km:tipitaka:sut:kn:jat:sut.kn.jat.508

បញ្ចបណ្ឌិតជាតក ទី១២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 508 បាលី cs-km: sut.kn.jat.508 អដ្ឋកថា: sut.kn.jat.508_att PTS: ?

បញ្ចបណ្ឌិតជាតក ទី១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០៨. បញ្ចបណ្ឌិតជាតកំ (១២))

[៣៥៧] (ព្រះបាទវិទេហៈត្រាស់ថា) អ្នកប្រាជ្ញទាំង ៥ នាក់​មកជួបជុំគ្នា​ហើយ ប្រស្នាភ្លឺ​ច្បាស់​ដល់យើង អ្នកទាំងឡាយ​ចូរស្តាប់​ប្រស្នានោះ អ្នក​ផងគួរសំដែង (ប្រាប់) នូវ​សេចក្តី​ដែលគួរ​និន្ទា ឬគួរ​សរសើរ ដែលជា​អាថ៌​កំបាំង​ដល់នរណា។

[៣៥៨] (អាចារ្យសេនកៈទូលថា) បពិត្រព្រះភូមិបាល សូមព្រះអង្គ​ធ្វើ​ឲ្យជាក់​ច្បាស់ដល់​ទូលព្រះបង្គំ​ជាខ្ញុំ​ទាំងឡាយ ព្រះអង្គ​ជាអ្នកចិញ្ចឹម ជាអ្នក​អត់ធន់​នូវរាជ​កិច្ច​ដ៏ធ្ងន់ សូមព្រះអង្គ​ទ្រង់ពោល​ប្រស្នានុ៎ះ​មុន បពិត្រ​ព្រះជនិន្ទ អ្នក​ប្រាជ្ញទាំង ៥ នាក់​ពិចារណា​នូវរបស់​ជាទី​ស្រឡាញ់ និងជាទី​គាប់ព្រះទ័យ​របស់​ព្រះអង្គ ហើយនឹង​ក្រាបទូល​ក្នុងកាល​ជាខាង​ក្រោយ។

[៣៥៩] (ព្រះរាជា…) ភរិយាណា មានសីលពិត ដែលបុរស​ដទៃលួច (សម្ផស្ស) មិនបាន ជាស្រី​ប្រព្រឹត្តតាម​អំណាចនៃ​សេចក្តី​ប្រាថ្នារបស់​ភស្តា ជាទី​ស្រឡាញ់ ជាទីពេញ​ចិត្តនៃ​ភស្តា បុគ្គល​គួរប្រាប់​នូវសេចក្តី​ដែលគួរ​និន្ទា ឬគួរ​សរសើរ ដែលជា​អាថ៌កំបាំង ដល់​ភរិយា (នោះ) ឬ។

[៣៦០] (អាចារ្យសេនកៈ…) សំឡាញ់ណាជាទីរលឹក ជាគតិ ជាទីពឹង​របស់អ្នក ដែលដល់​នូវសេចក្តី​លំបាក អ្នកដែល​ក្តៅក្រហាយ បុគ្គលគួរ​ប្រាប់នូវ​សេចក្តី​ដែលគួរនិន្ទា ឬគួរ​សរសើរ​ដែលជា​អាថ៌កំបាំង​ដល់​សំឡាញ់ (នោះ)។

[៣៦១] (អាចារ្យបុក្កុសៈ…) បងប្អូនណា ទោះបីជាបងបង្អស់ក្តី កណ្តាល​ក្តី ជា​ប្អូន​ពៅក្តី បើបងប្អូន​នោះដំកល់​នៅស៊ប់​ក្នុងសីល មានចិត្ត​នឹងនួន បុគ្គល​គួរប្រាប់​នូវសេចក្តី​ដែល​គួរនិន្ទា ឬគួរ​សរសើរ ដែលជា​អាថ៌កំបាំង ដល់​បងប្អូន (នោះ)។

[៣៦២] (អាចារ្យកាមិន្ទ…) កូនប្រុស អ្នកប្រព្រឹត្ត​ទៅក្នុង​អំណាចនៃ​ហ្ឫទ័យ​របស់​បិតា ជាអ្នកធ្វើ​តាមពាក្យ ជា​អនុជាតបុត្រ មានប្រាជ្ញា​មិនអន់​ថយជាង​បិតា បុគ្គលគួរ​ប្រាប់​នូវសេចក្តី​ដែលគួរ​និន្ទា ឬគួរសរសើរ​ដែលជា​អាថ៌កំបាំង​ដល់កូនប្រុស (នោះ)។

[៣៦៣] (អាចារ្យទេវិន្ទ…) បពិត្រព្រះអង្គជាធំជាងជន ដ៏ប្រសើរ​ជាងមនុស្ស មាតា​ណា​ចិញ្ចឹម​កូននោះ ដោយសេចក្តី​ស្រឡាញ់​ពេញចិត្ត បុគ្គល​គួរប្រាប់​នូវសេចក្តី​ដែលគួរ​និន្ទា ឬគួរសរសើរ​ដែលជា​អាថ៌កំបាំង ដល់មាតា (នោះ)។

[៣៦៤] (មហោសធបណ្ឌិត) សេចក្តីពិតថា ការលាក់​នូវអាថ៌កំបាំង ជា​ការប្រពៃ ការប្រាប់​នូវអាថ៌កំបាំង គេមិន​សរសើរទេ អ្នកប្រាជ្ញ កាលបើ​សេចក្តី​ប្រាថ្នា​មិនទាន់​សម្រេច​នៅឡើយ ត្រូវអត់​សង្កត់ទុក លុះ​សម្រេច​ប្រយោជន៍​ហើយ ទើបគួរ​និយាយ​តាម​សប្បាយ​ចុះ។

[៣៦៥] (នាងឧទុម្ពរាទេវី…) បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គ​ទ្រង់មាន​ព្រះ​ទ័យ​ប្រែប្រួលឬ បពិត្រ​ព្រះអង្គ​ជាធំជាង​មនុស្ស ខ្ញុំម្ចាស់​ស្តាប់​ព្រះតម្រាស់​របស់​ព្រះអង្គ​នោះហើយ តើព្រះអង្គ​ទ្រង់​ព្រះចិន្តា​ដូចម្តេច បានជា​ទ្រង់តូច​ព្រះទ័យ បពិត្រ​ព្រះសម្មតិ​ទេព ខ្ញុំម្ចាស់មិនមាន​កំហុស​ទេឬ។

[៣៦៦] (ព្រះរាជា…) មហាសធ ត្រូវគេសម្លាប់​ព្រោះតែ​ប្រស្នា មហោសធ ជាអ្នក​មានប្រាជ្ញា​ដូច​ផែនដី ខ្ញុំបង្គាប់​គេ​ឲ្យសម្លាប់​ហើយ ខ្ញុំគិត​រឿងនោះ បានជា​តូចចិត្ត ម្នាល​នាងទេវី កំហុស​របស់នាង​មិនមាន​ទេ

[៣៦៧] (ព្រះរាជា…) អ្នកឯង ទើបតែទៅផ្ទះក្នុងពេល​ព្រលប់​សោះ ឥឡូវ​នេះ ស្រាប់​តែមក​វិញភ្លាម អ្នកឯង​ឮដំណឹង​ដូចម្តេច ចិត្តរបស់​អ្នកឯង​រង្កៀស​ដូចម្តេច ម្នាលអ្នក​មានប្រាជ្ញា​ដូចផែនដី នរណា​បានប្រាប់​ដំណឹង​ដូចម្តេច​ដល់អ្នក យើងចង់​ស្តាប់​ពាក្យនោះ អ្នកចូរ​ប្រាប់ពាក្យ​នោះដល់​យើង។

[៣៦៨] (មហោសធ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គ​ស្តេចទៅ​ក្នុងទី​ស្ងាត់ បានប្រាប់​នូវអាថ៌កំបាំង ដែលព្រះអង្គ​ប្រឹក្សា​ហើយ​ក្នុងពេល​ព្រលប់ ដល់ព្រះ​អគ្គមហេសីថា មហោសធ​ត្រូវគេ​សម្លាប់ ព្រោះតែ​ប្រស្នា ក្នុងកាល​ណា សេចក្តី​កំបាំង​ឈ្មោះថា​ព្រះអង្គ​ធ្វើ​ឲ្យប្រាកដ​ហើយ ក្នុងកាលនោះ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៦៩] អាចារ្យសេនកៈបានធ្វើអំពើអាក្រក់ ជាអំពើ​មានសភាព​មិនល្អក្នុង​ឱទ្យាន ដ៏ដេរដាស​ដោយដើម​សាលព្រឹក្ស បានទៅ​ក្នុងទីស្ងាត់ ហើយប្រាប់​ដល់សំឡាញ់ សេចក្តី​កំបាំង​ណាដែល​អាចារ្យសេនកៈ​ធ្វើ​ឲ្យប្រាកដ​ហើយ សេចក្តី​កំបាំងនោះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៧០] បពិត្រព្រះអង្គជាធំជាងជន រោគ (ឃ្លង់) កើតឡើង​ដល់បុក្កុស​បុរស របស់​ព្រះអង្គ រោគនោះ​មិនសមគួរ​ដល់​ព្រះរាជាទេ គាត់បាន​ទៅ​ក្នុងទីស្ងាត់ ហើយប្រាប់​ដល់បង​ប្អូនប្រុស សេចក្តី​កំបាំងណា ដែល​អាចារ្យបុក្កសៈ​ធ្វើ​ឲ្យប្រាកដ​ហើយ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៧១] អាចារ្យកាមិន្ទនេះ មានអាពាធ​ដ៏អាក្រក់ គឺត្រូវ​នរទេវយក្ខចូល បានទៅ​ក្នុងទីស្ងាត់ ហើយប្រាប់​ដល់កូនប្រុស សេចក្តី​កំបាំងណា ដែល​អាចារ្យ​កាមិន្ទ​ធ្វើ​ឲ្យប្រាកដ​ហើយ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបានឮ​ហើយ។

