km:tipitaka:sut:kn:dhp:sut.kn.dhp.v19

ធម្មដ្ឋវគ្គ ទី១៩

សង្ខេប

ភាសិត​ខ្លីៗ ស្តីពី​ប្រាជ្ញា​ពិត។

sut kn dhp v19 បាលី cs-km: sut.kn.dhp.v19 អដ្ឋកថា: sut.kn.dhp.v19_att PTS: ?

ធម្មដ្ឋវគ្គ ទី១៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៩. ធម្មដ្ឋវគ្គោ)

(គាថា ទី២៥៦-២៥៧)

[២៩] បុគ្គលកាត់សេចក្តីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាត់សេចក្តីទាំងពីរ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ (ដល់ទោស) បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌។

(គាថា ទី២៥៨-២៥៩)

បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន។

បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះ ទើបឈ្មោះថា ជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌។

(គាថា ទី២៦០-២៦១)

បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈ ដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថាចាស់ជាមោឃៈ។

លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនផង មានក្នុងបុគ្គលណា បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ។

(គាថា ទី២៦២-២៦៣)

បុគ្គលមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យ (ល្អ) ឬដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្ត ក៏មិនទាន់បានទេ។

លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះជាអ្នកមានទោស ខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថាជាមនុស្សល្អបាន។

(គាថា ទី២៦៤-២៦៥)

បុគ្គល មិនបានឈ្មោះថាជាសមណៈ ដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័ត និងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្តីប្រាថ្នា និងលោភៈ ឈ្មោះថាជាសមណៈដូចម្តេចបាន។

លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថា សមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានហើយ។

(គាថា ទី២៦៦-២៦៧)

បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះ មិនទាន់បានទេ។

លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តិដ៏ប្រសើរ ត្រាច់ទៅក្នុងលោក ដោយសេចក្តីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ។

(គាថា ទី២៦៨-២៦៩)

បុគ្គលមានសេចក្តីវង្វេង ជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ ដូចបុគ្គលកាន់ជញ្ជឹង ហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះហៅថា មុនី ដោយហេតុនោះ។

(គាថា ទី២៧០)

បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង។

(គាថា ទី២៧១-២៧២)

ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល និងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណ មានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ។

ចប់ ធម្មដ្ឋវគ្គ ទី១៩។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v19.txt · ពេលកែចុងក្រោយ: 2024/03/29 03:14 និពន្ឋដោយ Johann