User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:jat:sut.kn.jat.02.01

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ជាតក » ទុកនិបាតជាតក

ទឡ្ហវគ្គ ទី១

(១. ទឡ្ហវគ្គោ)

រាជោវាទជាតក ទី១

(១៥១. រាជោវាទជាតកំ (២-១-១))

[១៥១] (សារថីរបស់ព្រះបាទរាជាពល្លិកៈ ពោលថា) ព្រះបាទពល្លិកៈ រមែង​បោះនូវ​របស់​មាំដល់​បុគ្គល​អ្នកមាំ ឈ្នះនូវ​បុគ្គលទន់​ដោយ​កិរិយាទន់ ឈ្នះនូវ​សប្បុរស ដោយ​សប្បុរស ឈ្នះនូវ​អសប្បុរស ដោយអសប្បុរស ព្រះរាជានេះ (មាន​សីល និង​អាចារៈ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀស​ចេញអំពី​ផ្លូវទៅ។

[១៥២] (សារថីរបស់ព្រះបាទពារាណសី ពោលថា) ព្រះរាជាគប្បី​ឈ្នះបុគ្គល​អ្នកក្រោធ ដោយសេចក្ដី​មិនក្រោធ គប្បីឈ្នះ​អសប្បុរស ដោយ​សប្បុរស គប្បី​ឈ្នះ​បុគ្គល​កំណាញ់ ដោយ​ការឲ្យ គប្បីឈ្នះ​បុគ្គលអ្នក​ពោលពាក្យ​កុហក ដោយការ​ពោលពាក្យពិត ព្រះរាជានេះ (មានសីល និង​អាចារៈ) ប្រាកដ​ដូច្នេះ ម្នាលសារថី អ្នកចូរ​ចៀស​ចេញ​អំពីផ្លូវ​ទៅ។

ចប់ រាជោវាទជាតក ទី១។

សិគាលជាតក ទី២

(១៥២. សិគាលជាតកំ)

[១៥៣] (រាជសីហ៍ពោធិសត្វ ពោលថា) ការងារទាំងឡាយនោះ ញុំាង​បុគ្គល​អ្នកមាន​ការងារ​មិនបាន​ពិចារណា​ដោយត្រឹមត្រូវ ឲ្យ​សំរេច​ដោយរួសរាន់​ឲ្យក្ដៅក្រហាយ ដូចជា​វត្ថុក្ដៅ​ដែលបុគ្គល​ពមចូលទៅ​ក្នុងមាត់។

[១៥៤] (ព្រះសាស្ដា ត្រាស់ថា) សីហៈញុំាងភ្នំប្រាក់ឲ្យលាន់ឮខ្លាំង ដោយ​សីហនាទ ចចក​នៅក្នុង​ភ្នំប្រាក់ បានឮសំលេង​គឹកកង​នៃសត្វសីហៈ​ហើយ ក៏ភ័យ​តក់ស្លុត​បែក​ហ្ឫទ័យ​ស្លាប់។

ចប់ សិគាលជាតក ទី២។

សូករជាតក ទី៣

(១៥៣. សូករជាតកំ (២-១-៣))

[១៥៥] (សូករៈ ពោលថា) ម្នាលសំឡាញ់អ្នកមានធុរៈស្មើ ខ្ញុំមានជើង ៤ ម្នាល​សំឡាញ់ អ្នកឯង​ក៏មានជើង ៤ ដែរ ម្នាលសំឡាញ់ អ្នកចូរត្រឡប់មក អ្នកខ្លាចឬ បានជា​រត់ចេញ។

[១៥៦] (សីហៈពោធិសត្វ ពោលថា) ម្នាលសូករៈ អ្នកមានកាយ​មិនស្អាត មានរោម​ប្រឡាក់​ដោយវត្ថុ​ស្អុយ មានក្លិន​អាក្រក់​បក់ទៅ បើអ្នកចង់​ច្បាំងគ្នា ម្នាល​សំឡាញ់ យើងឲ្យ​ជ័យដល់​អ្នកឯង។

ចប់ សូករជាតក ទី៣។

ឧរគជាតក ទី៤

(១៥៤. ឧរគជាតក (២-១-៤))

[១៥៧] (គ្រុឌ ពោលថា) ស្ដេចនាគដ៏ប្រសើរជាងពស់ទាំងឡាយ មាន​ភេទដូច​ជាកែវ​ដែលកើត​អំពីថ្ម ប្រាថ្នាដើម្បីរួច បានចូលទៅ​ក្នុងសំពត់​ស្លៀកនេះ ខ្ញុំកោត​ក្រែងនូវ​បុគ្គល​មានភេទ​ដ៏ប្រសើរ ខ្ញុំប្រាថ្នា​នឹងបរិភោគ តែមិនអាច​នឹងបរិភោគ​បាន។

[១៥៨] (តាបសពោធិសត្វ ពោលថា) អ្នកមានបុគ្គលដ៏ប្រសើរគ្រប់គ្រង​ហើយ ចូររស់​នៅអស់កាល​យូរ អាហារ​ជាទិព្វ​ទាំងឡាយ ចូរកើតប្រាកដ​ដល់អ្នក (ព្រោះថា) អ្នកកោត​ក្រែងនូវបុគ្គល​មានភេទ​ដ៏ប្រសើរ អ្នកប្រាថ្នា​នឹងបិភោគ តែមិន​អាចបរិភោគ​បាន។

ចប់ ឧរគជាតក ទី៤។

ភគ្គជាតក ទី៥

(១៥៥. ភគ្គជាតកំ (២-១-៥))

[១៥៩] (មាណពពោធិសត្វ ពោលថា) បពិត្រភគ្គៈ សូមលោករស់​នៅអស់ ១២០ ឆ្នាំ បិសាចទាំងឡាយ ចូរកុំទំពា​ស៊ីនូវខ្ញុំឡើយ សូមលោក​រស់នៅអស់ ១២០ ឆ្នាំ។

[១៦០] (បិតារបស់ពោធិសត្វ ពោលថា) ចូរអ្នករស់នៅអស់ ១២០ ឆ្នាំដែរ បិសាច​ទាំង​ឡាយ ចូរទំពាស៊ី​នូវថ្នាំពិស អ្នកចូររស់នៅ​អស់ ១២០ ឆ្នាំ។

ចប់ ភគ្គជាតក ទី៥។

អលីនចិត្តជាតក ទី៦

(១៥៦. អលីនចិត្តជាតកំ (២-១-៦))

[១៦១] (ព្រះសាស្ដា ត្រាស់ថា) សេនាដ៏ច្រើន មានចិត្តរីករាយ ព្រោះ​អាស្រ័យ​នូវ​អលីនចិត្ត​រាជកុមារ បានញុំាង​ដំរីឲ្យចាប់​យកព្រះ​បាទកោសល​ទាំងរស់​ដែល​មិន​ត្រេកអរ​ហើយ ដោយ​រាជសម្បត្តិ​របស់ខ្លួន​យ៉ាងណា​មិញ។

[១៦២] ភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ មានសេចក្តីព្យាយាម​ប្រារព្ធហើយ កាល​ចំរើន​នូវ​កុសលធម៌ ដើម្បីសម្រេច​នូវព្រះនិពា្វន​ជាទីក្សេម​ចាកយោគៈ គប្បី​ដល់នូវ​ការអស់ទៅ​នៃ​សំយោជនៈ​ទាំងពួង​ដោយលំដាប់ ក៏យ៉ាងនោះដែរ។

ចប់ អលីនចិត្តជាតក ទី៦។

គុណជាតក ទី៧

(១៥៧. គុណជាតកំ (២-១-៧))

[១៦៣] (ចចក ពោលថា) អ្នកមានកំឡាំង បណ្ដេញ (នូវបុគ្គលអ្នកសេព​គប់នឹង​ខ្លួន) តាមសេចក្ដី​ប្រាថ្នាបាន បពិត្រ​ស្ដេចម្រឹគ (នេះ) ជា​ធម្មតានៃ​អ្នកមាន​កំឡាំង បពិត្រ​ស្ដេចម្រឹគ អ្នកមាន​ចង្កូមស្រួច លោកចូរ​ដឹងចុះ មរណភ័យ​កើតហើយ​អំពីទីជា​ទីពឹង (របស់​យើង)។

[១៦៤] (សីហៈពោធិសត្វ ពោលថា) ប្រសិនបើមិត្រមាន​កំឡាំងខ្សោយ តែតាំង​នៅក្នុង​មិត្រធម៌​ទាំងឡាយ បុគ្គលនោះ ហៅថាជា​ញាតិផង ជា​ផៅពង្សផង បុគ្គល​នោះ​ហៅថា មិត្រផង បុគ្គលនោះ​ហៅថា សំឡាញ់​របស់យើង​ផង ម្នាល​មេម្រឹគ​មានចង្កូម នាង​កុំមើល​ងាយ​ចចកឈ្មោល និង​ចចកញី​ជាសំឡាញ់​យើងឡើយ ព្រោះចចក ជាអ្នក​ឲ្យជីវិត​ដល់យើង។

ចប់ គុណជាតក ទី៧។

សុហនុជាតក ទី៨

(១៥៨. សុហនុជាតកំ (២-១-៨))

[១៦៥] (អមាត្យពោធិសត្វ ពោលថា) សេះឈ្មោះ​សុហនុ ធ្វើនូវ​សេចក្ដី​ស្រឡាញ់​នេះ ជាមួយ​នឹងសេះ​ឈ្មោះ​សោណៈ មិនមែន​ដោយ​មារយាទ​មិនស្មើគ្នាទេ សេចក្ដី​ប្រព្រឹត្ត​របស់សេះ​ឈ្មោះ​សោណៈ​យ៉ាងណា សេះឈ្មោះ​សុហនុ ក៏ប្រាកដ​យ៉ាងនោះដែរ។

[១៦៦] អំពើរមែងស្មើគ្នាដោយការស្ទុះទៅ និង​ការឃ្នើសឃ្នង និងការខាំ​កាត់នូវ​ខ្សែ​ជានិច្ច អំពើ​អាក្រក់ស្មើគ្នា ដោយអំពើ​អាក្រក់ ការ​មិនរៀប​រយស្មើគ្នា ​ដោយ​ការមិន​រៀបរយ។

ចប់ សុហនុជាតក ទី៨។

មោរជាតក ទី៩

(១៥៩. មោរជាតកំ (២-១-៩))

[១៦៧] (ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី កំពុង​រះឡើង ខ្ញុំសូម​នមស្ការ​នូវ​សុរិយទេវបុត្រ​នោះ អ្នកមាន​សម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី ខ្ញុំសូម​ឲ្យ​លោកគ្រប់​គ្រងរក្សា អស់វេលា​ថ្ងៃក្នុង​ថ្ងៃនេះ ពា្រហ្មណ៍​ទាំង​ឡាយណា សំរេច​នូវវេទ ក្នុងធម៌​ទាំងពួង សូមព្រាហ្មណ៍​ទាំងឡាយ​នោះ ទទួលនូវ​ការនមស្ការ​របស់ខ្ញុំ សូម​ព្រាហ្មណ៍​ទាំងឡាយ​នោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមាន​ដល់លោក​អ្នកត្រាស់​ដឹងទាំង​ឡាយ ការនមស្ការ ចូរមាន​ដល់សេចក្ដី​ត្រាស់ដឹង ការនមស្ការ ចូរមាន​ដល់លោក​អ្នករួច​ទាំងឡាយ ការនមស្ការ ចូរមាន​ដល់វិមុត្តិ ក្ងោកពោធិសត្វ​នោះ ធ្វើបរិត្ត​នេះរួចហើយ ទើបត្រាច់​ទៅស្វែងរក​អាហារ។

[១៦៨] (សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរ​ដូចជាមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី កំពុង​អស្ដង្គតទៅ ខ្ញុំសូម​នមស្ការ នូវ​សុរិយទេវបុត្រ​នោះ អ្នកមាន​សម្បុរ​ដូចមាស មានពន្លឺ​ផ្សាយទៅ​លើផែនដី ខ្ញុំសូមឲ្យ​លោកគ្រប់​គ្រងរក្សា អស់រាត្រី​ក្នុងថ្ងៃនេះ ពា្រហ្មណ៍​ទាំងឡាយ​ណា សំរេច​នូវវេទ ក្នុងធម៌​ទាំងពួង សូម​ព្រាហ្មណ៍​ទាំង​នោះ ទទួលនូវ​ការនមស្កា​របស់ខ្ញុំ សូម​ព្រាហ្មណ៍​ទាំងនោះ រក្សានូវ​ខ្ញុំ ការនមស្ការ ចូរមាន​ដល់លោក​អ្នកត្រាស់ដឹង​ទាំងឡាយ ការនមស្ការ ចូរមាន​ដល់​សេចក្ដី​ត្រាស់ដឹង ការ​នមស្ការ ចូរមាន​ដល់លោក​អ្នករួច​ទាំងឡាយ ការ​នមស្ការ ចូរមាន​ដល់វិមុត្តិ ក្ងោក​ពោធិសត្វ ធ្វើបរិត្ត​នេះរួច​ហើយ ទើបបាន​សម្រេច​ការនៅ។

ចប់ មោរជាតក ទី៩។

វិនីលកជាតក ទី១០

(១៦០. វិនីលជាតកំ (២-១-១០))

[១៦៩] (កូនក្អែកកាត់ហង្ស ពោលថា) ហង្សទាំងឡាយ (រមែងនាំយើង) ឈ្មោះ​វិនីលកៈ​ទៅបាន​យ៉ាងណាមិញ សេះអាជានេយ្យ​ទាំងឡាយ នាំនូវ​ព្រះបាទវិទេហៈ​អ្នក​គ្រប់គ្រងក្រុង​មិថិលា ក៏យ៉ាង​នោះដែរ។

[១៧០] (ហង្សពោធិសត្វជាបិតា ពោលថា) ម្នាលចៅ​វិនីលៈ អ្នកគប់រក​នូវព្រៃភ្នំ​មាន​ច្រកចង្អៀត ម្នាលកូន អ្នកសេព​នូវកន្លែង​មិនមែន​ជាទី​របស់​អ្នក ៗ ចូរសេព​នូវកន្លែង​ជាទីបំផុត​នៃស្រុក​ចុះ ទីនោះ​ជាលំនៅ​របស់មាតា​អ្នកហើយ។

ចប់ វិនីលកជាតក ទី១០។

ចប់ ទឡ្ហវគ្គ ទី១។

ឧទ្ទាននៃទឡ្ហវគ្គនោះគឺ

និយាយអំពីព្រះបាទពលិ្លកៈដ៏ប្រសើរ ១ ភ្នំប្រាក់ ១ សូករៈ ១ នាគប្រសើរជាងពស់ ១ បិតាឈ្មោះភគ្តៈ ១ ជាគំរប់ ៥ សេនាធំ ១ ចចកប្រសើរ ១ សេះឈ្មោះ​សុហនុ​ដ៏ឧត្តម ១ ក្ងោក ១ វិនីលកៈ ១ ត្រូវជា ១០។

 

km/tipitaka/sut/kn/jat/sut.kn.jat.02.01.txt · ពេលកែចុងក្រោយ: 2019/03/05 12:03 និពន្ឋដោយ Johann