ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ទុកនិបាត » ទុតិយវគ្គ
សំណួរថា ចង់កើត? ឬមិនចង់កើតទៀត? សេចក្តីប្រាថ្នាទាំងនេះ មិនមានដល់អរិយសាវកទៀតទេ។
sut kn iti 049 បាលី cs-km: sut.kn.iti.049 អដ្ឋកថា: sut.kn.iti.049_att PTS: ?
ទិដ្ឋិគតសូត្រ ទី១២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១២. ទិដ្ឋិគតសុត្តំ)
[៤៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ត្រូវទិដ្ឋិទាំង ២ រួបរឹតហើយ ពួក ១ រមែងជាប់នៅ ពួក ១ រមែងស្ទុះទៅ ចំណែកឯពួកបុគ្គលមានចក្ខុ រមែងឃើញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ រមែងជាប់នៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នករីករាយក្នុងភព ត្រេកអរក្នុងភព ស្រើបស្រាលក្នុងភព កាលតថាគតសំដែងធម៌ ដើម្បីរំលត់ភព ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយនោះ ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងជាប់នៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងស្ទុះទៅ តើដូចម្ដេច។ ទេវតា និងមនុស្សទាំងឡាយពួក ១ កាលជិនឆ្អន់ នឿយណាយ ស្អប់ខ្ពើមភព រមែងត្រេកអរចំពោះការប្រាសចាកភពថា ម្នាលអ្នកដ៏ចំរើន បានឮថា អត្តភាពនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងដាច់សូន្យ វិនាសទៅ មិនកើតទៅក្នុងខាងមុខទៀត ព្រោះហេតុណា នេះជាធម្មជាត ស្ងប់រម្ងាប់ នេះជាធម្មជាតដ៏ឧត្តម នេះជាធម្មជាត ដ៏ពិត ទ. ៥៨ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងស្ទុះទៅយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះចំណែកបុគ្គលអ្នកមានចក្ខុ រមែងឃើញ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈពិត លុះឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈពិតហើយ ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់នូវខន្ធបញ្ចកៈ ម្នាលភិក្ខុទាំងឡាយ ចំណែកបុគ្គលមានចក្ខុ រមែងឃើញយ៉ាងនេះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អរិយសាវ័កណា ឃើញនូវខន្ធបញ្ចកៈ ដោយសភាវៈពិតផង នូវការប្រព្រឹត្តិកន្លងខន្ធបញ្ចកៈផង រមែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ដោយសភាវៈពិត ព្រោះអស់តណ្ហាក្នុងភព ប្រសិនបើអរិយសាវ័កនោះ កំណត់ដឹងនូវខន្ធបញ្ចកៈ ប្រាសចាកតណ្ហា ក្នុងភពតូចភពធំហើយ ភិក្ខុទាំងឡាយ សូន្យចាកខន្ធបញ្ចកៈហើយ រមែងមិនបានមកកាន់ភពថ្មីទៀត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១២។
ចប់ ទុតិយវគ្គ។ ទ. ៥៩ ឧទ្ទាននៃទុតិយវគ្គនោះ គឺ
និយាយអំពីឥន្ទ្រិយ មានពីរលើក តបនិយធម៌ មានពីរលើក សីល និងរឿងដទៃទៀត មានពីរលើក អំពីមិនមានឱត្តប្បៈ ១ រឿងកុហក មានពីរលើក សំវេជនីយ ១ ត្រូវជា ១០ អំពីវិតក្កៈ ១ ទេសនា ១ វិជ្ជា ១ បញ្ញា ១ និងធម៌ ១ ត្រូវជា ៥ អំពីអជាតធម៌ ១ ធាតុ ១ ទីសម្ងំ ១ សិក្ខា ១ ជាគរិយធម៌ ១ អបាយ ១ ទិដ្ឋិ ១ ត្រូវជា ២២ ដែលលោកបានប្រកាសទុកហើយ។
ចប់ ទុកនិបាត។
ទ. ៦០