km:tipitaka:sut:kn:jat:sut.kn.jat.507

មហាបលោភនជាតក ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 507 បាលី cs-km: sut.kn.jat.507 អដ្ឋកថា: sut.kn.jat.507_att PTS: ?

មហាបលោភនជាតក ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០៧. មហាបលោភនជាតកំ (១១))

[៣៣៧] (ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងជាតក​នេះថា) ទេវបុត្រ​មានឫទ្ធិ​ច្រើន ច្យុតចាក​ព្រហ្មលោក បានកើត​ជាបុត្រ​នៃព្រះរាជា ទ្រង់ឋិត​នៅក្នុង​សម្បត្តិ​ជាគ្រឿង​ញ៉ាំង​សេចក្តី​ប្រាថ្នាទាំងពួង​ឲ្យសម្រេច។ កាមទាំង​ឡាយក្តី កាមសញ្ញា​ក្តី មិនមាន​ក្នុងព្រហ្មលោក​ទេ ព្រះរាជបុត្រ​នោះនឿយ​ណាយចាក​កាមទាំងឡាយ ព្រោះ​ឈាន​សញ្ញា (ដែល​កើតក្នុង​ព្រហ្ម​លោក) នោះឯង។ ក៏ក្នុង​ព្រះរាជវាំង​នៃព្រះរាជា​នោះ មាន​ព្រះរាជ​ដំណាក់​សម្រាប់​ចំរើនឈាន ដែល​គេកសាង​ហើយ​ដោយល្អ ព្រះរាជបុត្រ​នោះ ទ្រង់សម្ងំ​តែមួយ​ព្រះអង្គឯង ចំរើនឈាន​ក្នុងទីកំបាំង​ក្នុងព្រះរាជ​ដំណាក់នោះ។ ព្រះបាទ​កាសីនោះ ទ្រង់​បរិទេវនាការ​ចង្អៀតចង្អល់​ដោយ​សេចក្តី​សោក​ព្រោះ​ព្រះរាជបុត្រ​ថា ព្រះរាជបុត្រ​តែមួយ​របស់យើង​នេះ មិន​បរិភោគកាម។ ឧបាយ​ក្នុងរឿង​នេះ​ដូចម្តេចហ្ន៎ ឬថា នរណាហ្ន៎ ចេះ​ខ្វល់ខ្វាយ​ក្នុងរឿងនេះ អ្នកណា​អាចប្រលោម​កូនអញ ឲ្យប្រាថ្នា​កាមទាំង​ឡាយបាន។

[៣៣៨] ក្នុងព្រះរាជវាំងនោះឯង មានកុមារីម្នាក់ ជាស្ត្រីមាន​សម្បុរ និងរូប​ល្អ ជាស្ត្រី​ឈ្លាសវាងវៃ​ក្នុងការ​រាំច្រៀង ទាំងបាន​សិក្សាល្អ​ក្នុងការប្រគុំ កុមារីនោះ ចូលទៅ​គាល់ក្នុង​ទីនោះហើយ ក្រាបបង្គំ​ទូល (ព្រះរាជា) ថា បើ​ព្រះរាជ​ឱរស​នឹងបាន​ជាព្រះភស្តា​នៃ​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់​អាចនឹង​ប្រលោម​ព្រះរាជឱរស​នោះ​ឲ្យខាង​តែបាន។

[៣៣៩] ព្រះរាជា ទ្រង់មានព្រះរាជឱង្ការដូច្នេះ​នឹងកុមារី​ដែលនិយាយ​ដូច្នោះ​នោះ​ថា ចូរនាង​ប្រលោម​ព្រះរាជឱរស​នោះចុះ ព្រះ​រាជឱរសនោះ នឹងជា​ភស្តា​របស់​នាង។

[៣៤០] កុមារីនោះក៏ទៅខាងក្នុងព្រះរាជវាំង ហើយ (ច្រៀង) នូវចម្រៀង ដែល​ប្រកប​ដោយកាម​ច្រើនប្រការ ពោលគាថា​ដ៏វិចិត្រ​ជាទីស្រឡាញ់ ជ្រួតជា្រប​ក្នុងហឫទ័យ។

[៣៤១] ចំណង់ក្នុងកាមកើតឡើង ដល់ព្រះរាជបុត្រ​នោះ ព្រោះបាន​ស្តាប់​សម្លេង​របស់នារី​ច្រៀងថ្វាយ​នោះឯង ព្រះរាជឱរស​នោះ ទ្រង់សាក​សួរជន​ថា យីអើ នុ៎ះជា​សម្លេង​នរណា ឬថា នរណានោះ​ពោលពាក្យ​ខ្ពស់ទាប​ច្រើន ដ៏ជ្រួតជ្រាប​ក្នុង​ហឫទ័យ​ ជាទី​ស្រឡាញ់ ជាសុខ​ត្រចៀក​របស់អញ។

[៣៤២] បពិត្រព្រះសម្មតិទេព នុ៎ះឯងជាស្ត្រី ស្រ្តីនុ៎ះចេះ​ល្បែងច្រើន​ប្រការ បើ​ព្រះអង្គ​ទ្រង់សោយ​នូវកាម​ទាំងឡាយណា កាមទាំងឡាយ​នោះ នឹង​ញ៉ាំង​ព្រះអង្គ ឲ្យរឹង​រឹត​តែគាប់​ព្រះទ័យ។

[៣៤៣] អើបើដូច្នោះ ចូរកុមារីមកអាយចុះ ចូរច្រៀង​ក្នុងទីជិតចុះ ចូរច្រៀង​ក្នុងទី​ជិតអាស្រម​ក្នុងសំណាក់​នៃយើងចុះ។

[៣៤៤] កុមារីនោះ ច្រៀងក្នុងទីខាង​ក្រៅជញ្ជាំង ហើយចូល​ទៅក្នុងព្រះ​រាជ​ដំណាក់​សំរាប់​ចំរើនឈាន ដើម្បី​ចងព្រះរាជ​កុមារនោះ​តាមលំដាប់ ដូចជា​ហ្មដំរី​ចងដំរី​ក្នុង​ព្រៃ។

[៣៤៥] ធម៌ច្រណែនបានកើតព្រោះដឹងនូវ​កាមរស​នៃកុមារី​នោះ យើងត្រូវ​តែ​បរិភោគ​កាមទាំងឡាយ​តែម្នាក់ឯង​ប៉ុណ្ណោះ កុំ​ឲ្យមាន​បុរស​ដទៃឡើយ។ តពី​នោះទៅ ព្រះរាជកុមារ​ទ្រង់កាន់ដាវ ព្យាយាមដើម្បី​សម្លាប់​បុរសទាំង​ឡាយ ដោយគិតថា អញត្រូវ​បរិភោគ​កាមតែម្នាក់​ឯងប៉ុណ្ណោះ កុំគប្បី​មានបុរស​ដទៃ។

[៣៤៦] ក្នុងកាលនោះ អ្នកជនបទទាំងអស់​មកប្រជុំគ្នា កន្ទក់​កន្ទេញថា បពិត្រ​មហារាជ ព្រះរាជ​បុត្ររបស់​ព្រះអង្គនេះ បៀតបៀន​នូវជន​ដែលមិន​ប្រទូស្ត។

[៣៤៧] ព្រះរាជាជាក្សត្រ ទ្រង់បំបរបង់​ព្រះរាជបុត្រ​ចេញចាក​ដែននោះថា ទីដែន​របស់អញ​មានត្រឹម​ណា ឯង​មិនត្រូវ​នៅត្រឹម​នោះទេ។

[៣៤៨] លំដាប់នោះ ព្រះរាជកុមារនោះ ទ្រង់នាំ​ភរិយា​ចូលទៅ​ជិតសមុទ្រ ធ្វើនូវ​បណ្ណសាលា ហើយចូល​ទៅកាន់​ព្រៃដើម្បី​ស្វែងរក​ផលាផល។

[៣៤៩] លំដាប់នោះ ឥសីមកខាងលើៗ​សមុទ្រ​ដល់ក្នុងទីនុ៎ះ ឥសីនោះ​បាន​ឃើញផ្ទះ​របស់​ព្រះរាជកុមារ​នោះក្នុង​កាលភត្ត​ដល់ហើយ។

[៣៥០] ឯភរិយាក៏ប្រលោមតាបសនោះ (ម្នាលភិក្ខុ) អ្នកចូរ​មើលអំពើ​អាក្រក់​គួរស្បើម (នោះ) ចុះ តាបសនោះ​ឃ្លាតចាក​ព្រហ្មចរិយធម៌​ហើយ ក៏សាបសូន្យ​ចាកឫទ្ធិ។

[៣៥១] ចំណែកខាងព្រះរាជបុត្រ ដល់វេលា​ល្ងាច ក៏នាំយកមើមឈើ និងផ្លែ​ឈើជា​ច្រើន មកអំពីទី​ស្វែងរក​ផលាផល​ដោយអម្រែក ហើយចូល​ទៅ​កាន់អាស្រម។

[៣៥២] ឯឥសីបានឃើញសេ្តចហើយ ក៏ចូលទៅជិត​សមុទ្រ​ដោយ​គិតថា អញនឹង​ទៅកាន់​អាកាស តែឥសីនោះ លិចចុះ​ក្នុងសមុទ្រ។

[៣៥៣] មហាក្សត្របានឃើញឥសីកំពុង​លិចក្នុងសមុទ្រ ហើយពោល​គាថា​ទាំងនេះ ដោយសេចក្តី​អនុគ្រោះ​ដល់តាបស​នោះថា

[៣៥៤] តាបសមកលើទឹកមិនបែក ដោយឫទ្ធិខ្លួនឯង ហើយលិច​ក្នុងសមុទ្រ ព្រោះដល់​នូវសេចក្តី​ច្រឡូកច្រលំ​ដោយស្រ្តី។ ធម្មតា​ពួកស្រី ជាអ្នកនាំ​ឲ្យ​វិលវល់​ណាស់ មាន​មាយាច្រើន ជាអ្នកញ៉ាំង​ព្រហ្មចរិយធម៌​ឲ្យកម្រើក តែង​នាំពន្លិច បុគ្គល​ដឹងច្បាស់​នូវហេតុ​នោះហើយ គប្បី​វៀរអំពី​ចម្ងាយ។ ពួកស្រី​មានសំដី​ឥតទោស មាន​សំដីទន់ភ្លន់ ស្មើដោយ​ស្ទឹង ព្រោះគេ​បំពេញ​បានដោយ​កម្រ តែងនាំ​ពន្លិច បុគ្គល​អ្នកដឹង​ច្បាស់នូវ​ហេតុនោះ​ហើយ គប្បីវៀរ​ចេញអំពី​ចម្ងាយ។ ស្រីទាំង​នុ៎ះ ចូលទៅគប់​រកបុរសណា ព្រោះ​សេចក្តី​ពេញចិត្ត​ក្តី ព្រោះ​ទ្រព្យក្តី រមែងដុត​បំផ្លាញ​បុរសនោះ​យ៉ាងឆាប់ ដូច​ភ្លើងព្រៃ​ដុតនូវ​ឋានទី​របស់ខ្លួន។

[៣៥៥] សេចក្តីនឿយណាយ ក៏កើតមានឡើង​ដល់ឥសី ព្រោះបាន​ស្តាប់​ព្រះរាជ​បន្ទូល​របស់​មហាក្សត្រ ហើយត្រឡប់​បាននូវ​ផ្លូវចាស់ (ឈាន​វិសេស) ក៏ទៅ​តាម​អាកាស​វិញ។

[៣៥៦] ព្រះមហាក្សត្រជាអ្នកប្រាជ្ញ លុះបានឃើញ​ឥសីទៅ​តាមអាកាស​ហើយ ក៏បាន​នូវសេចក្តី​តក់ស្លុត ទ្រង់គាប់​ព្រះរាជ​ហ្ឫទ័យស៊ប់​ចំពោះ​បព្វជ្ជា។

លំដាប់នោះ ព្រះមហាក្សត្រនោះ ទ្រង់បព្វជ្ជាហើយ ក៏នឿយណាយ​ចាក​កាមរាគ លុះ​នឿយណាយ​ចាកកាម​រាគហើយ បានចូល​ទៅកើត​ក្នុង​ព្រហ្មលោក។

ចប់ មហាបលោភនជាតក ទី១១។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.507.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann