តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn dhp v13 បាលី cs-km: sut.kn.dhp.v13 អដ្ឋកថា: sut.kn.dhp.v13_att PTS: ?
លោកវគ្គ ទី១៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៣. លោកវគ្គោ)
[២៣] បុគ្គល មិនគួរសេពធម៌ថោកទាប1) មិនគួរនៅដោយសេចក្តីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក។
បុគ្គល មិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌2) ឲ្យសុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
បុគ្គល គួរប្រព្រឹត្តធម៌ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះឲ្យទុច្ចរិតឡើយ បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា ស្តេចម្ឫត្យុ មិនឃើញអ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ។
អ្នកទាំងឡាយ ចូរមកមើលលោកនេះដ៏ត្រកាល ដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ក្នុងលោកណា សេចក្តីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមានដល់ជនជាបណ្ឌិតទាំងឡាយដែលដឹងច្បាស់ទេ។
បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
បុគ្គលណា ធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសល គឺអរហត្តមគ្គបាន បុគ្គលនោះឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់ (នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់ឋានសួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ) តិចណាស់ ដែលរួចអំពីសំណាញ់ ដូច្នោះ។
ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញ ចាកលោកបាន។
បុគ្គលប្រព្រឹត្តកន្លង (ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ។
បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញ តែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្តីសុខ ក្នុងលោកខាងមុខ។
សោតាបត្តិផល ជាគុណជាតដ៏ប្រសើរ ជាងភាពនៃឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំ ក្នុងលោកទាំងមូលផង។
ចប់ លោកវគ្គ ទី១៣។