km:tipitaka:sut:kn:jat:sut.kn.jat.500

សិរីមន្ទជាតក ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 500 បាលី cs-km: sut.kn.jat.500 អដ្ឋកថា: sut.kn.jat.500_att PTS: ?

សិរីមន្ទជាតក ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០០. សិរីមន្តជាតកំ (៤))

[២១៣] (ព្រះរាជាវិទេហៈត្រាស់សួរថា) នែសេនកៈ យើងសួរ​នូវសេចក្តី​នុ៎ះ គឺបុគ្គល​ប្រកប​ដោយប្រាជ្ញា ប្រាសចាក​សិរីសម្បត្តិ ១ បុគ្គល​មានយស ប្រាសចាក​ប្រាជ្ញា ១ អ្នកប្រាជ្ញ​ទាំងឡាយ​ពោលថា បណ្តា​បុគ្គល​ទាំងពីរ​នោះ បុគ្គលណា​ប្រសើរជាង។

[២១៤] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គជា​ធំជាងជន ពួកអ្នក​ប្រាជ្ញ ពួក​ជនពាល ពួកជន​អ្នកបរិបូណ៌​ដោយសិល្បៈ និង​ពួកជន​មិនមាន​សិល្បៈ សូម្បី​ជាអ្នក​មានជាតិ​ខ្ពស់ រមែង​ជាអ្នកធ្វើ​នូវការ​បំរើជន​អ្នក​មានយស ដែល​មិនមាន​ជាតិ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ ទើប​ទូលថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២១៥] (ព្រះរាជា…) ម្នាលមហោសធ អ្នកមានប្រាជ្ញា​មិនថោកថយ ជាអ្នក​ឃើញ​នូវហេតុ​ដោយ​សព្វគ្រប់ យើងសូម​សួរអ្នក អំពីបុគ្គល​ពាលមាន​យស បណ្ឌិត​គ្មានភោគៈ តើអ្នក​ប្រាជ្ញ​ទាំងឡាយ​ពោលថា បណ្តា​បុគ្គល​ទាំងពីរ​នោះ ​បុគ្គល​ណាប្រសើរ​ជាង។

[២១៦] (មហោសធបណ្ឌិត…) ពួកជនពាល តែងធ្វើនូវ​អំពើ​អាក្រក់ទាំង​ឡាយ ហើយ​សំគាល់​ថា អំពើនេះឯង ជាអំពើ​ប្រសើរ ជាអ្នក​ឃើញត្រឹម​តែលោក​នេះ មិន​ឃើញនូវ​លោកខាង​មុខទេ បុគ្គលពាល​តែងកាន់​យកនូវ​ទោសក្នុង​លោក​ទាំងពីរ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ សូម​ទូលថា បុគ្គល​មានប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯ​បុគ្គលពាល​មានយស មិនប្រសើរ​ទេ។

[២១៧] (អាចារ្យសេនកៈ…) សិល្បៈនេះ រមែងមិនដល់​នូវភោគ​សម្បត្តិទេ បុគ្គល​មាន​ផៅពង្ស ក៏មិន​ដល់នូវ​បុគ្គល​មានភោគ​សម្បត្តិដែរ ទាំង​បុគ្គល​អ្នកមាន​ឱកាស​នៃសរីរៈ (មានរូប​ឆោមល្អ) ក៏មិនដល់​នូវបុគ្គល​មានភោគ​សម្បត្តិដែរ សូមទ្រង់​ទតចុះ អ្នក​ផងតែង​គប់​រក​នូវ​គោរវិន្ទ​សេដ្ឋី ជាមនុស្ស​ហៀរទឹក​មាត់ដល់​នូវសេចក្តី​សុខ ជាអ្នក​សាប​សូន្យ​ចាកសិរី ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើប​ទូលថា បុគ្គល​មានប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២១៨] (មហោសធ…) បុគ្គលអ័ប្បប្រាជ្ញា បានសេចក្តី​សុខហើយ រមែង​ស្រវឹង លុះត្រូវ​សេចក្តី​ទុក្ខប៉ះ​ពាល់វិញ ក៏ដល់​នូវសេចក្តី​វង្វេង បុគ្គល​អ័ប្ប​ប្រាជា្ញ ត្រូវ​សេចក្តីសុខ និងទុក្ខ​មកថ្មី​ប៉ះពាល់​ហើយ ក៏រមែង​ញាប់ញ័រ ដូច​ជាវារិចរ (សត្វត្រាច់​ទៅក្នុងទឹក) ដែល​ញាប់ញ័រ​ក្នុង​កាលក្តៅ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើប​ទូលថា បុគ្គល​មានប្រាជ្ញា​ហ្នឹងឯង ជា​បុគ្គល​ប្រសើរ ឯបុគ្គល​ពាលមាន​យស មិន​ប្រសើរ។

[២១៩] (អាចារ្យសេនកៈ…) ពួកសត្វបក្សី តែងហើរ​សំដៅទៅ​ចោមរោម​ដើមឈើ ដែលមាន​ផ្លែដ៏ឆ្ងាញ់​ក្នុងព្រៃ យ៉ាងណា ជនជា​ច្រើនតែង​គប់រក​នូវបុគ្គល​ស្តុកស្តម្ភ បរិបូណ៌​ដោយទ្រព្យ និងភោគៈ ព្រោះហេតុតែ​ប្រយោជន៍ ក៏យ៉ាង​នោះដែរ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មានប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២០] (មហោសធ…) បុគ្គលពាលមានកំឡាំង រមែងបាន​នូវទ្រព្យ (ព្រោះ​តែធ្វើ) នូវកម្ម​ដ៏ក្លៀវក្លា មិនល្អទេ ពួក​និរយបាល​តែងទាញ​កន្រ្តាក់នូវ​បុគ្គល​ពាល​ឥតបា្រជ្ញា ដែល​កន្ទក់កន្ទេញ​នោះ យកទៅ​កាន់នរក​ដ៏ក្លៀវក្លា ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើប​ទូលថា បុគ្គល​អ្នកមាន​ប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាលមាន​យស មិន​ប្រសើរ។

[២២១] (អាចារ្យសេនកៈ…) ទឹកស្ទឹងទាំងឡាយ​ណាមួយ រមែង​ហូរចាក់​ទៅក្នុង​ទន្លេ​គង្គា ទឹកស្ទឹង​ទាំងអស់​នោះ រមែងលះបង់​នូវនាម និង​គោត្រ ទឹក​ទន្លេ​គង្គា កាល​បើហូរ​ដល់​សមុទ្រ (រមែង​បានឈ្មោះ​ថា​មហាសមុទ្រ​យ៉ាណា) បុគ្គល​ដែលមាន​ប្រាជ្ញា ជាគ្រឿង​សម្រេច ក៏មិន​ប្រាកដ​ក្នុងលោក​យ៉ាង​នោះដែរ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២២] (មហោសធ…) លោកសេនកៈ​បានពោល​នូវ​មហាសមុទ្រ​ណាថាជា សមុទ្រធំ ទឹកស្ទឹង​ទាំងឡាយ​តែងហូរ​ទៅក្នុង​សមុទ្រនោះ​រាប់មិន​បាន អស់​កាលទាំង​ពួង សមុទ្រ​នោះ មានសន្ទុះ​ដ៏លើសលប់​ជានិច្ចក៏មែន តែថា ទឹក​មហាសមុទ្រ​ក៏មិន​កន្លង​នូវច្រាំង​បានទេ ការប្រឹក្សា​របស់​មនុស្សពាល ក៏​យ៉ាង​នោះដែរ តាំងពី​កាល​ណាមក បុគ្គល​អ្នកមាន​សិរី រមែងមិន​កន្លងនូវ​បុគ្គលមាន​ប្រាជ្ញាបានឡើយ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូលថា បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាលមាន​យស មិនប្រសើរ។

[២២៣] (អាចារ្យសេនកៈ…) បុគ្គលមានយសឋិតនៅក្នុងទី​វិនិច្ឆ័យ បើទុក​ជាមិន​ព្រៀង​ទុក ក៏អាច​ប្រាប់នូវ​សេចក្តី​ចំពោះពួក​ជនដទៃ​បាន សំដី​របស់​បុគ្គល​មានយស​នោះឯង រមែងលូត​លាស់ក្នុង​កណ្តាល​នៃពួកញាតិ អ្នកផង​មិនអាច​ញ៉ាំងបុគ្គល​ដែលមាន​ប្រាជ្ញា តែសាបសូន្យ​ចាកសិរី ឲ្យធ្វើ​ការ (អ្វី) បានទេ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២៤] (មហោសធ…) បុគ្គលពាលអ័ប្បប្រាជ្ញា រមែងនិយាយ​កុហក ព្រោះ​ហេតុនៃ​អ្នកដទៃ ឬខ្លួនឯង បុគ្គល​ពាលនោះ ត្រូវគេ​តិះដៀល​ក្នុងកណ្តាល​ទីប្រជុំ ក្នុង​កាល​ខាង​ក្រោយ បុគ្គល​ពាលនោះ រមែងទៅ​កាន់ទុគ្គតិ ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះហើយ ទើប​ទូលថា បុគ្គលដែល​មានប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាល​មានយស មិនប្រសើរ។

[២២៥] (អាចារ្យសេនកៈ…) បុគ្គលមានប្រាជ្ញាក្រាស់​ដូចផែនដី មិនមាន​ទីលំ​នៅ មិនមាន​ទ្រព្យធន ជាបុគ្គល​ក្រីក្រ បើទុក​ជាពោល​នូវសេចក្តី (ណា​មួយ) ពាក្យ​សំដីរបស់​បុគ្គល​ដែលមាន​ប្រាជ្ញានោះ ក៏មិន​លូតលាស់​ក្នុង​កណ្តាល​នៃពួកញាតិ ទាំង​សិរីរបស់​បុគ្គល​មានប្រាជ្ញា ក៏មិនមាន ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២៦] (មហោសធ…) បុគ្គលអ្នកមានប្រាជ្ញាក្រាស់ដូចផែនដី រមែង​មិន​និយាយ​ពាក្យ​លេះលោះ ព្រោះហេតុ​នៃបុគ្គល​ដទៃ ឬខ្លួនឯង​ទេ បុគ្គលអ្នក​មានប្រាជ្ញា​នោះ មានគេ​បូជាក្នុង​កណ្តាល​ទីប្រជុំ លុះកាល​ខាងក្រោយ អ្នកមាន​ប្រាជ្ញានោះ រមែង​ទៅកាន់​សុគតិ ខ្ញុំ​ព្រះអង្គ​បានឃើញ​ហេតុនេះហើយ ទើបទូលថា បុគ្គលមាន​ប្រាជ្ញា​ ជាបុគ្គល​ប្រសើរ ឯ​បុគ្គល​​ពាល​មានយស មិនប្រសើរទេ។

[២២៧] (អាចារ្យសេនកៈ…) ដំរី គោ សេះ កែវមណី កុណ្ឌល និងនារី តែង​កើតមាន​ក្នុងត្រកូល​ដ៏​ស្តុកស្តម្ភ ដំរី គោ សេះ ជាដើម ទាំងអស់​នោះ ជា​របស់​មិនមាន​ឫទ្ធិ ទើបជា​គ្រឿង​ឧបភោគ (ប្រើប្រាស់) របស់​បុរសជា​ឥស្សរៈ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២២៨] (មហោសធ…) សិរី គឺឥស្សរិយយស រមែង​លះបង់​នូវបុគ្គល​ពាល ដែល​មិនចេះ​ចាត់ចែង​នូវការងារ ជាអ្នក​មានគំនិត​អាក្រក់ ឥតប្រាជ្ញា ដូច​ពស់​ដែលលះ​ចោលនូវ​សំណក​ចាស់ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូលថា បុគ្គល​មាន​ប្រាជ្ញា​ហ្នឹងឯង ជាបុគ្គល​ប្រសើរ ឯ​បុគ្គល​ពាល​មានយស មិន​ប្រសើរទេ។

[២២៩] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គ​ដ៏ចំរើន ពួកខ្ញុំ​ព្រះអង្គ​ទាំង ៥ នាក់ សុទ្ធសឹង​ជាបណ្ឌិត ប្រណម្យ​ដៃបំរើ​ព្រះអង្គ​ទាំងអស់គ្នា ព្រះអង្គ​ជាធំ​លើសលប់​ពួកខ្ញុំ​ព្រះអង្គ ដូចជា​ទេវរាជ​ឈ្មោះសក្កៈ ជាម្ចាស់​នៃទេវតា ខ្ញុំព្រះអង្គ​បានឃើញហេតុនេះ​ហើយ ទើប​ទូល​​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ថោកទាប ឯបុគ្គល​មានសិរី ជាបុគ្គល​ប្រសើរ។

[២៣០] (មហោសធ…) បុគ្គលពាលដែលមានយស ទុកដូច​ជាទាសៈ​របស់​បុគ្គល​អ្នក​មាន​ប្រាជ្ញា នាកាល​ហេតុទាំង​ឡាយប្រាកដ​ដូច្នោះ​កើតហើយ អ្នក​ប្រាជ្ញ​តាក់តែង​នូវប្រស្នា​ដ៏ល្អិត​ណា បុគ្គលពាល​រមែងដល់​នូវការ​វង្វេង​ក្នុងប្រស្នា​ដ៏ល្អិតនោះ ខ្ញុំព្រះអង្គ​បានឃើញ​ហេតុនេះ​ហើយ ទើបទូល​ថា បុគ្គល​មាន​ប្រាជ្ញា ជាបុគ្គល​ប្រសើរ ឯបុគ្គល​ពាល​មានយស មិនប្រសើរ​ទេ។

[២៣១] តាមពិត ពួកសប្បុរស តែងសរសើរ​ប្រាជ្ញាតែម្យ៉ាង ពួកមនុស្ស​តែង​ត្រេកអរ​ចំពោះ​ភោគៈ សិរីគ្រាន់​តែជាទី​តេ្រកអរ​របស់ (ពួកមនុស្ស​ពាល) មួយទៀត ញាណ​​នៃអ្នកបា្រជ្ញ​ទាំងឡាយ មិនមាន​អ្វីប្រៀប​ផ្ទឹមបាន​ទេ តាំងពី​កាលណា​មក បុគ្គល​អ្នកមាន​សិរី រមែង​មិនកន្លង​នូវបុគ្គល​មាន​ប្រាជ្ញា​បានឡើយ។

[២៣២] (ព្រះបាទវិទេហរាជ…) ម្នាលមហោសធៈ ជាអ្នក​ឃើញធម៌​សព្វ​គ្រប់ យើង​បាន​​សួរនូវ​ប្រស្នាណា អ្នកបាន​ថ្លែងដោះស្រាយ​នូវប្រស្នា​នោះ​ដល់យើង យើង​ត្រេកអរ​ដោយ​ការ​ដោះស្រាយ​នូវប្រស្នា (របស់យើង) យើងសូម​ឲ្យទ្រព្យ​ទាំងនេះ គឺ​គោមួយពាន់ មាន​គោឧសភ (ជាដើម) ផង ដំរីផង រថដែល​ទឹមដោយ​សេះ​អាជានេយ្យ ១០ ផង ស្រុកសួយ ១៦ ផង ដល់អ្នក។

ចប់ សិរីមន្ទជាតក ទី៤។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.500.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann