km:tipitaka:sut:kn:dhp:sut.kn.dhp.v26

ព្រាហ្មណវគ្គ ទី២៦

សង្ខេប

សុភាសិត​ដោយ​សង្ខេប ព្រះពុទ្ធ​ឲ្យ​និយមន័យ​ពាក្យ​ថា​ព្រាហ្មណ៍…

sut kn dhp v26 បាលី cs-km: sut.kn.dhp.v26 អដ្ឋកថា: sut.kn.dhp.v26_att PTS: ?

ព្រាហ្មណវគ្គ ទី២៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២៦. ព្រាហ្មណវគ្គោ)

(គាថា ទី៣៨៣)

[៣៦] ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថា ជាអ្នកដឹងព្រះនិព្វានដែលបច្ច័យតាក់តែងមិនបាន។

(គាថា ទី៣៨៤)

កាលណាព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេស គ្រឿងប្រកបសត្វទុកទាំងអស់របស់ព្រាហ្មណ៍ អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន។

(គាថា ទី៣៨៥)

ត្រើយក្តី ទីមិនមែនត្រើយក្តី ត្រើយ និងទីមិនមែនត្រើយក្តី មិនមានដល់បុគ្គលណា (សេចក្តីប្រកាន់អាយតនៈមិនមានដល់បុគ្គលណា) តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្តីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។

(គាថា ទី៣៨៦)

តថាគតហៅបុគ្គលអ្នកចំរើនឈាន មានធូលី គឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសាវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៣៨៧)

ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿង ក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធ រមែងរុងរឿងដោយតេជះរហូតថ្ងៃ និងយប់ទាំងអស់។

(គាថា ទី៣៨៨)

អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថាព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តិរម្ងាប់ អ្នកដែលបណ្តេញមន្ទិលនៃខ្លួន ហេតុនោះទើបតថាគតហៅថា បព្វជិត។

(គាថា ទី៣៨៩)

ព្រាហ្មណ៍ មិនគប្បីប្រហារព្រាហ្មណ៍ទេ (ចំណែក) ព្រាហ្មណ៍ (ដែលត្រូវគេប្រហារហើយ) មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ ដែលប្រហារព្រាហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត។

(គាថា ទី៣៩០)

ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរបន្តិចបន្តួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា ៗ សេចក្តីទុក្ខព្រោះវត្ថុនោះ ៗ ក៏រម្ងាប់ទៅបាន។

(គាថា ទី៣៩១)

អំពើអាក្រក់ ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្ត របស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គល ដែលបានសង្រួមដោយឋានទាំង ៣ នោះ ថាជាព្រាហ្មណ៍។

(គាថា ទី៣៩២)

បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះដោយគោរព ដូចព្រាហ្មណ៍ដែលគោរពបូជាភ្លើងដូច្នោះដែរ។

(គាថា ទី៣៩៣-៣៩៤)

បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិ ក៏មិនមែន សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ផង។

នែអ្នកអ័ប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្តានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំដោយរាគាទិក្កិលេស អ្នកឈ្មោះថាដុសខាត់តែកាយខាងក្រៅទេ។

(គាថា ទី៣៩៥)

តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចំរើនឈានក្នុងព្រៃនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៣៩៦)

តថាគតនឹងហៅអ្នកកើត អំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណីជាមាតា ថាជាព្រាហ្មណ៍ ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី (អ្នកពោលថាចំរើន) ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់ អ្នកមិនមានសេចក្តីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍។

(គាថា ទី៣៩៧)

បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡះចាកកិលេស ថាជាព្រាហ្មណ៍។

(គាថា ទី៣៩៨)

តថាគតហៅបុគ្គលដែលកាត់សេចក្តីក្រោធដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទីត ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសសរខឿន ដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ ៤ នោះឯង ថាជាព្រាហ្មណ៍។

(គាថា ទី៣៩៩)

