User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:dhp:sut.kn.dhp.v09

បាបវគ្គ ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v09 បាលី cs-km: sut.kn.dhp.v09 អដ្ឋកថា: sut.kn.dhp.v09_att PTS: ?

បាបវគ្គ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. បាបវគ្គោ)

(គាថា ទី១១៦)

[១៩] បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពីល្អ គួរឃាត់ចិត្តចាកបាប ព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប។

(គាថា ទី១១៧-១១៨)

បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយ ៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្ត ក្នុងបាបនោះ (ព្រោះថា) ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ។

បើបុរសធ្វើបុណ្យ គួរធ្វើបុណ្យនោះឲ្យរឿយៗ គួរធ្វើសេចក្តីពេញចិត្ត ក្នុងបុណ្យនោះ (ព្រោះថា) ការសន្សំបុណ្យ តែងនាំសេចក្តីសុខមកឲ្យ។

(គាថា ទី១១៩-១២០)

បាប មិនទាន់ឲ្យផលត្រឹមណា មនុស្សបាប ក៏នៅឃើញតែសេចក្តីចំរើនត្រឹមណោះ លុះកាលណា បាបឲ្យផល មនុស្សបាប ទើបឃើញបាប ក្នុងកាលនោះ។

អំពើល្អ មិនទាន់ឲ្យផលត្រឹមណា មនុស្សល្អ នៅឃើញតែបាបត្រឹមណោះ លុះកាលណា អំពើល្អឲ្យផល មនុស្សល្អ ទើបឃើញល្អក្នុងកាលនោះ។

(គាថា ទី១២១-១២២)

បុគ្គល មិនគួរមើលងាយបាបថា មានប្រមានតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូច ក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាប សូម្បីបន្តិចម្តង ៗ គង់ពេញបានដោយបាប យ៉ាងនោះដែរ។

បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗ គង់ពេញបានដោយបុណ្យ យ៉ាងនោះ។

(គាថា ទី១២៣)

បុគ្គលគួរចៀសវៀងបាបទាំងឡាយ ឲ្យដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវៀងផ្លូវគួរខ្លាច ឬដូចជាបុរសប្រាថ្នារស់នៅ ចៀសវៀងថ្នាំពិសដូច្នោះដែរ។

(គាថា ទី១២៤)

បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិសតែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាប រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ យ៉ាងនោះដែរ។

(គាថា ទី១២៥)

បុគ្គលណា ប្រទូស្តចំពោះអ្នកមិនប្រទូស្តតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាប រមែងត្រឡប់មករកបុគ្គលពាលនោះវិញ ដូចធូលីល្អិត ដែលបុគ្គលបាចសាច ទៅកាន់ទីច្រាសខ្យល់។

(គាថា ទី១២៦)

ជនពួកខ្លះ កើតក្នុងគភ៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ ទៅកាន់នរក ពួកអ្នកមានគតិល្អ ទៅកាន់ឋានសួគ៌ ពួកអ្នកមិនមានអាសវៈ បរិនិព្វាន។

(គាថា ទី១២៧-១២៨)

បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅឰដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាកបាបកម្មបាននោះ មិនដែលមានឡើយ។

បុគ្គលទៅឰដ៏អាកាស ក្នុងកណ្តាលសមុទ្រ កាន់ចន្លោះនៃភ្នំទាំងឡាយ ក៏មិនរួចចាកសេចក្តីស្លាប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្តីស្លាប់ គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ។

ចប់ បាបវគ្គ ទី៩។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann