តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
ធម្មបទគាថាអំពីអ្វីដែលធ្វើឱ្យឈ្មោះថាអរហន្ត។
sut kn dhp v07 បាលី cs-km: sut.kn.dhp.v07 អដ្ឋកថា: sut.kn.dhp.v07_att PTS: ?
អរហន្តវគ្គ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៧. អរហន្តវគ្គោ)
[១៧] សេចក្តីក្តៅក្រហាយ1) រមែងមិនមានដល់លោកអ្នក មានផ្លូវឆ្ងាយដើរដល់2) ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែះទាំងពួងលះបង់ហើយ។
ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ3) រមែងត្រេកអរក្នុងទីនៅអាស្រ័យ លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ ដូចហង្សលះបង់ភក់ហើរទៅ ដូច្នោះ។
ពួកជនណា មិនមានសេចក្តីសន្សំ ពួកជនណា កំណត់ដឹងភោជនហើយ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ គតិ គឺដំណើររបស់ពួកជននោះៗ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ។
ជនណា អស់អាសវៈហើយ ទាំងមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) ក្នុងអាហារ ជនណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ និងអប្បណិហិតវិមោក្ខ ជាគោចរ ដំណើររបស់ជននោះ គេកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាបឰដ៏អាកាស ដូច្នោះ។
ឥន្ទ្រិយទាំងឡាយ របស់អ្នកណា ដល់នូវការស្ងប់រម្ងាប់ ដូចសេះដែលនាយសារថី ហ្វឹកហ្វឺនរាបហើយ សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏ស្រឡាញ់អ្នកនោះឯង ដែលមានមានះលះបង់ហើយ មិនមានអាសវៈ ជាបុគ្គលមានចិត្តនឹងធឹងមិនញាប់ញ័រ។
ភិក្ខុមានចិត្តដូចផែនដី មិនក្រោធ មានវត្តល្អ មានចិត្តនឹងធឹងដូចសសរគោល មានចិត្តថ្លា ដូចអន្លង់ប្រាសចាកភក់ សង្សារទាំងឡាយរបស់ភិក្ខុបែបនោះ រមែងមិនមាន។
ចិត្តស្ងប់ វាចាស្ងប់ និងកាយកម្មស្ងប់ រមែងមានដល់លោកដែលដឹងដោយប្រពៃ ផុតស្រឡះ (ចាករាគាទិក្កិលេស) ជាអ្នកស្ងប់រម្ងាប់ ដូច្នោះ។
នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងត គឺវដ្ដៈផង មានឱកាសកំចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះ ជាឧត្តមបុរស។
ព្រះអរហន្តទាំងឡាយ នៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះឯង ជាភូមិគួរត្រេកអរ។
ជន (អ្នកស្វែងរកកាម) រមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេ ព្រះខីណាស្រព ដែលមានរាគៈទៅប្រាសហើយ ទើបត្រេកអរក្នុងព្រៃនោះ ព្រោះលោកជាអ្នកមិនស្វែងរកកាម។
ចប់ អរហន្តវគ្គ ទី៧។