km:tipitaka:sut:kn:dhp:sut.kn.dhp.v25

ភិក្ខុវគ្គ ទី២៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn dhp v25 បាលី cs-km: sut.kn.dhp.v25 អដ្ឋកថា: sut.kn.dhp.v25_att PTS: ?

ភិក្ខុវគ្គ ទី២៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២៥. ភិក្ខុវគ្គោ)

(គាថា ទី៣៦០-៣៦១)

[៣៥] ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្តាតប្រពៃ ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួងបាន។

(គាថា ទី៣៦២)

ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាពជាអ្នកត្រេកអរក្នុងការចំរើនកម្មដ្ឋានដែលមានក្នុងខ្លួន ជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថា ភិក្ខុ។

(គាថា ទី៣៦៣)

ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផងបាន ភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ។

(គាថា ទី៣៦៤)

ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរហើយក្នុងធម៌ ពិចារណាធម៌ រឭកធម៌រឿយ ៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។

(គាថា ទី៣៦៥-៣៦៦)

ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន (ដែលកើតឡើងដោយធម៌) មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃ រមែងមិនបានសមាធិឡើយ។

បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតា និងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាមជាគ្រឿងអាស្រ័យរស់នៅដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស។

(គាថា ទី៣៦៧)

បុគ្គលណា មិនមានសេចក្តីប្រកាន់ក្នុងនាម និងរូប ថាជារបស់អញ ដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្តាយ ព្រោះនាម និងរូបដែលមិនមាន បុគ្គលនោះឯង តថាគតហៅថា ភិក្ខុ។

(គាថា ទី៣៦៨)

ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ។

(គាថា ទី៣៦៩)

ម្នាលភិក្ខុ ចូរអ្នកស្តារទូក គឺអត្តភាពនេះ ទូកដែលអ្នកស្តារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយអំពីនោះ នឹងអាចដល់នូវព្រះនិព្វាន។

(គាថា ទី៣៧០)

ភិក្ខុគប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចំរើនឥន្ទ្រិយ ៥ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងចំពាក់ ៥ (រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិ ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន។

(គាថា ទី៣៧១)

ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរកុំជាអ្នកប្រមាទផង ចិត្តរបស់អ្នក ចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ។

(គាថា ទី៣៧២)

ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ប្រាជ្ញាមិនមានដល់បុគ្គលអ្នកមិនពិនិត្យ ការពិនិត្យ និងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។

(គាថា ទី៣៧៣-៣៧៤)

សេចក្តីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ដោយប្រពៃ។

ភិក្ខុពិចារណាការកើតឡើង និងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ បីតិ និងបាមោជ្ជៈនោះ ឈ្មោះថាជាអមតធម៌ របស់បណ្ឌិតអ្នកដឹងធម៌ទាំងឡាយ។

(គាថា ទី៣៧៥-៣៧៦)

គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្តីសន្តោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ (ម្នាលភិក្ខុ) អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស។

ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន។

(គាថា ទី៣៧៧)

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈចេញ ដូចម្លិះជំរុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ។

(គាថា ទី៣៧៨)

ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មាចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោកខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់។

(គាថា ទី៣៧៩)

អ្នកចូរដាស់តឿនខ្លួនដោយខ្លួនឯង ចូរពិនិត្យខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះបើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ។

(គាថា ទី៣៨០)

មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯងជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ។

(គាថា ទី៣៨១)

ភិក្ខុអ្នកក្រាស់ដោយសេចក្តីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ។

(គាថា ទី៣៨២)

ភិក្ខុណានៅកម្លោះ ប្រឹងប្រែងក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក។

ចប់ ភិក្ខុវគ្គ ទី២៥។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v25.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann