះហឫទ័យតំកល់នៅដោយល្អ មានខ្លួនខ្ជាប់ខ្ជួន ព្រះមានព្រះភាគនោះ ជាបុគ្គលបរិសុទ្ធ កន្លងនូវសំសារ មិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ជាបុគ្គលនឹងធឹង លោកហៅថា ព្រាហ្មណ៍។

ពាក្យថា អ្នកដល់នូវវេទ សេចក្តីថា ញាណក្នុងមគ្គ ៤ លោកហៅថាវេទ។បេ។ បុគ្គលនោះដល់នូវវេទ កន្លងនូវវេទទាំងពួង។ ពាក្យថា គប្បីដឹងច្បាស់ គឺគប្បីដឹងចំពោះ ដឹងទួទៅ ដឹងវិសេស ដឹងច្បាស់ យល់ច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីដឹងច្បាស់នូវព្រាហ្មណ៍ណា ដែលជាអ្នកដល់នូវវេទ។

[១៩២] អធិប្បាយពាក្យថា អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព ត្រង់ពាក្យថា អ្នកមិនមានកង្វល់ សេចក្តីថា កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត។ គ្រឿងកង្វល់ទាំងឡាយនុ៎ះ ព្រះខីណាស្រពណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធើ្វមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រះខីណាស្រពនោះ លោកហៅថា អ្នកមិនមានកង្វល់។ ពាក្យថា កាម បើតាមឧទ្ទាន បានដល់ កាម ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។បេ។ ពាក្យថា ភព បានដល់ភព ២ គឺកម្មភព ១ បុនព្ភពគឺបដិសន្ធិ ១។បេ។ នេះកម្មភព។បេ។ នេះ បុនព្ភពគឺបដិសន្ធិ។ ពាក្យថា អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព គឺអ្នកមិនមានកង្វល់ មិនជាប់នៅ មិនថ្ពក់នៅ មិនស្អិតនៅ មិនចាក់កណ្តាញ់នៅក្នុងកាមភព ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព។

[១៩៣] ពាក្យថា ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះដោយពិត ត្រង់ពាក្យថា ដោយពិត គឺជាពាក្យដាច់ខាត។បេ។ ពាក្យថា ដោយពិតនុ៎ះ ជាពាក្យប្រាកដ។ ពាក្យថា ឱឃៈ បានដល់ ឱឃៈគឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈគឺអវិជ្ជា។ ពាក្យថា បានឆ្លង គឺបានឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះដោយពិត។

[១៩៤] អធិប្បាយពាក្យថា ទាំងឆ្លងដល់ត្រើយ ជាអ្នកមិនមានបង្គោល មិនមានសេចក្តីងឿងឆ្ងល់ ត្រង់ពាក្យថា ឆ្លង គឺព្រាហ្មណ៍ណាឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លងឡើង ឆ្លងចេញ កន្លង ប្រព្រឹត្តកន្លង ព្រាហ្មណ៍នោះ ឈ្មោះថា ជាអ្នកមានព្រហ្មចរិយធម៌អប់រំហើយ មានចរណធម៌ប្រព្រឹត្តហើយ មានកាលវែងកន្លងហើយ មានទិស គឺនិញ្វនដល់ហើយ មានទីបំផុតដល់ហើយ មានព្រហ្មចរិយធម៌រក្សាហើយ ដល់នូវសម្មាទិដ្ឋិដ៏ឧត្តម មានមគ្គចំរើនហើយ មានកិលេសលះបង់ហើយ មានអកុប្បធម៌ត្រាស់ដឹងហើយ មាននិរោធធម៌ធើ្វឲ្យជាក់ច្បាស់ហើយ។ ព្រះអរិយបុគ្គលនោះ កំណត់ដឹងទុក្ខហើយ លះបង់សមុទយៈហើយ ចំរើនមគ្គហើយ ធ្វើឲ្យជាក់ច្បាស់នូវនិរោធហើយ ត្រាស់ដឹងនូវគុណជាត ដែលគប្បីត្រាស់ដឹង កំណត់ដឹង ទុក្ខដែលគប្បីកំណត់ដឹង លះបង់នូវកិលេសជាតដែលគប្បីលះ ចំរើននូវធម្មជាត ដែលគប្បីចំរើន ធ្វើឲ្យជាក់ច្បាស់នូវគុណជាតដែលគប្បីធ្វើឲ្យជាក់ច្បាស់។ ព្រះអរិយបុគ្គលនោះ មានសសរគោល (គឺអវិជ្ជា) ដកចេញហើយ មានស្នាមភ្លោះ គឺសំសារលុបចោលហើយ មានសសរគឺតណ្ហាដកចេញហើយ មានសន្ទះទ្វារ គឺនីវរណៈបើកចេញហើយ មានទង់គឺមានះដកចេញហើយ មានភារៈដាក់ចេញហើយ ជាអ្នកប្រាសចាក (វដ្តៈ) ជាអ្នកមានអង្គ ៥ លះបង់ហើយ ជាអ្នកប្រកបដោយអង្គ ៦ មានការរក្សាតែមួយ គឺសតិ មានធម៌ជាគ្រឿងពឹងផែ្អក ៤ យ៉ាង មានសច្ចធម៌ផ្សេងបន្ទោបង់ហើយ មានការសែ្វងរកទាំងអស់លះបង់ហើយ មានការត្រិះរិះមិនល្អក់ មានកាយសង្ខារស្ងប់រម្ងាប់ មានចិត្តរួចស្រឡះដោយប្រពៃ មានប្រាជ្ញារួចស្រឡះប្រពៃ ជាបុគ្គលបរិសុទ្ធ មានព្រហ្មចរិយធម៌ប្រព្រឹត្តចប់ហើយ ជាឧត្តមបុរស ជាបរមបុរស ជាអ្នកដល់នូវគុណជាតជាគ្រឿងដល់ដ៏ក្រៃលែង។ អរិយបុគ្គលនោះ មិនសន្សំ មិនប្រមូល ឈ្មោះថា ខ្ជាប់ខ្ជួនញ្រេះមិនប្រមូល មិនលះបង់ មិនប្រកាន់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ញ្រេះលះបង់ មិនចាក់ស្រេះ មិនក្រអឺតក្រអោង ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ញ្រេះលែងចាក់ស្រេះ មិនលត់ មិនបង្កាត់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ញ្រេះរលត់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ញ្រេះប្រកបដោយសីលក្ខន្ធជាអសេក្ខៈ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈ ដោយបញ្ញាខន្ធជាអសេក្ខៈ ដោយវិមុត្តិក្ខន្ធជាអសេក្ខៈ ដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ព្រោះសម្រេចនូវកិច្ចទាំងពួង ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ព្រោះកន្លង (តណ្ហា) យ៉ាងនេះ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ញ្រេះរំលត់ភ្លើងគឺកិលេស ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះកិរិយាមិនត្រឡប់មកវិញ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះកាន់យកនូវជ័យជំនះ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះកិរិយាសេពនូវវិមុត្តិ ឈ្មោះថា អ្នកខ្ជាប់ខ្ជួន ញ្រេះការបរិសុទ្ធិដោយមេត្តា ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះការបរិសុទ្ធិដោយករុណា មុទិតា ឧបេក្ខា ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះសេចក្តីបរិសុទ្ធិដ៏ក្រៃលែង ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះភាពនៃលោកមិនគួរដល់ការងារ7) ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះលោករួចស្រឡះ ឈ្មោះថាអ្នកខ្ជាប់ខ្ជួន ញ្រេះភាពនៃលោកមានចិត្តស្ងប់ ឈ្មោះថា អ្នកខ្ជាប់ខ្ជួនក្នុងទីបំផុតខន្ធ ខ្ជាប់ខ្ជួនក្នុងទីបំផុតធាតុ ខ្ជាប់ខ្ជួនក្នុងទីបំផុតអាយតនៈ ខ្ជាប់ខ្ជួនក្នុងទីបំផុតគតិ ខ្ជាប់ខ្ជួនក្នុងទីបំផុតការកើត ខ្ជាប់ខ្ជួនក្នុងទីបំផុតបដិសន្ធិ ខ្ជាប់ខ្ជួនក្នុងទីបំផុតភព ខ្ជាប់ខ្ជួនក្នុងទីបំផុតសំសារ ខ្ជាប់ខ្ជួនក្នុងទីបំផុតវដ្តៈ ខ្ជាប់ខ្ជួនក្នុងភពទីបំផុត ខ្ជាប់ខ្ជួនក្នុងរាងកាយជាទីបំផុត ឈ្មោះថាព្រះអហន្តទ្រទ្រង់នូវអត្តភាពជាទីបំផុត។

ភពនេះនៃព្រះអរហន្តនោះ ចាត់ថាមានក្នុងទីបំផុត រាងកាយនេះ ចាត់ថាមានជាខាងក្រោយបង្អស់ ភពថ្មីគឺការអន្ទោលទៅដោយជាតិ ជរា និងមរណៈ នៃព្រះអរហន្តនោះ មិនមាន។

ពាក្យថា ទាំងឆ្លងដល់ត្រើយ សេចក្តីថា អមតនិញ្វន លោកហៅថា ត្រើយ បានដល់ការរម្ងាប់នូវសង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ទីរលត់និព្វាន។ ព្រះអរហន្តនោះ ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីចប់ ដល់ទីចប់ ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់អមតៈ ដល់អមតៈ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន ព្រះអរហន្តនោះ មានការអប់រំនៅស្រេចហើយ មានចរណធម៌ប្រព្រឹត្តហើយ។បេ។ ភពថ្មីគឺការអន្ទោលទៅដោយជាតិ ជរា និងមរណៈ របស់ព្រះអរហន្តនោះមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងឆ្លងទៅដល់ត្រើយ។ ពាក្យថា មិនមានបង្គោល សេចក្តីថា បង្គោលគឺរាគៈ បង្គោលគឺទោសៈ បង្គោលគឺមោហៈ បង្គោលគឺកោធៈ បង្គោលគឺឧបនាហៈ។បេ។ បង្គោលគឺការតាក់តែងអកុសលទាំងពួង។ បង្គោលទាំងនោះ ព្រះអរហន្តណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រះអរហន្តនោះ លោកហៅថា អ្នកមិនមានបង្គោល។ ពាក្យថា មិនមានសេចក្តីងឿងឆ្ងល់ សេចក្តីថា ការងឿងឆ្ងល់ក្នុងទុក្ខ ការងឿងឆ្ងល់ក្នុងសមុទ័យ ការងឿងឆ្ងល់ក្នុងទុក្ខនិរោធ ការងឿងឆ្ងល់ក្នុងទុក្ខនិរោធគាមិនីបដិបទា ការងឿងឆ្ងល់ក្នុងទីបំផុតខាងដើម ការងឿងឆ្ងល់ក្នុងទីបំផុតខាងចុង ការងឿងឆ្ងល់ក្នុងទីបំផុតខាងដើម និងខាងចុង ការងឿងឆ្ងល់ក្នុងធម៌ទាំងឡាយ ដែលកើតឡើង ព្រោះអាស្រ័យឥទប្បច្ច័យ គឺបានដល់សេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់ ការប្រាសចាកគំនិត សេចក្តីសង្ស័យ ហេតុបែកជាពីរ ផ្លូវបែកជាពីរ ការអល់ឯក ការកាន់យកច្រើនយ៉ាង ការកន្ទះរា ការអង្គឺអង្គែ ការមិនចុះស៊ប់ ភាពនៃចិត្តស្លន់ស្លោ ការប្រេះឆារនៃចិត្តមានសភាពយ៉ាងនេះ។ សេចក្តីងឿងឆ្ងល់ទាំងនុ៎ះ ព្រះអរហន្តណា បានលះបង់ ផ្តាច់ផ្តិល ស្ងប់រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រះអរហន្តនោះ លោកពោលថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងឆ្លងដល់ត្រើយ ជាអ្នកមិនមានបង្គោល មិនមានសេចក្តីងឿងឆ្ងល់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គលគប្បីដឹងច្បាស់នូវព្រាហ្មណ៍ណា ដែលជាអ្នកដល់នូវវេទ អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះដោយពិត ទាំងឆ្លងដល់ត្រើយ ជាអ្នកមិនមានបង្គោល មិនមានសេចក្តីងឿងឆ្ងល់។

[១៩៥]

នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទក្នុងលោកនេះ បានស្រាយនូវការជាប់ចំពាក់នេះ ក្នុងភពតូច និងភពធំ តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា។

[១៩៦] ពាក្យថា នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទក្នុងលោកនេះ សេចក្តីថា នរៈដែលសម្រេចវិជ្ជា មានញាណ មានការឈ្វេងយល់ មានប្រាជ្ញាធ្លុះធ្លាយ (ឈ្មោះថា ជាអ្នកចេះដឹង)។ ពាក្យថា ណា គឺ អ្នកណា បែបណា។បេ។ ទោះជាមនុស្សក្តី។ ពាក្យថា អ្នកដល់នូវវេទ សេចក្តីថា ញាណក្នុងមគ្គ ៤ លោកហៅថា វេទ។បេ។ បុគ្គលនោះដល់នូវវេទ ព្រោះកន្លងនូវវេទទាំងពួង។ ពាក្យថា នរៈ បានដល់ សត្វ នរៈ មាណព បុរស បុគ្គល ជីវៈ ជនជាតិ សត្វធាតុ សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា ក្នុងលោកនេះ គឺក្នុងទិដ្ឋិនេះ។បេ។ ក្នុងមនុស្សលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទក្នុងលោកនេះ។

[១៩៧] ពាក្យថា បានស្រាយនូវការជាប់ចំពាក់នេះ ក្នុងភពតូច និងភពធំ ត្រង់ពាក្យថា ក្នុងភពតូច និងភពធំ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថាភពតូច និងភពធំ កាមភព ឈ្មោះថា កម្មភព កាមភព ឈ្មោះថាបុនព្ភព រូបភព ឈ្មោះថាកម្មភព រូបភព ឈ្មោះថាបុនព្ភព អរូបភព ឈ្មោះថាកម្មភព អរូបភពឈ្មោះថាបុនព្ភព គឺក្នុងការកើតរឿយ ៗ ក្នុងការទៅរឿយ ៗ ក្នុងការចូលទៅរឿយ ៗ ក្នុងបដិសន្ធិរឿយ ៗ ក្នុងការកើតអត្តភាពរឿយ ៗ។ ពាក្យថា ការជាប់ចំពាក់ បានដល់ ការជាប់ចំពាក់ ៧ គឺការជាប់ចំពាក់គឺរាគៈ ការជាប់ចំពាក់គឺទោសៈ ការជាប់ចំពាក់គឺមោហៈ ការជាប់ចំពាក់គឺមានះ ការជាប់ចំពាក់គឺទិដ្ឋិ ការជាប់ចំពាក់គឺកិលេស ការជាប់ចំពាក់គឺទុច្ចរិត។ ពាក្យថា ស្រាយ គឺរលាស់ចោល ឬដោះនូវការជាប់ចំពាក់ទាំងឡាយ។ មួយទៀត បុគ្គលដោះ ឬស្រាយនូវការជាប់ចំពាក់ គឺចំណងដែលចង ចងទួទៅ ថ្ពក់ ទាក់ ចំពាក់ ពួកជនរុះរើ ធ្វើឲ្យខ្ទេចខ្ទី នូវយានក្តី វក្តី រថក្តី រទេះក្តី រថទ្រង់គ្រឿងក្តី យ៉ាងណាមិញ បុគ្គលរលាស់ចោល ឬលះចេញ នូវការជាប់ចំពាក់ទាំងនោះ ក៏យ៉ាងនោះដែរ មួយវិញទៀត បុគ្គលដោះចេញ ឬស្រាយនូវការជាប់ចំពាក់ គឺចំណងដែលចង ចងទួទៅ ថ្ពក់ ទាក់ ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) បានស្រាយនូវការជាប់ចំពាក់នេះក្នុងភពតូច និងភពធំ។

[១៩៨] អធិប្បាយពាក្យថា តថាគតពោលថា នរៈនោះជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ តណ្ហានុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះ លោកហៅថា អ្នកប្រាសចាកតណ្ហា លះចោលតណ្ហា ខ្ជាក់ចោលតណ្ហា ផុតចាកតណ្ហា បន្សាត់ចោលតណ្ហា រលាស់ចេញចាកតណ្ហា ប្រាសចាករាគៈ លះចោលរាគៈ ខ្ជាក់ចោលរាគៈ ផុតចាករាគៈ បន្សាត់ចោលរាគៈ រលាស់ចេញចាករាគៈ មិនមានសេចក្តីប្រាថ្នា រលត់ទុក្ខ មានចិត្តត្រជាក់ សោយសុខ មានចិត្តត្រជាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) នរៈនោះប្រាសចាកតណ្ហា។ ពាក្យថា មិនមានសេចក្តីតានតឹង សេចក្តីថា រាគៈ ជាសេចក្តីតានតឹង ទោសៈ ជាការតានតឹង មោហៈ ជាការតានតឹង កោធៈ ជាការតានតឹង ឧបនាហៈ ជាការតានតឹង។បេ។ ការតាក់តែងនូវអកុសលទាំងពួង ជាការតានតឹង។ សេចក្តីតានតឹងទាំងនុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះ លោកហៅថា អ្នកមិនមានសេចក្តីតានតឹង។ ពាក្យថា មិនមានសេចក្តីប៉ុនប៉ង សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប៉ុនប៉ង បានដល់ រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហាគឺសេចក្តីប៉ុនប៉ងនោះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះ លោកហៅថា អ្នកមិនមានសេចក្តីប៉ុនប៉ង។ ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើម ការចំរើនឡើង ការកើតប្រាកដនៃខន្ធ ការបានចំពោះនូវអាយតនៈនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ ការចាស់ ការគ្រាំគ្រា ការបាក់ធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញថយនៃអាយុ ការចាស់ឥន្រ្ទិយនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា មរណៈ បានដល់ ការចុតិ ការឃ្លាត ការបែកធ្លាយ ការអន្តរធាន មច្ចុ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចោលនូវសាកសព ការដាច់សូន្យជីវិតិន្រ្ទិយនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះបានឆ្លងនូវជាតិ និងជរា បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា នរៈណានោះ ប្រាសចាកតណ្ហាផង មិនមានសេចក្តីតានតឹងផង មិនមានសេចក្តីប៉ុនប៉ងផង នរៈនោះ បានឆ្លង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

នរៈណា ជាអ្នកចេះដឹង អ្នកដល់នូវវេទក្នុងលោកនេះ បានស្រាយនូវការជាប់ចំពាក់នេះ ក្នុងភពតូច និងភពធំ តថាគតពោលថា នរៈនោះ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា។

(មេត្តគូបានប្រកាសខ្លួន) ដំណាលគ្នានឹងកាលជាទីចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី៤។

ធោតកមាណវកប្បញ្ហានិទ្ទេស ទី៥

(៥. ធោតកមាណវបុច្ឆា)

[១៩៩]

ធោតកៈមានអាយុ (ទូលសួរដូច្នេះថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីការបស់ព្រះអង្គ (ញ្រេះថា) បុគ្គលស្តាប់ទេសនារបស់ព្រះអង្គហើយ នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។

[២០០] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សូមសួរ បានដល់ បុច្ឆា ៣ គឺអទិដ្ឋជោតនាបុច្ឆា ១ ទិដ្ឋសំសន្ទនាបុច្ឆា ១ វិមតិច្ឆេទនាបុច្ឆា ១។បេ។ នេះ បុច្ឆា ៣។បេ។ និញ្វនបុច្ឆា។ ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គ សូមសួរចំពោះព្រះអង្គ សូមអង្វរព្រះអង្គ សូមអារាធនាព្រះអង្គ សូមជ្រះថ្លានឹងព្រះអង្គ សូមព្រះអង្គសំដែងដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញតិ្តថា ព្រះមានព្រះភាគ នេះ (កើត) ញ្រេះការធ្វើឲ្យជាក់ច្បាស់។ ពាក្យថា សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោកពោលថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ។ ពាក្យថា ដូច្នេះ នៃបទថា ធោតកៈមានអាយុ ពោលដូច្នេះ គឺជាបទតភ្ជាប់។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា ធោតកមាណព ជាឈ្មោះ។បេ។ ជាពាក្យហៅរបស់ព្រាហ្មណ៍នោះ។ ហេតុនោះ (មានពាក្យថា) ធោតកៈមានអាយុ ទូលសួរដូច្នេះ។

[២០១] ពាក្យថា បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីការបស់ព្រះអង្គ គឺខ្ញុំព្រះអង្គ ប្រាថ្នា ប្រាថ្នាចំពោះ ប៉ង ជ្រះថ្លា ផ្គង ស្រឡាញ់ ជាប់ចិត្ត នូវព្រះពុទ្ធដីកា គន្លងនៃព្រះពុទ្ធដីកា ទេសនា អនុសន្ធិរបស់ព្រះអង្គ។ សំនួរត្រង់ពាក្យថា មហេសី ចុះឈ្មោះថា មហេសី ដោយអត្ថដូចម្តេច។ ឈ្មោះថា មហេសី ញ្រេះព្រះមានព្រះភាគ ទ្រង់រក ស្វែង ស្វះស្វែង នូវកងសីលដ៏ធំ។បេ។ ឈ្មោះថា មហេសី ញ្រេះព្រះអង្គ ជានរៈប្រសើរ គង់ក្នុងទីណា ហេតុនោះ (លោកពោលថា) បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីការបស់ព្រះអង្គ។

[២០២] ពាក្យថា បុគ្គលស្តាប់ទេសនារបស់ព្រះអង្គហើយ គឺបុគ្គលស្តាប់ ឮ រៀនទ្រទ្រង់ កំណត់ទុកហើយ នូវព្រះពុទ្ធដីកា គន្លងព្រះពុទ្ធដីកា ទេសនា អនុសន្ធិ របស់ព្រះអង្គ ហេតុនោះ (លោកពោលថា) បុគ្គលស្តាប់ទេសនារបស់ព្រះអង្គហើយ។

[២០៣] អធិប្បាយពាក្យថា សិក្សា នូវការរំលត់ (កិលេស) របស់ខ្លួនបាន ត្រង់ពាក្យថា សិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា នូវការរំលត់ (កិលេស) របស់ខ្លួនបាន គឺនឹងសិក្សាអធិសីលផង នឹងសិក្សាអធិចិត្តផង នឹងសិក្សាអធិប្បញ្ញាផង ដើម្បីការរំលត់រាគៈ រំលត់ទោសៈ រំលត់មោហៈ រំលត់កោធៈ រំលត់ឧបនាហៈ។បេ។ ដើម្បីសេចក្តីស្ងប់ រម្ងាប់ ចូលទៅជិតស្ងប់ រំលត់ លះបង់ លះបង់ផ្តាច់ នូវអភិសង្ខារ ជាអកុសលទាំងពួង គឺនឹងពិចារណាសិក្សា នូវសិក្ខាទាំង ៣ នេះ នឹងដឹងសិក្សា នឹងឃើញសិក្សា នឹងពិចារណាសិក្សា នឹងតាំងចិត្តសិក្សា នឹងចុះចិត្តស៊ប់ដោយសទ្ធាសិក្សា នឹងផ្គងព្យាយាមសិក្សា នឹងប្រុងសតិសិក្សា នឹងតំកល់ចិត្តឲ្យស្រួលសិក្សា នឹងដឹងដោយប្រាជ្ញាសិក្សា នឹងដឹងជាក់ដោយអភិញ្ញាសិក្សា នឹងកំណត់ដឹងដោយបរិញ្ញាសិក្សា នឹងលះបង់នូវធម៌ដែលគួរលះបង់សិក្សា នឹងចំរើននូវធម៌ដែលគួរចំរើនសិក្សា នឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា នឹងប្រព្រឹត្តសមាទាន នឹងប្រតិបត្តិសមទាន ហេតុនោះ លោកពោលថា សិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីការបស់ព្រះអង្គ (ញ្រេះថា) បុគ្គលស្តាប់ទេសនារបស់ព្រះអង្គហើយ នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។

[២០៤] (ព្រះមានព្រះភាគ ត្រាស់ថា)

ម្នាលធោតកៈ បើដូច្នោះ ចូរអ្នកធ្វើសេចក្តីព្យាយាមចុះ បុគ្គលក្នុងលោកនេះ ជាអ្នកមានបញ្ញាចាស់ក្លា មានស្មារតី ស្តាប់ទេសនាអំពីទីនេះហើយ នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។

[២០៥] ពាក្យថា បើដូច្នោះ ចូរអ្នកធ្វើសេចក្តីព្យាយាមចុះ គឺអ្នកចូរធ្វើសេចក្តីព្យាយាម ចូរធ្វើឧស្សាហ៍ ចូរធ្វើសេចក្តីប្រឹងប្រែង ចូរធ្វើសេចក្តីសង្វាត ចូរធ្វើសេចក្តីឱហាត ចូរធ្វើសេចក្តីខ្នះខ្នែង ចូរធ្វើសេចក្តីខ្មីឃ្មាត ចូរញុំាងសេចក្តីពេញចិត្តឲ្យកើត ឲ្យកើតព្រម ឲ្យតាំងនៅស៊ប់សួន ឲ្យដុះ ឲ្យដុះចំពោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បើដូច្នោះ អ្នកចូរធ្វើសេចក្តីព្យាយាមចុះ។ ពាក្យថា ធោតកៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលធោតកៈ គឺព្រះមានព្រះភាគ ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ញ្រេះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលធោតកៈ។

[២០៦] អធិប្បាយពាក្យថា បុគ្គលក្នុងលោកនេះ ជាអ្នកមានបញ្ញាចាស់ក្លា មានស្មារតី ត្រង់ពាក្យថា ក្នុងលោកនេះ គឺក្នុងទិដ្ឋិនេះ ក្នុងសេចក្តីពេញចិត្តនេះ ក្នុងសេចក្តីគាប់ចិត្តនេះ ក្នុងការកាន់យកនេះ ក្នុងធម៌នេះ ក្នុងវិន័យនេះ ក្នុងធម្មវិន័យនេះ ក្នុងពាក្យជាប្រធាននេះ ក្នុងព្រហ្មចារ្យនេះ ក្នុងសាសនាព្រះសាស្តានេះ ក្នុងអត្តភាពនេះ ក្នុងមនុស្សលោកនេះ។

ពាក្យថា មានបញ្ញាចាស់ក្លា គឺមានបញ្ញាឆ្អិន ជាបណ្ឌិតមានប្រាជ្ញា មានការចេះដឹង មានញាណ ជាអ្នកប្រាជ្ញ មានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ គឺ បុគ្គលកំពុងចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានសា្មរតី។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលក្នុងលោកនេះ ជាអ្នកមានបញ្ញាចាស់ក្លា មានស្មារតី។

[២០៧] ពាក្យថា ស្តាប់ទេសនាអំពីទីនេះហើយ គឺស្តាប់ ត្រង់ត្រាប់ រៀន ទ្រទ្រង់ កំណត់ទុក នូវពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិ របស់តថាគត អំពីទីនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ស្តាប់នូវទេសនា អំពីទីនេះហើយ។

[២០៨] អធិប្បាយពាក្យថា នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួន ត្រង់ពាក្យថា នឹងសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា ការរំលត់ (កិលេស) របស់ខ្លួន គឺនឹងសិក្សាអធិសីលផង នឹងសិក្សាអធិចិត្តផង នឹងសិក្សាអធិប្បញ្ញាផង ដើម្បីការរំលត់រាគៈ ការរំលត់ទោសៈ ការរំលត់មោហៈ ការរំលត់កោធៈ ការរំលត់ឧបនាហៈ។បេ។ ដើម្បីការស្ងប់ រម្ងាប់ ស្ងប់រម្ងាប់ រំលត់ លះបង់ រម្ងាប់នូវអភិសង្ខារ ជាអកុសលទាំងពួង នឹងពិចារណាសិក្សា នូវសិក្ខាទាំង ៣ នេះ នឹងដឹងសិក្សា។បេ។ នឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា នឹងប្រព្រឹត្តសមាទាន នឹងប្រតិបត្តិសមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ម្នាលធោតកៈ បើដូច្នោះ ចូរអ្នកធ្វើសេចក្តីព្យាយាមចុះ បុគ្គលក្នុងលោកនេះ ជាអ្នកមានបញ្ញាចាស់ក្លា មានស្មារតី ស្តាប់ទេសនាអំពីទីនេះហើយ នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។

[២០៩] (ធោតកៈពោលថា)

ខ្ញុំព្រះអង្គបានឃើញព្រះអង្គ ជាទេវតាក្នុងមនុស្សលោក ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍កំពុងប្រព្រឹត្ត បពិត្រព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ។

[២១០] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គបានឃើញព្រះអង្គ ជាទេវតាក្នុងមនុស្សលោក ត្រង់ពាក្យថា ទេវតា បានដល់ ពួកទេព ៣ គឺសម្មតិទេព ១ ឧបបត្តិទេព ១ វិសុទ្ធិទេព ១។ សម្មតិទេព តើដូចម្តេច។ ពួកព្រះរាជា ព្រះរាជកុមារ និងព្រះទេពី លោកហៅថា សម្មតិទេព។ ឧបបត្តិទេព តើដូចម្តេច។ ពួកទេពឋិតនៅក្នុងចាតុម្មហារាជិកា ពួកទេពឋិតនៅក្នុងតាវត្តឹង្ស ពួកទេពឋិតនៅក្នុងយាមា ពួកទេពឋិតនៅក្នុងតុសិត ពួកទេពឋិតនៅក្នុងនិម្មានរតី ពួកទេពឋិតនៅក្នុងបរនិម្មិតវសវត្តី និងពួកទេពជាពួកនៃព្រហ្ម ជាពួកទេពដែលឋិតនៅខាងលើ ពួកទេពទាំងនុ៎ះ លោកហៅថា ឧបបត្តិទេព។ វិសុទ្ធិទេព តើដូចម្តេច។ ពួកព្រះអរហន្តខីណាស្រព ជាសាវ័ករបស់ព្រះតថាគត និងពួកព្រះខីណាស្រពដែលជាព្រះបច្ចេកពុទ្ធ លោកហៅថា វិសុទ្ធិទេព។ ព្រះមានព្រះភាគ ជាទេពរបស់ពួកសម្មតិទេព ឧបបត្តិទេព និងវិសុទ្ធិទេព ជាទេពដ៏ក្រៃលែងផង ជាទេពធំកន្លងជាងពួកទេពផង ជាសីហៈធំជាងសីហៈផង ជានាគធំជាងនាគផង ជាមេគណៈធំជាងមេគណៈផង ជាមុនីធំជាងមុនីផង ជាព្រះរាជាធំជាងព្រះរាជាផង។ ពាក្យថា ខ្ញុំព្រះអង្គបានឃើញព្រះអង្គជាទេវតា ក្នុងមនុស្សលោក បានន័យថា ខ្ញុំព្រះអង្គឃើញព្រះអង្គជាទេវតា គឺខ្ញុំព្រះអង្គឃើញព្រះអង្គជាទេវតាកន្លងទេវតា ឃើញ ប្រទះឃើញ រមិលឃើញ សំឡឹងមើល ពិចារណាមើល នូវព្រះអង្គជាទេពធំជាងពួកទេព ហេតុនោះ លោកពោលថា ខ្ញុំព្រះអង្គបានឃើញព្រះអង្គជាទេវតា ក្នុងមនុស្សលោក។

[២១១] អធិប្បាយពាក្យថា ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍កំពុងប្រព្រឹត្ត ត្រង់ពាក្យថា ព្រះអង្គមិនមានកង្វល់ បានដល់ កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត កង្វល់ទាំងនុ៎ះ ព្រះពុទ្ធមានព្រះភាគ ទ្រង់លះបង់ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យនៅតែទីកើតដូចដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជារបស់មានសភាពមិនកើតតទៅទៀត ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានកង្វល់។ ពាក្យថា ជាព្រាហ្មណ៍ គឺព្រះមានព្រះភាគ ឈ្មោះថា ព្រាហ្មណ៍ ព្រោះទ្រង់បន្សាត់ចោលធម៌ ៧ គឺបន្សាត់សក្កាយទិដ្ឋិ បន្សាត់វិចិកិច្ឆា បន្សាត់សីលព្វតបរាមាសៈ បន្សាត់រាគៈ បន្សាត់ទោសៈ បន្សាត់មោហៈ បន្សាត់មានះ ទាំងអកុសលធម៌ដ៏លាមកទាំងឡាយ ច្រឡូកច្រឡំដោយសេចក្តីសៅហ្មង នាំឲ្យកើតក្នុងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវ៉ាយ មានទុក្ខជាផល ជាទីតាំងនៃជាតិ ជរា និងមរណៈទៅខាងមុខ ព្រះអង្គបន្សាត់ចោលហើយ។

ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ ព្រះមានព្រះភាគ បន្សាត់បង់នូវបាបទាំងពួង ទ្រង់មិនមានមន្ទិល មានព្រះទ័យតំកល់ដោយប្រពៃ មានព្រះទ័យនឹងនួន ព្រះមានព្រះភាគនោះ ព្រះអង្គបរិបូណ៌ដោយគុណគ្រប់យ៉ាង កន្លងបង់នូវសំសារ មិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ទ្រង់មិនញាប់ញ័រ (ដោយលោកធម៌) ទើបលោកហៅថា ព្រាហ្មណ៍។

ពាក្យថា កំពុងប្រព្រឹត្ត គឺកំពុងត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ទៅប្រព្រឹត្ត ទៅ រក្សា យាត្រា យាត្រាទៅ ហេតុនោះ (លោកពោលថា) ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍កំពុងប្រព្រឹត្ត។

[២១២] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គសូមនមស្ការព្រះអង្គ ត្រង់ពាក្យថា ព្រះអង្គ គឺលោកហៅព្រះមានព្រះភាគ។ ពាក្យថា សូមនមស្ការ គឺសូមនមស្ការដោយកាយក្តី សូមនមស្ការដោយវាចារក្តី សូមនមស្ការដោយចិត្តក្តី សូមនមស្ការដោយសេចក្តីប្រតិបត្តិដែលមានប្រយោជន៍ជាលំដាប់ៗ ក្តី សូមនមស្ការ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជា ដោយធម្មានុធម្មប្បដិបតិ្តក្តី។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ ដល់ ដល់ព្រម មកដល់ មកដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ប្រកបហើយដោយសព្វញ្ញុតញ្ញាណនោះ។

វត្ថុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគមិនឃើញ ឬមិនដឹង មិនគប្បីដឹង មិនមានទេ ព្រះតថាគត ទង់ជ្រាបច្បាស់នូវវត្ថុទាំងអស់ដែលគួរជ្រាប ហេតុនោះ ព្រះតថាគត ឈ្មោះថា សមន្តចក្ខុ។

ហេតុនោះ (លោកពោលថា) បពិតព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ។

[២១៣] អធិប្បាយពាក្យថា បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ ត្រង់ពាក្យថា បពិត្រព្រះអង្គជាសក្កៈ សេចក្តីថា ព្រះមានព្រះភាគ ចេញចាកសក្យត្រកូល ហើយទ្រង់បព្វជ្ជា ហេតុនោះ ទើបទ្រង់ព្រះនាមថា សក្កៈ ក៏មាន។ មួយទៀត ព្រះមានព្រះភាគ ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ហេតុនោះ ទើបទ្រង់ព្រះនាមថា សក្កៈ ក៏មាន។ ទ្រព្យទាំងនោះរបស់ព្រះអង្គ គឺ ទ្រព្យសទ្ធា ទ្រព្យសីល ទ្រព្យហិរិ ទ្រព្យឱត្តប្បៈ ទ្រព្យសុត្តៈ ទ្រព្យចាគៈ ទ្រព្យបញ្ញា ទ្រព្យសតិប្បដ្ឋាន ទ្រព្យសមប្បធាន ទ្រព្យឥទ្ធិបាទ ទ្រព្យឥន្រ្ទិយ ទ្រព្យពលៈ ទ្រព្យពោជ្ឈង្គៈ ទ្រព្យមគ្គៈ ទ្រព្យផល ទ្រព្យព្រះនិព្វាន។ ព្រះមានព្រះភាគ ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ដោយទ្រព្យប្រសើរទាំងឡាយច្រើនប្រការនេះ ហេតុនោះទើបទ្រង់ព្រះនាមថា សក្កៈ ក៏មាន។ មួយទៀត ព្រះមានព្រះភាគ ទ្រង់អង់អាច អាចហ៊ាន ក្លាហាន មោះមុត ក្លៀវក្លា មានព្យាយាម ធ្លាប់ចូលកាន់សង្គ្រាម មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចោល លះភ័យគួរខ្លាច ទ្រង់មិនព្រឺរោម ហេតុនោះ ទើបទ្រង់ព្រះនាមថា សក្កៈ ក៏មាន។ សេចក្តីស្ទាក់ស្ទើរ លោកហៅថា សេចក្តីសង្ស័យ គឺសង្ស័យក្នុងទុក្ខ សង្ស័យក្នុងតណ្ហា ជាហេតុឲ្យកើតទុក្ខ សង្ស័យក្នុងសេចក្តីរំលត់ទុក្ខ សង្ស័យក្នុងបដិបទា ជាដំណើរទៅដើម្បីរំលត់ទុក្ខ សង្ស័យក្នុងចំណែកខាងដើម សង្ស័យក្នុងចំណែកខាងចុង សង្ស័យទាំងចំណែកខាងដើម និងខាងចុង សង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យ ព្រោះបច្ច័យនេះ គឺបានខាងការសង្ស័យ អាការនៃការសង្ស័យ ភាពនៃការសង្ស័យ ការងឿងឆ្ងល់ ការស្ទាក់ស្ទើរ ការយល់ជាពីរយ៉ាង ការបែកគំនិតជាពីរផ្លូវ ការសន្ទិះសង្ស័យ ការប្រកាន់ច្រើនចំណែក ការរសេមរសាម ការស្មុគស្មាញ ការប្រកាន់ឆ្វេង ភាពនៃចិត្តញាប់ញ័រ គំនូសនៃចិត្តមានសភាពយ៉ាងនេះ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ បានន័យថា សូមព្រះអង្គដោះខ្ញុំព្រះអង្គ សូមស្រាយខ្ញុំព្រះអង្គ សូមលែងខ្ញុំព្រះអង្គ សូមជ្រោងឡើងនូវខ្ញុំព្រះអង្គ សូមស្រង់ឡើងនូវខ្ញុំព្រះអង្គ សូមញ៉ាំងខ្ញុំព្រះអង្គឲ្យរួចផុតស្រឡះអំពីសរ គឺសេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គ ឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

ខ្ញុំព្រះអង្គ បានឃើញព្រះអង្គ ជាទេវតាក្នុងមនុស្សលោក ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍កំពុងប្រព្រឹត្ត បពិត្រព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ។

[២១៤] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលធោតកៈ តថាគត មិនអាចដើម្បីដោះអ្នកណាមួយ ក្នុងលោកនេះ ដែលមានសេចក្តីសង្ស័យបានទេ ប៉ុន្តែកាលបើអ្នកបានដឹងច្បាស់នូវធម៌ដ៏ប្រសើរយ៉ាងនេះ នឹងឆ្លងឱឃៈនេះបាន។

[២១៥] ពាក្យថា តថាគត មិនអាចដើម្បីដោះ អធិប្បាយថា តថាគត មិនអាចដោះអ្នក ស្រាយចេញ ស្រាយលែង ដោះលែង ជ្រោងឡើង ស្រង់ឡើង ឲ្យក្រោកចេញអំពីសរគឺសេចក្តីសង្ស័យបាន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដើម្បីដោះ យ៉ាងនេះខ្លះ។ មួយទៀត តថាគត មិនខ្វល់ខ្វាយ មិនខ្វល់ខ្វាយខ្លាំង មិនឧស្សាហ៍ មិនព្យាយាម មិនធ្វើឧស្សាហ៍ មិនធ្វើសេចក្តីប្រឹងប្រែង មិនធ្វើនូវសេចក្តីខ្នះខ្នែង មិនធ្វើសេចក្តីឱហាត មិនធ្វើព្យាយាម មិនញុំាងឆន្ទៈឲ្យកើត មិនឲ្យកើតព្រម មិនឲ្យដុះ មិនឲ្យដុះដាល (ដើម្បីដោះ) នូវពួកបុគ្គលមិនមានឆន្ទៈ ខ្ជិលច្រអូស ថយព្យាយាម មិនប្រតិបត្តិតាមដោយធម្មទេសនាបានទេ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដោះ យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដទៃណាមួយ ញ៉ាំងបុគ្គលដទៃឲ្យរួចបាន មិនមានទេ ត្រូវតែបុគ្គលទាំងនោះ រួចដោយសេចក្តីព្យាយាមដ៏តឹងរឹងរបស់ខ្លួន ដោយកំឡាំងរបស់ខ្លួន ដោយការព្យាយាមរបស់ខ្លួន ដោយសេចក្តីប្រឹងប្រែងរបស់ខ្លួន ដោយការព្យាយាមដ៏តឹងរឹងនៃបុរសរបស់ខ្លួន ដោយកំឡាំងបុរសរបស់ខ្លួន ដោយការព្យាយាមបុរសរបស់ខ្លួន ដោយសេចក្តីប្រឹងប្រែងបុរសរបស់ខ្លួន គឺប្រតិបត្តិនូវសម្មាបដិបទា អនុលោមប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ដោយខ្លួនឯង ទើបរួចបាន ហេតុនោះ ទ្រង់ត្រាស់ថា តថាគត មិនអាចដើម្បីដោះ យ៉ាងនេះខ្លះ។ សមដូចព្រះពុទ្ធតម្រាស់នេះដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទៈ បុគ្គលនោះ លិចចុះក្នុងភក់ខ្លួនឯង នឹងស្រង់បុគ្គលដទៃ ដែលលិចចុះក្នុងភក់បាន ហេតុនេះ មិនដែលមានទេ ម្នាលចុន្ទៈ បុគ្គលនោះ មិនបានទូន្មាន មិនបានប្រៀនប្រដៅ មិនបានរំលត់កិលេសដោយខ្លួនឯង នឹងទូន្មានប្រៀនប្រដៅបុគ្គលដទៃ ឬថាញុំាងកិលេសរបស់បុគ្គលដទៃ ឲ្យរលត់បាន ហេតុនេះ មិនដែលមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដោះ យ៉ាងនេះខ្លះ។ មួយទៀត សមដូចព្រះពុទ្ធតម្រាស់នេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា

បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង មិនធ្វើបាបដោយខ្លួនឯង រមែងស្អាតដោយខ្លួនឯង សេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិ មានចំពោះខ្លួន បុគ្គលដទៃ មិនគប្បីញុំាងបុគ្គលដទៃឲ្យស្អាតបានទេ។

ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដោះ យ៉ាងនេះខ្លះ។ មួយទៀត សមដូចព្រះពុទ្ធតម្រាស់នេះ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ព្រះនិព្វាន ក៏មាននៅស្រាប់ ទាំងផ្លូវទៅកាន់ព្រះនិព្វាន ក៏មាននៅស្រាប់ តថាគតជាអ្នកបបួល ក៏មាននៅស្រាប់ តែថា ពួកសាវ័ករបស់តថាគត ដែលតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ បានសម្រេចព្រះនិព្វានជាទីបំផុតដោយពិត ពួកខ្លះក៏មិនបានសម្រេច ម្នាលព្រាហ្មណ៍ តថាគតនឹងធ្វើដូចម្តេចក្នុងបុគ្គលពួកនេះ ម្នាលព្រាហ្មណ៍ ព្រះតថាគត ជាអ្នកប្រាប់ផ្លូវ បើគេសួរផ្លូវហើយ ទើបព្រះតថាគតប្រាប់បាន បុគ្គលកាលប្រតិបត្តិដោយខ្លួនឯង គប្បីរួចបាន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតមិនអាចដោះ យ៉ាងនេះខ្លះ។

[២១៦] ពាក្យថា ម្នាលធោតកៈ (តថាគតមិនអាចដើម្បីដោះ) អ្នកណាមួយ ក្នុងលោកនេះ ដែលមានសេចក្តីសង្ស័យបានទេ គឺបុគ្គលដែលមានសេចក្តីសង្ស័យ ប្រកបដោយសេចក្តីងឿងឆ្ងល់ មានសេចក្តីរឹងរូស មានការយល់ជាពីរផ្លូវ មានសេចក្តីស្ទាក់ស្ទើរ។ ពាក្យថា អ្នកណាមួយ គឺក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី ណាមួយ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលធោតកៈ តថាគតមិនអាចដើម្បីដោះអ្នកណាមួយក្នុងលោកនេះ ដែលមានសេចក្តីសង្ស័យបានទេ។

[២១៧] ពាក្យថា ប៉ុនែ្តកាលបើអ្នកបានដឹងច្បាស់នូវធម៌ដ៏ប្រសើរ សេចក្តីថា អមតនិព្វាន លោកហៅថា ធម៌ដ៏ប្រសើរ បានខាងការរម្ងាប់សង្ខារទាំពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់និព្វាន។ ពាក្យថា ប្រសើរ គឺធម៌ដ៏លើស ដ៏ប្រសើរ ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា។ ពាក្យថា ដឹងច្បាស់ គឺដឹងប្រាកដ យល់ច្បាស់ ជ្រាបច្បាស់ ចាក់ធ្លុះចំពោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប៉ុន្តែ កាលបើអ្នកបានដឹងច្បាស់នូវធម៌ដ៏ប្រសើរ។

[២១៨] ពាក្យថា យ៉ាងនេះ នឹងឆ្លងនូវឱឃៈនេះបាន គឺអ្នកគប្បីឆ្លង គប្បីឈានកន្លង គប្បីប្រព្រឹត្តកន្លងនូវកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) យ៉ាងនេះ នឹងឆ្លងឱឃៈនេះបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលធោតកៈ តថាគតមិនអាចដើម្បីដោះអ្នកណាមួយក្នុងលោកនេះ ដែលមានសេចក្តីសង្ស័យបានទេ ប៉ុន្តែ កាលបើអ្នកបានដឹងច្បាស់នូវធម៌ដ៏ប្រសើរ យ៉ាងនេះ នឹងឆ្លងឱឃៈនេះបាន។

[២១៩] (ធោតកៈក្រាបទូលថា) បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណា ប្រៀនប្រដៅនូវវិវេកធម៌ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ ដើម្បីកុំឲ្យខ្ញុំព្រះអង្គទើសទាក់ ដូចអាកាស ជាបុគ្គលស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រពឹ្រត្តក្នុងទីនេះឯង។

[២២០] ពាក្យថា បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គប្រៀនប្រដៅ នៃបទថា បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណា ប្រៀនប្រដៅ គឺបពិត្រព្រហ្ម សូមព្រះអង្គប្រៀនប្រដៅ បពិត្រព្រហ្ម សូមព្រះអង្គអនុគ្រោះ បពិត្រព្រហ្ម សូមព្រះអង្គស្រោចស្រង់ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គប្រៀនប្រដៅ។ ពាក្យថា ទ្រង់ព្រះករុណា គឺទ្រង់ព្រះករុណា ទ្រង់អាណិត ទ្រង់អាសូរ ទ្រង់អនុគ្រោះ ទ្រង់ស្រោចស្រង់ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណាប្រៀនប្រដៅ។

[២២១] ពាក្យថា នូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ សេចក្តីថា អមតនិព្វាន លោកហៅថា វិវេកធម៌ បានដល់ ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់និព្វាន។ ពាក្យថា ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ គឺឲ្យខ្ញុំព្រះអង្គចេះដឹង ដឹងច្បាស់ យល់ច្បាស់ ចាក់ធ្លុះចំពោះ ហេតុនោះ (លោកពោលថា) នូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គដឹងច្បាស់។

[២២២] ពាក្យថា ដើម្បីកុំឲ្យខ្ញុំព្រះអង្គទើសទាក់ដូចអាកាស គឺឲ្យខ្ញុំព្រះអង្គមិនទើសទាល់ មិនជាប់ចំពាក់ មិនជាប់ស្អិត ដូចអាកាស មិនទើសទាល់ មិនជាប់ចំពាក់ មិនជាប់ស្អិត ដូច្នោះឯង ហេតុនោះ (លោកពោលថា) មិនទើសទាក់ ដូចអាកាស ដោយប្រាការដូច្នេះខ្លះ។ ឲ្យខ្ញុំព្រះអង្គ មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាកដូចអាកាស មិនដិតដោយល័ខ ឬដោយល្មៀត ដោយវត្ថុពណ៌ខៀវ ឬដោយវត្ថុពណ៌ហង្សបាទ ដូច្នោះឯង ហេតុនោះ (លោកពោលថា) មិនទើសទាក់ ដូចអាកាស ដោយប្រការដូច្នេះខ្លះ។ ឲ្យខ្ញុំព្រះអង្គមិនក្រោធ មិនបៀតបៀន មិនវិលវល់នៅ មិនលំបាក ដូចអាកាស មិនកំរើក មិនបៀតបៀន មិនវិលវល់នៅ មិនលំបាក ដូច្នោះឯង ហេតុនោះ (លោកពោលថា) មិនទើសទាក់ដូចអាកាស ដោយប្រការដូច្នេះខ្លះ។

[២២៣] អធិប្បាយពាក្យថា ជាបុគ្គលស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រព្រឹត្តក្នុងទីនេះឯង ត្រង់ពាក្យថា ជាបុគ្គលស្ងប់ក្នុងទីនេះឯង គឺជាអ្នកនៅក្នុងទីនេះឯង ជាអ្នកកំពុងអង្គុយក្នុងទីនេះឯង ជាអ្នកអង្គុយលើអាសនៈនេះឯង ជាអ្នកអង្គុយក្នុងបរិស័ទនេះឯង ហេតុនោះ (លោកពោលថា) ជាបុគ្គលស្ងប់ក្នុងទីនេះឯង ដោយប្រការដូច្នេះខ្លះ។ មួយទៀត ជាអ្នកមានចិត្តស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ មានចិត្តរលត់ មានចិត្តស្ងប់ស្ងាត់ ក្នុងទីនេះឯង ហេតុនោះ (លោកពោលថា) ជាអ្នកស្ងប់ក្នុងទីនេះឯង ដោយប្រការដូច្នេះខ្លះ។ ពាក្យថា មិនអាស្រ័យ សេចក្តីថា ការអាស្រ័យ ២ គឺការអាស្រ័យ គឺតណ្ហា ១ ការអាស្រ័យគឺទិដ្ឋិ ១។បេ។ នេះ ការអាស្រ័យគឺតណ្ហា។បេ។ នេះ ការអាស្រ័យគឺទិដ្ឋិ។ បុគ្គលលះបង់នូវការអាស្រ័យគឺតណ្ហា លះលែងនូវការអាស្រ័យគឺទិដ្ឋិ មិនអាស្រ័យភ្នែក មិនអាស្រ័យត្រចៀក មិនអាស្រ័យច្រមុះ មិនអាស្រ័យអណ្តាត មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន មិនអាស្រ័យ មិនផ្តេកផ្តិត មិនចូលទៅជិត មិនងប់ចុះ មិនលង់ចុះ ងាកចេញ មិនជាប់ រលាស់ចេញនូវធម៌ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ជាបុគ្គលមានចិត្តមិនសល់វល់ ហេតុនោះ (លោកពោលថា) មិនអាស្រ័យ។ ពាក្យថា ប្រព្រឹត្ត គឺនៅ ត្រាច់ទៅផ្សេង ៗ ទៅប្រព្រឹត្ត ទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោកពោលថា) ជាអ្នកស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រព្រឹត្តក្នុងទីនេះឯង។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណា ប្រៀនប្រដៅនូវវិវេកធម៌ ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ ដើម្បីកុំឲ្យខ្ញុំព្រះអង្គទើសទាក់ ដូចអាកាស ជាបុគ្គលស្ងប់ មិនអាស្រ័យនៅ (ដោយកិលេស) ប្រពឹ្រត្តក្នុងទីនេះឯង។

[២២៤] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា)

ម្នាលធោតកៈ បុគ្គលមានស្មារតី ដឹងច្បាស់នូវសន្តិបទណា ហើយគប្បីប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហា ក្នុងលោកបាន តថាគត នឹងសំដែងប្រាប់អ្នកនូវសន្តិបទនោះ ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ។

[២២៥] ពាក្យថា តថាគតនឹងសំដែងប្រាប់អ្នកនូវសន្តិបទនោះ គឺតថាគត នឹងត្រាស់ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាសនូវការស្ងប់រាគៈ ការស្ងប់ទោសៈ ការស្ងប់មោហៈ នូវការរម្ងាប់ ការស្ងប់ ការរំលត់ ការស្ងប់ស្ងាត់នៃកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ពួកកិលេសទាំងពួង ទុច្ចរិតទាំងពួង ការក្រវល់ក្រវាយទាំងពួង ការក្រហល់ក្រហាយទាំងពួង ការក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតនឹងសំដែងប្រាប់អ្នកនូវសន្តិបទនោះ។ ពាក្យថា ម្នាលធោតកៈ នៃបទថា ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលធោតកៈ គឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលធោតកៈ។

[២២៦] អធិប្បាយពាក្យថា ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ ត្រង់ពាក្យថា ចំពោះធម៌ដែលឃើញហើយ គឺចំពោះធម៌ដែលឃើញ ធម៌ដែលដឹង ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលចំរើន ធម៌ដែលកើតប្រាកដហើយថា សង្ខារទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលដឹង ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលចំរើន ធម៌ដែលប្រាកដហើយថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងពួងនោះ មានការរលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ ដោយប្រការដូច្នេះខ្លះ។ មួយទៀត តថាគតនឹងសំដែងនូវសេចក្តីទុក្ខ ក្នុងទុក្ខដែលឃើញហើយ សំដែងនូវសមុទ័យ ក្នុងសមុទ័យដែលឃើញហើយ សំដែងនូវមគ្គក្នុងមគ្គដែលឃើញហើយ សំដែងនិរោធ ក្នុងនិរោធដែលឃើញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ ដោយប្រការដូច្នេះខ្លះ។ មួយទៀត (តថាគនឹងសំដែងធម៌) ដែលឃើញច្បាស់ដោយខ្លួនឯង ដែលឲ្យផលមិនរង់ចាំកាល ដែលគួរនឹងហៅថា អ្នកចូរមកមើលចុះ ដែលគួរបង្អោនចូលមក ដែលពួកវិញ្ញូជនគប្បីដឹងចំពោះខ្លួន ចំពោះធម៌ដែលតថាគតឃើញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ ដោយប្រការដូច្នេះខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ចំពោះធម៌ដែលឃើញហើយ។ ពាក្យថា ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន គឺតថាគតនឹងសំដែងធម៌ដែលដឹងច្បាស់ចំពោះខ្លួនឯង ជាក់ច្បាស់ក្នុងខ្លួន មិនមែនដោយជឿស្តាប់បុគ្គលដទៃ មិនមែនជឿដោយអាងថាឮមកដូច្នេះ មិនមែនដោយឮតៗ គ្នា មិនមែនដោយការផ្សែផ្សំនឹងក្បួន មិនមែនដោយហេតុនៃការត្រិះរិះ មិនមែនដោយហេតុនៃការគ្នេរគ្នាន់ មិនមែនដោយការជញ្ជឹងនូវអាការៈ មិនមែនដោយហេតុដែលខ្លួនយល់ ខ្លួនពិនិត្យ ខ្លួនចូលចិត្តហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលតថាគតជាក់ច្បាស់ក្នុងខ្លួនចំពោះធម៌ដែលឃើញហើយ។

[២២៧] ពាក្យថា បុគ្គលមានស្មារតី ដឹងច្បាស់នូវសន្តិបទណា ហើយគប្បីប្រព្រឹត្ត សេចក្តីថា បុគ្គលធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យជាក់ច្បាស់នូវធម៌ណាថា សង្ខារទាំងពួងមិនទៀង។បេ។ ធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដថា ធម្មជាតណាមួយមានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានស្មារតី។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី។ ពាក្យថា ប្រព្រឹត្ត គឺប្រតិបត្តិ ប្រព្រឹត្តផ្សេង ៗ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមានស្មារតី គួរដឹងច្បាស់នូវសន្តិបទណា ហើយប្រព្រឹត្ត។

[២២៨] ពាក្យថា ឆ្លងវិសត្តិកាតណ្ហា ក្នុងលោកបាន សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានខាង តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះតណ្ហាឈ្មោះថា វិសត្តិកា ដោយអត្ថដូចម្តេច។បេ។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិផ្សាយទួទៅ ផ្សព្វផ្សាយទៅ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក។ ពាក្យថា ឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន មានន័យថា តណ្ហាណា ដែលផ្សាយទៅកាន់អារម្មណ៍ផ្សេង ៗ ក្នុងលោក បុគ្គលមានស្មារតី គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវតណ្ហាដែលផ្សាយទៅកាន់អារម្មណ៍ផ្សេងនោះ ៗ ក្នុងលោកបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ឆ្លងនូវវិសត្តិកាតណ្ហា ក្នុងលោកបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលធោតកៈ បុគ្គលមានស្មារតី ដឹងច្បាស់នូវសន្តិបទណា ហើយគប្បីប្រព្រឹត្តឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន តថាគតនឹងសំដែងប្រាប់អ្នកនូវសន្តិបទនោះ ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ។

[២២៩] (ធោតកៈ ក្រាបទូលថា)

បពិត្រព្រះមហេសី បុគ្គលមានស្មារតី ដឹងនូវសន្តិបទណា ហើយគប្បីប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន ខ្ញុំព្រះអង្គ នឹងត្រេកអរចំពោះសន្តិបទដ៏ឧត្តមនោះ។

[២៣០] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គនឹងត្រេកអរចំពោះសន្តិបទនោះ ត្រង់ពាក្យថា ចំពោះសន្តិបទនោះ គឺចំពោះព្រះពុទ្ធដីកា គន្លងព្រះពុទ្ធដីកា ទេសនា អនុសន្ធិ របស់ព្រះអង្គ។ ពាក្យថា នឹងត្រេកអរ គឺខ្ញុំព្រះអង្គនឹងត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ជ្រះថ្លា ប្រាថ្នា ស្រឡាញ់ជាប់ចិត្ត ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គនឹងត្រេកអរចំពោះសន្តិបទនោះ។ ពាក្យថា បពិត្រព្រះមហេសី … សន្តិបទដ៏ឧត្តម ត្រង់ពាក្យថា ព្រះមហេសី សេចក្តីថា ព្រះនាមថា មហេសី ព្រោះព្រះមានព្រះភាគទ្រង់រក ស្វែង ស្វះស្វែង នូវកងសីលដ៏ធំ។ ព្រះនាមថា មហេសី (ព្រោះព្រះមានព្រះភាគស្វែងរក) នូវកងសមាធិដ៏ធំ។បេ។ ព្រះពុទ្ធជាទេវតា កន្លងជាងទេវតា គង់ក្នុងទីណា ព្រះពុទ្ធជានរៈអង់អាច គង់ក្នុងទីណា។ ពាក្យថា សន្តិបទដ៏ឧត្តម សេចក្តីថា អមតនិព្វាន លោកហៅថា សន្តិបទ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន។ ពាក្យថា ដ៏ឧត្តម គឺប្រសើរ ប្រសើរបំផុត ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោកពោលថា) បពិតព្រះមហេសី … សន្តិបទដ៏ឧត្តម។

[២៣១] ពាក្យថា បុគ្គលមានស្មារតី ដឹងនូវសន្តិបទណាហើយ គប្បីប្រព្រឹត្ត គឺបុគ្គលធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដនូវធម៌ណាថា សង្ខារទាំងពួងមិនទៀង។បេ។ ធ្វើឲ្យដឹង ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដនូវធម៌ណាថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានស្មារតី។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្តត្រាច់ទៅផ្សេងៗ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោកពោលថា) មានស្មារតីដឹងនូវសន្តិបទណា ហើយគប្បីប្រព្រឹត្ត។

[២៣២] អធិប្បាយពាក្យថា ឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានខាង តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះតណ្ហាឈ្មោះថា វិសត្តិកា ដោយអត្ថដូចម្តេច។បេ។ តណ្ហាឈ្មោះវិសត្តិកា ព្រោះផ្សាយទួទៅ ផ្សព្វផ្សាយទៅ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក។ ពាក្យថា ឆ្លងនូវវិសតិ្តកាតណ្ហា ក្នុងលោកបាន សេចក្តីថា តណ្ហាឈ្មោះ វិសត្តិកាណា ក្នុងលោក បុគ្គលមានស្មារតី គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវតណ្ហាឈ្មោះវិសត្តិកានោះ ក្នុងលោកបាន ហេតុនោះ (លោកពោលថា) ឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បពិត្រព្រះមហេសី បុគ្គលមានស្មារតី ដឹងនូវសន្តិបទណា ហើយគប្បីប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន ខ្ញុំព្រះអង្គនឹងត្រេកអរចំពោះសន្តិបទដ៏ឧត្តមនោះ។

[២៣៣] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា)

ម្នាលធោតកៈ បើអ្នកដឹងច្បាស់នូវអារម្មណ៍ណាមួយក្នុងចំណែកខាងលើ ក្នុងចំណែកខាងក្រោម និងក្នុងចំណែកទទឹង គឺកណ្តាល លុះអ្នកបានដឹងនូវអារម្មណ៍នុ៎ះ ថាជាគ្រឿងជាប់នៅក្នុងលោកយ៉ាងនេះហើយ អ្នកកុំធ្វើនូវចំណង់ក្នុងភពតូចភពធំឡើយ។

[២៣៤] ពាក្យថា បើអ្នកដឹងច្បាស់នូវអារម្មណ៍ណាមួយ គឺបើអ្នកដឹងច្បាស់ យល់ច្បាស់ យល់ជាក់ ជ្រាបច្បាស់នូវអារម្មណ៍ណាមួយ ហេតុនោះ (ទ្រង់ត្រាស់ថា) បើអ្នកដឹងច្បាស់នូវអារម្មណ៍ណាមួយ។ ពាក្យថា ម្នាលធោតកៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលធោតកៈ គឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលធោតកៈ។

[២៣៥] ពាក្យថា ខាងលើ ខាងក្រោម និងទទឹង គឺកណ្តាល សេចក្តីថា អនាគត លោកហៅថា ខាងលើ អតីត លោកហៅថា ខាងក្រោម បច្ចុប្បន្ន លោកហៅថា ទទឹងគឺកណ្តាល។ មួយទៀត សុខវេទនា លោកហៅថា ខាងលើ ទុក្ខវេទនា លោកហៅថា ខាងក្រោម អទុក្ខមសុខវេទនា លោកហៅថា ទទឹងគឺកណ្តាល។ ពួកកុសលធម៌ លោកហៅថា ខាងលើ ពួកអកុសលធម៌ លោកហៅថា ខាងក្រោម ពួកធម៌អព្យាក្រិត លោកហៅថា ទទឹងគឺកណ្តាល។ ទេវលោក លោកហៅថា ខាងលើ អបាយលោក លោកហៅថា ខាងក្រោម មនុស្សលោក លោកហៅថា ទទឹងគឺកណ្តាល។ អរូបធាតុ លោកហៅថា ខាងលើ កាមធាតុ លោកហៅថា ខាងក្រោម រូបធាតុ លោកហៅថាទទឹងគឺកណ្តាល។ តាំងអំពីផ្ទៃបាតជើងឡើងមក ហៅថា ខាងលើ តាំងអំពីចុងសក់ចុះទៅ ហៅថា ខាងក្រោម ត្រង់ទីពាក់កណ្តាលខ្លួន ហៅថា ទទឹងគឺកណ្តាល ហេតុនោះ (ទ្រង់ត្រាស់ថា) ខាងលើ ខាងក្រោម ទទឹងគឺកណ្តាល។

[២៣៦] ពាក្យថា លុះអ្នកបានដឹងនូវអារម្មណ៍នុ៎ះ ថាជាគ្រឿងជាប់នៅក្នុងលោក គឺបុគ្គលដឹង យល់ ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដថា នុ៎ះការជាប់ នុ៎ះការចំពាក់ នុ៎ះចំណង នុ៎ះកង្វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះអ្នកបានដឹងនូវអារម្មណ៍នុ៎ះ ថាជាគ្រឿងជាប់នៅក្នុងលោក។

[២៣៧] ពាក្យថា អ្នកកុំធ្វើនូវចំណង់ក្នុងភពតូចភពធំឡើយ គឺចំណង់ក្នុងរូប ចំណង់ក្នុងសំឡេង ចំណង់ក្នុងក្លិន ចំណង់ក្នុងរស ចំណង់ក្នុងផ្សព្វ ចំណង់ក្នុងធម្មារម្មណ៍។ ពាក្យថា ក្នុងភពតូចភពធំ គឺអ្នកកុំធ្វើ កុំបង្កើត កុំបង្កើតព្រម កុំបង្កើតប្រាកដ កុំបង្កើតឡើង ចំពោះ គឺថា លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពតទៅនូវចំណង់ក្នុងភពតូចភពធំ គឺកម្មភព បុនព្ភព គឺថា ក្នុងកាមភព កម្មភព ក្នុងកាមភព បុនព្ភព ក្នុងរូបភព កម្មភព ក្នុងរូបភព បុនព្ភព ក្នុងអរូបភព កម្មភព ក្នុងអរូបភព បុនព្ភព គឺក្នុងកំណើតរឿយ ៗ ក្នុងដំណើររឿយ ៗ ក្នុងការកើតរឿយ ៗ ក្នុងបដិសន្ធិរឿយ ៗ ក្នុងការបាននូវអត្តភាពរឿយ ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកកុំធ្វើនូវចំណង់ក្នុងភពតូចភពធំឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ម្នាលធោតកៈ បើអ្នកដឹងច្បាស់នូវអារម្មណ៍ណាមួយក្នុងចំណែកខាងលើ ក្នុងចំណែកខាងក្រោម និងក្នុងចំណែកទទឹង គឺកណ្តាល លុះអ្នកបានដឹងនូវអារម្មណ៍នុ៎ះ ថាជាគ្រឿងជាប់នៅក្នុងលោកយ៉ាងនេះហើយ អ្នកកុំធ្វើនូវចំណង់ក្នុងភពតូចភពធំឡើយ។

លុះចប់គាថាហើយ។បេ។ (ធោតកៈ ក៏ប្រកាសខ្លួនថា) បពិត្រព្រះអង្គដ៏ចំរើនព្រះមានព្រះភាគ ជាព្រះសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ ធោតកមាណវកប្បញ្ហានិទ្ទេស ទី៥។

ឧបសីវមាណវកប្បញ្ហានិទ្ទេស ទី៦

(៦. ឧបសីវមាណវបុច្ឆា)

[២៣៨] (ឧបសីវៈមានអាយុ ទូលសួរដូច្នេះថា)

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង មិនបានអាស្រ័យបុគ្គល ឬធម៌ ទើបមិនអាចឆ្លងអន្លង់ដ៏ធំបាន បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គសំដែងនូវអារម្មណ៍ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយឆ្លងនូវអន្លង់នេះបាន។

[២៣៩] អធិប្បាយពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង … អន្លង់ធំបាន ត្រង់ពាក្យថា ម្នាក់ឯង គឺបុគ្គលជាគំរប់ពីរនឹងខ្ញុំ មិនមាន ឬធម៌ជាគំរប់ពីរនឹងខ្ញុំ មិនមាន ដែលជាបុគ្គល ឬជាធម៌ដែលខ្ញុំព្រះអង្គអាស្រ័យហើយ គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺអវិជ្ជាដ៏ធំបាន ហេតុនោះ (លោកពោលថា) ម្នាក់ឯង។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមានព្រះភាគ ទ្រង់ព្រះនាមថា សក្កៈ។ ព្រះមានព្រះភាគ ទ្រង់ព្រះនាម សក្កៈ ព្រោះទ្រង់ចេញចាកសក្យត្រកូល ហើយបព្វជ្ជា ក៏បាន។ មួយទៀត ទ្រង់ព្រះនាមសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ក៏បាន។ ទ្រព្យទាំងឡាយនេះ របស់ព្រះមានព្រះភាគនោះ គឺទ្រព្យសទ្ធា ទ្រព្យសីល ទ្រព្យហិរិ ទ្រព្យឱត្តប្បៈ ទ្រព្យសុតៈ ទ្រព្យចាគៈ ទ្រព្យបញ្ញា ទ្រព្យសតិប្បដ្ឋាន។បេ។ ទ្រព្យគឺនិព្វាន។ ព្រះនាមថាសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ដោយធនរតន៍ទាំងនេះ ច្រើនប្រការ ក៏បាន។ ឬថា ព្រះនាមថាសក្កៈ ព្រោះព្រះមានព្រះភាគ ទ្រង់អង់អាច អាចហ៊ាន ក្លាហាន មោះមុត ក្លៀវក្លា មានព្យាយាម ធ្លាប់ចូលកាន់សង្រ្គាម មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចោល លះភ័យគួរខ្លាច មិនព្រឺរោម ក៏បាន ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង … អន្លង់ធំក៏បាន។ ពាក្យថា ដូច្នេះ នៃបទថា ឧបសីវៈមានអាយុ ទូលសួរដូច្នេះ គឺជាពាក្យតភ្ជាប់។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា ឧបសីវៈ គឺជានាមរបស់ព្រាហ្មណ៍នោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) ឧបសីវៈមានអាយុ ទូលសួរដូច្នេះ។

[២៤០] ពាក្យថា ខ្ញុំព្រះអង្គមិនបានអាស្រ័យ (បុគ្គល ឬធម៌) ទើបមិនអាចឆ្លង ត្រង់ពាក្យថា មិនបានអាស្រ័យ គឺមិនបានអាស្រ័យបុគ្គល ឬមិនបានអាស្រ័យធម៌។ ពាក្យថា មិនអាច គឺមិនអាច មិនហ៊ាន មិនប្រតិពល។ ពាក្យថា ឆ្លង គឺរម្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម8) អន្លង់គឺភព9) អន្លង់គឺទិដ្ឋិ10) អន្លង់គឺអវិជ្ជា11) ដ៏ធំ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គមិនបានអាស្រ័យ (បុគ្គល ឬធម៌) ទើបមិនអាចឆ្លង។

[២៤១] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គសំដែងអារម្មណ៍ ត្រង់ពាក្យថា សូមព្រះអង្គសំដែងអារម្មណ៍ គឺសូមព្រះអង្គពោល ប្រាប់ បង្ហាញ បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាសនូវសភាពត្រេកអរ ជាទីតោង ជាទីអាស្រ័យ ជាទីពឹងផ្អែក ហេតុនោះ (លោកពោលថា) សូមព្រះអង្គសំដែងអារម្មណ៍។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ ដល់ ដល់ព្រម មកដល់ មកដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ប្រកបហើយ ដោយសព្វញ្ញុតញ្ញាណនោះ។

អ្វីមួយក្នុងលោក ដែលព្រះតថាគតនោះមិនឃើញ មិនជ្រាប ឬមិនគប្បីជ្រាប មិនមានទេ របស់ណាដែលគួរដឹង ព្រះតថាគត ទ្រង់ជ្រាបរបស់ទាំងអស់នោះ ហេតុនោះ ព្រះតថាគត ទ្រង់ព្រះនាមថា សមន្តចក្ខុ។

ហេតុនោះ (ទើបមានពាក្យថា) បពិត្រព្រះអង្គ ជាសមន្តចក្ខុ សូមព្រះអង្គសំដែងអារម្មណ៍។

[២៤២] ពាក្យថា ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយគប្បីឆ្លងអន្លង់នេះបាន ត្រង់ពាក្យថា ដែលនាំឲ្យអាស្រ័យ គឺអាស្រ័យបុគ្គល ឬអាស្រ័យធម៌។ ពាក្យថា គប្បីឆ្លងអន្លង់នេះបាន គឺគប្បីឆ្លង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺអវិជ្ជាដ៏ធំ ហេតុនោះ (លោកពោលថា) ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយឆ្លងអន្លង់នេះបាន។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង មិនបានអាស្រ័យ (បុគ្គល ឬធម៌) ទើបមិនអាចឆ្លងនូវអន្លង់ដ៏ធំបាន បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គសំដែងអារម្មណ៍ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយឆ្លងអន្លង់នេះ។

[២៤៣] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលឧបសីវៈ អ្នកចូរមានស្មារតី សំឡឹងអាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ដោយបរិកម្មថា មិនមានៗ ហើយឆ្លងអន្លង់ចុះ អ្នកចូរលះបង់កាមទាំងឡាយ ហើយវៀរចាកកថាទាំងឡាយចេញ ហើយសំឡឹងនូវការអស់តណ្ហា ទាំងយប់ទាំងថ្ងៃ។

[២៤៤] ពាក្យថា អ្នកចូរមានស្មារតី សំឡឹងអាកិញ្ចញ្ញាយតនជ្ឈាន អធិប្បាយថា ព្រាហ្មណ៍នោះ បានអាកិញ្ចញ្ញាយតនសមាបត្តិតាមប្រក្រតី តែមិនដឹងការអាស្រ័យថា អាកិញ្ចញ្ញាយតនសមាបត្តិនេះ ជាទីអាស្រ័យរបស់អាត្មាទេ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់ទីអាស្រ័យផង ទ្រង់ប្រាប់ផ្លូវជាទីស្រោចស្រង់តទៅទៀតផង ដល់ព្រាហ្មណ៍នោះថា អ្នកចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ ហើយចេញអំពីសមាបត្តិនោះ ហើយពិចារណាធម៌គឺចិត្ត និងចេតសិកទាំងឡាយ ដែលកើតហើយក្នុងសមាបត្តិនោះ ដោយសភាពថាមិនទៀង ពិចារណាមើល រំពឹងមើល សំឡឹងមើល រមិលមើល ដោយសភាពថាជាទុក្ខ ជារោគ ជាបូស ជាសរ ជាអន្តរាយ ជាជម្ងឺ ជារបស់អ្នកដទៃ ជារបស់វិនាស ជាចង្រៃ ជាឧបទ្រព ជារបស់មិនគួរប្រាថ្នា ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់ពុករលួយ ជារបស់មិនឋិតថេរ ជារបស់ឥតទីពឹងផ្អែក ជារបស់ឥតទីពួន ជារបស់ឥតទីរឭក ជារបស់ឥតទីពំនឹង ជារបស់ឥតអំពើ ជារបស់ទទេ ជារបស់សូន្យ មិនមែនជារបស់ខ្លួន ជាទោស ជាសភាវៈប្រែប្រួល ជារបស់ឥតខ្លឹម ជារបស់ជាទីតាំងនៃទោស ជារបស់ប្រាសចាកសេចក្តីចំរើន ជារបស់ប្រកបដោយអាសវៈ ជាអ្នកសម្លាប់ ជាទីតាក់តែង ជានុយរបស់មារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានសោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ជាធម្មតា ជារបស់មានធម៌ជាគ្រឿងប្រជុំកើតជាធម្មតា ជារបស់ដល់នូវការវិនាសជាធម្មតា ជារបស់មិនមានអានិសង្ស ជារបស់មានទោស មិនជាទីរលាស់ចេញជាធម្មតា។ ពាក្យថា មានស្មារតី សេចក្តីថា ស្មារតី ការរឭករឿយៗ ការរឭកចំពោះ។បេ។ ការរឭកប្រពៃណា នេះ ហៅថា ស្មារតី។ បុគ្គលណា ដល់ ដល់ព្រម ចូលទៅដល់ ចូលទៅដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ប្រកបហើយដោយស្មារតីនេះ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរមានស្មារតី សំឡឹងអាកិញ្ចញ្ញាយតនជ្ឈាន។ ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ គឺព្រះមានព្រះភាគ ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យច្បាស់លាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។

[២៤៥] ពាក្យថា អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ដោយបរិកម្មថា មិនមាន ៗ ហើយឆ្លងអន្លង់ចុះ បានដល់ គឺអាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ ចុះអាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន តើព្រោះហេតុអ្វី។ បុគ្គលមានស្មារតី ចូលវិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីសមាបត្តិនោះហើយ មិនចំរើន មិនអប់រំ ធ្វើឲ្យវិនាស នូវវិញ្ញាណនោះឯង ទើបឃើញថា វត្ថុតិចតួចមិនមាន ព្រោះហេតុនោះ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ អ្នកចូរអាស្រ័យ អាស្រ័យស៊ប់នូវអាកិញ្ចញ្ញាយតនសមាបត្តិនោះ ហើយធ្វើឲ្យជាអារម្មណ៍ ឲ្យជាទីតោង ហើយឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺអវិជ្ជា ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យ (អាកិញ្ចញ្ញាយតនសមាបត្តិ) ដោយបរិកម្មថា មិនមាន ៗ ហើយឆ្លងអន្លង់ចុះ។

[២៤៦] អធិប្បាយពាក្យថា អ្នកចូរលះបង់កាមទាំងឡាយ ហើយវៀរចាកកថាទាំងឡាយចេញ បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ លោកហៅថា វត្ថុកាម។បេ។ នេះ លោកហៅថា កិលេសកាម។ ពាក្យថា អ្នកចូរលះបង់កាមទាំងឡាយ គឺអ្នកចូរកំណត់ដឹងវត្ថុកាម ហើយលះបង់ បោះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពតទៅ នូវកិលេសកាមទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរលះបង់កាមទាំងឡាយ។ ពាក្យថា វៀរចាកកថាទាំងឡាយ សេចក្តីថា វិចិកិច្ឆា លោកហៅថា កថង្កថា។ សេចក្តីងឿងឆ្ងល់ក្នុងទុក្ខ។បេ។ ភាពនៃចិត្តញាប់ញ័រ ការរសេមរសាមនៃចិត្ត។ បុគ្គលវៀរ វៀរស្រឡះ លះបង់ ចេញផុត លះលែង រួចស្រឡះ ប្រាសចេញចាកសេចក្តីសង្ស័យ ជាអ្នកមានចិត្តមិនសល់វ៉ល់ បុគ្គលវៀរចាកកថាទាំងឡាយ ដោយប្រការដូច្នេះ ក៏បាន។ មួយទៀត បុគ្គលវៀរ វៀរស្រឡះ លះបង់ ចេញផុត លះលែង រួចស្រឡះ ប្រាសចេញចាកតិរច្ឆានកថា ៣២ ជាបុគ្គលមានចិត្តមិនសល់វ៉ល់ បុគ្គលវៀរចាកកថាទាំងឡាយ ដោយប្រការដូច្នេះ ក៏បាន ហេតុដូច្នោះ (ទ្រង់ត្រាស់ថា) អ្នកចូរលះបង់កាមទាំងឡាយ ហើយវៀរចាកកថាទាំងឡាយចេញ។

[២៤៧] អធិប្បាយពាក្យថា សំឡឹងនូវការអស់តណ្ហាទាំងយប់ទាំងថ្ងៃ ត្រង់ពាក្យថា តណ្ហា គឺរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា យប់ គឺរាត្រី ពាក្យថា ថ្ងៃ គឺ វេលាដែលមានពន្លឺព្រះអាទិត្យប្រាកដ។ អ្នកចូរមើល មើលចំពោះ ចូរឃើញ ចូររមិលមើល ចូរសំឡឹងមើល ចូរពិចារណា នូវការអស់តណ្ហា ការអស់រាគៈ ការអស់ទោសៈ ការអស់មោហៈ ការអស់គតិ នូវការអស់ឧបបត្តិ ការអស់បដិសន្ធិ ការអស់ភព ការអស់សង្សារ ការអស់វដ្តៈ ទាំងយប់ទាំងថ្ងៃ ហេតុនោះ (ទ្រង់ត្រាស់ថា) សំឡឹងនូវការអស់តណ្ហាទាំងយប់ទាំងថ្ងៃ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) អ្នកចូរមានស្មារតីសំឡឹងអាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យអាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា មិនមាន ៗ ហើយឆ្លងអន្លង់ចុះ អ្នកចូរលះបង់កាមទាំងឡាយ ហើយវៀរចាកកថាទាំងឡាយចេញ ហើយសំឡឹងនូវការអស់តណ្ហាទាំងយប់ទាំងថ្ងៃ។

[២៤៨] (ឧបសីវៈមាណពមានអាយុ ទូលសួរដូច្នេះថា)

បុគ្គលណាមិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ។

[២៤៩] អធិប្បាយពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺសព្វទាំងអស់ គ្រប់ទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួង នេះជាពាក្យរួបរួម។ ពាក្យថា ក្នុងកាមទាំងឡាយ បើតាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង មានន័យថា បុគ្គលណា មិនមានរាគៈ ខ្ជាក់រាគៈ ខ្ជាក់ចោលរាគៈ ផុតរាគៈ លះបង់រាគៈ លះបង់ផ្តាច់រាគៈ សង្កត់សង្កិនរាគៈ ក្នុងកាមទាំងឡាយទាំងពួង ហេតុនោះ (លោកសួរថា) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង។ ពាក្យថា ដូច្នេះ នៃបទថា ឧបសីវៈមានអាយុសួរដូច្នេះ ជាពាក្យតភ្ជាប់។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា ឧបសីវៈ ជាឈ្មោះនៃព្រាហ្មណ៍នោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នុ៎ះ ហេតុនោះ (មានពាក្យថា) ឧបសីវៈមានអាយុ សួរដូច្នេះ។

[២៥០] ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្តកន្លង នូវសមាបត្តិទាំង ៦ ឰដ៏ខាងក្រោម ហើយអាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមកជិតព្រម មានចិត្តឱនចុះ មានចិត្តឱនចុះស៊ប់ កាន់អាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (លោកសួរថា) លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន។

[២៥១] ពាក្យថា ចុះចិត្តស៊ប់ ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តីថា សញ្ញាសមាបត្តិ ទាំង ៧ លោកហៅថា សញ្ញាវិមោក្ខ។ អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខដ៏ប្រសើរផង វិសេសផង ប្រសើរវិសេសផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ជាងសញ្ញាសមាបត្តិទាំងនោះ។ បុគ្គលចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ ជាកំពូលវិសេស ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ដោយអធិមុត្តវិមោក្ខ ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខនោះ មានចិត្តឱនចុះក្នុងសញ្ញាវិមោក្ខនោះ មានចិត្តជឿស៊ប់ក្នុងសញ្ញាវិមោក្ខនោះ ត្រាច់ទៅកាន់សញ្ញាវិមោក្ខនោះ ច្រើនដោយសញ្ញាវិមោក្ខនោះ ធ្ងន់ក្នុងសញ្ញាវិមោក្ខនោះ ឱនទៅកាន់សញ្ញាវិមោក្ខនោះ ទោរទៅកាន់សញ្ញាវិមោក្ខនោះ ឈមទៅកាន់សញ្ញាវិមោក្ខនោះ មានសញ្ញាវិមោក្ខនោះជាអធិបតី ហេតុនោះ (លោកសួរថា) ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ។

[២៥២] ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ ត្រង់ពាក្យថា គប្បីតាំងនៅបានដែរឬទេ គឺជាពាក្យសួរដោយសង្ស័យ សួរដោយចិត្តបែកជាចំពាមពីរ សួរដោយការយល់ច្រើនយ៉ាងថា យ៉ាងនេះទេឬ ៗ មិនមែនទេ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) គប្បីតាំងនៅបានដែរឬទេ។ ពាក្យថា ក្នុងនោះ គឺក្នុងអាកិញ្ចញ្ញាយតនៈ។ ពាក្យថា ជាអ្នកមិនឃ្លាត គឺជាអ្នកមិនបែកចេញ មិនកម្រើក មិនប្រាស មិនវិនាស មិនសាបសូន្យ។ ឬថា ជាអ្នកមិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (លោកសួរថា) បុគ្គលនោះជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បុគ្គលណាមិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ។

[២៥៣] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសីវៈ)

បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន។

[២៥៤] អធិប្បាយពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួង នេះជាពាក្យរួបរួម។ ពាក្យថា ក្នុងកាមទាំងឡាយ បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថា វត្ថុកាម។បេ។ នេះ ហៅថា កិលេសកាម។ ពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង បានសេចក្តីថា បុគ្គលណាមិនមានរាគៈ លះរាគៈ ខ្ជាក់រាគៈ លែងរាគៈ ចោលរាគៈ លះបង់រាគៈ សង្កត់សង្កិនរាគៈក្នុងកាមទាំងឡាយទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង។ ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។

[២៥៥] ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្តកន្លង នូវសមាបត្តិទាំង ៦ ខាងក្រោម ហើយអាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមកជិតព្រម ឱនចុះ ចុះស៊ប់កាន់អាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន។

[២៥៦] ពាក្យថា ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តីថា សញ្ញាសមាបត្តិទាំង ៧ ហៅថា សញ្ញាវិមោក្ខ។ អាកិញ្ចញ្ញាយតនសមាបត្តិ ជាវិមោក្ខដ៏ប្រសើរផង វិសេសផង ប្រសើរវិសេសផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ជាងសញ្ញាសមាបត្តិទាំងនោះ។ បុគ្គលចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ ជាកំពូល វិសេស ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ដោយអធិមុត្តវិមោក្ខ មានចិត្តឱនចុះក្នុងសញ្ញាវិមោក្ខនោះ ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខនោះ ត្រាច់ទៅកាន់សញ្ញាវិមោក្ខនោះ ច្រើនដោយសញ្ញាវិមោក្ខនោះ ធ្ងន់ក្នុងសញ្ញាវិមោក្ខនោះ ឱនទៅកាន់សញ្ញាវិមោក្ខនោះ ទោរទៅកាន់សញ្ញាវិមោក្ខនោះ ឈមទៅកាន់សញ្ញាវិមោក្ខនោះ មានសញ្ញាវិមោក្ខនោះជាអធិបតី ហេតុនោះ (ទ្រង់ត្រាស់ថា) ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ។

[២៥៧] ពាក្យថា បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន ត្រង់ពាក្យថា គប្បីតាំងនៅ គឺគប្បីតាំងនៅអស់ពាន់នៃកប្ប ៦០។ ពាក្យថា ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ គឺក្នុងអាកិញ្ចញ្ញាយតនៈ។ ពាក្យថា ជាអ្នកមិនឃ្លាត គឺជាអ្នកមិនបោះបង់ មិនកំរើក មិនទៅប្រាស មិនវិនាស មិនសាបសូន្យ។ ឬថា មិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន។

[២៥៨] (ឧបសីវមាណពទូលសួរថា)

បពិតព្រះអង្គជាសមន្តចក្ខុ បើបុគ្គលនោះជាអ្នកសាបសូន្យ គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯងចុះ វិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ ត្រូវកើតទៀតឬទេ។

[២៥៩] ពាក្យថា បើបុគ្គលនោះ ជាអ្នកមិនសាបសូន្យ គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ត្រង់ពាក្យថា បើបុគ្គលនោះ គប្បីតាំងនៅ គឺប្រសិនបើបុគ្គលនោះគប្បីតាំងនៅអស់ពាន់នៃកប្ប ៦០។ ពាក្យថា ក្នុងនោះ គឺក្នុងអាកិញ្ចញ្ញាយតនជ្ឈាន។ ពាក្យថា ជាអ្នកមិនសាបសូន្យ គឺជាអ្នកមិនឃ្លាត មិនកំរើក មិនទៅប្រាស មិនវិនាស មិនសាបសូន្យ ឬថា ជាអ្នកមិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (លោកសួរថា) បើបុគ្គលនោះ ជាអ្នកមិនសាបសូន្យ គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ។

[២៦០] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ … សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ ត្រង់ពាក្យថា សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ គឺសូម្បីអស់ពួកនៃឆ្នាំទាំងឡាយ នៃឆ្នាំដ៏ច្រើន នៃរយឆ្នាំដ៏ច្រើន នៃពាន់ឆ្នាំដ៏ច្រើន នៃសែនឆ្នាំដ៏ច្រើន នៃរយកប្បដ៏ច្រើន នៃពាន់កប្បដ៏ច្រើន នៃសែនកប្បដ៏ច្រើន។ ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ ហៅថា សមន្តចក្ខុ។បេ។ ព្រះតថាគត ព្រះនាមថា សមន្តចក្ខុ ដោយហេតុនោះ ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គជាសមន្តចក្ខុ… សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ។

[២៦១] ពាក្យថា បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯង ចុះវិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ ត្រូវកើតទៀតឬទេ គឺព្រះឧបសីវៈ សួរនូវការទៀងទាត់ផង ការដាច់សូន្យផង របស់បុគ្គលដែលកើតហើយក្នុងអាកិញ្ចញ្ញាយតនៈថា បុគ្គលនោះ ដល់នូវភាពជាអ្នកត្រជាក់ ក្នុងអាកិញ្ចញ្ញៈនោះឯង ជាបុគ្គលទៀង ឋិតថេរ មិនប្រែប្រួលជាធម្មតា គប្បីតាំងនៅក្នុងអាកិញ្ចញ្ញៈនោះឯង ស្មើដោយសស្សតិវត្ថុ ឬថា វិញ្ញាណរបស់បុគ្គលនោះ គប្បីឃ្លាត ដាច់សូន្យ វិនាស មិនគប្បីកើត គឺបដិសន្ធិវិញ្ញាណ មិនគប្បីកើតក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី មួយទៀត លោកសួរនូវបរិនិព្វានផង បដិសន្ធិផង របស់បុគ្គលដែលកើតហើយក្នុងអាកិញ្ចញ្ញាយតនៈថា (បុគ្គលនោះ) គប្បីបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងអាកិញ្ចញ្ញាយតនៈនោះឯង ឬថា វិញ្ញាណរបស់បុគ្គលនោះ គប្បីឃ្លាត គឺបដិសន្ធិវិញ្ញាណ គប្បីកើតទៀតក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី។ ពាក្យថា របស់បុគ្គលមានសភាពដូច្នោះ គឺរបស់បុគ្គលមានសភាពបែបនោះ ប្រហែលដូច្នោះ ទ្រង់ទ្រាយដូច្នោះ មានប្រការដូច្នោះ មានចំណែកប្រៀបដូច្នោះ កើតហើយក្នុងអាកិញ្ចញ្ញាយតនៈ ហេតុនោះ (លោកសួរថា) បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯង ចុះវិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ គប្បីកើតទៀតឬទេ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជាសមន្តចក្ខុ បើបុគ្គលនោះ ជាអ្នកមិនសាបសូន្យ គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯង ចុះវិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ ត្រូវកើតទៀតឬទេ។

[២៦២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបសីវៈ) អណ្តាតភ្លើងដែលត្រូវកំឡាំងខ្យល់ផាត់ហើយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ (ថា ទៅក្នុងទីណា) យ៉ាងណា មុនិ រួចស្រឡះហើយចាកនាមកាយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ (ថា ទៅក្នុងទីណា) ក៏យ៉ាងនោះដែរ។

[២៦៣] ពាក្យថា អណ្តាតភ្លើង ដែលត្រូវកំឡាំងខ្យល់ផាត់ហើយយ៉ាងណា សេចក្តីថា អណ្តាតនៃភ្លើង លោកហៅថា អណ្តាតភ្លើង។ ពាក្យថា ខ្យល់ គឺ ខ្យល់ទិសខាងកើត ខ្យល់ទិសខាងលិច ខ្យល់ទិសខាងជើង ខ្យល់ទិសខាងត្បូង ខ្យល់មានធូលី ខ្យល់មិនមានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់ខ្លាំងក្លា ខ្យល់កំបុតត្បូង ខ្យល់អំពីស្លាបសត្វ ខ្យល់អំពីគ្រុឌ ខ្យល់អំពីស្លឹកត្នោត ខ្យល់កើតអំពីការបក់។ ពាក្យថា ដែលត្រូវកំឡាំងខ្យល់ផាត់ហើយ គឺកំឡាំងខ្យល់ផាត់ហើយ ផាត់ឡើងហើយ បន្ទោបង់ហើយ បន្ទោបង់ចោលហើយ ញាំញីហើយ សង្កត់សង្កិនហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អណ្តាតភ្លើង ដែលត្រូវកំឡាំងខ្យល់ផាត់ហើយយ៉ាងណា។ ត្រង់ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ គឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។

[២៦៤] ពាក្យថា ដល់នូវការរលត់ មិនដល់នូវការរាប់ ត្រង់ពាក្យថា ដល់នូវការរលត់ គឺដល់នូវការបាត់ ទៅបាត់ ដល់នូវការបាត់ រលត់ រម្ងាប់ ស្ងប់រម្ងាប់។ ពាក្យថា មិនដល់នូវការរាប់ គឺមិនដល់នូវការពោល មិនដល់នូវការសំដែងឡើង មិនដល់នូវការគណនា មិនដល់នូវការបញ្ញត្តិថា (ភ្លើងនោះ) ទៅកាន់ទិសឯណោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ដល់នូវការរលត់ មិនដល់នូវការរាប់។

[២៦៥] ពាក្យថា មុនិរួចស្រឡះហើយចាកនាមកាយ ក៏យ៉ាងនោះដែរ ត្រង់ពាក្យ យ៉ាងនោះ គឺជាពាក្យញុំាងសេចក្តីឧបមាឲ្យសម្រេច។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ ប្រព្រឹត្តកន្លងនូវបណ្តាញនៃសេចក្តីជាប់ចំពាក់។ ពាក្យថា រួចស្រឡះហើយចាកនាមកាយ គឺមុនិនោះ រួចស្រឡះហើយចាកនាមកាយ ក្នុងកាលមុនដោយប្រក្រតីផង រួចស្រឡះហើយចាករូបកាយផង លះបង់ហើយដោយវិក្ខម្ភនប្បហានៈ ព្រោះប្រព្រឹត្តកន្លងនូវតទង្គប្បហានៈ អរិយមគ្គទាំង ៤ មុនិនោះ អាស្រ័យនូវភពទីបំផុតបានហើយ ឯនាមកាយ និងរូបកាយ លោកកំណត់ដឹងហើយ ព្រោះបាននូវអរិយមគ្គទាំង ៤ លោករួចហើយ រួចស្រឡះហើយ ចាកនាមកាយ និងរូបកាយ ព្រោះកំណត់ដឹងនាមកាយ និងរូបកាយ ដោយអច្ចន្តវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិរួចស្រឡះហើយចាកនាមកាយ ក៏យ៉ាងនេះដែរ។

[២៦៦] ពាក្យថា ដល់នូវការរលត់ មិនដល់ការរាប់ ត្រង់ពាក្យថា ដល់នូវការរលត់ គឺមុនិបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ បរិនិព្វានហើយដោយអនុបាទិសេសនិព្វានធាតុ។ ពាក្យថា មិនដល់នូវការរាប់ គឺមិនដល់នូវការពោល មិនដល់នូវការសំដែងឡើង មិនដល់នូវការគណនា មិនដល់នូវការបញ្ញត្តិថា ក្សត្រិយ៍ក្តី ថាព្រាហ្មណ៍ក្តី ថាវេស្សៈក្តី ថាសុទ្ទៈក្តី ថាគ្រហស្ថក្តី ថាបុព្វជិតក្តី ថាទេវតាក្តី ថាមនុស្សក្តី ថាមានរូបក្តី ថាឥតរូបក្តី ថាមានសញ្ញាក្តី ថាឥតសញ្ញាក្តី ថាមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនក្តី មុនិគប្បីដល់នូវការរាប់ ដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន សមុដ្ឋានមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដល់នូវការរលត់ មិនដល់នូវការរាប់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) អណ្តាតភ្លើងដែលត្រូវកំឡាំងខ្យល់ផាត់ហើយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ (ថាទៅក្នុងទីណា) យ៉ាងណា មុនិរួចស្រឡះហើយចាកនាមកាយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ (ថាទៅក្នុងទីណា) ក៏យ៉ាងនោះដែរ។

[២៦៧] (ឧបសីវមាណព ក្រាបទូលថា)

បុគ្គលនោះ ដល់នូវការរលត់ ឬថា បុគ្គលនោះលែងមាន ពុំនោះសោត បុគ្គលនោះមិនមានរោគ ប្រៀបដោយសស្សតិវត្ថុ បពិត្រព្រះមុនិ សូមព្រះអង្គសំដែងប្រាប់ខ្ញុំព្រះអង្គឲ្យជាក់ច្បាស់ នូវហេតុនោះ ដ្បិតថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ។

[២៦៨] ពាក្យថា បុគ្គលនោះ ដល់នូវការរលត់ ឬថា បុគ្គលនោះលែងមាន គឺបុគ្គលនោះ ដល់នូវការបាត់ ឬថាបុគ្គលនោះមិនមាន គឺថា បុគ្គលនោះរលត់ ដាច់សូន្យ វិនាសហើយ ហេតុនោះ (លោកសួរថា) បុគ្គលនោះ ដល់នូវការរលត់ ឬថា បុគ្គលនោះ លែងមាន។

[២៦៩] ពាក្យថា ពុំនោះសោត បុគ្គលនោះ មិនមានរោគ ប្រៀបដោយសស្សតិវត្ថុ គឺពុំនោះសោត បុគ្គលនោះ ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា គប្បីឋិតនៅក្នុងអាកិញ្ចញ្ញាយតនៈនោះឯង ស្មើដោយសស្សតិវត្ថុ ហេតុនោះ (លោកសួរថា) ពុំនោះសោត បុគ្គលនោះ មិនមានរោគ ប្រៀបដោយសស្សតិវត្ថុ។

[២៧០] ពាក្យថា នោះ នៃបទថា បពិត្រព្រះមុនិ សូមព្រះអង្គសំដែងប្រាប់ខ្ញុំព្រះអង្គ ឲ្យជាក់ច្បាស់នូវហេតុនោះ គឺខ្ញុំព្រះអង្គសួរនូវហេតុណា អង្វរនូវហេតុណា អារាធនានូវហេតុណា ជ្រះថ្លានូវហេតុណា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថាមោនៈ។បេ។ មុនិនុ៎ះ ប្រព្រឹត្តកន្លងនូវបណ្តាញ គឺសេចក្តីជាប់ចំពាក់។ ពាក្យថា សូមព្រះអង្គសំដែងឲ្យជាក់ច្បាស់ គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមុនិ សូមព្រះអង្គសំដែងប្រាប់ខ្ញុំព្រះអង្គឲ្យជាក់ច្បាស់នូវហេតុនោះ។

[២៧១] ពាក្យថា ដ្បិតថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ គឺព្រោះថា ធម៌នុ៎ះ ព្រះអង្គជ្រាប យល់ ថ្លឹង ពិចារណា ចំរើន ធ្វើឲ្យប្រាកដហើយ ហេតុនោះ (លោកសួរថា) ដ្បិតថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បុគ្គលនោះដល់នូវការរលត់ ឬថា បុគ្គលនោះលែងមាន ពុំនោះសោត (បុគ្គលនោះ) មិនមានរោគប្រៀបដោយសស្សតិវត្ថុ បពិត្រព្រះមុនិ សូមព្រះអង្គសំដែងប្រាប់ខ្ញុំព្រះអង្គឲ្យជាក់ច្បាស់ នូវហេតុនោះ ដ្បិតថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ។

[២៧២] (ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ)

បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ បុគ្គលទាំងឡាយ ពោលចំពោះបុគ្គលនោះដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានឡើយ កាលបើធម៌ទាំងពួង បុគ្គលគាស់រំលើងអស់ហើយ សូម្បីគន្លងនៃវាទៈទាំងពួង ក៏បុគ្គលនោះ គាស់រំលើងហើយដែរ។

[២៧៣] ពាក្យថា បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ សេចក្តីថា បុគ្គលដែលរលត់ហើយ គឺដែលបរិនិព្វានហើយដោយអនុបាទិសេសនិព្វានធាតុ ប្រមាណគឺរូបមិនមាន ប្រមាណគឺវេទនាមិនមាន ប្រមាណ គឺសញ្ញាមិនមាន ប្រមាណ គឺសង្ខារមិនមាន ប្រមាណ គឺវិញ្ញាណមិនមាន មិនមានសោះ ដែលមិនបាន គឺលោកលះបង់ហើយ លះបង់ផ្តាច់ហើយ រម្ងាប់ហើយ ស្ងប់រម្ងាប់ហើយ ធ្វើមិនគួរឲ្យកើតឡើងបានដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ។ ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈគឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។

[២៧៤] ពាក្យថា បុគ្គលទាំងឡាយ ពោលចំពោះបុគ្គលនោះ ដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានឡើយ អធិប្បាយថា បុគ្គលទាំងឡាយ គប្បីពោលដោយរាគៈណា ពោលដោយទោសៈណា ពោលដោយមោហៈណា ពោលដោយមានះណា ពោលដោយទិដ្ឋិណា ពោលដោយឧទ្ធច្ចៈណា ពោលដោយវិចិកិច្ឆាណា ពោលដោយអនុស័យណា ថា បុគ្គលនេះជាអ្នកត្រេកអរ ឬជាអ្នកប្រទូស្ត ជាអ្នកវង្វេង ឬជាអ្នកជាប់ចំពាក់ ជាអ្នកស្ទាបអង្អែល ឬជាអ្នកដល់នូវការរាយមាយ ជាអ្នកដល់នូវការមិនសម្រេច ឬជាអ្នកដល់នូវកំឡាំង អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ព្រោះលះបង់អភិសង្ខារទាំងឡាយហើយ ជនទាំងឡាយ គប្បីពោលដោយហេតុណា តាមគតិថា បុគ្គលនោះជាសត្វនរក ឬជាអ្នកយកកំណើតជាតិរច្ឆាន ជាបិត្តិវិស័យ ជាមនុស្ស ទេវតា ជារបស់មានរូប ឥតរូប មានសញ្ញា ឥតសញ្ញា ឬថាជាសត្វមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន បុគ្គលគប្បីពោល និយាយ ហៅ ដោយហេតុណាហេតុនោះមិនមាន បច្ច័យមិនមាន សមុដ្ឋានមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយ ពោលនូវបុគ្គលនោះ ដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានទេ។

[២៧៥] ពាក្យថា កាលបើធម៌ទាំងពួង បុគ្គលនោះគាស់រំលើងអស់ហើយ គឺកាលបើធម៌ទាំងអស់ ខន្ធទាំងអស់ អាយតនៈទាំងអស់ ធាតុទាំងអស់ គតិទាំងអស់ ឧបបត្តិទាំងអស់ បដិសន្ធិទាំងអស់ ភពទាំងអស់ សំសារទាំងអស់ វដ្តៈទាំងអស់ បុគ្គលនោះ គាស់ គាស់រំលើង រើ រើឡើង បោចរោច បោចរោចឡើង លះបង់ ក្របែល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើធម៌ទាំងពួង បុគ្គលនោះ គាស់រំលើងអស់ហើយ។

[២៧៦] ពាក្យថា សូម្បីគន្លងនៃវាទៈទាំងពួង បុគ្គលនោះ គាស់រំលើងអស់ហើយដែរ សេចក្តីថា កិលេស ខន្ធ និងអភិសង្ខារទាំងឡាយ លោកហៅថា គន្លងនៃវាទៈ។ វាទៈ គន្លងនៃវាទៈ ឈ្មោះ គន្លងនៃឈ្មោះ សំដី គន្លងនៃសំដី បញ្ញត្តិ និងគន្លងនៃបញ្ញត្តិទាំងឡាយ បុគ្គលនោះគាស់រំលើង គាស់រំលើងឡើង រើ រើឡើង បោចរោច បោចរោចឡើង លះបង់ ក្របែល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សូម្បីគន្លងនៃវាទៈទាំងពួង បុគ្គលនោះ គាស់រំលើងអស់ហើយដែរ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ បុគ្គលទាំងឡាយ ពោលចំពោះបុគ្គលនោះដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានឡើយ កាលបើធម៌ទាំងពួង បុគ្គលនោះ គាស់រំលើងហើយ សូម្បីគន្លងនៃវាទៈទាំងពួង ក៏បុគ្គលនោះ គាស់រំលើងហើយដែរ។

លុះចប់គាថាហើយ។បេ។ (ឧបសីវមាណព ប្រកាសខ្លួន) ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាព្រះសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ ឧបសីវមាណវកប្បញ្ហានិទ្ទេស ទី៦។

នន្ទមាណវកប្បញ្ហានិទ្ទេស ទី៧

(៧. នន្ទមាណវបុច្ឆា)

[២៧៧] (នន្ទៈមានអាយុ ទួលសួរដូច្នេះថា) ជនទាំងឡាយ តែងពោលថា ពួកមុនិ រមែងមានក្នុងលោក ដំណើរនោះ តើយ៉ាងណា ជនទាំងឡាយ តែងហៅបុគ្គលដែលប្រកបដោយញាណ ថាជាមុនិឬ ឬក៏ហៅបុគ្គលដែលប្រកបដោយការចិញ្ចឹមជីវិត (ថាជាមុនិ)។

[២៧៨] ពាក្យថា ពួកមុនិរមែងមានក្នុងលោក ត្រង់ពាក្យថា រមែងមាន គឺរមែងមាន មានព្រម កើតមាន។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក។ ពាក្យថា ពួកមុនិ គឺពួកអាជីវក និគ្រន្ថ ជដិល តាបស មានឈ្មោះថា មុនិ ហេតុនោះ (លោកសួរថា) ពួកមុនិ រមែងមានក្នុងលោក។ ពាក្យថា ដូច្នេះ របស់បទថា នន្ទៈមានអាយុទូលសួរដូច្នេះ គឺជាតំណបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) នន្ទៈមានអាយុ ទូលសួរដូច្នេះ។

[២៧៩] ពាក្យថា ជនទាំងឡាយតែងពោល ដំណើរនោះតើយ៉ាងណា ត្រង់ពាក្យថា ជនទាំងឡាយ បានដល់ក្សត្រ ព្រាហ្មណ៍ វេស្សៈ សូទ្រៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ពោល គឺសំដែង ពណ៌នា បំភ្លឺ ថ្លែង។ ពាក្យថា ដំណើរនោះតើយ៉ាងណា គឺការសួរដោយសង្ស័យ សួរដោយសេចក្តីងឿងឆ្ងល់ សួរដោយការព្រែកចិត្ត សួរដោយចំណែកជាអនេកថា យ៉ាងនេះឬហ្ន៎ មិនមែនទេឬហ្ន៎ ដូចម្តេចទៅហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (លោកសួរថា) ជនទាំងឡាយ តែងពោលដំណើរនោះ តើយ៉ាងណា។

[២៨០] ពាក្យថា ជនទាំឡាយ តែងហៅបុគ្គលដែលប្រកបដោយញាណ ថាជាមុនិឬ សេចក្តីថា ជនទាំងឡាយ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវបុគ្គលដែលប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយអដ្ឋសមាបត្តិញ្ញាណក្តី ដោយបញ្ចអភិញ្ញាញាណក្តី ថាជាមុនិឬ ហេតុនោះ (លោកសួរថា) ជនទាំងឡាយ តែងហៅបុគ្គលអ្នកប្រកបដោយញាណ ថាជាមុនិឬ។

[២៨១] ពាក្យថា ឬក៏ហៅបុគ្គលដែលប្រកបដោយការចិញ្ចឹមជីវិត ថាជាមុនិ សេចក្តីថា ជនទាំងឡាយ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវបុគ្គលដែលប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយការប្រកបរឿយ ៗ នូវការចិញ្ចឹមជីវិតដ៏សៅហ្មង ជាអំពើដែលបុគ្គលគប្បីធ្វើបានដោយកម្រលើសលុប មានប្រការផ្សេងៗ ជាអនេក ថាជាមុនិ ហេតុនោះ (លោកសួរថា) ឬក៏ហៅបុគ្គលប្រកបដោយការចិញ្ចឹមជីវិត ថាជាមុនិ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(នន្ទៈមានអាយុទូលសួរដូច្នេះថា) ជនទាំងឡាយ តែងពោលថា ពួកមុនិ រមែងមានក្នុងលោក ដំណើរនោះ តើយ៉ាងណា ជនទាំងឡាយ តែងហៅបុគ្គលដែលប្រកបហើយដោយញាណ ថាជាមុនិឬ ឬក៏ហៅបុគ្គលដែលប្រកបដោយការចិញ្ចឹមជីវិត ថាជាមុនិ។

[២៨២] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ មិនមែនព្រោះការឃើញ មិនមែនព្រោះការឮ មិនមែនព្រោះញាណទេ ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស ជាអ្នកមិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលនោះ ថាមុនិ។

[២៨៣] ពាក្យថា មិនមែនព្រោះការឃើញ មិនមែនព្រោះការឮ មិនមែនព្រោះញាណទេ ត្រង់ពាក្យថា មិនមែនព្រោះការឃើញ គឺមិនមែនព្រោះស្អាតដោយការឃើញ។ ពាក្យថា មិនមែនព្រោះការឮ គឺមិនមែនព្រោះស្អាតដោយការស្តាប់។ ពាក្យថា មិនមែនព្រោះញាណ គឺមិនមែនព្រោះអដ្ឋសមាបត្តិញ្ញាណផង មិនមែនព្រោះមិច្ឆាញាណផង ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមែនព្រោះការឃើញ មិនមែនព្រោះការឮ មិនមែនព្រោះញាណទេ។

[២៨៤] អធិប្បាយពាក្យថា ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ ត្រង់ពាក្យថា អ្នកឈ្លាសវៃទាំងឡាយ បានដល់ ពួកបុគ្គលណា ជាអ្នកឈ្លាសវៃក្នុងខន្ធ អ្នកឈ្លាសវៃក្នុងធាតុ អ្នកឈ្លាសវៃក្នុងអាយតនៈ អ្នកឈ្លាសវៃក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាសវៃក្នុងសតិប្បដ្ឋាន អ្នកឈ្លាសវៃក្នុងសម្មប្បធាន អ្នកឈ្លាសវៃក្នុងឥទ្ធិបាទ អ្នកឈ្លាសវៃក្នុងឥន្ទ្រិយ អ្នកឈ្លាសវៃក្នុងពលៈ អ្នកឈ្លាសវៃក្នុងពោជ្ឈង្គ អ្នកឈ្លាសវៃក្នុងមគ្គ អ្នកឈ្លាសវៃក្នុងផល អ្នកឈ្លាសវៃក្នុងនិព្វាន បុគ្គលអ្នកឈ្លាសវៃទាំងឡាយនោះ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែង នូវបុគ្គលដែលប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយការស្អាតព្រោះការឃើញក្តី ដោយការស្អាតព្រោះការឮក្តី ដោយអដ្ឋសមាបត្តិញ្ញាណក្តី ដោយមិច្ឆាញាណក្តី ថាជាមុនិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ។

[២៨៥] ពាក្យថា ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស ជាអ្នកមិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលនោះថា មុនិ អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិតជាមារសេនា មនោទុច្ចរិតជាមារសេនា រាគៈជាមារសេនា ទោសៈជាមារសេនា មោហៈជាមារសេនា កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ជាមារសេនា។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា

កាម ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ ហៅថា សេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនាទី ៣ របស់អ្នក តណ្ហា ហៅថាសេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ របស់អ្នក សេចក្តីតក់ស្លុត ហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក សេចក្តីលុបគុណ សេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ សក្ការៈ យសដែលបានខុសផង បុគ្គលលើកតំកើងខ្លួនឯងផង បង្អាប់បង្អោនអ្នកដទៃផង ម្នាលមារ នុ៎ះជាសេនារបស់អ្នក ជាកិលេស បំផ្លាញនូវបុគ្គលចិត្តខ្មៅ ឯបុគ្គលអ្នកមិនក្លៀវក្លា រមែងមិនឈ្នះនូវកិលេសនោះទេ លុះតែបុគ្គលឈ្នះហើយ ទើបបានសុខ។

កាលណាមារសេនាទាំងពួងផង កិលេសទាំងពួងផង បុគ្គលបានឈ្នះហើយ ផ្ចាញ់ហើយ បំបាត់ចោលហើយ លុបលាងចោលហើយ ក្នុងទីកំបាំងមុខ ដោយអរិយមគ្គទាំង ៤ បុគ្គលទាំងនោះ លោកពោលថា ធ្វើសេនាឲ្យវិនាស។ ពាក្យថា មិនមានទុក្ខ សេចក្តីថា រាគៈជាទុក្ខ ទោសៈជាទុក្ខ មោហៈជាទុក្ខ កោធៈជាទុក្ខ ឧបនាហៈជាទុក្ខ។បេ។ អកុសលាភិសង្ខារទាំងអស់ជាទុក្ខ។ ទុក្ខទាំងនោះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលទាំងនោះ លោកហៅថា អ្នកមិនមានទុក្ខ។ ពាក្យថា មិនមានសេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានខាងតម្រេក តម្រេកដ៏មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នាគឺតណ្ហានុ៎ះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ គ្របសង្កត់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលទាំងនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលទាំងនោះ ថាមុនិ បានសេចក្តីថា ព្រះអរហន្តខីណាស្រពទាំងឡាយណា ធ្វើសេនាឲ្យវិនាសផង មិនមានទុក្ខផង មិនមានសេចក្តីប្រាថ្នាផង ត្រាច់ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ តថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវព្រះអរហន្តខីណាស្រពទាំងនោះ ថាមុនិក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស មិនមានទុក្ខ មិនមានសេក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគត ហៅពួកបុគ្គលទាំងនោះ ថាមុនិ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ មិនមែនព្រោះការឃើញ មិនមែនព្រោះការឮ មិនមែនព្រោះញាណទេ ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស ជាអ្នកមិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលទាំងនោះ ថាមុនិ។

[២៨៦] (នន្ទៈមានអាយុ ទូលសួរដូច្នេះថា)

សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ (បពិត្រព្រះមានព្រះភាគ) អ្នកនិរទុក្ខ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួមប្រព្រឹត្តក្នុងវ័តនោះ តើបានឆ្លងផុតជាតិ និងជរាខ្លះដែរឬ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។

[២៨៧] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ត្រង់ពាក្យថា ណាមួយ គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះជាពាក្យប្រមូល។ ពាក្យថា សមណៈទាំងឡាយ គឺបុគ្គលណាមួយ ចូលកាន់បព្វជ្ជា ខាងក្រៅអំពីសាសនានេះ បួសជាបរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ទាំងឡាយ គឺបុគ្គលណាមួយ ជាភោវាទី ហេតុនោះ (លោកសួរថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ។ ពាក្យថា ដូច្នេះ របស់បទថា នន្ទៈមានអាយុទូលសួរដូច្នេះ គឺជាតំណបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ។បេ។ ជាពាក្យសំរាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) នន្ទៈមានអាយុទូលសួរដូច្នេះ។

[២៨៨] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឮក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញ ឬដែលឮក្តី ហេតុនោះ (លោកសួរថា) ពោលថា សេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ។

[២៨៩] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវ័តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវ័តក្តី ហេតុនោះ (លោកសួរថា) ពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ។

[២៩០] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវ័ត និងមង្គលភ្ញាក់ផ្អើលមានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (លោកសួរថា) ពោលនូវសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។

[២៩១] អធិប្បាយពាក្យថា (បពិត្រព្រះមានព្រះភាគ) សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងវ័តនោះ …. ដែរឬ ត្រង់ពាក្យថា ដែរឬ គឺជាសំនួរដោយសេចក្តីសង្ស័យ សំនួរដោយសេចក្តីងឿងឆ្ងល់ សំនួរដោយសេចក្តីកន្ធែកចិត្ត សំនួរដោយចំណែកជាអនេកថា យ៉ាងនេះឬហ្ន៎ មិនមែនទេឬហ្ន៎ ដូចម្តេចទៅហ្ន៎ ដោយប្រការដូចម្តេចទៅហ្ន៎ ហេតុនោះ (លោកសួរថា) ដែរឬ។ ពាក្យថា បុគ្គលទាំងនោះ បានដល់ពួកបុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា បពិត្រព្រះមានព្រះភាគ នេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ សមណព្រាហ្មណ៍ទាំងនោះ ….ដែរឬ។ ពាក្យថា ជាអ្នកសង្រួម ប្រព្រឹត្តក្នុងវត្តនោះ ត្រង់ពាក្យថា ក្នុងវត្តនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីគាប់ចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា ជាអ្នកសង្រួម គឺជាអ្នកសង្រួម សង្រួមចំពោះ គ្រប់គ្រង រក្សា រវាំង។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្តផ្សេង ៗ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោកសួរថា) (បពិត្រព្រះមានព្រះភាគ) សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងវត្តនោះ … ដែរឬ។

[២៩២] ពាក្យថា (បពិត្រព្រះអង្គ) អ្នកនិរទុក្ខ សមណព្រាហ្មណ៍ទាំងនោះ តើបានឆ្លងជាតិ និងជរា (ដែរឬ) គឺឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លងព្រម ប្រព្រឹត្តកន្លងនូវជាតិ ជរា និងមរណៈ។ ពាក្យថា អ្នកនិរទុក្ខ គឺពាក្យជាទីស្រឡាញ់ ពាក្យថា អ្នកនិរទុក្ខ នេះជាពាក្យពោលដោយគោរព កោតខ្លាច ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គអ្នកនិរទុក្ខ សមណព្រាហ្មណ៍ទាំងនោះ តើបានឆ្លងជាតិ និងជរាដែរឬ។

[២៩៣] ពាក្យថា ខ្ញុំសូមសួរព្រះអង្គ របស់បទថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គសូមសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមអង្វរព្រះអង្គ សូមអារាធនាព្រះអង្គ សូមជ្រះថ្លានឹងព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គឲ្យទាន ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គសូមសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(នន្ទៈមានអាយុ ទូលសួរដូច្នេះថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធិព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តីបរិសុទ្ធ ព្រោះវិធីច្រើនយ៉ាង ខ្លះ (បពិត្រព្រះមានព្រះភាគ) អ្នកនិរទុក្ខ សមណព្រហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងវត្តនោះ តើបានឆ្លងជាតិ និងជរាខ្លះដែរឬ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។

[២៩៤] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលនន្ទៈ)

សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធិព្រោះសីល និងវត្តខ្លះ ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងសភាវៈនោះ ក៏ពិតមែនហើយ (ប៉ុន្តែ) តថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ។

[២៩៥] ពាក្យថា ណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះ ពាក្យប្រមូល។ ពាក្យថា សមណៈ គឺបុគ្គលណាមួយ ចូលកាន់បព្វជ្ជា ខាងក្រៅអំពីសាសនានេះ បួសជាបរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលណាមួយ ជាភោវាទី ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ណាមួយនេះ។ ពាក្យថា នន្ទៈ របស់បទថា ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលនន្ទៈ គឺព្រះមានព្រះភាគហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលនន្ទៈ។

[២៩៦] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឮក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញ ឬឮក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ។

[២៩៧] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវត្តក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ។

[២៩៨] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្ត និងមង្គលភ្ញាក់ផ្អើលមានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។

[២៩៩] ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងសភាវៈនោះ ក៏ពិតមែនហើយ ត្រង់ពាក្យថា ក៏ពិតមែនហើយ គឺជាពាក្យតំណបទ ជាពាក្យទាក់ទងដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ក៏ពិតមែនហើយ នេះជាលំដាប់បទ។ ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ បានដល់បុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីគាប់ចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា ជាអ្នកសង្រួម គឺជាអ្នកសង្រួម សង្រួមចំពោះ គ្រប់គ្រង រក្សា រវាំង។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្តផ្សេងៗ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងនោះជាអ្នកសង្រួម ប្រព្រឹត្តក្នុងសភាវៈនោះ ក៏ពិតមែនហើយ។

[៣០០] ពាក្យថា ប៉ុន្តែតថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ គឺតថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងកាត់មិនបាន កន្លងមិនបាន ប្រព្រឹត្តកន្លងមិនបាន នូវជាតិ ជរា និងមរណៈ គឺថា ជាអ្នកមិនឃ្លាតចេញ មិនរលាស់ចេញ មិនកន្លង មិនប្រព្រឹត្តកន្លង ចាកជាតិ ជរា និងមរណៈ តែងនៅវិលវល់ ក្នុងខាងក្នុងនៃជាតិ ជរា និងមណៈ តែងវិលវល់ក្នុងខាងក្នុងនៃគន្លងសង្សារ ត្រូវជាតិជាប់តាមហើយ ត្រូវជរារឹតរួតហើយ ត្រូវព្យាធិសង្កត់សង្កិនហើយ ត្រូវមរណៈកំចាត់ហើយ ឥតមានទីជ្រក ឥតមានទីពួន ឥតមានទីរឭក ឥតមានបុគ្គលជាទីរឭក ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ ពោលថាសេចក្តីបរិសុទ្ធិព្រោះវិធីច្រើនយ៉ាងខ្លះ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួម ប្រព្រឹត្តក្នុងសភាវៈនោះ ក៏ពិតមែនហើយ (ប៉ុន្តែ) តថាគត ពោលថាសមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ។

[៣០១] (នន្ទៈមានអាយុពោលដូច្នេះថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ បពិត្រព្រះមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណាក្នុងទេវលោក និងមនុស្សលោក ទើបឆ្លងជាតិ និងជរាបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គទ្រង់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។

[៣០២] ពាក្យថា ណាមួយ របស់បទថា សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះជាពាក្យប្រមូល។ ពាក្យថា សមណៈ គឺបុគ្គលណាមួយ ចូលកាន់ផ្នួសខាងក្រៅអំពីសាសនានេះ បួសជាបរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលណាមួយជាភោវាទី ហេតុនោះ (លោកសួរថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ។ ពាក្យថា ដូច្នេះ របស់បទថា នន្ទៈមានអាយុពោលដូច្នេះ គឺជាតំណបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះនៃព្រាហ្មណ៍នោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) នន្ទៈមានអាយុពោលដូច្នេះ។

[៣០៣] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញ ឬឮក្តី ហេតុនោះ (លោកសួរថា) ពោលថា សេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ។

[៣០៤] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិញ្រេះសីល និងវត្តខ្លះ គឺ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវត្តក្តី ហេតុនោះ (លោកសួរថា) ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ។

[៣០៥] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ គឺ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្ត និងមង្គលភ្ញាក់ផ្អើល មានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (លោកសួរថា) ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។

[៣០៦] ពាក្យថា បពិត្រព្រះមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ ត្រង់ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ គឺពួកបុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លងនូវបណ្តាញ គឺការជាប់ចំពាក់។ ពាក្យថា បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ គឺឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងចេញមិនបាន ឆ្លងរំលងមិនបាន កន្លងមិនបាន ប្រព្រឹត្តកន្លងមិនបាន នូវឱឃៈគឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈគឺអវិជ្ជា គឺវិលវល់នៅក្នុងខាងក្នុងនៃជាតិ ជរា និងមរណៈ វិលវល់នៅក្នុងខាងក្នុងគន្លងសង្សារ ត្រូវជាតិជាប់តាមហើយ ត្រូវជរារឹតរួតហើយ ត្រូវព្យាធិសង្កត់សង្កិនហើយ ត្រូវមរណៈកំចាត់ហើយ ជាអ្នកឥតមានទីជ្រក ឥតមានទីពួន ឥតមានទីរឭក ឥតមានបុគ្គលជាទីរឭក។ ពាក្យថា ត្រាស់ គឺ ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ។

[៣០៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណាក្នុងទេវលោក និងមនុស្សលោក ទើបឆ្លងជាតិ និងជរាបាន គឺកាលបើដូច្នេះ តើនរណាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ក្នុងពួកមនុស្ស ជាសម្មតិទេព និងមនុស្សសាមញ្ញ ឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈបាន។ ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ គឺពាក្យជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ នេះជាពាក្យពោលដោយគោរព កោតខ្លាច ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន។

[៣០៨] ពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គទ្រង់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមអង្វរព្រះអង្គ សូមអារាធនាព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមទ្រង់ប្រាប់ បង្ហាញ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គទ្រង់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(នន្ទៈមានអាយុពោលដូច្នេះថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថាសេចក្តីបរិសទ្ធិព្រោះសីល និងវត្តខ្លះ ពោលថា សេចក្តីបរិសុទ្ធិព្រោះវិធីច្រើនយ៉ាងខ្លះ បពិត្រព្រះមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណា ក្នុងទេវលោក និងមនុស្សលោក ទើបឆ្លងជាតិ និងជរាបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គទ្រង់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។

[៣០៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ)

តថាគត មិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ តថាគតពោលថា ជនទាំងឡាយណា ក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។

[៣១០] ពាក្យថា (ព្រះមានព្រះភាគពោលថា ម្នាលនន្ទៈ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ សេចក្តីថា ម្នាលនន្ទៈ តថាគត មិនបានពោលថា សមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ ជរា ខ្ទប់ រាំង ហ៊ុមភ្ជិត បិទ បង្រួម ផ្កាប់ហើយ តថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ថា ជាតិក្តី ជរា និងមរណៈក្តី ដែលសមណព្រាហ្មណ៍ទាំងឡាយណា លះបង់ហើយ ផ្តាច់ឫសគល់ហើយ ធ្វើមិនឲ្យមានទីកើតដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត សមណព្រាហ្មណ៍ទាំងនោះគង់មាន ហេតុនោះ (មានពាក្យថា) (ព្រះមានព្រះភាគពោលថា ម្នាលនន្ទៈ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ។

[៣១១] ពាក្យថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី សេចក្តីថា ជនទាំងឡាយណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការមិនកើតមាននូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញទាំងអស់ ជនទាំងឡាយណា លះបង់ ផ្ដាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឮទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញ ដែលឮទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលប៉ះពាល់ទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះសីលទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះវត្តទាំងអស់ នូវសេចក្តីបរិសុទ្ធិព្រោះសីល និងវត្តទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងឡាយណា ក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី។

[៣១២] ពាក្យថា លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី គឺលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះដោយវត្ត និងមង្គលភ្ញាក់ផ្អើលមានប្រការផ្សេងៗ ជាអនេក ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី។

