km:tipitaka:sut:kn:dhp:sut.kn.dhp.v23

នាគវគ្គ ទី២៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v23 បាលី cs-km: sut.kn.dhp.v23 អដ្ឋកថា: sut.kn.dhp.v23_att PTS: ?

នាគវគ្គ ទី២៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខ វិបុល

(២៣. នាគវគ្គោ)

(គាថា ទី៣២០)

[៣៣] តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរី កាលអត់ទ្រាំចំពោះព្រួញ ដែលរបូតចេញអំពីធ្នូ ក្នុងសង្គ្រាមដូច្នោះ ព្រោះថា ជនទ្រុស្តសីល មានច្រើននាក់។

(គាថា ទី៣២១)

ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយ ទៅកាន់ទីប្រជុំ ព្រះរាជា តែងស្តេចឡើងកាន់វាហនៈ ដែលទូន្មានហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាអ្នកមានខ្លួនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត។

(គាថា ទី៣២២-៣២៣)

ពួកសេះអស្សតរក្តី សេះអាជានេយ្យក្តី សេះសិន្ធពក្តី ដំរីកុញ្ជរដ៏ប្រសើរក្តី ដែលបុគ្គលប្រៀនប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងអស់នោះ។

បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថាទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ។

(គាថា ទី៣២៤)

ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក បើនាយហត្ថាចារ្យចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឭកដល់ព្រៃខ្ទឹងដែលដំរីនោះធ្លាប់នៅ។

(គាថា ទី៣២៥)

កាលណា បុគ្គលអ្នកមានសេចក្តីងោកងុយផង អ្នកបរិភោគភោជន មានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹម ដោយសូករភត្ត កាលនោះ បុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គភ៌រឿយ ៗ។

(គាថា ទី៣២៦)

ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការ ដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្តីសប្បាយក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរ សង្កត់សង្កិនដំរីចុះប្រេង ដូច្នោះដែរ។

(គាថា ទី៣២៧)

អ្នកទាំងឡាយ ចូរត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញ ចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនឲ្យរួចបាន។

(គាថា ទី៣២៨-៣៣០)

បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេកអរ មានស្មារតី គ្របសង្កត់សេចក្តីអន្តរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញ់នោះឯង។

បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោន៍ឲ្យសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រាច់ទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋ ដែលទ្រង់ឈ្នះហើយ ស្តេចទៅតែឯកអង្គ ពុំនោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ។

ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាតប្រសើរផុត (ព្រោះថា) សហាយតាគុណ រមែងមិនមានក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្តីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯកឯងក្នុងព្រៃ ដូច្នោះដែរ។

(គាថា ទី៣៣១-៣៣៣)

កាលបើសេចក្តីត្រូវការ កើតឡើងហើយ សំឡាញ់ទាំងឡាយ នាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យ នាំសេចក្តីសុខមកឲ្យ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ។

សេចក្តីប្រតិបត្តិល្អក្នុងមាតា នាំសេចក្តីសុខមកឲ្យក្នុងលោក មួយទៀត សេចក្តីប្រតិបត្តិល្អក្នុងបិតា នាំសេចក្តីសុខមកឲ្យ សេចក្តីប្រតិបត្តិល្អក្នុងសមណៈ នាំសេចក្តីសុខមកឲ្យក្នុងលោក

មួយទៀត សេចក្តីប្រតិបត្តិល្អ ក្នុងព្រាហ្មណ៍ នាំសេចក្តីសុខមកឲ្យ សីល នាំសេចក្តីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយ នាំសេចក្តីសុខមកឲ្យ។

ចប់ នាគវគ្គ ទី២៣។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v23.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann