ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 028 បាលី cs-km: sut.kn.iti.028 អដ្ឋកថា: sut.kn.iti.028_att PTS: ?
ទុក្ខវិហារសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. ទុក្ខវិហារសុត្តំ)
[២៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ រមែងនៅជាទុក្ខ ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ប្រកបដោយសេចក្ដីក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ។ ភិក្ខុប្រកបដោយធម៌ ២ តើដូចម្ដេច។ គឺភាពជាអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ ភាពជាអ្នកមិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ នេះឯង រមែងនៅជាទុក្ខ ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ប្រកបដោយសេចក្ដីក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា ក្នុងសាសនានេះ មិនបានគ្រប់គ្រងទ្វារអម្បាលនេះ គឺចក្ខុ ១ សោតៈ ១ ឃានៈ ១ ជិវ្ហា ១ កាយ ១ មនៈ ១ ជាអ្នកមិនដឹងប្រមាណ ក្នុងភោជន មិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ ភិក្ខុនោះ តែងបាននូវសេចក្ដីទុក្ខ គឺទុក្ខក្នុងកាយផង ទុក្ខក្នុងចិត្តផង ភិក្ខុបែបនោះ មានកាយក្តៅក្រហាយ មានចិត្តក្តៅក្រហាយ តែងនៅជាទុក្ខទាំងថ្ងៃទាំងយប់។
ទ. ៣២ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១។