User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.v01

យមកវគ្គ ទី១

សង្ខេប

សុភាសិត​ជា​គូ​​ ដោយ​ព្រះពុទ្ធ​ ល្បីៗ។

sut kn dhp v01 បាលី cs-km: sut.kn.dhp.v01 អដ្ឋកថា: sut.kn.dhp.v01_att PTS: ?

យមកវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. យមកវគ្គោ)

(គាថា ទី១)

[១១] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស1) ប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដានជើងគោដែលកំពុងអូសទៅ។

(គាថា ទី២)

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លា2) ហើយ ពោលក្តី ធ្វើក្តី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខ រមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។

(គាថា ទី៣-៦)

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ។

អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា មិនចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ ទើបរម្ងាប់បាន។

ពិតមែន តាំងពីកាលណាមក ក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌។

ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះប្រកែកទាំងឡាយ រមែងរម្ងាប់អំពីជនទាំងឡាយនោះ។

(គាថា ទី៧-៨)

បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ។

ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ភ្នំថ្មតាន់មិនបានដូច្នោះ។

(គាថា ទី៩-១០)

អ្នកណា នៅមានទឹកចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់ការទូន្មាន នូវឥន្ទ្រិយ និងសច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ។

លុះតែអ្នកណា មានទឹកចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តដម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសីល ប្រកបដោយការទូន្មាននូវឥន្ទ្រិយ និងសច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈបាន។

(គាថា ទី១១-១២)

ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ។

ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវ ជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម។

(គាថា ទី១៣-១៤)

ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ ដំណក់ទឹកភ្លៀង រមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង។

ផ្ទះដែលប្រក់ល្អហើយ ដំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។

(គាថា ទី១៥-១៨)

បុគ្គលអ្នកធ្វើបាប តែងសោកស្តាយក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះ ១ ក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ ១ រីករាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន។

បុគ្គលអ្នកធ្វើអំពើបាប តែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺក្តៅក្រហាយក្នុងលោកនេះ ១ ក្តៅក្រហាយក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាប អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្តៅក្រហាយដ៏ក្រៃលែង។

បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺត្រេកអរក្នុងលោកនេះ ១ ត្រេកអរក្នុងលោកខាងមុខ ១ បុគ្គលនោះ រមែងត្រេកអរដោយគិតឃើញថា បុណ្យ អញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។

(គាថា ទី១៩-២០)

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើន តែជាអ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគនូវបញ្ចគោរស) ដូច្នោះឯង។

បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះ និងលោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល។

ចប់ យមកវគ្គ ទី១។

 

លេខយោង

1)
ធម៌ជាទោស ឬជាឧបក្កិលេសនៃចិត្ត មានអភិជ្ឈាជាដើម ដែលចូលមកធ្វើចិត្តឲ្យវឹកវរ។
2)
ជ្រះថ្លាដោយគុណ មានអនភិជ្ឈាជាដើម។ អដ្ឋកថា។
km/tipitaka/sut/kn/dhp/sut.kn.dhp.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann