km:tipitaka:sut:kn:dhp:sut.kn.dhp.v21

បកិណ្ណកវគ្គ ទី២១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v21 បាលី cs-km: sut.kn.dhp.v21 អដ្ឋកថា: sut.kn.dhp.v21_att PTS: ?

បកិណ្ណកវគ្គ ទី២១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២១. បកិណ្ណកវគ្គោ)

(គាថា ទី២៩០)

[៣១] បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ។

(គាថា ទី២៩១)

ជនប្រាថ្នាសេចក្តីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ចំពាក់ គឺពៀរ រមែងមិនរួចចាកពៀរទេ។

(គាថា ទី២៩២-២៩៣)

របស់ណា ដែលខ្លួនគួរធ្វើ របស់នោះ ពួកភិក្ខុណា លះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចំរើនឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីប្រមាទ មានមានះដូចជាដើមបបុសលើកឡើងហើយ។

លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណា បានប្រារព្ធប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយ ៗ មិនធ្វើការដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ។

(គាថា ទី២៩៤-២៩៥)

បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្សត្រពីរព្រះអង្គផង សម្លាប់អាយតនៈដូចជាដែន ប្រព្រឹត្តទៅ មួយអន្លើ ដោយបុរសអ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។

បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាស្តេច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំជាគំរប់ ៥ ផង (ដែលនៅស្កាត់ផ្លូវ) បានហើយ រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ។

(គាថា ទី២៩៦-៣០១)

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះធម្មគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃសព្វកាល។

ចិត្តរបស់ពួកជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭក ៗ ដោយប្រពៃ សព្វកាល។

(គាថា ទី៣០២)

ការចេញបួស បានដោយក្រ ការត្រេកអរត្រូវ បានដោយក្រ ផ្ទះទាំងឡាយ មានការនៅគ្រប់គ្រងដោយលំបាក ជាការក្រ ការនៅរួមដោយជនស្មើគ្នា1) (ដែលមិនមានសេចក្តីកោតក្រែង) ជាការក្រ ជនអ្នកដើរផ្លូវឆ្ងាយ គឺវដ្ដៈ តែងត្រូវសេចក្តីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាអ្នកត្រូវសេចក្តីទុក្ខ ធ្លាក់ជាប់តាមផង។

(គាថា ទី៣០៣)

បុគ្គលអ្នកមានសទ្ធា បរិបូរណ៌ដោយសីល ស្កប់ស្កល់ដោយយស និងភោគសម្បត្តិ គប់រកប្រទេសណា ៗ គេតែងបូជា ក្នុងប្រទេសនោះ ៗ។

(គាថា ទី៣០៤)

ពួកសប្បុរស រមែងប្រាកដក្នុងទីឆ្ងាយ ដូចភ្នំហិមពាន្តដូច្នោះ ពួកអសប្បុរស (ទុកជាឋិតនៅ) ក្នុងទីជិត ក៏រមែងមិនប្រាកដ ដូចព្រួញដែលបុគ្គលបាញ់ ក្នុងវេលាយប់។

(គាថា ទី៣០៥)

បុគ្គល គួរគប់រកទីអង្គុយម្នាក់ឯង ទីដេកម្នាក់ឯង ជាអ្នកត្រាច់ទៅម្នាក់ឯង មិនជាអ្នកខ្ជិលច្រអូស ជាអ្នកម្នាក់ឯងទូន្មានខ្លួន គួរជាអ្នកត្រេកអរក្នុងព្រៃស្ងាត់។

ចប់ បកិណ្ណកវគ្គ ទី២១។

 

លេខយោង

1)
អាចារ្យខ្លះ ប្រែថា ការនៅរួមដោយជនមិនស្មើគ្នា ព្រោះបទថា ទុក្ខោសមានសំវាសោ អាចកាត់បទជា ទុក្ខោ + អសមានសំវាសោ យ៉ាងនេះបាន។ អដ្ឋកថា ក៏មានពន្យល់ដែរ ចំណែកសេចក្តី បានសេចក្តីល្អទាំង ២យ៉ាង គឺការមិននៅរួមនឹងមនុស្សស្មើគ្នា ក៏ជាការក្រ នៅរួមនឹងមនុស្សមិនស្មើគ្នា ក៏ជាការក្រ។
km/tipitaka/sut/kn/dhp/sut.kn.dhp.v21.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann