km:tipitaka:sut:kn:dhp:sut.kn.dhp.v16

បិយវគ្គ ទី១៦

សង្ខេប

អំពី​ផល​នៃ​ការ​ចូលចិត្ត បិយ និងសេចក្តី​​ស្រឡាញ់ (ស្នេហា) បេម ឆ្ពោះ​ទៅ​ដល់​សត្វនិង​សង្ខារ ហើយ​​លើស​ពី​នោះ។

sut kn dhp v16 បាលី cs-km: sut.kn.dhp.v16 អដ្ឋកថា: sut.kn.dhp.v16_att PTS: ?

បិយវគ្គ ទី១៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៦. បិយវគ្គោ)

(គាថា ទី២០៩)

[២៦] បុគ្គលកាលប្រកបខ្លួនទុក ក្នុងអំពើដែលមិនគួរប្រកប មិនប្រកបខ្លួន ក្នុងអំពើដែលគួរប្រកប លះបង់ប្រយោជន៍ចេញហើយ កាន់យកតាមគាប់ចិត្ត រមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួន។

(គាថា ទី២១០-២១១)

កុំគប់រកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ក្នុងកាលណា ៗ ឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និងសង្ខារជាទីស្រឡាញ់ក្តី ការចួបប្រសព្វសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនូវទុក្ខ។

ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និងសង្ខារ ឲ្យជាទីស្រឡាញ់ ព្រោះការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាសភាពអាក្រក់ ការស្រឡាញ់ និងការស្អប់ មិនមានដល់ពួកជនណា កិលេសគ្រឿងចាក់ស្រែះទាំងឡាយ តែងមិនមាន ដល់ពួកជននោះ។

(គាថា ទី២១២-២១៦)

សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ ភ័យកើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។

សេចក្តីសោកកើតអំពីសេចក្តីស្រឡាញ់ ភ័យកើតអំពីសេចក្តីស្រឡាញ់ កាលបើរួចស្រឡះចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។

សេចក្តីសោកកើតអំពីតម្រេក ភ័យកើតអំពីតម្រេក កាលបើរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។

សេចក្តីសោកកើតអំពីកាម ភ័យកើតអំពីកាម កាលបើរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។

សេចក្តីសោកកើតអំពីតណ្ហា ភ័យកើតអំពីតណ្ហា កាលបើរួចស្រឡះចាកតណ្ហាហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកពីណា។

(គាថា ទី២១៧)

ជនតែងធ្វើបុគ្គលដែលបរិបូណ៌ ដោយសីល និងការឃើញត្រូវ ឋិតនៅក្នុងធម៌ ពោលសច្ចធម៌1) ជាប្រក្រតី ធ្វើកម្ម2) ជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់។

(គាថា ទី២១៨)

បុគ្គល អ្នកមានសេចក្តីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេនិយាយប្រាប់គ្នាមិនបានផង ជាអ្នកមានមគ្គចិត្ត និងផលចិត្ត (ខាងក្រោម) ប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធក្នុងកាមផង តថាគតហៅថាជាអ្នកមានខ្សែមគ្គប្រព្រឹត្តទៅ ក្នុងខាងលើ។

(គាថា ទី២១៩-២២០)

ពួកញាតិក្តី មិត្រក្តី សំឡាញ់ក្តី រមែងត្រេកអរនឹងបុរសដែលឃ្លាតគ្នាអស់កាលយូរ មកអំពីចម្ងាយដោយសួស្តី មកដល់ហើយ យ៉ាងណាមិញ បុណ្យទាំងឡាយ តែងទទួលបុគ្គល ដែលបានធ្វើបុណ្យ ច្យុតអំពីមនុស្សលោកនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ទទួលបុរសជាទីស្រឡាញ់ទើបមកដល់ ដូច្នោះឯង។

ចប់ បិយវគ្គ ទី១៦។

 

លេខយោង

1)
សំដៅយកអរិយសច្ច ៤។
2)
បានដល់ត្រៃសិក្ខា។ អដ្ឋកថា។
km/tipitaka/sut/kn/dhp/sut.kn.dhp.v16.txt · ពេលកែចុងក្រោយ: 2023/04/04 16:56 និពន្ឋដោយ Cheav Villa