តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
ធម្មបទគាថា ជាការប្រៀបធៀប ដោល «…មួយពាន់ដង…» ។
sut kn dhp v08 បាលី cs-km: sut.kn.dhp.v08 អដ្ឋកថា: sut.kn.dhp.v08_att PTS: ?
សហស្សវគ្គ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. សហស្សវគ្គោ)
[១៨] បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ វាចានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទមានប្រយោជន៍ណាហើយ រមែងស្ងប់រម្ងាប់បាន បទមានប្រយោជន៍នោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។
បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថានោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន បទនៃគាថានោះ សូម្បីតែ ១ បទ ក៏ឈ្មោះថា ប្រសើរជាង។
អ្នកណា គប្បីពោលគាថាមួយរយ ជាគាថាប្រកបដោយបទឥតប្រយោជន៍ គាថាដែលអ្នកនោះពោលហើយនោះ ពុំប្រសើរឡើយ អ្នកណាស្តាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន បទនៃធម៌នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង។
អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗដង គឺមួយលាន ចំណែកអ្នកណា ឈ្នះខ្លួនឯងម្នាក់ឯងបាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ ជាងអ្នកដែលឈ្នះក្នុងសង្គ្រាមនោះ។
ខ្លួនឯងដែលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជំនះ របស់សត្វមានសភាពដូច្នោះ ឲ្យត្រឡប់ចាញ់វិញបានឡើយ។
អ្នកណា បូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ខែ ៗ អស់ ១រយឆ្នាំគត់ ចំណែកអ្នកណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១រយឆ្នាំនោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ។
ជនណា បម្រើភ្លើងក្នុងព្រៃអស់ ១០០ឆ្នាំ ចំណែកអ្នកណាបូជាលោក ដែលមានខ្លួនអប់រំហើយ តែ ១នាក់ សូម្បីមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាអស់ ១០០ឆ្នាំ មិនប្រសើរឡើយ។
បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជាធំតូចណាមួយ ក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី៤ នៃការអភិវាទន៍ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ ប្រសើរជាង។
ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចំរើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចំរើនជាងខ្លួន អស់កាលជានិច្ច។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានដម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានដម្កល់ខ្ជាប់ ការរស់នៅតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង។
បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមានចិត្តងុលងប់ ក្នុងអកុសលវិតក្កៈ មានព្យាយាមថោកថយ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលប្រារព្ធសេចក្តីព្យាយាមមាំមួន ប្រសើរជាង។
បុគ្គលណា រស់នៅមួយរយឆ្នាំ ឃើញការកើតឡើង និងការវិនាសទៅ ការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញការកើតឡើង និងការវិនាសទៅ ប្រសើរជាង។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញផ្លូវព្រះនិព្វាន ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញផ្លូវព្រះនិព្វាន ប្រសើរជាង។
បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកអ្នកឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង។
ចប់ សហស្សវគ្គ ទី៨។