km:tipitaka:sut:kn:iti:random

សូត្រចៃដន្យ ពីឥតិវុត្តកៈ

សូត្រចៃដន្យរបស់អ្នក។

  • ដើម្បីទទួលបានព្រះសូត្រថ្មីៗ ពីឥតិវុត្តកៈ សូមចុចទីនេះ
  • ដើម្បីទទួលបានព្រះសូត្រថ្មី ពីនិកាយទាំងអស់ សូមចុចទីនេះ

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ

តេវិជ្ជសូត្រ (១០.)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn iti 099 បាលី cs-km: sut.kn.iti.099 អដ្ឋកថា: sut.kn.iti.099_att PTS: ?

តេវិជ្ជសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)


ទ. ១២៩

(១០. តេវិជ្ជសុត្តំ)

[១០១] ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ដោយ​ធម៌ ថា​ជា​ព្រាហ្មណ៍ មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ថា​ជា​ព្រាហ្មណ៍ ដោយ​គ្រាន់​តែ​ពាក្យ​ពោល និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ​ទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា ដោយ​ធម៌ ថា​ជា​ព្រាហ្មណ៍ មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ ថា​ជា​ព្រាហ្មណ៍ ដោយ​គ្រាន់​តែ​ពាក្យ​ពោល និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រលឹក​ជាតិ​ដែល​បាន​អាស្រ័យ​នៅក្នុង​កាលមុន​ជា​ច្រើន​ប្រការ គឺ​រលឹក​បាន ១ ​ជាតិ​ខ្លះ ២ ​ជាតិ​ខ្លះ ៣ ​ជាតិ​ខ្លះ ៤​ ជាតិ​ខ្លះ ៥​ ជាតិ​ខ្លះ ១០ ​ជាតិ​ខ្លះ ២០​ ជាតិ​ខ្លះ ៣០​ ជាតិ​ខ្លះ ៤០ ​ជាតិ​ខ្លះ ៥០ ​ជាតិ​ខ្លះ ១០០​ ជាតិ​ខ្លះ ១០០០​ ជាតិ​ខ្លះ ១ ​សែន​ជាតិ​ខ្លះ រលឹក​បាន​ច្រើន​សំ​វដ្ដ​កប្ប​ខ្លះ ច្រើន​វិវដ្ដ​កប្ប​ខ្លះ ច្រើន​សំ​វដ្ដ​វិវដ្ដ​កប្ប​ខ្លះ​ថា អាត្មា​អញ បាន​កើត​ក្នុង​ភព​ឯណោះ មានឈ្មោះ យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ ទទួល​សុខទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ លុះ​អាត្មា​អញ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ ដែល​ទៅ​កើត​ក្នុង​ភព​នោះ មានឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ ទទួល​សុខទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ លុះ​អាត្មា​អញ ច្យុត​ចាក​អត្តភាព​នោះ​ហើយ ក៏បាន​មក​កើត​ក្នុង​ភព​នេះ ភិក្ខុ​នោះ រលឹក​តាម​នូវ​ជាតិ​ដែល​អាស្រ័យ​នៅក្នុង​កាលមុន​បាន​ជា​ច្រើន​ប្រការ ព្រម​ទាំង​អាការៈ ព្រម​ទាំង​ឧទ្ទេស​យ៉ាង​នេះ​។ ទ. ១៣០​នេះ​ជា​វិជ្ជា​ទី ១ ដែល​ភិក្ខុ​នោះ​បាន​ហើយ អវិជ្ជា ខ្ចាត់​បាត់​ទៅ វិជ្ជា ក៏​កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង ដល់​ភិក្ខុ​នោះ ដែល​មិន​ធ្វេសប្រហែស ខំព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​មូល​ស្លុង (ឥតមាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​មាន​ចក្ខុ​ទិព្វ​បរិសុទ្ធ កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស ពិចារណា​ឃើញ​នូវ​សត្វ​ទាំង​ឡាយ ដែល​កំពុង​ច្យុត កំពុង​កើត ទាបថោក និង​ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិ​ល្អ មាន​គតិ​អាក្រក់ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម​ថា អើហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ប្រកប​ដោយ​កាយ​ទុច្ចរិត ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំ​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ លុះ​សត្វ​ទាំង​នោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ឯ​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែក​សត្វ​ទាំង​អម្បាល​នេះ ប្រកប​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត មិន​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​សម្មាទិដ្ឋិ ប្រកាន់​មាំ​នូវ​កម្ម​ជា​សម្មាទិដ្ឋិ លុះ​សត្វ​ទាំង​នោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ បាន​ទៅ​កើត​ឯ​សុគតិ សួគ៌ ទេវលោក ភិក្ខុ​នោះ មាន​ចក្ខុ​ទិព្វ​បរិសុទ្ធ កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា។បេ។ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ដែល​អន្ទោល​ទៅ​តាមកម្ម ដោយ​បការៈ​ដូច​នេះ​។ ទ. ១៣១​នេះ​ជា​វិជ្ជា​ទី ២ ដែល​ភិក្ខុ​នោះ​បាន​ហើយ អវិជ្ជា ខ្ចាត់​បាត់​ទៅ វិជ្ជា ក៏​កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​ភិក្ខុ​នោះ ដែល​មិន​ប្រហែស​ធ្វេស ខំព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​មូលស្លុង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញទៀត ភិក្ខុបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ។ នេះ​ជា​វិជ្ជា​ទី ៣ ដែល​ភិក្ខុ​នោះ​បាន​ហើយ អវិជ្ជា​ខ្ចាត់​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង ងងឹត​ខ្ចាត់​បាត់​ទៅ ពន្លឺ ក៏​កើត​ឡើង ដល់​ភិក្ខុ​នោះ ដែល​មិន​ប្រហែស​ធ្វេស ខំព្យាយាម​ដុត​កំដៅ​កិលេស មាន​ចិត្ត​មូលស្លុង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត បញ្ញត្ត​នូវ​បុគ្គល​អ្នក​បាន​ត្រៃវិជ្ជា​ដោយ​ធម៌ ថា​ជា​ព្រាហ្មណ៍ មិន​បញ្ញត្ត​នូវ​បុគ្គល​ដទៃ​ថា​ជា​ព្រាហ្មណ៍ ដោយ​គ្រាន់​តែ​ពាក្យ​ពោល និង​បង្ហាញ​នូវ​មន្ត​ប៉ុណ្ណោះ​ទេ យ៉ាង​នេះ​ឯង។

បុគ្គល​ណា បាន​ដឹង​នូវ​ខន្ធ​សន្តាន ដែល​អាស្រ័យ​នៅក្នុង​កាលមុន ទាំង​ឃើញ​នូវ​ឋានសួគ៌ និង​អបាយ ទាំង​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​ជាតិ ជា​ខាង​ក្រោយ បុគ្គល​នោះ ឈ្មោះ​ថា អ្នក​ប្រាជ្ញ បាន​ញ៉ាំង​កិច្ចឲ្យ​សម្រេច ព្រោះ​ដឹង​ច្បាស់​នូវ​ចតុសច្ចធម៌។ ព្រាហ្មណ៍ (ណា) ជា​អ្នក​បាន​ត្រៃវិជ្ជា ដោយ​វិជ្ជា ៣ នុ៎ះ ទ. ១៣២តថាគត​ហៅ​នូវ​ព្រាហ្មណ៍ អ្នក​បាន​ត្រៃវិជ្ជា​នោះ ថា​ជា​ព្រាហ្មណ៍ មិន​ហៅ​នូវ​បុគ្គល​ដទៃ ដែល​ជា​អ្នក​ពោល និង​បង្ហាញ​នូវ​មន្ត ថា​ជា​ព្រាហ្មណ៍​ឡើយ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១០។

ចប់ បញ្ចមវគ្គ។

ឧទ្ទាននៃបញ្ចមវគ្គ​នោះ​គឺ

និយាយ​អំពី​សេចក្ដី​ជ្រះ​ថ្លា ១ ការ​ចិញ្ចឹម​ជីវិត ១ សង្ឃាដី ១ ភ្លើង ១ ការពិចារណា ១ ការ​កើត​ឡើង​នៃ​កាម ១ កាម​យោគៈ ១ សីល​ល្អ ១ ទាន ១ ព្រាហ្មណ៍​ដោយ​ធម៌ ១ ត្រូវជា ១០។

ចប់ តិកនិបាត។​

 


km/tipitaka/sut/kn/iti/random.txt · ពេលកែចុងក្រោយ: 2022/05/05 14:56 និពន្ឋដោយ Johann