[៣៧២] ព្រះឥន្ទ្របានថ្វាយមណិរតន៍​មានជ្រុង ៨ ដ៏ថ្លៃថ្លា (ដល់​ព្រះបាទ​កុសរាជ) ជា​ព្រះអយ្យកោ​របស់​ព្រះអង្គ ថ្ងៃនេះ​មណិរតន៍​នោះទៅ​នៅក្នុង​កណ្តាប់ដៃ​នៃអាចារ្យ​ទេវិន្ទ​ហើយ អាចារ្យទេវិន្ទ​ទៅក្នុទីស្ងាត់ ហើយប្រាប់​ដល់មាតា សេចក្តី​កំបាំងណា ដែល​អាចារ្យ​ទេវិន្ទធ្វើ​ឲ្យប្រាកដហើយ សេចក្តី​កំបាំងនុ៎ះ ទូលព្រះបង្គំ​ជាខ្ញុំបាន​ឮហើយ។

[៣៧៣] សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវ​អាថ៌កំបាំង គេមិន​សរសើរ​ទេ អ្នកប្រាជ្ញ កាលបើ​សេចក្តី​ប្រាថ្នាមិនទាន់​សម្រេច ត្រូវអត់​សង្កត់ទុក លុះ​សម្រេច​ប្រយោជន៍​ហើយ ទើបគួរ​និយាយ​តាមសប្បាយចុះ។ បុគ្គល​មិនគប្បី​បើក​នូវអាថ៌កំបាំង គប្បីរក្សា​នូវអាថ៌កំបាំង​នោះ ដូចជា​រក្សានូវ​កំណប់ ដ្បិតថា អាថ៌កំបាំង​ដែលបុគ្គល​អ្នកដឹង​ច្បាស់​មិនធ្វើ​ឲ្យប្រាកដ ជាការ​ប្រពៃ។ អ្នកប្រាជ្ញ​មិនគប្បី​និយាយ​ប្រាប់​នូវ​អាថ៌កំបាំង​ដល់ស្រី ដល់ជន​ជាសត្រូវ ដល់ជន​រឡឹបរឡប់​ដោយអាមិស ដល់ជន​លួចគំនិត​គ្នា ជនណា​តែងញ៉ាំង​អាថ៌កំបាំង ដែលមិន​ទាន់មាន​គេ​ដឹង ឲ្យគេដឹង អ្នកប្រាជ្ញ​តែងអត់​សង្កត់​មិនប្រាប់​ដល់ជន​នោះ ព្រោះខ្លាច​បែកការ​ដែល​គិតទុក ដូចជា​មនុស្ស​ខ្ញុំគេ។ ជនទាំងឡាយ​ប៉ុន្មាននាក់​ដឹងនូវ​មន្តជា​អាថ៌កំបាំង​របស់បុរស សេចក្តី​តក់ស្លុត​ប៉ុណ្ណោះ តែង​កើតឡើង​ដល់បុរស​នោះ ព្រោះហេតុ​នោះ អ្នកប្រាជ្ញ​មិនគប្បី​ផ្សាយ​នូវអាថ៌កំបាំង។

ក្នុងវេលាថ្ងៃ អ្នកប្រាជ្ញ គប្បីនិយាយ​អាថ៌កំបាំងក្នុង​ទីស្ងាត់ មិនគប្បី​បញ្ចេញ​សម្លេង​ក្នុងវេលា​យប់​ឲ្យហួសកម្រិត ព្រោះថា ពួកអ្នក​ឈ្លបស្តាប់ រមែងឮ​នូវអាថ៌កំបាំង ដែល​ប្រឹក្សាគ្នា ព្រោះហេតុ​នោះ គំនិត​នឹងដល់នូវការ​បែកធ្លាយ​យ៉ាងឆាប់។

ចប់ បញ្ចបណ្ឌិតជាតក ទី១២។

 

លេខយោង

km/tipitaka/sut/kn/jat/sut.kn.jat.508.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann