ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » តតិយវគ្គ
ការបានឃើញសច្ចៈធម៌ មានទុក្ខអរិយសច្ច ទុក្ខគឺសេចក្តីស្លាប់ សូម្បីត្រឹមបុគ្គលម្នាក់ ប្រព្រឹត្តទៅរាប់មិនអស់។ ជាហេតុ បុគ្គលនោះអាច ធ្វើនូវទីបំផុតទុក្ខបាន យ៉ាងច្រើនត្រឹម៧ ជាតិ។
អានដោយ ឧបាសិកា វិឡា
ទ. ២៤
(៤. អដ្ឋិបុញ្ជសុត្តំ)
[២៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលម្នាក់ស្ទុះទៅ អន្ទោល ទៅ អស់កប្ប បំណែកឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងជាច្រើន បើបុគ្គលប្រមូលនាំមកដំកល់ទុក (១ កន្លែង) ហើយរក្សាទុក មិនឲ្យវិនាសខ្ចាត់ខ្ចាយទៅ ឆ្អឹងនឹងដូចជាភ្នំវេបុល្លនេះដូច្នោះឯង។
លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ ទ្រង់ត្រាស់ដូចនេះថា គំនរឆ្អឹងបុគ្គលម្នាក់ៗ ក្នុងមួយកប្ប ជាគំនរប៉ុនភ្នំ ឯភ្នំនោះឯង ដែលព្រះសម្មាសម្ពុទ្ធត្រាស់ថា ភ្នំវេបុល្ល ជាភ្នំធំ ជាភ្នំខ្ពស់ជាងភ្នំគិជ្ឈកូដ ក្បែរក្រុងគិរិព្វជះ គឺរាជគ្រឹះរបស់ពួកជនអ្នកស្រុកមគធៈ កាលណាបើបុគ្គលឃើញអរិយសច្ចទាំងឡាយដោយបញ្ញាដ៏ប្រពៃ គឺទុក្ខ ១ ហេតុដែលនាំឲ្យកើតទុក្ខ ១ ការកន្លងបង់ទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលជាទីញុាំងសត្វឲ្យទៅកាន់ទីរលត់ទុក្ខ ១ លុះបុគ្គលនោះ អន្ទោលទៅអស់ ៧ ជាតិ ជាយ៉ាងក្រៃលែង នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់សំយោជនៈទាំងពួង។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៤។