ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » បញ្ចមវគ្គ
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti 099 បាលី cs-km: sut.kn.iti.099 អដ្ឋកថា: sut.kn.iti.099_att PTS: ?
តេវិជ្ជសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
ទ. ១២៩
(១០. តេវិជ្ជសុត្តំ)
[១០១] ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជាដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតបញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជា ដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃ ថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រលឹកជាតិដែលបានអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១០០០ ជាតិខ្លះ ១ សែនជាតិខ្លះ រលឹកបានច្រើនសំវដ្ដកប្បខ្លះ ច្រើនវិវដ្ដកប្បខ្លះ ច្រើនសំវដ្ដវិវដ្ដកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះ យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុនោះ រលឹកតាមនូវជាតិដែលអាស្រ័យនៅក្នុងកាលមុនបានជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ទ. ១៣០នេះជាវិជ្ជាទី ១ ដែលភិក្ខុនោះបានហើយ អវិជ្ជា ខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់ភិក្ខុនោះ ដែលមិនធ្វេសប្រហែស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនាដល់កាយ និងជីវិតឡើយ)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានចក្ខុទិព្វបរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្ស ពិចារណាឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត កំពុងកើត ទាបថោក និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតឯសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុទិព្វបរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយបការៈដូចនេះ។ ទ. ១៣១នេះជាវិជ្ជាទី ២ ដែលភិក្ខុនោះបានហើយ អវិជ្ជា ខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើងដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ។ នេះជាវិជ្ជាទី ៣ ដែលភិក្ខុនោះបានហើយ អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺ ក៏កើតឡើង ដល់ភិក្ខុនោះ ដែលមិនប្រហែសធ្វេស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តនូវបុគ្គលអ្នកបានត្រៃវិជ្ជាដោយធម៌ ថាជាព្រាហ្មណ៍ មិនបញ្ញត្តនូវបុគ្គលដទៃថាជាព្រាហ្មណ៍ ដោយគ្រាន់តែពាក្យពោល និងបង្ហាញនូវមន្តប៉ុណ្ណោះទេ យ៉ាងនេះឯង។
បុគ្គលណា បានដឹងនូវខន្ធសន្តាន ដែលអាស្រ័យនៅក្នុងកាលមុន ទាំងឃើញនូវឋានសួគ៌ និងអបាយ ទាំងបានដល់នូវការអស់ទៅនៃជាតិ ជាខាងក្រោយ បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញ បានញ៉ាំងកិច្ចឲ្យសម្រេច ព្រោះដឹងច្បាស់នូវចតុសច្ចធម៌។ ព្រាហ្មណ៍ (ណា) ជាអ្នកបានត្រៃវិជ្ជា ដោយវិជ្ជា ៣ នុ៎ះ ទ. ១៣២តថាគតហៅនូវព្រាហ្មណ៍ អ្នកបានត្រៃវិជ្ជានោះ ថាជាព្រាហ្មណ៍ មិនហៅនូវបុគ្គលដទៃ ដែលជាអ្នកពោល និងបង្ហាញនូវមន្ត ថាជាព្រាហ្មណ៍ឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។
សូត្រ ទី ១០។
ចប់ បញ្ចមវគ្គ។
ឧទ្ទាននៃបញ្ចមវគ្គនោះគឺ
និយាយអំពីសេចក្ដីជ្រះថ្លា ១ ការចិញ្ចឹមជីវិត ១ សង្ឃាដី ១ ភ្លើង ១ ការពិចារណា ១ ការកើតឡើងនៃកាម ១ កាមយោគៈ ១ សីលល្អ ១ ទាន ១ ព្រាហ្មណ៍ដោយធម៌ ១ ត្រូវជា ១០។
ចប់ តិកនិបាត។