[៣១៣] អធិប្បាយពាក្យថា តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា កំណត់ដឹង គឺកំណត់ដឹងនូវតណ្ហាដោយបរិញ្ញា ៣ គឺ ញាតបរិញ្ញា ១ តីរណបរិញ្ញា ១ បហានបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវតណ្ហា គឺដឹងច្បាស់ ឃើញច្បាស់ថា នេះរូបតណ្ហា នេះសទ្ទតណ្ហា នេះគន្ធតណ្ហា នេះរសតណ្ហា នេះផោដ្ឋព្វតណ្ហា នេះធម្មតណ្ហាដូច្នេះ នេះញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ បុគ្គលធ្វើការដឹងយ៉ាងនេះហើយ ត្រិះរិះនូវតណ្ហាថា មិនទៀង ជាទុក្ខ ជារោគ ជាបូស។បេ។ ត្រិះរិះនូវតណ្ហាថា មិនមែនជាគ្រឿងរលាស់ចេញដូច្នេះ នេះ តិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ បុគ្គលត្រិះរិះយ៉ាងនេះហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវតណ្ហា។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគៈក្នុងតណ្ហាណា អ្នកទាំងឡាយ ចូរលះបង់ឆន្ទរាគៈនោះចេញ កាលបើធ្វើបានយ៉ាងនេះ តណ្ហានោះ ឈ្មោះថា ជាធម្មជាតិដែលអ្នកលះបង់ហើយ ផ្តាច់ឫសចោលហើយ ធ្វើមិនឲ្យមានទីកើតដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតដូច្នេះ នេះបហានបរិញ្ញា។ បុគ្គលកំណត់ដឹងតណ្ហា ដោយបរិញ្ញាទាំង ៣ នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) កំណត់ដឹងនូវតណ្ហា។

ពាក្យថា មិនមានអាសវៈ សេចក្តីថា អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ អាសវៈទាំងនេះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ឫសចោល ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យកើតមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត បុគ្គលទាំងនោះ លោកហៅថា អ្នកមិនមានអាសវៈ។ ពាក្យថា បុគ្គលទាំងឡាយណា គឺព្រះអរហន្តខីណាស្រព។

ពាក្យថា តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងឡាយនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន បានន័យថា តថាគតពោល ប្រាប់ សំដែង បញ្ញត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា ជនទាំងឡាយណា កំណត់ដឹងតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះ ឆ្លងឱឃៈគឺកាម ឆ្លងឱឃៈគឺភព ឆ្លងឱឃៈគឺទិដ្ឋិ ឆ្លងឱឃៈគឺអវិជ្ជា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង កន្លងព្រម ប្រព្រឹត្តកន្លង នូវគន្លងសង្សារទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលនន្ទៈ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ និងជរាបិទបាំងទេ តថាគតពោលថា ជនទាំងឡាយណា ក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថាឆ្លងផុតឱឃៈបាន។

[៣១៤]

ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ ព្រះអង្គត្រាស់ទុកល្អហើយថា តថាគតពោលថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណាកំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។

[៣១៥] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ ត្រង់ពាក្យថា នុ៎ះ គឺខ្ញុំព្រះអង្គត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ចង់បាន ជ្រះថ្លា ប្រាថ្នា ស្រឡាញ់ ជាប់ចិត្តចំពោះពាក្យ ចំពោះកិរិយាពោល ចំពោះទេសនា ចំពោះអនុសន្ធិរបស់ព្រះអង្គ។ ពាក្យថា ទ្រង់ស្វែងរកគុណដ៏ធំ គឺព្រះមានព្រះភាគ ទ្រង់ស្វែងរកគុណដ៏ធំ។ ឈ្មោះថា ទ្រង់ស្វែងរកគុណដ៏ធំ ព្រោះទ្រង់រក ស្វែង ស្វះស្វែង នូវសីលក្ខន្ធដ៏ធំ ឈ្មោះថា ទ្រង់ស្វែងរកគុណដ៏ធំ ព្រោះត្រូវគេស្វែងរកថា។បេ។ ព្រះពុទ្ធជាទេវតាធំជាងទេវតា (គង់) ក្នុងទីណា ព្រះពុទ្ធជានរៈដ៏អង់អាច (គង់) ក្នុងទីណា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ។

[៣១៦] អធិប្បាយថា បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ ព្រះអង្គត្រាស់ទុកល្អហើយ ត្រង់ពាក្យថា ត្រាស់ល្អហើយ គឺព្រះអង្គប្រាប់ល្អ សំដែងល្អ បញ្ញតល្អ តាំងទុកល្អ បើកល្អ ចែកល្អ ធ្វើឲ្យរាក់ល្អ ប្រកាសល្អហើយ។ ពាក្យថា បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ សេចក្តីថា កិលេសផង ខន្ធផង អភិសង្ខារផង លោកហៅថា ឧបធិ។ គឺការលះបង់ឧបធិ ការរម្ងាប់ឧបធិ ការរលាស់ចោលឧបធិ ការស្ងប់ឧបធិ អមតនិព្វាន ហេតុនោះ (លោកពោលថា) បពិត្រព្រះគោតម ព្រះនិព្វានមិនមានឧបធិ ព្រះអង្គទ្រង់ត្រាស់ល្អហើយ។

[៣១៧] ពាក្យថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី សេចក្តីថា ជនទាំងឡាយណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញទាំងអស់ ជនទាំងឡាយណា លះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញ ឬឮទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលប៉ះពាល់ទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះសីលទាំងអស់ នូវសេចក្តីបរិសុទ្ធិ ព្រោះវត្តទាំងអស់ នូវសេចក្តីបរិសុទ្ធ ព្រោះសីល និងវត្តទាំងអស់ ហេតុនោះ (លោកពោលថា) ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី។

[៣១៨] ពាក្យថា លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី គឺលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្ត និងមង្គលភ្ញាក់ផ្អើលមានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (លោកពោលថា) លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី។

[៣១៩] អធិប្បាយពាក្យថា តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងឡាយនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា។ ពាក្យថា កំណត់ដឹងនូវតណ្ហា គឺកំណត់ដឹងនូវតណ្ហាដោយបរិញ្ញា ៣ គឺញាតបរិញ្ញា ១ តិរណបរិញ្ញា ១ បហានបរិញ្ញា ១។

ញាតបរិញ្ញា តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវតណ្ហា គឺដឹងច្បាស់ ឃើញច្បាស់ថា នេះរូបតណ្ហា នេះសទ្ទតណ្ហា នេះគន្ធតណ្ហា នេះរសតណ្ហា នេះផោដ្ឋព្វតណ្ហា នេះធម្មតណ្ហា ដូច្នេះ នេះញាតបរិញ្ញា។

តិរណបរិញ្ញា តើដូចម្តេច។ បុគ្គលធ្វើនូវការដឹងយ៉ាងនេះ ហើយត្រិះរិះនូវតណ្ហា គឺត្រិះរិះថា មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាសេចក្តីតានតឹង ជាអាពាធ ជារបស់បុគ្គលដទៃ ជារបស់សាបសូន្យ ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបសគ្គ ជារបស់ប្រែប្រួល ជារបស់ពុករលួយ ជារបស់មិនឋិតឋេរ ឥតទីពឹង ឥតទីជ្រក ឥតទីរឭក ឥតបុគ្គលជាទីរឭក គ្មាន ទទេ សោះសូន្យ មិនមែនខ្លួន ជាទោស ជារបស់ប្រែប្រួលជាធម្មតា ឥតខ្លឹម ជាទីតាំងនៃសេចក្តីតានតឹង ជាអ្នកសម្លាប់ ប្រកបដោយអាសវៈ ជារបស់មានបច្ច័យតាក់តែង ជាអាមិសនៃមារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានសេចក្តីស្លាប់ជាធម្មតា មានការសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា ជាហេតុឲ្យកើត ជារបស់វិនាស ជារបស់ឥតសង្ឃឹម ជាទោស មិនជាទីរលាស់ចេញ នេះតិរណបរិញ្ញា។

បហានបរិញ្ញា តើដូចម្តេច។ បុគ្គលត្រិះរិះយ៉ាងនេះហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវតណ្ហា នេះបហានបរិញ្ញា។ បុគ្គលកំណត់ដឹងនូវតណ្ហា ដោយបរិញ្ញា ៣ នេះ ហេតុនោះ (លោកពោលថា) កំណត់ដឹងនូវតណ្ហា។

ពាក្យថា ជាអ្នកមិនមានអាសវៈ សេចក្តីថា អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈទាំងនេះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ឫសចោល ធ្វើឲ្យសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យកើតមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ជនទាំងនោះ លោកហៅថា អ្នកមិនមានអាសវៈ។ ពាក្យថា ជនទាំងឡាយណា បានដល់ពួកព្រះអរហន្តខីណាស្រព។

ពាក្យថា តថាគតពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈ បានសេចក្តីថា ជនទាំងឡាយណា កំណត់ដឹងតណ្ហា ជាអ្នកមិនមានអាសវៈ តថាគតពោលថា និយាយថា ជនទាំងនោះ បានឆ្លងឱឃៈគឺកាម ឆ្លងឱឃៈគឺភព ឆ្លងឱឃៈគឺទិដ្ឋិ ឆ្លងឱឃៈគឺអវិជ្ជា ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្តកន្លង នូវគន្លងនៃសង្សារទាំងអស់ ហេតុនោះ (លោកពោលថា) តថាគត ពោលថា … ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

ខ្ញុំព្រះអង្គរីករាយចំពោះពាក្យនុ៎ះ របស់ព្រះអង្គ ទ្រង់ស្វែងរកគុណដ៏ធំ បពិត្រព្រះគោតម ព្រះនិពា្វនមិនមានឧបធិ ព្រះអង្គត្រាស់ទុកល្អហើយថា តថាគតពោលថា ជនទាំងឡាយណាក្នុងលោកនេះ លះបង់នូវអារម្មណ៍ទាំងអស់ ដែលឃើញក្តី ដែលឮក្តី ដែលប៉ះពាល់ក្តី នូវសីល និងវត្តក្តី លះបង់នូវវិធីច្រើនប្រការទាំងអស់ក្តី ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។

លុះចប់គាថាហើយ។បេ។ នន្ទៈពោលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ នន្ទមាណវកប្បញ្ហានិទ្ទេស ទី៧។

ហេមកមាណវកប្បញ្ហានិទ្ទេស ទី៨

(៨. ហេមកមាណវបុច្ឆា)

[៣២០] (ហេមកៈមានអាយុទូលសួរដូច្នេះថា)

ក្នុងកាលមុន អំពីសាសនាព្រះគោតម ជនទាំងឡាយណា ព្យាករថា ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចំរើន ខ្ញុំព្រះអង្គមិនត្រេកអរក្នុងពាក្យនោះឡើយ។

[៣២១] អធិប្បាយពាក្យថា ជនទាំងឡាយណា ព្យាករ ត្រង់ពាក្យថា ជនទាំងឡាយណា គឺពាវរីព្រាហ្មណ៍ណាផង ព្រាហ្មណ៍ទាំងឡាយដទៃណា ជាអាចារ្យរបស់ពាវរីព្រាហ្មណ៍នោះផង ព្រាហ្មណ៍ទាំងនោះ ព្យាករ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសហើយ នូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ហេតុនោះ (លោកពោលថា) ជនទាំងឡាយណា ព្យាករ។ ពាក្យថា ដូច្នេះ របស់បទថា ហេមកៈមានអាយុទូលសួរដូច្នេះ ជាពាក្យតំណបទ។បេ។ ពាក្យថា ដូច្នេះ នេះ ជាលំដាប់លំដោយនៃបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុ នេះជាពាក្យពោលដោយគោរព កោតខ្លាច។ ពាក្យថា ហេមកៈ គឺជាឈ្មោះ។បេ។ ជាពាក្យសម្រាប់ហៅ ហេតុនោះ (មានពាក្យថា) ហេមកៈមានអាយុទូលសួរដូច្នេះ។

[៣២២] ពាក្យថា ក្នុងកាលមុនអំពីសាសនាព្រះគោតម គឺមុនអំពីសាសនានៃព្រះគោតម ខាងនាយអំពីសាសនារបស់ព្រះគោតម ខាងដើមអំពីសាសនារបស់ព្រះគោតម ដំបូងបង្អស់អំពីសាសនារបស់ព្រះគោតម អំពីសាសនារបស់ព្រះពុទ្ធ អំពីសាសនារបស់ព្រះជិនស្រី អំពីសាសនារបស់ព្រះតថាគត អំពីសាសនារបស់ព្រះអរហន្ត ហេតុនោះ (លោកពោលថា) ក្នុងកាលមុនអំពីសាសនាព្រះគោតម។

[៣២៣] ពាក្យថា ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ គឺឮថា ហេតុយ៉ាងនេះ មានមកហើយ ឮថាហេតុយ៉ាងនេះនឹងមាន ហេតុនោះ (លោកពោលថា) ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ។

[៣២៤] ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ គឺពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ សេចក្តីថា ព្រាហ្មណ៍ទាំងឡាយសំដែងធម៌ ដោយឮថាដូច្នេះៗ ដោយឮតៗ គ្នា ដោយការផ្សែផ្សំនឹងក្បួន ដោយហេតុនៃការត្រិះរិះ ដោយហេតុនៃការគ្នេរគ្នាន់ ដោយការជញ្ជឹងនូវអាការៈ ដោយហេតុដែលខ្លួនយល់ ខ្លួនពិនិត្យ ខ្លួនចូលចិត្ត មិនមែនត្រាស់ដឹងចំពោះខ្លួនឯង មិនមែនជាក់ច្បាស់ចំពោះខ្លួន ហេតុនោះ (លោកពោលថា) ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ។

[៣២៥] ពាក្យថា ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះ ឲ្យចំរើន គឺពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចំរើន ធ្វើសេចក្តីត្រិះរិះផ្សេង ៗ ឲ្យចំរើន ធ្វើតម្រិះឲ្យចំរើន ធ្វើសេចក្តីត្រិះរិះក្នុងកាមឲ្យចំរើន ធ្វើសេចក្តីត្រិះរិះក្នុងព្យាបាទ ឲ្យចំរើន ធ្វើសេចក្តីត្រិះរិះក្នុងការបៀតបៀនឲ្យចំរើន ធ្វើសេចក្តីត្រិះរិះញាតិឲ្យចំរើន ធ្វើសេចក្តីត្រិះរិះជនបទឲ្យចំរើន ធ្វើសេចក្តីត្រិះរិះការមិនស្លាប់ឲ្យចំរើន ធ្វើសេចក្តីត្រិះរិះដែលប្រកបដោយសេចក្តីអាណិត ចំពោះបុគ្គលដទៃឲ្យចំរើន ធ្វើសេចក្តីត្រិះរិះដែលប្រកបដោយលាភៈ សក្ការៈ និងសេចក្តីសរសើរឲ្យចំរើន ធ្វើសេចក្តីត្រិះរិះដែលប្រកបដោយសេចក្តីមិនមើលងាយឲ្យចំរើន ហេតុនោះ (លោកពោលថា) ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចំរើន។

[៣២៦] ពាក្យថា ខ្ញុំព្រះអង្គមិនត្រេកអរក្នុងពាក្យនោះឡើយ គឺខ្ញុំព្រះអង្គ មិនបាន មិនលុះ មិនបានចំពោះ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គមិនត្រេកអរក្នុងពាក្យនោះឡើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(ហេមកៈមានអាយុទូលសួរដូច្នេះថា) ក្នុងកាលមុនអំពីសាសនាព្រះគោតម ជនទាំងឡាយណា ព្យាករថា ហេតុធ្លាប់មានហើយដូច្នេះ នឹងមានដូច្នេះ ពាក្យទាំងអស់នោះ ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តី ត្រិះរិះឲ្យចំរើន ខ្ញុំព្រះអង្គមិនត្រេកអរក្នុងពាក្យនោះឡើយ។

[៣២៧]

បពិត្រព្រះមុនិ សូមព្រះអង្គសំដែងធម៌ សម្រាប់ដកចេញនូវតណ្ហា ជាធម៌ដែលនាំឲ្យបុគ្គលដឹងច្បាស់ មានសតិ ប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោក ដល់ខ្ញុំព្រះអង្គ។

[៣២៨] ពាក្យថា សូមព្រះអង្គសំដែលធម៌ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ព្រះអង្គ គឺព្រាហ្មណ៍ពោលចំពោះព្រះមានព្រះភាគ។ ពាក្យថា ធម៌ របស់បទថា សូមសំដែងធម៌ គឺសូមព្រះអង្គ ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសនូវធម៌ មានពីរោះបទខាងដើម មានពីរោះបទកណ្តាល មានពីរោះបទខាងចុង នូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ នូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ព្រះនិព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន ហេតុនោះ (លោកពោលថា) សូមព្រះអង្គ សំដែងធម៌ដល់ខ្ញុំព្រះអង្គ។

[៣២៩] ពាក្យថា បពិត្រព្រះមុនិ … សម្រាប់ដកចេញនូវតណ្ហា ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា សម្រាប់ដកចេញនូវតណ្ហា គឺជាគ្រឿងធ្វើតណ្ហាឲ្យវិនាស ជាគ្រឿងលះបង់តណ្ហា ជាគ្រឿងរម្ងាប់តណ្ហា ជាគ្រឿងរលាស់ចោលតណ្ហា ជាគ្រឿងស្ងប់រម្ងាប់តណ្ហា អមតនិព្វាន។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លងនូវបណ្តាញ គឺការជាប់ចំពាក់ ហេតុនោះ (លោកពោលថា) បពិត្រព្រះមុនិ … សម្រាប់ដកចេញនូវតណ្ហា។

[៣៣០] ពាក្យថា ដែលនាំឲ្យបុគ្គលដឹងច្បាស់ មានសតិ ប្រព្រឹត្ត គឺធ្វើឲ្យដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដនូវធម៌ណា គឺធ្វើឲ្យដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួង មិនទៀង ថាសង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួងជាអនត្តា។បេ។ ធ្វើឲ្យដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅវិញជាធម្មតា។ ពាក្យថា មានសតិ គឺមានសតិដោយអាការ ៤ គឺបុគ្គលកំពុងចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា អ្នកមានសតិ។បេ។ បុគ្គលនោះ ហៅថា អ្នកមានសតិ។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្តផ្សេងៗ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោកពោលថា) ដែលនាំឲ្យបុគ្គលដឹងច្បាស់ មានសតិ ប្រព្រឹត្ត។

[៣៣១] ពាក្យថា ឆ្លងវិសត្តិកាតណ្ហាក្នុងលោក សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានខាងតម្រេក តម្រេកដ៏មានកម្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះវិសតិ្តកា ដោយអត្ថដូចម្តេច។បេ។ ឈ្មោះវិសត្តិកា ព្រោះហេតុជាធម្មជាតិលាត ផ្សាយទៅ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ឆ្លងវិសត្តិកាតណ្ហា ក្នុងលោក បានសេចក្តីថា តណ្ហាណា ឈ្មោះវិសត្តិកាក្នុងលោក បុគ្គលមានសតិ គប្បីឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ប្រព្រឹត្តកន្លង នូវធម្មជាតិឈ្មោះវិសត្តិកាក្នុងលោក ហេតុនោះ (លោកពោលថា) ឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោក។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះមុនិ សូមព្រះអង្គសំដែងធម៌សម្រាប់ដកចេញនូវតណ្ហា ជាធម៌ដែលនាំឲ្យបុគ្គលដឹងច្បាស់ មានសតិ ប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោក ដល់ខ្ញុំព្រះអង្គ។

[៣៣២] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលហេមកៈ និព្វានបទ ជាធម្មជាតមិនឃ្លៀងឃ្លាត ជាគ្រឿងបន្ទោបង់ឆន្ទរាគក្នុងអារម្មណ៍ទាំងឡាយ មានសភាពជាទីស្រឡាញ់ ដែលឃើញ ឮ ប៉ះពាល់ (ឬដឹងច្បាស់) ក្នុងលោកនេះ។

[៣៣៣] ពាក្យថា ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ក្នុងលោកនេះ ត្រង់ពាក្យថា ដែលឃើញ គឺដែលឃើញដោយភ្នែក។ ពាក្យថា ឮ គឺឮដោយត្រចៀក។ ពាក្យថា ប៉ះពាល់ គឺប៉ះពាល់ គឺធុំក្លិនដោយច្រមុះ លិទ្ធភ្លក្សដោយអណ្តាត ប៉ះពាល់ដោយកាយ។ ពាក្យថា ដឹងច្បាស់ គឺដឹងដោយចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ក្នុងលោកនេះ។

[៣៣៤] អធិប្បាយពាក្យថា ម្នាលហេមកៈ … ក្នុងអារម្មណ៍ទាំងឡាយ មានសភាពជាទីស្រឡាញ់ សំនួរថា អារម្មណ៍ដូចម្តេច មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក។ ចក្ខុ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សោតៈ ឃានៈ ជិវ្ហា កាយ ចិត្ត មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក រូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ចក្ខុវិញ្ញាណ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេអរក្នុងលោក សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ចក្ខុសម្ផស្ស មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស មនោសម្ផស្ស មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក វេទនាកើតអំពីចក្ខុសម្ផស្ស មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក វេទនាកើតអំពីសោតសម្ផស្ស វេទនាកើតអំពីឃានសម្ផស្ស វេទនាកើតអំពីជិវ្ហាសម្ផស្ស វេទនាកើតអំពីកាយសម្ផស្ស វេទនាកើតអំពីមនោសម្ផស្ស មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សេចក្តីសំគាល់ក្នុងរូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សេចក្តីសំគាល់ក្នុងសំឡេង សេចក្តីសំគាល់ក្នុងក្លិន សេចក្តីសំគាល់ក្នុងរស សេចក្តីសំគាល់ក្នុងផ្សព្វ សេចក្តីសំគាល់ក្នុងធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ការគិតរូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ការគិតសំឡេង ការគិតក្លិន ការគិតរស ការគិតផ្សព្វ ការគិតធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សេចក្តីប្រាថ្នារូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាក្នុងធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សេចក្តីត្រិះរិះរូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក សេចក្តីត្រិះរិះសំឡេង សេចក្តីត្រិះរិះក្លិន សេចក្តីត្រិះរិះរស សេចក្តីត្រិះរិះផ្សព្វ សេចក្តីត្រិះរិះធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេអរក្នុងលោក ការពិចារណារូប មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ការពិចារណាសំឡេង ការពិចារណាក្លិន ការពិចារណារស ការពិចារណាផ្សព្វ ការពិចារណាធម្មារម្មណ៍ មានសភាពជាទីស្រឡាញ់ មានសភាពជាទីត្រេកអរក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ក្នុងអារម្មណ៍ មានសភាពជាទីស្រឡាញ់។ ពាក្យថា ម្នាលហេមកៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។

[៣៣៥] ពាក្យថា ជាគ្រឿងបន្ទោបង់ឆន្ទរាគ ត្រង់ពាក្យថា ឆន្ទរាគ បានខាងកាមឆន្ទៈក្នុងកាមទាំងឡាយ តម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីក្តៅក្រហាយក្នុងកាម ការជ្រប់ចុះក្នុងកាម ការងល់ងប់ក្នុងកាម អន្លង់គឺកាម ធម៌ជាគ្រឿងប្រកបគឺកាម សេចក្តីប្រកាន់គឺកាម នីវរណៈគឺកាមច្ឆន្ទ។ ពាក្យថា ជាគ្រឿងបន្ទោបង់ឆន្ទរាគ បានន័យថា គ្រឿងលះបង់ឆន្ទរាគ រម្ងាប់ឆន្ទរាគ រលាស់ចោលឆន្ទរាគ គ្របសង្កត់ឆន្ទរាគ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាគ្រឿងបន្ទោបង់ឆន្ទរាគ។

[៣៣៦] ពាក្យថា និព្វានបទ ជាធម្មជាតមិនឃ្លៀងឃ្លាត សេចក្តីថា បទគឺនិព្វាន បទគឺទីពឹង បទគឺទីជ្រក បទគឺធម៌ជាគ្រឿងប្រព្រឹត្តទៅខាងមុខ បទគឺទីមិនមានភ័យ។ ពាក្យថា មិនឃ្លៀងឃ្លាត គឺទៀងទាត់ ឋិតថេរ ខ្ជាប់ខ្ជួន មិនប្រែប្រួលជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) និព្វានបទ ជាធម្មជាតមិនឃ្លៀងឃ្លាត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ម្នាលហេមកៈ និព្វានបទ ជាធម្មជាតមិនឃ្លៀងឃ្លាត ជាគ្រឿងបន្ទោបង់ឆន្ទរាគក្នុងអារម្មណ៍ មានសភាពគួរស្រឡាញ់ ដែលឃើញ ឮ ប៉ះពាល់ (ឬដឹងច្បាស់) ក្នុងលោកនេះ។

[៣៣៧]

ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នកមានសតិ មានធម៌ឃើញហើយ រលត់កិលេសហើយ ជនទាំងនោះ ជាអ្នកស្ងប់រម្ងាប់សព្វកាល ឈ្មោះថាឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន។

[៣៣៨] អធិប្បាយពាក្យថា ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នកមានសតិ ត្រង់ពាក្យថា និព្វាននុ៎ះ គឺអមតនិព្វាន បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរំលត់ទុក្ខ និព្វាន។ ពាក្យថា ដឹង គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួងជាអនត្តា។បេ។ ថារបស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅជាធម្មតា។ ពាក្យថា ជនទាំងឡាយណា បានដល់ពួកព្រះអរហន្តខីណាស្រព។ ពាក្យថា ជាអ្នកមានសតិ គឺមានសតិ ដោយហេតុ ៤ គឺបុគ្គលកំពុងចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថា អ្នកមានសតិ។បេ។ បុគ្គលទាំងនោះ លោកហៅថា អ្នកមានសតិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នកមានសតិ។

[៣៣៩] ពាក្យថា មានធម៌ឃើញហើយ រំលត់កិលេសហើយ គឺមានធម៌ឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ត្រិះរិះហើយ មានធម៌ជាក់ច្បាស់ហើយ មានធម៌ប្រាកដហើយ ថាសង្ខារទាំងពួងមិនទៀង។បេ។ មានធម៌ឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ត្រិះរិះហើយ មានធម៌ជាក់ច្បាស់ហើយ មានធម៌ប្រាកដហើយថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅជាធម្មតា។ ពាក្យថា រលត់ហើយ គឺឈ្មោះថារលត់ហើយ ព្រោះរំលត់រាគៈ រលត់ហើយ ព្រោះរំលត់ទោសៈ រលត់ហើយ ព្រោះរំលត់មោហៈ កោធៈ ឧបនាហៈ។បេ។ រលត់ហើយ ព្រោះរលត់អកុសលាភិសង្ខារទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) មានធម៌ឃើញហើយ រលត់កិលេសហើយ។

[៣៤០] ពាក្យថា ជនទាំងនោះ ជាអ្នកស្ងប់រម្ងាប់សព្វកាល ត្រង់ពាក្យថា ជាអ្នកស្ងប់រម្ងាប់ គឺស្ងប់រម្ងាប់ព្រោះស្ងប់រាគៈ ស្ងប់រម្ងាប់ព្រោះស្ងប់ទោសៈ ស្ងប់រម្ងាប់ព្រោះស្ងប់មោហៈ កោធៈ ឧបនាហៈ។បេ។ ជាអ្នកស្ងប់រម្ងាប់ ចូលទៅរម្ងាប់ រំលត់ ស្ងប់រម្ងាប់ព្រោះស្ងប់រម្ងាប់ ដុត រលត់ ទៅប្រាស គ្របសង្កត់ នូវអកុសលាភិសង្ខារទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់រម្ងាប់។ ពាក្យថា ជនទាំងនោះ បានដល់ពួកអរហន្តខីណាស្រព។ ពាក្យថា សព្វកាល គឺសព្វកាល គ្រប់កាល អស់កាលទាំងពួង អស់កាលជានិច្ច អស់កាលដ៏ទៀងទាត់ អស់កាលមិនដាច់ អស់កាលរឿយៗ មិនច្រឡូកច្រឡំ ថែមហើយថែមទៀត ជាប់តគ្នា មិនមានចន្លោះដូចរលកទឹកបន្តគ្នា ប៉ះពាល់គ្នា អស់បុរេភត្ត បច្ឆាភត្ត បឋមយាម មជ្ឈិមយាម បច្ឆិមយាម កាឡបក្ខ សុក្កបក្ខ វស្សានរដូវ ហេមន្តរដូវ គិម្ហរដូវ ចំណែកបឋមវ័យ ចំណែកមជ្ឈិមវ័យ ចំណែកបច្ឆិមវ័យ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងឡាយនោះ ជាអ្នកស្ងប់រម្ងាប់សព្វកាល។

[៣៤១] ពាក្យថា ឈ្មោះថាឆ្លងនូវវិសតិ្តកាតណ្ហាក្នុងលោក សេចក្តីថា តណ្ហា លោកហៅថា វិសត្តិកា បានខាងតម្រេក តម្រេកដ៏មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះវិសត្តិកាដោយអត្ថដូចម្តេច។បេ។ ឈ្មោះវិសតិ្តកា ព្រោះហេតុជាធម្មជាតិលាត ផ្សាយទៅ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ អាយតនលោក។ ពាក្យថា ឈ្មោះថា ឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោក គឺតណ្ហាណា ឈ្មោះវិសត្តិកាក្នុងលោក ជនទាំងឡាយ បានឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្តកន្លងនូវតណ្ហាឈ្មោះវិសតិ្តកានោះក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគទ្រង់ត្រាស់ថា

ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នកមានសតិ មានធម៌ឃើញហើយ រលត់កិលេសហើយ ជនទាំងនោះ ជាអ្នកស្ងប់រម្ងាប់សព្វកាល ឈ្មោះថា ឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន។

លុះចប់គាថាហើយ។បេ។ (ហេមកមាណពប្រកាសខ្លួនថា) បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ ហេមកមាណវកប្បញ្ហានិទ្ទេស ទី៨។

តោទេយ្យមាណវកប្បញ្ហានិទ្ទេស ទី៩

(៩. តោទេយ្យមាណវបុច្ឆា)

[៣៤២] (តោទេយ្យមានអាយុ ទូលសួរដូច្នេះថា)

កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណាមិនមាន មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបានហើយ វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេចទៅ។

[៣៤៣] ពាក្យថា កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា គឺកាមទាំងឡាយ មិនមាននៅ មិននៅព្រម មិននៅទួទៅក្នុងបុគ្គលណា។ ពាក្យថា ដូច្នេះ របស់បទថា តោទេយ្យមានអាយុ ពោលដូច្នេះ ជាតំណបទ។បេ។ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុ នេះជាពាក្យពោលដោយសេចក្តីគោរពកោតខ្លាច។ ពាក្យថា តោទេយ្យ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) តោទេយ្យមានអាយុ ទូលសួរដូច្នេះ។

[៣៤៤] ពាក្យថា តណ្ហារបស់បុគ្គលណា មិនមាន គឺតណ្ហានៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណា លះបង់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (លោកពោលថា) តណ្ហារបស់បុគ្គលណា មិនមាន។

[៣៤៥] ពាក្យថា មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន គឺមួយទៀត បុគ្គលណា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្តកន្លងសេចក្តីសង្ស័យបាន ហេតុនោះ (លោកពោលថា) មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបានហើយ។

[៣៤៦] ពាក្យថា វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេច គឺតោទេយ្យមាណព សួរវិមោក្ខធម៌ថា វិមោក្ខធម៌របស់បុគ្គលនោះ ដូចម្តេចទៅ តាំងនៅដូចម្តេច មានប្រការដូចម្តេច មានចំណែកប្រៀបដូចម្តេច ដែលបុគ្គលគប្បីប្រាថ្នា ហេតុនោះ (លោកពោលថា) វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេចទៅ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(តោទេយ្យមានអាយុ ទូលសួរដូច្នេះថា) កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណាមិនមាន មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបានហើយ វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេចទៅ។

[៣៤៧] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលតោទេយ្យ)

កាមទាំងឡាយមិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណាមិនមាន មួយទៀត បុគ្គលណាឆ្លងសេចក្តីសង្ស័យបានហើយ វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាដទៃទេ។

[៣៤៨] ពាក្យថា កាមទាំងឡាយមិនមាននៅក្នុងបុគ្គលណា ត្រង់ពាក្យថា ក្នុងបុគ្គលណា គឺក្នុងព្រះអរហន្តខីណាស្រព។ ពាក្យថា កាមទាំងឡាយ តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ នេះ វត្ថុកាម។បេ។ នេះ កិលេសកាម។ ពាក្យថា មិនមាននៅ គឺកាមទាំងឡាយ មិននៅ មិននៅព្រម មិននៅទួទៅ ក្នុងបុគ្គលណា ហេតុនោះ (ទ្រង់ត្រាស់ថា) កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា។ ពាក្យថា តោទេយ្យ របស់បទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលតោទេយ្យ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលតោទេយ្យ។

[៣៤៩] ពាក្យថា តណ្ហា របស់បុគ្គលណា មិនមាន ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា របស់បុគ្គលណា គឺរបស់ព្រះអរហន្តខីណាស្រព។ ពាក្យថា តណ្ហា របស់បុគ្គលណា មិនមាន គឺតណ្ហានៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណា លះបង់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) តណ្ហា របស់បុគ្គលណា មិនមាន។

[៣៥០] ពាក្យថា មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន សេចក្តីថា វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ គឺសេចក្តីងឿងឆ្ងល់ក្នុងទុក្ខ។បេ។ ភាពនៃចិត្តញាប់ញ័រ ការស្លាកស្នាមនៃចិត្ត។ ពាក្យថា ណា គឺព្រះខីណាស្រពណា។ ពាក្យថា មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន បានន័យថា មួយទៀត បុគ្គលណា ឆ្លង ឆ្លងឡើង ឆ្លងចេញ កន្លង រំលង ប្រព្រឹត្តកន្លង នូវសេចក្តីសង្ស័យ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន។

[៣៥១] ពាក្យថា វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាដទៃទេ គឺវិមោក្ខធម៌ដទៃ របស់បុគ្គលនោះ មិនមាន បុគ្គលគប្បីរួចដោយវិមោក្ខណា កិច្ចដែលបុគ្គលនោះគប្បីធ្វើដោយវិមោក្ខនោះ ដូចម្តេចកើត ហេតុនោះ (ទ្រង់ត្រាស់ថា) វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាដទៃទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលតោទេយ្យ) កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណា មិនមាន មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាដទៃទេ។

[៣៥២] (តោទេយ្យព្រាហ្មណ៍ទូលសួរថា)

បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នាទេ ឬនៅមានសេចក្តីប្រាថ្នា បុគ្គលនោះ មានបញ្ញា ឬមានការកំណត់ដោយបញ្ញា បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គត្រាស់ប្រាប់មុនិនោះ ដល់ខ្ញុំព្រះអង្គ។

[៣៥៣] ពាក្យថា បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នាទេ ឬនៅមានសេចក្តីប្រាថ្នា គឺបុគ្គលនោះ មិនមានតណ្ហាទេ ឬប្រកបដោយតណ្ហា គឺប៉ងនូវរូប នឹកប៉ង ចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត នូវសម្លេង ក្លិន រស ផ្សព្វ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន អារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ហេតុនោះ (លោកសួរថា) បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នាទេ ឬនៅមានសេចក្តីប្រាថ្នា។

[៣៥៤] ពាក្យថា បុគ្គលនោះមានបញ្ញា ឬមានការកំណត់ដឹងដោយបញ្ញា ត្រង់ពាក្យថា បុគ្គលនោះ មានបញ្ញា គឺបុគ្គលនោះ ជាបណ្ឌិតមានប្រាជ្ញា មានប្រាជ្ញាជាគ្រឿងត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស។ ពាក្យថា ឬមានការកំណត់ដោយបញ្ញា គឺកំណត់ បង្កើត បង្កើតព្រម បង្កើត បង្កើតចំពោះ នូវតណ្ហាកប្បៈ ឬទិដ្ឋិកប្បៈ ដោយញាណដែលប្រកបដោយសមាបត្តិ ៨ ក្តី ដោយញាណដែលប្រកបដោយអភិញ្ញា ៥ ក្តី ដោយមិច្ឆាញាណក្តី ហេតុនោះ (លោកសួរថា) បុគ្គលនោះ មានបញ្ញា ឬមានការកំណត់ដោយបញ្ញា។

[៣៥៥] ពាក្យថា បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា ត្រង់ពាក្យថា ព្រះសក្កៈ បានដល់ព្រះមានព្រះភាគជាសក្កៈ។ ម្យ៉ាងទៀត ព្រះនាមថា សក្កៈ ព្រោះហេតុទ្រង់ចេញចាកសក្យត្រកូល មកបួសក៏បាន។ ឬថា ព្រះនាមថាសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យក៏បាន។ ទ្រព្យទាំងនេះ របស់ព្រះមានព្រះភាគនោះគឺ ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ទ្រព្យគឺសតិប្បដ្ឋាន ទ្រព្យគឺសម្មប្បធាន ទ្រព្យគឺឥទ្ធិបាទ ទ្រព្យគឺឥន្ទ្រិយ ទ្រព្យគឺពលៈ ទ្រព្យគឺពោជ្ឈង្គ ទ្រព្យគឺមគ្គ ទ្រព្យគឺផល ទ្រព្យគឺនិព្វាន។ ព្រះនាមថាសក្កៈ ព្រោះហេតុទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យដោយរតនៈ ទ្រព្យទាំងនោះ មានប្រការជាអនេក ក៏បាន។ ឬថាព្រះនាមថាសក្កៈ ព្រោះហេតុមានព្យាយាមច្រើន មានចិត្តអង់អាច ក្លៀវក្លា ប្រកបដោយព្យាយាម មានព្យាយាមមោះមុត មិនខ្លាច មិនព្រឺរោម មិនតក់ស្លុត មិនរត់ មានភ័យគួរខ្លាចលះបង់ហើយ ប្រាសចាកការព្រឺរោម ក៏បាន។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គគប្បីដឹងនូវមុនិណា គឺបពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គគប្បីដឹង គប្បីដឹងច្បាស់ គប្បីដឹងចំពោះ គប្បីចាក់ធ្លុះនូវមុនិណា ហេតុនោះ (លោកសួរថា) បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា។

[៣៥៦] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គត្រាស់ប្រាប់នូវមុនិនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា មុនិនោះ គឺខ្ញុំសួរនូវមុនិណា អង្វរមុនិណា អារាធនាមុនិណា ដណ្តឹងនូវមុនិណា។ ពាក្យថា សូមត្រាស់ប្រាប់ គឺសូមប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។បេ។ ព្រះតថាគត ទ្រង់ព្រះនាមសមន្តចក្ខុ ដោយហេតុនោះ ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គត្រាស់ប្រាប់នូវមុនិនោះ ដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះទូលសួរថា

បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នាទេ ឬនៅមានសេចក្តីប្រាថ្នា បុគ្គលនោះ មានបញ្ញា ឬមានការកំណត់ដោយបញ្ញា បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា បពិត្រព្រះអង្គ ជាសមន្តចក្ខុ សូមព្រះអង្គត្រាស់ប្រាប់នូវមុនិនោះ ដល់ខ្ញុំព្រះអង្គ។

[៣៥៧] (ព្រះមានព្រះភាគត្រាស់ថា) បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា ទាំងមិនប្រកបដោយសេចក្តីប្រាថ្នាទេ បុគ្គលនោះ ជាអ្នកមានបញ្ញា ទាំងមិនមានការកំណត់ដោយបញ្ញាទេ ម្នាលតោទេយ្យ អ្នកចូរស្គាល់នូវបុគ្គលនោះ ថាជាមុនិ ជាអ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាម និងភព យ៉ាងនេះចុះ។

[៣៥៨] ពាក្យថា បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា ទាំងមិនប្រកបដោយសេចក្តីប្រាថ្នាទេ គឺបុគ្គលនោះ ជាអ្នកមិនមានតណ្ហា មិនប្រកបដោយតណ្ហា គឺមិនប៉ងចំពោះនូវរូប សទ្ទៈ គន្ធៈ។បេ។ មិនប៉ង មិនចង់បាន មិនត្រេកអរ មិនប្រាថ្នា មិនស្រឡាញ់ មិនជាប់ចិត្ត នូវអារម្មណ៍ដែលឃើញ ឮ ប៉ះពាល់ ឬដឹងច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា ទាំងមិនប្រកបដោយសេចក្តីប្រាថ្នាទេ។

[៣៥៩] ពាក្យថា បុគ្គលនោះ ជាអ្នកមានបញ្ញា ទាំងមិនមានការកំណត់ដោយបញ្ញា ត្រង់ពាក្យថា បុគ្គលនោះ ជាអ្នកមានបញ្ញា គឺជាបណ្ឌិតមានប្រាជ្ញា មានប្រាជ្ញាជាគ្រឿងត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស។ ពាក្យថា ទាំងមិនមានការកំណត់ដោយបញ្ញា គឺមិនកំណត់ មិនបង្កើត មិនបង្កើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវតណ្ហាកប្បៈ ឬទិដ្ឋិកប្បៈដោយញាណប្រកបដោយសមាបត្តិ ៨ ក្តី ដោយញាណ គឺអភិញ្ញា ៥ ក្តី ដោយមិច្ឆាញាណក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកមានបញ្ញា ទាំងមិនមានការកំណត់ដោយបញ្ញា។

[៣៦០] ពាក្យថា មុនិ របស់បទថា ម្នាលតោទេយ្យ អ្នកចូរស្គាល់នូវបុគ្គលនោះថាជាមុនិ យ៉ាងនេះចុះ ត្រង់ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។ប។ មុនិនោះ កន្លងហើយនូវបណ្តាញ គឺកិលេសជាគ្រឿងជាប់ចំពាក់។ ពាក្យថា ម្នាលតោទេយ្យ អ្នកចូរស្គាល់នូវបុគ្គលនោះថាជាមុនិ យ៉ាងនេះចុះ បានសេចក្តីថា ម្នាលតោទេយ្យ អ្នកចូរដឹង ចូរដឹងច្បាស់ ចូរដឹងចំពោះនូវបុគ្គលនោះថា ជាមុនិ យ៉ាងនេះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលតោទេយ្យ អ្នកចូរស្គាល់នូវបុគ្គលនោះថាជាមុនិ យ៉ាងនេះចុះ។

[៣៦១] អធិប្បាយពាក្យថា ជាអ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាម និងភព ត្រង់ពាក្យថា ជាអ្នកមិនមានកង្វល់ សេចក្តីថា កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត កង្វល់ទាំងនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់បង់ រម្ងាប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានកង្វល់។ ពាក្យថា កាមទាំងឡាយ របស់បទថា ក្នុងកាម និងភព តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ ពាក្យថា ភព បានដល់ភព ២ គឺកម្មភព ១ បុនព្ភព គឺបដិសន្ធិ ១។បេ។ នេះ បុនព្ភព គឺបដិសន្ធិ។ ពាក្យថា ជាអ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាម និងភព បានសេចក្តីថា មិនមានកង្វល់ មិនជាប់ មិនចំពាក់ មិនជាប់ចំពាក់ មិនខ្វល់នៅ គឺជាអ្នកចេញទៅ រលាស់ចោល រួចស្រឡះ មិនប្រកបក្នុងកាមផង ក្នុងភពផង នៅដោយចិត្តដែលប្រាសចាកដែន គឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមានកង្វល់ មិនជាប់នៅក្នុងកាម និងភព។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា ទាំងមិនប្រកបដោយសេចក្តីប្រាថ្នាទេ បុគ្គលនោះ ជាអ្នកមានបញ្ញា ទាំងមិនមានការកំណត់ដោយបញ្ញាទេ ម្នាលតោទេយ្យ អ្នកចូរស្គាល់នូវបុគ្គលនោះ ថាជាមុនិ ជាអ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាម និងភព យ៉ាងនេះចុះ។

លុះចប់គាថាហើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ តោទេយ្យមាណវកប្បញ្ហានិទ្ទេស ទី៩។

កប្បមាណវកប្បញ្ហានិទ្ទេស ទី១០

(១០. កប្បមាណវបុច្ឆា)

[៣៦២] (កប្បមាណពមានអាយុ ទូលសួរដូច្នេះថា)

បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ចុះសេចក្តីទុក្ខ (ក្នុងស្រះ) នេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ ដោយប្រការនោះ។

[៣៦៣] ពាក្យថា អ្នកឋិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ លោកហៅថា ស្រះ បានដល់ដំណើរមក ដំណើរទៅ ដំណើរទៅ និងមក កាលៈ គតិ ភពតូចធំ ការចុតិផង ការចាប់កំណើតផង ការកើតផង ការបែកធ្លាយផង ជាតិផង ជរាផង មរណៈផង។ ទីបំផុតខាងដើមនៃសង្សារមិនប្រាកដ ទាំងទីបំផុតខាងចុង ក៏មិនប្រាកដ។ ពួកសត្វដែលឋិតនៅ តាំងនៅ ជាប់ស្អិត នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់ក្នុងសង្សារ តែត្រង់កណ្តាល។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ តើដូចម្តេច។ វដ្តៈវិលទៅហើយ អស់ជាតិទាំងឡាយប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់រយនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ពាន់នៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដយ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់សែននៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់កោដិនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់រយកោដិនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ពាន់កោដិនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់សែនកោដិនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់រយនៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ពាន់នៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់សែននៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់កោដិនៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់រយកោដិនៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ពាន់កោដិនៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់សែនកោដិនៃឆ្នាំប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់កប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់រយនៃកប្បប៉ុណ្ណោះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដយ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ពាន់នៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់សែននៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់កោដិនៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយអស់រយកោដិនៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់ពាន់កោដិនៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយអស់សែនកោដិនៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដយ៉ាងនេះខ្លះ។

សមដូចពាក្យនេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតដឹងមិនបាន ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលត្រូវអវិជ្ជាជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកបទុក រង្គាត់ទៅ អន្ទោលទៅ ទទួលទុក្ខយ៉ាងខ្លាំង ជាគ្រឿងវិនាស ញ៉ាំងព្រៃស្មសានឲ្យចំរើនអស់កាលយូរយារ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គួរតែនឿយណាយ គួរតែប្រាស គួរតែគេចចេញចាកសង្ខារទាំងពួង។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។

ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ តើដូចម្តេច។ វដ្តៈនឹងវិលទៅអស់ជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈនឹងវិលទៅអស់រយនៃជាតិប៉ុណ្ណេះ អស់ពាន់នៃជាតិប៉ុណ្ណេះ អស់សែននៃជាតិប៉ុណ្ណេះ។បេ។ អស់កោដិនៃជាតិប៉ុណ្ណេះ អស់រយកោដិនៃជាតិប៉ុណ្ណេះ អស់ពាន់កោដិនៃជាតិប៉ុណ្ណេះ អស់សែនកោដិនៃជាតិប៉ុណ្ណេះ អស់ឆ្នាំប៉ុណ្ណេះ អស់រយនៃឆ្នាំប៉ុណ្ណេះ អស់ពាន់នៃឆ្នាំប៉ុណ្ណេះ អស់សែននៃឆ្នាំប៉ុណ្ណេះ អស់កោដិនៃឆ្នាំប៉ុណ្ណេះ អស់រយកោដិនៃឆ្នាំប៉ុណ្ណេះ អស់ពាន់កោដិនៃឆ្នាំប៉ុណ្ណេះ អស់សែនកោដិនៃឆ្នាំប៉ុណ្ណេះ អស់កប្បប៉ុណ្ណេះ អស់រយនៃកប្បប៉ុណ្ណេះ អស់ពាន់នៃកប្បប៉ុណ្ណេះ អស់សែននៃកប្បប៉ុណ្ណេះ អស់កោដិនៃកប្បប៉ុណ្ណេះ អស់រយកោដិនៃកប្បប៉ុណ្ណេះ អស់ពាន់កោដិនៃកប្បប៉ុណ្ណេះ អស់សែនកោដិនៃកប្បប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ ទីបំផុតខាងដើមនៃសង្សារ ក៏មិនប្រាកដ ទាំងទីបំផុតខាងចុងនៃសង្សារ ក៏មិនប្រាកដ យ៉ាងនេះឯង។ ពួកសត្វអ្នកឋិតនៅ តាំងនៅ ជាប់ស្អិត ចូលទៅ នៅ កុះករ ជ្រុលជ្រប់ ចុះស៊ប់ហើយ ក្នុងសង្សារតែត្រង់កណ្តាល ហេតុនោះ (លោកសួរថា) អ្នកនៅក្នុងកណ្តាលនៃស្រះ។ ពាក្យថា ដូច្នេះ របស់បទថា កប្បមាណពមានអាយុ ទូលសួរដូច្នេះ ជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុ នុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា កប្បៈ ជាឈ្មោះរបស់ព្រាហ្មណ៍។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) កប្បមាណពមានអាយុ ទូលសួរដូច្នេះ។

[៣៦៤] ពាក្យថា ព្រោះឱឃៈជាភ័យធំកើតឡើងហើយ គឺ ព្រោះកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ កើត កើតព្រម កកើត កើតចំពោះ កើតប្រាកដ។ ពាក្យថា ភ័យធំ បានដល់ ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ហេតុនោះ (លោកសួរថា) ព្រោះឱឃៈជាភ័យធំ កើតឡើងហើយ។

[៣៦៥] ពាក្យថា ដែលត្រូវជរា និងមច្ចុ គ្របសង្កត់ គឺត្រូវជរាប៉ះពាល់ គ្របសង្កត់ រួបរឹត ទន្រ្ទាន ត្រូវមច្ចុប៉ះពាល់ គ្របសង្កត់ រួបរឹត ទន្ទ្រាន ត្រូវជាតិជាប់តាម ត្រូវជរាជ្រួតជ្រាបចូល ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ មិនមានទីការពារ មិនមានទីជ្រក មិនមានទីពឹង មិនមានបុគ្គលជាទីពំនាក់ ហេតុនោះ (លោកសួរថា) ដែលត្រូវជរា និងមច្ចុគ្របសង្កត់។

[៣៦៦] ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹង គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវទីពឹង ទីការពារ ទីជ្រក ទីពំនាក់ ទីពឹង ការប្រព្រឹត្តិនៃដំណើរ។ ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា បពិត្រព្រះអង្គនិរទុក្ខ នេះជាពាក្យពោលដោយគោរព កោតក្រែង ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹង។

[៣៦៧] ពាក្យថា ព្រះអង្គ របស់បទថា សូមព្រះអង្គប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ គឺកប្បមាណពពោលចំពោះព្រះមានព្រះភាគ។ ពាក្យថា សូមត្រាស់ប្រាប់នូវទីពឹង គឺ សូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសនូវទីពឹង នូវទីការពារ នូវទីជ្រក នូវទីពំនាក់ នូវការប្រព្រឹត្តិទៅនៃគតិ ហេតុនោះ (លោកសួរថា) សូមព្រះអង្គប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ។

[៣៦៨] ពាក្យថា ចុះសេចក្តីទុក្ខ (ក្នុងស្រះ) នេះ មិនគប្បីមានតទៅទៀតដោយប្រការណា សេចក្តីថា ទុក្ខនេះ គប្បីរលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងស្រះនេះឯង គឺសេចក្តីទុក្ខដែលកើតអំពីបដិសន្ធិទៀត មិនគប្បីកើតបាន គឺថា មិនគប្បីកើត មិនគប្បីកើតព្រម មិនគប្បីកកើតក្នុងកាមធាតុក្តី រូបធាតុក្តី អរូបធាតុក្តី កាមភពក្តី រូបភពក្តី អរូបភពក្តី សញ្ញាភពក្តី អសញ្ញាភពក្តី នេវសញ្ញានាសញ្ញាភពក្តី ឯកវោការភពក្តី ចតុវោការភពក្តី បញ្ចវោការភពក្តី គតិទៀតក្តី ឧបបត្តិទៀតក្តី បដិសន្ធិទៀតក្តី ភពក្តី សង្សារក្តី វដ្តៈក្តី គឺថា សេចក្តីទុក្ខនេះ គប្បីរលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ក្នុងស្រះនេះឯង ដោយប្រការណា ហេតុនោះ (លោកសួរថា) ចុះសេចក្តីទុក្ខ (ក្នុងស្រះ) នេះ មិនគប្បីមានតទៅទៀត ដោយប្រការណា។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(កប្បមាណពមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ចុះសេចក្តីទុក្ខ (ក្នុងស្រះ) នេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គដោយប្រការនោះ។

[៣៦៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកប្បៈ)

តថាគតនឹងប្រាប់អ្នកនូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ។

[៣៧០] ពាក្យថា អ្នកឋិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ លោកហៅថា ស្រះ បានដល់ដំណើរមក ដំណើរទៅ ដំណើរទៅ និងមក មរណកាល គតិ ភពតូច ភពធំ ការច្យុតិផង ការចាប់កំណើតផង ការកើតផង ការបែកធ្លាយផង ជាតិផង ជរាផង មរណៈផង។ ទីបំផុតខាងដើមនៃសង្សារមិនប្រាកដ ទាំងទីបំផុតខាងចុង ក៏មិនប្រាកដ។បេ។ ពួកសត្វឋិតនៅ តាំងនៅ ជាប់ស្អិត នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់ហើយ ក្នុងសង្សារតែត្រង់កណ្តាល។ ទីបំផុតខាងដើមនៃសង្សារមិនប្រាកដ តើដូចម្តេច។បេ។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដយ៉ាងនេះខ្លះ។ ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដ តើដូចម្តេច។បេ។ ទីបំផុតខាងចុងនៃសង្សារ មិនប្រាកដយ៉ាងនេះខ្លះ។ ទីបំផុតខាងដើមនៃសង្សារ ក៏មិនប្រាកដ ទាំងទីបំផុតខាងចុង ក៏មិនប្រាកដយ៉ាងនេះ។ ពួកសត្វឋិតនៅ តាំងនៅ ជាប់ស្អិតនៅ កុះករ ជ្រុលជ្រប់ ចុះស៊ប់ហើយក្នុងសង្សារតែត្រង់កណ្តាល ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឋិតនៅក្នុងកណ្តាលនៃស្រះ។ ពាក្យថា ម្នាលកប្បៈ របស់បទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលកប្បៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលកប្បៈ។

[៣៧១] ពាក្យថា ព្រោះឱឃៈជាភ័យធំកើតឡើងហើយ គឺ ព្រោះកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ កើត កើតព្រម កកើត ដុះដាល កើតប្រាកដ។ ពាក្យថា ជាភ័យធំ គឺជាភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យធិ ភ័យអំពីមរណៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះឱឃៈជាភ័យធំកើតឡើងហើយ។

[៣៧២] ពាក្យថា ដែលត្រូវជរា និងមច្ចុគ្របសង្កត់ គឺត្រូវជរាប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ទន្រ្ទាន ត្រូវមច្ចុប៉ះពាល់ គ្របសង្កត់ ប្រជុំចុះ ទន្រ្ទាន ត្រូវជាតិជាប់តាម ត្រូវជរាជ្រួតជ្រាបចូល ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ មិនមានទីការពារ មិនមានទីជ្រក មិនមានទីពឹង មិនមានបុគ្គលជាទីសង្ឃឹម ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលត្រូវជរា និងមច្ចុគ្របសង្កត់។

[៣៧៣] ពាក្យថា ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នកនូវទីពឹង គឺតថាគតនឹងពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ នូវទីពឹង ទីការពារ ទីជ្រក ទីពំនាក់ ការប្រព្រឹត្តិទៅនៃគតិ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតនឹងប្រាប់នូវទីពឹង។ ពាក្យថា ម្នាលកប្បៈ របស់បទថា ម្នាលកប្បៈ … ដល់អ្នក គឺព្រះមានព្រះភាគ ហៅព្រាហ្មណ៍នោះតាមឈ្មោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នកនូវទីពឹង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នក នូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ។

[៣៧៤]

ការមិនកង្វល់ ការមិនប្រកាន់មាំ នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ តថាគតហៅនូវទីពឹងនោះ ថានិព្វាន ជាទីអស់ជរា និងមច្ចុដោយប្រការដូច្នេះ។

[៣៧៥] ពាក្យថា ការមិនកង្វល់ ការមិនប្រកាន់មាំ ត្រង់ពាក្យថា ការមិនកង្វល់ សេចក្តីថា កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត ការលះបង់កង្វល់ ការរម្ងាប់កង្វល់ ការរលាស់កង្វល់ ការស្ងប់កង្វល់ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការមិនកង្វល់។ ពាក្យថា ការមិនប្រកាន់មាំ សេចក្តីថា តណ្ហា លោកហៅថា ការប្រកាន់មាំ បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ការលះបង់សេចក្តីប្រកាន់មាំ ការរម្ងាប់សេចក្តីប្រកាន់ ការរលាស់ចោលសេចក្តីប្រកាន់មាំ ការស្ងប់សេចក្តីប្រកាន់មាំ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការមិនកង្វល់ ការមិនប្រកាន់មាំ។

[៣៧៦] ពាក្យថា នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ គឺ នុ៎ះជាទីពឹង ជាទីការពារ ជាទីជ្រក ជាទីពុំនាក់ ជាដំណើរប្រព្រឹត្តទៅនៃគតិ។ ពាក្យថា ឯទីពឹងក្រៅពីនេះ ពុំមានទេ គឺទីពឹងដទៃឯទៀតអំពីទីពឹងនោះ មិនមាន មានតែទីពឹងនោះឯង ជាគុណដ៏លើសផង ប្រសើរផុតផង វិសេសផង ជាប្រធានផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង ហេតុនោះ (ទ្រង់ត្រាស់ថា) ឯទីពឹងក្រៅពីនេះ ពុំមានទេ។

[៣៧៧] អធិប្បាយពាក្យថា តថាគតហៅនូវទីពឹងនោះថា និព្វាន ដោយប្រការដូច្នេះ សេចក្តីថា តណ្ហា លោកហៅថា វានៈ បានដល់រាគៈ រាគៈដ៏មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ការលះបង់វានៈ រម្ងាប់វានៈ រលាស់ចោលវានៈ ស្ងប់វានៈ អមតនិព្វាន។ ពាក្យថា ដោយប្រការដូច្នេះ ជាពាក្យភ្ជាប់បទ។បេ។ ពាក្យថា ដោយប្រការដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា តថាគតហៅ គឺតថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតហៅនូវទីពឹងនោះ ថានិព្វាន ដោយប្រការដូច្នេះ។

[៣៧៨] ពាក្យថា ជាទីអស់ជរា និងមច្ចុ គឺការលះបង់ ការរម្ងាប់ ការរលាស់ ការស្ងប់រម្ងាប់ នូវជរា និងមរណៈ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាទីអស់ជរា និងមច្ចុ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ការមិនមានកង្វល់ ការមិនប្រកាន់មាំ នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ តថាគតហៅនូវទីពឹងនោះ ថានិព្វាន ជាទីអស់ជរា និងមច្ចុ ដោយប្រការដូច្នេះ។

[៣៧៩]

ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនុ៎ះ មានធម៌ឃើញហើយ ជាអ្នករំលត់ហើយ ពួកជននោះ ជាអ្នកមិនលុះអំណាចមារ ពួកជននោះ ជាអ្នកមិនដល់នូវភាពជាអ្នកបំរើមារ។

[៣៨០] ពាក្យថា ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនុ៎ះ ត្រង់ពាក្យថា ទីពឹងនុ៎ះ គឺអមតនិព្វាន បានដល់ការរម្ងាប់សង្ខារទាំងពួង ការលះឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា ដឹង គឺដឹងច្បាស់ ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងឡាយទាំងពួងមិនទៀង។បេ។ ដឹងច្បាស់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា វត្ថុណាមួយមានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងអស់នោះ មានកិរិយារលត់វិញជាធម្មតា។ ពាក្យថា ពួកជនណា បានដល់ពួកព្រះអរហន្តខីណាស្រព។ ពាក្យថា មានសតិ គឺមានសតិដោយហេតុ ៤ គឺ កំពុងចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថាមានសតិ។បេ។ ហេតុនោះ ពួកនោះ លោកហៅថា អ្នកមានសតិ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនណា មានសតិដឹងនូវទីពឹងនុ៎ះ។

[៣៨១] ពាក្យថា មានធម៌ឃើញហើយ ជាអ្នករំលត់ហើយ គឺមានធម៌ឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិចារណាហើយ មានធម៌យល់ច្បាស់ហើយ មានធម៌ប្រាកដហើយ។ ពាក្យថា ជាអ្នករំលត់ គឺ ជាអ្នករំលត់ព្រោះរំលត់រាគៈ ជាអ្នករំលត់ព្រោះរំលត់ទោសៈ ជាអ្នករំលត់ព្រោះរំលត់មោហៈ ជាអ្នករំលត់ព្រោះរំលត់កោធៈ ឧបនាហៈ។បេ។ ជាអ្នករំលត់ព្រោះរំលត់អភិសង្ខារជាអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) មានធម៌ឃើញហើយ ជាអ្នករំលត់ហើយ។

[៣៨២] ពាក្យថា ពួកជននោះជាអ្នកមិនលុះក្នុងអំណាចមារ ត្រង់ពាក្យថា មារ បានដល់ អ្នកសំឡាប់ អ្នកមានធម៌ខ្មៅ អ្នកជាអធិបតី អ្នកដល់នូវទីបំផុត (អកុសលកម្ម) អ្នកមិនលែង អ្នកជាផៅពង្សនៃបុគ្គលធ្វេសប្រហែស។ ពាក្យថា ពួកជននោះ ជាអ្នកមិនលុះអំណាចមារ បានសេចក្តីថា ពួកជននោះ ជាអ្នកមិនលុះក្នុងអំណាចមារ ទាំងមារក៏មិនញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងពួកជននោះបាន ពួកជននោះ គ្របសង្កត់ ញាំញី រួបរឹត រារាំង ជិះជាន់ នូវមារផង អន្ទាក់មារផង សន្ទូចមារផង នុយមារផង វិស័យមារផង លំនៅមារផង គោចរមារផង ចំណងមារផង ហើយនៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជននោះ ជាអ្នកមិនលុះក្នុងអំណាចមារ។

[៣៨៣] ពាក្យថា ពួកជននោះ ជាអ្នកមិនដល់នូវភាពជាអ្នកបំរើមារ គឺពួកជននោះ មិនមែនជាអ្នកប្រើប្រាស់ ជាអ្នកប្រព្រឹត្តក្នុងការប្រើប្រាស់ ជាអ្នកបំរើបំរាស់ ជាអ្នកបំរើរបស់មារទេ ពួកជននោះ ជាអ្នកប្រើប្រាស់ ប្រព្រឹត្តក្នុងការប្រើប្រាស់ ជាអ្នកបំរើបំរាស់ ជាអ្នកបំរើរបស់ព្រះពុទ្ធមានជោគ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជននោះជាអ្នកមិនដល់នូវភាពជាអ្នកបំរើមារ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនុ៎ះ មានធម៌ឃើញហើយ ជាអ្នករំលត់ហើយ ពួកជននោះ ជាអ្នកមិនលុះអំណាចមារ ពួកជននោះ ជាអ្នកមិនដល់នូវភាពជាអ្នកបំរើមារ។

ដំណាលគ្នានឹងកាលជាទីចប់នៃគាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ កប្បមាណវកប្បញ្ហានិទ្ទេស ទី១០។

ជតុកណ្ណីមាណវកប្បញ្ហានិទ្ទេស ទី១១

(១១. ជតុកណ្ណិមាណវបុច្ឆា)

[៣៨៤] (ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះថា)

បពិត្រព្រះអង្គ ជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ ទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់មិនមានប្រាថ្នាក្នុងកាម ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា បពិត្រព្រះអង្គមានព្រះនេត្រកើតព្រមគ្នា សូមព្រះអង្គសំដែងនូវសន្តិបទ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គឲ្យទាន។

[៣៨៥] ពាក្យថា បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ … ទ្រង់មានប្រាថ្នាក្នុងកាម អធិប្បាយថា ខ្ញុំព្រះអង្គឮ ស្តាប់ រៀន ចាំទុក កំណត់ទុកថា ព្រះមានព្រះភាគព្រះអង្គនោះ ជាព្រះអរហន្ត ព្រោះហេតុដូច្នេះខ្លះ។បេ។ ព្រះអង្គត្រាស់ដឹងហើយ ព្រះអង្គមានចំណែកធម៌ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គបានឮហើយ។ ពាក្យថា បពិត្រព្រះអង្គជាវីរបុរស គឺព្រះពុទ្ធជាវីរជន។ ព្រះមានព្រះភាគជាវីរបុរស ព្រោះទ្រង់មានសេចក្តីព្យាយាម។ ជាវីរបុរស ព្រោះព្រះអង្គជាអ្នកសម្បូណ៌ដោយគុណ។ ជាវីរបុរស ព្រោះព្រះអង្គញ៉ាំងសេចក្តីព្យាយាមឲ្យកើត (ក្នុងសន្តានរបស់អ្នកដទៃ)។ ជាវីរបុរស ព្រោះព្រះអង្គមានព្រះហ្ឫទ័យអង់អាច។ ជាវីរបុរស ព្រោះព្រះអង្គជាបុគ្គលក្លៀវក្លា មោះមុត មិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ បានលះបង់នូវសេចក្តីខ្លាច និងសេចក្តីញ័រចំប្រប់ ប្រាសចាកសេចក្តីព្រឺព្រួចរោម។

ព្រះខីណាស្រព វៀរហើយចាកបាបទាំងពួង ក្នុងលោកនេះ មានកិរិយាអប់រំ ដោយសេចក្តីព្យាយាម កន្លងនិរយទុក្ខ លោកមានព្យាយាម មានសេចក្តីប្រឹងប្រែង មិនញាប់ញ័រ មានសភាពដូច្នោះ ទើបលោកហៅថា វីរបុរស។

ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ។ ពាក្យថា កាម របស់បទថា ទ្រង់មិនមានប្រាថ្នាក្នុងកាម បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះលោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ វត្ថុកាម ព្រះពុទ្ធមានជោគ ទ្រង់កំណត់ដឹងហើយ កិលេសកាម ព្រះអង្គលះបង់ហើយ ព្រោះទ្រង់កំណត់ដឹងវត្ថុកាម ព្រោះលះបង់កិលេសកាម ព្រះមានព្រះភាគ ទើបមិនត្រូវការនឹងកាមទាំងឡាយ មិនរីករាយរកកាមទាំងឡាយ មិនប្រាថ្នាកាមទាំងឡាយថា កាមទាំងឡាយប្រសើរបំផុត ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនប្រាថ្នាកាម ចេញចាកកាម លះចោលកាម ខ្ជាក់ចោលកាម លែងកាម លះកាម រលាស់ចោលកាម ប្រាសចាករាគៈ ឃ្លាតចាករាគៈ លះចោលរាគៈ ខ្ជាក់ចោលរាគៈ លែងរាគៈ លះរាគៈ រលាស់ចោលរាគៈ មិនមានប្រាថ្នា រលត់ទុក្ខ ត្រជាក់ សោយសុខ មានព្រះទ័យប្រសើរ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ … ទ្រង់មិនមានប្រាថ្នាក្នុងកាម។ ពាក្យថា ដូច្នេះ របស់បទថា ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះ គឺជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា ជតុកណ្ណី គឺជាគោត្រ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះ។

[៣៨៦] អធិប្បាយពាក្យថា ទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា ត្រង់ពាក្យថា ទ្រង់ឆ្លងឱឃៈ គឺទ្រង់កន្លងឱឃៈ ឈានកន្លង រំលងផុត ប្រព្រឹត្តកន្លងឱឃៈ ហេតុនោះ (លោកពោលថា) ទ្រង់ឆ្លងឱឃៈ។ ពាក្យថា ដើម្បីទូលសួរ គឺដើម្បីសាកសួរ ដើម្បីដណ្តឹង ដើម្បីសូម ដើម្បីអារាធនា ដើម្បីឲ្យជ្រះថ្លា។ ពាក្យថា ទើបមក … ទ្រង់មិនមានសេចក្តីប្រាថ្នា គឺយើងខ្ញុំមកហើយ ជាអ្នកមកហើយ ចូលមកហើយ សំដៅមកហើយ គឺជាអ្នកមកជួបនឹងព្រះអង្គ ដើម្បីទូលសួរព្រះអង្គ ទ្រង់មិនមានប្រាថ្នា ទ្រង់ចេញចាកកាម ទ្រង់ចោលកាម ទ្រង់ខ្ជាក់កាម ទ្រង់លែងកាម ទ្រង់លះកាម ទ្រង់រលាស់កាម ទ្រង់ប្រាសចាករាគៈ ទ្រង់ចោលរាគៈ ទ្រង់ខ្ជាក់រាគៈ ទ្រង់លែងរាគៈ ទ្រង់លះរាគៈ ទ្រង់រលាស់ចោលរាគៈ ហេតុនោះ (លោកទូលសួរថា) ខ្ញុំព្រះអង្គទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា។

[៣៨៧] អធិប្បាយពាក្យថា បពិត្រព្រះអង្គមានព្រះនេត្រកើតព្រមគ្នា សូមព្រះអង្គសំដែងនូវសន្តិបទ ត្រង់ពាក្យថា សន្តិ សេចក្តីថា សន្តិក្តី សន្តិបទក្តី ដោយអាការតែមួយ គឺអមតនិព្វាននោះឯង បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ សមដូចពាក្យនេះដែលព្រះមានព្រះភាគត្រាស់ថា នុ៎ះជាចំណែកដ៏ស្ងប់ នុ៎ះជាចំណែកដ៏ឧត្តម គឺការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ ព្រះនិព្វាន។ មួយទៀត បើដោយអាការដទៃ ពួកធម៌ណាប្រព្រឹត្តទៅ ដើម្បីកិរិយាបានសេចក្តីស្ងប់ ដើម្បីការពាល់ត្រូវសេចក្តីស្ងប់ ដើម្បីការធ្វើឲ្យជាក់លាក់ គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ពួកធម៌នេះ លោកហៅថា សន្តិបទ។ សូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត បើក ចែក ធ្វើឲ្យរាក់ ប្រកាសនូវសន្តិបទ ឧបាយជាគ្រឿងការពារ ឧបាយជាគ្រឿងជ្រក ឧបាយជាគ្រឿងពឹង ឧបាយមិនមានភ័យ ឧបាយមិនច្យុត ឧបាយមិនមានស្លាប់ ឧបាយគឺព្រះនិពា្វន។ ពាក្យថា បពិត្រព្រះអង្គទ្រង់មានព្រះនេត្រកើតព្រមគ្នា គឺសព្វញ្ញុតញ្ញាណ លោកហៅថា ព្រះនេត្រ។ ព្រះពុទ្ធមានព្រះភាគ មានព្រះនេត្រ និងភាពនៃព្រះជិនសិរី (អ្នកឈ្នះកិលេស) កើតឡើងមិនមុនមិនក្រោយ គឺក្នុងខណៈតែមួយ ទៀបគល់នៃពោធិព្រឹក្ស ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានព្រះនេត្រកើតដំណាលគ្នា ហេតុនោះ (លោកទូលសួរថា) បពិត្រព្រះអង្គ មានព្រះនេត្រកើតព្រមគ្នា សូមព្រះអង្គសំដែងនូវសន្តិបទ។

[៣៨៨] ពាក្យថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គ សេចក្តីថា អមតនិព្វាន លោកហៅថា ធម៌ពិត បានខាង ការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់។ ពាក្យថា សូមព្រះអង្គសំដែងនូវសន្តិបទនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គសំដែង ប្រាប់។បេ។ ប្រកាស ហេតុនោះ (លោកពោលថា) បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ ទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់មិនមានប្រាថ្នាក្នុងកាម ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា បពិត្រព្រះអង្គមានព្រះនេត្រកើតព្រមគ្នា សូមព្រះអង្គសំដែងនូវសន្តិបទ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គឲ្យទាន។

[៣៨៩]

ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់នូវកាម ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់នូវប្រឹថពីមណ្ឌលដោយតេជះ សូមព្រះអង្គមានប្រាជ្ញាស្មើដោយផែនដី ត្រាស់ប្រាប់ធម៌ដែលល្មមខ្ញុំព្រះអង្គយល់បាន ជាគ្រឿងលះបង់ស្រឡះនូវជាតិ និងជរាក្នុងលោកនេះ ដល់ខ្ញុំព្រះអង្គជាអ្នកមានប្រាជ្ញាស្តួចស្តើង ឲ្យទាន។

[៣៩០] អធិប្បាយពាក្យថា ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់នូវកាម ត្រង់ពាក្យថា ព្រះមានព្រះភាគនេះ គឺជាពាក្យពោលដោយសេចក្តីគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់។ ពាក្យថា កាម បើតាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ លោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ ព្រះមានព្រះភាគ កំណត់ដឹងវត្ថុកាមទាំងឡាយ លះបង់ គ្របសង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី ញាំញី នូវកិលេសកាមទាំងឡាយហើយ ត្រាច់ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ លោកពោលថា ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់នូវកាម។

[៣៩១] ពាក្យថា ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់នូវប្រឹថពីមណ្ឌលដោយតេជះ សេចក្តីថា សុរិយទេវបុត្រ លោកហៅថា ព្រះអាទិត្យ។ ផែនដី លោកហៅថា ប្រឹថពី។ សុរិយទេវបុត្រមានតេជះ ដោយតេជះ ប្រកបដោយតេជះ គ្របសង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី កំដៅ នូវប្រឹថពី ញ៉ាំវត្ថុដែលតាំងនៅក្នុងអាកាសទាំងអស់ ឲ្យវិនាស កំចាត់បង់ងងឹត ឆ្លុះនូវពន្លឺ ហើយចរទៅក្នុងផ្លូវជាទីចរទៅ គឺអាកាសទទេ យ៉ាងណាមិញ ព្រះមានព្រះភាគមានតេជះ គឺញាណ ប្រកបដោយតេជះ គឺញាណ កំចាត់បង់នូវកិរិយាកើតឡើងនៃអភិសង្ខារទាំងពួង។បេ។ នូវងងឹតគឺកិលេស នូវងងឹតគឺអវិជ្ជា សំដែងនូវពន្លឺគឺញាណ កំណត់ដឹងវត្ថុកាមទាំងឡាយ លះបង់ គ្របសង្កត់ ឃាត់បង់ រួបរឹត ឈ្លេចឈ្លី ញាំញី នូវកិលេសកាមទាំងឡាយ ហើយត្រាច់ទៅ ប្រព្រឹត្រទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោកពោលថា) ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់នូវប្រឹថពីមណ្ឌលដោយតេជះ។

[៣៩២] ពាក្យថា ព្រះអង្គមានប្រាជ្ញាស្មើដោយផែនដី … ដល់ខ្ញុំព្រះអង្គ ជាអ្នកមានប្រាជ្ញាស្តួចស្តើង គឺខ្ញុំព្រះអង្គជាបុគ្គលមានប្រាជ្ញាតិច មានប្រាជ្ញាឱនថយ មានប្រាជ្ញាជ្រោកជ្រាក ចំណែខាងព្រះអង្គមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញាលឿន មានប្រាជ្ញាមុត មានប្រាជ្ញាធ្លុះធ្លាយ ប្រឹថពី ហៅថាផែនដី ព្រះអង្គប្រកបដោយប្រាជ្ញាស្មើដោយផែនដីនោះ ជាបញ្ញាដ៏ទូលាយ ជ្រាលជ្រៅ ហេតុនោះ (លោកពោលថា) ព្រះអង្គមានប្រាជ្ញាស្មើដោយផែនដី … ដល់ខ្ញុំព្រះអង្គ ជាអ្នកមានប្រាជ្ញាស្តួចស្តើង។

[៣៩៣] ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់ធម៌ដែលល្មមខ្ញុំព្រះអង្គយល់បាន ត្រង់ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់ធម៌ គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវព្រហ្មចរិយៈ មានលំអក្នុងខាងដើម មានលំអក្នុងកណ្តាល មានលំអក្នុងទីបំផុត ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ បរិបូណ៌ទាំងអស់ដ៏បរិសុទ្ធ នូវសតិប្បដ្ឋាន ៤។បេ។ នូវព្រះនិព្វានផង នូវបដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផង ហេតុនោះ (លោកពោលថា) សូមព្រះអង្គត្រាស់ប្រាប់ធម៌។ ពាក្យថា ដែលល្មមខ្ញុំព្រះអង្គយល់បាន គឺ ដែលល្មមខ្ញុំព្រះអង្គដឹង យល់ច្បាស់ ចាក់ធ្លុះ ពាល់ត្រូវ ធ្វើឲ្យជាក់ច្បាស់បាន ហេតុនោះ (លោកពោលថា) សូមព្រះអង្គត្រាស់ប្រាប់ធម៌ ដែលល្មមខ្ញុំព្រះអង្គយល់បាន។

[៣៩៤] ពាក្យថា ជាគ្រឿងលះបង់ស្រឡះនូវជាតិ និងជរា ក្នុងលោកនេះ គឺជាគ្រឿងលះបង់ រម្ងាប់ រលាស់ចេញ ស្ងប់រម្ងាប់ នូវជាតិ ជរា និងមរណៈ ក្នុងលោកនេះឯង គឺអមតនិព្វាន ហេតុនោះ (លោកពោលថា) ជាគ្រឿងលះបង់ស្រឡះនូវជាតិ និងជរា ក្នុងលោកនេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់នូវកាម ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់ប្រឹថពីមណ្ឌលដោយតេជះ សូមព្រះអង្គមានប្រាជ្ញាស្មើដោយផែនដី ត្រាស់ប្រាប់ធម៌ ដែលល្មមខ្ញុំព្រះអង្គយល់បាន ជាគ្រឿងលះបង់ស្រឡះនូវជាតិ និងជរា ក្នុងលោកនេះ ដល់ខ្ញុំព្រះអង្គជាអ្នកមានប្រាជ្ញាស្តួចស្តើង ឲ្យទាន។

[៣៩៥] (ព្រះមានព្រះភាគត្រាស់ថា ម្នាលជតុកណ្ណី)

អ្នកចូរឃើញនូវនេក្ខម្មៈ ថាជាសេចក្តីក្សេម ហើយកំចាត់បង់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ ការប្រកាន់ក្តី ការត្រូវរលាស់ចេញក្តី កង្វល់ក្តី កុំមានដល់អ្នកឡើយ។

[៣៩៦] អធិប្បាយពាក្យថា កំចាត់បង់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ ត្រង់ពាក្យថា ក្នុងកាមទាំងឡាយ គឺតាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅថា វត្ថុកាម។បេ។ ទាំងនេះហៅថា កិលេសកាម។ ពាក្យថា សេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា កំចាត់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ គឺកំចាត់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កំចាត់បង់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ។ ពាក្យថា ម្នាលជតុកណ្ណី គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមគោត្រ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលជតុកណ្ណី។

[៣៩៧] ពាក្យថា នេក្ខម្មៈ របស់បទថា អ្នកចូរឃើញនូវនេក្ខម្មៈ ថាជាសេចក្តីក្សេម គឺអ្នកចូរឃើញ យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដនូវសេចក្តីប្រតិបត្តិដ៏ប្រពៃ សេចក្តីប្រតិបត្តិដ៏សមគួរ សេចក្តីប្រតិបត្តិជាសឹកសត្រូវ សេចក្តីប្រតិបត្តិសមគួរដល់ប្រយោជន៍ សេចក្តីប្រតិបត្តិធម៌សមគួរដល់ធម៌ ការធ្វើឲ្យពេញលេញក្នុងសីលទាំងឡាយ ការគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ការដឹងប្រមាណក្នុងភោជន ការប្រកបរឿយ ៗ នូវសេចក្តីភ្ញាក់រឭក សតិ និងសម្បជញ្ញៈ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ព្រះនិព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន ថាជាសេចក្តីក្សេម ថាជាទីការពារ ថាជាទីជ្រក ថាជាទីពឹង ថាជាទីពំនាក់ ថាជាទីមិនមានភ័យ ថាជាទីមិនច្យុត ថាជាទីមិនមានសេចក្តីស្លាប់ ថាជាទីចេញចាកវានៈ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរឃើញនូវនេក្ខម្មៈ ថាជាសេចក្តីក្សេម។

[៣៩៨] ពាក្យថា ការប្រកាន់ របស់បទថា ការប្រកាន់ក្តី ការត្រូវរលាស់ចេញក្តី គឺការប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ ការជ្រុលជ្រប់ ការចុះស៊ប់ ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ។ ពាក្យថា ការត្រូវរលាស់ចេញ គឺការត្រូវលះលែង ការត្រូវដកចេញ ការត្រូវលះបង់ ការត្រូវធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការប្រកាន់ក្តី ការត្រូវរលាស់ចេញក្តី។

[៣៩៩] ពាក្យថា កង្វល់ក្តី កុំមានដល់អ្នកឡើយ សេចក្តីថា កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត កង្វល់នេះកុំមាន កុំដិតដល់ កុំមានប្រាកដដល់អ្នក គឺថា អ្នកចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កង្វល់ក្តី កុំមានដល់អ្នកឡើយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលជតុកណ្ណី) អ្នកចូរឃើញនូវនេក្ខម្មៈ ថាជាសេចក្តីក្សេម ហើយកំចាត់បង់នូវសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយចេញ មួយទៀត ការប្រកាន់ក្តី ការត្រូវរលាស់ចេញក្តី កង្វល់ក្តី កុំមានដល់អ្នកឡើយ។

[៤០០]

កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ។

[៤០១] ពាក្យថា កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ គឺពួកកិលេសណា គប្បីកើតព្រោះប្រារព្ធសង្ខារទាំងឡាយជាអតីត អ្នកចូរញ៉ាំងកិលេសទាំងនោះ ឲ្យរីង ឲ្យស្ងួត ឲ្យខះ ឲ្យហួតហែង ចូរធ្វើកុំឲ្យមានពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះឲ្យរីងស្ងួតទៅ យ៉ាងនេះក៏មាន។ មួយទៀត ពួកកម្មាភិសង្ខារណា ជាអតីត មានវិបាកចាស់ក្លាហើយ អ្នកចូរញ៉ាំងកម្មាភិសង្ខារទាំងនោះ ឲ្យរីង ឲ្យស្ងួត ឲ្យខះ ឲ្យហួតហែង ចូរធ្វើកុំឲ្យមានពូជ ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ យ៉ាងនេះក៏មាន។

[៤០២] ពាក្យថា កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ សេចក្តីថា កង្វល់ជាអនាគត ហៅថា កង្វល់ខាងក្រោយ បានដល់កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត ព្រោះប្រារព្ធសង្ខារទាំងឡាយជាអនាគត កង្វល់នេះ កុំមាន កុំឲ្យកើតមានដល់អ្នក អ្នកចូរកុំញ៉ាំងកង្វល់ឲ្យកើត កុំបង្ក កុំឲ្យលូតលាស់ឡើង ចូរលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន ហេតុនោះ (ទ្រង់ត្រាស់ថា) កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ។

[៤០៣] ពាក្យថា បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា ខន្ធជាកណ្តាល អ្នកនឹងមិនកាន់យក មិនចាប់ មិនស្ទាបអង្អែល មិនរីករាយ មិនជ្រុលជ្រប់ ចំពោះសង្ខារទាំងឡាយជាបច្ចុប្បន្ន ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ គឺថា បើអ្នកនឹងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវសេចក្តីរីករាយ ការជ្រុលជ្រប់ ការប្រកាន់ ការស្ទាបអង្អែល ការជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ។

[៤០៤] ពាក្យថា អ្នកនឹងជាបុគ្គលស្ងប់ត្រាច់ទៅ គឺឈ្មោះថា អ្នកស្ងប់ ព្រោះស្ងប់រាគៈ ឈ្មោះថាអ្នកស្ងប់ ព្រោះស្ងប់ទោសៈ ឈ្មោះថាអ្នកស្ងប់ ព្រោះស្ងប់មោហៈ ឈ្មោះថាអ្នកស្ងប់ ស្ងប់រម្ងាប់ រម្ងាប់សូន្យ រលត់ រសាយ រលាយ ព្រោះស្ងប់ រម្ងាប់ រម្ងាប់សូន្យ ផុតរំលត់ ទៅប្រាស រសាយ រលាយ នូវកោធៈ ឧបនាហៈ។បេ។ អភិសង្ខារជាអកុសលទាំងពួង ហើយនឹងត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកនឹងជាបុគ្គលស្ងប់ត្រាច់ទៅ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

កិលេសជាតណា (ធ្លាប់មានហើយ) ក្នុងកាលមុន អ្នកចូរញ៉ាំងកិលេសជាតនោះ ឲ្យរីងស្ងួតទៅ កង្វល់ខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកនឹងមិនកាន់យកខន្ធជាកណ្តាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ។

[៤០៥]

ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះអំណាចមច្ចុ ដោយអាសវៈទាំងឡាយណា អាសវៈ (ទាំងនោះ) របស់បុគ្គលដែលប្រាសចាកតម្រេកក្នុងនាមរូប ដោយប្រការទាំងពួងនោះ មិនមានទេ។

[៤០៦] អធិប្បាយពាក្យថា ម្នាលព្រាហ្មណ៍ …ដែលប្រាសចាកតម្រេកក្នុងនាមរូប ដោយប្រការទាំងពួង ត្រង់ពាក្យថា ដោយប្រការទាំងពួង គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសេសសល់។ ពាក្យថា ដោយប្រការទាំងពួងនុ៎ះ ជាពាក្យប្រមូល។ ពាក្យថា នាម បានដល់អរូបក្ខន្ធ ៤។ ពាក្យថា រូប បានដល់មហាភូតរូប ៤ និងឧបាទាយរូបរបស់មហាភូតរូប ៤។ តណ្ហា លោកហៅថា តម្រេក បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ម្នាលព្រាហ្មណ៍ …. ដែលប្រាសចាកតម្រេកក្នុងនាមរូប ដោយប្រការទាំងពួងបាន សេចក្តីថា ប្រាសចាកប្រាថ្នា ឃ្លាតចាកប្រាថ្នា ចោលប្រាថ្នា ខ្ជាក់ប្រាថ្នា លែងប្រាថ្នា លះប្រាថ្នា រលាស់ប្រាថ្នា គឺជាអ្នកប្រាសចាករាគៈ ឃ្លាតចាករាគៈ ចោលរាគៈ ខ្ជាក់រាគៈ លែងរាគៈ លះរាគៈ រលាស់រាគៈ ក្នុងនាមរូបដោយប្រការទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ … ដែលប្រាសចាកតម្រេកក្នុងនាមរូបដោយប្រការទាំងពួង។

[៤០៧] អធិប្បាយពាក្យថា អាសវៈទាំងឡាយ របស់បុគ្គលនោះ មិនមានទេ ត្រង់ពាក្យថា អាសវៈ បានដល់ អាសវៈ ៤ គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ ពាក្យថា របស់បុគ្គលនោះ គឺរបស់ព្រះអរហន្តខីណាស្រព។ ពាក្យថា មិនមាន គឺអាសវៈទាំងនេះ របស់ព្រះអរហន្តនោះ មិនមាន ឥតមាន លែងមាន គឺលោកមិនបាន លោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ធ្វើឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អាសវៈទាំងឡាយ របស់បុគ្គលនោះ មិនមានទេ។

[៤០៨] ពាក្យថា បុគ្គលតែងលុះអំណាចមច្ចុ ដោយអាសវៈទាំងឡាយណា សេចក្តីថា បុគ្គលតែងលុះអំណាចមច្ចុក្តី លុះអំណាចមរណៈក្តី លុះអំណាចមារក្តី ដោយអាសវៈទាំងឡាយណា អាសវៈទាំងនោះ របស់ព្រះអរហន្តនោះ មិនមាន ឥតមាន លែងមាន គឺលោកមិនបាន លោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលតែងលុះអំណាចមច្ចុ ដោយអាសវៈទាំងឡាយណា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះអំណាចមច្ចុ ដោយអាសវៈទាំងឡាយណា អាសវៈ (ទាំងនោះ) របស់បុគ្គលដែលប្រាសចាកតម្រេកក្នុងនាមរូប ដោយប្រការទាំងពួងនោះ មិនមានទេ។

ដំណាលគ្នានឹងកាលជាទីចប់នៃគាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ ជតុកណ្ណីមាណវកប្បញ្ហានិទ្ទេស ទី១១។

ភទ្រាវុធមាណវកប្បញ្ហានិទ្ទេស ទី១២

(១២. ភទ្រាវុធមាណវបុច្ឆា)

[៤០៩] (ភទ្រាវុធមានអាយុ ពោលដូច្នេះថា)

ខ្ញុំព្រះអង្គសូមអារាធនាព្រះមានព្រះភាគ ព្រះអង្គលះបង់ទីលំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះទ័យរួចស្រឡះ លះបង់គ្រឿងកំណត់ មានបញ្ញាល្អ ពួកជនបានស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គ ជាព្រះពុទ្ធនាគហើយ នឹងចៀសចេញអំពីទីនេះ។

[៤១០] អធិប្បាយពាក្យថា ព្រះអង្គលះបង់ទីលំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ ត្រង់ពាក្យថា ព្រះអង្គលះបង់ទីលំនៅ សេចក្តីថា ឆន្ទៈណា រាគៈណា នន្ទិណា តណ្ហាណា ការចូលទៅជិតប្រកាន់ជាគ្រឿងតាំងស៊ប់របស់ចិត្ត ជាទីមកដេកត្រាំជាប់ណា ក្នុងរូបធាតុ កិលេសទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុនោះ ព្រះពុទ្ធឈ្មោះថាលះបង់ទីលំនៅ។ ឆន្ទៈណា រាគៈណា នន្ទិណា តណ្ហាណា ការចូលទៅជិតប្រកាន់ ជាគ្រឿងតាំងស៊ប់របស់ចិត្ត ជាទីមកដេកត្រាំជាប់ណា ក្នុងវេទនាធាតុ សញ្ញាធាតុ សង្ខារធាតុ វិញ្ញាណធាតុ កិលេសទាំងនោះ ព្រះពុទ្ធមានព្រះភាគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុនោះ ព្រះពុទ្ធឈ្មោះថាលះបង់ទីលំនៅ។ ពាក្យថា តណ្ហា របស់បទថា កាត់បង់តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា តណ្ហានោះ ព្រះពុទ្ធមានព្រះភាគកាត់បង់ ផ្តាច់បង់ ផ្តិលផ្តាច់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះពុទ្ធឈ្មោះថា កាត់បង់តណ្ហា។ ពាក្យថា មិនមានការញាប់ញ័រ សេចក្តីថា តណ្ហា ហៅថា ការញាប់ញ័រ បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ការញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធមានជោគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមានបែបភាព មិនឲ្យកើតឡើងជាធម្មតាតទៅ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានការញាប់ញ័រ។ ព្រះពុទ្ធ ឈ្មោះថា មិនមានការញាប់ញ័រ ព្រោះទ្រង់លះបង់ការញាប់ញ័រហើយ។ ព្រះមានព្រះភាគ មិនរំភើបក្នុងលាភផង មិនរំភើបក្នុងអលាភផង មិនរំភើបក្នុងយសផង មិនរំភើបក្នុងអយសផង មិនរំភើបក្នុងបសំសាផង មិនរំភើបក្នុងនិន្ទាផង មិនរំភើបក្នុងសុខផង មិនរំភើប មិនកំរើក មិនញាប់ញ័រ មិនរញ្ជួយ មិនកក្រើកក្នុងទុក្ខផង ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានការញាប់ញ័រ ហេតុនោះ (លោកពោលថា) ព្រះអង្គលះបង់លំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ។ ពាក្យថា ដូច្នេះ របស់បទថា ភទ្ទ្រាវុធមានអាយុ ពោលដូច្នេះ ជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា ភទ្រ្ទាវុធ ជាឈ្មោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) ភទ្រ្ទាវុធមានអាយុ ពោលដូច្នេះ។

[៤១១] ពាក្យថា លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះទ័យរួចស្រឡះ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីត្រេកអរ បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីត្រេកអរ គឺតណ្ហានោះ ព្រះពុទ្ធមានព្រះភាគ លះបង់ ផ្តាច់ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព មិនឲ្យកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធទើបឈ្មោះថា លះបង់សេចក្តីត្រេកអរ។ ពាក្យថា ឆ្លងអន្លង់ គឺព្រះមានព្រះភាគ ទ្រង់ឆ្លងកាមោឃៈ ឆ្លងភវោឃៈ ឆ្លងទិដ្ឋោឃៈ ឆ្លងអវិជ្ជោឃៈ ឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ឈានរំលង ផ្លោះរំលង នូវផ្លូវគឺសង្សារទាំងអស់ ព្រះអង្គមានការអប់រំនៅហើយ មានចរណៈប្រព្រឹត្តហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ និងសង្សារនៃព្រះអង្គ មិនមានឡើយ ហេតុនោះ ទើបឈ្មោះថា ទ្រង់លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់។ ពាក្យថា មានព្រះទ័យរួចស្រឡះ គឺព្រះហឫទ័យរបស់ព្រះមានព្រះភាគ ផុត រួចស្រឡះ រួចស្រឡះដោយប្រពៃចាករាគៈ ព្រះហឫទ័យផុត រួចស្រឡះ រួចស្រឡះដោយប្រពៃចាកទោសៈ ព្រះហឫទ័យផុត រួចស្រឡះ រួចស្រឡះដោយប្រពៃ ចាកមោហៈ ព្រះហឫទ័យផុត រួចស្រឡះ រួចស្រឡះដោយប្រពៃចាកកោធៈ ឧបនាហៈ។បេ។ អកុសលាភិសង្ខារទាំងអស់ ហេតុនោះ (លោកពោលថា) លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះហឫទ័យរួចស្រឡះ។

[៤១២] ពាក្យថា ខ្ញុំព្រះអង្គសូមអារាធនាព្រះមានព្រះភាគ ទ្រង់លះបង់គ្រឿងកំណត់ មានបញ្ញាល្អ ត្រង់ពាក្យថា គ្រឿងកំណត់ បានដល់ កប្បៈ (គ្រឿងកំណត់) ២ គឺតណ្ហាកប្បៈ ១ ទិដ្ឋិកប្បៈ ១។បេ។ នេះ តណ្ហាកប្បៈ។បេ។ នេះ ទិដ្ឋិកប្បៈ។ ព្រះពុទ្ធមានព្រះភាគ លះបង់តណ្ហាកប្បៈ រលាស់ចោលទិដ្ឋិកប្បៈ ព្រះពុទ្ធឈ្មោះថា លះបង់កប្បៈ ព្រោះលះបង់តណ្ហាកប្បៈ ព្រោះរលាស់ចោលទិដ្ឋិកប្បៈ។ ពាក្យថា សូមអារាធនា គឺខ្ញុំព្រះអង្គសូមអង្វរ អារាធនា និមន្ត ត្រេកអរ ប្រាថ្នា ស្រឡាញ់ ប៉ុនប៉ង។ ពាក្យថា មានបញ្ញាល្អ សេចក្តីថា ប្រាជ្ញា ហៅថា បញ្ញា បានដល់ ប្រាជ្ញាការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង ការពិនិត្យធម៌ ឃើញត្រូវ។ ព្រះមានព្រះភាគ ប្រកប ប្រកបព្រម ចូលទៅប្រកប ចូលទៅប្រកបព្រម ចូលដល់ ចូលដល់ព្រម មកដល់ព្រម ដោយបញ្ញាជាគ្រឿងកំចាត់នេះឯង ហេតុនោះ ព្រះពុទ្ធទើបឈ្មោះថា មានបញ្ញាដ៏ល្អ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គសូមអារាធនាព្រះអង្គ ទ្រង់លះបង់គ្រឿងកំណត់ មានបញ្ញាល្អ។

[៤១៣] ពាក្យថា ពួកជនបានស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គ ជាព្រះពុទ្ធនាគហើយ នឹងចៀសចេញអំពីទីនេះ ត្រង់ពាក្យថា នាគ គឺ (ព្រះពុទ្ធ) ទ្រង់ព្រះនាមថា ព្រះនាគ។ ព្រះមានព្រះភាគ ទ្រង់ព្រះនាមថា នាគ ព្រោះមិនធ្វើអំពើអាក្រក់។ ទ្រង់ព្រះនាមថា នាគ ព្រោះមិនលុះ (អគតិ)។ ទ្រង់ព្រះនាមថា នាគ ព្រោះមិនមក។បេ។ ព្រះមានព្រះភាគ ព្រះនាមថា នាគ ព្រោះមិនមក យ៉ាងនេះឯង។ ពាក្យថា ពួកជនស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គជាព្រះពុទ្ធនាគហើយ នឹងចៀសចេញអំពីទីនេះ គឺពួកជនស្តាប់ ឮ កួចកាន់ ចាំទុក កំណត់ទុក នូវព្រះតម្រាស់ គន្លងនៃវាចា ទេសនា អនុសន្ធិ របស់ព្រះអង្គហើយ នឹងចៀសចេញ នឹងគេចចេញអំពីទីនេះ ទៅកាន់ទិសផ្សេងៗ ហេតុនោះ (លោកពោលថា) ពួកជនស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គជាព្រះពុទ្ធនាគហើយ នឹងចៀសចេញអំពីទីនេះ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

(ភទ្រ្ទាវុធមានអាយុ ពោលដូច្នេះថា) ខ្ញុំព្រះអង្គសូមអារាធនា ព្រះមានព្រះភាគ ព្រះអង្គលះលំនៅ កាត់បង់តណ្ហា មិនមានការញាប់ញ័រ លះបង់សេចក្តីត្រេកអរ ឆ្លងអន្លង់ មានព្រះហឫទ័យរួចស្រឡះ លះបង់គ្រឿងកំណត់ មានបញ្ញាល្អ ពួកជនស្តាប់ (ព្រះតម្រាស់) របស់ព្រះអង្គជាព្រះពុទ្ធនាគហើយ នឹងចៀសចេញអំពីទីនេះ។

[៤១៤]

បពិត្រព្រះអង្គជាវីរបុរស ពួកជនផ្សេងៗ ចេញអំពីជនបទទាំងឡាយ មកប្រជុំគ្នា ត្រូវការព្រះតម្រាស់របស់ព្រះអង្គ សូមព្រះអង្គសំដែងដោះប្រស្នា ដើម្បីជនទាំងនោះ ព្រោះថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយដោយពិត។

[៤១៥] អធិប្បាយពាក្យថា ពួកជនផ្សេងៗ ចេញអំពីជនបទទាំងឡាយ មកប្រជុំគ្នា ត្រង់ពាក្យថា ពួកជនផ្សេងៗ បានដល់ ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ចេញអំពីជនបទទាំងឡាយ មកប្រជុំគ្នា គឺចេញអំពីជនបទ ឈ្មោះអង្គៈផង មគធៈផង កាសីផង កោសលៈផង វជ្ជីផង មល្លៈផង ចេតិយៈផង សាគរៈផង បញ្ចាលៈផង អវនិ្តផង យោនៈផង កម្ពោជៈផង។ ពាក្យថា មកប្រជុំគ្នា គឺមកផ្តុំ មកព្រមគ្នា មកស្រុះគ្នា មកជួបជុំគ្នា ហេតុនោះ (លោកពោលថា) ពួកជនផ្សេងៗ ចេញអំពីជនបទទាំងឡាយ មកប្រជុំគ្នា។

[៤១៦] ពាក្យថា បពិត្រព្រះអង្គជាវីរបុរស (ពួកជន) ត្រូវការព្រះតម្រាស់របស់ព្រះអង្គ ត្រង់ពាក្យថា បពិត្រព្រះអង្គជាវីរបុរស គឺព្រះពុទ្ធជាវីរបុរស។ ព្រះមានព្រះភាគ ព្រះនាមថា វីរបុរស ព្រោះទ្រង់មានព្យាយាម។ ព្រះនាមថា វីរបុរស ព្រោះទ្រង់សម្បូណ៌ដោយគុណ។ ព្រះនាមថា វីរបុរស ព្រោះទ្រង់ជាអ្នកបណ្តុះសេចក្តីព្យាយាម។ ព្រះនាមថាវីរបុរស ព្រោះទ្រង់អង់អាច។បេ។ ព្រះនាមថា វីរបុរស ព្រោះទ្រង់ប្រាសចាកការព្រឺរោម។

បុគ្គលណាវៀរហើយ ចាកបាបទាំងពួង ក្នុងលោកនេះ ជាអ្នកមានព្យាយាមជាលំនៅ កន្លងនិរយទុក្ខ បុគ្គលនោះ ជាអ្នកមានព្យាយាម មានសេចក្តីប្រឹងប្រែង មានសភាពដូច្នោះ លោកហៅថា វីរបុរស ជាបុគ្គលមិនកម្រើក។

ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គ ជាវីរបុរស … របស់ព្រះអង្គ។ ពាក្យថា ត្រូវការព្រះតម្រាស់ គឺព្រះតម្រាស់ គន្លងនៃវាចា ទេសនា អនុសន្ធិ របស់ព្រះអង្គ។ ពាក្យថា ត្រូវការ គឺប៉ុនប៉ង ត្រូវការប្រាថ្នា ត្រេកអរ ចង់បាន ស្រឡាញ់ ជាប់ចិត្ត ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាវីរបុរស ពួកជនត្រូវការព្រះតម្រាស់របស់ព្រះអង្គ។

[៤១៧] ពាក្យថា សូមព្រះអង្គសំដែងដោះប្រស្នា ដើម្បីជនទាំងនោះ ត្រង់ពាក្យថា ដើម្បីជនទាំងនោះ គឺដើម្បីជនទាំងនោះ បានដល់ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ព្រះអង្គ គឺភទ្រ្ទាវុធនិយាយចំពោះព្រះមានព្រះភាគ។ ពាក្យថា សូមព្រះអង្គសំដែង គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្ត ផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកពោលថា) សូមព្រះអង្គសំដែង។

[៤១៨] ពាក្យថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយដោយពិត គឺធម៌នុ៎ះ ព្រះអង្គជ្រាប ដឹង ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដ ដោយពិត ហេតុនោះ (លោកពោលថា) ធម៌នុ៎ះ ព្រះអង្គជ្រាបហើយដោយពិត។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជាវីរបុរស ពួកជនផ្សេងៗ ចេញអំពីជនបទទាំងឡាយ មកប្រជុំគ្នា ត្រូវការព្រះតម្រាស់របស់ព្រះអង្គ សូមព្រះអង្គសំដែងដោះប្រស្នា ដើម្បីជនទាំងនោះ ព្រោះថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយដោយពិត។

[៤១៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលភទ្រ្ទាវុធ) បុគ្គលគប្បីកំចាត់អាទានតណ្ហា (តណ្ហាជាគ្រឿងប្រកាន់) ទាំងអស់ ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល ព្រោះថា ពួកសត្វប្រកាន់នូវខន្ធបញ្ចកៈណាៗ ក្នុងលោក មារតែងជាប់តាមនូវសត្វដោយអភិសង្ខារ គឺកម្មនោះឯង។

[៤២០] ពាក្យថា បុគ្គលត្រូវកំចាត់អាទានតណ្ហាទាំងអស់ គឺ រូបតណ្ហា ហៅថា អាទានតណ្ហា។ ព្រោះហេតុអ្វី រូបតណ្ហា ហៅថា អាទានតណ្ហា។ ពួកសត្វរមែងកាន់ ប្រកាន់ កួចកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប ដោយតណ្ហានោះ កាន់ ប្រកាន់ កួចកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ហេតុនោះ រូបតណ្ហា ហៅថា អាទានតណ្ហា។ ពាក្យថា បុគ្គលត្រូវកំចាត់អាទានតណ្ហាទាំងអស់ គឺបុគ្គលត្រូវកំចាត់ បណ្តេញ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាព នូវអាទានតណ្ហាទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលត្រូវកំចាត់អាទានតណ្ហាទាំងអស់។ ពាក្យថា ភទ្រ្ទាវុធ របស់បទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលភទ្រ្ទាវុធ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា មានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលភទ្រ្ទាវុធ។

[៤២១] ពាក្យថា ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល សេចក្តីថា អនាគត ហៅថា ខាងលើ។ អតីត ហៅថា ខាងក្រោម។ បច្ចុប្បន្ន ហៅថា ទទឹង គឺកណ្តាល។ ពួកកុសលធម៌ ហៅថា ខាងលើ។ ពួកអកុសលធម៌ ហៅថា ខាងក្រោម។ ពួកអព្យាកតធម៌ ហៅថា ទទឹង គឺកណ្តាល។ ទេវលោក ហៅថា ខាងលើ។ អបាយលោក ហៅថា ខាងក្រោម។ មនុស្សលោក ហៅថា ទទឹង គឺកណ្តាល។ សុខវេទនា ហៅថា ខាងលើ។ ទុក្ខវេទនា ហៅថា ខាងក្រោម។ អទុក្ខមសុខវេទនា ហៅថា ទទឹង គឺកណ្តាល។ អរូបធាតុ ហៅថា ខាងលើ។ កាមធាតុ ហៅថា ខាងក្រោម។ រូបធាតុ ហៅថា ទទឹង គឺកណ្តាល។ សរីរៈខាងលើអំពីបាតជើងឡើងទៅ ហៅថា ខាងលើ។ សរីរៈខាងក្រោមអំពីចុងសក់ចុះមក ហៅថា ខាងក្រោម។ សរីរៈត្រង់ពាក់កណ្តាល ហៅថា ទទឹង គឺកណ្តាល ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹង គឺកណ្តាល។

[៤២២] ពាក្យថា ព្រោះពួកសត្វប្រកាន់នូវខន្ធបញ្ចកៈណាៗ ក្នុងលោក គឺព្រោះពួកសត្វកាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប វេទនា សញ្ញា សង្ខារ វិញ្ញាណណាៗ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកសត្វប្រកាន់នូវខន្ធបញ្ចកៈណា ៗ ក្នុងលោក។

[៤២៣] ពាក្យថា មារតែងជាប់តាមនូវសត្វ ដោយអភិសង្ខារ គឺកម្មនោះឯង បានដល់ មារគឺខន្ធ មារគឺធាតុ មារគឺអាយតនៈ មារគឺគតិ មារគឺឧបបត្តិ មារគឺបដិសន្ធិ មារគឺភព មារគឺសង្សារ មារគឺវដ្តៈ ដែលប្រកបដោយបដិសន្ធិ តែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ដោយអំណាចនៃអភិសង្ខារ គឺកម្មនោះឯង។ ពាក្យថា សត្វ គឺសត្វ នរៈ មាណព បុរស បុគ្គល ជីវៈ សត្វមានជាតិ មានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) មារតែងជាប់តាមនូវសត្វ ដោយអភិសង្ខារគឺកម្មនោះឯង។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលភទ្រ្ទាវុធ) បុគ្គលត្រូវកំចាត់អាទានតណ្ហាទាំងអស់ ទាំងខាងលើ ទាំងខាងក្រោម ទាំងទទឹងគឺកណ្តាល ព្រោះថា ពួកសត្វប្រកាន់នូវខន្ធបញ្ចកៈណា ៗ ក្នុងលោក មារតែងជាប់តាមសត្វ ដោយអភិសង្ខារ គឺកម្មនោះឯង។

[៤២៤]

ព្រោះហេតុដូច្នោះ ភិក្ខុដឹងច្បាស់ នឹករលឹកឃើញ កាលសំឡឹងឃើញនូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ នូវប្រជាជននេះ ដែលជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមន្ទៈដូច្នេះ មិនគប្បីប្រកាន់នូវខន្ធបញ្ចកៈនីមួយក្នុងលោកទាំងពួង។

[៤២៥] ពាក្យថា ព្រោះហេតុដូច្នោះ … ដឹងច្បាស់ … មិនគប្បីប្រកាន់ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ឃើញច្បាស់នូវទោសនុ៎ះ ក្នុងអាទានតណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុដូច្នោះ។ ពាក្យថា ដឹងច្បាស់ គឺ ដឹង ដឹងច្បាស់ យល់ច្បាស់ ដឹងវិសេស យល់ ធ្លុះធ្លាយ ត្រាស់ដឹងថា សង្ខារទាំងឡាយទាំងពួងមិនទៀង។បេ។ ដឹង ដឹងច្បាស់ យល់ច្បាស់ ដឹងវិសេស យល់ធ្លុះធ្លាយ ត្រាស់ដឹងថា ធម្មជាតណានីមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មិនគប្បីប្រកាន់ គឺមិនត្រូវកួចកាន់ មិនត្រូវកាន់យក មិនត្រូវស្ទាបអង្អែល មិនត្រូវជាប់ចំពាក់ចំពោះរូប មិនត្រូវប្រកាន់ មិនត្រូវកួចកាន់ មិនត្រូវកាន់យក មិនត្រូវស្ទាបអង្អែល មិនត្រូវចំពាក់ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុដូច្នោះ ដឹងច្បាស់ មិនគប្បីប្រកាន់។

[៤២៦] ពាក្យថា ភិក្ខុនឹករលឹកឃើញនូវខន្ធបញ្ចកៈនីមួយក្នុងលោកទាំងពួង ត្រង់ពាក្យថា ភិក្ខុ គឺភិក្ខុជាកល្យាណបុថុជ្ជន ឬភិក្ខុជាសេក្ខៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុ។ ពាក្យថា នឹករលឹកឃើញ គឺនឹករលឹកដោយហេតុ ៤ គឺកំពុងចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថានឹករលឹកឃើញ។បេ។ ភិក្ខុនោះលោកហៅថា អ្នករលឹកឃើញ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនឹករលឹកឃើញ។ ពាក្យថា ខន្ធបញ្ចកៈនីមួយ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណានីមួយ។ ពាក្យថា ក្នុងលោកទាំងពួង គឺក្នុងអបាយលោកទាំងមូល ក្នុងទេវលោកទាំងមូល ក្នុងមនុស្សលោកទាំងមូល ក្នុងខន្ធលោកទាំងមូល ក្នុងអាយតនលោកទាំងមូល ក្នុងធាតុលោកទាំងមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនឹករលឹកឃើញខន្ធបញ្ចកៈនីមួយ ក្នុងលោកទាំងពួង។

[៤២៧] ពាក្យថា កាលសំឡឹងឃើញនូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ដូច្នេះ គឺពួកសត្វណា កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ សត្វទាំងនោះ លោកហៅថា អ្នកជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់។ ពាក្យថា ដូច្នេះ គឺជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា កាលសំឡឹងឃើញ គឺកាលឃើញ មើលឃើញ យល់ឃើញ រមិលមើល គន់មើល ពិចារណាមើល ហេតុនោះ (ទ្រង់ត្រាស់ថា) កាលសំឡឹងឃើញនូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ដូច្នេះ។

[៤២៨] ពាក្យថា ប្រជាជននេះដែលជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមច្ចុ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះនៃសត្វ។ ពាក្យថា ហេតុជាទីតាំងនៃមច្ចុ គឺ ពួកកិលេសក្តី ខន្ធក្តី អភិសង្ខារក្តី លោកហៅថា ហេតុជាទីតាំងនៃមច្ចុ។ ប្រជាជន ជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ ក្នុងហេតុជាទីតាំងនៃមច្ចុ ហេតុជាទីតាំងនៃមារ ហេតុជាទីតាំងនៃមរណៈ។ វត្ថុដែលជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ ត្រង់ចម្រឹងជញ្ជាំង ឬដៃកែវយ៉ាងណា ពួកសត្វជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមច្ចុ ក្នុងហេតុជាទីតាំងនៃមារ ក្នុងហេតុជាទីតាំងនៃមរណៈ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រជាជននេះ ដែលជាប់ក្នុងហេតុជាទីតាំងនៃមច្ចុ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

ព្រោះហេតុដូច្នោះ ភិក្ខុដឹងច្បាស់ នឹករឭកឃើញ កាលសំឡឹងឃើញ នូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ នូវប្រជាជននេះ ដែលជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមច្ចុដូច្នេះ មិនគប្បីប្រកាន់នូវខន្ធបញ្ចកៈនីមួយក្នុងលោកទាំងពួង។

ដំណាលគ្នានឹងកាលជាទីចប់នៃគាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។

ចប់ ភទ្រាវុធមាណវកប្បញ្ហានិទ្ទេស ទី១២។

ចប់ ភាគ៦៧។

 

(បារាយនវគ្គនិទ្ទេសោ)

ឧទយមាណវកប្បញ្ហានិទេ្ទស ទី១៣

(១៣. ឧទយមាណវបុច្ឆា)

[១] (ឧទយៈមានអាយុ ក្រាបទូលដូចេ្នះថា)

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកមានឈាន មានព្រះសន្តានប្រាសចាកធូលី ទ្រង់គង់នៅ ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[២] អធិប្បាយពាក្យថា ជាអ្នកមានឈាន មានព្រះសន្តានបា្រសចាកធូលី ទ្រង់គង់នៅ ត្រង់ពាក្យថា មានឈាន គឺព្រះមានព្រះភាគ មានឈានដោយបឋមជ្ឈានផង មានឈានដោយទុតិយជ្ឈានផង មានឈានដោយតតិយជ្ឈានផង មានឈានដោយចតុត្ថជ្ឈានផង មានឈានដោយឈានប្រកបដោយវិតក្កៈ និងវិចារៈផង មានឈានដោយឈានមិនមានវិតក្កៈ មានតែវិចារៈផង មានឈានដោយឈានមិនមានវិតក្កៈ មិនមានវិចារៈផង មានឈានដោយឈានប្រកបដោយបីតិផង មានឈានដោយឈានមិនមានបីតិផង មានឈានដោយឈានប្រកបដោយសុខផង មានឈានដោយឈានប្រកបដោយឧបេក្ខាផង មានឈានដោយឈានប្រកបដោយសុញ្ញតវិមោក្ខផង មានឈានដោយឈានប្រកបដោយអនិមិត្តវិមោក្ខផង មានឈានដោយឈានប្រកបដោយអប្បណិហិតវិមោក្ខផង មានឈានដោយឈានជាលោកិយផង មានឈានដោយឈានជាលោកុត្តរផង ជាបុគ្គលត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវភាពជាបុគ្គលម្នាក់ឯង ធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (លោកពោលថា) អ្នកមានឈាន។ ពាក្យថា បា្រសចាកធូលី សេចក្តីថា ធូលីគឺរាគៈ ធូលីគឺទោសៈ ធូលីគឺមោហៈ ធូលីគឺកោធៈ ធូលីគឺឧបនាហៈ។បេ។ ធូលីគឺអភិសង្ខារជាអកុសលទាំងអស់។ ធូលីទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មានការមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានធូលី បា្រសចាកធូលី មានធូលីទៅបា្រស លះបង់ធូលី ផុតស្រឡះចាកធូលី។

ធូលីសំដៅយករាគៈ មិនមែនលំអងទេ ពាក្យថា ធូលីនុ៎ះ ជាឈ្មោះរាគៈ ព្រះជិនស្រីមានបញ្ញាចក្ខុ លះបង់ធូលីនុ៎ះហើយ ហេតុនោះ ទើបលោកហៅថា អ្នកមានធូលីទៅប្រាស ធូលីសំដៅយកទោសៈ មិនមែនលំអងទេ ពាក្យថា ធូលីនុ៎ះ ជាឈ្មោះទោសៈ ព្រះជិនស្រីមានបញ្ញាចក្ខុ លះបង់ធូលីនុ៎ះហើយ ហេតុនោះ ទើបលោកហៅថា អ្នកមានធូលីទៅប្រាស ធូលីសំដៅយកមោហៈ មិនមែនលំអងទេ ពាក្យថា ធូលីនុ៎ះ ជាឈ្មោះមោហៈ ព្រះជិនស្រីមានបញ្ញាចក្ខុ លះបង់ធូលីនុ៎ះហើយ ហេតុនោះ ទើបលោកហៅថា អ្នកមានធូលីទៅប្រាស។

ហេតុនោះ (លោកពោលថា) ប្រាសចាកធូលី។ ពាក្យថា ទ្រង់គង់នៅ គឺព្រះមានព្រះភាគ ទ្រង់គង់ក្បែរបាសាណកចេតិយ ហេតុនោះ ទើបឈ្មោះថា ទ្រង់គង់នៅ។

ពួកសាវ័កអ្នកមានត្រៃវិជ្ជា លះបង់មច្ចុហើយ ចូលទៅអង្គុយជិតព្រះមុនី ទ្រង់ដល់ត្រើយនៃទុក្ខ គង់ខាងភ្នំ។

ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ យ៉ាងនេះក៏បាន។ មួយទៀត ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ ព្រោះព្រះអង្គរំងាប់សេចក្តីខ្វល់ខ្វាយទាំងពួង ហើយទ្រង់មានព្រហ្មចរិយៈនៅហើយ មានចរណធម៌សន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ របស់ព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ ព្រះមានព្រះភាគឈ្មោះថា ទ្រង់គង់នៅ យ៉ាងនេះក៏បាន ហេតុនោះ (លោកពោលថា) អ្នកមានឈានប្រាសចាកធូលី ទ្រង់គង់នៅ។ ពាក្យថា ដូច្នេះ ក្នុងបទថា ឧទយៈមានអាយុពោលដូច្នេះ គឺជាការតបទ។បេ។ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនេះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា ឧទយៈ ជាឈ្មោះ។បេ។ ជាពាក្យហៅនូវព្រាហ្មណ៍នោះ ហេតុនោះ (ទើបមានពាក្យថា) ឧទយៈមានអាយុពោលដូច្នេះ។

[៣] ពាក្យថា ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ គឺកិច្ចគួរធើ្វ និងមិនគួរធើ្វ ព្រះពុទ្ធមានជោគ លះបង់ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានកិច្ចធ្វើហើយ។

ភិក្ខុណាមិនមានតណ្ហា សេចក្តីក្តៅក្រហាយ នៃភិក្ខុនោះដែលជាអ្នកកាត់ផ្ដាច់នូវខ្សែនៃតណ្ហា លះបង់នូវកិច្ចគួរធើ្វ និងមិនគួរធ្វើ រមែងមិនមាន។

ហេតុនោះ (លោកពោលថា) មានកិច្ចធើ្វរួចហើយ។ ពាក្យថា អាសវៈ ក្នុងបទថា មិនមានអាសវៈ បានដល់ អាសវៈ ៤ គឺកាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្ដិលផ្ដាច់ឫសគល់ ធើ្វឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានអាសវៈ ហេតុនោះ (លោកពោលថា) ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ។

[៤] ពាក្យថា ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង គឺព្រះមានព្រះភាគ ទ្រង់ដល់ត្រើយនៃការត្រាស់ដឹងធម៌ទាំងពួង ដល់ត្រើយនៃការកំណត់ដឹង ដល់ត្រើយនៃការលះបង់ ដល់ត្រើយនៃការចំរើន ដល់ត្រើយនៃការធើ្វឲ្យជាក់ច្បាស់ ដល់ត្រើយនៃសមាបត្តិ ដល់ត្រើយនៃការត្រាស់ដឹងធម៌ទាំងពួង ដល់ត្រើយនៃការកំណត់ដឹងទុក្ខទាំងពួង ដល់ត្រើយនៃការលះកិលេសទាំងពួង ដល់ត្រើយនៃការចំរើនមគ្គទាំង ៤ ដល់ត្រើយនៃការធើ្វឲ្យជាក់ច្បាស់នូវនិរោធ ដល់ត្រើយនៃការចូលកាន់សមាបត្តិទាំងពួង។ ព្រះអង្គដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយសីល ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយសមាធិ ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយបញ្ញា ដល់នូវការស្ទាត់ ដល់ត្រើយក្នុងអរិយវិមុត្តិ ព្រះអង្គទៅកាន់ត្រើយ ដល់ត្រើយទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីចុងបំផុត ដល់ទីចុងបំផុត ទៅកាន់ទីជាទីពឹង ដល់ទីជាទីពឹង ទៅកាន់ទីជាទីពួន ដល់ទីជាទីពួន ទៅកាន់ទីជាទីប្រព្រឹត្ដ ដល់ទីជាទីប្រព្រឹត្ដ ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីទៀងទាត់ ដល់ទីទៀងទាត់ ទៅកាន់ទីមិនស្លាប់ ដល់ទីមិនស្លាប់ ទៅកាន់ព្រះនិពា្វន ដល់ព្រះនិពា្វន ព្រះមានព្រះភាគនោះ ទើបឈ្មោះថា ជាបុគ្គលមានអរិយវាសៈនៅរួចហើយ មានចរណធម៌សន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា និងមរណៈ សង្សារ របស់ព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ (លោកពោលថា) ដល់ត្រើយនៃធម៌ទាំងពួង។

[៥] ពាក្យថា ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ សេចក្តីថា ពួកខ្ញុំព្រះអង្គត្រូវការដោយប្រស្នា ទើបមក ជាអ្នកសួរប្រស្នា ទើបមក ចង់ស្ដាប់ប្រស្នា ទើបមក ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏បាន។ មួយទៀត ការមក ការចូលមក ការចូលមកគាល់របស់ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយប្រស្នា ជាអ្នកសួរប្រស្នា ចង់ស្ដាប់ប្រស្នា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមក យ៉ាងនេះក៏បាន ឬថា ការមកដោយប្រស្នា មានដល់ព្រះអង្គៗ ជាបុគ្គលអាច ជាបុគ្គលមានព្យាយាម ជាបុគ្គលល្មមដើម្បីសួរ សំដែង ដោះស្រាយ ពន្យល់ ពោល ជាមួយនឹងខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមក យ៉ាងនេះក៏បាន។

[៦] ពាក្យថា សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ សេចក្ដីថា អរហត្តវិមោក្ខ លោកហៅថា អញ្ញាវិមោក្ខ។ សូមព្រះអង្គសំដែង ប្រាប់ ពន្យល់ ប្រញ័ប្ត តាំងផ្ដើម បើក ចែក ធើ្វឲ្យងាយ ប្រកាសនូវអរហត្តវិមោក្ខ ហេតុនោះ (លោកពោលថា) សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ។

[៧] ពាក្យថា ជាគ្រឿងទម្លាយអវិជ្ជា គឺជាគ្រឿងបំបែក ទម្លាយ លះបង់ រំងាប់ លះចោល កម្ចាត់បង់នូវអវិជ្ជា គឺអមតនិពា្វន ហេតុនោះ (លោកពោលថា) ជាគ្រឿងទម្លាយអវិជ្ជា។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលហើយថា

(ឧទយៈមានអាយុ ក្រាបទូលដូច្នេះថា)

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកមានឈាន មានព្រះសន្ដានប្រាសចាកធូលី ទ្រង់គង់នៅ ទ្រង់មានកិច្ចធើ្វរួចហើយ មិនមានអាសវៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គសំដែងអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[៨] (ព្រះមានព្រះភាគត្រាស់ថា)

ម្នាលឧទយៈ តថាគតសំដែងថា ការលះនូវអកុសលធម៌ទាំងពីរ គឺកាមច្ឆន្ទៈ និងទោមនស្សផង ការបន្ទោបង់ចិត្តរួញរាផង ការហាមឃាត់កុក្កុច្ចៈទាំងឡាយផង (ជាអញ្ញាវិមោក្ខ)។

[៩] ពាក្យថា ការលះកាមច្ឆន្ទៈ ត្រង់ពាក្យថា ឆន្ទៈ បានដល់សេចក្តីពេញចិត្តចំពោះកាម សេចក្តីត្រេកត្រអាលចំពោះកាម សេចក្តីរីករាយចំពោះកាម សេចក្តីប្រាថ្នាក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីអន្ទះអន្ទែងក្នុងកាម សេចក្តីជ្រប់ក្នុងកាម សេចក្តីងប់ក្នុងកាម ឱឃៈគឺកាម យោគៈគឺកាម ឧបាទានគឺកាម នីវរណៈគឺកាមច្ឆន្ទៈក្នុងកាមទាំងឡាយ។ ពាក្យថា ការលះកាមច្ឆន្ទៈ គឺការលះ ការរំងាប់ ការលះបង់ ការកម្ចាត់បង់កាមច្ឆន្ទៈ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការលះកាមច្ឆន្ទៈ។ ពាក្យថា ឧទយៈ ក្នុងបទថា ព្រះមានព្រះភាគ (ត្រាស់ថា) ម្នាលឧទយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះដោយឈ្មោះ។ ត្រង់ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យនិយាយដោយគោរព។បេ។ បញ្ញត្តិថា មានព្រះភាគនេះ (កើត) ព្រោះការត្រាស់ដឹង ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧទយៈ។

[១០] ពាក្យថា ការលះបង់នូវអកុសលធម៌ទាំងពីរ គឺទោមនស្ស ត្រង់ពាក្យថា ទោមនស្ស បានដល់ចេតសិក ដែលមិនជាទីត្រេកអរ ចេតសិកជាទុក្ខ ការទទួលអារម្មណ៍មិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីសម័្ផស្សនៃចិត្ត គឺវេទនាមិនជាទីត្រេកអរជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត។ ពាក្យថា ការលះនូវអកុសលធម៌ទាំងពីរ គឺទោមនស្ស បានសេចក្តីថា ការលះ ការរំងាប់ ការលះបង់ ការកំចាត់បង់នូវអកុសលធម៌ទាំង ២ គឺកាមច្ឆន្ទៈ និងទោមនស្ស (ដៅចំពោះ) អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការលះនូវអកុសលធម៌ទាំងពីរ គឺពួកទោមនស្ស។

[១១] ពាក្យថា ការបន្ទោបង់ចិត្តរួញរា បានដល់ភាពនៃចិត្តមិនស្រួល មិនគួរដល់ការងារ កិរិយារួញ ការរួញរា ការក្រាញ អាការនៃការក្រាញ ភាពនៃការក្រាញ ការច្រអូស អាការនៃការច្រអូស ភាពនៃការច្រអូស។ ពាក្យថា ការបន្ទោបង់ចិត្តរួញរា គឺការបន្ទោបង់ ការលះបង់ ការរំងាប់ ការលះចោល ការស្ងប់រំងាប់ចិត្តរួញរា (ដៅចំពោះ) អមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ការបន្ទោបង់ចិត្តរួញរា។

