km:tipitaka:sut:kn:dhp:sut.kn.dhp.v22

និរយវគ្គ ទី២២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v22 បាលី cs-km: sut.kn.dhp.v22 អដ្ឋកថា: sut.kn.dhp.v22_att PTS: ?

និរយវគ្គ ទី២២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២២. និរយវគ្គោ)

(គាថា ទី៣០៦)

[៣២] អ្នកពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ (អំពើអាក្រក់) ហើយ និយាយថា អញមិនធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោក (ស្មើគ្នា) នោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត។

(គាថា ទី៣០៧-៣០៨)

ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ តែ (ប្រព្រឹត្ត) ធម៌ដ៏លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមកនោះ។

បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងក្តៅ មានពណ៌ដូចអណ្តាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្តសីល មិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរដូចម្តេចបាន។

(គាថា ទី៣០៩-៣១០)

នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក។ (ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងផ្សេងទៀត) គឺ បានរបស់មិនជាបុណ្យ ១ មានគតិអាក្រក់ ១ តម្រេករបស់បុរសអ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់អាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទៃឡើយ។

(គាថា ទី៣១១-៣១៤)

ស្បូវភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃ យ៉ាងណាមិញ ភាពជាសមណៈ ដែលបព្វជិតកាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។

កម្មណាមួយ ដែលធូរថយក្តី វត្តណាមួយដែលសៅហ្មងក្តី ព្រហ្មចរិយៈដែលបុគ្គលរឭកដោយសេចក្តីរង្កៀសក្តី កម្មទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ។

បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង។

អំពើអាក្រក់ ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា) អំពើអាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្តៅក្រហាយក្រោយ អំពើនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ។

(គាថា ទី៣១៥)

នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅយ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងនោះ កុំឲ្យខណៈ1) កន្លងអ្នកទាំងឡាយបានឡើយ ព្រោះថា ជនទាំងឡាយ ដែលឲ្យខណៈកន្លងហើយ រមែងសោកស្តាយ ក្នុងនរកមីរដេរដាស។

(គាថា ទី៣១៦-៣១៩)

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលគេត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថាជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញក្នុងហេតុដែលគេត្រូវខ្លាច ថាជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលឥតទោស ថាជាហេតុមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។

សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោស ថាជារបស់មានទោសផង ដឹងរបស់មិនមានទោស ថាជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ។

ចប់ និរយវគ្គ ទី២២។

 

លេខយោង

1)
ខណ-សព្ទនេះ ប្រែថា “ពេលល្អ” ចែកចេញជា៤យ៉ាងគឺ ពុទ្ធុប្បាទក្ខណោ ពេលដែលព្រះពុទ្ធបានត្រាស់ ១ មជ្ឈិមប្បទេសេ ឧបត្តិក្ខណោ ពេលដែលសត្វកើតឡើងក្នុងមជ្ឈិមប្បទេស ១ សម្មាទិដ្ឋិយា បដិលទ្ធក្ខណោ ពេលដែលត្រូវបានសម្មាទិដ្ឋិ ១ ឆន្នមាយតនានំ អវេកល្លក្ខណោ ពេលដែលមិនវិកលអាយតនៈប្រាំមួយ ១។ អដ្ឋកថា។
km/tipitaka/sut/kn/dhp/sut.kn.dhp.v22.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann