ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ
សូម្បីព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គមានវិត្តកៈ ព្រោះអ្វី? វិត្តកៈនោះមានប៉ុន្មាន? អ្វីខ្លះ?
sut kn iti 038 បាលី cs-km: sut.kn.iti.038 អដ្ឋកថា: sut.kn.iti.038_att PTS: ?
វិតក្កសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. វិតក្កសុត្តំ)
[៣៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វិតក្កៈមាន ២ យ៉ាងគឺខេមវិតក្កៈ (វិតក្កៈប្រកបដោយករុណាជាដើម) ១ វិវេកវិតក្កៈ (វិតក្កៈប្រកបដោយវិវេក) ១ តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអ្នករីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរហើយក្នុងសេចក្ដីមិនព្យាបាទ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទថា តថាគតមិនបានបៀតបៀនសត្វណាមួយ ដែលនៅតក់ស្លុត ឬដែលនឹងធឹង ដោយសេចក្ដីប្រព្រឹត្តិ (កាយប្រយោគ ឬវចីប្រយោគ) នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នករីករាយក្នុងវិវេក ត្រេកអរក្នុងវិវេក ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងវិវេក ត្រេកអរក្នុងវិវេកថា អកុសលនោះ តថាគតបានលះអស់ហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គួររីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ ដែលរីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទថាទ. ៤៣ យើងទាំងឡាយ មិនបៀតបៀនសត្វណាមួយ ដែលតក់ស្លុត ឬដែលនឹងធឹងដោយសេចក្ដីប្រព្រឹត្តិនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុងវិវេក ចូរត្រេកអរក្នុងវិវេកចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ ដែលរីករាយក្នុងវិវេក ត្រេកអរក្នុងវិវេកថា អ្វីជាអកុសល អ្វីដែលយើងមិនទាន់លះបង់ យើងលះបង់អ្វី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
វិតក្កៈ ២ យ៉ាង គឺខេមវិតក្កៈទី ១ ដែលព្រះអង្គទ្រង់សំដែងហើយ តអំពីនោះ វិវេកវិតក្កៈទី ២ ដែលព្រះអង្គទ្រង់ប្រកាសហើយ តែងផុសផុលឡើង ចំពោះព្រះតថាគត ជាព្រះពុទ្ធ ដែលបុគ្គលដទៃគ្របសង្កត់មិនបាន។ តថាគត ហៅបុគ្គលអ្នកបន្ទោបង់នូវងងឹត ដល់នូវត្រើយ ស្វែងរកនូវគុណដ៏ធំ ដល់នូវសេចក្ដីត្រាស់ដឹង ស្ទាត់ (ក្នុងឈាន) មិនមានអាសវៈ ឆ្លងនូវពិស គឺកិលេស រួចស្រឡះហើយ ព្រោះការអស់តណ្ហានោះឯង ថាជាអ្នកប្រាជ្ញ ទ្រទ្រង់នូវកាយជាទីបំផុត កំចាត់បង់នូវមារ ដល់នូវត្រើយនៃជរា។ ទ. ៤៤បុគ្គលឈរលើកំពូលភ្នំ ជាវិការៈនៃថ្មសុទ្ធ គប្បីឃើញនូវប្រជុំជនដោយជុំវិញ មានឧបមាដូចម្ដេចមិញ លោកអ្នកមានបញ្ញាល្អ មានចក្ខុជុំវិញ មានសេចក្ដីសោកទៅប្រាសហើយ គប្បីឡើងកាន់ប្រាសាទ ជាវិការៈនៃធម៌ រមែងឃើញនូវប្រជុំជន ដែលមានសេចក្ដីសោកមិនទាន់ឆ្លងហើយ មានជាតិ និងជរាគ្របសង្កត់ហើយ ក៏មានឧបមេយ្យដូច្នោះដែរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១។