ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » តតិយវគ្គ
តម្លៃនៃការអភិវឌ្ឍមេត្តាចិត្តចំពោះសត្វទាំងអស់។
sut kn iti 027 បាលី cs-km: sut.kn.iti.027 អដ្ឋកថា: sut.kn.iti.027_att PTS: ?
មេត្តាភាវនាសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៧. មេត្តាភាវនាសុត្តំ)
[២៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង។ ម្នាលភិក្ខុទាំងឡាយ ដូចពន្លឺពួកផ្កាយឯណានីមួយ ពន្លឺពួកផ្កាយទាំងអស់នោះ មិនដល់មួយចំណិតពន្លឺព្រះចន្រ្ទ ដែលបុគ្គលចែកជាចំណែក ១៦ ៗ ដងឡើយ ពន្លឺព្រះចន្រ្ទ តែងគ្របសង្កត់ពន្លឺផ្កាយទាំងអម្បាលនោះ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ក៏ដូច្នោះឯង។ ទ. ២៨ម្នាលភិក្ខុទាំងឡាយ ដូចមេឃដែលស្រឡះ ប្រាសចាកពពក ក្នុងសរទសម័យ ក្នុងខែជាខាងចុងនៃរដូវភ្លៀង ព្រះអាទិត្យ ក៏រះត្រដួចត្រដឹមក្នុងពពក កំចាត់បង់ងងឹតឰដ៏អាកាសទាំងអស់ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិត នៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចផ្កាយព្រឹក ភ្លឺស្វាងរុងរឿង ក្នុងបច្ចូសសម័យនៃរាត្រី ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផល ក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ២៩
បុគ្គលណា មានស្មារតី ចំរើនមេត្តា មិនមានប្រមាណ បដិឃសំយោជនៈទាំងឡាយ របស់បុគ្គលនោះ អ្នកឃើញកិរិយាអស់ទៅនៃកិលេស រមែងស្ដួចស្ដើង បើបុគ្គលមានចិត្តមិនប្រទូស្ដសត្វ សូម្បីតែសត្វមួយ ចំរើនមេត្តា ជាបុគ្គលឈ្លាសវៃដោយមេត្តានោះ មួយទៀត ព្រះអរិយៈ កាលអនុគ្រោះសត្វទាំងអស់ដោយចិត្តហើយ ឈ្មោះថា ធ្វើបុណ្យច្រើន ជនទាំងឡាយណា ឈ្នះផែនដីដ៏ដេរដាសទៅដោយសត្វ ជនទាំងឡាយនោះ ជាធម្មិករាជ ប្រហែលដោយឥសី ហើយញុាំងការបូជាឲ្យប្រព្រឹត្តទៅ (គឺទ្រង់ឈ្លាសវៃក្នុងការទំនុកបម្រុងធញ្ញាហារ គឺស្រែស្រូវ ឲ្យសម្បូណ៌ក្នុងព្រះរាជអាណាចក្រ ១ ទ្រង់ឈ្លាសវៃក្នុងការសង្គ្រោះរាជបុរស ១ ទ្រង់ប្រកបឧបាយចងចិត្តមនុស្សឲ្យចូលចិត្ត ១ ទ្រង់មានព្រះបន្ទូលផ្អែមល្ហែម ១ ជាហេតុឲ្យស្រុកទេសរាបទាបសាន្គត្រាណ គ្មានចោរ ទាល់តែមិនបាច់ដាក់គន្លឹះ ចាក់សោទ្វារផ្ទះ ១) កាបូជាទាំងឡាយនោះ មិនដល់មួយចំណិត នៃបុគ្គលអ្នកចំរើនមេត្តាចិត្ត ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ (ដូចពួកផ្កាយទាំងអស់ មិនដល់មួយចំណិតនៃពន្លឺព្រះចន្ទ្រ) ទ. ៣០បុគ្គលណា មិនសម្លាប់សត្វដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនផ្ចាញ់ផ្ចាលដោយខ្លួនឯង មិនប្រើគេឲ្យផ្ចាញ់ផ្ចាល ជាអ្នកមានចំណែកនៃមេត្តា ក្នុងសត្វទាំងឡាយទាំងពួង ពៀរមិនមានដល់បុគ្គលនោះ ដោយហេតុណានីមួយឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៧។
ចប់ តតិយវគ្គ។
ឧទា្ទននៃតតិយវគ្គនោះគឺ
និយាយអំពីចិត្ត ១ ចំរើនឈាន ១ ប្រយោជន៍ទាំងពីរ ១ គំនរឆ្អឹងដូចជាភ្នំវេបុល្ល ១ សម្បជានមុសាវាទ ១ ទាន ១ ការចំរើនមេត្តា ១ ព្រះសូត្រទាំងឡាយ ក្នុងធម៌មួយ ៗ គឺព្រះសូត្រ (ខាងចុង) ៧ សូត្រ ព្រះសូត្រខាងដើម ២០ សូត្រ សង្គ្រោះជាសូត្រ ២៧ សូត្រ។
ចប់ ឯកនិបាត។
ទ. ៣១