km:tipitaka:sut:kn:iti:sut.kn.iti.090

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ

អគ្គប្បសាទសូត្រ (១.)

សង្ខេប

សេចក្តី​​ជ្រះ​​ថ្លា​​ចំពោះ​​វត្ថុ​​ដ៏​​ប្រសើរ​​នេះ មាន ៣។ «ព្រះ​ពុទ្ធ​»នៅ​ទី​នេះ បាន​បំបែក​ជា​បុគ្គល និង​គុណ​ភាព​នៃ​ការ​ត្រាស់ដឹង។

sut kn iti 090 បាលី cs-km: sut.kn.iti.090 អដ្ឋកថា: sut.kn.iti.090_att PTS: ?

អគ្គប្បសាទសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. អគ្គប្បសាទសុត្តំ)

[៩២] ខ្ញុំ​បាន​ស្តាប់​មក​ថា ​ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ​ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​ជ្រះ​ថ្លា​ចំពោះ​វត្ថុ​ដ៏​ប្រសើរ​នេះ មាន ៣។ សេចក្តី​ជ្រះ​ថ្លា​ចំពោះ​វត្ថុ​ដ៏​ប្រសើរ ៣ តើ​ដូច​ម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ទាំង​ប៉ុន្មាន ដែល​ជា​សត្វ​មិន​មាន​ជើង​ក្តី មាន​ជើង​ពីរ​ក្តី មាន​ជើង​បួន​ក្តី មាន​ជើង​ច្រើន​ក្តី មាន​រូប​ក្តី មិន​មាន​រូប​ក្តី មាន​សញ្ញា​ក្តី មិន​មាន​សញ្ញា​ក្តី មាន​សញ្ញា​ក៏​មិន​មែន មិន​មាន​សញ្ញា​ក៏​មិន​មែន គឺ​មាន​សញ្ញា​យ៉ាង​ល្អិត​ក្តី ព្រះ​តថាគត ជា​អរហន្ត​សម្មាសម្ពុទ្ធ ប្រាកដ​ជា​ប្រសើរ​ជាង​ពួក​សត្វ​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង​ប៉ុន្មាន ដែល​ជា​សង្ខតធម៌ (ធម៌​ដែល​មាន​បច្ច័យ​ប្រជុំ​តាក់​តែង) ក្តី ជា​អសង្ខតធម៌ (ធម៌​ដែល​មិន​មាន​បច្ច័យ​ប្រជុំ​តាក់​តែង) ក្តី វិរាគៈ (ការ​ប្រាស​ចាក​តម្រេក) ដែល​ជា​គ្រឿង​ញាំញី​នូវ​សេចក្តី​ស្រវឹង នាំចេញ​នូវ​សេចក្តី​ស្រេក​ឃ្លាន ដក​ឡើង​នូវ​សេចក្តី​អាល័យ កាត់​ផ្តាច់​នូវ​វដ្ដៈ អស់​តណ្ហា ប្រាស​ចាក​តម្រេក រលត់​មិន​សេស​សល់ មិន​មាន​តណ្ហា​នេះ ប្រាកដ​ជា​ប្រសើរ​ជាង​ធម៌​ទាំង​នោះ​។ ទ. ១១៧ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​វិរាគធម៌​ហើយ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ទាំង​ប៉ុន្មាន ដែល​ជា​សង្ខតធម៌ មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរ ក៏​ការ​ឃើញត្រូវ ១ ការ​ត្រិះ​រិះ​ត្រូវ ១ វាចា​ត្រូវ ១ ការ​ងារត្រូវ ១ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ១ ព្យាយាម​ត្រូវ ១ រលឹក​ត្រូវ ១ តាំងចិត្ត​មាំ​ត្រូវ ១ នេះ​ប្រាកដ​ជា​ប្រសើរ​ជាង​ធម៌​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​ធម៌ គឺ​មគ្គ​ដ៏​ប្រសើរ​ហើយ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សង្ឃ​ក្តី គណៈ​ក្តី​ទាំងប៉ុន្មាន សង្ឃ​ជា​សាវ័ក​របស់​ព្រះ​តថាគត ដែល​ចាត់​ជា​គូ​នៃ​បុរស មាន ៤ គូ ចាត់​ជា​បុរស​បុគ្គល (រៀងគ្នា) មាន​ប្រាំបី​នេះ ប្រាកដ​ជា​ប្រសើរ​ជាង​សង្ឃ និង​គណៈ​ទាំង​នោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សត្វ​ណា ជ្រះ​ថ្លា​ក្នុង​សង្ឃ​ហើយ ពួក​សត្វ​នោះ ឈ្មោះ​ថា ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដ៏​ប្រសើរ​ហើយ មានផល​ក៏​ប្រសើរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដ៏​ប្រសើរ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ. ១១៨ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

កាល​បើ​ពួក​សត្វ​ជ្រះ​ថ្លា​ក្នុង (ព្រះ​រត្នត្រ័យ) ថា​ជា​របស់​ប្រសើរ ដឹង​ច្បាស់​ថា​ជា​សភាវៈ​ប្រសើរ គឺ​ថា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ ជា​ទក្ខិណេយ្យ​បុគ្គល​ដ៏​ឧត្តម ជ្រះ​ថ្លា​ក្នុង​ព្រះ​ធម៌​ដ៏​ប្រសើរ ជា​គ្រឿង​ប្រាស​ចាក​តម្រេក ស្ងប់​រម្ងាប់ (កិលេស) នាំមក​នូវ​សេចក្តី​សុខ ជ្រះ​ថ្លា​ក្នុង​ព្រះ​សង្ឃ​ដ៏​ប្រសើរ ជា​បុញ្ញក្ខេត្ត​យ៉ាង​ខ្ពង់​ខ្ពស់ ឲ្យនូវ​ទាន​ក្នុង​វត្ថុ​ដ៏​ប្រសើរ បុណ្យ​ដ៏​ប្រសើរ ក៏​រមែង​ចំរើន ទាំង​អាយុ ពណ៌ យស កេរ្តិ៍​ឈ្មោះ សេចក្តី​សុខ និង​កំឡាំង​ដ៏​ប្រសើរ ក៏​រមែង​ចំរើន អ្នក​ប្រាជ្ញ​ជា​អ្នក​ឲ្យ (នូវ​ទេយ្យធម៌) ចំពោះ​វត្ថុ​ដ៏​ប្រសើរ ហើយ​ជា​អ្នក​មាន​ចិត្ត​តាំង​មាំ ក្នុង​ធម៌​ដ៏​ប្រសើរ លុះ​កើត​ជា​ទេវតា ឬ​កើតជា​មនុស្ស សម្រេច​នូវ​សម្បត្តិ​ដ៏​ប្រសើរ រមែង​រីករាយ។

ខ្ញុំ​បាន​ស្តាប់​មក​ហើយ​ថា សេចក្តី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ១។

 

km/tipitaka/sut/kn/iti/sut.kn.iti.090.txt · ពេលកែចុងក្រោយ: 2023/06/24 09:08 និពន្ឋដោយ Cheav Villa