ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ
បណ្តាទានពីរយ៉ាង តើព្រះសាស្តា ទ្រង់សរសើរនូវទានណាមួយប្រសើរជាង?
sut kn iti 098 បាលី cs-km: sut.kn.iti.098 អដ្ឋកថា: sut.kn.iti.098_att PTS: ?
ទានសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
ទ. ១២៨
(៩. ទានសុត្តំ)
[១០០] ម្នាលភិក្ខុទាំងឡាយ ទាននេះ មាន ២ យ៉ាង គឺអាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុទាំងឡាយ បណ្ដាទានទាំង ២ យ៉ាងនេះ ធម្មទាន ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ ការចែកនេះ មាន ២ យ៉ាង គឺការចែកអាមិសៈ ១ ការចែកធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្ដាការចែកទាំង ២ នេះ ការចែកធម៌ ប្រសើរជាង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីអនុគ្រោះនេះ មាន ២ យ៉ាង គឺសេចក្ដីអនុគ្រោះដោយអាមិសៈ ១ សេចក្ដីអនុគ្រោះដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្ដាសេចក្ដីអនុគ្រោះទាំង ២ យ៉ាងនេះ សេចក្ដីអនុគ្រោះដោយធម៌ ប្រសើរជាង។
ព្រះមានព្រះភាគ ពោលសរសើរនូវទានណា ថាជាទានឧត្តម ប្រសើរលើស ត្រាស់សរសើរនូវការចែកណា (ថាជារបស់ឧត្តម ប្រសើរលើស) អ្នកប្រាជ្ញ មានចិត្តជ្រះថ្លា ចំពោះបុញ្ញក្ខេត្តដ៏ប្រសើរ កាលបើដឹងច្បាស់ហើយ នរណា នឹងមិនបូជា ក្នុងកាលដែលគួរ។ ពួកសត្វណា សំដែងផង ស្ដាប់ផង ទាំងពីរពួក មានចិត្តជ្រះថ្លា ក្នុងសាសនាព្រះសុគត (មួយទៀត) ពួកសត្វណា មិនធ្វេសប្រហែសក្នុងសាសនាព្រះសុគត ប្រយោជន៍ដ៏សំខាន់នោះ របស់ពួកទាំងនោះ រមែងបរិសុទ្ធ។
សូត្រ ទី ៩។