km:tipitaka:sut:kn:dhp:sut.kn.dhp.v04

បុប្ផវគ្គ ទី៤

សង្ខេប

អត្ថន័យ​នៃ​ផ្កា​ទាក់​ទង​នឹង​ព្រះធម៌។

sut kn dhp v04 បាលី cs-km: sut.kn.dhp.v04 អដ្ឋកថា: sut.kn.dhp.v04_att PTS: ?

បុប្ផវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិបុល

(៤. បុប្ផវគ្គោ)

(គាថា ទី៤៤-៤៥)

[១៤] អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង។

ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ នឹងយមលោក គឺអបាយភូមិ ៤ និងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះ។

(គាថា ទី៤៦)

ភិក្ខុ កាលដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចព្រេញថ្ងៃ គប្បីកាត់នូវផ្កាជាប្រធាននៃមារ គឺវដ្ដៈ ៣ ទៅកាន់ស្ថានជាទីមិនឃើញនៃមច្ចុរាជ។

(គាថា ទី៤៧-៤៨)

មច្ចុ គឺសេចក្តីស្លាប់ តែងគៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។

អ្នកធ្វើទីបំផុត គឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុ៎ះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន។

(គាថា ទី៤៩)

ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង។

(គាថា ទី៥០)

ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ (ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គល មិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយ និងមិនទាន់ធ្វើហើយ របស់ខ្លួនតែម្យ៉ាង។

(គាថា ទី៥១-៥២)

ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) (រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាម ដូច្នោះ

ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន (រមែងក្រអូបដល់អ្នកដែលទ្រទ្រង់) ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង។

(គាថា ទី៥៣)

មាលាការ ចេះធ្វើសំណុំនៃកម្រងផ្កា អំពីគំនរនៃផ្កា (ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាងណាមិញ កុសលដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើន យ៉ាងនោះ។

(គាថា ទី៥៤-៥៦)

ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមច័ន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស។

ក្លិននៃសីលជាគុណជាតប្រសើរបំផុត ជាងគន្ធជាតទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា។

ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះ ក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះ ទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោក និងមនុស្សលោកបាន។

(គាថា ទី៥៧)

មារាធិរាជ (ទុកជាខំស្វែងរក) ក៏មិនជួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្តីមិនប្រមាទ អ្នករួចស្រឡះ (ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់តាមហេតុ។

(គាថា ទី៥៨-៥៩)

ផ្កាឈូក ទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន

ដូចម្តេចមិញ បណ្តាជន ដែលដូចជាគំនរសម្រាម សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿង កន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា (របស់ខ្លួន) ដូច្នោះឯង។

ចប់ បុប្ផវគ្គ ទី៤។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v04.txt · ពេលកែចុងក្រោយ: 2024/03/29 16:12 និពន្ឋដោយ Cheav Villa