តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
សុភាសិតខ្លីៗ ប៉ុន្តែស៊ីជម្រៅ អំពីសុខយ៉ាងក្រៃលែង។
sut kn dhp v15 បាលី cs-km: sut.kn.dhp.v15 អដ្ឋកថា: sut.kn.dhp.v15_att PTS: ?
សុខវគ្គ ទី១៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១៥. សុខវគ្គោ)
[២៥] យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សមានពៀរ កាលពួកមនុស្សមានពៀរ យើងជាអ្នកមិនមានពៀរ។
យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយកិលេស) រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ។
យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅជាសុខពិត ក្នុងពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ។
យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត (ព្រោះ) យើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ។
បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ បុគ្គលអ្នកចាញ់ តែងដេកជាទុក្ខ ចំណែកបុគ្គលលះបង់ការឈ្នះ និងការចាញ់ចេញហើយ ជាអ្នកស្ងប់រម្ងាប់ ទើបដេកជាសុខ។
ភ្លើងស្មើដោយរាគៈ មិនមាន ទោសកំហុសស្មើដោយទោសៈ មិនមាន ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមាន សុខក្រៅពីសេចក្តីស្ងប់ មិនមាន។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង (អ្នកប្រាជ្ញ) ដឹងច្បាស់សេចក្តីនុ៎ះ តាមពិតហើយ (រមែងធ្វើឲ្យច្បាស់) នូវព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង។
លាភមានការមិនមានរោគ ជាយ៉ាងក្រៃលែង ទ្រព្យមានសេចក្តីសន្តោស ជាយ៉ាងក្រៃលែង ញាតិមានសេចក្តីស្និទ្ធស្នាល ជាយ៉ាងក្រៃលែង ព្រះនិព្វាន ជាសុខយ៉ាងក្រៃលែង។
ភិក្ខុផឹករស1) វិវេកផង រសព្រះនិព្វាន ជាទីរម្ងាប់កិលេសផង ផឹករសបីតិដែលកើតអំពីធម៌ផង ទើបជាអ្នកមិនមានសេចក្តីក្រវល់ក្រវាយ មិនមានសេចក្តីសៅហ្មងឡើយ។
ការចួបប្រទះព្រះអរិយបុគ្គលទាំងឡាយ ជាការល្អ ការនៅរួមជាមួយព្រះអរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្តីសុខសព្វកាល បុគ្គលគប្បីមានសេចក្តីសុខអស់កាលជានិច្ចបាន ព្រោះមិនជួបប្រទះបុគ្គលពាលទាំងឡាយ។
បុគ្គលអ្នកប្រព្រឹត្តសមគប់ដោយជនពាល រមែងសោកស្តាយអស់កាលយូរអង្វែង ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខសព្វកាល។
ដូចការនៅរួមជាមួយនឹងសត្រូវ ចំណែកខាងការនៅរួមនឹងធីរជន រមែងជាសុខ ដូចការជួបជុំនៃញាតិទាំងឡាយ ព្រោះហេតុនោះឯង បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈ ជាប្រក្រតីផង មានសីលវត្ត និងធុតង្គវត្តផង ជាអ្នកឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចព្រះចន្ទគប់នូវផ្លូវនក្ខត្តឫក្ស។
ចប់ សុខវគ្គ ទី១៥។