km:tipitaka:sut:kn:dhp:sut.kn.dhp.v17

កោធវគ្គ ទី១៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v17 បាលី cs-km: sut.kn.dhp.v17 អដ្ឋកថា: sut.kn.dhp.v17_att PTS: ?

កោធវគ្គ ទី១៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧. កោធវគ្គោ)

(គាថា ទី២២១)

[២៧] បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយ តែងមិនជាប់តាមបុគ្គល ដែលមិនចំពាក់ក្នុងនាម និងរូប មិនមានកិលេស គ្រឿងកង្វល់នោះឡើយ។

(គាថា ទី២២២)

បុគ្គលណា ឃាត់សេចក្តីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់រថដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះ ថាជាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរ (មិនមែនសារថីឡើយ)។

(គាថា ទី២២៣)

បុគ្គលគប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យមិនពិត ដោយពាក្យពិត។

(គាថា ទី២២៤)

បុគ្គលគួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យ (តាមតិច) ១ បុគ្គលគប្បីទៅកើតក្នុងសំណាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង។

(គាថា ទី២២៥)

ជនទាំងឡាយណា ជាអ្នកប្រាជ្ញ1) មិនបៀតបៀនសត្វដទៃ សង្រួមហើយដោយកាយទ្វារ (ជាដើម) ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថានដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្តាយ។

(គាថា ទី២២៦)

អាសវៈទាំងឡាយរបស់បុគ្គល អ្នកភ្ញាក់រឭកសព្វកាល ជាអ្នកសិក្សាត្រៃសិក្ខាទាំងថ្ងៃ ទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិព្វាន តែងដល់នូវការតាំងនៅមិនបានឡើយ។

(គាថា ទី២២៧-២២៨)

ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បូរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើង ក្នុងថ្ងៃនេះទេ (ព្រោះថា) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀម ក៏មាន និន្ទាបុគ្គលអ្នកនិយាយច្រើន ក៏មាន និន្ទាបុគ្គល អ្នកនិយាយល្មមប្រមាណ ក៏មាន (អ្នកណាៗក៏ដោយ) ក្នុងលោក ដែលមិនត្រូវគេនិន្ទា គ្មានឡើយ បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬត្រូវគេសរសើរតែម៉្យាង មិនមែនមានមកហើយតែក្នុងអតីតទេ នឹងមានទៅក្នុងអនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ។

(គាថា ទី២២៩-២៣០)

បើអ្នកប្រាជ្ញទាំងឡាយ សង្កេតមើលរាល់ ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តដម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល អ្នកណាគួរនឹងនិន្ទាបុគ្គល ដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរ (ដូចគ្នា)។

(គាថា ទី២៣១-២៣៤)

បុគ្គលគប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត គប្បីរក្សានូវការកម្រើកវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត គប្បីរក្សានូវការកម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត អ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា អ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយដោយប្រពៃ។

ចប់ កោធវគ្គ ទី១៧។

 

លេខយោង

1)
សំដៅយកអសេក្ខមុនិ ដែលសម្រេចមគ្គផល ដោយមោនេយ្យប្បដិបទា។ អដ្ឋកថា។
km/tipitaka/sut/kn/dhp/sut.kn.dhp.v17.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann