km:tipitaka:sut:kn:iti:sut.kn.iti.091

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ

ជីវិកសូត្រ (២.)

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​ច្បាស់​​អំពី​​ភិក្ខុ​​ ដែល​​ប្រកប​របរ​​ចិញ្ចឹម​​ជីវិត​​ដោយ​​ប្រពៃ ​សម្រាប់​ផ្សេង​ទៀត​បន្ទាប់​មកបំពេញ​ភារកិច្ច។​

sut kn iti 091 បាលី cs-km: sut.kn.iti.091 អដ្ឋកថា: sut.kn.iti.091_att PTS: ?

ជីវិកសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ជីវិកសុត្តំ)

[៩៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចិញ្ចឹម​ជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ ដើម្បី​បិណ្ឌបាត​នេះ លាមក​ជាង​ការ​ចិញ្ចឹម​ជីវិត​ទាំង​ឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ថា ក្នុង​លោក រមែង​មាន​ពាក្យ​ផ្តាសា​ដូច​នេះ​ថា អ្នក​ជា​បុគ្គល​ប្រព្រឹត្ត​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត មានតែ​បាត្រ​ក្នុង​ដៃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប៉ុន្តែ​ពួក​កុលបុត្រ ដែល​ចូល​ចិត្ត​ចិញ្ចឹម​ជីវិត​ដោយ​កិរិយា​ត្រាច់​ទៅ ដើម្បី​បិណ្ឌបាត​នោះ ទ. ១១៩សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​ទៅ ក្នុង​អំណាច​នៃ​ប្រយោជន៍ ព្រោះ​អាស្រ័យ​ប្រយោជន៍ មិន​មែន​ព្រោះ​ព្រះ​រាជា​បៀត​បៀន មិន​មែន​ព្រោះ​ចោរ​បៀត​បៀន មិន​មែន​ព្រោះ​ចំពាក់​បំណុល មិន​មែន​ព្រោះ​ភ័យ​គ្រប​សង្កត់ មិន​មែន​ព្រោះ​ដុនដាប​ដោយ​ការ​ចិញ្ចឹម​ជីវិត​ទេ ពិតជា​ព្រោះ​ការ​ត្រិះ​រិះ​ថា ពួក​យើង​ត្រូវ​ជាតិ ជរា មរណៈ សេចក្តី​សោក ខ្សឹកខ្សួល លំបាក​កាយ លំបាកចិត្ត និង​ចង្អៀត​ចង្អល់​ចិត្ត គ្រប​សង្កត់​ហើយ ជា​អ្នក​ត្រូវ​ទុក្ខ​រឹបជាន់ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ហើយ ធ្វើ​ដូច​ម្តេច​ហ្ន៎ ការ​ធ្វើ​នូវ​ទី​បំផុត​នៃ​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ឲ្យ​ប្រាកដ​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​នេះ បាន​បួស​យ៉ាង​នេះ​ហើយ ក៏​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា មានតម្រេក​ដ៏​ក្លៀវក្លា​ក្នុង​កាម មាន​ចិត្ត​ព្យាបាទ មាន​ការ​ត្រិះ​រិះ​ក្នុង​ចិត្ត​ដ៏​អាក្រក់ ភ្លេចស្មារតី មិន​ដឹង​ខ្លួន មាន​ចិត្ត​មិន​មាំមួន មាន​ចិត្ត​ភ្ញាក់​ផ្អើល មាន​ឥន្ទ្រិយ​ជាប្រក្រតី គឺ​មិន​សង្រួម។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​ជា​អង្កត់​ឧស​សម្រាប់​ដុតខ្មោច មាន​ភ្លើង​ឆេះ​ទាំងសងខាង ប្រឡាក់​លាមក​ត្រង់​កណ្តាល រមែង​មិន​ផ្សព្វ​ផ្សាយ​ទៅ​ដើម្បី​ជា​ឧស​ក្នុង​ស្រុក ក្នុង​ព្រៃ​បាន​ឡើយ យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ​ថា សាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង មិន​បាន​ញុាំង​​ប្រយោជន៍​ជា​របស់​សមណៈ​ឲ្យ​បរិបូណ៌​ផង ក៏​យ៉ាង​នោះ​ដែរ។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្តី​នុ៎ះ​ហើយ។ ទ. ១២០ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(បុគ្គលទ្រុស្តសីល) រមែងសាបសូន្យ​ចាក​ភោគៈ​របស់​គ្រហស្ថ​ផង ចាក​ប្រយោជន៍​របស់​សមណៈ​ផង ជា​បុគ្គល​មាន​ចំណែក​អាក្រក់ តែង​ខ្ចាត់​ខ្ចាយ រោយរាយ វិនាស​ទៅ ដូច​ជា​ឧស​ដុតខ្មោច។ បុគ្គល បរិភោគ​ដុំ​ដែក​ក្តៅ ដូច​ជា​អណ្តាត​ភ្លើង ប្រសើរ​ជាង បុគ្គល​ទ្រុស្តសីល មិន​សង្រួម​ហើយ បរិភោគ​នូវ​បិណ្ឌបាត​របស់​អ្នក​ដែន មិន​ប្រសើរ​សោះ​ឡើយ។

សូត្រ ទី ២។

 

km/tipitaka/sut/kn/iti/sut.kn.iti.091.txt · ពេលកែចុងក្រោយ: 2023/06/24 10:38 និពន្ឋដោយ Johann