[១២] ពាក្យថា កុក្កុច្ចៈទាំងឡាយ ក្នុងបទថា ការហាមឃាត់កុក្កុច្ចៈទាំងឡាយ បានដល់ ការរពឹសដៃ ហៅថាកុក្កុច្ចៈក៏បាន ការរពឹសជើង ហៅថាកុក្កុច្ចៈក៏បាន ការរពឹសទាំងដៃទាំងជើង ហៅថាកុក្កុច្ចៈក៏បាន សេចក្តីសំគាល់ថាគួរ ក្នុងរបស់ដែលមិនគួរ សំគាល់ថាមិនគួរ ក្នុងរបស់ដែលគួរ សេចក្តីសំគាល់ថា មិនមានទោសក្នុងរបស់ដែលមានទោស សេចក្តីសំគាល់ថា មានទោសក្នុងរបស់ដែលមិនមានទោស សេចក្តីរពឹស អាការនៃការប្រព្រឹត្តិរពឹស ភាពនៃការប្រព្រឹត្តិរពឹស សេចក្តីក្ដៅក្រហាយចិត្ត គំនូសនៃចិត្តណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុក្កុច្ចៈ។ មួយទៀត សេចក្តីរពឹស សេចក្តីក្ដៅក្រហាយចិត្ត គំនូសនៃចិត្ត តែងកើតដោយហេតុពីរ គឺព្រោះភាពនៃការធើ្វ ១ ព្រោះភាពនៃការមិនធើ្វ ១។ ចុះសេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតព្រោះភាពនៃការធើ្វ ១ ព្រោះភាពនៃការមិនធើ្វ ១ តើដូចម្តេច។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា កាយទុច្ចរិត អាត្មាអញបានធើ្វ កាយសុចរិត អាត្មាអញមិនបានធើ្វឡើយ។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា វចីទុច្ចរិត អាត្មាអញបានធើ្វ វចីសុចរិត អាត្មាអញមិនបានធើ្វឡើយ ថាមនោទុច្ចរិត អាត្មាអញបានធើ្វ មនោសុចរិត អាត្មាអញមិនបានធើ្វឡើយ ថាបាណាតិបាត អាត្មាអញបានធើ្វ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធើ្វឡើយ ថាអទិន្នាទាន អាត្មាអញបានធើ្វ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធើ្វឡើយ ថាកាមេសុមិច្ឆាចារ អាត្មាអញបានធើ្វ ការវៀរចាកកាមេសុមិច្ឆាចារ អាត្មាអញមិនបានធើ្វឡើយ ថាមុសាវាទ អាត្មាអញបានធើ្វ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធើ្វឡើយ ថាបិសុណវាចា អាត្មាអញបានធើ្វ ការវៀរចាកបិសុណវាចា អាត្មាអញមិនបានធើ្វឡើយ ថាផរុសវាចា អាត្មាអញបានធើ្វ ការវៀរចាកផរុសវាចា អាត្មាអញមិនបានធើ្វឡើយ ថាសម្ផប្បលាបៈ អាត្មាអញបានធើ្វ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធើ្វឡើយ ថាអភិជ្ឈា អាត្មាអញបានធើ្វ ការមិនមានអភិជ្ឈា អាត្មាអញមិនបានធើ្វឡើយ ថាព្យាបាទ អាត្មាអញបានធើ្វ ការមិនព្យាបាទ អាត្មាអញមិនបានធើ្វឡើយ ថាមិច្ឆាទិដ្ឋិ អាត្មាអញបានធើ្វ សម្មាទិដ្ឋិ អាត្មាអញមិនបានធើ្វឡើយ។ សេចក្តីរពឹស សេចក្តីក្តៅក្រហាយចិត្ត គំនូសនៃចិត្តកើតឡើង ព្រោះភាពនៃការធើ្វ និងភាពនៃការមិនធើ្វយ៉ាងនេះ។ មួយទៀត សេចក្តីរពឹស ការក្តៅក្រហាយចិត្ត គំនូសនៃចិត្ត កើតឡើងដោយគំនិតដូច្នេះថា អាត្មាអញមិនបានបំពេញក្នុងសីលទាំងឡាយទេ។ សេចក្តីរពឹស ការក្តៅក្រហាយចិត្ត គំនូសនៃចិត្តកើតឡើងដោយគំនិតដូច្នេះថា អាត្មាអញមិនបានគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ថាអាត្មាអញមិនដឹងប្រមាណក្នុងភោជនទេ ថាអាត្មាអញមិនបានប្រកបរឿយៗ នូវសេចក្តីភ្ញាក់រឭកទេ ថាអាត្មាអញមិនបានប្រកបដោយសតិ និងសម្បជញ្ញៈទេ ថាសតិប្បដ្ឋានទាំង ៤ អាត្មាអញមិនបានចម្រើនទេ ថាសម្មប្បធានទាំង ៤ អាត្មាអញមិនបានចម្រើនទេ ថាឥទ្ធិបាទ ៤ អាត្មាអញមិនបានចម្រើនទេ ថាឥន្រ្ទិយ ៥ អាត្មាអញមិនបានចម្រើនទេ ថាពលៈ ៥ អាត្មាអញមិនបានចម្រើនទេ ថាពោជ្ឈង្គទាំង ៧ អាត្មាអញមិនបានចម្រើនទេ ថាមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ អាត្មាអញមិនបានចម្រើនទេ ថាទុក្ខ អាត្មាអញមិនបានកំណត់ដឹងទេ ថាសមុទ័យ អាត្មាអញមិនបានលះបង់ទេ ថាមគ្គ អាត្មាអញមិនបានចម្រើនទេ ថានិរោធ អាត្មាអញមិនបានធើ្វឲ្យជាក់ច្បាស់ទេ។ ពាក្យថា ការហាមឃាត់កុក្កុច្ចៈទាំងឡាយ បានន័យថា ការទប់ ការរារាំង ការលះ ការរំងាប់ ការលះចោល ការស្ងប់រំងាប់កុក្កុច្ចៈ (ដៅចំពោះ) អមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ការហាមឃាត់កុក្កុច្ចៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលឧទយៈ តថាគតសំដែងថា)

ការលះនូវអកុសលធម៌ទាំង ២ គឺកាមច្ឆន្ទៈ និងទោមនស្សផង ការបន្ទោបង់ចិត្តរួញរាផង ការហាមឃាត់កុក្កុច្ចៈទាំងឡាយផង (ជាអញ្ញាវិមោក្ខ)។

[១៣]

មួយទៀត តថាគតសំដែងនូវឧបេក្ខា និងសតិដ៏បរិសុទ្ធ នូវការត្រិះរិះធម៌ស្ទុះទៅមុន ថាជាអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[១៤] ពាក្យថា ឧបេក្ខា ក្នុងបទថា ឧបេក្ខា និងសតិដ៏បរិសុទ្ធ បានដល់ការព្រងើយ អាការព្រងើយ អាការនៃចិត្តសោះអង្គើយ ការស្ងប់ចិត្ត សេចក្តីថ្លាស្អាតនៃចិត្ត ភាពនៃចិត្តជាកណ្តាល ក្នុងចតុត្ថជ្ឈាន។ ពាក្យថា សតិ បានដល់ស្មារតី ការរលឹករឿយៗ។បេ។ ការរលឹកដោយប្រពៃ ប្រារព្ធឧបេក្ខាក្នុងចតុត្ថជ្ឈាន ហេតុនោះ (ទ្រង់ត្រាស់ថា) ឧបេក្ខា និងសតិ។ ពាក្យថា បរិសុទ្ធ បានដល់ ឧបេក្ខា និងសតិក្នុងចតុត្ថជ្ឈាន ជាធម្មជាតិដ៏ស្អាត ស្អាតព្រម ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាធម្មជាតិទន់ភ្លន់ គួរដល់ការងារ ជាធម្មជាតិនឹងធឹង ដល់នូវការមិនកម្រើក ហេតុនោះ (ទ្រង់ត្រាស់ថា) ឧបេក្ខា និងសតិដ៏បរិសុទ្ធ។

[១៥] ពាក្យថា ការត្រិះរិះធម៌ស្ទុះទៅមុន សេចក្តីថា សម្មាសង្កប្បៈ លោកហៅថា ការត្រិះរិះធម៌។ សម្មាសង្កប្បៈនោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។ មួយទៀត សម្មាទិដ្ឋិ លោកហៅថា ការត្រិះរិះធម៌។ សម្មាទិដ្ឋិនោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។ ឬថា វិបស្សនាក្នុងចំណែកខាងដើមនៃមគ្គទាំង ៤ លោកហៅថា ការត្រិះរិះធម៌។ វិបស្សនានោះ ជាខាងដើម ជាខាងមុខ ជាប្រធាននៃអញ្ញាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ការត្រិះរិះធម៌ស្ទុះទៅមុន យ៉ាងនេះក៏បាន។

[១៦] ពាក្យថា តថាគតសំដែងថា អញ្ញាវិមោក្ខ គឺអរហត្តវិមោក្ខ លោកហៅថា អញ្ញាវិមោក្ខ តថាគតពោលដោយប្រពៃ ប្រាប់ សំដែង ប្រញ័ប្ត តាំងផ្ដើម បើក វែកញែក ធើ្វឲ្យងាយនូវអរហត្តវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតសំដែងថា អញ្ញាវិមោក្ខ។

[១៧] ពាក្យថា អវិជ្ជា ក្នុងបទថា ជាគ្រឿងទម្លាយអវិជ្ជា បានដល់ ការមិនដឹងក្នុងទុក្ខ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ អកុសលមូល។ ពាក្យថា ជាគ្រឿងទម្លាយអវិជ្ជា បានន័យថា ការបំបែក ការទម្លាយ ការលះ ការរំងាប់ ការលះចោល ការកំចាត់បង់នូវអវិជ្ជា គឺអមតនិពា្វន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាគ្រឿងទម្លាយអវិជ្ជា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(មួយទៀត) តថាគតសំដែងនូវឧបេក្ខា និងសតិដ៏បរិសុទ្ធ នូវការត្រិះរិះធម៌ស្ទុះទៅមុន ថាជាអញ្ញាវិមោក្ខ ជាគ្រឿងទម្លាយអវិជ្ជា។

[១៨] (ឧទយមាណពទូលសួរថា)

សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និព្វាន តើព្រោះការលះអ្វីបាន។

[១៩] ពាក្យថា សត្វលោកមានអ្វីជាគ្រឿងចងទុក គឺអ្វីជាគ្រឿងប្រកបព្រម ជាគ្រឿងជាប់ ជាចំណង ជាឧបក្កិលេសនៃសត្វលោក គឺថាសត្វលោកប្រកប ប្រកបសព្វ ប្រកបទួទៅ ផ្សំ ជាប់ ទាក់ ចំពាក់ដោយអ្វី ហេតុនោះ (លោកសួរថា) សត្វលោកមានអ្វីជាគ្រឿងប្រកបព្រម។

[២០] ពាក្យថា អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ គឺអ្វីជាគ្រឿងដើរ ត្រាច់ទៅ ត្រាច់រង្គាត់របស់សត្វលោកនោះ គឺថា សត្វលោកដើរ ត្រាច់ទៅ ត្រាច់រង្គាត់ដោយអ្វី ហេតុនោះ (លោកសួរថា) អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ។

[២១] ពាក្យថា ដែលលោកពោលថា និព្វាន តើព្រោះការលះអ្វីបាន គឺដែលលោកហៅ ពោល ថ្លែង សំដែង ពន្យល់ ថានិពា្វន តើដោយការលះ ការរំងាប់ ការរលាស់ចោល ការស្ងប់រម្ងាប់នូវអ្វី ហេតុនោះ (លោកសួរថា) ដែលលោកពោលថា និពា្វន តើព្រោះការលះអ្វីបាន។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និពា្វន តើព្រោះការលះអ្វីបាន។

[២២] (ព្រះមានព្រះភាគត្រាស់ថា)

សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកពោលថា និព្វាន ព្រោះការលះតណ្ហាបាន។

[២៣] ពាក្យថា សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីថា តណ្ហា លោកហៅថា សេចក្តីរីករាយ បានខាងសេចក្តីត្រេកត្រអាល ការត្រេកត្រអាលខ្លាំង។បេ។ ការសំឡឹងរំពៃ (ទ្រព្យអ្នកដទៃ) លោភៈ អកុសលមូល។ សេចក្តីរីករាយណា ដែលជាគ្រឿងប្រកបព្រម ជាគ្រឿងជាប់ ជាគ្រឿងចង ជាឧបក្កិលេសនៃលោក សត្វលោកប្រកប ប្រកបសព្វ ប្រកបទួទៅ ផ្សំ ជាប់ ទាក់ ចំពាក់ ដោយសេចក្តីរីករាយនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វលោកមានសេចក្តីរីករាយជាគ្រឿងចងទុក។

[២៤] ពាក្យថា សេចក្តីត្រិះរិះទាំងឡាយ ក្នុងបទថា សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ បានដល់សេចក្តីត្រិះរិះ ៩ គឺសេចក្តីត្រិះរិះក្នុងកាម សេចក្តីត្រិះរិះក្នុងព្យាបាទ សេចក្តីត្រិះរិះក្នុងវិហឹសា សេចក្តីត្រិះរិះក្នុងញាតិ សេចក្តីត្រិះរិះក្នុងជនបទ សេចក្តីត្រិះរិះក្នុងការមិនស្លាប់ សេចក្តីត្រិះរិះប្រកបចំពោះដោយភាពនៃសេចក្តីអាណិតដល់ជនដទៃ សេចក្តីត្រិះរិះប្រកបចំពោះដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីត្រិះរិះប្រកបដោយការមិនចង់ឲ្យគេមើលងាយ ទាំងនេះហៅថា សេចក្តីត្រិះរិះ ៩។ សេចក្តីត្រិះរិះទាំង ៩ នេះ ជាគ្រឿងដើរទៅ ត្រាច់ទៅ ត្រាច់រង្គាត់ទៅ នៃសត្វលោកនោះ គឺថាសត្វលោកនោះ ដើរទៅ ត្រាច់ទៅ ត្រាច់រង្គាត់ទៅ ដោយសារសេចក្តីត្រិះរិះ ៩ នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ។

[២៥] ពាក្យថា តណ្ហា ក្នុងបទថា ដែលលោកពោលថា និព្វាន ព្រោះការលះបង់តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ដែលលោកពោលថា និព្វាន ព្រោះការលះបង់តណ្ហា គឺថា ដែលលោកហៅ ពោល ថ្លែង សំដែង បំភ្លឺ ពន្យល់ ថានិព្វាន ព្រោះការលះ ការរំងាប់ ការរលាស់ចោល ការស្ងប់រម្ងាប់តណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលលោកពោលថា និព្វាន ព្រោះការលះតណ្ហា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

សត្វលោក មានសេចក្តីរីករាយជាគ្រឿងចងទុក សេចក្តីត្រិះរិះទាំងឡាយ ជាគ្រឿងត្រាច់ទៅរបស់សត្វលោកនោះ ដែលលោកហៅថា និព្វាន ព្រោះការលះតណ្ហាបាន។

[២៦]

បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្ដេច វិញ្ញាណទើបរលត់ ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។

[២៧] ពាក្យថា បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច គឺបុគ្គលមានស្មារតី ដឹងព្រម ត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ដើរទៅ ប្រព្រឹត្តទៅ រក្សា យាត្រា យាត្រាទៅដូចម្តេច ហេតុនោះ (លោកសួរថា) បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច។

[២៨] ពាក្យថា វិញ្ញាណទើបរលត់ គឺវិញ្ញាណរលត់ ស្ងប់ អស្តង្គត ស្ងប់រំងាប់ ហេតុនោះ (លោកសួរថា) វិញ្ញាណទើបរលត់។

[២៩] ពាក្យថា ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ គឺ ពួកខ្ញុំព្រះអង្គមក មកដល់ មកគាល់ ដល់ព្រម មកជួបជុំ ជាមួយនឹងព្រះអង្គ ដើម្បីទូលសួរ សាកសួរ អង្វរ អារាធនា ជ្រះថ្លា ចំពោះព្រះពុទ្ធមានជោគ ហេតុនោះ (លោកសួរថា) ពួកខ្ញុំព្រះអង្គមកគាល់ដើម្បីទូលសួរព្រះមានព្រះភាគ។

[៣០] ពាក្យថា ព្រះអង្គ ក្នុងបទថា នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ គឺពួកខ្ញុំព្រះអង្គស្តាប់ រៀន ចងចាំទុក កំណត់ទុក នូវព្រះវាចា ការពោល ការសំដែងអនុសន្ធិរបស់ព្រះអង្គ ហេតុនោះ (លោកសួរថា) នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា

បុគ្គលមានស្មារតី ប្រព្រឹត្តទៅដូចម្តេច វិញ្ញាណទើបរលត់ ពួកខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ នឹងបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ។

[៣១] (ព្រះមានព្រះភាគត្រាស់ថា)

កាលបុគ្គលមិនរីករាយ ចំពោះវេទនាទាំងខាងក្នុងទាំងខាងក្រៅ មានស្មារតីប្រព្រឹត្តទៅយ៉ាងនេះ វិញ្ញាណទើបរលត់។

[៣២] អធិប្បាយពាក្យថា កាលបុគ្គលមិនរីករាយចំពោះវេទនាទាំងខាងក្នុងទាំងខាងក្រៅ គឺបុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្នុង មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្តចំពោះវេទនា គឺថា លះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ សរសើរ ជ្រប់ចិត្ត កួចកាន់ ស្ទាបអង្អែល ប្រកាន់។ បុគ្គលកាលពិចារណាឃើញនូវការកើតឡើងជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង កាលពិចារណាឃើញនូវការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង កាលពិចារណាឃើញនូវការកើតឡើង និងការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង កាលពិចារណាឃើញនូវការកើតឡើងជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្រៅ កាលពិចារណាឃើញនូវការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្រៅ កាលពិចារណាឃើញនូវការកើតឡើង និងការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្រៅ កាលពិចារណាឃើញនូវការកើតឡើងជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ កាលពិចារណាឃើញនូវការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ កាលពិចារណាឃើញនូវការកើតឡើង និងការវិនាសទៅជាធម្មតា ក្នុងវេទនាទាំងឡាយខាងក្នុង ទាំងខាងក្រៅ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្ត ចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ សរសើរ ជ្រប់ចិត្ត កួចកាន់ ស្ទាបអង្អែល ប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ដោយអាការទាំង ១២ នេះ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា។បេ។ ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត។ មួយទៀត បុគ្គលកាលឃើញវេទនា ដោយសេចក្តីថា មិនទៀង មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងការជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលឃើញវេទនាដោយសេចក្តីថា ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តីលំបាក ជាអាពាធ។បេ។ ដោយសេចក្តីថា មិនជាទីរលាស់ទុក្ខ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្តចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់។ បុគ្គលកាលពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ ដោយអាការទាំងសែសិបពីរនេះ មិនរីករាយ មិនសរសើរ មិនឋិតនៅក្នុងសេចក្តីជ្រប់ចិត្ត ចំពោះវេទនា គឺលះបង់ បន្ទោបង់ ធើ្វឲ្យវិនាស ឲ្យដល់នូវការមិនមានបែបភាពនូវការរីករាយ ការសរសើរ ការជ្រប់ចិត្ត ការកួចកាន់ ការស្ទាបអង្អែល ការប្រកាន់ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបុគ្គលមិនរីករាយចំពោះវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។

[៣៣] ពាក្យថា មានស្មារតី ប្រព្រឹត្តទៅយ៉ាងនេះ គឺបុគ្គលមានស្មារតី ដឹងខ្លួនយ៉ាងនេះ ត្រាច់ទៅ ត្រាច់ទៅផ្សេងៗ ដើរទៅ ប្រព្រឹត្តទៅ រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) មានស្មារតីប្រព្រឹត្តទៅ យ៉ាងនេះ។

[៣៤] ពាក្យថា វិញ្ញាណទើបរលត់ បានដល់ វិញ្ញាណដែលប្រកបដោយបុញ្ញាភិសង្ខារ វិញ្ញាណដែលប្រកបដោយអបុញ្ញាភិសង្ខារ វិញ្ញាណដែលប្រកបដោយអានេញ្ជាភិសង្ខារ រលត់ ស្ងប់ អស្តង្គត រំងាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) វិញ្ញាណទើបរលត់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

កាលបុគ្គលមិនរីករាយ ចំពោះវេទនាទាំងខាងក្នុង ទាំងខាងក្រៅ មានស្មារតីប្រព្រឹត្តទៅយ៉ាងនេះ វិញ្ញាណទើបរលត់។

លុះចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគជាសាស្ដារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គសូមជាសាវ័ក។

ចប់ ឧទយមាណវកប្បញ្ហានិទេ្ទស ទី១៣។

បោសាលមាណវកប្បញ្ហានិទេ្ទស ទី១៤

(១៤. បោសាលមាណវបុច្ឆា)

[៣៥] (បោសាលៈមានអាយុ ក្រាបទូលដូច្នេះថា)

ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួងហើយ ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរព្រះមានព្រះភាគនោះ)។

[៣៦] អធិប្បាយពាក្យថា ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត ត្រង់ពាក្យថា អង្គណា សំដៅដល់ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងឯង ឥតមានអាចារ្យ បានត្រាស់ដឹងសច្ចៈទាំងឡាយ ដោយព្រះអង្គឯង ក្នុងធម៌ដែលព្រះអង្គមិនធ្លាប់បានស្ដាប់មកក្នុងកាលមុន ទ្រង់សម្រេចសព្វញ្ញុតញ្ញាណក្នុងធម៌ទាំងឡាយនោះផង សម្រេចនូវភាពស្ទាត់ក្នុងពលធម៌ទាំងឡាយផង។ ពាក្យថា ទ្រង់ពោលអាងកាលជាអតីត បានដល់ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតផង ទ្រង់ពោលអាងកាលជាអនាគតផង ទ្រង់ពោលអាងកាលជាបច្ចុប្បន្នផង របស់ព្រះអង្គ និងពួកសត្វដទៃ។

ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតរបស់ព្រះអង្គ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ពោលអាងអតីតជាតិរបស់ព្រះអង្គ ១ ជាតិខ្លះ ទ្រង់ពោលអាង ២ ជាតិខ្លះ ទ្រង់ពោលអាង ៣ ជាតិខ្លះ ទ្រង់ពោលអាង ៤ ជាតិខ្លះ ទ្រង់ពោលអាង ៥ ជាតិខ្លះ ទ្រង់ពោលអាង ១០ ជាតិខ្លះ ទ្រង់ពោលអាង ២០ ជាតិខ្លះ ទ្រង់ពោលអាង ៣០ ជាតិខ្លះ ទ្រង់ពោលអាង ៤០ ជាតិខ្លះ ទ្រង់ពោលអាង ៥០ ជាតិខ្លះ ទ្រង់ពោលអាងមួយរយជាតិខ្លះមួយពាន់ជាតិខ្លះ មួយសែនជាតិខ្លះ សំវដ្ដកប្បជាច្រើនខ្លះ វិវដ្ដកប្បជាច្រើនខ្លះ សំវដ្ដវិវដ្ដកប្បជាច្រើនខ្លះថា តថាគត បានកើតក្នុងភពឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខ និងទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ លុះតថាគតនោះច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលកើតក្នុងភពនោះ ក៏មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខ និងទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ព្រះមានព្រះភាគទ្រង់ពោលអាងការនៅអាស្រ័យក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំងអាការ (គឺវណ្ណៈ និងអាហារជាដើម) ព្រមទាំងឧទ្ទេស (គឺឈ្មោះ និងគោត្រជាដើម) ដោយប្រការដូច្នេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីតរបស់ព្រះអង្គ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីត របស់ពួកសត្វដទៃ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ពោលអាងអតីតជាតិ របស់ពួកសត្វដទៃ ១ ជាតិខ្លះ ទ្រង់ពោលអាង ២ ជាតិខ្លះ។បេ។ ទ្រង់ពោលអាងសំវដ្ដវិវដ្ដកប្បដ៏ច្រើនខ្លះ ថា (សត្វនេះ) បានកើតក្នុងភពឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងការនៅអាស្រ័យក្នុងកាលមុន ច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីត របស់ពួកសត្វដទៃ យ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់សំដែងជាតកទាំង ៥០០ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាធនិយសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាសុទស្សនសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាគោវិន្ទសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមឃទេវសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង។

ដូចព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលចុន្ទៈ ញាណជាគ្រឿងរលឹកតាមនូវស្មារតីនៃព្រះតថាគត ប្រារព្ធកាលជាអតីត រមែងមាន ព្រះតថាគតនោះ ប្រាថ្នាត្រឹមណា រលឹកឃើញបានត្រឹមនោះ ម្នាលចុន្ទៈ ញាណជាគ្រឿងរលឹកតាមនូវស្មារតីនៃព្រះតថាគត ប្រារព្ធនូវកាលជាអនាគត។បេ។ ម្នាលចុន្ទៈ ញាណដែលកើតអំពីពោធិនៃព្រះតថាគត ប្រារព្ធកាលជាបច្ចុប្បន្ន រមែងកើតឡើងថា ជាតិនេះ មានក្នុងទីបំផុត ការកើតទៀតក្នុងកាលឥឡូវនេះ មិនមាន។ ឥន្រ្ទិយបរោបរិយត្តញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សត្តានំអាសយានុសយញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត យមកប្បាដិហិរិយញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត មហាករុណាសមាបត្តិញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សព្វញ្ញុតញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត អនាវរណញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សព្វត្ថអសង្គមប្បដិហតមនាវរណញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ពោលអាងជាតិជាអតីតផង ពោលអាងជាតិជាអនាគតផង ទ្រង់ពោលអាង ប្រាប់ សំដែង ប្រញ័ប្ដ តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវជាតិជាបច្ចុប្បន្នរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត។ ពាក្យថា ដូច្នេះ ក្នុងបទថា បោសាលៈមានអាយុ ពោលដូច្នេះ ជាការតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា បោសាលៈ ជាឈ្មោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (ទើបមានពាក្យថា) បោសាលៈមានអាយុពោលដូច្នេះ។

[៣៧] ពាក្យថា មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ សេចក្តីថា តណ្ហា លោកហៅថា សេចក្តីញាប់ញ័រ បានខាងតម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីញាប់ញ័រ គឺតណ្ហានោះ ព្រះពុទ្ធមានជោគ ទ្រង់លះបង់ ផ្ដិលផ្ដាច់ឫសគល់ ធ្វើឲ្យសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មិនឲ្យមានការកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានសេចក្តីញាប់ញ័រ។ ព្រោះទ្រង់លះសេចក្តីញាប់ញ័រ ទើបឈ្មោះថា មិនមានសេចក្តីញាប់ញ័រ។ ព្រះមានព្រះភាគមិនញាប់ញ័រក្នុងលាភផង មិនញាប់ញ័រក្នុងអលាភផង មិនញាប់ញ័រក្នុងយសផង មិនញាប់ញ័រក្នុងអយសផង មិនញាប់ញ័រក្នុងសេចក្តីសរសើរផង មិនញាប់ញ័រក្នុងនិន្ទាផង មិនញាប់ញ័រក្នុងសុខផង មិនញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនកក្រើក មិនកក្រើកព្រម ក្នុងទុក្ខផង ហេតុនោះ ទើបឈ្មោះថា មិនមានសេចក្តីញាប់ញ័រ។ ពាក្យថា ទ្រង់កាត់សេចក្តីសង្ស័យ សេចក្តីថា វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ គឺសេចក្តីសង្ស័យក្នុងទុក្ខ។បេ។ សេចក្តីញាប់ញ័រនៃចិត្ត សេចក្តីរសេមរសាមនៃចិត្ត។ សេចក្តីសង្ស័យនោះ ព្រះពុទ្ធមានជោគ ទ្រង់កាត់ ផ្ដាច់ ផ្ដិលផ្ដាច់ រំងាប់ ស្ងប់រម្ងាប់ ធើ្វមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ ព្រះពុទ្ធ ឈ្មោះថា កាត់សេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ។

[៣៨] ពាក្យថា ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង គឺព្រះមានព្រះភាគ ទ្រង់ដល់ត្រើយនៃការត្រាស់ដឹង ដល់ត្រើយនៃការកំណត់ដឹង ដល់ត្រើយនៃការលះបង់ ដល់ត្រើយនៃការចម្រើន ដល់ត្រើយនៃការធ្វើឲ្យជាក់ច្បាស់ ដល់ត្រើយនៃសមាបត្តិ នៃធម៌ទាំងពួង គឺថា ទ្រង់ដល់ត្រើយនៃការត្រាស់ដឹងនូវធម៌ទាំងពួង។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ នៃព្រះមានព្រះភាគនោះ មិនមាន ហេតុនោះ (លោកពោលថា) ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង។

[៣៩] ពាក្យថា ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ គឺពួកខ្ញុំព្រះអង្គត្រូវការដោយប្រស្នា ទើបមក។បេ។ ដើម្បីបំភ្លឺ ដើម្បីសំដែង ហេតុនោះ (លោកពោលថា) ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏បាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(បោសាលមានអាយុ ក្រាបទូលដូច្នេះថា)

ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត មិនមានសេចក្តីញាប់ញ័រ ទ្រង់កាត់សេចក្តីសង្ស័យ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង ពួកខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរព្រះមានព្រះភាគនោះ)។

[៤០]

បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណរបស់បុគ្គលអ្នកមានរូបសញ្ញាជាក់ច្បាស់ អ្នកលះបង់រូបារម្មណ៍ទាំងអស់ អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្ដេច។

[៤១] ពាក្យថា អ្នកមានរូបសញ្ញាជាក់ច្បាស់ មានសំនួរថា រូបសញ្ញា តើដូចម្ដេច។ សេចក្តីសំគាល់ អាការនៃសេចក្តីសំគាល់ ភាពនៃសេចក្តីសំគាល់របស់បុគ្គលអ្នកចូលកាន់រូបាវចរសមាបត្តិក្តី អ្នកញុំាងរូបាវចរសមាបត្តិឲ្យកើតក្តី អ្នកមានឈានសុខជាគ្រឿងនៅក្នុងបច្ចុប្បន្នក្តី នេះឈ្មោះថា រូបសញ្ញា។ ពាក្យថា អ្នកមានរូបសញ្ញាជាក់ច្បាស់ បានន័យថា បុគ្គលអ្នកបានអរូបសមាបត្តិទាំង ៤ ហើយ រមែងមានរូបសញ្ញា (ការសំគាល់រូប) ប្រាកដ ធ្វើឲ្យជាក់ច្បាស់ កន្លង រំលង ប្រព្រឹត្តកន្លង ហេតុនោះ (លោកពោលថា) អ្នកមានរូបសញ្ញាជាក់ច្បាស់។

[៤២] ពាក្យថា អ្នកលះរូបារម្មណ៍ទាំងអស់ សេចក្តីថា រូបកាយប្រកបដោយបដិសន្ធិទាំងអស់ បុគ្គលនោះ លះបង់ហើយ គឺថា រូបកាយបុគ្គលនោះលះបង់ហើយ ដោយវិក្ខម្ភនប្បហាន ដែលប្រព្រឹត្តកន្លងនូវតទង្គប្បហាន ហេតុនោះ (លោកពោលថា) អ្នកលះរូបារម្មណ៍ទាំងអស់។

[៤៣] ពាក្យថា អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួច មិនមាន ត្រង់ពាក្យថា វត្ថុបន្តិចបន្តួចមិនមាន បានដល់ អាកិញ្ចញ្ញាយតនសមាបត្តិ។ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន តើព្រោះហេតុអ្វី។ បុគ្គលមានស្មារតីចូលវិញ្ញាណញ្ចាយតនសមាបត្តិ លុះចេញចាកសមាបត្តិនោះហើយ ក៏ធ្វើវិញ្ញាណនោះឯងឲ្យវិនាស បាត់បង់ សាបសូន្យទៅវិញ ឈ្មោះថា ឃើញថាវត្ថុបន្តិចបន្តួចមិនមាន។ អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ព្រោះហេតុនោះឯង ហេតុនោះ (លោកពោលថា) អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន។

[៤៤] ពាក្យថា សក្យពង្ស ក្នុងបទថា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ គឺព្រះមានព្រះភាគ ឈ្មោះថាសក្យពង្ស។ ដែលព្រះមានព្រះភាគ ឈ្មោះសក្យៈ ព្រោះទ្រង់ចេញចាកសក្យត្រកូលហើយបួស ក៏បាន។បេ។ ឈ្មោះសក្យៈ ព្រោះព្រះអង្គលះបង់ភ័យ និងសេចក្តីតក់ស្លុត ប្រាសចាកការព្រឺរោម ក៏បាន។ ពាក្យថា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ បានន័យថា ខ្ញុំព្រះអង្គសូមទូលសួរញាណ របស់បុគ្គលនោះថា ប្រាកដដូចម្ដេច មានទ្រង់ទ្រាយដូចម្ដេច មានប្រការដូចម្ដេច មានចំណែកប្រៀបដូចម្ដេច ដែលបុគ្គលគប្បីប្រាថ្នា ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណ។

[៤៥] ពាក្យថា បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្ដេច សេចក្តីថា បុគ្គលនោះ តើព្រះអង្គជ្រាប ជ្រាបសព្វ ជ្រាបច្បាស់ យល់ច្បាស់ ពិនិត្យច្បាស់ សំឡឹង ជ្រះថ្លា ដោយប្រការដូចម្ដេច គឺថា ញាណដ៏ក្រៃលែងរបស់បុគ្គលនោះ ព្រះអង្គគប្បីឲ្យកើតឡើងដូចម្ដេច។ ពាក្យថា មានសភាពដូច្នោះ គឺមានប្រការដូច្នោះ ប្រាកដដូច្នោះ មានទ្រង់ទ្រាយដូច្នោះ មានសភាពដូច្នោះ មានចំណែកប្រៀបដូច្នោះ បានដល់ បុគ្គលអ្នកបានអាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (លោកពោលថា) បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្ដេច ហេតុនោះ ព្រាហ្មណ៍នោះពោលថា

បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គសូមទូលសួរអំពីញាណរបស់បុគ្គលអ្នកមានរូបសញ្ញាជាក់ច្បាស់ អ្នកលះបង់រូបារម្មណ៍ទាំងអស់ អ្នកឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន បុគ្គលមានសភាពដូច្នោះ តើព្រះអង្គជ្រាបដោយប្រការដូចម្តេច។

[៤៦] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ)

ព្រះតថាគត ទ្រង់ជ្រាបច្បាស់នូវវិញ្ញាណដ្ឋិតិទាំងពួង ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ មានចិត្តងប់ (ក្នុងអាកិញ្ចញ្ញាយតនៈ) មានអាកិញ្ចញ្ញាយតនៈនោះ ប្រព្រឹត្តទៅខាងមុខ។

[៤៧] ពាក្យថា វិញ្ញាណដ្ឋិតិទាំងពួង អធិប្បាយថា ព្រះមានព្រះភាគទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៤ ដោយអំណាចអភិសង្ខារ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៤ ដោយអំណាចអភិសង្ខារ តើដូចម្ដេច។ ព្រះពុទ្ធដីកាដែលព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យរូបខ្លះហើយឋិតនៅ រមែងឋិតនៅ មានរូបជាអារម្មណ៍ មានរូបជាទីតម្កល់ មានសេចក្តីត្រេកអរជាគ្រឿងសេព រមែងដល់នូវសេចក្តីចម្រើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ម្នាលភិក្ខុទាំងឡាយ (វិញ្ញាណ) អាស្រ័យវេទនាខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ (វិញ្ញាណ) អាស្រ័យសញ្ញាខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណអាស្រ័យសង្ខារខ្លះ ហើយឋិតនៅ រមែងឋិតនៅ មានសង្ខារជាអារម្មណ៍ មានសង្ខារជាទីតម្កល់ មានសេចក្តីត្រេកអរជាគ្រឿងសេព ដល់នូវសេចក្តីចម្រើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៤ ដោយអំណាចអភិសង្ខារយ៉ាងនេះ។ ព្រះមានព្រះភាគទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ តើដូចម្ដេច។ ព្រះមានព្រះភាគត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស និងទេវតាពួកខ្លះ វិនិបាតិកៈពួកខ្លះ នេះវិញ្ញាណដ្ឋិតិទី ១ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ប្រព្រឹត្តទៅក្នុងពួកព្រហ្ម កើតដោយបឋមជ្ឈាន នេះ វិញ្ញាណដ្ឋិតិទី ២ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាជាន់អាភស្សរៈ នេះ វិញ្ញាណដ្ឋិតិទី ៣ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាជាន់សុភកិណ្ហកៈ នេះ វិញ្ញាណដ្ឋិតិទី ៤ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វព្រោះប្រព្រឹត្តកន្លងរូបសញ្ញា ដោយប្រការទាំងពួង ដល់នូវការវិនាសនៃបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ចូលអាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះ វិញ្ញាណដ្ឋិតិទី ៥ (ពួកសត្វ) ប្រព្រឹត្តកន្លងអាកិញ្ចញ្ញាយតនៈដោយប្រការទាំងពួង ចូលវិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត នេះវិញ្ញាណដ្ឋិតិទី ៦ ពួកសត្វប្រព្រឹត្តកន្លងវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង ចូលអាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា របស់តិចតួច មិនមាន នេះវិញ្ញាណដ្ឋិតិទី ៧។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) វិញ្ញាណដ្ឋិតិទាំងពួង។ ពាក្យថា បោសាលៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យនិយាយដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ កើតព្រោះការត្រាស់ដឹង ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបោសាលៈ។

[៤៨] អធិប្បាយពាក្យថា ព្រះតថាគតទ្រង់ជ្រាបច្បាស់ ត្រង់ពាក្យថា ជ្រាបច្បាស់ គឺយល់ច្បាស់ ដឹងប្រាកដ ចាក់ធ្លុះ។ ពាក្យថា ព្រះតថាគតមានន័យដូចតទៅនេះ មែនពិត ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ព្រះតថាគតមិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យពិត ទៀងត្រង់ តែមិនប្រកបដោយប្រយោជន៍ ព្រះតថាគតក៏មិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យពិត ទៀងត្រង់ ប្រកបដោយប្រយោជន៍ ព្រះតថាគតជាអ្នកដឹងកាលគួរ ទើបព្យាករប្រស្នានោះ ក្នុងពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអនាគត។បេ។ ម្នាលចុន្ទៈ បើពាក្យបច្ចុប្បន្ន ជាពាក្យមិនពិត មិនទៀងត្រង់ មិនប្រកបដោយប្រយោជន៍ ព្រះតថាគតមិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យបច្ចុប្បន្ន ជាពាក្យពិត ទៀងត្រង់ តែមិនប្រកបដោយប្រយោជន៍ ព្រះតថាគត ក៏មិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យបច្ចុប្បន្នជាពាក្យពិត ទៀងត្រង់ ប្រកបដោយប្រយោជន៍ ព្រះតថាគតជាអ្នកដឹងកាលគួរ ទើបព្យាករប្រស្នានោះ ក្នុងពាក្យនោះ ម្នាលចុន្ទៈ ព្រះតថាគតជាអ្នកពោលតាមកាល ពោលពាក្យពិត ពោលអត្ថ ពោលធម៌ ពោលវិន័យ ក្នុងធម៌ទាំងឡាយជាអតីត អនាគត បច្ចុប្បន្ន ដោយប្រការដូច្នេះឯង ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ធម្មជាតណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឃើញ ឮ ប៉ះពាល់ ដឹងច្បាស់ សម្រេច ស្វែងរក ពិចារណា ធម្មជាតទាំងអស់នោះ ព្រះតថាគតត្រាស់ដឹងហើយដោយចិត្ត ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតត្រាស់ដឹងសម្មាសម្ពោធិញ្ញាណដ៏ក្រៃលែងក្នុងរាត្រីណា បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណា រមែងពោល ចរចា សំដែងនូវពាក្យណា ក្នុងចន្លោះនៃការត្រាស់ដឹង និងការបរិនិព្វាននោះ របស់ទាំងអស់នោះ នៅដូចដែលមិនប្រែប្រួលទេ ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះ ព្រោះហេតុតែព្រះតថាគត ពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះ ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតគ្របសង្កត់នូវលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនមានអ្នកណាគ្របសង្កត់បាន តែងឃើញពិត ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ហេតុនោះ ទើបហៅថា ព្រះតថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះតថាគត ទ្រង់ជ្រាបច្បាស់។

[៤៩] ពាក្យថា ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅ ក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងបិត្តិវិស័យ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងពួកមនុស្ស។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ដូចពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងបិត្តិវិស័យ។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនោះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងពួកមនុស្ស។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលសារីបុត្ត តថាគតកំណត់ដឹងចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះ ប្រព្រឹត្តដូច្នោះ ឡើងកាន់ផ្លូវនោះ នឹងត្រាស់ដឹងដោយខ្លួនឯង ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ន ហេតុនោះ (ទ្រង់ត្រាស់ថា) ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ។

[៥០] អធិប្បាយពាក្យថា អ្នកមានចិត្តងប់ (ក្នុងអាកិញ្ចញ្ញាយតនៈ) មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ ត្រង់ពាក្យថា អ្នកមានចិត្តងប់ គឺមានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ ជ្រប់ក្នុងអាកិញ្ចញ្ញាយតនៈនោះ មានអាកិញ្ចញ្ញាយតនៈនោះ ជាអធិបតី។ មួយទៀត ព្រះមានព្រះភាគទ្រង់ជ្រាបថា បុគ្គលនេះងប់ក្នុងរូប ងប់ក្នុងសំឡេង ងប់ក្នុងក្លិន ងប់ក្នុងរស ងប់ក្នុងផោដ្ឋព្វៈ ងប់ក្នុងត្រកូល ងប់ក្នុងគណៈ ងប់ក្នុងអាវាស ងប់ក្នុងលាភ ងប់ក្នុងយស ងប់ក្នុងសេចក្តីសរសើរ ងប់ក្នុងសុខ ងប់ក្នុងចីវរ ងប់ក្នុងបិណ្ឌបាត ងប់ក្នុងសេនាសនៈ ងប់ក្នុងគិលានប្បច្ចយភេសជ្ជបរិក្ខារ ងប់ក្នុងព្រះសូត្រ ងប់ក្នុងវិន័យ ងប់ក្នុងអភិធម្ម ងប់ក្នុងបំសុកូលិកង្គៈ ងប់ក្នុងតេចីវរិកង្គៈ ងប់ក្នុងបិណ្ឌបាតិកង្គៈ ងប់ក្នុងសបទានចារិកង្គៈ ងប់ក្នុងឯកាសនិកង្គៈ ងប់ក្នុងបត្តបិណ្ឌិកង្គៈ ងប់ក្នុងខលុបច្ឆាភត្តិកង្គៈ ងប់ក្នុងអារញ្ញិកង្គៈ ងប់ក្នុងរុក្ខមូលិកង្គៈ ងប់ក្នុងអព្ភោកាសិកង្គៈ ងប់ក្នុងសោសានិកង្គៈ ងប់ក្នុងយថាសន្ថតិកង្គៈ ងប់ក្នុងនេសជ្ជិកង្គៈ ងប់ក្នុងបឋមជ្ឈាន ងប់ក្នុងទុតិយជ្ឈាន ងប់ក្នុងតតិយជ្ឈាន ងប់ក្នុងចតុត្ថជ្ឈាន ងប់ក្នុងអាកាសានញ្ចាយតនសមាបត្តិ ងប់ក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ងប់ក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ងប់ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមានចិត្តងប់។ ពាក្យថា មានអាកិញ្ចញ្ញាយតនប្រព្រឹត្តទៅខាងមុខ គឺសម្រេចដោយអាកិញ្ចញ្ញាយតនៈ មានសមាបត្តិនោះប្រព្រឹត្តទៅខាងមុខ មានកម្មប្រព្រឹត្តទៅខាងមុខ មានវិបាកប្រព្រឹត្តទៅខាងមុខ ធ្ងន់ដោយកម្ម ធ្ងន់ដោយបដិសន្ធិ។ មួយវិញទៀត ព្រះមានព្រះភាគទ្រង់ជ្រាបថា បុគ្គលនេះ មានរូបប្រព្រឹត្តទៅខាងមុខ។បេ។ មាននេវសញ្ញានាសញ្ញាយតនសមាបត្តិប្រព្រឹត្តទៅខាងមុខ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

(ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ)

ព្រះតថាគតទ្រង់ជ្រាបច្បាស់នូវវិញ្ញាណដ្ឋិតិទាំងពួង ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ មានចិត្តងប់ក្នុងអាកិញ្ចញ្ញាយតនៈ មានអាកិញ្ចញ្ញាយតនៈនោះប្រព្រឹត្តទៅខាងមុខ។

[៥១]

បុគ្គលដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា ដឹងនូវសេចក្តីរីករាយ ជាគ្រឿងប្រកបដូច្នេះ លុះដឹងច្បាស់សេចក្តីនុ៎ះយ៉ាងនេះ ហើយចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយៈនៅរួចហើយនោះ។

[៥២] ពាក្យថា ដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា សេចក្តីថា កម្មាភិសង្ខារ ដែលញ៉ាំងអាកិញ្ចញ្ញាយតនៈឲ្យប្រព្រឹត្តទៅព្រម លោកហៅថា ការកើតព្រមនៃអាកិញ្ចញ្ញា។ បុគ្គលដឹងនូវកម្មាភិសង្ខារ ដែលញ៉ាំងអាកិញ្ចញ្ញាយតនៈឲ្យប្រព្រឹត្តទៅព្រមថា ការកើតព្រមនៃអាកិញ្ចញ្ញា ដឹងថាជាគ្រឿងជាប់ ដឹងថាជាចំណង ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យប្រាកដថាជាគ្រឿងកង្វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា។

[៥៣] ពាក្យថា សេចក្តីរីករាយជាគ្រឿងប្រកបដូច្នេះ គឺសេចក្តីត្រេកត្រអាលក្នុងអរូប ហៅថា សេចក្តីរីករាយជាគ្រឿងប្រកប។ កម្មនោះ ជាប់ ជាប់ស្អិត ខ្វល់ ដោយសេចក្តីត្រេកត្រអាលក្នុងអរូប បុគ្គលដឹងនូវសេចក្តីត្រេកត្រអាលក្នុងអរូបថា សេចក្តីរីករាយជាគ្រឿងប្រកប ដឹងថាជាគ្រឿងជាប់ ដឹងថាជាគ្រឿងចង ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យជាក់ច្បាស់ថាជាកង្វល់។ ពាក្យថា ដូច្នេះ ជាការតបទ។បេ។ ពាក្យថា ដូច្នេះ នេះជាលំដាប់បទ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីរីករាយជាគ្រឿងប្រកបដូច្នេះ។

[៥៤] ពាក្យថា លុះដឹងច្បាស់ សេចក្តីនុ៎ះយ៉ាងនេះហើយ គឺ ដឹង ស្គាល់ ស្ទង់មើល ពិចារណា ចម្រើន ធ្វើឲ្យប្រាកដនូវសេចក្តីនុ៎ះ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងច្បាស់សេចក្តីនុ៎ះ យ៉ាងនេះហើយ។

[៥៥] ពាក្យថា ចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ គឺចូលអាកិញ្ចញ្ញាយតនៈ ហើយចេញចាកសមាបត្តិនោះ រមែងឃើញច្បាស់នូវពួកធម៌ គឺចិត្ត និងចេតសិក ដែលកើតក្នុងសមាបត្តិនោះថា មិនទៀង ឃើញច្បាស់ថាជាទុក្ខ យល់ច្បាស់ ឃើញ ក្រឡេកមើល សំឡឹងមើល កំណត់មើល ថាជារោគ។បេ។ ថាមិនជាទីរលាស់ទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) ចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ។

[៥៦] ពាក្យថា នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍នោះ សេចក្តីថា ញាណនុ៎ះ របស់ព្រាហ្មណ៍នោះ ជាធម្មជាតពិត ទៀង ប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍នោះ។

[៥៧] ពាក្យថា របស់ព្រាហ្មណ៍ ក្នុងបទថា របស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយៈនៅរួចហើយ គឺឈ្មោះថាព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ទាំង ៧។បេ។ ជាបុគ្គលមិនអាស្រ័យកិលេស មិនញាប់ញ័រ បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ព្រាហ្មណ៍។ ពាក្យថា មានព្រហ្មចរិយៈនៅរួចហើយ បានដល់ពួកសេក្ខៈទាំង ៧ រាប់បញ្ចូលទាំងកល្យាណបុថុជ្ជន រមែងនៅ នៅគ្រប់គ្រង នៅថែទាំ នៅនិត្យ ដើម្បីសម្រេចគុណវិសេសដែលមិនទាន់ដល់ ដើម្បីបានធម៌ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ព្រះអរហន្តមានព្រហ្មចរិយៈនៅរួចហើយ មានករណីយកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ខ្លួនសម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ព្រះអរហន្តនោះ ឈ្មោះថាមានអរិយវាសនៅរួចហើយ មានចរណៈសន្សំហើយ។បេ។ ភពថ្មី គឺជាតិ ជរា មរណៈ សង្សារ របស់ព្រះអរហន្តនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) របស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយៈនៅរួចហើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា

បុគ្គល ដឹងនូវការកើតព្រមនៃអាកិញ្ចញ្ញា ដឹងនូវសេចក្តីរីករាយជាគ្រឿងប្រកប ដូច្នេះ លុះដឹងច្បាស់សេចក្តីនុ៎ះយ៉ាងនេះ ហើយចេញអំពីសមាបត្តិនោះ រមែងឃើញច្បាស់ក្នុងសមាបត្តិនោះ នេះឯងជាញាណដ៏ពិតប្រាកដរបស់ព្រាហ្មណ៍ ដែលមានព្រហ្មចរិយធម៌នៅរួចហើយនោះ។

លុះចប់គាថា។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ជាសាស្ដារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គសូមជាសាវ័ក។

ចប់ បោសាលមាណវកប្បញ្ហានិទ្ទេស ទី១៤។

មោឃរាជមាណវកប្បញ្ហានិទ្ទេស ទី១៥

(១៥. មោឃរាជមាណវបុច្ឆា)

[៥៨] (មោឃរាជមានអាយុ ទូលដូច្នេះថា)

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ អស់វារៈពីរដងរួចហើយ ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គនៅឡើយ ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងតែព្យាករពុំខាន។

[៥៩] ពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរអស់វារៈពីរដងរួចហើយ អធិប្បាយថា ព្រាហ្មណ៍នោះ បានទូលសួរប្រស្នាចំពោះព្រះពុទ្ធមានព្រះភាគ អស់វារៈពីរដងរួចហើយ តែព្រះមានព្រះភាគ កាលព្រាហ្មណ៍នោះ សួរប្រស្នាហើយ ទ្រង់មិនទាន់ព្យាករនៅឡើយ ដោយទ្រង់ព្រះតម្រិះថា ព្រាហ្មណ៍នេះ នឹងមានឥន្រ្ទិយចាស់ក្លា ក្នុងកាលជាលំដាប់ស្មើនៃធម្មចក្ខុ។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមានព្រះភាគ ឈ្មោះថាសក្កៈ។ ដែលព្រះមានព្រះភាគឈ្មោះសក្កៈ ព្រោះហេតុទ្រង់ចេញចាកសក្យត្រកូលហើយបួសក៏បាន។ ឬថា ឈ្មោះសក្កៈ ព្រោះហេតុទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានធនធាន ក៏បាន។ នេះទ្រព្យរបស់ព្រះអង្គ គឺ ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ទ្រព្យគឺសតិប្បដ្ឋាន ទ្រព្យគឺសម្មប្បធាន ទ្រព្យគឺឥទ្ធិបាទ ទ្រព្យគឺឥន្រ្ទិយ ទ្រព្យគឺពលៈ ទ្រព្យគឺពោជ្ឈង្គ ទ្រព្យគឺមគ្គ ទ្រព្យគឺផល ទ្រព្យគឺនិពា្វន។ ព្រះនាមសក្កៈ ព្រោះហេតុព្រះអង្គស្តុកស្ដម្ភ មានទ្រព្យច្រើន មានធនធានដោយទ្រព្យដ៏ប្រសើរ ច្រើនប្រការទាំងនេះ ក៏បាន។ ពុំនោះសោត ឈ្មោះសក្កៈ ព្រោះហេតុទ្រង់អង់អាច មោះមុត ក្លាហាន មានព្យាយាម តស៊ូ ក្លៀវក្លា សង្វាត ប្រឹងប្រែង មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចោល លះភ័យគួរខ្លាច មិនព្រឺរោម ក៏បាន។ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គ (បានទូលសួរ) អស់វារៈពីរដងរួចហើយ។ ពាក្យថា ខ្ញុំព្រះអង្គបានទូលសួរ (សេចក្តីថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ បានអង្វរ បានអារាធនា បានជ្រះថ្លា អស់វារៈពីរដងរួចហើយ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរអស់វារៈពីរដងរួចហើយ។ ពាក្យថា ដូច្នេះ នៃបទថា មោឃរាជមានអាយុទូលដូច្នេះ គឺជាការតបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា មោឃរាជ ជាឈ្មោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) មោឃរាជមានអាយុទូលដូច្នេះ។

[៦០] អធិប្បាយពាក្យថា ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គនៅឡើយ ត្រង់ពាក្យថា មិនទាន់ដោះស្រាយចំពោះខ្ញុំព្រះអង្គ គឺមិនទាន់ប្រាប់ មិនទាន់សំដែង មិនទាន់បញ្ញត្ត មិនទាន់តាំងទុក មិនទាន់បើក មិនទាន់ចែក មិនទាន់ធ្វើឲ្យងាយ មិនទាន់ប្រកាសដល់ខ្ញុំព្រះអង្គ។ ពាក្យថា មានចក្ខុ គឺព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយចក្ខុ ៥ គឺ មានចក្ខុដោយមំសចក្ខុ ១ មានចក្ខុដោយទិព្វចក្ខុ ១ មានចក្ខុដោយបញ្ញាចក្ខុ ១ មានចក្ខុដោយពុទ្ធចក្ខុ ១ មានចក្ខុដោយសមន្ដចក្ខុ ១។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយមំសចក្ខុ តើដូចម្ដេច។ ក្នុងមំសចក្ខុរបស់ព្រះមានព្រះភាគ មានសម្បុរ ៥ គឺសម្បុរខៀរ ១ សម្បុរលឿង ១ សម្បុរក្រហម ១ សម្បុរខ្មៅ ១ សម្បុរស ១។ ទីណាដែលមានរោមព្រះនេត្រប្រតិស្ឋាននៅ ទីនោះឯងមានសម្បុរខៀវ ខៀវស្រស់ គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាត្រកៀត។ ទីខាងនាយអំពីនោះ មានសម្បុរលឿង លឿងស្រស់ មានសម្បុរដូចមាស គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាកណ្ណិការ។ មួយទៀត រណ្ដៅព្រះនេត្រទាំងពីរខាងរបស់ព្រះមានព្រះភាគ មានសម្បុរក្រហម ក្រហមច្រាល គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចសម្បុរមេភ្លៀង។ ទីត្រង់កណ្ដាល មានសម្បុរខ្មៅ ខ្មៅស្រស់ មិនសៅហ្មង ស្និទ្ធគួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចសម្បុរផ្លែផ្គាំ។ ទីខាងនាយពីនោះ មានសម្បុរស សភ្លឹង សស្រស់ សថ្លា គួរជ្រះថ្លា គួរក្រឡេកមើល ជាទីដូចផ្កាយព្រឹក។ ហេតុនោះ បានជាព្រះមានព្រះភាគតែងទតឃើញមួយយោជន៍ដោយជុំវិញ ទាំងថ្ងៃទាំងយប់ ដោយមំសចក្ខុធម្មតា ដែលរាប់បញ្ចូលក្នុងអត្តភាព កើតដោយផលនៃសុចរិតកម្មក្នុងកាលមុន។ សូម្បីក្នុងកាលណា ដែលមានងងឹតប្រកបដោយអង្គបួន គឺព្រះអាទិត្យអស្ដង្គត ១ ឧបោសថខាងកាឡបក្ខ ១ ដងព្រៃយ៉ាងក្រាស់ជិត ១ មហាអកាលមេឃ (ភ្លៀងធំខុសកាល) ប្រាកដឡើង ១ ក្នុងកាលនោះ ព្រះមានព្រះភាគទតឃើញមួយយោជន៍ដោយជុំវិញ ក្នុងទីងងឹត ប្រកបដោយអង្គបួន មានសភាពយ៉ាងនេះ។ ផ្ទះកំពូលក្តី សន្លឹកទ្វារក្ដី កំពែងក្ដី ភ្នំក្ដី គុម្ពឈើក្ដី វល្លិក្ដី ជាគ្រឿងរារាំងនូវការឃើញរូបនោះ មិនមានឡើយ។ ប្រសិនបើបុគ្គលដាក់គ្រាប់ល្ងមួយគ្រាប់ក្នុងរទេះដែលពេញដោយគ្រាប់ល្ង ធ្វើឲ្យជាគ្រឿងសំគាល់ ព្រះមានព្រះភាគ គប្បីរើសយកគ្រាប់ល្ងនោះដដែលវិញបាន។ មំសចក្ខុធម្មតារបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយមំសចក្ខុយ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយទិព្វចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងផុតចក្ខុរបស់មនុស្សធម្មតា។បេ។ ទ្រង់ជ្រាបច្បាស់នូវសត្វទាំងឡាយ ដែលរង្គាត់ទៅតាមយថាកម្ម។ បើព្រះមានព្រះភាគប្រាថ្នា (ចង់ឃើញ) គប្បីទតឃើញលោកធាតុមួយក៏បាន ឃើញលោកធាតុ ២ ក៏បាន ឃើញលោកធាតុ ៣ ក៏បាន ឃើញលោកធាតុ ៤ ក៏បាន ឃើញលោកធាតុ ៥ ក៏បាន ឃើញលោកធាតុ ១០ ក៏បាន ឃើញលោកធាតុ ២០ ក៏បាន ឃើញលោកធាតុ ៣០ ក៏បាន ឃើញលោកធាតុ ៤០ ក៏បាន ឃើញលោកធាតុ ៥០ ក៏បាន ឃើញលោកធាតុ ១០០ ក៏បាន ឃើញលោកធាតុតូចចំនួន ១ ពាន់ ក៏បាន ឃើញលោកធាតុកណ្ដាល ចំនួន ២ ពាន់ ក៏បាន ឃើញលោកធាតុចំនួន ៣ ពាន់ ក៏បាន ឃើញលោកធាតុមានពាន់ដ៏ច្រើន ក៏បាន។ មិនតែប៉ុណ្ណោះ ព្រះមានព្រះភាគមានប្រាថ្នា (នឹងឃើញ) ត្រឹមណា គប្បីឃើញាបានត្រឹមណោះ។ ទិព្វចក្ខុរបស់ព្រះមានព្រះភាគបរិសុទ្ធយ៉ាងនេះ។ ព្រះមានព្រះភាគទ្រង់មានចក្ខុដោយទិព្វចក្ខុយ៉ាងនេះឯង។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយបញ្ញាចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់មានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាមោះមុត មានប្រាជ្ញាជាគ្រឿងទំលាយកិលេស ទ្រង់ឈ្លាសក្នុងប្រភេទនៃប្រាជ្ញា ទ្រង់បែកព្រះញាណ ទ្រង់បានបដិសម្ភិទា ទ្រង់សម្រេចចតុវេសារជ្ជញ្ញាណ ទ្រទ្រង់នូវកំឡាំង ១០ ជាបុរសប្រសើរ ជាបុរសអង់អាច ជាបុរសនាគ ជាបុរសអាជានេយ្យ ជាបុរសនាំទៅនូវធុរៈ ជាអនន្ដញ្ញាណ មានតេជះមិនមានទីបំផុត មានយសមិនមានទីបំផុត ទ្រង់ស្តុកស្ដម្ភ មានទ្រព្យច្រើន មានធនធាន ទ្រង់ដឹកនាំ ទ្រង់ទូន្មាន ប្រៀនប្រដៅ ទ្រង់ពន្យល់ ទ្រង់ដឹកនាំឲ្យគិតគូរ ទ្រង់ឲ្យគយគន់ ទ្រង់ធើ្វឲ្យជ្រះថ្លា។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឲ្យកើតឡើង ទ្រង់ញុំាងមគ្គដែលមិនទាន់កើតមានឲ្យកើតមាន ទ្រង់ប្រាប់ផ្លូវដែលមិនទាន់ប្រាប់ ទ្រង់ស្គាល់ផ្លូវ ទ្រង់ជ្រាបផ្លូវ ទ្រង់ឈ្លាសវៃក្នុងផ្លូវ។ ចំណែកពួកសាវ័ក ឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ដើរតាមក្រោយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ជ្រាបហេតុដែលគួរជ្រាប ទ្រង់ឃើញហេតុដែលគួរឃើញ មានចក្ខុ មានញាណ មានធម៌ មានធម៌ដ៏ប្រសើរ ទ្រង់ជាអ្នកស្ដីប្រដៅ ទ្រង់ពោលរំលឹកបង្អោនទៅរកប្រយោជន៍ ឲ្យនូវព្រះនិពា្វន ជាធម្មស្សាមិ ជាតថាគត។ មិនមាន (វត្ថុអ្វីមួយ) ដែលព្រះមានព្រះភាគអង្គនោះ មិនបានដឹង មិនបានឃើញ មិនបានជ្រាប មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានប៉ះពាល់ដោយប្រាជ្ញា។ ធម៌ទាំងអស់ រាប់ទាំងអតីត អនាគត និងបច្ចុប្បន្ន រមែងមកកាន់រង្វង់ក្នុងប្រធាននៃព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ ដោយអាការៈសព្វគ្រប់។ ឈ្មោះថា ធម្មជាតដែលគប្បីដឹងណាមួយ ដែលជារបស់គួរដឹង គឺប្រយោជន៍ខ្លួនក្តី ប្រយោជន៍ជនដទៃក្តី ប្រយោជន៍ទាំងពីរក្តី ប្រយោជន៍ជាបច្ចុប្បន្នក្តី ប្រយោជន៍ក្នុងលោកខាងមុខក្តី ប្រយោជន៍រាក់ក្តី ប្រយោជន៍ជ្រៅក្តី ប្រយោជន៍លាក់លៀមក្តី ប្រយោជន៍កំបិតកំបាំងក្តី ប្រយោជន៍ដែលគួរដឹងក្តី ប្រយោជន៍ដែលបានដឹងហើយក្តី ប្រយោជន៍មិនមានទោសក្តី ប្រយោជន៍មិនមានកិលេសក្តី ប្រយោជន៍ផូរផង់ក្តី ប្រយោជន៍ដ៏ល្អិតក្តី ធម្មជាតទាំងអស់នោះ រមែងវិលនៅក្នុងខាងក្នុងពុទ្ធញ្ញាណ។ កាយកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ វចីកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ មនោកម្មទាំងអស់ រមែងប្រព្រឹត្តទៅតាមព្រះញាណ (របស់ព្រះពុទ្ធមានព្រះភាគ)។ ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងអតីត ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងអនាគត ញាណរបស់ព្រះពុទ្ធមានព្រះភាគ មិនមានទើសទាល់ក្នុងបច្ចុប្បន្ន។ ធម្មជាតដែលគប្បីដឹង មានកំណត់ត្រឹមណា ព្រះញាណក៏មានកំណត់ត្រឹមនោះ ព្រះញាណមានកំណត់ត្រឹមណា ធម្មជាតដែលគប្បីដឹង ក៏មានកំណត់ត្រឹមនោះ ព្រះញាណមានធម្មជាតដែលគប្បីដឹង ជាកំណត់ ធម្មជាតដែលគប្បីដឹង ក៏មានព្រះញាណជាកំណត់ ព្រះញាណប្រព្រឹត្តកន្លងនូវធម្មជាតដែលគប្បីដឹងមិនបាន គន្លងនៃធម្មជាតដែលគប្បីដឹង ក៏ប្រព្រឹត្តកន្លងនូវព្រះញាណមិនបាន ធម៌ទាំងនោះ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ដូចបាតស្មុគ្រពីរ ដែលគេគ្របហើយយ៉ាងជិតស្និទ្ធ គឺបាតស្មុគ្រខាងក្រោម មិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងលើ បាតស្មុគ្រខាងលើ ក៏មិនប្រព្រឹត្តកន្លងបាតស្មុគ្រខាងក្រោម (បាតស្មុគ្រទាំងនោះ) តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា យ៉ាងណាមិញ ធម្មជាតដែលគប្បីដឹងក្តី ព្រះញាណក្តី របស់ព្រះពុទ្ធមានព្រះភាគ ក៏តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នាយ៉ាងនោះដែរ គឺធម្មជាតដែលគប្បីដឹង មានកំណត់ត្រឹមណា ព្រះញាណក៏មានកំណត់ត្រឹមនោះ ព្រះញាណមានកំណត់ត្រឹមណា ធម្មជាតដែលគប្បីដឹង ក៏មានកំណត់ត្រឹមនោះ ព្រះញាណមានធម្មជាតដែលគប្បីដឹងជាកំណត់ ធម្មជាតដែលគប្បីដឹង ក៏មានព្រះញាណជាកំណត់ ព្រះញាណប្រព្រឹត្តកន្លងធម្មជាតដែលគប្បីដឹងមិនបាន គន្លងនៃធម្មជាតដែលគប្បីដឹង ក៏ប្រព្រឹត្តកន្លងព្រះញាណមិនបាន ធម៌ទាំងនោះ តាំងនៅក្នុងទីបំផុតនៃគ្នានឹងគ្នា។ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ រមែងប្រព្រឹត្តទៅក្នុងធម៌ទាំងពួង។ ធម៌ទាំងពួង រមែងជាប់ចំពាក់ដោយការរាវរក ជាប់ចំពាក់ដោយការប្រាថ្នា ជាប់ចំពាក់ដោយការនឹក ជាប់ចំពាក់ដោយការតាំងចិត្ត របស់ព្រះពុទ្ធមានព្រះភាគ ព្រះញាណរបស់ព្រះពុទ្ធមានព្រះភាគ រមែងប្រព្រឹត្តទៅក្នុងសត្វទាំងពួង។ ព្រះមានព្រះភាគ តែងជ្រាបអាសយធម៌ ជ្រាបអនុសយធម៌ ជ្រាបចរិត ជ្រាបអធិមុត្តិនៃពួកសត្វទាំងពួង តែងជ្រាបពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ជាសត្វឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ ជាសត្វមានភ័ព្វ និងឥតភ័ព្វ។ លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ក៏រមែងវិលនៅតែខាងក្នុងពុទ្ធញ្ញាណ។ ដូចហ្វូងត្រី និងអណ្តើកណាមួយ ដោយហោចទៅ ទោះបីត្រីឈ្មោះតិមិ និងត្រីឈ្មោះតិមិង្គលៈ រមែងវិលនៅតែខាងក្នុងមហាសមុទ្រយ៉ាងណា លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ក៏រមែងវិលនៅតែខាងក្នុងពុទ្ធញ្ញាណ យ៉ាងនោះឯង។ ដូចពួកបក្សីណាមួយ ដោយហោចទៅ សូម្បីគ្រុឌឈ្មោះវេនតេយ្យៈ តែងវិលនៅតែក្នុងប្រទេសនៃអាកាស យ៉ាងណាមិញ ពួកជនណាដែលមានប្រាជ្ញាស្មើដោយប្រាជ្ញារបស់ព្រះសារីបុត្ត សូម្បីពួកជនទាំងនោះ ក៏រមែងវិលនៅតែខាងក្នុងប្រទេសនៃពុទ្ធញ្ញាណ យ៉ាងនោះឯង ពុទ្ធញ្ញាណ រមែងផ្សាយគ្របប្រាជ្ញានៃពួកទេវតា និងមនុស្ស ហើយប្រតិស្ឋាននៅ។ ពួកជនណាមួយ ទោះបីជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី ដែលមានប្រាជ្ញាល្អិត ស្គាល់ថ្វីមាត់របស់ជនដទៃ ស្រដៀងនឹងខ្មាន់ធ្នូអ្នកបាញ់រោមទ្រាយ ពួកជនទាំងនោះ មានអាការៈដូចជាទំលាយបង់នូវទិដ្ឋិ ដោយប្រាជ្ញា (ខ្លួន) ហើយប្រព្រឹត្តទៅ។ ពួកជនទាំងនោះ ប្រឹងតាក់តែងនូវប្រស្នា លុះតាក់តែងហើយ ក៏ចូលទៅសួរព្រះតថាគត។ ប្រស្នាទាំងនោះ លុះព្រះមានព្រះភាគ បានសំដែង បានដោះស្រាយហើយ ក៏បែរទៅជាប្រស្នាមានហេតុ គួរសំដែងចេញ និងពង្រីកចេញបាន។ ពួកជនទាំងនោះ ក៏នាំគ្នាចុះចូលព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រុងរឿងកន្លងដោយប្រាជ្ញាក្នុងទីប្រជុំនោះ ហេតុនោះ ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយបញ្ញាចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយពុទ្ធចក្ខុ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលលោកដោយពុទ្ធចក្ខុ បានទតឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈអាក្រក់ ឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ សត្វជំពូកខ្លះ ឃើញភ័យក្នុងទោសខាងបរលោក។ ដូចក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ពឈូកសក្តី ផ្កាព្រលិត ឬផ្កាឈូកក្រហម ឬក៏ផ្កាឈូកសជំពូកខ្លះ កើតក្នុងទឹក ចំរើនក្នុងទឹក លូតលាស់ក្នុងទឹក ដុះកប់ខាងក្នុងនៅឡើយ ផ្កាព្រលិត ឬផ្កាឈូកក្រហម ឬក៏ផ្កាឈូកសជំពូកខ្លះ កើតក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅស្មើនឹងទឹកហើយ ផ្កាព្រលិត ឬផ្កាឈូកក្រហម ឬក៏ផ្កាឈូកសជំពូកខ្លះ កើតក្នុងទឹក ចម្រើនក្នុងទឹក ឋិតនៅផុតអំពីទឹក មិនទទឹកដោយទឹកឡើយ យ៉ាងណាមិញ ព្រះមានព្រះភាគទ្រង់ប្រមើលមើលលោកដោយពុទ្ធចក្ខុ បានឃើញពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយរឹង មានឥន្រ្ទិយទន់ មានអាការៈល្អ មានអាការៈមិនល្អ ឲ្យត្រាស់ដឹងងាយ ឲ្យត្រាស់ដឹងក្រ សត្វជំពូកខ្លះឃើញភ័យក្នុងទោសខាងបរលោក ក៏យ៉ាងនោះឯង។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុគ្គលនេះ ជារាគចរិត នេះជាទោសចរិត នេះជាមោហចរិត នេះជាវិតក្កចរិត នេះជាសទ្ធាចរិត នេះជាញាណចរិត។ ព្រះមានព្រះភាគទ្រង់សំដែងអសុភកថា ចំពោះបុគ្គលជារាគចរិត។ ព្រះមានព្រះភាគ ទ្រង់ប្រាប់មេត្តាភាវនា ចំពោះបុគ្គលជាទោសចរិត។ ព្រះមានព្រះភាគ ទ្រង់ញុំាងបុគ្គលជាមោហចរិត ឲ្យតាំងនៅក្នុងធម្មស្សវនៈតាមកាល ក្នុងធម្មសាកច្ឆាតាមកាល និងការនៅរួមជាមួយគ្រូ ដើម្បីរៀន និងការសាកសួរ។ ព្រះមានព្រះភាគ ទ្រង់ប្រាប់អានាបានស្សតិចំពោះបុគ្គលជាវិតក្កចរិត។ ព្រះមានព្រះភាគ ទ្រង់ប្រាប់និមិត្តដែលគួរជ្រះថ្លា គឺការត្រាស់ដឹងប្រពៃនៃព្រះពុទ្ធ សភាពនៃធម៌ជាធម៌ល្អ ការប្រតិបត្តិប្រពៃនៃព្រះសង្ឃ និងសីលរបស់ខ្លួន ចំពោះបុគ្គលជាសទ្ធាចរិត។ ព្រះមានព្រះភាគទ្រង់ប្រាប់វិបស្សនានិមិត្ត គឺអាការៈមិនទៀង អាការៈជាទុក្ខ និងអាការៈជាអនត្តា ចំពោះបុគ្គលជាញាណចរិត។

បពិត្រព្រះសុមេធៈ ព្រះអង្គប្រកបដោយសមន្តចក្ខុ ទ្រង់មិនមានសោក សូមព្រះអង្គឡើងកាន់ប្រាសាទជាវិការៈនៃធម៌ ហើយក្រឡេកមើលពួកជនដែលដេរដាសដោយសោក ត្រូវជាតិ ជរាគ្របសង្កត់ ដូចជាបុរសឈរនៅលើកំពូលភ្នំជាវិការៈនៃថ្ម ហើយក្រឡេកមើលពួកជន ដែលឋិតនៅក្នុងទីជុំវិញ ដូច្នោះចុះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយពុទ្ធចក្ខុ យ៉ាងនេះ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយសមន្តចក្ខុ តើដូចម្ដេច។ សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។ ព្រះមានព្រះភាគ ទ្រង់ដល់ ដល់ព្រម មកដល់ មកដល់ព្រម ចូលទៅជិត ចូលទៅជិតព្រម ប្រកបហើយដោយសព្វញ្ញុតញ្ញាណ។

អ្វីមួយក្នុងលោកនេះ ដែលព្រះតថាគតនោះ មិនឃើញ ឬមិនជ្រាបហើយ មិនគប្បីជ្រាប មិនមានទេ របស់ណាដែលគួរដឹង ព្រះតថាគតជ្រាបច្បាស់នូវរបស់នោះទាំងអស់ ហេតុនោះ ទើបឈ្មោះថាសមន្តចក្ខុ។

ព្រះមានព្រះភាគ ទ្រង់មានចក្ខុដោយសមន្តចក្ខុ យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយដល់ខ្ញុំព្រះអង្គនៅឡើយ។

[៦១] ពាក្យថា ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន អធិប្បាយថា ខ្ញុំព្រះអង្គបានរៀនមកយ៉ាងនេះ ខ្ញុំព្រះអង្គបានចាំទុកមកយ៉ាងនេះ ខ្ញុំព្រះអង្គបានកំណត់ទុកមកយ៉ាងនេះថា ព្រះពុទ្ធដែលគេសួរប្រស្នាប្រកបដោយធម៌ ត្រឹមវារៈជាគំរប់ ៣ តែងទ្រង់ព្យាករ មិនទើសទាល់។ ពាក្យថា ព្រះអង្គជាទេវឫសី គឺព្រះមានព្រះភាគ ឈ្មោះថាទេវឫសី ព្រោះហេតុទ្រង់ជាវិសុទ្ធិទេពផង ជាឫសីផង។ ដូចពួករាជបព្វជិត គេហៅថា រាជឫសី ពួកព្រាហ្មណបព្វជិត គេហៅថា ព្រាហ្មណឫសី យ៉ាងណាមិញ ព្រះមានព្រះភាគ ឈ្មោះថាទេវឫសី ព្រោះហេតុទ្រង់ជាវិសុទ្ធិទេពផង ជាឫសីផង ក៏យ៉ាងនោះដែរ។ មួយទៀត ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះហេតុទ្រង់ជាបព្វជិត ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែង នូវសីលក្ខន្ធដ៏ធំ ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែង នូវសមាធិខន្ធដ៏ធំ បញ្ញាខន្ធដ៏ធំ វិមុត្ដិខន្ធដ៏ធំ វិមុត្ដិញ្ញាណទស្សនក្ខន្ធដ៏ធំ ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ឈ្មោះថាឫសី ព្រោះទ្រង់រក ស្វែងរក ស្វះស្វែងនូវការទំលាយបង់នូវគំនរងងឹតដ៏ធំ ការទំលាយបង់នូវវិបល្លាសដ៏ធំ ការដកឡើងនូវសរ គឺតណ្ហាដ៏ធំ ការរុះរើចេញនូវឃ្នាប គឺទិដ្ឋិដ៏ធំ ការទំលាក់ចុះនូវទង់ជ័យ គឺមានះដ៏ធំ ការរម្ងាប់នូវអភិសង្ខារដ៏ធំ ការរើចេញចាកឱឃៈដ៏ធំ ការដាក់ចុះនូវភារៈដ៏ធំ ការផ្តាច់បង់នូវសំសារវដ្តដ៏ធំ ការរំលត់នូវកំដៅដ៏ធំ ការរម្ងាប់បង់នូវការក្តៅក្រហាយដ៏ធំ និងការលើកឡើងនូវទង់ជ័យ គឺធម៌ដ៏ធំ ដូច្នេះក៏បាន។ ព្រះមានព្រះភាគ ទ្រង់រក ឈ្មោះថាឫសី ព្រោះទ្រង់ស្វែងរក ស្វះស្វែងនូវសតិប្បដ្ឋានដ៏ធំ សម្មប្បធានដ៏ធំ ឥទ្ធិបាទដ៏ធំ ឥន្រ្ទិយដ៏ធំ ពលៈដ៏ធំ ពោជ្ឈង្គដ៏ធំ អរិយមគ្គប្រកបដោយអង្គ ៨ ដ៏ធំ និងព្រះនិពា្វនដ៏ធំ ដូច្នេះក៏បាន។ ឈ្មោះថាឫសី ព្រោះ (ព្រះមានព្រះភាគ) ត្រូវពួកសត្វមានស័ក្តិធំ គួររក ស្វែងរក ស្វះស្វែងថា ព្រះពុទ្ធ (គង់នៅ) ក្នុងទីណា ព្រះមានព្រះភាគ (គង់នៅ) ក្នុងទីណា ព្រះវិសុទ្ធិទេព (គង់នៅ) ក្នុងទីណា ព្រះនរាសភៈ (គង់នៅ) ក្នុងទីណា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

(មោឃរាជមានអាយុ ក្រាបទូលដូច្នេះថា)

បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គបានទូលសួរ (ព្រះអង្គ) អស់វារៈពីរដងរួចហើយ ព្រះអង្គមានចក្ខុ ទ្រង់មិនទាន់ដោះស្រាយដល់ខ្ញុំព្រះអង្គនៅឡើយ ខ្ញុំព្រះអង្គបានឮថា ព្រះអង្គជាទេវឫសី (កាលបើមានគេសាកសួរ) អស់វារៈបីដង ទ្រង់តែងព្យាករពុំខាន។

[៦២]

លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក រមែងមិនទាន់ដឹងច្បាស់ នូវសេចក្តីយល់ឃើញរបស់ព្រះអង្គ ជាព្រះគោតមដ៏ទ្រង់យសទេ។

[៦៣] ពាក្យថា លោកនេះ របស់បទថា លោកនេះ លោកដទៃ បានដល់ មនុស្សលោក។ ពាក្យថា លោកដទៃ គឺលោកដទៃទាំងអស់ លើកលែងតែមនុស្សលោកចេញ ហេតុនោះ (លោកពោលថា) លោកនេះ លោកដទៃ។

[៦៤] ពាក្យថា ព្រហ្មលោក ព្រមទាំងទេវលោក បានដល់ ព្រហ្មលោក ព្រមទាំងទេវលោក មារលោក ពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សសាមញ្ញ ហេតុនោះ (លោកពោលថា) ព្រហ្មលោក ព្រមទាំងទេវលោក។

[៦៥] ពាក្យថា មិនទាន់ដឹងច្បាស់នូវសេចក្តីឃើញរបស់ព្រះអង្គ គឺសត្វលោកមិនទាន់ដឹងនូវសេចក្តីយល់ឃើញ សេចក្តីចូលចិត្ត សេចក្តីគាប់ចិត្ត លទ្ធិ អធ្យាស្រ័យ បំណងរបស់ព្រះអង្គ គឺថាមិនទាន់ដឹង មិនទាន់ឃើញ មិនទាន់យល់ មិនទាន់ជួបប្រទះ មិនទាន់បាន មិនបានចំពោះថា សមណៈនេះ មានសេចក្តីយល់ឃើញយ៉ាងនេះ មានសេចក្តីចូលចិត្តយ៉ាងនេះ មានសេចក្តីគាប់ចិត្តយ៉ាងនេះ មានលទ្ធិយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះទេ ហេតុនោះ (លោកពោលថា) មិនទាន់ដឹងច្បាស់នូវសេចក្តីយល់ឃើញរបស់ព្រះអង្គទេ។

[៦៦] ពាក្យថា ជាព្រះគោតមដ៏ទ្រង់យស គឺព្រះមានព្រះភាគ ឈ្មោះថា មានយស ព្រោះហេតុទ្រង់ដល់នូវយស។ ឬថា ព្រះមានព្រះភាគ មានគេធើ្វសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទ្រង់បានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហេតុនោះ (លោកពោលថា) ជាព្រះគោតមដ៏ទ្រង់យស។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក រមែងមិនទាន់ដឹងច្បាស់ នូវសេចក្តីយល់ឃើញរបស់ព្រះអង្គជាព្រះគោតមដ៏ទ្រង់យសទេ។

[៦៧]

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរ) ចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះបុគ្គលសំឡឹងឃើញលោកដោយប្រការៈដូចម្ដេច មច្ចុរាជទើបមិនឃើញ។

[៦៨] ពាក្យថា ព្រះអង្គទ្រង់ឃើញវិសេសយ៉ាងនេះ គឺទ្រង់ឃើញវិសេស ឃើញច្បាស់ ឃើញប្រសើរផុត ឃើញប្រសើរវិសេស ឃើញជាប្រធាន ឃើញដ៏ឧត្ដម ឃើញដ៏ថ្លៃថ្លាយ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះអង្គឃើញវិសេសយ៉ាងនេះ។

[៦៩] ពាក្យថា ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ គឺពួកខ្ញុំព្រះអង្គមានសេចក្តីត្រូវការដោយប្រស្នា ទើបមកគាល់។បេ។ ដើម្បីសន្ទនា ដើម្បីក្រាបបង្គំទូលសួរ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ យ៉ាងនេះក៏មាន។

[៧០] ពាក្យថា បុគ្គលសំឡឹងឃើញលោកដោយប្រការដូចម្ដេច គឺសំឡឹងឃើញ ពិចារណាឃើញ រំពឹងឃើញ ត្រិះរិះឃើញ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ (នូវលោក) ដោយប្រការដូចម្ដេច ហេតុនោះ (លោកពោលថា) បុគ្គលសំឡឹងឃើញលោក ដោយប្រការដូចម្ដេច។

[៧១] ពាក្យថា មច្ចុរាជទើបមិនឃើញ គឺមច្ចុរាជទើបមិនឃើញ មិនយល់ មិនជួបប្រទះ មិនបាន មិនបានចំពោះ ហេតុនោះ (លោកពោលថា) មច្ចុរាជទើបមិនឃើញ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា

ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយប្រស្នា ទើបមកគាល់ (ដើម្បីទូលសួរ) ចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះបុគ្គលសំឡឹងឃើញលោកដោយប្រការដូចម្ដេច មច្ចុរាជទើបមិនឃើញ។

[៧២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា)

ម្នាលមោឃរាជ អ្នកចូរមានស្មារតីគ្រប់កាល សំឡឹងឃើញលោកដោយសភាពជារបស់សូន្យ (ព្រោះ) បុគ្គលដកអត្តានុទិដ្ឋិចេញ ទើបឆ្លងផុតចាកមច្ចុ បុគ្គលសំឡឹងឃើញលោក យ៉ាងនេះ មច្ចុរាជទើបមិនឃើញ។

[៧៣] អធិប្បាយពាក្យថា អ្នកចូរសំឡឹងឃើញលោក ដោយសភាពជារបស់សូន្យ ត្រង់ពាក្យថា លោក បានដល់ និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក។

ភិក្ខុមួយរូប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ តែងត្រាស់ថា លោក លោក ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន សភាវៈដែលហៅថា លោក តើមានកំណត់ដូចម្ដេច។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ សភាវៈដែលហៅថា លោក ព្រោះហេតុវិនាស។ អី្វតែងវិនាស។ ចក្ខុតែងវិនាស ពួករូបតែងវិនាស ចក្ខុវិញ្ញាណតែងវិនាស ចក្ខុសម្ផស្សតែងវិនាស ធម្មជាតណាមួយ ដែលបុគ្គលទទួល ជាសុខ ឬទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ រមែងកើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ ធម្មជាតនោះ តែងវិនាសទៅ ត្រចៀកតែងវិនាស ពួកសំឡេងតែងវិនាស ច្រមុះតែងវិនាស ពួកក្លិនតែងវិនាស អណ្ដាតតែងវិនាស ពួករសតែងវិនាស កាយតែងវិនាស ពួកផ្សព្វតែងវិនាស ចិត្តតែងវិនាស ពួកធម្មារម្មណ៍តែងវិនាស មនោវិញ្ញាណតែងវិនាស មនោសម្ផស្សតែងវិនាស ធម្មជាតណាមួយ ដែលបុគ្គលទទួល ជាសុខ ឬទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ធម្មជាតនោះ រមែងវិនាស ម្នាលភិក្ខុ ហេតុនោះ សភាវៈដែលហៅថា លោក ព្រោះហេតុវិនាស ដូច្នេះឯង។ ពាក្យថា អ្