km:tipitaka:sut:kn:dhp:sut.kn.dhp.v20

មគ្គវគ្គ ទី២០

សង្ខេប

សុភាសិរបស់​ព្រះពុទ្ធត​​អំពី​អរិយមគ្គ ប្រកប​ដោយ​អង្គ ៨។

sut kn dhp v20 បាលី cs-km: sut.kn.dhp.v20 អដ្ឋកថា: sut.kn.dhp.v20_att PTS: ?

មគ្គវគ្គ ទី២០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២០. មគ្គវគ្គោ)

(គាថា ទី២៧៣)

[៣០] ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺអរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិនៃទស្សនៈ ផ្លូវដទៃ មិនមានទេ។

(គាថា ទី២៧៤-២៧៦)

ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះជាផ្លូវញ៉ាំងមារឲ្យវង្វេង អ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន។

ផ្លូវនេះហើយ ដែលតថាគតដឹងថា ជាផ្លូវកំចាត់បង់កូនសរ ប្រាប់ដល់អ្នកទាំងឡាយ សេចក្តីព្យាយាម ញ៉ាំងកិលេសឲ្យក្តៅសព្វ អ្នកទាំងឡាយ គប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយ មានការពិនិត្យ បើបានដើរទៅហើយ នឹងរួចចាកចំណងរបស់មារបាន។

(គាថា ទី២៧៧-២៧៩)

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង នាំមកនូវសេចក្តីទុក្ខដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង មិនមែនជារបស់ខ្លួនដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ។

(គាថា ទី២៨០)

បុគ្គលនៅកំឡោះមានកំឡាំង ទាស់តែប្រកបដោយសេចក្តីខ្ជិលច្រអូស មិនប្រឹងប្រែង ក្នុងកាលដែលគួរប្រឹងប្រែង មានសេចក្តីត្រិះរិះក្នុងចិត្ត លិចចុះក្នុងអកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គលខ្ជិល (នោះ) រមែងមិនបានផ្លូវបញ្ញាឡើយ។

(គាថា ទី២៨១)

បុគ្គលគប្បីជាអ្នករក្សាវាចា សង្រួមឲ្យល្អដោយចិត្ត ទាំងមិនគប្បីធ្វើអកុសលដោយកាយ បុគ្គលគប្បីជំរះកម្មបថទាំង ៣ នេះ និងគប្បីត្រេកអរចំពោះមគ្គ ដែលលោក អ្នកស្វែងរកគុណដ៏ល្អ សំដែងទុកហើយ។

(គាថា ទី២៨២)

ប្រាជ្ញា រមែងកើតអំពីការប្រកប សេចក្តីវិនាសប្រាជ្ញា រមែងកើតអំពីការមិនប្រកប អ្នកមានប្រាជ្ញា ដឹងការប្រកប និងការមិនប្រកប ទាំងពីរនេះថា ជាគន្លងនៃសេចក្តីចំរើន និងសេចក្តីវិនាសហើយ ប្រាជ្ញាចំរើនឡើងដោយប្រការណា គួរដំកល់ខ្លួនទុក ដោយប្រការនោះ។

(គាថា ទី២៨៣-២៨៥)

អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (ព្រោះ) ភ័យកើតអំពីកិលេសដូចជាព្រៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដុះក្នុងព្រៃផង ហើយចូរជាអ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេសដូចដើមឈើ ដុះក្នុងព្រៃរបស់នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនដាច់ក្នុងពួកនារីដរាបណា នរជននោះឯង តែងមានចិត្តជាប់ចំពោះក្នុងពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់នៅនឹងមេ ដរាបនោះ។

អ្នកចូរដកសេចក្តីស្រឡាញ់របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាកុមុទ ដែលកើតក្នុងសរទកាលដោយដៃ អ្នកចូរបណ្តុះនូវផ្លូវសន្តិភាពតែម្យ៉ាង ព្រះនិព្វាន ព្រះសុគតសំដែងទុកហើយ។

(គាថា ទី២៨៦-២៨៧)

អញនឹងនៅក្នុងទីនេះ អស់វស្សានរដូវ អញនឹងនៅក្នុងទីនេះក្នុងហេមន្តរដូវ និងគិម្ហរដូវ ជនពាល រមែងគិតខុសដូច្នេះ តែងមិនដឹងច្បាស់សេចក្តីអន្តរាយឡើយ។

មច្ចុ គឺសេចក្តីស្លាប់ តែងនាំយកនរជន អ្នកស្រវឹងជ្រប់ ក្នុងកូន និងសត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេងៗនោះ ដូចជំនន់ទឹកធំ នាំយកអ្នកស្រុកកំពុងដេកលក់។

(គាថា ទី២៨៨-២៨៩)

កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ សេចក្តីទីពឹងក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងអំណាចប្រយោជន៍នេះហើយ គួរជាអ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីទៅកាន់ព្រះនិព្វានឲ្យបាន។

ចប់ មគ្គ ទី២០។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v20.txt · ពេលកែចុងក្រោយ: 2024/03/29 14:30 និពន្ឋដោយ Cheav Villa