ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ទុតិយវគ្គ
បុញ្ញកិរិយាវត្ថុ ៣ តើដូចម្ដេច?
sut kn iti 060 បាលី cs-km: sut.kn.iti.060 អដ្ឋកថា: sut.kn.iti.060_att PTS: ?
បុញ្ញកិរិយវត្ថុសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. បុញ្ញកិរិយវត្ថុសុត្តំ)
[៦០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះ មាន ៣។ បុញ្ញកិរិយាវត្ថុ ៣ តើដូចម្ដេច។ គឺទានមយបុញ្ញកិរិយាវត្ថុ ១ សីលមយបុញ្ញកិរិយាវត្ថុ ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ១។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ នេះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សានូវបុណ្យ ដែលមានផលបរិបូណ៌ មានវិបាកជាសុខ គឺគួរចំរើនទានផង ការប្រព្រឹត្តិស្មើ គឺសីលផង មេត្តាចិត្តផង លុះចំរើនធម៌ទាំង ៣ នេះ ដែលមានអានិសង្សជាសុខហើយ រមែងចូលទៅកាន់លោក ដែលជាសុខ ឥតមានការបៀតបៀន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១។