km:tipitaka:sut:kn:dhp:sut.kn.dhp.v02

អប្បមាទវគ្គ ទី២

សង្ខេប

អំពី​សារៈ​សំខាន់​នៃ​ការខ្វល់។

sut kn dhp v02 បាលី cs-km: sut.kn.dhp.v02 អដ្ឋកថា: sut.kn.dhp.v02_att PTS: ?

អប្បមាទវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. អប្បមាទវគ្គោ)

(គាថា ទី២១-២៤)

[១២] សេចក្តីមិនប្រមាទ1) ជាផ្លូវនៃសេចក្តីមិនស្លាប់2) សេចក្តីប្រមាទ ជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ ដែលមិនប្រមាទហើយ3) ឈ្មោះថា មិនស្លាប់ ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។

ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះដោយប្លែកគ្នា (ទើបឋិតនៅ) ក្នុងសេចក្តីមិនប្រមាទ រីករាយក្នុងសេចក្តីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរ ក្នុងធម៌ជាគោចរ4)

នៃអរិយបុគ្គលទាំងឡាយ មានការពិនិត្យ ជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាតដ៏ប្រសើរបំផុត។

យស5) តែងចំរើនកុះករ ដល់បុគ្គលអ្នកមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារស្អាត (ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌ មិនមានសេចក្តីប្រមាទ។

(គាថា ទី២៥)

អ្នកប្រាជ្ញ គប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់ គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រិយផង។

(គាថា ទី២៦)

ពួកជនពាលអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្តីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ។

(គាថា ទី២៧)

អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីករាយ ត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្តីសុខដ៏ទូលាយ។

(គាថា ទី២៨)

កាលណាបណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ កាលណោះ លោកនឹងឡើងកាន់ប្រាសាទ គឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពូលភ្នំ ហើយក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង។

(គាថា ទី២៩)

បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងដេកលក់ លោកភ្ញាក់រឭកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះមានកំឡាំងទន់ទាប ដូច្នោះឯង។

(គាថា ទី៣០)

មឃមាណព ដល់នូវភាពជាបុគ្គលប្រសើរបំផុត ជាងទេវតាទាំងឡាយ ព្រោះតែសេចក្តីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ត្មះតិះដៀលនូវសេចក្តីប្រមាទ សព្វៗកាល។

(គាថា ទី៣១-៣២)

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ តែងដុតចោលសំយោជនៈទាំងតូច ទាំងធំ ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង។

ភិក្ខុអ្នកត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្តីប្រមាទ ជាអ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។

ចប់ អប្បមាទវគ្គ ទី២។

 

លេខយោង

1)
បានដល់ការប្រុងប្រយ័ត្ន ពាក្យនេះ ជាឈ្មោះស្មារតី ដែលបានតាំងប្រុងជានិច្ច។
2)
ពាក្យថា មិនស្លាប់នេះ ជាឈ្មោះព្រះនិព្វាន ព្រោះព្រះនិព្វាន មិនមានចាស់ មិនមានស្លាប់។
3)
បានដល់ការមិនប្រុងប្រយ័ត្ន ពាក្យនេះជាឈ្មោះនៃការលះបង់ស្មារតី។
4)
ពោធិបក្ខិយធម៌ ៣៧ និងលោកុត្តរធម៌ ៩ ហៅថា គោចរនៃអរិយៈ។
5)
ភាពជាធំ ភោគសម្បត្តិ សេចក្តីរាប់អាន កិត្តិសព្ទដ៏ពីរោះ គុណទាំងនេះ រួមហៅថា យស។
km/tipitaka/sut/kn/dhp/sut.kn.dhp.v02.txt · ពេលកែចុងក្រោយ: 2024/07/06 13:00 និពន្ឋដោយ Johann