តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
អំពីគុណភាពនៃចិត្ត។
sut kn dhp v03 បាលី cs-km: sut.kn.dhp.v03 អដ្ឋកថា: sut.kn.dhp.v03_att PTS: ?
ចិត្តវគ្គ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣. ចិត្តវគ្គោ)
[១៣] អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់។
ចិត្តនេះ ដែលបុគ្គលលើកឡើងចាកអាល័យ គឺកាមគុណ ៥ បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្ដៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែលគេលើកឡើង ចាកទីនៅ គឺទឹក បោះទៅលើគោក ដូច្នោះឯង។
ការទូន្មានចិត្ត ដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យ សម្រេច (ព្រោះថា) ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ។
អ្នកមានប្រាជ្ញា គួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ណាមួយ (ព្រោះថា) ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ។
អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាកចំណងនៃមារ។
ប្រាជ្ញា រមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាអណ្តែតទៅ។
ភ័យរមែងមិនមាន ដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យ និងបាបលះចោលហើយ ភ្ញាក់រឭកជានិច្ច។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះ ឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្នះហើយ មិនគប្បីជាអ្នកដំអក់នៅ (ក្នុងធម៌នោះ) ឡើយ។
ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានវិញ្ញាណទៅប្រាសហើយ គេយកទៅចោលផុតហើយ មុខជានឹងដេកស្តូកស្តឹងលើផែនដី ដូចជាអង្កត់ឧស រកប្រយោជន៍គ្មាន។
ចោរក្រឡេកឃើញចោរផងគ្នា ឬក៏បុគ្គលមានពៀរ ក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាសណាមួយដល់គ្នា ចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យអាក្រក់ក្រៃលែងជាងសេចក្តីវិនាសនោះទៅទៀត។
មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃជាញាតិ មិនគប្បីធ្វើនូវហេតុនោះបាន ចំណែកខាងចិត្តដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន។
ចប់ ចិត្តវគ្គ ទី៣។