ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » បឋមវគ្គ
តើអ្នកប្រព្រឹត្តព្រហ្មចរិយដើម្បី ប្រយោជន៏ដូម្តេច?
sut kn iti 035 បាលី cs-km: sut.kn.iti.035 អដ្ឋកថា: sut.kn.iti.035_att PTS: ?
បឋមនកុហនសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ដោយ ឧបាសិកា វិឡា
ទ. ៣៨
(៨. បឋមនកុហនសុត្តំ)
[៣៥] ខ្ញុំបានស្ដាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ មិនមែនដើម្បីកុហកនូវជន មិនមែនដើម្បីរួសរាយចំពោះជន មិនមែនដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្ដីសរសើរទេ មិនប្រព្រឹត្តព្រហ្មចរិយៈ ដោយគិតថា មហាជនចូរស្គាល់នូវអាត្មាអញដូចនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តាមពិតនោះ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ ដើម្បីសង្រួមផង ដើម្បីលះបង់ផង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់បានសំដែងនូវព្រហ្មចរិយៈដែលមិនអាងតាមពាក្យគេថា ទីប្រព្រឹត្តទៅ ដើម្បីចុះស៊ប់ កាន់ព្រះនិព្វាន ដើម្បីសង្រួម ដើម្បីលះបង់ នេះជាផ្លូវដែលព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់មានព្រះអធ្យាស្រ័យដ៏ធំ ស្វែងរកនូវគុណដ៏ធំ ទ្រង់ប្រតិបត្តិមកហើយ ជនទាំងឡាយណា ដើរតាមផ្លូវដែលព្រះពុទ្ធបានសំដែងហើយនោះ ឈ្មោះថា ធ្វើតាមពាក្យប្រដៅនៃព្រះសាស្ដា និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៨។