តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
សុភាសិតខ្លីៗរបស់ព្រះពុទ្ធមួយចំនួនអំពីមនុស្សល្ងង់។
sut kn dhp v05 បាលី cs-km: sut.kn.dhp.v05 អដ្ឋកថា: sut.kn.dhp.v05_att PTS: ?
ពាលវគ្គ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៥. ពាលវគ្គោ)
[១៥] រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឭក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាលមិនដឹងច្បាស់នូវព្រះសទ្ធម្ម។
បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ1) មិនមានក្នុងបុគ្គលពាលឡើយ។
ជនពាលតែងព្រួយលំបាក ដោយសេចក្តីសំគាល់ថា កូនទាំងឡាយរបស់អញ មាន ទ្រព្យរបស់អញ មាន តាមដែលពិត សូម្បីខ្លួនរបស់ខ្លួនក៏មិនមាន2) ចំណង់បើកូនទាំងឡាយ នឹងរាប់ថាមានអំពីណាបាន ទ្រព្យនឹងរាប់ថាមានអំពីណាបាន។
អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួន ថាជាពាលនោះ ម្យ៉ាងទៀត អ្នកណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត។
មនុស្សពាល បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីអស់មួយជីវិត ក៏ឥតមានដឹងរសធម៌អ្វី ឲ្យច្បាស់លាស់ឡើយ ដូចវែកដែលមិនដឹងរសសម្ល។
វិញ្ញូជន បើចូលទៅអង្គុយជិតអ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌ ដោយឆាប់រហ័ស ដូចអណ្តាតដឹងនូវរសសម្ល។
ពួកជនពាលមិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ តែងធ្វើកម្មលាមក ដែលជាអំពើមានផលក្តៅក្រហាយ។
បុគ្គលធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ឬមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះ ឈ្មោះថា ជាកម្មមិនល្អឡើយ។
បុគ្គលធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ឬដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលគេធ្វើហើយនោះឯង ឈ្មោះថាជាកម្មល្អ។
បាបមិនទាន់ឲ្យផលត្រឹមណា ជនពាល តែងសំគាល់នូវបាបនោះថា ដូចទឹកឃ្មុំ លុះតែកាលណាបាបឲ្យផល ជនពាលទើបប្រទះនូវសេចក្តីទុក្ខ ក្នុងកាលណោះ។
ជនពាលទុកជាបរិភោគភោជនដោយចុង3) ស្បូវរាល់ៗខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែកទី១៦ ៗ លើក របស់បុគ្គលទាំងឡាយ ដែលមានធម៌បានដឹង ឬបានពិចារណាហើយឡើយ។
កម្មលាមក ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ ដែលមិនទាន់ប្រែក្លាយ (ក្នុង ១ រំពេច) ដូច្នោះ បាបកម្មនោះ តាមដុតបុគ្គលពាល ដូចរងើកភ្លើង ដែលបិទបាំងទុកដោយផេះដូច្នោះ។
ការចេះដឹង កើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឲ្យធ្លាក់ចុះ បំផ្លេចបំផ្លាញចំណែកធម៌សគឺ កុសលរបស់បុគ្គលពាលនោះ។
ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន (ក្នុងខ្លួន) ផង នូវការធ្វើក្នុងខាងមុខ គឺជាប្រមុខ ក្នុងពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងអាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូលនៃជនទាំងឡាយដទៃផង
ភិក្ខុពាល តែងមានសេចក្តីត្រិះរិះថា គ្រហស្ថ និងបព្វជិតទាំង ២ ពួក ចូរសំគាល់នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថាជាកិច្ចរបស់អញវិញ អំណាចដ៏ក្រៃលែងរបស់អញ ចូរមានក្នុងកិច្ចតូច ធំ ណាៗមួយ (កាលបើយ៉ាងនេះ) ឫស្យា និងមានះ រមែងចំរើន។
បដិបទា អាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនុ៎ះយ៉ាងនេះហើយ មិនគួរត្រេកអរចំពោះសក្ការៈឡើយ គប្បីញ៉ាំងវិវេកឲ្យចំរើនដោយលំដាប់។
ចប់ ពាលវគ្គ ទី៥។