km:tipitaka:sut:kn:dhp:sut.kn.dhp.v14

ពុទ្ធវគ្គ ទី១៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v14 បាលី cs-km: sut.kn.dhp.v14 អដ្ឋកថា: sut.kn.dhp.v14_att PTS: ?

ពុទ្ធវគ្គ ទី១៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៤. ពុទ្ធវគ្គោ)

(គាថា ទី១៧៩-១៨០)

[២៤] ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយក្នុងលោក រមែងមិនជាប់តាមជ័យជំនះ របស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត។

តណ្ហាដែលមានបណ្តាញផ្សាយទៅ ក្នុងអារម្មណ៍ផ្សេង ៗ មិនមានដល់ព្រះពុទ្ធអង្គណា ដើម្បីនឹងនាំទៅក្នុងភពណាមួយ នាងទាំងឡាយ នឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្មាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត។

(គាថា ទី១៨១)

អ្នកប្រាជ្ញទាំងឡាយណា ជាអ្នកខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស សូម្បីទេវតា និងមនុស្សទាំងឡាយតែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះ ដែលជាអ្នកត្រាស់ដឹងខ្លួនឯង ទាំងមានស្មារតី។

(គាថា ទី១៨២)

ការត្រឡប់បានអត្តភាពជាមនុស្ស បានដោយកម្រ ការរស់របស់សត្វទាំងឡាយ បានដោយកម្រ ការស្តាប់ធម៌របស់សប្បុរស បានដោយកម្រ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ បានដោយកម្រ។

(គាថា ទី១៨៣-១៨៥)

ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

ខន្តិ គឺសេចក្តីអត់ធន់ ជាតបធម៌1) ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយតែងពោលថា ព្រះនិព្វាន ជាធម្មជាតដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គលដែលបៀតបៀនសត្វដទៃ ក៏មិនឈ្មោះថា សមណៈឡើយ។

ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួមក្នុងបាតិមោក្ខ ១ ភាពជាអ្នកដឹងប្រមាណក្នុងភត្ត ១ ការដេក និងអង្គុយក្នុងទីស្ងាត់ ១ ការព្យាយាមក្នុងអធិចិត្ត ១ នុ៎ះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។

(គាថា ទី១៨៦-១៨៧)

ការស្កប់ស្កល់ ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះកហាបណៈ (ដែលធ្លាក់ចុះ) ដូចទឹកភ្លៀងទេ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន អ្នកប្រាជ្ញដឹងច្បាស់ យ៉ាងនេះហើយ លោកមិនបានត្រេកអរក្នុងកាមទាំងឡាយ សូម្បីជាទិព្វឡើយ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងជាអ្នកត្រេកអរក្នុងធម៌ ជាគ្រឿងអស់តណ្ហា។

(គាថា ទី១៨៨-១៩២)

មនុស្សទាំងឡាយច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ អារាម និងរុក្ខចេតិយ ជាទីពឹង ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹងដ៏ឧត្តមទេ បុគ្គលអាស្រ័យនូវទីពឹងនេះហើយ រមែងមិនរួចស្រឡះចាកទុក្ខទាំងពួងឡើយ។

លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវអរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ អរិយមគ្គប្រកបដោយអង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែលជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញាដ៏ប្រពៃ នេះឯងជាទីពឹងដ៏ក្សេម នេះឯងជាទីពឹងដ៏ឧត្តម បុគ្គលអាស្រ័យទីពឹងនេះ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន។

(គាថា ទី១៩៣)

បុរសអាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានឡើយ លោកជាអ្នកមានប្រាជ្ញា កើតក្នុងត្រកូលណា ត្រកូលនោះ តែងដល់នូវសេចក្តីសុខ។

(គាថា ទី១៩៤)

ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ការសំដែងព្រះសទ្ធម្ម ជាសុខ សេចក្តីព្រមព្រៀងគ្នានៃពួក ជាសុខ តបធម៌របស់បុគ្គលអ្នកព្រមព្រៀងគ្នាទាំងឡាយ ជាសុខ។

(គាថា ទី១៩៥-១៩៦)

កាលបុគ្គលបូជាដល់បូជារហបុគ្គលគឺ ព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ដែលកន្លងផុតបបញ្ចធម៌ ដែលកន្លងផុតសេចក្តីសោក និងខ្សឹកខ្សួល ឬការបូជា ដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីនិព្វានទៅហើយ បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះមានប្រមាណប៉ុណ្ណេះបានឡើយ។

ចប់ ពុទ្ធវគ្គ ទី១៤។

ចប់ បឋមភាណវារៈ។

 

លេខយោង

1)
ធម្មជាតដុតកិលេសឲ្យក្តៅ។
km/tipitaka/sut/kn/dhp/sut.kn.dhp.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann