តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ធម្មបទគាថា »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn dhp v18 បាលី cs-km: sut.kn.dhp.v18 អដ្ឋកថា: sut.kn.dhp.v18_att PTS: ?
មលវគ្គ ទី១៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៨. មលវគ្គោ)
[២៨] ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរសរបស់យមរាជ1) ប្រាកដដល់អ្នកហើយ ខ្លួនអ្នក តាំងនៅក្នុងមាត់សេចក្តីវិនាស សូម្បីស្បៀង គឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ។
អ្នកចូរធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន។
ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករៀបដំណើរទៅកាន់សំណាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បីស្បៀង ក៏មិនមានដល់អ្នក។
អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក (ធ្វើយ៉ាងនេះហើយ) នឹងទៅជាអ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ។
អ្នកមានប្រាជ្ញា គួរកំចាត់បង់មន្ទិលរបស់ខ្លួនបន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ដូចជាងមាស ជំរះស្នឹម ឬច្រែះរបស់មាសដូច្នោះ។
ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញាជាគ្រឿងជំរះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង។
មន្តទាំងឡាយ មានការមិនស្វាធ្យាយ ជាមន្ទិល ផ្ទះទាំងឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិលរបស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា។
ការប្រព្រឹត្តិអាក្រក់2) ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិលរបស់អ្នកឲ្យ ធម៌អាក្រក់ទាំងឡាយ ជាមន្ទិលក្នុងលោកនេះ និងលោកខាងមុខ ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺអវិជ្ជា ជាមន្ទិលដ៏ក្រៃលែង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះមន្ទិលទាំងនេះចេញ ចូរកុំជាអ្នកមានមន្ទិលឡើយ។
បុគ្គលអ្នកមិនមានសេចក្តីអៀនខ្មាស ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន (យកមុខ) ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយងាយ។ ចំណែកបុគ្គលអ្នកមានសេចក្តីអៀនខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅដោយលំបាក។
ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកវត្ថុដែលគេមិនបានឲ្យ ក្នុងលោកផង សេពប្រពន្ធរបស់អ្នកដទៃផង ជនណា ផឹកទឹកសុរា និងមេរ័យផង ជននោះឯងឈ្មោះថា គាស់រំលើងឫសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត។
ម្នាលបុរសដ៏ចំរើន អ្នកចូរដឹងយ៉ាងនេះថា ជនទាំងឡាយមានធម៌ដ៏លាមក រមែងមិនជាអ្នកសង្រួមដូច្នេះ លោភៈ និងសភាពមិនមែនធម៌ គឺទោសៈ ចូរកុំបៀតបៀនអ្នក ឲ្យបានសេចក្តីទុក្ខអស់កាលយូរឡើយ។
ជន រមែងឲ្យតាមសទ្ធា តាមសេចក្តីជ្រះថ្លា បុគ្គលណា ជាអ្នកអៀនខ្មាសក្នុងទឹក និងភោជនរបស់ជនទាំងឡាយដទៃ ជននោះ រមែងមិនបានសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ឡើយ។
លុះតែសេចក្តីអៀនខ្មាសនោះ បុគ្គលណា បានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបានសមាធិចិត្តក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់។
ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្តាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន។
ទោសរបស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោសរបស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយអង្កាមដូច្នោះ តែថា រមែងបិទបាំងទោសរបស់ខ្លួនទុក ដូចព្រានបក្សី បិទបាំងអត្តភាព ដោយវត្ថុសម្រាប់បិទបាំង (មានមែកឈើជាដើម) ដូច្នោះ។
កាលបុគ្គលគយឃ្លាំមើលទោសរបស់បុគ្គលដទៃ ជាប្រក្រតី មានការសំគាល់ហេតុក្នុងការពោលទោស (អ្នកដទៃ) ជានិច្ចជាប្រក្រតី អាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចំរើន បុគ្គលនោះឈ្មោះថា ឋិតនៅឆ្ងាយអំពីធម៌ជាគ្រឿងអស់អាសវៈ។
ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន ពួកសត្វត្រេកអរហើយ ក្នុងធម៌ជាគ្រឿងយឺតយូរ ព្រះតថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឺតយូរឡើយ។
ស្នាមជើង ក្នុងអាកាស មិនមាន សមណៈខាងក្រៅ មិនមាន សង្ខារទាំងឡាយជារបស់ទៀង មិនមាន ព្រះពុទ្ធទាំងឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រទេ។
ចប់ មលវគ្គ ទី១៨។