ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ
ធម្មទេសនា ២ យ៉ាង។
sut kn iti 039 បាលី cs-km: sut.kn.iti.039 អដ្ឋកថា: sut.kn.iti.039_att PTS: ?
ទេសនាសូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានាគ
(២. ទេសនាសុត្តំ)
[៣៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះធម៌ទេសនា របស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ មាន ២ យ៉ាង ដោយបរិយាយ។ ធម៌ ទេសនា ២ យ៉ាង តើដូចម្ដេច។ គឺអ្នកទាំងឡាយ ចូរឃើញនូវបាប ថាជាបាប នេះជាធម៌ទេសនាទី ១ លុះអ្នកទាំងឡាយ ឃើញនូវបាប ថាជាបាបហើយ ចូរនឿយណាយ ចូរជិនឆ្អន់ ចូរផុតស្រឡះចាកបាបនោះ នេះឯងជាធម៌ទេសនាទី ២។ ម្នាលភិក្ខុទាំងឡាយ ធម៌ទេសនារបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ មាន ២ យ៉ាងនេះឯង ដោយបរិយាយ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ៤៥
អ្នកចូរឃើញនូវព្រះវាចា ដោយបរិយាយនៃព្រះតថាគត ជាព្រះពុទ្ធ ដែលទ្រង់មានសេចក្ដីអនុគ្រោះ ដល់សព្វសត្វផង នូវធម៌ទេសនា ២ យ៉ាង ដែលព្រះតថាគត ប្រកាសហើយផង អ្នកទាំងឡាយ ជាអ្នកឈ្លាស ចូរឃើញនូវអំពើបាប អ្នកទាំងឡាយ ចូរលះបង់នូវបាបក្នុងបាបនោះ តអំពីនោះទៅ ចូរអ្នកទាំងឡាយ មានចិត្តប្រាសចាកសេចក្ដីត្រេកអរហើយ និងធ្វើនូវទីបំផុតនៃទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ២។