km:tipitaka:sut:kn:iti:sut.kn.iti.082

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » ចតុត្ថវគ្គ

ទេវសទ្ទសូត្រ (៣.)

សង្ខេប

សម្លេង​ត្រេក​អរ​នៃ​ពួក​ទេវតា បី​យ៉ាង​តែងលាន់​លឺ​ឡើង។ បី​យ៉ាង​នោះ​គឺ​នៅ​ពេល…

sut kn iti 082 បាលី cs-km: sut.kn.iti.082 អដ្ឋកថា: sut.kn.iti.082_att PTS: ?

ទេវសទ្ទសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ១០០

(៣. ទេវសទ្ទសុត្តំ)

[៨២] ម្នាល​ភិក្ខុ​ទាំង​ឡាយ សំឡេង​ទេវតា1) ៣ យ៉ាង​នេះ តែង​លាន់​ឮ ក្នុង​ទេវលោក 2) ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ សំឡេង ៣ យ៉ាង តើ​ដូច​ម្ដេច​ខ្លះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ណា អរិយ​សាវ័ក គិត​ដើម្បី​កោរសក់ ពុកចង្កា ស្លៀក​សំពត់​កាសាយៈ​ទាំង​ឡាយ ហើយ​ចេញ​ចាក​ផ្ទះ ចូល​ទៅ​កាន់​ផ្នួស ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​នោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង​ថា អរិយ​សាវ័ក​នុ៎ះ គិត​ដើម្បី​ច្បាំង​នឹង​កិលេសមារ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​សំឡេង​ទេវតា​ទី ១ ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ណា អរិយ​សាវ័ក ប្រកប​រឿយៗ នូវ​ព្យាយាម ដើម្បី​ចំរើន​នូវ​ពោធិបក្ខិយធម៌ ៧ ពួក ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​នោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង​ថា អរិយ​សាវ័ក​នុ៎ះ កំពុង​ច្បាំង​នឹង​កិលេសមារ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​សំឡេង​ទេវតា​ទី ២ ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញទៀត សម័យ​ណា អរិយ​សាវ័ក ទ. ១០១ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ ដោយ​បញ្ញា​ដ៏​ឧត្តម ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​នោះ សំឡេង​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង​ថា អរិយ​សាវ័ក​នុ៎ះ ឈ្នះ​សង្គ្រាម​ហើយ ឈ្នះ​រាប គ្រប​សង្កត់​នូវ​កំពូល​នៃ​សង្គ្រាម​នោះ​ឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​សំឡេង​ទេវតា​ទី ៣ ក្នុង​ទេវលោក​ទាំង​ឡាយ តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សំឡេង​នៃ​ទេវតា​ក្នុង​ទេវលោក​ទាំង​ឡាយ មាន ៣ យ៉ាង​នេះ​ឯង តែង​លាន់​ឮ​ឡើង ព្រោះ​អាស្រ័យ​សម័យ​នោះ​ៗ។

ពួក​ទេវតា បាន​ឃើញ​សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ ដែល​ឈ្នះ​សង្គ្រាម​ហើយ លោក​មាន​គុណ​ដ៏​ធំ ប្រាស​ចាក​សេចក្ដី​កោត​ញញើត ទើប​នមស្ការ​ថា បពិត្រ​បុរស​អាជានេយ្យ អ្នក​ណា បាន​បង្ក្រាប​សង្គ្រាម ដែល​គេ​ឈ្នះ​បាន​ដោយ​កម្រ បាន​ឈ្នះ​សេនា​នៃ​មច្ចុ ដែល​បុគ្គល​ដទៃ​មិន​អាច​ឃាត់​ខាំង​បាន ដោយ​វិមោក្ខ ខ្ញុំសូម​នមស្ការ​អ្នក​នោះ ព្រោះ​ហេតុ​នោះ ពួក​ទេវតា តែង​នមស្ការ​នូវ​សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ​នុ៎ះ ដែល​មាន​សេចក្ដី​ប្រាថ្នា សម្រេច​ហើយ សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ គប្បី​ដល់​នូវ​អំណាច​នៃ​មច្ចុ​ទៀត ដោយ​ហេតុ​ណា ពួក​ទេវតា មិន​ឃើញ​ហេតុ​នោះ របស់​សាវ័ក​នៃ​ព្រះ​សម្មាសម្ពុទ្ធ​នោះ​ឡើយ។។

សូត្រ ទី ៣។

 

1)
សំឡេង​ស្រែកហៅ​ដោយ​សេចក្ដី​ត្រេកអរ​នៃ​ពួក​ទេវតា។
2)
ក្នុង​ឧបបត្តិទេព​ទាំង​ពួង វៀរលែង​តែ​អរូបាវចរទេវតា និង​អសញ្ញីទេវតា។ អដ្ឋកថា។
km/tipitaka/sut/kn/iti/sut.kn.iti.082.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann