km:tipitaka:sut:kn:dhp:sut.kn.dhp.v24

តណ្ហាវគ្គ ទី២៤

សង្ខេប

សុភាសិត​សង្ខេប​ពី តណ្ហា និង​បុគ្គល​អស់​តណ្ហា។

sut kn dhp v24 បាលី cs-km: sut.kn.dhp.v24 អដ្ឋកថា: sut.kn.dhp.v24_att PTS: ?

តណ្ហាវគ្គ ទី២៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២៤. តណ្ហាវគ្គោ)

(គាថា ទី៣៣៤)

[៣៤] តណ្ហា តែងចំរើនដល់មនុស្សអ្នកមានការប្រព្រឹត្តិ ដោយសេចក្តីប្រមាទជាប្រក្រតី ដូចវល្លិ រួបរឹតដើមឈើហើយ ចំរើនឡើង បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំដូចស្វា កាលប្រាថ្នាផ្លែឈើ លោតទៅក្នុងព្រៃ ដូច្នោះដែរ។

(គាថា ទី៣៣៥-៣៣៦)

តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេង ៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោកស្តាយ តែងចំរើនឡើង ដល់បុគ្គលនោះ ដូចស្បូវរណ្តាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ ពន្លកលូតលេចឡើង ដូច្នោះដែរ។

ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្តីសោកស្តាយ តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹកដែលធ្លាក់ចុះចាកស្លឹកឈូក ដូច្នោះដែរ។

(គាថា ទី៣៣៧)

ព្រោះហេតុនោះ បានជាតថាគត ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ អ្នកទាំងឡាយ ចូររំលើងឫសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការដោយស្បូវភ្លាំង គាស់ស្បូវរណ្តាសចោលចេញ ដូច្នោះ។ មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹក កាច់បំបាក់ដើមបបុស ដូច្នោះឡើយ។

(គាថា ទី៣៣៨)

កាលបើឫសឈើ មិនមានសេចក្តីអន្តរាយ នៅមាំមួនទេ ដើមឈើទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន មានឧបមាដូចម្តេចមិញ កាលបើតណ្ហានុស័យ បុគ្គល កំចាត់មិនទាន់បានហើយ ទុក្ខ (មានជាតិទុក្ខជាដើម) នេះ ក៏តែងកើតរឿយ ៗ មានឧបមេយ្យដូច្នោះឯង។

(គាថា ទី៣៣៩-៣៤០)

ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅក្នុងអារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិក្លៀវក្លា មានដល់បុគ្គលណា តម្រិះទាំងឡាយដ៏ធំ ដែលអាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិអាក្រក់ របស់បុគ្គលនោះ។

ខ្សែតណ្ហាទាំងឡាយ តែងហូរទៅក្នុងអារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ បើអ្នកទាំងឡាយ ឃើញតណ្ហា ដូចជាវល្លិនោះ កើតឡើងហើយ ចូរកាត់ឫសចោលចេញ ដោយកាំបិត គឺបញ្ញា។

(គាថា ទី៣៤១)

សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែលប្រព្រឹត្តទៅដោយសេចក្តីស្រឡាញ់ផង រមែងមានដល់សត្វ ពួកសត្វនោះ ជាអ្នកអាស្រ័យនូវសេចក្តីរីករាយ អ្នកស្វែងរកសេចក្តីសុខ នរជនទាំងឡាយនោះឯង តែងឈមទៅរកជាតិ និងជរា។

(គាថា ទី៣៤២-៣៤៣)

ពួកសត្វដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលព្រានទាក់បានហើយដូច្នោះ ពួកសត្វ ដែលជាប់ក្នុងសំយោជនៈ និងសង្គធម៌ (ធម៌ជាគ្រឿងជំពាក់) តែងដល់នូវសេចក្តីទុក្ខរឿយ ៗ អស់កាលអង្វែង។

ពួកសត្វដែលតណ្ហាជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងរន្ធត់ដូចទន្សាយ ដែលនាយព្រាន ទាក់បានហើយដូច្នោះ ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោរបង់តណ្ហា ដែលជាគ្រឿងតក់ស្លុតចោលចេញ។

(គាថា ទី៣៤៤)

បុគ្គលណា មិនមានអាល័យ ក្នុងគិហិភាព ដូចដើមឈើតាំងនៅក្នុងព្រៃ មានចិត្តចុះស៊ប់ក្នុងព្រៃ គឺតបធម៌ ជាអ្នករួចស្រឡះចាកព្រៃ គឺតណ្ហា ហើយស្ទុះទៅរកព្រៃ គឺតណ្ហាវិញ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះឯង បុគ្គលនោះ រួចចាកចំណង គឺឃរាវាសហើយ ស្ទុះទៅរកចំណង គឺឃរាវាសវិញ។

(គាថា ទី៣៤៥-៣៤៧)

ចំណងណា ដែលកើតអំពីដែកក្តី កើតអំពីឈើក្តី កើតអំពីស្មៅយាប្លងក្តី អ្នកប្រាជ្ញ មិនហៅចំណងនោះ ថាជាចំណងមាំមួនឡើយ។

ពួកជនណា ត្រេកអរក្រៃពេក ក្នុងកែវមណី និងកុណ្ឌលទាំងឡាយក្តី សេចក្តីអាឡោះអាល័យកូន និងប្រពន្ធទាំងឡាយក្តី អ្នកប្រាជ្ញទាំងឡាយ ហៅសេចក្តីត្រេកអរ និងសេចក្តីអាឡោះអាល័យនោះ ថាជាចំណងមាំមួន ជាចំណងនាំចុះ (ទាញសត្វទំលាក់ទៅក្នុងអបាយ) ជាចំណងធូរទេ ប៉ុន្តែសត្វស្រាយបានដោយកម្រ អ្នកប្រាជ្ញទាំងឡាយ កាត់ចំណងនោះចេញ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស។

ពួកជនណា ត្រេកអរដោយអំណាចរាគៈ ពួកជននោះ តែងធ្លាក់ចុះកាន់ខ្សែតណ្ហា ដូចពីងពាងទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលធ្វើហើយដោយខ្លួនឯង អ្នកប្រាជ្ញទាំងឡាយ តែងកាត់ខ្សែតណ្ហានោះ ជាអ្នកមិនមានសេចក្តីអាឡោះអាល័យ លះទុក្ខទាំងពួង ចេញទៅ។

(គាថា ទី៣៤៨)

អ្នកចូរដោះ (សេចក្តីអាល័យ) ក្នុងកាលមុនចេញ ចូរដោះ (សេចក្តីអាល័យ) ក្នុងខាងក្រោយចេញ ចូរដោះ (សេចក្តីអាល័យ) ក្នុងកាលជាកណ្តាលចេញ (កាលបើធ្វើយ៉ាងនេះ) អ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះ ចាកសង្ខតធម៌ទាំងពួង មិនត្រូវទៅកាន់ជាតិ និងជរាទៀតឡើយ។

(គាថា ទី៣៤៩-៣៥០)

តណ្ហា រមែងចំរើនក្រៃលៃង ដល់ជនដែលវិតក្កៈញាំញី មានតម្រេកក្លៀវក្លា យល់ឃើញអារម្មណ៍ថាល្អ បុគ្គលនោះឯង ឈ្មោះថាធ្វើចំណងឲ្យមាំមួន។

លុះតែបុគ្គលណា ត្រេកអរក្នុងអសុភជ្ឈាន ដែលជាហេតុឲ្យស្ងប់រម្ងាប់នូវវិតក្កៈ មានស្មារតីសព្វកាល តែងចំរើនអសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហាឲ្យអស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន។

(គាថា ទី៣៥១-៣៥២)

បុគ្គលណា ដល់សេចក្តីសម្រេច គឺអរហត្ត ជាអ្នកមិនតក់ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់កូនសរ គឺកិលេស ជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយ កាយដែលឆ្អឹង ៣០០ កំណាត់ផ្គុំគ្នាហើយនេះ របស់បុគ្គលនោះ ឈ្មោះថា តាំងនៅក្នុងទីបំផុត។

បុគ្គលណា មិនមានតណ្ហា មិនមានសេចក្តីប្រកាន់មាំ ជាអ្នកឈ្លាស ក្នុងនិរុត្តិ (វាចាជាគ្រឿងសំដែងចេញ) និងបទដ៏សេស ដឹងច្បាស់ នូវប្រជុំនៃអក្ខរៈទាំងឡាយផង នូវខាងដើម និងខាងចុងនៃអក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា អ្នកមានសរីរៈឋិតនៅក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស។

(គាថា ទី៣៥៣)

តថាគតជាអ្នកគ្របសង្កត់តេភូមិកធម៌ទាំងអស់ ដឹងច្បាស់ចតុព្ភូមិកធម៌ទាំងអស់ មានចិត្តមិនបានជាប់នៅ ក្នុងតេភូមិកធម៌ទាំងអស់ លះបង់តេភូមិកធម៌ទាំងអស់ មានចិត្តរួចស្រឡះ ព្រោះអស់តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ ចាំបាច់យកអ្នកណាជាគ្រូអាចារ្យទៀត។

(គាថា ទី៣៥៤)

ធម្មទាន ឈ្នះអាមិសទានទាំងពួង ធម្មរស ឈ្នះរសទាំងពួង សេចក្តីត្រេកអរក្នុងធម៌ ឈ្នះសេចក្តីត្រេកអរទាំងពួង ការអស់តណ្ហា ឈ្នះទុក្ខទាំងពួង។

(គាថា ទី៣៥៥)

ភោគៈទាំងឡាយ រមែងសម្លាប់បុគ្គលអ័ប្បប្រាជ្ញា ប៉ុន្តែមិនសម្លាប់បុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានទេ ឯបុគ្គលអ័ប្បប្រាជ្ញា រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះចំណង់ក្នុងភោគៈ។

(គាថា ទី៣៥៦-៣៥៩)

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានរាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានរាគៈអស់ហើយ រមែងជាទានមានផលច្រើន។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានទោសៈអស់ហើយ រមែងជាទានមានផលច្រើន។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានមោហៈអស់ហើយ រមែងជាទានមានផលច្រើន។

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្តីច្រណែន ជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់អ្នកមានសេចក្តីច្រណែនអស់ហើយ រមែងជាទានមានផលច្រើន។

ចប់ តណ្ហាវគ្គ ទី២៤។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v24.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann