ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn iti v1 បាលី cs-km: sut.kn.iti.v1 អដ្ឋកថា: sut.kn.iti.v1_att PTS: ?
ឯកកនិបាត ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១. លោភសុត្តំ)
[១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺលោភៈ តថាគតជាអ្នកធានាដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះក្នុងសូត្រនោះថា
សត្វទាំងឡាយល្មោភហើយព្រោះលោភៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយអ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់លោភៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀតក្នុងកាលណាឡើយ។
ទ. ២ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។
សូត្រ ទី ១។
(២. ទោសសុត្តំ)
[២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺទោសៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ប្រទូស្តហើយព្រោះទោសៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយអ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់ទោសៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ២។
ទ. ៣
(៣. មោហសុត្តំ)
[៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺមោហៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី៣។
(៤. កោធសុត្តំ)
[៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្ដីក្រោធ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
ទ. ៤លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីក្រោធនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៤។
(៥. មក្ខសុត្តំ)
[៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្ដីលុបគុណ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ៥
សត្វទាំងឡាយ លុបគុណហើយ ព្រោះសេចក្ដីលុបគុណណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីលុបគុណនោះបាន លុះលះបង់បានហើយ រមែងមិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៥។
(៦. មានសុត្តំ)
[៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺមានះ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ប្រកាន់ហើយ ព្រោះមានះណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មានះនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ទ. ៦ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៦។
(៧. សព្វបរិញ្ញាសុត្តំ)
[៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង នូវហេតុទាំងពួង មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់ នូវហេតុទាំងនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវហេតុទាំងពួង ញុាំងចិត្តឲ្យនឿយណាយ លះបង់នូវហេតុទាំងនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលណា ដឹងហេតុទាំងពួង ដោយអាការទាំងពួង មិនត្រេកអរក្នុងផល (សកលកាយ) ទាំងពួង បុគ្គលនោះឯង កំណត់ដឹងហេតុទាំងពួង បុគ្គលនោះ ទើបកន្លងទុក្ខទាំងពួងបានដោយពិត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី៧។
ទ. ៧
(៨. មានបរិញ្ញាសុត្តំ)
[៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវមានះ មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវមានះនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវមានះ ញុាំងចិត្តឲ្យនឿយណាយ លះបង់នូវមានះនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ពួកសត្វនេះ ជាអ្នកប្រកបដោយមានះ ត្រូវមានះចាក់ស្រែះហើយ ត្រេកអរក្នុងភព កាលមិនកំណត់ដឹងមានះ តែងមកកាន់ភពថ្មីទៀត ចំណែកពួកសត្វណា លះបង់មានះបានហើយ ផុតស្រឡះហើយ ព្រោះអស់មានះ សត្វទាំងនោះ គ្របសង្កត់នូវគ្រឿងចាក់ស្រែះ គឺមានះបានហើយ កន្លងបង់នូវគ្រឿងចាក់ស្រែះទាំងពួងបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនុ៎ះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៨។
ទ. ៨
(៩. លោភបរិញ្ញាសុត្តំ)
[៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវលោភៈ មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវលោភៈនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវលោភៈ ញុាំងចិត្តឲ្យនឿយណាយ លះបង់នូវលោភៈនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ជាប់ហើយព្រោះលោភៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់លោភៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៩។
ទ. ៩
(១០. ទោសបរិញ្ញាសុត្តំ)
[១០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវទោសៈ មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវទោសៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវទោសៈ ញុាំងចិត្តឲ្យនឿយណាយ លះបង់នូវទោសៈនោះបាន ទើបគួរដើម្បីអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ប្រទូស្ដហើយ ព្រោះទោសៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់ទោសៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១០។
ចប់ បាដិភោគវគ្គ ទី ១។
ឧទា្ទននៃបាដិភោគវគ្គនោះគឺ
និយាយអំពីរាគៈ ១ ទោសៈ ១ មោហៈ ១ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ មានះ ១ ហេតុទាំងពួង ១ មានះ ១ រាគៈ ទោសៈ ២ ទៀត អ្នកប្រាជ្ញទាំងឡាយ ពោលថាជាបឋមវគ្គ។
ឥតិវុត្តកៈ ឯកនិបាត ទុតិយវគ្គ
ទ. ១០
(១. មោហបរិញ្ញាសុត្តំ)
[១១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវមោហៈ មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវមោហៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវមោហៈ ញុាំងចិត្តឲ្យនឿយណាយ លះបង់នូវមោហៈនោះបាន ទើបគួរនឹងអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១។
(២. កោធបរិញ្ញាសុត្តំ)
[១២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវសេចក្ដីក្រោធ មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្ដីក្រោធនោះ មិនគួរ ដើម្បីនឹងអស់ទុក្ខបានឡើយ ទ. ១១ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវសេចក្ដីក្រោធ ញុាំងចិត្តឲ្យនឿយណាយ លះបង់នូវសេចក្ដីក្រោធនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ លះបង់សេចក្ដីក្រោធនោះ លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ២។
(៣.មក្ខបរិញ្ញាសុត្តំ)
[១៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវសេចក្ដីលុបគុណ មិនញុាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្ដីលុបគុណនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវសេចក្ដីលុបគុណ ទាំងញុាំងចិត្តឲ្យនឿយណាយ លះបង់សេចក្ដីលុបគុណនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ។
លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ១២
សត្វទាំងឡាយ លុបគុណហើយ ព្រោះសេចក្ដីលុបគុណណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្ដីលុបគុណនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៣។
(៤. អវិជ្ជានីវរណសុត្តំ)
[១៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វត្រូវនីវរណៈណា រួបរឹតហើយ តែងអន្ទោលទៅ តែងត្រាច់ទៅ អស់រាត្រីវែង ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនីវរណៈដទៃនោះ សូម្បីតែនីវរណៈមួយ ដូចអវិជ្ជានីវរណៈនេះឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុតែពួកសត្វត្រូវអវិជ្ជានីវរណៈរួបរឹតហើយ ទើបបានអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីវែង។
លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ពួកសត្វ ត្រូវមោហៈដែលជាធម៌ឯក មិនមានធម៌ដទៃដូច រួបរឹតបិទបាំងយ៉ាងនេះហើយ តែងអន្ទោលទៅអស់ថ្ងៃ និងយប់ដ៏វែង ចំណែកសត្វទាំងឡាយណា លះបង់មោហៈ ទំលាយគំនរនៃងងឹតហើយ សត្វទាំងឡាយនោះ នឹងមិនអន្ទោលទៅទៀត ព្រោះហេតុរបស់សត្វទាំងនោះមិនមាន។
ទ. ១៣ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៤។
(៥. តណ្ហាសំយោជនសុត្តំ)
[១៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សត្វដែលប្រកបដោយសំយោជនៈណាហើយ តែងអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីដ៏វែង ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញសំយោជនៈដទៃនោះ សូម្បីតែសំយោជនៈមួយ ដូចជាតណ្ហាសំយោជនៈនេះឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុតែសត្វទាំងឡាយ ដែលប្រកបដោយតណ្ហាសំយោជនៈហើយ ទើបបានអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីវែង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុរសមានតណ្ហាជាគំរប់ពីរ កាលអន្ទោលទៅកាន់សង្សារអស់កាលដ៏វែង រមែងមិនកន្លងនូវសង្សារវដ្ដ ដែលមានសភាពយ៉ាងនេះ និងយ៉ាងដទៃបានឡើយ ភិក្ខុដឹងនូវតណ្ហានេះ ថាជាទោស ជាដែនកើតនៃទុក្ខហើយ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្ដីប្រកាន់ ជាអ្នកមានសតិ គប្បីវៀរបង់ចោលចេញ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៥។
ទ. ១៤
(៦. បឋមសេខសុត្តំ)
[១៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្នុង ឲ្យជាហេតុ ហើយមិនឃើញហេតុដទៃ សូម្បីតែហេតុមួយ ដែលមានឧបការៈច្រើនយ៉ាងនេះ ដូចជាយោនិសោមនសិការៈឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលធ្វើទុកក្នុងចិត្ត ដោយឧបាយហើយ ទើបលះបង់អកុសល ចំរើនកុសលបាន។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
យោនិសោមនសិការៈ ជាធម៌របស់ភិក្ខុជាសេក្ខៈ ធម៌ដទៃ ដែលមានឧបការៈច្រើន ដើម្បីសម្រេចប្រយោជន៍ដ៏ឧត្តមដូច្នោះ មិនមានឡើយ កាលភិក្ខុផ្គងចិត្ត ដោយឧបាយ ទើបដល់នូវការអស់ទុក្ខបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៦។
ទ. ១៥
(៧. ទុតិយសេខសុត្តំ)
[១៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្រៅ ឲ្យជាហេតុ ហើយមិនឃើញហេតុដទៃ សូម្បីតែហេតុមួយ ដែលមានឧបការៈច្រើនយ៉ាងនេះ ឲ្យដូចជាភាពនៃបុគ្គលមានកល្យាណមិត្តនេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត ទើបលះបង់អកុសល ចំរើនកុសលបាន។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ភិក្ខុណា មានកល្យាណមិត្ត មានសេចក្ដីកោតក្រែង ប្រកបដោយសេចក្ដីគោរព ធ្វើតាមពាក្យរបស់កល្យាណមិត្ត ជាអ្នកមានសេចក្ដីដឹងខ្លួន មានស្មារតី ភិក្ខុនោះ ទើបគួរដល់នូវកិរិយាអស់សំយោជនៈទាំងពួង ដោយលំដាប់បាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៧។
ទ. ១៦
(៨. សង្ឃភេទសុត្តំ)
[១៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីមិនចំរើនដល់ជនច្រើន ដើម្បីជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសង្ឃភេទ (ការបំបែកសង្ឃ) ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏កើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏កើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏កើតមាន ការលះបង់គ្នានឹងគ្នា ក៏កើតមាន ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាក្នុងសង្ឃនោះ ក៏មិនជ្រះថ្លា ជនពួកខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ក៏ងាកទៅជាយ៉ាងដទៃវិញ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលជាអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនឋិតក្នុងធម៌ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់មួយកប្ប រមែងសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលបំបែកសង្ឃដែលព្រមព្រៀងគ្នាហើយ តែងឆេះក្នុងនរកអស់មួយកប្ប។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៨។
ទ. ១៧
(៩. សង្ឃសាមគ្គីសុត្តំ)
[១៩] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីជាសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីចំរើនដល់ជនច្រើន ដើម្បីជាសុខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីព្រមព្រៀងរបស់សង្ឃ។ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការឈ្លោះប្រកែកគ្នានឹងគ្នា ក៏មិនកើតមាន ការប្រទេចផ្ដាសាគ្នានឹងគ្នា ក៏មិនកើតមាន ការបោកបោះពាក្យសំដីដល់គ្នានឹងគ្នា ក៏មិនកើតមាន ការលះបង់គ្នានឹងគ្នា ក៏មិនកើតមាន ជនទាំងឡាយ ដែលមិនជ្រះថ្លាក្នុងសង្ឃនោះ ក៏រមែងជ្រះថ្លា ពួកជនដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សេចក្ដីព្រមព្រៀងនៃសង្ឃ ជាហេតុនាំសេចក្ដីសុខមកឲ្យ ការអនុគ្រោះបុគ្គលទាំងឡាយ ដែលមានសេចក្ដីព្រមព្រៀងគ្នា (ជាហេតុនាំសេចក្ដីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យ ចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃ ឲ្យព្រមព្រៀងគ្នា រមែងរីករាយ ក្នុងឋានសួគ៌ អស់ ១ កប្ប។
ទ. ១៨ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ត្រាស់ទុកហើយ។
សូត្រ ទី ៩។
(១០. បទុដ្ឋចិត្តសុត្តំ)
[២០] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ចិត្តដោយចិត្តហើយ ដឹងច្បាស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដយ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តប្រទូស្ដ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តប្រទូស្ដ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត និងនរក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះពុទ្ធ ទ្រង់ជ្រាបបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ដ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ មុខជាទៅកើតក្នុងនរក ព្រោះតែបុគ្គលនោះ មានចិត្តប្រទូស្ដ បុគ្គលបែបនោះ ដូចជាគេនាំយកទៅទំលាក់យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់ទុគ្គតិ ព្រោះហេតុតែមានចិត្តប្រទូស។
ទ. ១៩ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១០។
ចប់ ទុតិយវគ្គ។
ឧទ្ទាននៃទុតិយវគ្គនោះគឺ
និយាយអំពីមោហៈ ១ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណគេ ១ សេចក្ដីវង្វេង ១ កាម ១ សេក្ខៈមាន ២ លើក ការបំបែក ១ សេចក្ដីត្រេកអរ ១ បុគ្គល ១ លោកពោលថាជាវគ្គ ទី ២។
