km:tipitaka:sut:kn:iti:sut.kn.iti.075

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

អវុដ្ឋិកសូត្រ (៦.)

សង្ខេប

ព្រះពុទ្ធ​សម្តែង​អំពី​បុគ្គល​៣ ពួក​ស្មើ​ដោយ​មេឃ។

sut kn iti 075 បាលី cs-km: sut.kn.iti.075 អដ្ឋកថា: sut.kn.iti.075_att PTS: ?

អវុដ្ឋិកសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ៨៧

(៦. អវុដ្ឋិកសុត្តំ)

[៧៥] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ រមែង​មាន​ប្រាក​ដ ក្នុង​លោក។ បុគ្គល ៣ ពួក តើ​ដូច​ម្ដេច​ខ្លះ​។ គឺ​បុគ្គល​ស្មើ​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ ១ បុគ្គល​ស្មើ​ដោយ​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​ត្រង់​ប្រទេស​មួយ ៗ ១ បុគ្គល​ស្មើ​ដោយ​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មិន​ដែល​ឲ្យ​បាយ ទឹក សំពត់ យាន​ជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាប ទី​ដេក ទី​នៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់​ពួក​សមណៈ ព្រាហ្មណ៍ អ្នក​កំព្រា អ្នក​ដំណើរ និង​អ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ទាំង​ពួង ដល់​ម្ដង​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ ត្រង់​ប្រទេស​មួយ ៗ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​ឲ្យ​បាយ ទឹក សំពត់ យានជំនិះ កម្រង​ផ្កា គ្រឿងក្រអូប គ្រឿង​លាប ទី​ដេក ទី​នៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់​ពួក​សមណៈ ព្រាហ្មណ៍ អ្នក​កំព្រា អ្នក​ដំណើរ អ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ពួក​ខ្លះ មិន​ឲ្យ​ទាន​ដល់​សមណៈ ព្រាហ្មណ៍​ពួក​ខ្លះ ទ. ៨៨ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​ត្រង់​ប្រទេស​មួយ ៗ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ តែង​ឲ្យ​បាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿង​លាប ទី​ដេក ទី​នៅ និង​គ្រឿង​សម្រាប់​ប្រទីប ដល់​សមណៈ ព្រាហ្មណ៍ អ្នក​កំព្រា អ្នក​ដំណើរ អ្នក​ពណ៌នា​ហើយ​សូម និង​យាចក​ទាំង​ពួង ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ស្មើ​ដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួក​នេះ​ឯង តែង​មាន​ប្រាកដ​ក្នុង​លោក។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បុគ្គល​ណា បាន​នូវ​សមណៈ បាន​នូវ​ព្រាហ្មណ៍ បាន​នូវ​អ្នក​កំព្រា អ្នក​ដំណើរ ទាំង​បាន​នូវ​ជន​អ្នក​ពណ៌នា​ហើយ​សូម​ទាំង​ឡាយ ហើយ​មិន​ចាត់​ចែង​នូវ​បាយ ទឹក ភោជន បណ្ឌិត​ទាំង​ឡាយ តែង​ហៅ​នូវ​បុគ្គល​ដ៏​លាមក​នោះ​ឯង​ថា ដូច​ជា​មេឃ ដែល​មិន​បង្អុរ​ភ្លៀង​ចុះ ដូច្នោះ​។ បុគ្គល​ណា មិន​ឲ្យ​ទាន ដល់​សមណៈ​ពួក​ខ្លះ ឲ្យ​ទាន​ដល់​សមណៈ​ពួក​ខ្លះ ពួក​ជន​អ្នក​មាន​ប្រាជ្ញា តែង​ហៅ​បុគ្គល​នោះ​ឯង​ថា ដូច​ជា​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ ក្នុង​ប្រទេស​មួយ ៗ ដូច្នោះ​។ ទ. ៨៩បុរស មាន​វាចា​នាំ​ឲ្យ​បាន​បាយ​ដោយ​ងាយ មាន​សេចក្ដី​អនុគ្រោះ​សព្វ​សត្វ មាន​ចិត្តរីករាយ តែង​ចាត់​ចែង (ទេយ្យធម៌) ពោល​ថា អ្នក​ទាំង​ឡាយ ចូរ​ឲ្យ អ្នក​ទាំង​ឡាយ ចូរ​ឲ្យ ប្រៀប​ដូច​មហាមេឃ​គ្រហឹម​គម្រាម ហើយ​បង្អុរ​ភ្លៀង​ចុះ ធ្វើ​ទីទួល និង​ទី​ទាប បង្ហូរ​ឲ្យ​ពេញដោយ​ទឹក យ៉ាងណា​មិញ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នក​មាន​សភាព​ដូច្នោះ បាន​ប្រមូល​មក​នូវ​ទ្រព្យ ដែល​កើត​ដោយ​សេចក្ដី​ព្យាយាម​តាមផ្លូវ​ធម៌ ក៏​ជប់​លៀង ពួក​ជន​អ្នក​ពណ៌នា​ហើយ​សូម ដែល​មក​ដល់​ដោយ​ល្អ ដោយ​បាយ ទឹក ក៏​យ៉ាង​នោះ​ដែរ។

ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

 

km/tipitaka/sut/kn/iti/sut.kn.iti.075.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann