ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បឋមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 053 បាលី cs-km: sut.kn.iti.053 អដ្ឋកថា: sut.kn.iti.053_att PTS: ?
ទុតិយវេទនាសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ទ. ៦២
(៤. ទុតិយវេទនាសុត្តំ)
[៥៣] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីឃើញនូវសុខវេទនា ថាជាទុក្ខ គប្បីឃើញនូវទុក្ខវេទនា ថាជាព្រួញ គប្បីឃើញនូវអទុក្ខមសុខវេទនា ថាជារបស់មិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឃើញសុខវេទនា ថាជាទុក្ខ ឃើញទុក្ខវេទនា ថាជាព្រួញ ឃើញអទុក្ខមសុខវេទនា ថាជារបស់មិនទៀងហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុប្រសើរ ឃើញត្រូវ ផ្ដាច់បង់តណ្ហា ដោះស្រាយសំយោជនៈ ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះយល់ច្បាស់នូវមានះដោយប្រពៃ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា បានឃើញសុខវេទនា ថាជាទុក្ខ បានឃើញទុក្ខវេទនា ថាជាព្រួញ បានឃើញអទុក្ខមសុខវេទនា ជាទីស្ងប់នោះ ថាជារបស់មិនទៀង ភិក្ខុនោះឯង ឃើញ (វេទនាទាំង ៣) ដោយប្រពៃ រមែងរួចស្រឡះក្នុងវេទនា ដោយការសង្រួមកាយ វាចា ចិត្ត ភិក្ខុនោះឯង មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ ព្រោះត្រាស់ដឹង ជាអ្នកស្ងប់រម្ងាប់ ជាមុនី កន្លងផុតនូវយោគៈ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៤។