បុគ្គលណា មិនប្រទូស្ត អត់សង្កត់ពាក្យជេរផង ការបៀតបៀន និងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្តិជាពលៈ មានខន្តិជារេហ៍ពលនោះឯង ថាជាព្រាហ្មណ៍។

(គាថា ទី៤០០)

តថាគតហៅបុគ្គល ដែលមិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហាគ្រឿងប៉ោងចិត្ត មានឥន្ទ្រិយទូន្មានហើយ មានសរីរៈឋិតនៅក្នុងទីបំផុតនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០១)

បុគ្គលណា មានចិត្តមិនបានជាប់នៅ ក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០២)

បុគ្គលណា ក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារៈ ដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៣)

តថាគតហៅ បុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស អ្នកឈ្លាសក្នុងផ្លូវ និងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៤)

តថាគតហៅ បុគ្គលដែលមិនច្រឡំដោយជនទាំងឡាយ ពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ជាអ្នកត្រាច់ទៅដោយមិនមានសេចក្តីអាល័យ មានសេចក្តីប្រាថ្នាតិចនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៥)

បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្តី ដែលមាំមួន គឺមិនមានតក់ស្លុតក្តី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៦)

តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះពួកជនដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្តីប្រកាន់ ចំពោះពួកជនដែលមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៧)

រាគៈ ទោសៈ មានៈ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះអំពីចុងដែលស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៨)

បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុឲ្យដឹងសេចក្តីបាន ជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាឲ្យទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤០៩)

បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤១០)

អ្នកណា មិនមានសេចក្តីប្រាថ្នាក្នុលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្តីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជាព្រាហ្មណ៍។

(គាថា ទី៤១១)

អ្នកណា មិនមានសេចក្តីអាល័យគឺតណ្ហា មិនមានសេចក្តីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់ធម៌ តថាគតហៅបុគ្គលនោះ ដែលមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះអរហត្តផលដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍។

(គាថា ទី៤១២)

បុគ្គលណា ក្នុងលោកនេះ លះបង់បុណ្យ និងបាបទាំង ២ និងកិលេសជាគ្រឿងចំពាក់ (មានរាគៈជាដើម) ចេញហើយ តថាគតហៅបុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីសោក មានធូលី គឺកិលេសអស់ហើយ ជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍។

(គាថា ទី៤១៣)

តថាគតហៅបុគ្គល ដែលមិនមានសេចក្តីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្តីត្រេកអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤១៤)

បុគ្គលណា កន្លងផ្លូវវាង គឺរាគៈ និងភក់ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងអន្លង់ទាំង ៤ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្តីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេសហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤១៥-៤១៦)

បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍។

បុគ្គលណា ក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គល ដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤១៧)

បុគ្គលណា លះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គលដែលផុតស្រឡះចាកកិលេស ជាគ្រឿងប្រកបទាំងពួងនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤១៨)

តថាគតហៅបុគ្គល ដែលលះបង់សេចក្តីត្រេកអរ ក្នុងកាមគុណ និងមិនត្រេកអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់ មិនមានឧបក្កិលេសគ្របសង្កត់លោកទាំងពួង មានសេចក្តីព្យាយាមនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤១៩)

បុគ្គលណា ដឹងច្បាស់ចុតិ និងបដិសន្ធិរបស់ពួកសត្វ ដោយអាការទាំងពួងបាន តថាគត ហៅបុគ្គលដែលជាអ្នកមិនជាប់នៅក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្តីប្រតិបត្តិ អ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤២០)

ទេវតា គន្ធព្វ និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្តនោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤២១)

បុគ្គលណា មិនមានសេចក្តីកង្វល់ ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្តាលផង តថាគតហៅបុគ្គល ដែលជាអ្នកមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍។

(គាថា ទី៤២២)

តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំ ឈ្នះមារ មិនមានកិលេសជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាប្រាហ្មណ៍។

(គាថា ទី៤២៣)

បុគ្គលណា ដឹងច្បាស់ខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនផង ឃើញច្បាស់ឋានសួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញ ស្រេចកិច្ចហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គល ដែលជាអ្នកប្រព្រឹត្ត ព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយនោះ ថាជាព្រាហ្មណ៍។

ចប់ ព្រាហ្មណវគ្គ ទី២៦។

ឧទ្ទាន នៃធម្មបទគាថា គឺ

[៣៧] សំដែងអំពីយមកវគ្គ ១ អប្បមាទវគ្គ ១ ចិត្តវគ្គ ១ បុប្ផវគ្គ ១ ពាលវគ្គ ១ បណ្ឌិតវគ្គ ១ អរហន្តវគ្គ ១ សហស្សវគ្គ ១ បាបវគ្គ ១ ទណ្ឌវគ្គ ១ ត្រូវជា ១០ វគ្គ។

ជរាវគ្គ ១ អត្តវគ្គ ១ លោកវគ្គ ១ ពុទ្ធវគ្គ ១ សុខវគ្គ ១ បិយវគ្គ ១ កោធវគ្គ ១ មលវគ្គ ១ ធម្មដ្ឋវគ្គ ១ មគ្គវគ្គ ១ រួមនឹងវគ្គខាងដើម ត្រូវជា ២០វគ្គ។

បកិណ្ណកវគ្គ ១ និរយវគ្គ ១ នាគវគ្គ ១ តណ្ហាវគ្គ ១ ភិក្ខុវគ្គ ១ ព្រាហ្មណវគ្គ ១ បូករួមត្រូវជា ២៦ វគ្គ ដែលព្រះអាទិច្ចពន្ធុទ្រង់សំដែងទុកហើយ។

ក្នុងយមកវគ្គ មាន ២០ គាថា ក្នុងអប្បមាទវគ្គ មាន ១២ គាថា ក្នុងចិត្តវគ្គ មាន ១១ គាថា ក្នុងបុប្ផវគ្គ មាន ១៦ គាថា ក្នុងពាលវគ្គ មាន ១៧ គាថា ក្នុងបណ្ឌិតវគ្គ មាន ១៤ គាថា ក្នុងអរហន្តវគ្គ មាន ១០ គាថា ក្នុងសហស្សវគ្គ មាន ១៦ គាថា ក្នុងបាបវគ្គ មាន ១៣ គាថា ក្នុងទណ្ឌវគ្គ មាន ១៧ គាថា ក្នុងជរាវគ្គ មាន ១១ គាថា ក្នុងអត្តវគ្គ មាន ១២ គាថា ក្នុងលោកវគ្គ មាន ១២ គាថា ក្នុងពុទ្ធវគ្គ មាន ១៦ គាថា ក្នុងសុខវគ្គ និងបិយវគ្គ មាន ១២ គាថា ដូចគ្នា ក្នុងកោធវគ្គ មាន ១៤ គាថា ក្នុងមលវគ្គ មាន ២១ គាថា ក្នុងធម្មដ្ឋវគ្គ មាន ១៧ គាថា ក្នុងមគ្គវគ្គ មាន ១៦ គាថា ក្នុងបកិណ្ណកវគ្គ មាន ១៦ គាថា ក្នុងនិរយវគ្គ និងនាគវគ្គ មាន ១៤ គាថា ដូចគ្នា ក្នុងតណ្ហាវគ្គ មាន ២២ គាថា ក្នុងភិក្ខុវគ្គ មាន ២៣ គាថា ក្នុងព្រាហ្មណវគ្គដ៏ឧត្តម មាន ៤០ គាថា។ ៤២៣ គាថាដទៃទៀត ព្រះអាទិច្ចពន្ធុ ទ្រង់សំដែងទុកហើយ ក្នុងធម្មបទនិបាត។

ចប់ ធម្មបទ។

 

លេខយោង

km/tipitaka/sut/kn/dhp/sut.kn.dhp.v26.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann