km:tipitaka:sut:kn:dhp:sut.kn.dhp.v12

អត្តវគ្គ ទី១២

សង្ខេប

ធម្មបទគាថា​អំពីខ្លួន។

sut kn dhp v12 បាលី cs-km: sut.kn.dhp.v12 អដ្ឋកថា: sut.kn.dhp.v12_att PTS: ?

អត្តវគ្គ ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១២. អត្តវគ្គោ)

(គាថា ទី១៥៧)

[២២] បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុក ក្នុងវ័យទាំង ៣ វ័យណាមួយ។

(គាថា ទី១៥៨)

បណ្ឌិត គួរដម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ។

(គាថា ទី១៥៩)

បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបាន យ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់។

(គាថា ទី១៦០)

ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្តេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ។

(គាថា ទី១៦១)

បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង។

(គាថា ទី១៦២)

ភាពជាអ្នកទ្រូស្តសីលហួសហេតុ1) គ្របសង្កត់ (នូវអត្តភាព) របស់បុគ្គលណា ដូចវល្លិ៍ ដែលរួបរឹតដើមឈើ បុគ្គលនោះឈ្មោះថា ធ្វើខ្លួនឯងឲ្យវិនាស ដូចជាចោរ អ្នកប្រាថ្នាធ្វើបុគ្គលនោះឲ្យវិនាសដូច្នោះ។

(គាថា ទី១៦៣)

កម្មទាំងឡាយណា មិនល្អផង មិនជាប្រយោជន៍ដល់ខ្លួនផង កម្មទាំងនោះ ដែលជនពាលធ្វើបានដោយងាយ កម្មណាជាប្រយោជន៍ផង ល្អផង កម្មនោះឯង ដែលជនពាលធ្វើបានដោយលំបាក។

(គាថា ទី១៦៤)

បុគ្គលណាអ័ប្បប្រាជ្ញា អាស្រ័យទិដ្ឋិដ៏លាមក ហាមឃាត់សាសនារបស់ព្រះអរហន្តទាំងឡាយដ៏ប្រសើរ រស់នៅដោយធម៌ ការហាមឃាត់របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួន ដូចផ្លែឫស្សីដូច្នោះ។

(គាថា ទី១៦៥)

អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធ មានចំពោះខ្លួន អ្នកដទៃ នឹងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធពុំបានទេ។

(គាថា ទី១៦៦)

បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់អ្នកដទៃ សូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីខ្វល់ខ្វាយក្នុងប្រយោជន៍របស់ខ្លួន(នោះ)។

ចប់ អត្តវគ្គ ទី១២។

 

លេខយោង

1)
បើគ្រហស្ថចាប់តាំងអំពីកើតមក ធ្វើតែអកុសលកម្មបថទាំង១០ បើបព្វជិតគិតអំពីថ្ងៃបានឧបសម្បទាមក ត្រូវគរុកាបត្តិ យ៉ាងនេះឈ្មោះថា ភាពជាអ្នកទ្រូស្តសីលហួសហេតុ។
km/tipitaka/sut/kn/dhp/sut.kn.dhp.v12.txt · ពេលកែចុងក្រោយ: 2024/12/07 21:19 និពន្ឋដោយ Johann