ឥតិវុត្តកៈ ឯកនិបាត តតិយវគ្គ
ទ. ២០
(១. បសន្នចិត្តសុត្តំ)
[២១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ដឹងចិត្តដោយចិត្ត ដឹងច្បាស់ បុគ្គលពួកខ្លះក្នុងលោកនេះ ដែលមានចិត្តជ្រះថ្លាហើយ យ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅក្នុងសម័យនេះ នឹងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក។ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តជ្រះថ្លាយ៉ាងនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតឯសុគតិសួគ៌ទេវលោក។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះពុទ្ធទ្រង់ជ្រាបបុគ្គលពួកខ្លះ ដែលមានចិត្តជ្រះថ្លា ក្នុងលោកនេះ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ នឹងទៅកើតក្នុងសុគតិ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា បុគ្គលបែបនោះ ដូចជាគេនាំយកទៅតម្កល់ទុក (ក្នុងសួគ៌) យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់សុគតិ ព្រោះហេតុតែមានចិត្តជ្រះថ្លា។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ១។
ទ. ២១
(២. មេត្តសុត្តំ)
[២២] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យថា បុណ្យនេះ ជាឈ្មោះនៃសេចក្ដីសុខដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត។ ម្នាលភិក្ខុទាំងឡាយ តថាគតស្គាល់ច្បាស់ ផលនៃបុណ្យ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត ដែលតថាគតបានហើយ អស់កាលជាអង្វែង ដែលតថាគតធ្វើហើយ អស់កាលជាអង្វែង។ តថាគតបានចំរើនមេត្តា ចិត្ត អស់ ៧ ឆ្នាំ មិនបានមកកាន់លោកនេះទៀត អស់ ៧ សំវដ្ដវិវដ្ដកប្ប ម្នាលភិក្ខុទាំងឡាយ ដំណើរថា កាលកប្បវិនាស តថាគតបានទៅកើតក្នុងអាភស្សរព្រហ្ម កាលកប្បចំរើន តថាគតបានចូលទៅកាន់ព្រហ្មវិមាន ដែលសូន្យទទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះ តថាគតជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់សត្វដទៃបាន សត្វដទៃមិនអាចគ្របសង្កត់តថាគតបានទេ តថាគតឃើញហេតុសព្វគ្រប់ អាចញុាំងអំណាច ឲ្យប្រព្រឹត្តទៅបាន ដោយពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតបានកើតជាព្រះឥន្ទ្រ ជាធំជាងទេវតាទាំងឡាយ ៣៦ ដង បានជាស្ដេចចក្រពត្តិ ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី ដែលមានសមុទ្រទាំង ៤ ជាទីបំផុត ជាស្ដេចឈ្នះសង្គ្រាម មានជនបទ ដល់នូវការមាំមួន បរិបូណ៌ដោយរតនៈទាំង ៧ ប្រការ អស់ច្រើនរយដង នឹងបាច់ពោលទៅថ្វី ដល់ប្រទេសរាជ្យ។ ទ. ២២ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះថា នេះជាផលកម្មរបស់អាត្មាអញដូចម្ដេចហ្ន៎ នេះជាវិបាកនៃកម្មដូចម្ដេច ដែលនាំឲ្យអាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក្នុងកាលឥឡូវនេះ។
ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្ដីត្រិះរិះថា នេះជាផលកម្មទាំងឡាយ ៣ យ៉ាង របស់អាត្មាអញ នេះជាវិបាកនៃកម្មទាំងឡាយ ៣ យ៉ាង ដែលនាំឲ្យអាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក្នុងកាលឥឡូវនេះ គឺផលទាន ១ ការទូន្មានឥន្ទ្រិយ ១ ការសង្រួម ១។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សា គឺថា គប្បីសេពនូវបុណ្យដែលមានផលបរិបូណ៌ មានវិបាកជាសុខ គួរចំរើនទាន ១ ការប្រព្រឹត្តិស្មើ គឺសីល ១ មេត្តាចិត្ត ១ លុះចំរើនធម៌ទាំង ៣ នេះ ដែលមានអានិសង្សជាសុខហើយ រមែងចូលទៅកាន់លោកជាសុខ1) ឥតមានទុក្ខ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះ ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ២។
ទ. ២៣
(៣. ឧភយត្ថសុត្តំ)
[២៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងបានប្រយោជន៍ទាំង ២ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១។ ធម៌ ១ តើដូចម្ដេច។ គឺសេចក្ដីមិនប្រមាទ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ១ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងបានប្រយោជន៍ទាំង ២ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះក្នុងសូត្រនោះថា
បណ្ឌិតទាំងឡាយ តែងសរសើរសេចក្ដីមិនប្រមាទក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតមិនប្រមាទហើយ រមែងបានប្រយោជន៍ទាំង ២ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ អ្នកមានប្រាជ្ញា ព្រោះបានប្រយោជន៍ទាំង ២ ទើបហៅថាជាបណ្ឌិត។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៣។
ទ. ២៤
(៤. អដ្ឋិបុញ្ជសុត្តំ)
[២៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលម្នាក់ស្ទុះទៅ អន្ទោល ទៅ អស់កប្ប បំណែកឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងជាច្រើន បើបុគ្គលប្រមូលនាំមកដំកល់ទុក (១ កន្លែង) ហើយរក្សាទុក មិនឲ្យវិនាសខ្ចាត់ខ្ចាយទៅ ឆ្អឹងនឹងដូចជាភ្នំវេបុល្លនេះដូច្នោះឯង។
លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ ទ្រង់ត្រាស់ដូចនេះថា គំនរឆ្អឹងបុគ្គលម្នាក់ៗ ក្នុងមួយកប្ប ជាគំនរប៉ុនភ្នំ ឯភ្នំនោះឯង ដែលព្រះសម្មាសម្ពុទ្ធត្រាស់ថា ភ្នំវេបុល្ល ជាភ្នំធំ ជាភ្នំខ្ពស់ជាងភ្នំគិជ្ឈកូដ ក្បែរក្រុងគិរិព្វជះ គឺរាជគ្រឹះរបស់ពួកជនអ្នកស្រុកមគធៈ កាលណាបើបុគ្គលឃើញអរិយសច្ចទាំងឡាយដោយបញ្ញាដ៏ប្រពៃ គឺទុក្ខ ១ ហេតុដែលនាំឲ្យកើតទុក្ខ ១ ការកន្លងបង់ទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលជាទីញុាំងសត្វឲ្យទៅកាន់ទីរលត់ទុក្ខ ១ លុះបុគ្គលនោះ អន្ទោលទៅអស់ ៧ ជាតិ ជាយ៉ាងក្រៃលែង នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់សំយោជនៈទាំងពួង។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៤។
ទ. ២៥
(៥. មុសាវាទសុត្តំ)
[២៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលកន្លងធម៌ ១ ហើយ តថាគតមិនដែលពោលថា បុរសបុគ្គលនោះ មិនគប្បីធ្វើបាបកម្មបន្តិចបន្តួច ដូចនេះឡើយ។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ នេះ គឺសម្បជានមុសាវាទ (ការពោលពាក្យកុហកទាំងដឹងខ្លួន)។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះក្នុងសូត្រនោះថា
សត្វដែលកន្លងធម៌ ១ គឺអ្នកពោលពាក្យកុហក មានបរលោកកន្លងបង់ហើយ មិនគប្បីធ្វើអំពើបាប មិនមានឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី៥។
(៦. ទានសុត្តំ)
[២៦] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើយ មួយទៀត មន្ទិល គឺសេចក្ដីកំណាញ់របស់សត្វទាំងនោះ ក៏មិនគ្របសង្កត់ចិត្តបានឡើយ។ ទោះបីពំនូកបាយជាដម្បូង ដុំបាយជាដម្បូងឯណា របស់សត្វទាំងឡាយនោះ សត្វទាំងឡាយ មិនបានរំលែកអំពីពំនូតបាយនោះ ក៏មិនបរិភោគឡើយ បើសត្វទាំងនោះ មានបដិគ្គាហកបុគ្គល។ ទ. ២៦ម្នាលភិក្ខុទាំងឡាយ តថាគតដឹងផលនៃការឲ្យ និងការចែករលែកយ៉ាងណា សត្វទាំងឡាយ មិនដឹងយ៉ាងនោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយ មិនបានឲ្យទានហើយ ទើបហ៊ានបរិភោគ មួយទៀត មន្ទិល គឺសេចក្ដីកំណាញ់ ក៏តែងគ្របសង្កត់ចិត្តសត្វទាំងឡាយនោះ។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បើសត្វទាំងឡាយ គប្បីដឹងផល នៃការចែករលែក ថាមានផលច្រើន ដូចព្រះពុទ្ធទ្រង់ស្វែងរកគុណដ៏ធំ ត្រាស់ទុកហើយយ៉ាងនេះ សត្វទាំងឡាយ មានចិត្តជ្រះថ្លា គប្បីបន្ទោបង់មន្ទិល គឺសេចក្ដីកំណាញ់ចេញ ទានដែលគេឲ្យហើយ ដល់ព្រះអរិយៈទាំងឡាយណា រមែងមានផលច្រើន បុគ្គលទាំងឡាយ គួរឲ្យទានដល់ព្រះអរិយៈទាំងនោះ ក្នុងកាលដ៏គួរ មួយទៀត ជនច្រើននាក់ ឲ្យបាយជាទក្ខិណាទាន ដល់ទក្ខិណេយ្យបុគ្គលទាំងឡាយ ទាយកទាំងឡាយ លុះច្យុតអំពីអត្តភាពជាមនុស្សនេះហើយ រមែងទៅកាន់ឋានសួគ៌ ទាយកទាំងនោះ លុះទៅកាន់ឋានសួគ៌ ជាអ្នកមានចំណង់ក្នុងកាម រមែងរីករាយ ក្នុងស្ថានសួគ៌នោះ សត្វទាំងឡាយ មិនកំណាញ់ រមែងសោយផល នៃការចែករលែក។
ទ. ២៧ ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៦។
(៧. មេត្តាភាវនាសុត្តំ)
[២៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង។ ម្នាលភិក្ខុទាំងឡាយ ដូចពន្លឺពួកផ្កាយឯណានីមួយ ពន្លឺពួកផ្កាយទាំងអស់នោះ មិនដល់មួយចំណិតពន្លឺព្រះចន្រ្ទ ដែលបុគ្គលចែកជាចំណែក ១៦ ៗ ដងឡើយ ពន្លឺព្រះចន្រ្ទ តែងគ្របសង្កត់ពន្លឺផ្កាយទាំងអម្បាលនោះ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ក៏ដូច្នោះឯង។ ទ. ២៨ម្នាលភិក្ខុទាំងឡាយ ដូចមេឃដែលស្រឡះ ប្រាសចាកពពក ក្នុងសរទសម័យ ក្នុងខែជាខាងចុងនៃរដូវភ្លៀង ព្រះអាទិត្យ ក៏រះត្រដួចត្រដឹមក្នុងពពក កំចាត់បង់ងងឹតឰដ៏អាកាសទាំងអស់ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិត នៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចផ្កាយព្រឹក ភ្លឺស្វាងរុងរឿង ក្នុងបច្ចូសសម័យនៃរាត្រី ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផល ក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទ. ២៩
បុគ្គលណា មានស្មារតី ចំរើនមេត្តា មិនមានប្រមាណ បដិឃសំយោជនៈទាំងឡាយ របស់បុគ្គលនោះ អ្នកឃើញកិរិយាអស់ទៅនៃកិលេស រមែងស្ដួចស្ដើង បើបុគ្គលមានចិត្តមិនប្រទូស្ដសត្វ សូម្បីតែសត្វមួយ ចំរើនមេត្តា ជាបុគ្គលឈ្លាសវៃដោយមេត្តានោះ មួយទៀត ព្រះអរិយៈ កាលអនុគ្រោះសត្វទាំងអស់ដោយចិត្តហើយ ឈ្មោះថា ធ្វើបុណ្យច្រើន ជនទាំងឡាយណា ឈ្នះផែនដីដ៏ដេរដាសទៅដោយសត្វ ជនទាំងឡាយនោះ ជាធម្មិករាជ ប្រហែលដោយឥសី ហើយញុាំងការបូជាឲ្យប្រព្រឹត្តទៅ (គឺទ្រង់ឈ្លាសវៃក្នុងការទំនុកបម្រុងធញ្ញាហារ គឺស្រែស្រូវ ឲ្យសម្បូណ៌ក្នុងព្រះរាជអាណាចក្រ ១ ទ្រង់ឈ្លាសវៃក្នុងការសង្គ្រោះរាជបុរស ១ ទ្រង់ប្រកបឧបាយចងចិត្តមនុស្សឲ្យចូលចិត្ត ១ ទ្រង់មានព្រះបន្ទូលផ្អែមល្ហែម ១ ជាហេតុឲ្យស្រុកទេសរាបទាបសាន្គត្រាណ គ្មានចោរ ទាល់តែមិនបាច់ដាក់គន្លឹះ ចាក់សោទ្វារផ្ទះ ១) កាបូជាទាំងឡាយនោះ មិនដល់មួយចំណិត នៃបុគ្គលអ្នកចំរើនមេត្តាចិត្ត ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ (ដូចពួកផ្កាយទាំងអស់ មិនដល់មួយចំណិតនៃពន្លឺព្រះចន្ទ្រ) ទ. ៣០បុគ្គលណា មិនសម្លាប់សត្វដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនផ្ចាញ់ផ្ចាលដោយខ្លួនឯង មិនប្រើគេឲ្យផ្ចាញ់ផ្ចាល ជាអ្នកមានចំណែកនៃមេត្តា ក្នុងសត្វទាំងឡាយទាំងពួង ពៀរមិនមានដល់បុគ្គលនោះ ដោយហេតុណានីមួយឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។
សូត្រ ទី ៧។
ចប់ តតិយវគ្គ។
ឧទា្ទននៃតតិយវគ្គនោះគឺ
និយាយអំពីចិត្ត ១ ចំរើនឈាន ១ ប្រយោជន៍ទាំងពីរ ១ គំនរឆ្អឹងដូចជាភ្នំវេបុល្ល ១ សម្បជានមុសាវាទ ១ ទាន ១ ការចំរើនមេត្តា ១ ព្រះសូត្រទាំងឡាយ ក្នុងធម៌មួយ ៗ គឺព្រះសូត្រ (ខាងចុង) ៧ សូត្រ ព្រះសូត្រខាងដើម ២០ សូត្រ សង្គ្រោះជាសូត្រ ២៧ សូត្រ។
ចប់ ឯកនិបាត។
ទ. ៣១