តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
វគ្គនេះនិយាយអំពីការប្រើដំបង និងការដាក់ទោស មិនត្រឹមត្រូវ ឬដោយចេតនាទុច្ចរិត។
sut kn dhp v10 បាលី cs-km: sut.kn.dhp.v10 អដ្ឋកថា: sut.kn.dhp.v10_att PTS: ?
ទណ្ឌវគ្គ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. ទណ្ឌវគ្គោ)
[២០] សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយ តែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់ ៗ រូប បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ។
សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា (ព្រោះថា) ជីវិតជាទីស្រឡាញ់របស់សត្វទាំងពួង បុគ្គលធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លូនឯង មិនគួរប្រើគេឲ្យប្រហារឡើយ។
ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ។
ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ អ្នកដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ រមែងបានសេចក្តីសុខ។
អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយ ដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ ការតស៊ូទាំងឡាយ គប្បីប៉ះពាល់នូវអ្នក។
បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ (រមែងមិនលាន់ឮសូរ) ដូច្នោះ អ្នកនុ៎ះជាបុគ្គលដល់ នូវព្រះនិព្វាន ការប្រណាំងប្រជែង មិនមានដល់អ្នក។
គង្វាលគោ រមែងគៀងគោទៅកាន់ទីគោចរដោយអាជ្ញា ដូចម្តេចមិញ ជរា និងមច្ចុ តែងគៀងអាយុរបស់សត្វទាំងឡាយ ដូច្នោះឯង។
បុគ្គលមិនមានប្រាជ្ញា កាលធ្វើអំពើអាក្រក់ រមែងមិនភ្ញាក់ខ្លួន លុះកាលជាខាងក្រោយ ទើបក្តៅក្រហាយ ដោយសារកម្មរបស់ខ្លួន ដូចត្រូវភ្លើងឆេះ។
បុគ្គលណា ប្រទូស្តដោយអាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានអាជ្ញា មិនប្រទូស្ត បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្តីទុក្ខណាមួយ ក្នុងហេតុ ១០យ៉ាង ដោយទាន់ហន់ គឺគប្បីដល់នូវវេទនាដ៏អាក្រក់ ១ សេចក្តីវិនាសទ្រព្យ ១ បែកធ្លាយសរីរៈ ១ អាពាធជាទម្ងន់ ១ ក្រឡកចិត្ត (ឆ្កួត) ១ រឹបជាន់អំពីស្តេច ១ ពោលពាក្យបង្កាច់ដ៏អាក្រក់ ១ អស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១ បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។
ការប្រព្រឹត្តិអាក្រាតកាយ ទុកសក់ ដេកលើភក់ មិនបរិភោគបាយ ដេកលើផែនដី ប្រឡាក់ខ្លួនដោយធូលី ព្យាយាមអង្គុយច្រហោង មិនជម្រះសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យបានទេ។
បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ (ដោយគ្រឿងអម្ពរ) តែគប្បីប្រព្រឹត្តស្មើ អ្នកស្ងប់រម្ងាប់ ទូន្មាន (ឥន្ទ្រិយ) ជាបុគ្គលទៀង (ចំពោះមគ្គផល) អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោលនូវអាជ្ញាក្នុងសត្វទាំងពួងចេញហើយ បុគ្គលនោះ ហៅថា ព្រាហ្មណ៍ក៏បាន ថាសមណៈក៏បាន ថាភិក្ខុក៏បាន។
បុរសអ្នកកំចាត់បង់នូវអកុសលវិតក្កៈ ដោយសេចក្តីខ្មាសបាប មានតិចក្នុងលោក បុគ្គលណា បន្ទោបង់នូវការដេកលក់ ដូចសេះល្អខ្លាចព្រោះរំពាត់ បុរសនោះ រកបានដោយក្រ ក្នុងលោក។
សេះល្អ ដែលនាយសារថីទូន្មានដោយរំពាត់ តក់ស្លុតយ៉ាងណា អ្នកទាំងឡាយ ចូរជាបុគ្គលមានព្យាយាម មានសេចក្តីតក់ស្លុតយ៉ាងនោះឯង បើអ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិនិច្ឆ័យផង ជាអ្នកមានវិជ្ជា និងចរណៈដ៏បរិបូណ៌ មានស្មារតីដំកល់មាំ រមែងលះបង់ទុក្ខ មានប្រមាណច្រើននេះ មិនខាន។
ធម្មតាអ្នកបង្ហូរ តែងបង្ហូរទឹក អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំង តែងចាំងឈើ អ្នកមានវត្តល្អ តែងទូន្មានខ្លួន។
ចប់ ទណ្ឌវគ្គ ទី១០។